ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
អក្សរសាស្ត្រខ្មែរ
ដោយ លី ធាមតេង
សមាជិកក្រុមអភិបាល សមាគមអ្នកនិពន្ធខ្មែរ
សាស្ត្រាចារ្យជំនួយខាងវិជ្ជាខ្មែរនៅមធ្យមសិក្សា
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
ចំពូកទីមួយ
ដើមកំណើត ភាសា និង អក្សរខ្មែរ
ក. ដើមកំណើត ភាសាខ្មែរ
ថ្ងៃសៅរ៍ ទី25.មករា 2020.ម៉ោង 11:12
បើយើងសង្កេតតាមសេចក្ដីកត់ត្រាក្នុងប្រវត្ដិសាស្ដ្រខ្មែរ យើងឃើញថា នៅលើកោះមួយ ដែលបុរាណឲ្យនាមថា កោះគោកធ្លក(1) មានបណ្ដាជនរស់នៅជាអង្វែងណាស់មកហើយ គឺតាំងពីសម័យមុនប្រវត្ដិសាស្ដ្រទៅទៀត។ ឯមនុស្សទាំងនេះ រស់នៅដោយពួកៗផ្សេងៗពីគ្នា ពុំចេះចំណុះចុះចូលគ្នា ឬ មានការប្រាស្រ័យគ្នាទៅវិញទៅមកនៅឡើយទេ។ បើនរណារស់នៅក្រុមត្រង់ណា ក៏ទាក់ទងប្រាស្រ័យគ្នាតែក្នុងចំណោមជិតខ្លួនប៉ុណ្ណោះ ឥតរវល់ចង់។ជួបរាក់ទាក់ជាមួយចំណោមអ្នកដទៃឡើយ។ ឯភាសាដែលគេប្រើប្រាស់ក្នុងកិច្ចរស់នៅអចន្ដ្រៃនោះ គឺមានរូបឆោមជាក់ប្រាកដដោយឡែកៗពីគ្នាដែរ ពុំអាចស្ដាប់គ្នាបានដោយងាយ ក្នុងចំណោមមួយទៅចំណោមមួយឡើយ។
លុះចំណេរតមក នៅគ្រាដែលចាប់ផ្ដើមមានប្រវត្ដិសាស្ដ្រ អ្នកស្រុកដែលរស់នៅលើកោះគោកធ្លក ក៏បានប្រមូលផ្ដុំគ្នាជាប្រជាជាតិមួយ នៅក្រោមមេត្រួតត្រាតែមួយ។ មេអ្នកត្រួតត្រានោះជាស្ដ្រីភេទ ប្រកបដោយរូបឆោម និង ប្រាជ្ញាវាងវៃដែលអ្នកកត់ត្រា បានដាក់នាមប្លែកៗពីគ្នា។ ខ្លះថា «នាងសក់ក្រអូប» ឬ នាង «សុវណ្ណកេសី» ដូចមានរឿងព្រេងប្រចាំស្រុកនៅមង្គលបូរីនិទានថា នាងនេះបានចាញ់បោកនាយឈ្មួញសំពៅបរទេស ដែលបញ្ឆោតឲ្យនាងចុះទៅរាំសប្បាយក្នុងសំពៅ ហើយគេស្រាវយុថ្កាចេញសំពៅទៅកណ្ដាលសមុទ្រ កុំឲ្យនាងចុះវិញបាន។ល។ តាមរឿងនិទានផ្សេងទៀតថា នាងនេះមាននាមជានាង «នាគី» ដែលជាកូននាគមកលេងទឹកសមុទ្រ ហើយត្រូវបានជួបជាមួយព្រះថោង(2) ជារាជបុត្រ ព្រះបាទអាទិច្ចវង្ស គ្រងរាជនៅឥន្ទបត្ដបូរី(3) ដែលចេញមកក្រសាលតាមវាលខ្សាច់ឆ្នេរសមុទ្រ ហើយក៏បានរៀបអភិសេកជាមួយគ្នាទៅ។
តាមឯកសាររបស់អ្នកកត់ត្រា ជាតិចិន(4) បានកត់នាមថា ព្រះនាង «លីវ យី»(5) ដែលនៅពេលនោះមានពួកអន្ដោប្រវេសន៍ ជាតិព្រាហ្មណ៍មកពីប្រទេសឥណ្ឌៀ ប៉ែកខាងត្បូងចូលមករាតត្បាតក្នុងស្រុក ហើយមេនៃពួកនោះបានលើកព្រះនាងនេះធ្វើជាអគ្គមហេសី នៅគ្រប់គ្រងលើផែនដីគោកធ្លករហូតមក។ ព្រះចៅនេះឯងដែលសិលាចារឹកបានថ្វាយព្រះនាមថា «ព្រះបាទកៅណ្ឌិន្យ» ហើយដែលអ្នកកត់ត្រាចិន បានថ្វាយនាមថា «ហ៊ុន ទៀន»(6)។ ព្រះរាជានេះហើយ ជាបឋមក្សត ររបស់យើង ដែលបានរៀបចំកសាងអាណាចក្រនគរភ្នំ(7)ជាដំបូង។
ដូចនេះ បើយើងសង្កេតតាមហេតុការណ៍ដូចពណ៌នារួចមកហើយនេះ ឃើញថាបណ្ដាជនដែលរស់នៅលើកោះគោកធ្លកទាំងប៉ុន្មាន មានភាសានិយាយប្រចាំជាតិរួចអស់ទៅហើយ។ ភស្ដុតាង គឺការចេះប្រាស្រ័យគ្នីគ្នា រួបរួមគ្នាជាសង្គមជាតិមួយ នៅក្នុងកិច្ចត្រួតត្រារបស់ព្រះនាងនាគីសោមា ឬ លីវយី។
