ចំពូកទីពីរ
អានុភាពអក្សរសាស្ដ្រ (ត)

ឃ - អក្សរសាស្ត្រសិលាចារឹក
ថ្ងៃសៅរ៍ ទី22.កុម្ភៈ 2020.ម៉ោង 8:32

    យើង​ឃើញ​ហើយ​ សិលា​ចារឹក​មិន​ត្រឹមតែ​ជា​គោល​ចារឹក​ កត់​ត្រា​ពត៌មាន​ទុកឲ្យ​យើង​ដឹង​ដាន​ ពី​ប្រវត្ដិ​សាស្ត្រ​របស់​ជាតិ​ជា​អង្វែង​មក​ហើយ​ប៉ុណ្ណោះ​ទេ​។ សិលា​ចារឹក​ជា​ប្រភព​អក្សរ​សាស្ត្រ​មួយ​យ៉ាង​សំខាន់​បំផុត​។ សម័យ​ដែល​ខ្មែរ​កសាង​អារ្យ​ធម៌​ជា​ដំបូង​ តាំង​ពី​សត​វត្សទី​១ នៃ​គ្រឹស្ដ​សករាជ​ គេ​អាច​ដឹង​បាន​ដោយ​សារ​សិលា​ចារឹក​អក្សរ​ខ្មែរ​ ដែល​នៅ​សល់​ពាស​ពេញ​ក្នុង​អាណា​ចក្រ​ខ្មែរបុរាណ​ តែ​ឥលូវ​ត្រូវ​បែក​ខ្ញែក​ទៅ​ឯបរ​ទេស​ជិត​ខាង​ខ្លះ​ទៅ​ហើយ​ ដូច​ជា​សិ​លាចារឹក​ខ្មែរ​នៅ​លព​បូរី​ (ប្រទេស​ថៃ​) និង​ នៅមី​សឺង​ ញ៉​ត្រាង​ (ប្រទេស​វៀត​ណាម​) ជា​ដើម​។ លក្ខណគោល​ទាំង​នេះ​​សុទ្ធ​តែ​សរសេរ​ជា​អក្សរ​ខ្មែរ​បុរាណ​ពិតៗ មិន​ដែល​ទៅ​ខ្ចី​ ឬ លួច​អក្សរ​របស់​ជាតិ​ណា​មក​ចារ​ភ្ជាប់​ នឹង ​ថ្មទាំង​នោះ​ឡើយ​។

    ពិត​មែន​ហើយ​តែ​អក្សរ​សាស្ត្រ​ ដែល​ផ្ដិត​ជាប់​ក្នុង​សិលា​ចារឹក​នេះ​ មិន​សូវ​មាន​អានុភាព​ជ្រួត​ជ្រាប​ចូល​ទៅ​ផ្សើម​សព្វសាយ​ក្នុង​សន្ដាន​ចិត្ដ​បណ្ដា​ជន​ខ្មែរ​ ដូច​សាស្ត្រា​រឿង​ប្រ​លោម​លោក​ ឬ​ រឿង​ព្រេង​មែន​ តែ​ក៏​បាន​ជាកេរ្ដិ៍​ដំណែល​ ធៀប​ដូច​ជា​កញ្ចក់​មួយ​ទុក​សំរាប់​ឲ្យជន​ជាតិ​យើង​ ជាន់​ក្រោយ​ឆ្លុះ​មើល​ពត៌​មាន​ ឬ​ ព្រឹត្ដិ​ការ​ណ៍​ផ្សេង​ៗ​ ដែល​កើត​ឡើង​ក្នុង​អតី​តកាល​ដ៍​យូរ​អង្វែង​។

