ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
អក្សរសាស្ត្រខ្មែរ
ដោយ លី ធាមតេង
សមាជិកក្រុមអភិបាល សមាគមអ្នកនិពន្ធខ្មែរ
សាស្ត្រាចារ្យជំនួយខាងវិជ្ជាខ្មែរនៅមធ្យមសិក្សា
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
ចំពូកទីបី
អក្សរសាស្ត្រខាងបច្ចេកទេស
ថ្ងៃសៅរ៍ ទី29.កុម្ភៈ 2020.ម៉ោង 8:22
ក្នុងអក្សរសាស្ត្ររបស់ជាតិនីមួយៗ តែងតែមានចលនាពិសេសៗ ពីគ្នា អាស្រ័យទៅតាមពេលវេលា ដែលជំនឿ ឬ ការចូលចិត្ដរបស់អ្នកស្រុកផ្ដេកទៅលើទ្រឹស្ដី ឬ គោលគំនិតណាមួយ។ អក្សរសាស្ត្រខ្មែរក៏មានចលនាប្លែកៗគ្នាដែរ ព្រោះខ្មែរជាជនជាតិមួយ មានជំនឿង និង ការប្រគល់ នូវ គោលគំនិតទៅលើទ្រឹស្ដីអ្វីៗ ដែលយល់ឃើញថាមានប្រយោជន៏សំខាន់ ឬ ដែលខ្លួនចូលចិត្ដ។ យើងល្បងរកប្រភេទ នៃ ចលនាទាំងនោះដូចតទៅ៖
- - ចលនាព្រហ្មនិយម
- - ចលនាពុទ្ធនិយម
- - ចលនាខេមរនិយម
- - ចលនាបរទេសនិយម
ដើម្បីស្គាល់ច្បាស់អំពីចលនា នៃ អក្សរសាស្ត្រយើងទាំង ៤ប្រភេទដែលរាប់មកខាងលើនេះ យើងធ្វើការអធិប្បាយវែកញែកឲ្យច្បាស់លាស់ទៅខាងក្រោម ព្រោះចលនានីមួយៗ រមែងមាននិន្នាការអំពីអ្វីប្លែកៗ គួរឲ្យអ្នកសិក្សាកត់សំគាល់៖
១ - ចលនាអក្សរសាស្ត្រ ព្រហ្មនិយម
ដែលហៅថាអក្សរសាស្ត្រព្រហ្មនិយម ក្នុងទីនេះ គឺ សំដៅដល់វណ្ណកម្មទាំងឡាយណា ដែលផ្ដេកគោលគំនិតទាំងស្រុងទៅលទ្ធិព្រហ្មញ្ញសាសនា។ លទ្ធិនេះបានសន្មតយកតួអង្គព្រះព្រហ្ម ព្រះឥសូរ និង ព្រះនរាយណ៍ធ្វើជាវត្ថុសក្ដិសិទ្ធិ ជាទីគោរពសក្ការ។
ក្រោយដែលជនជាតិឥណ្ឌៀបានចូលមកយកជោគជ័យនៅលើដែនដីខ្មែរ (សម័យហ្វូណន) ហើយអ្នកអន្ដោបរវេសន៍ ទាំងនោះ បានទាំងនាំយកលទ្ធិសាសនា ដែល ជាមេគំនិតមកជាមួយផង ហើយបាននាំគ្នាសាបព្រោះជំនឿសាសនានេះពេញលើដែនដីកម្ពុជាយើង។ ហេតុនេះហើយបានជាយើងឃើញអត្ថបទនៅក្នុងសិលាចារឹកក្ដី នៅក្នុងរឿងបុរាណក្ដីរមែងតែសរសេរជាភាសាសំស្ក្រឹត ដែលជាភាសាផ្លូវការ សំរាប់សាសនាព្រាហ្ម ព្រមទាំងពោលពី រិទ្ធីបារមីចេស្ដារបស់អង្គអវតារ នៃ សាសនានេះផង។ ដើម្បីមានភស្ដុតាងច្បាស់លាស់ យើងលើកយកន័យរបស់សិលាចារឹកខ្លះមកធ្វើជាតួយ៉ាងនៅខាងក្រោម សំរាប់ឲ្យអ្នកសិក្សាស្គាល់ជំរៅ នៃ និន្នាការរបស់ជំនឿនីមួយៗ ដែល ជ្រាបចូលក្នុងអក្សរសាស្ត្រ៖
