ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
អក្សរសាស្ត្រខ្មែរ
ដោយ លី ធាមតេង
សមាជិកក្រុមអភិបាល សមាគមអ្នកនិពន្ធខ្មែរ
សាស្ត្រាចារ្យជំនួយខាងវិជ្ជាខ្មែរនៅមធ្យមសិក្សា
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
ចំពូកទីពីរ
អានុភាពអក្សរសាស្ដ្រ
ថ្ងៃសៅរ៍ ទី8.កុម្ភៈ 2020.ម៉ោង 7:50
ហេតុអ្វីហ្ន៎! ក៏អក្សរសាស្ដ្រយើងនៅមានរឿងរ៉ាវច្រើនម្ល៉េះ? ត្រង់នេះយើងសូមបញ្ជាក់ថា តាំងពីយូរយារមកហើយ ពាក្យថាអក្សរសាស្ដ្រៗ នេះ បីដូចជាខ្យល់រលកអាកាសបក់បណ្ដែតមករវើយៗ ប៉ុណ្ណោះ មិនសូវមានអ្នកចាប់ឲ្យជាប់រូបអក្សរសាស្ដ្រនេះមកពិនិត្យសង្កេតឲ្យបានហ្មត់ចត់ ឬ ជាក់ប្រាកដ ឲ្យឃើញជាភិនភាគយ៉ាងនេះ ឬ យ៉ាងនោះឡើយ។
មានបុព្វបុរសយើងពីព្រេងនាយច្រើនរូបណាស់ ដែលបានខំពិនិត្យសង្កេតអំពីរឿងនេះ តែជនជាតិយើងហាក់ដូចជាភ្លេចភ្លាំងទៅវិញ នៅគ្រាដែលវប្បធម៌បស្ចឹមប្រទេសចូលមកគ្របដណ្ដប់។ ទោះជាយ៉ាងនេះក៏ដោយ យើងតែងប្រទះឃើញវីរជនច្រើនរូបណាស់ដែរ ដែលប្រឹងននៀលជាមួយបញ្ហាអក្សរសាស្ដ្រ តែយើងសូមអភ័យទោសដោយមិនបានស្រង់នាមមករៀបរាប់ក្នុងពេលនេះ។
- អក្សរសាស្ដ្រយើងពីព្រេងនាយបានបោះឫសយ៉ាងស៊ប់សួនណាស់នៅក្នុងសន្ដានចិត្ដ នៃ ប្រជាជនជាតិយើង ដោយ មានផ្ដិតជាប់ក្នុងសន្ដានចិត្ដបណ្ដាជនខ្មែរ តាមបែបផ្សេងៗគ្នាដូចតទៅ៖
- - អក្សរសាស្ដ្រផ្ដិតក្នុងលទ្ធិសាសនា
- - រឿងប្រលោមលោក
- - រឿងព្រេង
- - កំណាព្យកាព្យឃ្លោង និង
- - ចំរៀងផ្សេងៗ
- ឥលូវនេះយើងសូមលើកយកមួយវគ្គៗ មកពិនិត្យសង្កេត និង ធ្វើអត្ថាធិប្បាយឲ្យអស់សង្ស័យដូចតទៅ៖
ក - អក្សរសាស្ដ្រលទ្ធិសាសនា
ដូចម្ដេចបានជាយើងពោលថាអក្សរសាស្ដ្រស្ថិតនៅក្នុងលទ្ធិសាសនា? ចំពោះសំនួរនេះ យើងមិនបាច់ឆ្ងល់ទេ ព្រោះយើងឃើញស្រាប់ហើយ។ ព្រះធម៌ទាំងឡាយដែលជាកេរ្ដិ៍ដំណែលទុករហូតយើងរាល់គ្នានេះ តើមានអ្វីជាគោលចារឹក? គឺមានគម្ពីរផ្សេងៗ មានព្រះត្រ័យបិដកជាមូលដ្ឋាន។