    ក្រៅ​ពីនេះ​ទៀត​ សិលា​ចារឹក​ជា​ក្រាំង​វិសេស​មួយ​ ដែល​ដូន​តា​យើង​ចេះ​រិះ​រក​ឃើញ​ ពិធី​ផ្ចាញ់​ពេល​វេលា​ធ្វើ​ឲ្យ​បាន​គង់​ទ្រង់​រូប​ភាព​អក្ខរៈសម័យ​ បន្ដ​គ្នា​ជា​លំដាប់​ហូរ​ហែ​ ទុក​សំរាប់ឲ្យ​យើង​ដឹង​ ស្គាល់​ពី​របៀប​សរសេរ​អក្សរ​ខ្មែរ​តាំង​ពី​សតវត្ស​ទី ៣មក​ ជា​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​យើង​​ដែល​ត្រូវ​ការ​សិក្សា​ ពី​កំណើត​អក្សរ​សាស្ត្រ​ និង ពិធី​ស្រាវ​ជ្រាវ​ខាង​វេយ្យា​ករណ៍​​។ បើយើង​ពិនិត្យ​មួយ​ភ្លែត​ អក្សរ​ដែល​ចារ​លើ​ថ្ម​ទាំង​នេះ​ហាក់​ដូច​ជា​តិច​តួច​មិន​សំខាន់​ប៉ុន្មាន​ទេ​ តែ​បើ​សង្កេត​ឲ្យ​វែង​ឆ្ងាយ​ទៅ​ ទើប​យល់​ថា ពាក្យ​តិចតួច​នេះ​អែង​ «ជាខ្លឹម» ដ៏​សំខាន់​ អាច​ឲ្យ​អ្នក​ផង​បក​ស្រាយ​បាន​ជា​សេចក្ដី​វែង​ទូលំទូលាយ​ក្រៃ​លែង​ គឺ​អាស្រ័យ​ការ​ទទួល​ជោគ​ជ័យ​ ឈ្នះ​ពេល​វេលា​របស់​ដុំ​ថ្ម​ទាំង​នេះ​ហើយ​ ដែល​អ្នក​ស្រាវ​ជ្រាវ​ក្នុង​គ្រា​បច្ចុប្បន្ន​ អាច​បក​ស្រាយ​ បរិយាយ​បាន​ហូរ​ហែ​ពី​អក្សរ​សាស្ត្រ ប្រវត្ដិ​សាស្ត្រ​ និង អារ្យ​ធម៌​រុង​រឿង​របស់​ជាតិ​យើង​ពី​ព្រេង​នាយ​។ អាស្រ័យ​លើ​ហេតុ​ផល ​ដូច​ពោល​មក​នេះ​អែង​ ទើប​យើង​ហ៊ាន​ឲ្យ​ឈ្មោះ​ថា «អក្សរ​សាស្ត្រ​ផ្ដិត​ជាប់​ នឹង សិលាចារឹក»។

ង - អក្សរសាស្ត្រខាងបច្ចេកទេស

    ពាក្យ​ថា​បច្ចេក​ទេស​ក្នុង​ទី​នេះ ពោល​សំដៅ​ស្នា​ដៃ​ណា​ដែល​ស្ដី​ពី​វិជ្ជា​ឯក​ទេស​ដោយ​ឡែក​ពី​គេ។ យើង​ នឹង បក​ស្រាយ​ពន្យល់​សេចក្ដី​ដូច​ត​ទៅ៖ ច្បាប់​ទំលាប់​ទាំង​ឡាយ​ជា​បទ​បញ្ញាត្ដ​ផ្សេងៗ​ សំរាប់​របៀប​គ្រប់​គ្រង​រដ្ឋ​ ជាអក្សរ​សាស្ត្រ​ប្រ​ភេទ​ពាក្យ​រាយ​ ហើយ​ជា​ផ្នែក​បច្ចេកទេស​ផង ដែល​ជា​វណ្ណ​កម្ម​ជាន់​ខ្ពស់​ តែ​មិន​សូវ​បាន​ផ្សាយ​ទូ​ទៅ​គ្រប់​ទិស​តំបន់​ ដូច​រឿង​ប្រលោម​លោក​ រឿង​ល្ខោន​ ឬ រឿង​ព្រេង​ទេ។ នៅ​ក្នុង​វណ្ណ​កម្ម​នេះ​ ច្រើនពោរ​ពេញ​ទៅ​ដោយ​ពាក្យបច្ចេក​ទេស​ខាង​ច្បាប់​សំរាប់​ស្រុក​ ដែល​យោល​ទៅ​តាម​ទំលាប់​របស់​ភាសា​អ្នក​ស្រុក​ បាន​និយាយ​បន្ដ​ៗ​ តាំង​ពី​អង្វែង​កាល​មក។