- ទ្រង់យាងឆ្លងកាត់សមុទ្រ នៃ គុណ មានចិន្ដារីករាយ និង
- ទ្រទ្រង់ផែនដី ព្រះអង្គបីបមលក្ស្មីជានិច្ច ដូចជាព្រះវិស្ណុ
- មានព្រះហស្ដ៤។
- (សិលាចារឹកប្រាសាទកណោលដើម)
- សូមព្រះសិវ ដ៏មានជតាធំ ហើយដែលមានព្រះបាទា
- ធ្ងន់លសលែង អាចជាន់រាវណទសមុខឲ្យថ្នូររំពងអាកាស
- បាន មកជួយព្យាបាលនូវសម្បត្ដិរបស់អ្នក
- (សិលាចារឹកភ្នំបាយ័ន)
- កាលយល់ព្រះអង្គទ្រង់យឹតធ្នូយ៉ាងតឹង បីដូចព្រះសិវៈ
- នៅត្រីបុរន្ដ ពួកបច្ចាមិត្រ ក៏ដឹងជាក់នូវសេចក្ដីវិនាសរបស់ខ្លួន
- (សិលាចារឹកប្រាសាទខ្នា)
អត្ថបទខាងលើនេះ យើងឃើញអ្នកនិពន្ធបានលើកយកព្រះនាមព្រះវិស្ណុ ព្រះសិវៈ ដ៏ជាទីគោរពរបស់គេមកធ្វើជាត្រីមុខ។ ក្រៅពីនេះ យើងប្រទះក្នុងវណ្ណកម្មជារឿងរ៉ាវផ្សេងទៀត ដូចជារឿងមហាភាតរៈ ដែលមានពួកអាសុរៈ និង ពពួកទេវតា នាំគ្នាយកនាគធ្វើព្រ័ត្រទាញល្បងកំលាំងភ្នាល់ យកសមុទ្រទឹកដោះ។ កាលនោះ ពួកយក្សយកបានខាងក្បាលនាគ ដែលនាំឲ្យមានកំលាំងកាន់តែខ្លាំងឡើងទៀត។ យល់ច្បាស់ថាពួកទេវតាចាញ់កលយក្សហើយ ព្រះនរាយណ៍ក៏បានបែងភាគ ចុះមកជួយយកអាសាពពួកទេវតាដែលជានិមត្ដរូប នៃ សេចក្ដីសប្បុរស។
នៅក្នុងរឿងរាមកេរ្ដិ៍ និទានពី ព្រះរាមជាអង្គអវតារ នៃ ព្រះនរាយណ៍ ដែលបែងភាគចុះមកជួយរកយុត្ដិធម៌ របស់សត្វក្នុងភពទាំងបី គឺស្ថានសួគ៌ ស្ថានមនុស្ស និង ស្ថាននរក។ ដូចនេះអែង ទើបឃើញក្នុងរឿងរាមកេរ្ដិ៍មានតួសំដែងរឿងដំណាងភពទាំងបីចូលគ្នា ដូចជាទេវតា ព្រះឥន្ទ ព្រះព្រហ្ម លេងរឿងចូលគ្នាជាមួយមនុស្ស និង សត្វតិរច្ឆានផ្សេងៗ មានស្វា និង ត្រីជាដើម ឯតួព្រះរាមសោតទៀត ក៏ពុំមានពៀរវេរាអ្វីឡើយ ទោះបីជាបានប្រហារជីវិតយក្សរាប់ម៉ឺនសែន ឬ កកទឹកពាសពេញដី យ៉ាងណាក៏ដោយ ព្រោះលោកជាម្ចាស់នៃអំពើបាបបុណ្យទាំងអស់។ នេះអែងជាលទ្ធិសាសនាព្រាហ្មណ៍។
គេប្រទះឃើញអក្សរសាស្ត្រខ្មែរ ផ្ដេកទៅតាមទ្រឹស្ដីព្រហ្មនិយម ចាប់មានកំណើតពីការផ្ដើមដំបូងបង្អស់ នៃ អក្សរសាស្ត្រយើង រហូតដល់សតវត្សទី ១២ នៃ គ្រឹស្ដសករាជ ជាគ្រាដែលខ្មែរបានលះបង់ទ្រឹស្ដី ឬ លទ្ធិសាសនានេះ ហើយនាំគ្នាត្រឡប់បែរទៅគោរពព្រះពុទ្ធសាសនាវិញ។