ភាសាទាំងនេះឯង នៅបែកជាមែក ជាធាង រហូតសព្វថ្ងៃនេះ គឺភាសាតូចតាចរបស់អ្នករស់នៅក្នុងព្រៃ នាអាណាខេត្ដកម្ពុជាយើងនេះ ដូចជាជាតិព្នង ជង រដែ សម្រែ គួយជាដើម។ មានអ្នកប្រាជ្ញស្រាវជ្រាវខាងភាសាជាច្រើនរូប បានកត់ត្រា និង ធ្វើការសិក្សាបញ្ជាក់ពីភាសាខ្មែរយើង ហើយដែលគេរាប់បញ្ចូលភាសាទាំងអស់ខាងលើ ថែមទាំងភាសាអ្នកជិតខាងខ្លះថានៅក្នុងចំណោមភាសាខ្មែរ។
យើងរមែងលឺអ្នកផងពោលដោយភ័ន្ដច្រឡំថា ភាសាខ្មែរយើង មានដើមកំណើតមកពីភាសាសំស្ក្រឹត និង ភាសាបាលី។ ព្រោះគេឃើញក្នុងភាសាយើងសព្វថ្ងៃ មានលាយច្របល់ដោយពាក្យបាលីជាច្រើន ដូចពាក្យថា ផល, កល, ហេតុ, ភេទ, គេហដ្ឋាន... និង សំស្ក្រឹតដូចជា មិត្រ, ប្រព្រឹត្ដ, គ្រិះ, ស្រី, ... ។
ប៉ុន្ដែយើងអាចដោះស្រាយវិញដោយងាយថា ពាក្យទាំងឡាយដែលក្លាយចេញមកពីបាលី និង សំស្ក្រឹតនេះ មិនមែនកើតឡើង តាំងពីមុនសម័យជនជាតិឥណ្ឌៀចូលស្រុក ពោលគឺមុនរាជ្យព្រះបាទកៅណ្ឌន្យនោះទេ។ ព្រោះពាក្យទាំងនេះសុទ្ធតែចូលមកជាមួយអារ្យធម៌ឥណ្ឌៀ ក្នុងរវាងគ្រិស្ដសតវត្យទី២ ក្រោយដែលព្រះបាទកៅណ្ឌន្យ កសាងអាណាចក្រនគរភ្នំរួចហើយ។ ម្យ៉ាងទៀតយើងសួរវិញថា បើភាសាខ្មែរមានដើមកំណើតមកពីភាសាសំស្ក្រឹត និង បាលី ដូចនេះ តើបណ្ដាជនខ្មែរដំបូងសម័យគោកធ្លក គឺមុនគ្រាឥណ្ឌៀនាំភាសាទាំងពីរមកនោះ ជនជាតិនេះចេះនិយាយឬទេ? បើចេះនិយាយ តើនិយាយភាសាអ្វី? ត្រង់នេះបង្ហាញយើងឲ្យច្បាស់ថា ភាសាខ្មែរមិនមែនមានដើមកំណើតមកពីភាសាបាលី និង សំស្ក្រឹតដែលជាមូលដ្ឋានលទ្ធិសាសនាផ្សេងៗ ដែហូរចូលមកស្រុកយើងសម័យក្រោយនេះទេ។ គឺពិតជាខ្មែរមានភាសាកំណើតរបស់ខ្លួនពីយូរអង្វែងមកហើយ ប៉ុន្ដែភាសានោះមិនសូវសម្បូណ៌លូតលាស់ប៉ុន្មាន។ ពាក្យពេចន៍នៅតិច មិនទាន់មានសំនួនវោហារគ្រប់លក្ខណៈ។
ដូចនេះ យើងត្រូវសំគាល់ថា ភាសាបាលី និង សំស្ក្រឹតគ្រាន់តែជាភាសាចំណូលថ្មី ដែលហូរតាមអារ្យធម៌ឥណ្ឌៀ មកបូកបញ្ចូល បន្ថែមក្នុងភាសាដើមរបស់យើងប៉ណ្ណោះ។
1. បានជាឈ្មោះគោកធ្លកព្រោះកោះនេះមានធ្លកមួយដើមដុះនៅកណ្ដាល។ 2. ព្រះថោង ក្លាយពីពាក្យសៀម «ថង» ប្រែថាស្ដេចមាស ព្រះនៅគ្រងរាជ្យលើជ្រោយសុវណ្ណភូមិ ដែលគេហៅថា ដែនដីមាស។ 3. តាមឯកសារប្រវត្ដិសាស្ដ្រខ្លះ ថានាមនេះជានាមប្រទេសខ្មែរបុរាណ។ 4. លោក Pelliot បានប្រែជាភាសាបារាំងពីឯកសារលោក ជីវ តាក្វាន់ ឲ្យឈ្មោះសៀវភៅនោះថា Le Founan។ 5. ពាក្យនេះក្លាយពីភាសាចិន លីវ យ៉េ (Lieuo-Ye) ប្រែថា ស្លឹកសូល។ 6. Houen Tien (P.Pelliot, Le Founan)។ 7. ពាក្យ ភ្នំ នេះដែលបានសរសេរក្លាយទៅជា ហ្វូណាម (Fou-Nam) ហើយដែលបារាំងសរសេរក្លាយទៅទៀតជា Fou-nan។