    អក្សរ​សាស្ត្រ​ប្រភេទ​នេះ មិន​មែន​មក​តាំង​ពីយូរ​យា​ហើយ​ទេ​ ព្រោះ​គេ​មិន​ប្រទះ​ឃើញ​មាន​ក្រាំង​ ឬ​ ចារឹក​ជា​គោល​សំខាន់​នៅ​ក្នុង​សិលា​ចារឹក​ ឬ គម្ពីរ​សាស្ត្រា​អែ​ណា​តាំង​ពី​មុន​សម័យ​អង្គរ ឬ​ ត្រឹម​អង្គរ​ទេ​ គឺគេ​ឃើញ​មាន​តែ​ច្បាប់​ដើម​សរសេរ​លើ​ក្រដាស​ ដែល​រៀប​ចង​ក្រង​ត្រឹម​ពេល​មុន​សម័យ​ឧត្ដុង្គ​ ឬ ត្រឹម​សម័យ​ឧត្ដុង្គ​ប៉ុណ្ណោះ​។ ច្បាប់​ដើម​ទាំង​នោះ​ មាន​គង់​ទ្រង់​រហូត​សព្វ​ថ្ងៃ​ ដែល​ក្រុម​ពុទ្ធ​សាសន​បណ្ឌិត្យ​បាន​ថែ​ទាំ​ទុកយ៉ាង​មធ្យ័ត ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «ព្រះ​រាជ​ក្រិត្យ​ក្រម​ផ្សេងៗ​» មាន​ទាំង​អស់​ ២៤​ក្រម គឺ​មានក្រមឧទេន​ ក្រម​ចែក​ពល​ ក្រមទស​ភរិយា​ ជា​ដើម។

    អែ​សេចក្ដីបរិយាយ​របស់​ក្រិត្យ​ក្រម​ទាំង​នេះ​ ចែក​ដោយ​ឡែក​ៗ​ ពី​គ្នា​ គឺ​មាន​និយាយ​ពី​ច្បាប់​ទំលាប់​របស់​កង​យោ​ធា​ ពី​ច្បាប់​កាត់​ក្ដី​ផ្សេងៗ​ និង របៀប​ទារ​ពន្ធ​ដារ​ដាក់​ឃ្លាំង​រាជការ​ជា​ដើម​។ ស្នា​ដៃ​ទាំង​នេះ​ ប្រឌិត​ឡើង​ដោយ​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​បុរាណ​ជា​ច្រើន​រូប ដោយ​មាន​ព្រះ​មហាក្សត្រ​នៅ​សម័យ​នោះ​ ទ្រង់​ជា​មគ្គុ​ទេស​ក៍​ ក្នុង​ការ​រៀប​រៀង​នេះ​ផង គឺ​ចាប់​តាំង​ពី​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​ជេ​ដ្ឋា​មក។ យើង​គួ​សរសើរ​ម្យ៉ាង​ទៀត​ចំពោះ​ស្នា​ដៃ​ទាំង​នេះ​ ព្រោះ​បុព្វ​បុរស​យើង​សម័យ​នោះ​នឹក​ឃើញ​គំនិត​មាំ​ទាំ​ បាន​ប្រឹង​ប្រែង​រៀប​ចំ​ច្បាប់​ទំលាប់​ សំរាប់​ស្រុកទេស។ ចារឹក​ទុកជា​លក្ខណ៍​គោល កុំ​ឲ្យ​នា​ម៉ឺន​សព្វ​មុខ​មន្ដ្រី​ទាំង​ឡាយ​ព្រួយ​ពិបាក​ត្រិះ​រិះ​ដោយ​មតិ​ខ្លួន​អែង​ផង​ និង ឲ្យមាន​ឯក​ភាព​ក្នុង​ការ​អនុវត្ដន៍​ច្បាប់​សំរាប់​រដ្ឋ​ផង។ សេចក្ដី​ពិនិត្យ​សង្កេត​ទាំង​នេះ​អែង​ហើយ​ដែល​យើង​សំគាល់​ថា ជា​អក្សរ​សាស្ដ្របច្ចេកទេស។