២ - ចលនាអក្សរសាស្ត្រ ពុទ្ធនិយម
អក្សរសាស្ដ្រក្នុងចលនពុទ្ធនិយម ចាប់ផ្ដើមមានរឿងក្នុងសម័យដែលខ្មែរនាំគ្នា គោរពពុទ្ធសាសនា តាំងពីសតវត្សទី ១២ គឺនៅភាគខាងចុង នៃ សម័យអង្គរ។ កាលនោះបណ្ដាជនខ្មែរ ទាំងព្រះមហាក្សត្រ ទាំងរាស្ត្រ មន្ដ្រីគ្រប់ជាន់ថ្នាក់បានហ្វឹកហ្វឺនកាយវាចាចិត្ដ ទៅតាមគន្លងទ្រឹស្ដី នៃ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធគ្រប់ៗគ្នា។ ក្នុងទ្រឹស្ដីនេះ មានលើកយកកម្ម និង ផលធ្វើជាធំ។ បានសេចក្ដីថា បើនរណាប្រព្រឹត្ដអំពើល្អ ពិតជា នឹង បានសោយផលល្អទៅខាងក្រោយ តែបើនរណាប្រព្រឹត្ដ នូវ កម្មអាក្រក់ ក៏ប្រាកដជា នឹង ទទួលកម្មអកុសលអាក្រក់វិញជាក្រោយពុំខានឡើយ។ និន្ឋាការពុទ្ធនិយមនេះ ជ្រាបចូលទៅក្នុងសន្ដានចិត្ដបណ្ដាជនខ្មែរយ៉ាងឆាប់រហ័សណាស់ ព្រោះកាលនោះ ខ្មែរកំពុងកើតសង្គ្រាមកលិយុគក្នុងប្រទេស រហូតដល់មានការបរាជ័យដកខ្លួនថយចាកចោលទីក្រុងអង្គរ ដែលជាទីនឹករលឹកក្រៃលែងថែមទៀត។ ម៉្លោះហើយសេចក្ដីតោកយ៉ាក ក៏ចូលមកទន្ទ្រានក្នុងសតិអារម្មណ៍របស់អ្នកស្រុក។ ទទួលទ្រឹស្ដីពុទ្ធនិយម ជាទ្រឹស្ដីសន្ដិភាពមិនបៀតបៀនយាយីគ្នាផង ក៏រឹតតែគាប់ចិត្ដអ្នកស្រុកណាស់ទៅទៀត ទើបនាំគ្នាប្រសិទ្ធី បន់ស្រន់រាល់ៗថ្ងៃ ដល់គុណបុណ្យព្រះរតនត្រ័យ សុំសេចក្ដីសុខសប្បាយរីករាយឡើងវិញ។
រឿងរ៉ាវក្នុងទ្រឹស្ដីនេះ សុទ្ធតែនិយាយអំពីអង្គពោធិសត្វ ដែលតែងត្រេចរង្គត់ ក្នុងវាលវដ្ដសង្សារ ដើម្បីសន្សំយកពោធិសម្ភារ និង ប្រាជ្ញាបារមីទៅអនាគត។ វណ្ណកម្មខ្មែរដែលមាននិន្នាការពុទ្ធនិយមទាំងប៉ុន្មាន កវី ឬ អ្នកនិពន្ធតែងប្រារព្ធថា ជាសេចក្ដីប្រែចេញពីគម្ពីរពុទ្ធសាសនា(1) ដែលអ្នកប្រាជ្ញពុទ្ធសាសនាបានតែងឡើងជាមធ្យោបាយឲ្យអ្នកផងនិយមតាម។ ស្នាដៃផ្នែកពុទ្ធនិយមនេះ មាននៅសល់កេរ្ដិ៍ដំណែលរហូតដល់យើងសព្វថ្ងៃច្រើនណាស់ ដូចជារឿង ក្រុងសុភមិត្រ សព្វសិទ្ធ ភោគកុលកុមារ ស័ង្ខសិល្បជ័យ ចៅស្រទបចេក និង មរណមាតា ជាដើម។
យើងល្បងយក ឧទាហរណ៍ ក្នុងរឿងទាំងនេះ មកលាតត្រដាងជាសាក្ខីភាព ចំពោះសំដីដែលបង្ហាញថា ពិតជាផ្ដេកទៅលើពុទ្ធនិយមមែន៖
