ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
អក្សរសាស្ត្រខ្មែរ
ដោយ លី ធាមតេង
សមាជិកក្រុមអភិបាល សមាគមអ្នកនិពន្ធខ្មែរ
សាស្ត្រាចារ្យជំនួយខាងវិជ្ជាខ្មែរនៅមធ្យមសិក្សា
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
ចំពូកទីពីរ
ខ- អក្សរសាស្ដ្ររឿងព្រេងនិទាន
ថ្ងៃសៅរ៍ ទី15.កុម្ភៈ 2020.ម៉ោង 7:57
ហេតុដូចម្ដេចបានជាយើងពោលដូច្នេះ? បើរឿងព្រេងសុទ្ធតែជារឿងនិទានដោយមាត់មនុស្សបន្ដៗគ្នាទេតើ? ពិតមែនហើយរឿងព្រេងជារឿងនិយាយតៗ គ្មានមែន តែសំដី ពាក្យពេចន៍ រឿងរ៉ាវ សំនួនវោហា ល្បិចកល ក្នុងរឿងទាំងនោះសុទ្ធតែមានលក្ខណជាអក្សរសាស្ដ្រជាក់ប្រាកដ។ ហើយអក្សរសាស្ត្រប្រភេទនេះ ផ្សាយទៅបានរហ័សជាក្រៃលែង ព្រោះគេផ្សាយទៅដោយពិធីស្ដាប់មិនមែនដោយពិធីអានទេ។ បើយើងមានសៀវភៅរឿងរ៉ាវអ្វីមួយ គឺយើងដឹងបានត្រឹមតែរូបយើងមួយប៉ុណ្ណោះ ចំណែកអ្នកដែលមិនបានអានជាមួយយើងទេ មិនអាចដឹងរឿងរ៉ាវទាំងនោះដូចយើងឡើយ លុះត្រាតែប្រឹងអានខ្លួនឯងម្ដងទៀតទើបបានដឹង។
ឯរឿងព្រេងដែលនិយាយដោយមាត់មនុស្សវិញ តែមានជនម្នាក់នៅអង្គុយនិយាយហើយ ច្បាស់ជាមានជនអ្នកស្ដាប់មិនតិចទេ ហើយអ្នកស្ដាប់ទាំងនោះ អាចនិយាយបន្ដទៅអ្នកដទៃៗ ទៅទៀតជាច្រើនគ្នា។
មួយទៀតរឿងព្រេងទាំងនោះ សុទ្ធតែជារឿងសាមញ្ញងាយស្ដាប់ ងាយល់ ប្រកបដោយត្លុកកំប្លែង គួរជាគ្រឿងកែកំសាន្ដ សំរួលអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅ។ ពេលគេធ្វើការហត់នឿយ មានការធ្វើស្រែចំការច្បារដំណាំជាដើម គ្មានអ្វីមកធ្វើឲ្យគេបំភ្លេចនូវការនឿយហត់ទាំនេះបានទេ មានតែរឿងព្រេងប៉ុណ្ណោះដែលអាចប្រលោមចិត្ដគេឲ្យរសាយ ភ្លេចការហត់នឿយលំបិនលំបាកខ្លះ។ ពេលគេជួបជុំក្រុមញាតិ ឬ មានការប្រជុំអ្វីមួយរវាងអ្នកស្រុកនៅភូមិជិតៗគ្នា គេច្រើនតែនាំគ្នានិទានរឿងកែកំសាន្ដ ហើយនិងបញ្ឆោតពេលវេលា ឲ្យហោះហើរទៅ ដោយឥតស្អុះស្អាប់ក្នុងចិត្ដ។