ច - អក្សរសាស្ត្រខាងចម្រៀង

    នៅ​វគ្គចុង​បំផុត យើង​ត្រូវ​បរិយាយ​ពី​អក្សរ​សាស្ដ្រ​ជាប់​ក្នុង​ចម្រៀង​។
    ចំរៀង​ខ្មែរ​បុរាណ​ សុទ្ធ​សឹង​ប្លែក​ៗ​ ពី​គ្នា​ជា​ច្រើន​បែបច្រើន​យ៉ាង​ គឺ​មាន​ចំរៀង​បំពេ​កូន​ ចំរៀង​ការ​ងារ​ ចំរៀង​លួង​លោម​ និង ចំរៀង​បន់​ស្រន់​។ ត​ទៅ​នេះ​យើង​សូម​លើក​យក​មួយ​ផ្នែក​ៗ​ មក​ធ្វើ​អត្ថា​ធិប្បាយ​ជា​បន្ដៗ​គ្នា។

    ១ - ចំរៀងបំពេកូន ៖ ចំរៀង​នេះ​ច្រើន​ប្រ​កប​ដោយ​បទ​បែប​យ៉ាង​ស្រងូត​ស្រងាត់​ និង ពាក្យ​ពេចន៍​ទន់​ភ្លន់​ ដំណាង​សំដី​ថ្នាក់​ថ្នម​របស់​មាតា​​ដែល​ពោរ​ពេញ​ទៅដោយ​ធម៌​សប្បុរស​យ៉ាង​ក្រៃ​លែង​។ គេ​សង្កេត​ឃើញ​ចំរៀង​ប្រភេទ​នេះ ​មោះ​មុត​ជាង​ចំរៀង​នានា​ ព្រោះ​ចេះ​ធ្វើ​ឲ្យ​នារី​ខ្មែរ​ដែល​ស្រ​គត់​ស្រគំ​តាម​ការ​ឃុំ​គ្រង​របស់​ប្រពៃ​ណី​ជាតិ​ ដាច់​ចិត្ដ​ អារ​កាត់​សេចក្ដី​ខ្មាស​អៀន ហា​មាត់​ស្រែក​ច្រៀង​បំពេ​ទារក​ ឬ កុមារ​តូច​ ពត់​សំឡេង​ទៅ​តាម​បទ​យ៉ាង​ពីរោះ​លន្លង់​លន្លោច​។ អែ​ការ​ហាត់​ច្រៀង​នេះ​ នាង​នារី​ពុំ​ដែល​បាន​ហាត់​ពី​មុន​មក​ម្ដង​សោះ​ ប៉ុន្ដែ​ហាក់​ដូច​ចំរៀង​នោះ​ ជា​ទេព​កោ​សល្យ​ដុះ​ដាល​ជា​ស្រេច​ក្នុង​សន្ដាន​ចិត្ដ​របស់​នាង​ ជាយូរ​មក​ហើយ​។ ឯ​ទំនុក​សោត​ក៏​ដិត​ជាប់​ នូវ ​លក្ខណ​អក្សរ​សាស្ត្រ​គ្មាន​លំអៀង​ គឺ​ត្រូវ​តាម​គន្លង​ចង្វាក់​កាព្យ​ឃ្លោង​ខ្មែរ​ និង ស្រស់​បំ​ព្រង​ដោយ​សំនួន​វោហារ​ពាក្យ​ពេចន៍​ឥត​ខ្ចោះ​ផង​។ អក្សរ​សាស្ត្រ​ប្រភេទ​នេះ​ឯង​ បាន​ជ្រាប​ចូល​ក្នុង​សន្ដាន​ចិត្ដ​នៃ​ជន​ទូទៅ​មុន​គេ​បំផុត​ គឺ​តាំង​ពី​ពេល​នៅ​ជា​ទារក​នៅឡើយ​។ បាន​សេចក្ដី​ថា​ កាល​នោះ​ទារក​ចេះ​បាត់មាត់ស្ងៀម​ប្រុង​ស្ដាប់​សំឡេង​ និង សំដី​របស់​មាតា​ច្រៀង​បំពេ គឺ​ទារក​បាន​ក្រេប​ជញ្ជក់​ នូវ រស​ជាតិ​ឆ្ងាញ់​ពិសា នៃ អក្សរ​សាស្ត្រ​ក្នុង​ចំរៀង​យ៉ាង​ពីរោះ​ក្រអៅ​របស់មាតា​។

