១៣ -ទស្សនាចរនៅកោះត្រឡាច
ថ្ងៃអាទិត្យ ទី16.កុម្ភៈ 2014.ម៉ោង 9:29

   ខ្ញុំបានចូលទៅសួររកកាប៉ូរ៉ាល់ម្នាក់ឈ្មោះខាន់ ដែលធ្វើការនៅទីនោះ ។ មើលខ្ញុំពីចំងាយមិនស្គាល់ទេលុះខ្ញុំដើរចូល​ទៅ​ប្រ​ហែល ១៥០​ម៉ែត្រ​នឹង​ដល់ ទើប​កាប៉ូ​រាល់​ខាន់​ស្គាល់​ស្រែក​ដោយ​រីក​រាយ​ថា លោកប្អូនម៉ុលមកដល់កន្លែយើងហើយវ៉ើយ! នៅពេលនោះក្រុម​មនុស្ស​ទោស​ខ្មែរ​យួន​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ​ក៏​នាំ​គ្នា​ចេញ​ពី​ផ្ទះរៀងខ្លួនមកទទួលខ្ញុំដោយរាក់ទាក់ជាទីបំផុត។ ត្បិតពួកនោះមិនដែល​ស្គាល់​មុខ​ខ្ញុំ​ទេ លឺ​តែ​ឈ្មោះ​ល្បី​ខាង​ប្រ​ដាល់ ទើប​គេ​ចោម​រោម​មើល​ខ្ញុំ​ខ្លាំង​ណាស់​។ គេសួរសុខទុក្ខហើយគេសួរថា ដើរមកនេះប៉ុន្មានម៉ោងហើយ​ពី​ព្រោះ​ផ្លូវ​មក​នេះ​មនុស្ស​ទោស​ធម្ម​តា​ដើរ​រហេត​រហូត​មិន​បាន​ទេ មានតែក្រុមសំងាត់ទើបអាចដើរកាត់បាន។ ខ្ញុំក៏ឆ្លើយប្រាប់​គេ​តាម​ហូរ​ហែ​វិញ​ថា​មិន​អី​ទេ ខ្ញុំ​អាច​ដើរ​កាត់​បាន​! ដោយ​រាប់​អាន ល្ងាច​នេះ​ខ្ញុំ​សំរាក​នៅ​ផ្ទះ​កាប៉ូ​រ៉ាល់​ខាន់​។ ល្ងាចនោះគេបានចាត់ចែងម្ហូមអាហារច្រើនមុខជប់​លៀង​ដោយ​សាច់​មាន់​ទា ត្រី​សមុទ្រ​យ៉ាង​បរិ​បូរណ៌​។ ក្រោយ​ពេល​បាយ​ល្ងាច​គេជប់លៀងតែកាហ្វេទៀត ហើយនាំគ្នាសាកសួរពីរឿង​ដែល​បាន​ជ័យ​ជំនះ​លើ យ៉​បា​តុង​។ ត្បិត​កាល​ប្រកួត​គ្នា​នោះ​មាន​តែ​កាប៉ូ​រ៉ាល់​ខាន់ម្នាក់​ទេ ដែលបានទៅមើល លុះត្រលប់មកវិញកាប៉ូរ៉ាល់នេះ បាន​ដំណាល​រឿង​ប្រដាល់​ និង​ជ័យ​ជំនះ​របស់​ខ្ញុំ​ប្រាប់​មនុស្ស​ទោស​ក្រោម​បង្គាប់​គាត់​រួច​ទៅ​ហើយ។ លុះគេបានឃើញរូបខ្មុំទៅដល់ គេសុំអោយខ្ញុំ​អធិប្បាយ​បញ្ជាក់​ផ្ទាល់​ខ្លួន​អោយ​គេ​ស្ដាប់​ម្ខង​ទៀត​។ ខ្ញុំ​ក៏​អធិប្បាយ​ហូរ​ហែ​តាម​ដំណើរ​ការណ៍​ អោយ​ក្រុម​មិត្ដ​មនុស្ស​ទោស​ទាំង​នោះ​ស្ដាប់ រហូត​ដល់​ម៉ោង​២៣​។ យប់​នោះ​ខ្ញុំ​ទទួល​ទាន​ដំណេក​នៅ​នឹង​ផ្ទះ​កាប៉ូ​រ៉ាល់​ខាន់​។