រឿងព្រេងទាំងនេះ មានឯកភាពល្អណាស់ គឺភូមិណាក៏និទានដូចជាភូមិណាដែរ ទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ បើសង្កេតទៅ ដំបូងឡើយរឿងព្រេង មិនមែនប្រឌិតកើតដោយមាត់មនុស្សទេ គឺពិតជាមានចារឹកជាក្រាំង ឬ ជាសាស្ត្រា ប៉ុន្ដែក្រាំង ឬ សាស្ត្រាទាំងនោះ អន្ដរាយទៅតាមកាលវេលាដែលកន្លងមកដ៏យូរលង់ ហើយម្យ៉ាងទៀតដោយរឿងទាំងនេះបានចាំស្ទាត់ក្នុងមាត់ជនទូទៅ ទៅហើយផង ទើបក្រាំង ឬ សាស្ដ្រា ទាំងនេះមិនមែនជាការចាំបាច់របស់ជនសម័យនោះឡើយ។
ឯការចាំតៗគ្នា បាត់បង់គោលដើមដូច្នេះ គួរណាស់តែខ្ចាត់ខ្ចាយរប៉ាត់រប៉ាយអស់ហើយ តែនេះមិនដូចនោះទេ បែរជារិតតែលាតសន្ធឹងលើសដើមទៅទៀត ដូចជារឿងធនញ្ជ័យ រឿងអាឡេវ រឿងមាយាស្រី រឿងចៅចាក់ស្មុក រឿងខ្វាក់អាខ្វិន និង រឿងពស់កេងកងជាដើម។
យើងមិននិយាយទេពីឧត្ដមគតិរបស់រឿងទាំងនេះ យើងគ្រាន់តែលើកមកបង្ហាញពីអានុភាពអក្សរសាស្ដ្រ ដែលផ្ដិតជាប់ក្នុងរឿងប៉ុណ្ណោះ។ ព្រោះអីអានុភាពនេះ ផ្សាយមុតជាប់ទៅក្នុងសន្ដានចិត្ដរបស់ជនជាតិយើង ជាជាងគេទាំងអស់។ សូម្បីតែជនណាមួយ ប្រុសក្ដី ស្រីក្ដី អ្នកចេះដឹងក្ដី អ្នកល្ងង់ខ្លៅក្ដី សុទ្ធតែបានក្រេបរសជាតិរឿងទាំងអម្បាលនេះគ្រប់ៗគ្នា បើមិនច្រើនក៏តិចដែរ។
នៅគ្រាបច្ចុប្បន្ននេះ មានអស់លោកអ្នកប្រាជ្ញខាងអក្សរសាស្ត្រជាច្រើនរូប ប្រឹងស្រាវជ្រាវប្រមូលឯកសារផ្សេងៗ ដែលស្ដីពីរឿងព្រេងទាំងនេះ មកចងក្រងឲ្យកើតបានជាសៀវភៅ ដើម្បីទុកតពេលវេលាទៅមុខឲ្យបានយូរអង្វេង សំរាប់បំពេញបំណងនៃប្រជាពលរដ្ឋយើងទៅគ្រាអនាគតកាល។
ដូចម្ដេចហៅថាអក្សរសាស្ត្រ ជាប់នឹង ប្រលោមលោក? ប្រលោមលោក ឬ រឿងល្ខោន ជាវណ្ណកម្មមួយយ៉ាងល្បីល្បាញរបស់បុព្វបុរសខ្មែរ សម័យអង្គរ និង ឧត្តុង្គ។ អ្នកប្រាជ្ញបណ្ឌិតទាំងឡាយ បានយកចិត្ដទុកដាក់ចំពោះកិច្ចការប្រភេទនេះយ៉ាងហ្មត់ចត់ ទោះបីប្រទេសជាតិមានចលាចល ឬ មួយរហូតដល់ធ្លាក់ខ្លួនបរាជ័យខ្មាំងសត្រូវក៏ដោយ ព្រឹទ្ធាចារ្យយើងនៅតែមិនព្រមលះង់ឧត្ដមគតិ ខាងអក្សរសាស្ត្រនេះឡើយ។ មួយទៀតយើងក៏អាចជឿបានដែរថា ចំណេះវិជ្ជា ឬ គោលគំនិតខាងអក្សរសាស្ត្រជាទ្រព្យរបស់ខ្លួនជានិច្ច ទោះបីជាជួប នឹង សត្រូវយាយីយ៉ាងណាក្ដី ទ្រព្យធននេះមិនមានអន្ដរាយ ឬ សូនរូបបាត់បង់ទៅណាក្ដី ទ្រព្យធននេះមិនមានអត្ដរាយ ឬ សូន្យរូបបាត់បង់ទៅណាឡើយ គ្រាន់តែត្រូវសំងំមួយលើកមួយគ្រា ឲ្យផុតពីកលយុគប៉ុណ្ណោះ។
