១៤ -ពន្លឺសេរីភាព
ថ្ងៃសៅរ៍ ទី22.កុម្ភៈ 2014.ម៉ោង 8:30

   ប្រិយមិត្ដទាំងឡាយ តាមការកត់សំគាល់របស់អស់លោកចំពោះវគ្គខាងក្រោយ នៃរឿងនេះអស់លោកយល់ថារូបខ្ញុំនេះគឺ ជា​មនុស្ស​ម្នាក់ ដូច​ជា​មនុស្ស​មាន​សេរី​ភាព​ធម្មតា ឬ​ឧប​មា​ដូច​ជា​បុគ្គ​លិករាជការដែលគេបញ្ជូនអោយទៅធ្វើការនៅកោះត្រឡាចដូច្នោះដែរ។ ចំពោះ​ឋានៈ​ជា​កាប៉ូ​រ៉ាល់​អ្នក​ទោស​ហើយ​ដែល​បាន​សេច​ក្ដី​សុខ មានគេទទួលស្គាល់ដ៏ច្រើននេះកម្រគេធ្វើដូចណាស់នៅកោះ​ត្រ​ឡាច​។ ចំពោះ​ជីវ​ភាព​ដ៏​សុខ​ស្រួល​នេះ​នាំ​អោយ​អស់​លោក​អ្នក​យល់​ថា ខ្លួន​ខ្ញុំ​បាន​សប្បាយ​ចិត្ដ លែងគិតអ្វីទាំងអស់ហើយ គឺគិតតែខំធ្វើការអោយបានល្អ អោយ​បារាំង​នៅ​កោះ​ត្រ​ឡាច​ស្រ​លាញ់​តែ​ប៉ុណ្ណោះ​ហើយ​។

   នៅក្នុងចិត្ដខ្ញុំតែងទន្ទឹងថា ចាំមើលតែលទ្ធផលនៃសង្គ្រាមលោកលើកទី២ ដែលកំពុងឆេះសន្ធោសន្ធៅ​ស្ទើរ​ពេញ​អាស៊ី​នេះ​។ ខ្ញុំ​យល់​ថា បើ​ជប៉ុន​ឈ្មោះ​បារាំង​នោះ ប្រ​ហែល​ជា​ខ្ញុំ​មាន​វាសនា​ខ្លះ​បាន​ត្រលប់​ទៅ​ស្រុក​វិញ មុនកាលកំណត់នៃសាលក្រមព្រៃនគរ ដែល​សំរេច​ថា «គុក​៥​ឆ្នាំ ​ធ្វើ​ការ​ដោយ​បង្ខំ និង​និរ​ទេស​១៥​ឆ្នាំ​មិន​អោយ​ចូល​ស្រុក​ខ្មែរ​» នោះមិនខាន។ ផ្ទុយទៅវិញបើជប៉ុន​ចាញ់​បារាំង បារាំង​នៅ​តែ​ជា​អណា​ព្យា​បាល​លើ​សមាគម​រដ្ឋ​ឥណ្ឌូ​ចិន​នោះ ខ្ញុំអស់បានត្រលប់ទៅស្រុកវិញមុនកាលកំណាត់របស់សាលក្រមនៃព្រៃនគរហើយ។ ខ្ញុំ​នឹង​នៅ​តែ​ជា​អ្នក​ទោស​ជាង​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត ហើយ​នឹង​ត្រូវ​នៅ​ក្រៅ​ស្រុក​ជាង​១២​ឆ្នាំ​ត​ទៅ​មុខទៀតឯណោះ ដែលជាថិរវេលាមួយវែង​ឆ្ងាយ​ណាស់(1)​​​។ បើ​សំលឹង​តាម​វេលា​នេះ​ឃើញ​ថា ខ្ញុំ​ដូច​ជា​គ្មាន​សង្ឃឹម​ថា បាន​ត្រលប់​ទៅ​ស្រុក​វិញ បន្ដសកម្មភាពនយោបាយស្រុកទេសជាមួយនឹងវរជនខ្មែរ​ឯទៀត​បាន​ឡើយ​។