ស្ដេចលោមព្រះប្អូន ហឫទ័យសោះសូន្យ ថាឱប្អូនអើយ វេរាពៀរព្រេង កម្មឯងដល់ហើយ ព្រលឹងអូនអើយ កុំសោយសោកា។ (រឿងក្រុងភមិត្រ)
ចលនាអក្សរសាស្ដ្រខេមរនិយម មានលក្ខណពិសេស ប្លែកពីចលនាព្រហ្មនិយម និង ពុទ្ធនិយម ដែលតែលើកយកអង្គអវតារ និង អង្គព្រះពោធិសត្វធ្វើតួអង្គសំខាន់ នៃ រឿង ចលនាទី៣ នេះផុសចេញមកពីការរស់នៅរបស់ខ្មែរពិតប្រាកដ។ បានសេចក្ដីថា ចលនានេះអែងពុំផ្ដេកគោលគំនិត ពឹងប្រាស្រ័យទៅលើព្រះអាទិទេព ឬ វត្ថុសក្ដិសិទ្ធិនានា ឬ កម្មផលអ្វីឡើយ ប្រាកដជាផ្ដិតលំនាំតាមជីវភាពបណ្ឌាជនក្នុងសង្គមខ្មែរយើងក្នុងសម័យនីមួយៗ។ ប្រសិនណាជារឿងនោះកើតឡើងក្នុងសម័យណា ស្រុកទេសមានព្រឹត្ដិការណ៍ដូចម្ដេចៗ ផ្ទៃរឿងក៏មានបែបផែនទាំងស្រុងទៅតាមព្រឹត្ដិការណ៍ ឬ របៀបរបបរស់នៅរបស់ជនជាតិយើង ដូចក្នុងគ្រានោះដែរ។
ប្រលោមលោក ឬ រឿងប្រឌិតរបស់ខ្មែរដែលរាប់បញ្ចូលបានក្នុងចលនាអក្សរសាស្ត្រជំពូកនេះគឺ៖ រឿងទុំទាវ អាឡេវ ធនញ្ជ័យ កុឡាបប៉ៃលិន ផ្កាស្រពោន សូផាត...។ ល។
យើងសូមសិក្សាអំពីគោលគំនិត ក្នុងរឿងខ្លះដែលបានរាប់ឈ្មោះខាងលើនេះ សំរាប់ជាការបញ្ជាក់ឲ្យឃើញសភាពជាក់លាក់របស់ចលនានីមួយៗ ក្នុងអក្សរសាស្ដ្រខ្មែរ។
រឿងទុំទាវអ្នកនិពន្ធប្រឌិតតាមបែបរឿងជាក់ស្ដែង ក្នុងសតវត្សទី ១៥ គ្រាដែលខ្មែរមានរាជធានីនៅលង្វែក។ តួអង្គសំខាន់ៗ ក្នុងរឿងនេះមានទុំ និង ទាវ ជាដើម មិនមែនជាអង្គអវតារ ដែលព្រះនរាយណ៍បែងភាគឲ្យមកកើតនោះទេ ហើយក៏មិនមែនជាអង្គព្រះពោធិសត្វ ឬ ព្រះនាងសន្សៃសព៌េជ្ញ ដែលត្រាច់ឆ្លាស់ឆ្លងគម្ពីរជលស័យ ពោលគឺការកើតស្លាប់ក្នុងវដ្ដសង្សារ ដើម្បីប្រមូលតបបារមី ឬ សាងសន្សំពោធិសម្ភារឡើយ។ ហេតុនេះហើយបានជាទុំ និង ទាវរមែងបានទទួលទុក្ខសោក ក្នុងជីវភាពខ្លួនដូចមនុស្សធម្មតា ពុំមានព្រះព្រហ្ម ព្រះឥសូរ ព្រះឥន្ទ ឬ ទេវតាណាតាមជួយតាមគាំពាឡើយ។ ភស្ដុតាងជាក់ស្ដែង ដូចត្រង់គេនាំទុំទៅសំលាប់។ ប្រសិនទុំជាអវតារ ឬ ជាពោធិសត្វ ប្រាកដជាមានព្រះឥន្ទ ព្រះព្រហ្មតាមជួយយកអាសាមិនខាន។ តែនេះទុំត្រូវស្លាប់ស្ដូកតាមអំពើរំលោភរបស់អរជូននៅក្រោមដើមពោធិ។ មួយទៀតដំណើរតួអង្គទាំងនេះ ក៏សុទ្ធតែជាកូនរបស់អ្នកស្រែអ្នកចំការក្នុងស្រុកខ្មែរ ដែលមាននាមស្រុកទាំងនោះប្រាកដរហូតដល់សព្វថ្ងៃ។