ពេលដែលសំងំនេះ មិនមែនជាពេលសាបសូន្យទេ បែរជាពេលចំរើនដុះដាលទៅវិញ ដ្បិតពេលសំងំ ជាឱកាសបណ្ដុះបណ្ដាលចិត្ដគំនិតសំរិតសំរាំងប្រាជ្ញាស្មារតី បង្កើតឧត្ដមគតិខាងអក្សរសាស្ដ្រ ឲ្យកាន់តែបានទូលំទូលាយថែមទៀត។ លុះដល់ពេលផុតកលយុគវឹកវរទៅ ព្រឹទ្ធាចារ្យយើងកាន់តែបានកើតគំនិតប្រាជ្ញា ចេះច្នៃរចនាអក្សរសាស្ដ្រឲ្យរឹងរិតតែបានមាំទាំ និង មានរស្មីពណ្ណរាយកាន់តែច្បាស់ឡើតៗ ជាលំដាប់។
ម្យ៉ាងទៀតដោយជំនាន់នោះមានការឧបត្ថម្ភ និង ការនិយមវណ្ណគតិនេះគ្រប់តែមជ្ឈដ្ឋានផង គឺប្រជារាស្ដ្រទាំងប្រុស-ស្រី សុទ្ធតែនិយមត្រងត្រាប់ដូចៗគ្នា នាម៉ឺនសព្វមុខមន្ដ្រី ក៏តែងយកចិត្ដទុកដាក់ និង ទុកជាគោលសិក្សាខាងអក្សរសាស្ត្រផង។ ព្រះមហាក្សត្រទាំងឡាយទ្រង់តែងសព្វ ព្រះហឫទ័យ នឹង វណ្ណកម្មនេះណាស់ ហេតុនេះហើយបានជាគេតែងប្រទះឃើញក្នុងប្រវត្ដិសាស្ត្រជាហូរហែថា ព្រះទ្រង់បានឧបត្ថម្ភ ខាងផ្នែកនេះ មិនដែលឈប់ខាន ព្រោះក្នុងរាជ្យណាក៏ដោយ យើងតែងប្រទះឃើញមានរាជបណ្ឌិត និង កវីជាច្រើននៅជិតខាងព្រះអង្គជាធម្មតា។
ពេលដែលទ្រង់យាងទៅណាមកណា ឬ យាងក្រសាលទីណាមួយ កវីបណ្ឌិតតែងតែតាមដង្ហែផ្ទាល់ព្រះរាជាជានិច្ច។ ដូច្នេះឯង ទើបយើងទៅសល់កេរ្ដិ៍ដំណែលជាស្នាដៃកវីបុរាណជាច្រើន ដែលមានអារម្ភកថាប្រាប់យើងថា កាលគ្រាដែលលោករៀបរៀងរឿងនេះឡើងនៅក្នុងព្រះរាជូបត្ថម្ភ នៃ ព្រះមហាក្សត្រ។ សរុមសេចក្ដីដែលយើងអធិប្បាយខាងលើនេះ បញ្ជាក់ឲ្យយើងឃើញប្រភព នៃ ការបង្កើតវណ្ណកម្មសម័យនោះ។
បន្ទាប់ទៅទៀតយើស្រាវជ្រាវពីអានុភាពរបស់វណ្ណកម្មនេះម្ដង។ ប្រជាជាតិខ្មែរយើងមានមត៌កមួយយ៉ាងសំខាន់ខាងផ្នែកអក្សរសាស្ត្រ គឺ សាស្ត្រារឿងទាំងឡាយ បើយើងហៅតាមភាសាធម្មតា គឺ ជារឿងប្រលោមលោក ដែលសុទ្ធសឹងតុបតែងឡើងដោយស្នាដៃកវីខ្មែរយើងពីព្រេងនាយ។ ហេតុដែលនាំឲ្យអនុភាព រឿងក្នុងសាស្ត្រាទាំងនេះបានបាចសាចចូលជោគជាំក្នុងសន្ដានចិត្ដប្រជាពលរដ្ឋយើង គ្មានចន្លោះជនណាមួយនោះ ព្រោះរឿងទាំងនេះ សុទ្ធសឹងជាគ្រឿងបំពេញចិត្ដ បំពេអារម្មណ៍របស់ជនទូទៅ សូម្បីតែជននោះមិនចេះអក្សរមួយអង្គសោះ ក៏ចេះចូលចិត្ដជាប់សតិក្នុងរឿងទាំងនោះដែរ។ ឯលំនាំគំនិតក្នុងរឿងនោះសោតទៀត អ្នកនិពន្ធច្រើនទាញយកគោលការណ៍ នៃ ទ្រឹស្ដីសាសនាមកលាតត្រដាងផង ដែលជាគំនិតមួយដែលបណ្ដាជនខ្មែរនិយមគោរពរាប់អានមកហើយស្រាប់។