   ប៉ុន្ដែធម្មជាតិយើងជាអ្នកនយោបាយ យើងមិនត្រូវអស់សង្ឃឹមទេ! ខ្ញុំចេះតែមានសង្ឃឹមថា ថ្ងៃណាមួយ ឆ្នាំណាមួយគង់តែ​ខ្ញុំ​បាន​រួច​ខ្លួន បាន​ទៅ​ប្រាកដ​ខ្លួន​លើ​ទឹក​ដី​ខ្មែរ​វិញ​ពុំខាន​ទេ ហើយ​ខ្ញុំ​នឹង​បាន​បន្ដសកម្មភាពខ្ញុំរួមជាមួយនឹងវរជនឯទៀតៗក្នុង ការទាមទារ​សិទ្ធិ​សេរី​ភាព​ខ្មែរ​មក​អំ​ពីជន​បរ​ទេស​នោះ លុះ​ត្រា​តែ​បាន​សំរេច​ពុំ​ខាន​សោះ​ឡើយ​។

   ខ្ញុំបានរស់នៅនឹងតំបន់ដិកយុក នៃកោះត្រឡាចនោះដោយចេះតែទន្ទឹងចាំស្ដាប់ការវិវត្ដន៍នៃសង្គ្រាមខ្លះដែរ។ ស្រាប់​តែ​មក​ដល់​ចុង​ឆ្នាំ​១៩៤៤ ការ​ប្រែ​ប្រួល​ប្ដូរ​ផ្លាស់​ក៏​កើត​មាន​ឡើង​មែន​។ ជប៉ុន​បានឈ្នះបារាំងនៅឥណ្ឌូចិន។ ហើយទីកោះត្រឡាច ទាំងមូលជនជាតិ​បារាំង​ត្រូវ​កង​ទ័ព​ជប៉ុន​ឡើង​មក​ដក​អាវុធ​ចេញ​អស់​។ បារាំង​ត្រូវ​អស់​អំណាច​ត្រឹម​ណេះ​។ ប៉ុន្ដែមិនជាយូរប៉ុន្មាន ដល់ខែកុម្ភៈ១៩៤៥ កង​ទ័ព​សម្ពទ្ធ​មិត្ដ (អាមេ​រិកាំង) បាន​ជួយ​បារាំង​ឡើង​វិញ​។ នៅ​ថ្ងៃ​ទី​៨​កុម្ភៈ១៩៤៥ ទី​កោះ​ត្រឡាច​បានត្រូវរងគ្រាប់បែកពីសំណាក់ទ័ពសម្ព័នមិត្ដយ៉ាង​កោ​លា​ហល​(2)​​។ ក្រោយ​ការ​ទំលាក់​គ្រាប់​បែក​នេះ ចំនួន​ប្រមាន​ជា​មួយ​អាទិត្យ​ស្រាប់តែមានទាហាជប៉ុនមួយក្រុមបាននាំទូរលេខ​មួយ​ច្បាប់​មក​ពី​ភ្នំ​ពេញ ឲ្យ​នាំ​អ្នក​ទោស​នយោ​បាយ​បួន​រូប​គឺ លោក​អាចារ្យ​ហែម ចៀវ លោក​នួន ឌួង លោក​ប៉ាច ឈឹន និង​ខ្លួន​ខ្ញុំប៊ុណ្ណ​ចន្ទ ម៉ុល ត្រលប់​ទៅ​ភ្នំ​ពេញ​វិញ​។ ដោយ​លោក​អា​ចារ្យ​ហែម ចៀវ​បាន​ទទួល​មរណ​ភាព​បាត់​ទៅ​ហើយ​នោះ ទើប​គេ​ប្រ​មូល​បាន​តែ​បី​នាក​គឺ លោក​នួន​ឌួង​លោក​ប៉ាច ឈឺន​ និង​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​។