   លុះព្រឹកឡើង កាប៉ូរាល់ខាន់បានរៀបចំអោយខ្ញុំទទួលទានបបរមាន់ទៀត មុននឹងអោយខ្ញុំបន្ដដំណើរចេញ​ពី​កន្លែង​គាត់​។ ចេញ​ពី​កន្លែង​នេះ​ហើយ ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ទៀត​ ឈ្មោះចំការថ្មមូល ហៅក្រៅថាថ្មមូល ដែលមានចំងាយ១៨គីឡូម៉ែត្រ។ ទេស​ភាព​នៃ​ចំការ​នេះ​ប្រហាក់​ប្រ​ហែល​នឹង​កន្លែង​ខ្ញុំ​នៅ​ដែរ ឃើញ​ខុស​គ្នា​តែ​គ្មានភ្នំខ្សាច់នៅខាងមុខដូចកន្លែងខ្ញុំ។ ពីខាងមុខ មើល​ទៅ​ឃើញ​ទឹក​សមុទ្រ​ខៀវ​ស្រ​ងាត់ គួរ​អោយ​ពិច​ពិល​គយ​គន់ និង​ឃើញ​ភ្នំ​តូច​ៗ​ដុះ​លេចចេញពី ទឹកកណ្ដាលសមុទ្រនៅឆ្ងាយពីច្រាំងកោះត្រឡាច។ ទេស​ភាព​កន្លែង​នោះ​ល្អ​ណាស់​ដែរ កន្លែង​នោះ​មាន​អ្នក​ត្រួត​ម្នាក់ មាន​មនុស្ស​ទោស​ប្រ​ហែល​២០​នាក់​។ ខ្ញុំបានទៅសួររកកាប៉ូរ៉ាល់នៅ​ទី​នោះ​ឈ្មោះ​បា​វៀង​។ នៅ​វេលា​ដែល​បាន​ឃើញ​ខ្ញុំ​ភ្លាម បារៀ ង​ក៏​ស្រែក​ហៅ​ចំ​ឈ្មោះ​ខ្ញុំ​ដោយ​ក្ដី​រាក់​ទាក់ ព្រមទាំងស្រែកប្រាប់ទៅមនុស្សទោសជាមិត្ដទាំងអស់ថា នេះ​ហើយ​​ឈ្មោះ​​ប៊ុណ្ណ ចន្ទ ម៉ុល ដែល​ជា​អ្នក​ដាល់​ឈ្នះ​យ៉​បាតុង សន្លប់​នៅកន្លែង! មនុស្សទោសទាំងនោះក៏ផ្អើលមក​ចោម​រោម​មើល​រូប​រាង​ខ្ញុំ ហើយ​គេ​សរ​សើរ​ខ្ញុំ​ថា រូប​រាង​សម​រម្យ​រាង​រហ័ស​រហួន​ល្អ​ណាស់។ កាលខ្ញុំទៅដល់កន្លែងនោះនៅវេលាម៉ោង១ ហួសពេលបាយ​ទៅ​ហើយ ដោយ​ផ្លូវ​ឆ្ងាយ​ពេក​។ ទើប​បង​បាវៀង​បាន​ចាត់​អោយពួកគាត់កាប់មាន់ធ្វើម្ហូបដណ្ដាំបាយជាថ្មីអោយខ្ញុំទទួលទា នដោយក្ដីរាប់អាន។ លុះ​ទទួល​ទាន​បាយ​ហើយ ខ្ញុំ​ក៏​លា​បង​វៀង ព្រម​ទាំង​មិត្ដ​ទាំង​អស់​នៅ​ចំការ​ថ្ម​មូល បន្ដដំណើរទៅមុខទៀត នៅអែកន្លែងមួយទៀតដែលគេធ្វើ​អំបិល​នៅ​នឹង​ជាយ​ក្រុង​កោះ​ត្រឡាច​តែ​ម្ដង​។ រយៈ​ផ្លូវ​ពី​កន្លែង​ចំការ​ថ្ម​មូល​ទៅ​ទី​នោះ​ចំងាយ​១៦​គីឡូ​ម៉ែត្រ​។