ត្រង់នេះនាំឲ្យយើងឆ្លុះមើលឃើញថា កវីបូរាណទាំងនេះ សុទ្ធតែជាអ្នកគោរពព្រះពុទ្ធសាសនា ដោយលើកទ្រឹស្ដីព្រះពុទ្ធមកធ្វើជាគោលក្នុងរឿង គឺកម្មផលដែល នឹង តាមជួយជ្រោមជ្រែង ឬ តាមផ្ដន្ទាដល់អ្នកដែលបានប្រព្រឹត្ដរួចមកហើយ។ សរុបគោលគំនិតទៅ ឃើញថាកវីពុទ្ធសាសនាទាំងនោះបញ្ជាក់ឲ្យច្បាស់លាស់ថា «អធម៌» តែងចាញ់ «ធម៌» ជាដរាប។ ប៉ុន្ដែមុន នឹង ចាញ់ «អធម៌» បានធ្វើទុក្ខបុកម្នេញ «ធម៌» ឲ្យលំបិនលំបាកតោកយ៉ាក ជាយូរខែយូរថ្ងៃណាស់ដែរ។ ត្រង់ដែលការត្រដាងបង្ហាញអំពើអាក្រក់បីដូចជាចង់ទាញសតិអារម្មណ៍អ្នកអានឲ្យជួយស្អប់ ជួយខឹង ជួយថ្លឹងរកខុសត្រូវលើតួសុចរិត និង ទុច្ចរិតនេះហើយ ដែលធ្វើឲ្យផ្ទៃរឿងបានវែង និង បានជាគ្រឿងលួងលោមជនានុជនឲ្យអណ្ដែតរសាត់ទៅតាមខ្លួន។
ប៉ុន្ដែបើយើងសង្កេតឲ្យល្អិតល្អន់ទៅឃើញថា ផ្ទៃរឿងទាំងនោះមិនសុទ្ធតែត្រូវហើយល្អវិសេសទេ គឺគេអាចរិះគន់បានជាច្រើនណាស់ដែរ ដូចជាការប្រើវត្ថុហួសវិស័យ ឬ ខាងបច្ចេកទេស នៃ ការសរសេរជាដើម។ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែទទួលស្គាល់ថា សាស្ត្រាទាំងនេះពិតជាវណ្ណកម្មត្រកាលមួយ ដែលបានសាបព្រោះពូជធារអក្សរសាស្ត្រ ឲ្យដុះដាលពេញវាលពេញក្នុងប្រទេសយើងអ ត្រាតែបានមកដល់យើងរាល់គ្នាក្នុងសម័យនេះ។
បើយើងពោលពីលក្ខណអក្សរសាស្ត្រ របស់យើងទាំងនេះវិញ យើងមិនសូវមានការរិះគន់ទេ ព្រោះកវីបុរាណលោកច្រើនសរសេរ សុទ្ធតែជាពាក្យដែលមានចុងជួនរណ្ដំគ្នាយ៉ាងល្គងល្គាយ ប្លែកពីអក្សរសាស្ដ្ររបស់ជាតិនានា។ ក្នុងផ្ទៃរឿងទៀត ក៏សុទ្ធតែលេងសំនួនវោហារយ៉ាងណែងណងគួរឲ្យសរសើរ គឺមានការជាក់ស្ដែង ការប្រៀបធៀបការស្រមៃរវើរវាយ សមទោះតាមផ្ទៃរឿងគ្មានខ្ចោះ។