   នៅពេលព្រលប់ម៉ោងប្រហែលជាង១៨ គេនាំពួកយើងខ្ញុំចុះទៅក្នុងនាវាមួយ។ នាវានោះវាជានា​វា​ពិឃាត​ប្រ​ដេញ​យ៉ាង​​លឿន​​របស់​​ជប៉ុន​​នៅ​​សម័យ​​សង្រ្គាម​​លោក​​លើក​​ទី​២​​។ អ្នក​ចុះ​កប៉ាល់​នេះ​ក្រោយ​ខ្ញុំ​ទៀត គឺ​កង​ទាហាន​ខ្មែរកម្ពុជាក្រោមយើង ចំនួន​១០០​នាក់ ព្រម​ទាំង​ប្រពន្ធ​កូន​​រញ៉េច​រញ៉ាច​ផង ដែល​ត្រូវ​ជប៉ុន​ជួយ​នាំ​ជញ្ជូន​ត្រលប់​ទៅ​ក្រុង​ព្រៃ​នគរ​វិញ​។ ទាហាន​ទាំងនោះគឺបារាំងយកមកប្រើការនៅលើ​កោះ​ត្រឡាច​នេះ​។ លុះ​ដាក់​មនុស្ស​គ្រប់​ហើយ ១០នាទីក្រោយមកនាវានេះក៏ស្រាវយុថ្កាថយចេញពីកោះត្រឡាចមួយរំពេច។

   កោះត្រឡាច! កោះទារុណកម្ម! កោះឧក្រិដ្ឋ! កោះមរណៈតែជាកោះផ្ដល់អោយខ្ញុំនូវអនុស្សាវរីយ៍ក្សេមក្សាន្ដ​ជាចុង​ក្រោយ​​! ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ហើយ​! ខ្ញុំ​លើ​ដៃ​ឡើង​គ្រវី​លា​កោះ​នោះ... ទាំង​ស្រណោះ...ហើយ​ស្រណោះ​សោក​ស្ដាយ​ចំពោះ​រូប​លោក​អាចារ្យ​ហែម ចៀវ ដែល​លោក​ចែក​ឋាន​ទៅ​ហើយ ផ្នូរ​លោក​លេខ​១១៣​ នៅ​លើ​កោះ​នេះ...ស្ដាយ​ណាស់​យើង​ពុំ​បាន​ទៅ លា​លោក! ស្ដាយ​ណាស់! លោក​ពុំ​បាន​មក​ជា​មួយ​យើង​​!​។

   កោះត្រឡាច សូមអ្នកជួយថែរក្សាឆ្អឹងវីរជននេះអោយយើងផង ថ្ងៃណាយើងសំរេចជោគជ័យយើងនិងត្រលប់​មក​សុំ​ឆ្អឹង​នេះ​អំពី​អ្នក​ហើយ​យើង​នឹង​អរ​គុណ​អ្នក​!​។

   នេះជាមនោវាចាខ្ញុំ ដែលរសាត់តាមខ្យល់ឆ្ពោះទៅកាន់កោះត្រឡាច ដែលលិចបន្ដិចម្ដងៗទៅក្នុងផ្ទៃអន្ធការ។ ខ្ញុំមើល​កោះ​ត្រឡាច​លែង​យល់​ព្រោះ​ឆ្ងាយ​ព្រោះ​យប់​។ ពេលនោះគេនាំយើងខ្ញុំចូលទៅក្នុងបន្ទប់មួយ ដែលមានទាហានជប៉ុនពីរបីនាក់ នៅនោះផង​។ គេ​រាប់​រក​យើង​ខ្ញុំ​ដោយ​រាក់​ទាក់​ណាស់​។ ក្រោយ​មក​ទើបគេមានរៀបអាហារអោយយើងខ្ញុំព្រមទាំងលោក សក្ដិ៥ ជាមេបញ្ជាការ​នៃ​នា​វា​នេះ អាស្រ័យ​រួម​នឹង​ទាហា​ជាន់​ខ្ពស់​ឯ​ទៀត​។