   កន្លែងនោះជាភូមិធំ១ មានមនុស្សទោសជាច្រើន ដែលគេហៅមនុស្សទោសលូ។ ទោសលូនេះខ្ញុំបានជំរាបអស់​លោក​អ្នក​នៅ​ទំព័រ (ច្បាប់​ដើម​ទំព័រ​១០៦​) មុន​រួច​ម្ដង​មក​ហើយ គឺ​ទោស​លូ​នេះ​ដូច​ជា​ទោសអស់មួយជីវិតដែរ។ នៅកោះត្រឡាចគេខ្លាចមនុស្ស​ទោស​លូ​នេះ​ណាស់ ត្បិត​វា​នៅ​តែ​ប្រ​ព្រឹត្ត​លួច​ឆក់​ដោយ​ឥត​លះ​បង់​អំពើ​ថោក​ទាប​នេះ​ឡើយ​។ បើពួកលូនៅកន្លែងណា គេ​ត្រូវ​ប្រយ័ត្ន​កន្លែង​នោះ​គ្រប់​គ្នា​។

   នៅកន្លែងនោះខ្ញុំស្គាល់កាប៉ូរ៉ាល់ម្នាក់ឈ្មោះបាហាយជាមនុស្សត្រឹមត្រូវ ដែលខ្ញុំបានស្គាល់គាត់ក្នុងពេលដែលខ្ញុំ នាំយក​របស់​របរ​ទៅ​ប្រ​គល់​អោយ​រដ្ឋ​ការ​រាល់​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​ទី​ក្រុង​កោះ​ត្រឡាច​។ កំពុងតែត្រួតមើលមនុស្សទោសដាំរំងាស់ទឹកអំបិលធ្វើ​អំបិល​ស អាន់​បា​ហាយ​គាត់​ឃើញ​ខ្ញុំ​ដើរ​សំដៅ​ទៅ​រក​គាត់​ពី​ចំងាយ​ដែរ តែ​គាត់​មិន​ចាប់​ភ្លឹកដោយមិនបានគិតថាខ្ញុំមានវាសនាបានមក​ដល់​កន្លែង​គាត់​ឡើយ​។ លុះ​ខ្ញុំ​ដើរ​ចូល​ទៅ​កាន់​តែ​ជិត​ទៅ​ៗ គាត់​ក៏​ខំ​សំលឹង​មិន​ដាក់​ដាក់​ភ្នែក​។ លុះគាត់ស្គាល់ច្បាស់ថាខ្ញុំហើយ ទើបគាត់បន្លឺវាចាសួរ​ខ្ញុំ​ថា ប្អូន​ប៊ុណ្ណ​ចន្ទ ម៉ុល​ឬ​ទេ​? ខ្ញុំ​ងក់​ក្បាល​ទទួល​សំដី​គាត់​សួរ​នោះ​។ គាត់​ស្ទុះ​មក​អោប​រិត​ខ្ញុំ ហើយគាត់និយាយថា គាត់មិនស្មានថា ខ្ញុំបានទៅដល់​កន្លែង​គាត់​ទេ ហើយ​ក៏​នាំ​ខ្ញុំ​ទៅ​ទទួល​ទាន​ទឹក​តែ​និង​ស្ករ​អំពៅ​ឯ​ផ្ទះ​គាត់ ដោយ​សេចក្ដីរាក់ទាក់ និងនឹករលឹកមែនៗ។ បន្ដិចទៅមនុស្សទោសជា​ច្រើន​ក៏​នាំ​គ្នា​មក​ចោម​រោម​មើល​មុខ​ខ្ញុំ​។ គ្នា​គេ​ជាង​២០​នាក់ ចូល​ពេញ​ផ្ទះ​បា​ហាយ​ហើយឈរអើតក្បាលរហង់ប្រជ្រៀតគ្នាមើលខ្ញុំ។ ពី​ព្រោះ​តែ​ខ្ញុំ​យក​ជ័យ​ជំនះ​លើ យ៉​បា​តុង​បាន​នោះ ជា​ជ័យ​ជំនះ​ធំ​ដុំ​ណាស់​។ ខ្ញុំ​នៅ​នោះ​មួយ​ល្ងាច​ព្រឹក​ឡើងក៏សុំលាមិត្ដហាយ និងមនុស្សទោសឯទៀតឆ្ពោះ​ទៅ​មុខ​ទៀត ដែល​មាន​ចំងាយ​ផ្លូវ​ចំនួន​១០​គីឡូ​ម៉ែត្រ​ទើប​មក​ដល់​ទី​ក្រុង​កោះ​ត្រឡាច​។

