ចំពូកទីប្រាំ
អក្សរចែកជាសម័យ​
ថ្ងៃសៅរ៍ ទី14.មីនា 2020.ម៉ោង 8:16

   ដើម្បី​ឲ្យ​ងាយ​សិក្សា​ពី​ប្រវត្ដិ​ហូរ​ហែ​ដ៏​វែង​ឆ្ងាយ​ នៃ​អក្សរ​សាស្ត្រ​ តាំង​ពី​ពេល​កើត​បាន​ជា​រូប​រាង​រហូត​ដល់​គ្រា​បច្ចុប្បន្ន​នេះ​ យើង​ចែក​សម័យ​ធំ​ៗ​ជា​ ៥​សម័យ​គឺ៖
1 - សម័យ​មុនអង្គរ,
2 - សម័យអង្គរ,
3 - សម័យកណ្ដាល,
4 - សម័យអាណាព្យាបាល,
5 - សម័យបច្ចុប្បន្ន

១ - សម័យមុនអង្គរ

    សម័យ​មុន​អង្គរ​ រាប់តាំង​ពី​ប្រ​ទេស​ខ្មែរ​ ចាប់​កសាង​អារ្យ​ធម៌​របស់​ខ្លួន​ គឺ​ពេល​ដែល​ចាប់​ផ្ដើម​មាន​ប្រវត្ដិ​សាស្ដ្រ​ ជា​ដំបូង​តាំង​ពីសត​វត្សទី​១ នៃ​គ្រិស្ដសករាជ​ រហូត​ដល់​ចុង​សតវត្ស​ទី ៨។ គ្រា​នោះ​ព្រះ​បឋម​ក្សត្រ​ខ្មែរ​ គឺ​ព្រះ​បាទ​កៅ​ណ្ឌិន្យ​ ទ្រង់​បាន​ដឹក​នាំ​អារ្យធម៌​ឥណ្ឌៀ​ផ្នែក​ខាង​ត្បូង​ មក​សាប​ព្រោះ​លើ​ប្រ​ទេស​យើង​ ដែល​មាន​អក្សរ​សាស្ត្រ​ជា​អាទិ​ហើយ​ទ្រង់​បណ្ដុះ​បណ្ដាល​ នូវ ​ពូជ​ធារ​ទាំង​នោះ​ ឲ្យ​កើត​កាល​វាលគុម្ព សាយ​ភាយ​ទៅ​គ្រប់​និគម​ជន​បទ​ នៅ​ក្នុង​ផែន​ដី​យើង​។ មិន​តែ​ប៉ុណ្ណោះ​ ទ្រង់​បាន​បន្ដ​នូវ​ព្រះ​រាជ​សន្ដ​តិ​វង្ស​ដើម្បី​ពង្រីក​នូវ​អារ្យ​ធម៌​ទាំង​នេះ​ មាន​រស្មី​កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ សំរាប់​ជន​ខាង​ក្រោយ​ទៀត​។ បាន​សេចក្ដី​ថា កាល​នោះ​អក្សរ​សាស្ដ្រ​ខ្មែរ​ ស្ថិត​នៅ​ក្នុង​ពេល​កសាង​នៅ​ឡើយ​ តែ​តែង​បាន​ភព​ប្រទះ​ នឹង ភ័ព្វវាសនា​ល្អ គឺ​សេចក្ដី​ចំរើន​ជា​លំដាប់​។ ប៉ុន្ដែ​អក្សរ​សាស្ត្រ​ខ្មែរ​ជំនាន់​នោះ​ មាន​និន្នា​ការ​សំស្ក្រឹត​គ្រប​ដណ្ដប់​ជានិច្ច​ ព្រោះ​លទ្ធិ​ព្រហ្មញ្ញ​សាសនា​ និង ពុទ្ធ​សាសនា​​បែបមហា​យាន​កំពុង​លាត​សន្ធឹង​អានុភាព​នៅ​ក្នុង​ប្រ​ទេស​យើង​។ លទ្ធិ​ទាំង​នោះ​ សុទ្ធតែ​មាន​សំស្ក្រឹត​ជា​មូល​ដ្ឋាន​។