   ក្រោយពេលបាយខ្ញុំបានចេញឡើងមកលើនាវា មើលទេសភាពសមុទ្រ ប៉ុន្ដែមើលគ្មានឃើញអ្វីទេ ងងឹតសូន្យសុង​តែ​ម្ដង ហើយ​ហាម​មិន​អោយ​អុជ​ភ្លើង​បំភ្លឺ​សោះ​ឡើយ ខ្លាច​កប៉ាល់​ហោះពួកសំព័ន្ធមិត្ដឃើញ។ នៅគ្រានោះ រលកសមុទ្រធំៗអស្ចារ្យ លើកគ្រលែង​យោល​យោក​នាវា​ទៅ​ឆ្វេង ទៅ​ស្ដាំ​ឡើង​លើ​ចុះ​ក្រោម​មួយៗ រង្វើលៗ ដូចគេគ្រលែងប្រមាត់ថ្លើមអ្នកជិះ អោយវក់វី! គួរអោយអាសូរ​ពួក​ប្រពន្ធ​និង​កូន​តូច​ៗ​របស់​ទា​ហាន​កម្ពុ​ជា​ក្រោម​ណាស់ ដែល​គេ​អោយ​អង្គុយនៅកន្សៃនាវា។ ពួកនេះត្រូវពុលរលកក្អួតចង្អោរច្របល់ ខ្យល់​ចាប់​វក់​វី គ្មាន​ដំបូល​ការ​ពារ​ត្រូវ​ទឹក​រលក​ដែល​ប៉ះ​កប៉ាល់​នោះ​សាចបាចចូលមកទៀត.. ក្មែងតូចៗក៏យំរង៉េករង៉ាកឡើងគួរអោយវេទនា​ក្រៃ​លែង​។ ម្ដាយ​ចេះ​តែ​ខំ​ទ្រាំ​ក្រាប​ក្រុង​កូន​ទៅ​ទ្រាំ​ទំរំ​តែ​ដល់​ស្រុក​វិញ​។ ខ្ញុំឃើញដូច្នេះនឹកអាណិតខ្លោចចិត្ដប៉ុន្ដែមិនដឹងជានឹងរំលែកជួយដូចម្ដេច។

   ខ្ញុំបានចុះចូលទៅក្នុងនាវាវិញព្រោះទ្រាំឈរតទៅទៀតពុំបានដែរ។ ខ្ញុំបានចូលទៅក្នុងបន្ទប់ដែលគេរៀបចំទុកអោយស្រេច​។ ខ្ញុំ​ឃើញ​លោក​នួន​ ឌួង និង​លោក​ប៉ាច ឈឺន កំពុង​ពុល​រលក​ក្រាបជ្រហិតជ្រហម ឃើញក្រុមនាវាអោយថ្នាំលេបការពារកុំអោយ​ខ្លាំង​ពេក​។ ឯ​ខ្ញុំ​ទៅ​ដល់​កន្លែង​ ហើយ​មួយ​ម៉ោង​ក្រោយ​មក​ក៏​តាំង​រង៉ាប់​រង៉ើវិលមុខបែកញើសពេញខ្លួនចង់ក្អួតបន្ដិច ចង់បត់ជើងបន្ដិចលំបាកក្នុងខ្លួនជា​ខ្លាំង ខំ​បិទ​ភ្នែក​ទៅ​ តែ​នៅ​តែ​វិល​ដដែល រួច​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​តាំងក្អួតចង្អោរវ៉ក់ៗ មកដែរ ។ អស់កំអួតហើយ ទើបសំងំដេកទៅទាំងយោលខ្លួន។

   ប្រហែលជាម៉ោង៥ភ្លឺ ខ្ញុំភ្ញាក់ពីពុលរលក ខ្ញុំខំក្រោកដើរចេញពីបន្ទប់ឡើងទៅលើនាវា។ ពេលភ្លឺនោះខ្ញុំទើបមើលទៅ​កន្សៃ នាវា​ដែល​មាន​ប្រពន្ធ​ទាហាន​នៅ​នោះ ឃើញ​សុទ្ធ​តែ​កំ​អួត និង​លា​មក​ក្មេងពាសពេញទាំងអស់ ដែលកាលពីយប់នោះគ្នាពុលរលក​ច្រងាប់​ច្រង៉ិល​នោះ​ឯង ពួក​នេះ​គ្នា​លំបាក​វេទ​នា​ជាង​ខ្ញុំ​ណាស់​ទៅ​ទៀត​។