ចំណែកក្នុងគម្ពីរនោះទៀត ក៏យើងឃើញសុទ្ធតែចារជាអក្សរយ៉ាងច្បាស់ក្រឡៅជាវគ្គជាឃ្លា តាមគោលសេចក្ដីរៀងដរាបទៅ។ ទោះបីជាអក្សរទាំងនោះជាភាសាបាលីគ៏ដោយ ក៏ខ្មែរយើង សរសេរច្បាស់ជាតួអក្សរខ្មែរ យ៉ាងជាក់ប្រាកដដែរ។ ដូចនេះបើយើងអានភាសាបាលីនោះបាន ក៏ឈ្មោះថា យើងជាអ្នកក្រេបរសជាតិអក្សរសាស្ដ្រដែរ។ យើងសង្កេតទៅទៀតថា មានគម្ពីរជាច្រើនទៀត ដែលមានបរិយាយជាភាសាខ្មែរសុទ្ធ ហើយគម្ពីរទាំងនោះមានលក្ខណជាក់លាក់ជាភាសាខ្មែរ ដែលតុបតែងឡើងជាច្រើនសតវត្សមកហើយផង។ គម្ពីរប្រភេទនេះ ប្រកបដោយពាក្យពេចន៍ល្អស្រស់សមជាស្នាដៃខ្មែររៀបរៀងមែនៗ គ្រាន់តែអធិប្បាយជារឿង ក៏ផ្អែកទៅតាមទ្រឹស្ដីនៃព្រះពុទ្ធសាសនា គឺច្រើនតែដកស្រង់ រឿងដែលមានស្រាប់នៅក្នុងគម្ពីរជាភាសាបាលី មកបកស្រាយជាភាសាខ្មែរ និង រៀបដំណើរទំនងពាក្យឲ្យសមជាពាក្យខ្មែរគ្រប់លក្ខណប៉ុណ្ណោះ។
គម្ពីរសំរាយដែលយើងនិយាយមកនេះហើយ ដែលខ្មែរយើងនិយមស្ដាប់ និយមអានជាងអ្វីទាំងអស់ ព្រោះសន្ដានចិត្ដគេពឹងផ្អែកទាំងស្រុងទៅលើលទ្ធិពុទ្ធសាសនារួចស្រេចទៅហើយ។ ហើយមួយទៀតដោយពិបាកអានគម្ពីរជាភាសាបាលីផង។ ទើមនាំគ្នានិយមរើសយកគម្ពីរភាសាខ្មែរនេះ មកហាត់ហ្វឹកហ្វឺនសិក្សារៀងៗខ្លួន។ ចំពោះរឿងនេះ នាំឲ្យយើងនឹកដល់សម័យដែលប្រទេសយើងត្រូវបរាជ័យនៅក្រោមឱវាទប្រទេសដទៃ។ កាលនោះខ្មែរភាគច្រើន អស់សង្ឃឹមថា នឹង បានរួចចាកពីការបង្វឹកបង្ហាត់របស់បច្ចាមិត្រវិញហើយ គ៏នាំគ្នាផ្ញើវាសនាសន្ដិភាពទៅលើលទ្ធិសាសនាតែសព្វៗខ្លួន។ រាស់ៗថ្ងៃគេតែងដង្ហោយរកសន្ដិភាព ដោយពឹងលើធម៌ព្រះពុទ្ធមានលោះខាន ទោះបីជាយល់ថា មិនដឹងដល់ថ្ងៃណា នឹង បានសំរេចក៏ដោយ។
សេចក្ដីផុតសង្ឃឹមនេះ យើងឃើញថាទោះជាមុខវិជ្ជាអ្វីផ្សេងៗ ក៏ត្រូវដុនដាបផុតតំលៃ ឬ សូន្យរូបផងក៏សឹងមាន។ ឯអក្សរសាស្ដ្រយើង ក៏ពួនខ្លួនស្ងាត់ឈឹងសូន្យកណ្ដាលបរាជ័យរបស់ជាតិនោះទៅដែរ តែកាំរស្មី ឬ អានុភាពរបស់អក្សរនោះ មិនទាន់ដាច់សូន្យផុតរូបទេ។ បើកាលណាគេពិនិត្យសង្កេតទៅ ឃើញមួយរំពេចថា អក្សរសាស្ដ្រកំពុងចាក់ស្រេះសរសៃជាប់ នៅក្នុងលទ្ធិពុទ្ធសាសនា ដែលបណ្ដាជនយើងកំពុងពឹងផ្អែក ឬ កំពុងប្រសិទ្ធិសុំសេចក្ដីសុខសាន្ដរាលពេល។ អានុភាពព្រះធម៌នេះឯង មិនចេះស្ងប់ស្ងាត់ទេ តែងតែបានផ្សាយទៅជានិច្ច បន្ដកូនចៅផៅសន្ដានរហូតទៅដល់អនាគតវែងឆ្ងាយ។