២ - សម័យអង្គរ

    ដែល​ហៅ​ថា​សម័យ​អង្គរ​ក្នុង​ទី​នេះ​ គឺ​រាប់​តាំង​ពី​សតវត្ស​ទី ៩ ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី២ បាន​ចាប់​កសាង​ទីក្រុង​ថ្មី​នៅ​អង្ករ​ ក្នុង​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេ​សាប​ រហូត​ដល់​ចុង​សតវត្ស​ទី ១៥​ គ្រា​ដែល​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ទី​ ២​ ចៅ​ពញា​យ៉ាត​ លើក​ទី​ក្រុង​ពី​អង្គរ​មក​កសាង​នៅ​ចតុមុខ​វិញ​។

    សម័យ​នេះ​អក្សរ​សាស្ត្រ​ខ្មែរ​ក៏​បាន​ចំរើន​លូត​លាស់​ទទួល​ការ​រុង​រឿង​យ៉ាង​ខ្ពស់​បំផុត​ ព្រោះ​រិទ្ធិ​បារមី​របស់​ប្រទេស​កំពុង​ស្ថិត​ក្នុង​ជោគ​ជ័យ​ដ៏​ថ្កុំ​ថ្កើង​។ អាណាចក្រ​បាន​រីក​ទូលាយ​ ជា​គ្រឿង​បើក​អំណាច​ ឲ្យ​អក្សរ​សាស្ត្រ​បាន​ហូរ​ហៀរ​ចេញ​ទៅ​ផ្សាយ​គ្រប់​ទិស​ទី​ក្នុង​បូរី​ និង ស្រុក​តូច​តាច​ ព្រម​ទាំង​ប្រទេស​ចំណុះ​ខ្លះ​ផង​។ ឯ​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ ក៏​កើត​មាន​ឡើង​ជា​ច្រើន​ ព្រោះ​តែង​បាន​​ទទួល​ការ​និយម​ រាប់​អាន​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ រហូត​តាំង​ពី​រាស្ត្រ​ប្រជា ដល់​នា​ម៉ឺន​សព្វ​មុខ​មន្ដ្រី​ដែល​មាន​ឋានៈ​ខ្ពស់​ៗ​។ ជា​ពិសេស​គឺ​ព្រះ​មហា​ក្សត្រ​ ដែល​ព្រះ​អង្គ​តែង​សព្វ​ព្រះ​រាជ​ហរិទ័យ​ សន្ដោស​ប្រោស​ប្រាណ​រាប់​រក​អ្នក​ប្រាជ្ញ​សព្វ​មុខ​វិជ្ជា មាន​វិជ្ជា​អក្សរ​សាស្ដ្រ​ជាដើម​។ ហើយ​ព្រះ​អង្គ​តែង​ប្រោស​មេត្ដា​ តែង​តាំង​អ្នក​ប្រាជ្ញ​អក្សរ​សាស្ដ្រ​ទាំង​នោះ​នោះ​ ឲ្យ​មាន​គោរម្យ​ងារ​ ឬ ឋានៈ​ខ្ពង់​ខ្ពស់​ សំរាប់​ចេញ​ចូល​គាស់​ហ្វៅ​ព្រះ​អង្គ​ គ្រប់​ពេល​ដែល​ទ្រង់​ត្រូវ​ការ​ផង​។

    នៅ​ខាង​ដើម​នៃ​សម័យ​នេះ​ អក្សរ​សាស្ដ្រ​ខ្មែរ​ ត្រូវ​នៅ​ក្នុង​ឥទ្ធិ​ពល​នៃ​ភាសា​សំស្ក្រឹត​ដូច​សម័យ​​មុខន​អង្គរ​ដែរ​ ប៉ុន្ដែ​មក​ដល់​ផ្នែក​ខាង​ចុង​ បែរ​ជា​ភាសា​បាលី​មាន​អានុ​ភាព​លាត​សន្ធឹង​ក្នុង​អក្សរ​សាស្ដ្រ​យើង​ទៅ​វិញ​ ដ្បិត​សម័យ​នេះ​ ព្រះ​មហា​ក្សត្រ​ នឹង បណ្ដា​ជន​ទាំង​ឡាយ​បាន​វិល​មក​គោរព​ លទ្ធិ​ពុទ្ធ​សាសនា​បែប​ហីន​យានវិញ​ហើយ​ ហើយ​លទ្ធិ​ពុទ្ធ​សាសនា​បែប​ហីន​យាន​នេះ​ លុទ្ធ​តែ​មាន​គោល​ចារឹក​ជា​ភាសា​បាលី​ទាំង​អស់​ដូច​យើង​ឃើញ​កេរ្ដិ៍​ដំណែល​​ នៅ​សល់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។