    ២ - ចំរៀងការងារ ៖ ចំរៀង​ប្រភេទនេះ​ជា​ដំណាង​ជីវភាព​របស់​អ្នក​ស្រុក​ពិត​ៗ។ គេ​ច្រៀង​ចំរៀង​នេះ​ តែ​ក្នុង​ពេល​ធ្វើការ​ ដូច​​ជា​ពេល​ស្ទូង​ស្រូវ​ ពេល​បែន​ស្រូវ​ ឬ​ពេល​សំរាក​ក្នុង​ការ​ងារ​អ្វី​មួយ​។ ក្នុង​ពេល​ដែល​ប្រកប​ការ​ពេញ​កំលាំង​ ហាល​កំដៅ​ព្រះ​អាទិត្យ ហាលខ្យល់​ព្យុះ​ ឬ​ កណ្ដាល​ធាតុ​ត្រជាក់​ គ្មាន​អ្វី​ក្រៅ​ពី​ចំរៀង​នេះ​ទេ​ ដែល​អាច​មក​ជួយ​បំពេ​ ឬ មក​រុំ​ស្រោប​បេះ​ដូង​កសិករ​យើង​ ឲ្យបាន​ ​ធូរ​ស្រាល​ លំហែ​កាយ​ទូលាយ​ចិត្ដ​បាន​មួយដង​មួយ​កាល​។ ឯ​សេចក្ដី​ទំនុក​សោត​ យើង​តែង​ប្រទះ​ឃើញ​ សុទ្ធតែ​ជាពាក្យ​ប្រកប​ការ​ ដូច​ជា​ថ្លែង​ពី​ការ​ស្ទូង​ដក​ ការ​បោក​បែន​ ដើម្បី​យក​ផល​សំរាប់​គ្រួសារ​ជា​ដើម​។ ឯពាក្យ​ពេចន៍​ទាំង​នេះ​មាន​លក្ខណ​ជា​អក្សរ​សាស្ត្រ​ស្រស់​បំព្រង​ដែរ​។

    ៣ - ចំរៀងលួង​លោម​ ៖ ចំរៀងនេះ​ច្រើន​ជា​ពាក្យ​ផ្ដោះ​ផ្ដង​គ្នា​រវាង​កំលោះ​ក្រមុំ​ ប៉ុន្ដែ​ពាក្យ​ផ្ដោះ​ផ្ដង​នេះ​សុទ្ធ​តែ​ប្រកប​ដោយ​កិរិយា​ថ្លៃ​ថ្នូរ​ មាន​ចំរៀង​ (ប្រប​កៃ?=ប្រពៃណី) និង ចំរៀង​ចោល​ឈូង​ជា​ដើម​។ គេ​និយម​ចម្រៀង​នេះ​នៅ​ពេល​ណា​ដែល​ផុត​ពី​ការ​ងារ​ ដូច​ជា​ផុត​រដូវ​ច្រូត​កាត់​ ដែល​គេ​បាន​ផល​ស្រូវ​ដាក់​ជង្រុក​ហើយ​ គេ​ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ធ្វើ​ទាន​ផ្ដាច់​ការ​ងារ​។ ពុំ​នោះ​ទេ​ នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ឬ​ បុណ្យ​ភ្ជុំ​បិណ្ឌ​ជាដើម។ គ្រា​ណា​គេ​បើក​ឱកាស​លេង​ចំរៀង​នេះ​យុវា-យុវតី​ទាំង​ឡាយ​បាន​សប្បាយ​លើស​លែង​ ព្រោះ​គេ​បើក​សេរីភាព​ ឲ្យផុត​ពី​ប្រពៃណី​តឹង​តែង​បាន​មួយ​ពេល​។ ចំណែក​មាតាបិតាវិញ​ ក៏​បាន​សប្បាយ​រីករាយ​ជា​មួយ​កូន​នោះ​ទៅ​ដែរ​។ ចំរៀង​ផ្ដោះ​ផ្ដង​នេះ​ មាន​សេចក្ដី​លែប​ខាយ​តាម​លក្ខណ​អក្សរ​សាស្ត្រ​ដែរ​ ព្រោះ​មាន​ល្បិច​កល និង សំនួនពាក្យ​ពេចន៍​យ៉ាង​ថ្លៃ​ថ្នូរ។