ចំពោះពាក្យពេចន៍ដែលប្រើក្នុងរឿងទាំងនេះ សុទ្ធតែជាពាក្យមានគុណភាពខ្ពស់ គឺច្រើនជាពាក្យចេញមកពីបាលី សំស្ក្រឹត មិនសូវមានពាក្យសាមញ្ញទេ។ បានជាសរសេរយ៉ាងនេះ ប្រហែលជាបុព្វបុរសយើងនឹកឃើញថា ស្នាដៃទាំងនេះ គាត់បំរុងទុកឲ្យមានតំលៃរហូតរាប់ពាន់ឆ្នាំដូចការពិតដែលយើងប្រទះសព្វថ្ងៃនេះដែរឬអ្វី? ព្រោះពាក្យថ្លៃថ្នូរបែបនេះមិនងាយសាបរលាបទេ ឯពាក្យសាមញ្ញវិញ តែងឆាប់អស់អាយុ ព្រោះភ័ន្ដប្រែទៅតាមកាលទេសជាញឹកញាប់។
រឿងទាំងនេះ មិនត្រឹមតែជារឿងប្រលោមលោកមានចារទុកក្នុងសាស្ត្រាប៉ុណ្ណោះទេ អ្នកប្រាជ្ញសម័យដើមបានប្រឌិតយកទោធ្វើជារឿងល្ខោនបានទៀត ឥតប្រកាន់ថារឿងណាជារឿងណាឡើយបានដូចៗគ្នា។ ព្រោះខ្មែរយើងជាជាតិមួយមានសិល្បៈរបាំមុនគេបំផុតនៅជ្រោយសុវណ្នភូមិ។ ជាភស្ដុតាង គឺ រឿងរាមកេរ្ដិ៍ ដែលសរសេរឡើងជាបទល្ខោនសុទ្ធៗ លាយចំរុះទាំងក្បាច់រាំរែកក្នុងនោះផង។ រឿងរាមកេរ្ដិ៍ គេអាចស្មានបានថា រឿងនេះមិនមែនមានកំណើតក្រោយសម័យអង្គរទេ ពិតជាកើតឡើងមុនពេលកសាងអង្គរទៅទៀត ព្រោះពាក្យពេចន៍ ក្នុងនោះសុទ្ធតែជាពាក្យខ្មែរបុរាណវែងឆ្ងាយ និង ច្របូកដោយពាក្យសំស្ក្រឹតផង ព្រោះសម័យមុនអង្គរ ជាសម័យស៊ីវិល័យសំស្ក្រឹត គឺគ្រាដែលលទ្ធិព្រាហ្មសាសនា និង ពុទ្ធសាសនាមហាយាន នៅមានរិទ្ធីលើដែនខ្មែរនៅឡើយ។
ក្រៅពិនេះ មានចំលាក់នៅជញ្ជាំងថែវអង្គរជាភស្ដុតាងទៀត ព្រោះលក្ខណរបស់រឿងក្នុងចំលាក់នោះពិតជាដូចរឿងក្នុងសាស្ត្រាដែរ ហើយរឿងរាមកេរ្ដិ៍ខ្មែរនេះ មិនមែនដូចសុទ្ធសាធ នឹង រឿងរាមាយណ ឥណ្ឌៀទេ គ្រាន់តែមានការប្រឌិតប៉ុណ្ណោះ ឯសាច់រឿង គឺ តុបតែងជាបែបស្នាដៃខ្មែរពិតប្រាកដ។ ដូចយើងបានពោលមកហើយថា មិនត្រឹមតែរឿងរាមកេរ្ដិ៍ ដែលសរសេរជាបែបល្ខោនប៉ុណ្ណោះទេ សូម្បីរឿងដទៃៗទៀត ដូចជារឿងសង្ខសិល្បជ័យ ជាដើម ក៏ខ្មែរប្រឌិតយកទៅលេងជាល្ខោនបានដែរ។ គឺវង់ល្ខានទាំងនោះហើយ ដែល នាំយកអក្សរសាស្ដ្រខ្មែរដែលផ្ដិតជាប់ក្នុងរឿងទាំងនោះ ទៅផ្សាយនៅគ្រប់ទិសទីក្នុងអាណាចក្រខ្មែរ។
សរុបសេចក្ដីទៅ គឺរឿងប្រលោមលោកខ្មែរនេះហើយដែលបានជាប្រភពផ្សាយនូវអក្សរសាស្ត្រ របស់ជាតិឲ្យបានសុសសាយទៅក្នុងចិត្ដបណ្ដាជនខ្មែរយើង។ ដោយមានសេចក្ដីពិស្ដារដូចពោលមកខាងលើ ទើបយើងពោលថាអក្សរសាស្ដ្រខ្មែរ ផ្ដិតជាប់ក្នុងរឿងប្រលោមលោក និង រឿងល្ខោន។