៣ - សម័យកណ្ដាល

    សម័យ​នេះ​មាន​រយ​កាល​វែង​ឆ្ងាយ​ណាស់​ រាប់​តាំង​ពី​សតវត្ស​ទី​ ១៥ គឺ​បន្ដ​ពី​ពេល​ចាក​ចោល​ក្រុង​អង្គរ​ រហូត​ដល់​សតវត្ស​ទី ១៩ នៅ​គ្រា​ដែល​ហៀប​នឹង​ចាក​ចោល​ក្រុង​ឧត្ដុង្គ​។ មាន​ព្រះ​មហា​ក្សត្រ​ជា​ច្រើន​អង្គ​ បាន​គ្រប់​គ្រង​រាជ​សម្បត្ដិ​នៅ​រាជ​វាំង​ជា​ច្រើន​កន្លែង​ ដូច​ជា​នៅ​ ស្រី​សឈរ​ ល្វា​អែម​ កោះ​ឃ្លោក​ ឧត្ដុង្គ​មាន​ជ័យ​ និង លង្វែក​ជា​ដើម​ ដែល​មាន​កវី​បណ្ឌិត​ជា​ច្រើន​កើត​ឡើង​បន្ដៗ​គ្នា​ តាម​លំដាប់​រាជ្យ​ជា​ហូរ​ហែ​ គឺ​លើក​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ នាំ​យក​ពូជ​ធារ​ និង មូលដ្ឋាន​អក្សរ​សាស្ត្រ​ ទៅ​ផ្សាយ​តាម​ទី​កន្លែង​ទាំង​នោះ​ ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ជាក់​ចិត្ដ​ ជក់​គំនិត​ក្នុង​រស្មី​ពណ្ណ​រាយ​ នៃ ស្នា​ដៃ​អក្សរ​សាស្ត្រ​ក្នុង​សម័យ​នេះ​ ទុក​កេរ្ដិ៍​ឲ្យ​យើង​ជា​ច្រើន​អនេក​​គឺ​សាស្ត្រា​រឿង​រ៉ាវ​ ឬ ច្បាប់​ទំលាប់​ផ្សេងៗ​ សុទ្ធ​តែ​កើត​ឡើង​ពេល​នេះ​ ដោយ​សារ​កវី​បណ្ឌិត​ច្រើន​រូប​ ហើយ​ជា​សំខាន់បំផុត​ មាន​ព្រះ​រាជា​ច្រើន​ព្រះ​អង្គ​បាន​យក​ព្រះ​រាជ​ហរិទ័យ​ទុក​ដាក់​ជួយ​ ឧបត្ថម្ភ​​ពេញ​ព្រះ​កាយ​ពល​ និង មាន​ស្នា​ព្រះហស្ថ​ទុក​កេរ្ដិ៍​ឲ្យ​រើយ​ ដូច​ជា​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ ព្រះ​ស្រី​ធម្មរាជា​ព្រះ​រាជ​សម្ភារ​ ព្រះបាទ​អង្គចន្ទ និង ព្រះ​បាទ​សម្ដេច​ហរិរក្ស​រាមធិបតីព្រះ​អង្គ​ឌួង​ជាដើម​។