ឯអក្សរសាស្ដ្រយើងដែលកប់ក្នុងនោះ ក៏ចេះតែបានបន្តសកម្មភាពជាហូរហែទៅជាមួយគេដែរ។ ការដេញដោលខាងលើនេះហើយដែលជាភស្ដុងតាង បញ្ជាក់ចំពោះពាក្យថាអក្សរសាស្ដ្រផ្ដិតជាប់នៅក្នុងលទ្ធិពុទ្ធសាសនា។ បានសេចក្ដីថា សូម្បីតែអ្នកណា បានរៀនធម៌ ឬ សូត្រធម៌មួយម៉ាត់ ក៏ទុកដូចជាបានក្រេបរសជាតិអក្សរសាស្ដ្រមួយដំណក់ដែរ ហើយរស់ជាតិនេះមានសភាពត្រជាក់ត្រជុំណាល់ផង។
ព្រះសង្ឃជាធម្មថិកទាំងឡាយ បានទេសនាណែនាំពុទ្ធបរិស័ទឲ្យជក់ចិត្ដតាមឱវាទរបស់ព្រះពុទ្ធ គឺបានប្រឹងផ្សាយនូវស្នាដៃដែលជាគម្ពីរសេចក្ដីសំរាយនេះដែរ។ ចំណែកអ្នកស្រុកអ្នកភូមិ ក៏ត្រងត្រាប់ ស្ដាប់នូវសេចក្ដីទាំងនេះ គ្មានហ៊ានប្រហែសឡើយ។ ត្រង់នេះឯងក៏បង្ហាញយើងឲ្យឃើញថា អក្សរសាស្ត្រ ចេះតែមានមធ្យោបាយហូរចូលទៅកាន់សន្ដានចិត្ដរបស់ប្រជាពលរដ្ឋជានិច្ច។
ក្រៅពីនេះព្រះពុទ្ធសាសនា ជាទីប្រជុំអក្សរសាស្ដ្រយើងមួយផ្នែកយ៉ាងធំទៀត គឺត្រង់ការសិក្សារបស់កុមារខ្មែរពីសម័យមុន។ យើងឃើញហើយថា កាលពីពេលដែលយើងត្រូវស្ថិតនៅក្នុងបរាជ័យយ៉ាងស្ងប់ស្ងាត់ សាលារៀនទាំងឡាយមិនទាន់កើតមាននៅឡើយ។
ដូច្នេះការសិក្សាខាងអក្សរសាស្ដ្រសុទ្ធតែត្រូវផ្សាយចេញពីសំណាក់ព្រះសង្ឃ គឺនៅគ្រប់វត្ដគ្រប់អារាមទាំងអស់។ កូនអ្នកស្រុកអ្នកភូមិ តែកាលណាមានអាយុល្មមរៀនសូត្រហើយ ឳពុក ម្ដាយ បាននាំយកទៅផ្ញើឲ្យសិក្សានេះឯវត្ដ ដែលព្រះសង្ឃជាអ្នកបង្ហាត់បង្រៀនប្រកបដោយមេត្ដាធម៌យ៉ាងក្រៃលែង។
ហេតុការណ៍ដែលបង្ហាញមកខាងលើនេះ នាំឲ្យយើងយល់ច្បាស់លាស់ អំពីការជ្រកបំពួនអាត្មារបស់អក្សរសាស្ត្រជាតិរយើង នៅក្នុងលទ្ធិពុទ្ធសាសនាដែលជាពិធីផ្សាយមួយយ៉ាងទូទៅបំផុត។ ដូច្នេះហើយបានជាសម័យមុននោះគេតែងនិយាយថា អក្សរសាស្ត្រខ្មែរនៅជ្រកតាមវត្ដអារាម។