    រ - ចំរៀងបន់ស្រន់ ៖ ចំរៀង​ប្រភេទ​នេះ​សំដែង​ឡើង​ដំណាង​ចិត្ដ​អស់​សង្ឃឹម​ ដែល​ផុត​វិស័យ​ និង ទុក​ចិត្ដ​បាន​ ក៏​ដាច់​ចិត្ដ​ពោល​ពាក្យ​ទន់​ខ្សោយ​អង្វរ​ករ​ ឬ ​អំពាវ​នាវ​រក​វត្ថុ​សក្ដិ​សិទ្ធ​ទាំង​ឡាយ​ ឲ្យជួយ​រំលែក​ទុក្ខ​ ឲ្យធ្វើ​ជា​សាក្សី​ នៃ សេចក្ដី​អស់​សង្ឃឹម​ និង ជួយ​សំរាល​សេចក្ដី​ឈឺ​ចាប់​ដោយ​ប្រការ​ណា​មួយ​។ ចំរៀង​នេះ​មិន​សូវ​បាន​ទទួល​សេចក្ដី​និយម​ពី​ជន​គ្រប់​មជ្ឈដ្ឋាន​ទេ​ គឺ​មាន​តែ​អ្នក​កាន់​គំនិត​ទន់​ខ្សោយ​ប៉ុណ្ណោះ​ ដែល​ចូល​ចិត្ដ​រាប់​អាន​ជាង​គេ​ ប៉ុន្ដែ​សេចក្ដី​បន់​ស្រន់​នោះ​ក៏​ផ្អែម​ល្ហែម​ ផ្ដេក​ទៅ​លើ​លក្ខណ​អក្សរ​សាស្ត្រ​ប្រភេទ​ទន់​ភ្លន់​ គួរអណោច​អធ័ម​ណាស់​ដែរ​។

    ៥ - ចំរៀងប្រពៃណី ៖ ចំរៀងប្រពៃណី​គេ​និយម​តាម​កាល​វេលា​ គឺ​នៅ​គ្រា​ណា​ដែល​គេ​រៀប​ធ្វើ​ពិធី​អ្វី​តាមទំនៀម​ទំលាប់ ដូច​ជា​ពេល​​រៀប​អាពាហ៍ពិពាហ៍ ពេល​បុណ្យ​អុំ​ទូក និង ពេលបុណ្យឡើង​អ្នក​តា​ជា​ដើម​។ ចំរៀង​ប្រភេទ​នេះ​ ជា​ចំរៀង​ពិសេស​ដែល​តម្រូវ​តាម​គន្លង​ប្រពៃ​ណី​សំរាប់​ស្រុក​ហើយ​ច្រើន​មានក្រាំង​ចង​ទុក​ជា​ក្បួន​ខ្នាត​ត​កូន​ចៅ​ថែមទៀត​ផង​ បង្ហាយ​ឲ្យ​ឃើញ​ថា​ ចំរៀង​បែប​នេះ​គេ​អាច​ទុក​ជា​ចំរៀង​ផ្លូវ​ការ​។ ការ​ចារឹក​ទុក​ជា​ក្បួន​យ៉ាង​នេះ​ រឹតែ​នាំ​ឲ្យ​យើង​ឃើញ​ច្បាស់​លាស់​ ថា​ពិត​ជា​មានលក្ខណ​អក្សរ​សាស្ត្រ​មាំទាំ​បរិបូណ៌​លើស​ចំរៀង​មុន​ៗ​ ទៅ​ទៀត​។​

    សេចក្ដី​អធិប្បាយ​របស់​យើង​ យ៉ាង​ហូរហែ​ខាង​លើ​នេះ​ជា​គ្រឿង​បញ្ជាក់​បង្ហាញ​លោក​អ្នក​អាន​ ពីជម្រៅ​អក្សរ​សាស្ដ្រ​យើង​ ដែល​មានប្រភព​ជា​ច្រើន​បាន​ផ្សាយ​ឲ្យហៀរ​ហូរ​ពេញទិស​ដំបន់​តាំង​ពី​បូរាណ​មក។