    ក្នុង​ពេល​នោះ​ប្រទេស​យើង​ បាន​ចាក់រិស​លទ្ធិ​ពុទ្ធសាសនា​បែប​ហី​នយាន​យ៉ាង​មាំ​មួន​ហើយ​។ បណ្ដា​ជន​គ្រប់​ប្រភេទ​សឹង​គោរព​លទ្ធិ​នេះ​តែ​មួយ​គ្រប់ៗ​គ្នា​។ ព្រះ​រាជា​គ្រប់​ព្រះ​អង្គ​ទ្រង់​គោរព​លទ្ធិ​ពសាសនា​ព្រះពុទ្ធ​តាម​បែប​តែ​មួយ​ ហើយ​ទ្រង់​តែង​ជួយ​ឧបត្ថ​ម្ភ​ដល់​ព្រះ​សង្ឃ​ និង វត្ដ​អារាម​ទាំងឡាយ​ ឲ្យ​កាន់​តែ​មាន​ច្រើន​ឡើង​ៗ​។ សម​បើ​ព្រះ​សង្ឃ​ទាំង​នោះ​ ជា​អ្នក​រក្សា​ឃ្លាំង​វិជ្ជា​អក្សរ​សាស្ត្រ​យ៉ាង​ដិត​ដល់​ណាស់​ផង វណ្ណ​កម្ម​របស់​បុព្វ​បុរស​យើង​កាន់​តែ​មាន​ស្ថិរភាព​មាំ​ទាំ​ សំរាប់​បំពេញ​កិច្ច​ត្រូវ​ការ​របស់​ជន​ទូ​ទៅ​ក្នុង​ប្រទេស​។

    បើ​យើង​សង្កេត​ឲ្យច្បាស់​លាស់​ទៅ​ គ្រា​នោះ​មាន​តែ​វត្ដ​អារាម​នេះ​អែង​ ជា​សា​លា​ទិសា​បាមោក្ខ​ គឺ​ជា​ទី​ប្រជុំ​នៃ​ដំរេះ​វិជ្ជា គ្រប់​បែប​យ៉ាង​។ អ្នក​ណា​ចង់​មាន​ចំណេះ​ដាក់​ខ្លួន​ ឬ​ ចង់​កសាង​ខ្លួន​ឲ្យទៅ​ជា​មនុស្ស​ចេះ​ដឹង​ ត្រូវ​តែ​ទៅ​ជ្រក​រៀន​សូត្រ​ជា​មួយ​ព្រះសង្ឃ​តាម​វត្ដ​អារាម​ទាំង​នោះ​ជា​និច្ច​។ ព្រោះ​គម្ពីរ​សាស្ត្រា​ទាំង​ឡាយ​ ដែល​ជា​មូល​ដ្ឋាន​របស់​វិជ្ជា​ សុទ្ធ​តែ​មាន​ដំកល់​​ទុក​នៅ​វត្ដ​អារាម​នោះ​អែង​។

    ដោយ​ហេតុ​សម័យនោះ​មាន​ការ​សិក្សា​ជា​ឯក​ភាព​ដូច​ៗ​ គ្នា​ពាស​ពេញ​ប្រទេស​ ព្រោះ​មាន​គោល​ចារឹក​​តែ​មួយ​ផ្សាយ​ចេញ​ នូវ​ ពន្លឺ​រស្មី​ជា​យូរ​អង្វែង​ឆ្នាំ​ ដូច​ពាល​ខាង​លើនេះ​ហើយ ទើប​ប្រទេស​យើង​បាន​ចំរើន​លូត​លាស់​ខាង​អក្សរ​សាស្ដ្រ​លើស​សម័យ​មុនៗ ព្រោះ​អក្សរ​សាស្ត្រ​ គេ​ត្រូវ​រៀន​ជាបឋម​ គឺ​ជា​ការ​តព្វ​កិច្ច​មួយ​សំរាប់​ឲ្យគេ​មាន​មូល​ដ្ឋាន​ខាង​ចំណេះ​ប្រាជ្ញា​ ដើម្បី​ នឹង បន្ដ​វិជ្ជា​ទៅ​កាន់​ទី​ខ្ពស់​ថែម​ទៀត​។