   ក្រោយនោះកប៉ាល់ក៏បានទៅដល់កាប់សាំងហ្សក់(3) នៅកំពង់នោះ ខ្ញុំឃើញអ្វីនោះដូចជាសរសរធំៗ មូលៗ គេយក​ទៅ​បោះ​ត្រៀប​ត្រា​ក្នុង​ទឹក​... លុះ​ចូល​ទៅ​ជិត​ទើប​ដឹង​ថា អោ​ជា​បំពង់​ភ្លើងកប៉ាល់ដែលលិចទៅទេតើ! កប៉ាល់ទាំងនោះត្រូវលិចដោយសារការ​ទំលាក់​គ្រប់​បែក​របស់​ពួក​សំព័ន្ធ​មិត្ត​។ កប៉ាល់​លិច​នោះ មាន​ចំនួន​២០​គ្រឿង​។

   យើងហួសពីនេះទៅទៀត ក៏ទៅដល់ព្រែកមួយដែលជាច្រកចូលទៅកាន់ក្រុងព្រៃនគរ។ កប៉ាល់នេះបានចតស្រួលហើយ​ប្រ​ហែល​ជិត​កន្លះ​ម៉ោង ទើប​ឃើញ​ទា​ហាន​ជប៉ុន​ម្នាក់​ចុះ​មក​អញ្ជើញពួកយើងទាំងបីនាក់។ គេនាំយើងចុះពីលើនាវាហើយនាំ យើងទៅ​ជិះ​រថ​យន្ដ​តូច​មួយ​ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​នៅ​ក្រុង​ព្រៃ​នគរ​។ ទី​នោះ​ជាកន្លែងរាជការជប៉ុនរៀបចំអោយពួកមេនយោបាយធំៗរបស់យួនមាន​ពួក​កៅ​ដាយ វ់ា​ហាវ ប៊ិន​ស្វៀង​ជា​ដើម​នៅ​ទី​នោះ​។

   នៅក្នុងឱកាសនោះហើយ ដែលនាំអោយខ្ញុំបានស្គាល់ក្រុមកៅដាយវ៉ាហាវ ប៊ីនស្វៀង។ ចំណែកពួកយើង គេយក​ទៅ​ផ្ញើ​អោយ​នៅ នឹង​ក្រុម​កៅ​ដាយ​ដែល​ជា​ក្រុម​ធំ​ជាង​គេ​នៅ​ទី​នោះ​។ ក្រុមកៅដាយបានរៀបចំទទួលក្រុមខ្ញុំដោយរាក់ទាក់។ តែពួកកៅដាយទទួល​ទាន​ម្ហូប​បួស​(ម្ហូប​គ្មាន​សាច់​ខ្លាញ់ ) ទាំង​អស់​គ្នា (4)!។

   ខ្ញុំលោកនួន ឌួង លាកប៉ាច ឈឺន នៅទីនោះបាន១៤ថ្ងៃ ទើបបានជប៉ុនគេមកអញ្ជើញឡើងរថយន្ដមួយដែលជារថយន្ដ​ដឹក​កង​ទ័ព​។ ពេល​ម៉ោង​៩​ព្រឹក​យើង​ទាំង​បី​នាក់​ក៏​បាន​ធ្វើ​ដំណើរ​តាម​ឡានទាហានចាកចេញពីទីក្រុងព្រៃនគរឆ្ពោះមកប្រទេសកម្ពុជា!

   នៅលើឡានខ្ញុំដឹងថាទឹកមុខខ្ញុំឡើងថ្លាពព្រាយ-- ថ្លាព្រោះនឹងបានមកប្រាកដស្រមោលលើមាតុប្រទេសជាទីស្នេហា ដែល​ខ្ញុំ​ប្រាត់​ប្រាស់​ទៅ​ជិត​៤​ឆ្នាំ ហើយ​ដែល​ញាតិ​មិត្ដ​គ្រប់​គ្នា​នឹក​ស្មាន​ថា ខ្ញុំមិនអាចនឹងរស់មកវិញទេ! ថ្លាព្រោះខ្ញុំសង្ឃឹមជាថ្មីថា ខ្ញុំអាចបន្ដសកម្មភាព​នយោ​បាយ​របស់​ខ្ញុំ​បាន​ត​ទៅ​ទៀត​ហើយ​!