មួយចំណែកទៀតក្នុងរឿងផ្កាស្រពោន ត្រង់នាងវិធាវីកើតទុក្ខដ្បិតព្រាត់គូកំណាន់ចិត្ដ ហើយអង្គុយបន់ព្រះ។ ប្រសិនបើនាងជាសន្សៃសព៌េជ្ញ ជាក់ជាវត្ថុសក្ដិសិទ្ធណាមួយ ឈឺឆ្អាល នឹង បំណន់នាងមិនខាន។ ហើយចុងបំផុត ប្រាកដជានាងមិនស្លាប់ខ្លួន ទុកឲ្យប៊ុន ធឿន សោកសង្រេងដូចមនុស្សធម្មតាឡើយ ទោះបីជាសោកខ្លះក៏គង់ដល់ទីបំផុត ត្រូវតែបានជួបជុំគ្នាវិញជាពុំខានឡើយ។
៤ - ចលនាអក្សរសាស្ត្រ បរទេសនិយម
ចលនាទីបួននេះ ជាចលនាចំលែកដែលយើងពុំដែលឃើញមានក្នុងអក្សរសាស្ដ្របូរាណទេ ទើបតែគ្រាដែលប្រទេសយើងធ្លាក់ខ្លួននៅក្នុងឱវាទពួកបស្ចឹមប្រទេស ចំនួនជិតមួយសតវត្សរួច ទើបមានចលនានេះ ជ្រាបចូលមកក្នុងសន្ដានចិត្ដបណ្ដាជនខ្មែរខ្លះ ដែលពុំទាន់មានមូលដ្ឋានស៊ប់ក្នុងវប្បធម៌ជាតិដែលធ្លាបមានតំលៃតាំងពិដើមមក។ ចំពោះខ្មែរអ្នកមានសតិអារម្មណ៍ល្អ មានគំនិតពិតប្រាកដ ពុំមានភ្លើតភ្លើនចិត្ដ ទៅតាមចលនាចំណូលថ្មីនេះឡើយ។
ចលនានេះ ស្ថិតនៅក្នុងសៀវភៅរឿងទាំងឡាយណាដែលសរសេរហួសពីទំលាប់របស់ជាតិ ដែលធ្លាប់មានមក ឬ កំពុងតែបោះជំហានជឿនលឿនទៅមុខ រៀងរាល់ពេល។ បានសេចក្ដីថាជា ចលនាអក្សរសាស្ដ្រសម័យថ្មីម្យ៉ាង ដែលពោលតែពីសេចក្ដីសប្បាយភ្លេចខ្លួន គឺសប្បាយក្នុងការរាំរែក ស៊ីផឹកតាមទៀមសុរា ឈ្លក់វក់វីដោយកាមកិលេសគ្រប់បែបគ្រប់យ៉ាង ហើយក្នុងនោះពុំមាននិយាយពីសេចក្ដីរំលឹកដាស់តឿនវិញឡើយ គិតធ្វើយ៉ាងណាឲ្យតែឃើញថាការសប្បាយនោះសប្បាយមែន គ្មានបង្ហាញគ្រោះថ្នាក់សោះ។
ចលនាអាក្រក់នេះ ចូលមករុករានក្នុងអក្សរសាស្ដ្រយើងអស់រយៈកាលដ៏ខ្លីមួយដែរ ប៉ុន្ដែត្រូវមតិអ្នកអាន មានសតិសម្បជញ្ញទប់ទល់យ៉ាងខ្លាំងក្លា ទាល់តែអន្ដរធានទៅវិញក្នុងឆ្នាំ ១៩៥៨។
យើងសូមបញ្ជាក់ថា បានជាដាក់ថា ចលនាបរទេសនិយម ព្រោះការនិយមគំនិតកខ្វក់នេះ ពិតជាដុះឡើងដោយសារអ្នកបរទេស សាបព្រោះពូជក្នុងស្រុកយើង គឺយើងនិយាយសំដៅតែខាងគំនិត អាក្រក់ឈ្លក់ក្នុងកាមកិលេស ឥតហេតុផលប៉ណ្ណោះ ពុំមែននិយាយដល់បច្ចេកទេសទំនើបយ៉ាងល្អៗ ដែលបរទេសផ្ដល់មកឲ្យយើងនោះឡើយ។