៤ - សម័យអាព្យាបាល

    សម័យនេះ​ជា​សម័យ​ខ្លី​បំផុត​ គឺ​រវាង​ជាង​ ៨០ ឆ្នាំ​ប៉ុណ្ណោះ​។ គ្រា​នោះ​ប្រទេស​យើង​ ស្ថិត​នៅ​ក្នុង​អាណា​ព្យា​បាល​របស់​ពួក​បស្ចិម​ប្រទេស​។ អក្សរ​សាស្ត្រ​ និង វប្បធម៌​យើង​សម័យ​នេះ​ មិន​សូវ​បាន​រីក​សាយ​តាម​ចំណង់​ដូច​មុន​មក​ទេ​ ព្រោះ​អំណាច​វប្បធម័​របស់​បស្ចិម​ប្រ​ទេស​មាន​អានុភាព​ជាង​ បាន​ចូល​មក​គ្រប​ដណ្ដប់​វប្បធម៌​យើង​ឲ្យ​នៅ​ស្ងប់​ស្ងាត់​មួយ​ពេល​។ ប៉ុន្ដែ​ការ​ស្ងប់​ស្ងាត់​នេះ​ មិន​មែន​នៅ​ឈឹង​សូន្យ​ទេ​ មាន​កវី​បណ្ឌិត​ជា​ច្រើន​រូប​ បាន​ប្រឹង​ប្រែង​ឆ្លៀត​ពេល​តុប​តែង​រឿង​រ៉ាវ​ជា​ស្នា​ដៃ​ដ៏​ល្អ​ ទុក​ឲ្យ​យើង​ បាន​ន័យ​ថា​ លោក​បាន​ចិញ្ចឹម​ពន្លឺ​អក្សរ​សាស្ត្រ​ ដែល​ធ្លាប់​មាន​មក​តាំង​ពី​ព្រេង​នាយ​ឲ្យ​នៅ​គង់​វង់​ជីវិត​ត​ទៅ​ទៀត​ កុំ​ឲ្យ​សាប​សូន្យ​តាមការ​ដែល​គេ​ក្រលេក​មើល​ដោយ​ឥត​ពិចារ​ណា​នោះ​ឡើយ​។ ចំណែក​ព្រះ​សង្ឃ​ដែល​ជា​មេ​ឃ្លាំង​វិជ្ជា​នេះ​ ក៏​ប្រឹង​រក្សា​ម៉ឺង​ម៉ាត់​មិន​ព្រម​ឲ្យ​ក្បួន​ខ្នាត​ទាំង​នោះ​ខ្ចាត់​ភ្លាត់​ទៅ​ណា​បាន​ឡើយ​ ទោះ​បី​ជា​បាន​ទទួល​ការ​និយម​ក្ដី​ ឬ មិន​បាន​ទទួល​ក្ដី​ ក៏​លោក​នៅ​តែ​ប្រឹង​រក្សា​ដដែល​ បាន​សេចក្ដី​ថា​ ទោះ​បី​ជា​អក្សរ​សាស្ត្រ​នេះ​​ មិន​លេច​ឡើង​ក្នុង​មជ្ឈដ្ឋាន​ជា​ផ្លូវ​ការ​ក៏​ដោយ​ ព្រះ​សង្ឃ​នៅ​តែ​ថែទាំ​ និង ផ្សាយ​បាន​ខ្លះ​ៗ​ តាម​ដោយ​អ្នក​​ស្រុក​ជិត​ខាង​ដែល​សិស្ស​គណ​របស់​លោក​។