   មកដល់កំពង់ចំលងអ្នកលឿង ក៏បានជួបនឹងលោកអាចារ្យប៉ាង ខាត់ ជុំ មួង ព្រមទាំងមិត្ដភក្ដិទៀត។ យើងទាំងអស់​គ្នា​អោប​រិត​គ្នា​ដោយ​សេច​ក្ដី​ត្រេក​អរ​ជា​ភិយោ​ភាព​! តើ​មាន​ពាក្យ​អ្វី​ថ្លែង​អោយ​ចំ​បាន អំពីមនោសញ្ចេតនាសប្បាយរីករាយដោយសារបានជួបគ្នា​នេះ​? គ្មាន​ឡើយ​! យើង​សប្បាយ​ណាស់​រក​ពាក្យ​ថ្លែង​ពុំ​បាន​!

   ក្រោយពេលដែលបានសាកសងសំណេះសំណាលគ្នាចប់សព្វគ្រប់ហើយនោះ មិត្ដយើងគេអោយយើងបន្ដដំណើរមក​ភ្នំ​ពេញ​ចុះ គេ​ទាំង​នោះ​បន្ដ​ដំណើរ​ទៅ​កាន់​ខេត្ដ​ព្រៃ​វែង និង​ស្វាយ​រៀងទៅទៀតជួយឃោសនាជាមួយទ័ពជប៉ុន ដើម្បីដឹកនាំប្រ​ជា​ពល​រដ្ឋ​នៅ​តំបន់​នោះ​។

   យើងខ្ញុំទាំងបីនាក់ ក៏ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងភ្នំពេញមកទៀត ដែលបានមកដល់នៅវេលាម៉ោង១២ ថ្ងៃត្រង់ ដោយសុវត្ដិភាព។
   បិតាខ្ញុំ បងប្អូនខ្ញុំ (5) បានចោមរោមព្រោងព្រាត ញញឹមលាយនិងទឹកភ្នែក ដោយសប្បាយពេកចំពោះវត្ដមានរបស់ខ្ញុំដែល​គេ​ពិបាក​នឹង​សង្ឃឹម​។
   អស់លោកជាមិត្រមេត្រីទាំងឡាយ ជីវភាពខ្ញុំនៅគុកភ្នំពេញ នៅគុកព្រៃនគរ នៅកោះត្រឡាចបានចប់ហើយ។ ខ្ញុំ​មាន​សេរី​ភាព​វិញ​ហើយ​! ប៉ុន្ដែ​គ្រាន់​តែ​ជា​ពន្លឺ​តូច​មួយ​ប៉ុណ្ណោះ​ទេ ពុំមែនជាសេរីភាពមែនទែនទេ! ពីព្រោះប្រទេសយើងពេលនោះ ពុំ​ទាន់​បាន​ឯក​រាជ្យ​នៅ​ឡើយ​។ សេរី​ភាព​នៃ​ប្រ​ជា​ជន ដែល​រស់​នៅ​ក្នុង​ប្រទេសដែលកញ្ជះគេ មានគេត្រួតត្រានោះ ពុំមែនជាសេរីភាពពិតប្រាកដទេ​។ យើង​ត្រូវ​តែ​ត្រេ​ច​រក​សេរី​ភាព ប្រ​ជា​ធិប​តេយ្យ​នេះ​អោយ​បាន​ពិត​ប្រាកដ​ជាក់​ស្ដែង​។

   នៅក្នុងឆ្នាំ១៩៤៦ ខ្ញុំក៏បានធ្វើជាក្រុមខ្មែរឥស្សរៈនៅតំបន់ខេត្ដបាត់ដំបងរហូតមក។ លុះឆ្នាំ ១៩៥១ ខ្ញុំក៏បានស្ម័គ្រធ្វើតំណាង​រាស្រ្ដ​នៅ​រដ្ន​សភា ប៉ុន្ដែ​អកុស​លណាស់ រដ្ឋ​សភា​នោះ​ត្រូវ​សេ្ដច​សីហនុ រំលាយ​ទៅ​នៅថ្ងៃ១៣-០១-៥៣ ហើយខ្លួនខ្ញុំក៏ត្រូវគេចាប់ដាក់គុកអស់​ពេល​៨​ខែ ២០​ថ្ងៃថែម​ទៀត​ជា​មួយ​ពួក​មិត្ដ​។