    ចាប់​តាំងពីពាក់កណ្ដាល​សម័យនេះ​យើង​ប្រទះ​ឃើញ​ មាន​ការ​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​ផ្នែក​ពុទ្ធសាសនា​ជា​ច្រើនក្បាល​ និង ផ្នែក​ស្រាវ​ជ្រាវ​អក្សរ​សាស្ត្រ​ជា​ច្រើន​ណាស់​ដែរ​ ព្រោះ​សម័យ​នេះ​គេ​បង្កើត​ឲ្យ​មាន​ជា​អក្សរ​ពុម្ព​សំរាប់​ប្រើ​ប្រាស់​តាម​បែប​សម័យ​និយម​។ តែ​ទោះ​បី​ជា​មាន​ពុម្ព​អក្សរ​ និង ការប្រ​ប្រមូល​ប្រជុំ​អ្នក​ប្រាជ្ញ​កវី​បណ្ឌិត​ខ្លះ​ហើយ​ ប៉ុន្ដែ​លក្ខណ​សម្បត្ដិ​របស់​អក្សរ​យើង​ នៅ​តែ​មិន​បាន​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្លូវ​ការ​នៅ​ឡើយ​ ដូច្ចេះ​ក៏​មិន​បាន​ទទួល​កាតព្វ​កិច្ច​ម៉ឺង​ម៉ាត​ឡើយ​។ នៅ​ចុង​សម័យ​នេះ​យើង​បាន​ទទួល​ជោគ​ល្អ​មួយ​យ៉ាង​សំខាន់​ គឺ​យើង​កើត​បាន​ «វចនានុក្រម» ដែល​ជា​មេ​ពាក្យ​ធ្វើ​ជា​គោល​ចារឹក​នៃ​ពាក្យ​ទាំង​ឡាយ​ សំរាប់​ឲ្យ​យើង​ចេះ​សរសេរ​ ឬ​ ដឹង​របៀប​សរសេរ​ឲ្យ​ត្រឹម​ត្រូវ​តាម​អក្ខរា​វិរុទ្ធ ជៀស​វាង​ពី​ការ​ភ្លាំង​ភ្លាត់​ដែល​ធ្លាប់​មាន​មក​ពី​មុន​។ ក្រៅ​ពីនេះ​មានការប្រជុំ​ចំណោម​អ្នក​ប្រាជ្ញ​ខាង​អក្សរ​ និង ខាងពុទ្ធ​សាសនា​ ធ្វើ​ជាក្រុម​មួយ​សំរាប់​​ចាត់​ចែង​ការ​ស្រាវ​ជ្រាវ​ និង ផ្ទៀង​ផ្ទាត់​ក្បួន​ច្បាប់​ ព្រម​ទាំង​បាន​បោះ​ពុម្ព​ផ្សាយ​ខ្លះ​ផង​។​

៥ - សម័យបច្ចុប្បន្ន

    ដែល​ហៅ​ថា​ សម័យ​បច្ចុប្បន្ន​ក្នុង​គ្រា​នេះ​ គឺ​សម័យ​ដែល​ប្រទេស​យើង​បាន​ដក​ខ្លួន​ចេញ​ពី​អាណា​ព្យាបាល​ នៃ បស្ចិម​ប្រទេស​។ តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ប្រទេស​យើង​បាន​លូត​លាស់​ខាង​ការ​ផ្សាយ​សៀវ​ភៅ​គ្រប់​ជំពូក តែ​ច្រើន​ជាង​គេ​បំផុត​គឺ​សៀវ​ភៅ​ប្រលោម​លោក​។ មាន​អ្នក​និពន្ធ​ជា​ច្រើន​ឈ្មោះ​ ប្រឹង​ចំណាយ​ពេល​រៀប​ចំ​ចង​ក្រង​ នូវ រឿង​រ៉ាវ​ថ្មី​ៗ​ ដែល​ប្រឌិត​ឡើង​ដោយ​ផ្ទាល់​ខ្លួន​សំរាប់​បំពេញ​ចិត្ដ​អ្នក​អាន​។ ទោះ​បី​ជា​មិន​សូវ​បាន​បរិបូណ៌​ខាង​ផ្លូវ​គំនិត​ ឬ ខាង​របៀប​សរសេរ​ក៏ដោយ​ អ្នក​និពន្ធ​នីមួយ​ៗ​ សុទ្ធ​តែ​​បាន​សរសេរ​ក្នុង​អារម្ភ​កថា​សម្ដែង​ នូវ គោល​បំណង​របស់​ខ្លួន​ «ចង់ជួយ​លោក​ដំកើង​អក្សរ​សាស្ត្រ​ជាតិ» ដូច​ៗ​គ្នា​។ ចំណែក​សាស្ត្រា​​បុរាណ​ជា​ច្រើន​ឈ្មោះ​ ក៏បាន​លេច​ខ្លួន​ឡើង​ អក្សរ​ពុម្ព​ប្រណាំង​ប្រជែង​ជាមួយ​រឿង​ទំនើប​ៗ​ ទាំង​នេះ​ដែរ​។