   គិតទៅឈ្មោះខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល នឹងគុកនយោបាយនោះ ដូចជាមិនចេះចប់សោះ។ ប៉ុន្ដែខ្ញុំសូមបញ្ជាប់រឿងគុកនយោបាយ​នេះ​ត្រឹម​រឿង​ខ្ញុំ​បាន​ចូល​មក​ស្រុក​ខ្មែរ​ទៅ​ចុះ ដើម្បី​កុំ​អោយ​អស់លោកអ្នកជាមិត្ដធុញទ្រាន់ព្រោះវែងពេក។ ហើយបើមិត្ដចូលចិត្ដរឿងខ្ញុំចាប់ពីខ្ញុំ​ធ្វើ​ឥស្ស​រៈ​បដិ​វត្ដន៍ ​ដេញ​បាញ់​បារាំង​យ៉ាង​ណា​ៗ​ទៅ​ទៀត​នោះ ចាំ​ខ្ញុំ​ឆ្លៀតពេលសរសេរជូននូវសៀវភៅមួយទៀត។

   ទីបញ្ចប់នេះ ខ្ញុំសូមអរគុណអស់លោកប្រិយមិត្ដទាំងឡាយ ដែលបានអានរឿងគុកនយោបាយនេះ។ ហើយខ្ញុំសូម​ឧទ្ទិស​ជា​អវ​សាន​ថា សូម​អោយ​ចិត្ដ​គំនិត​កូន​ខ្មែរ​មាន​ការ​ចំរើន​លូត​លាស់​ភ្ញាក់​រលឹក ស្រលាញ់​ទឹក​ដី​ខ្មែរ ពូជ​ពង្ស​ខ្មែរ ប្រពៃ​ណី​ខ្មែរ​ហើយ​រីក​ចំរើន​ត​អនា​គត​ជា​និច្ច​!​។

*** ចប់បរិបូណ៌ ***

   (1)នេះបើគិតពីជាប់ទោសពីឆ្នាំ១៩៤២ដល់១៩៤៥​។
   (2)ឯក្រុងភ្នំពេញនោះក៏ត្រូវរងគ្រប់បែកនៅថ្ងៃជាមួយគ្នានេះដែរ។
   (3)Cap Saint Jaqueជាកំពែងធំមួយរបស់យួនព្រៃនគរ។
   (4) (ក្រុមកៅដាយ, វ៉ាយហាវ. ប៊ិនស្វៀង ជាក្រុមសាសនា​នាំ​បំបះ​បំ​បោរ​រំដោះ​ពី​នឹម​បារាំង​។ ពួក​នេះ​គេ​រៃ​ប្រាក់​ពី​ពួក​គ្នា​គេ​ដើរ​ទិញ​អាវុធ​ត​ស៊ូ​នឹង​បារាំង​។ ខ្ញុំ​បាន​ឃើញ​ក្រុម​នេះ​យួរ​ប្រាក់​ទាំង​ថង់​ៗ​ទៅ​ប្រ​គល់​ជូន​មេ​ក្រុម​គេ​រាល់​វេលា​។ គេ​មាន​គណៈ​កម្ម​ការ​គេ​អង្គុយ​រាប់​ប្រាក់​ច្រើន​គ្នា ពួក​ក្រុម​គេ​ប្រ​មូល​បាន​ប្រាក់​ច្រើន​លាន​រៀល បាន​ច្រើន​ជាង​គេ គឺ​ពួក​កៅ​ដាយ​នេះ​តែ​ម្ដង​។
   (5) សូមជំរាបថា ម្ដាយខ្ញុំទទួលអនិច្ចកម្មតាំងពីថ្ងៃ ១៤ កក្កដា ១៩៤០ ម៉្លេះ។