   មិត្ដជាទីស្នេហា! ទីក្រុងកោះត្រឡាចជាកន្លែងមួយដែលមានទេសភាពល្អគួរអោយទស្សនា។ ខ្ញុំដើរបណ្ដើរ​គយ​គន់​មើល​ទេស​ភាព​បណ្ដើរ ត្បិត​មក​ដល់​ទី​ក្រុង​កោះ​ត្រឡាច​មាន​ផ្លូវ​ស្អាត​ដែល​រថ​យន្ដ​បើក​បរ​បានស្រួលមិនដូចកន្លែងឯទៀតៗមុននោះទេ។ ក្នុងដំណើរ​ចំនួន​ពីរ​ម៉ោង​ទើប​ទៅ​ដល់​កន្លែង​មួយ​មាន​ថ្ម​ធំ​មួយ​នៅ​មាត់​ទឹក​សមុទ្រ ដែល​គេ​លាប​ទឹកកំបោរសស្គុះដើម្បី ជាសញ្ញាអោយ​កប៉ាល់​សមុទ្រ​អាច​ចូល​មក​កាន់​ផែ​កោះ​ត្រ​ឡាច​បាន​ស្រួល​។ ដុំថ្ម​នោះ ទំហំ​ប្រ​ហែល​៣​ទៅ​៤​អោប​មនុស្ស​ចាស់​។

   ខ្ញុំសូមធ្វើការអធិប្បាយជូនបន្ដិចថា នៅលើទឹកដីកោះត្រឡាចនោះមានរបស់ខ្លះជាភស្ដុតាងដែលនាំអោយគិតថា ជា​ទឹក​ដី​របស់​ខ្មែរ​យើង​ដោយ​ពិត​ប្រាកដ​។ មាន​រឿង​ដំណាល​ថា កាល​ពី​ដើម​កន្លង​យូរណាស់មកហើយ នៅលើភ្នំកោះត្រឡាចផ្នែកខាងជើង ចំនួនប្រ​ហែល​៧​គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ទៅ មាន​ប្រ​ឡាយ​ទឹក​មួយ​ដែល​មាន​ទឹក​ហូរចុះពីលើភ្នំទៅដល់ពាក់កណ្ដាលភ្នំ។ នៅក្បែរប្រឡាយទឹកនោះ​មាន​ថ្ម​មួយ​ដុំ​យ៉ាង​ធំ​។ ប្រ​ហែល​ក្នុង​ឆ្នាំ​១៩២៥ មាន​ខ្យល់​ព្យុះ​សង្ឃ​រា​មួយ​បាន​កើត​ឡើង​នៅ​លើដី កោះត្រឡាចទាំងមូល បណ្ដាលអោយមានការអន្ដរាយ​ជា​ច្រើន​កន្លែង​។ ពេល​នោះ​ មាន​ដើម​ឈើ​មួយ​ដើម​យ៉ាង​ធំ​បាន​រលំ​ទៅ​បះ​ដុំ​ថ្ម​ធំ​នោះ​។ ថ្មនោះក៏រមៀលបាំងបិទប្រឡាយមុខទឹក ធ្វើ​អោយ​មុខ​ទឹក​ស្ទះ​ហើយ​ទឹក​នោះ​ក៏​ហូរ​ចាល់​ចាក់​មក​លើ កន្លែង​ថ្ម​នោះ​ទៅ​វិញ។ កន្លងមកបានពីររឺបីឆ្នាំពួកមនុស្សទោសទៅរកអុសរកវល្លិបានទៅផឹកទឹកដាំ​បាយ​ស៊ី​នៅ​កន្លែង​ថ្ម​​ធំ​នោះ ក៏​រើស​បាន​រូប​ទេព​ប្រ​ណម្យ​ធ្វើ​ដោយ​មាស​សុទ្ធ​នៅ​កន្លែង​នោះ​។ ពេលលេងល្បែងចាញ់មនុស្សទោស​ដែល​រើស​បាន​នោះ យក​រូប​ទេព​ប្រណម្យ​នោះ​ទៅ​លក់​អោយ​គ្នា​គេ ដែល​ជា​ហេតុ​នាំ​អោយ​បែក​ការណ៍​ឡើងលឺទៅដល់តំរួតបារាំង។ តំរួតបារាំង បាន​អោយ​មនុស្ស​ទោស​នោះ​ ទៅ​ស្រាវ​ជ្រាវ​រក​វត្ថុ​មាន​តំលៃ​នៅ​កន្លែង​ដែល​ឃើញ​មុន​នោះ​។ គេ​រក​សព្វ​គ្រប់ក៏ប្រមូលបានរូបទេពប្រណម្យ​មាស​ប្រ​ហែល​២៣​-២៤​ព្រះ​អង្គ​ថែម​ទៀត​។ ខ្ញុំ​មាន​វាសនា​បាន​ទៅ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ខ្លួន នូវរូបទេពប្រណម្យមាសដែលនៅលើដៃ​មេ​តំរួត​ជាតិ​​យួន​ម្នាក់​។ តាម​ខ្ញុំ​ពិនិត្យ​មើល​ទៅ ឃើញ​ថា​ជា​មាស​មែន ទំហំ​ប៉ុន​ចង្អុល​ដៃ តែ​ពណ៌​ស​ជាង​មាស​ធម្ម​តា​បន្ដិច ដែលគេហៅថា​មាស​ផ្កា​កប្បាស តាម​ទំនង​​រូប​នោះ​ប្រ​ហែល​ជា​ក្បាច់​ភ្ចាប់​សង្វារ​ស្ដេច​ជាន់​ដើម​។ គេ​បាន​ឃើញ​ព្រះ​ពុទ្ធ​រូប​មួយអង្គធ្វើដោយថ្មអង្អរវត្ត ហើយនិង​ពាង​ក្រឡ​របស់​ខ្មែរ​​យើង​ពី​បុរាណ​កាល​ផង ជា​ហេតុ​នាំ​អោយ​ខ្ញុំ​សន្និ​ដ្ឋាន​ថា ទី​នោះ​ជា​ទី​គង់​នៅ​​នៃ​ស្ដេច​ខ្មែរ​យើង​ជំនាន់​ដើម រឺជាកន្លែងឃុំ​ឃាំង​មនុស្ស​​ទោស​​ជំនាន់​ដើម​ដែល​ស្ដេច​បង​ប្អូន​ទាស់​ទែង​គ្នា​ពី​រឿង​ដណ្ដើម​រាជ​សម្បត្ដិ​គ្នា ហើយ​ម្ខាង​ឈ្នះ​ក៏​យកខាងចាញ់ទៅបំបរបង់ចោល​អោយ​រង​ទុក្ខ​ទោស​​នៅ​​ទី​នោះ​ក៏​មិន​ដឹង​?​។

   ខ្ញុំនៅនឹងទីក្រុងកោះត្រឡាចលុះពេលព្រលប់ធំ ខ្ញុំទៅសំណាក់នៅផ្ទះកាប៉ូរ៉ាល់ខាត់ជាមិត្ដចាស់របស់ខ្ញុំ។ ជួន​ថ្ងៃ​នោះ​ជា​ថ្ងៃ​សៅរ៍​ដែល​ដល់​ព្រឹក​ឡើង​ជា​ថ្ងៃ​អាទិត្យ គឺ​ជា​ថ្ងៃ​ដែល​មនុស្ស​ទោសគ្រប់កន្លែងត្រូវនាំរបស់របរគ្រប់មុខ តាមកន្លែងរៀងក្រុមយកទៅ​ប្រ​គល់​អោយ​កន្លែង​មួយ​ដែល​សំរាប់​ទទួល​របស់​ផ្សេង​ៗ​រាល់​តែ​ថ្ងៃ​អាទិត្យ​។ ខ្ញុំរង់ចាំនៅផ្ទះបងខាត់ចាំទទួលរបស់របរក្រុមខ្ញុំ ដែលពួកខ្ញុំនឹងនាំមកប្រគល់អោយ​នៅ​ថ្ងៃ​អា​ទិត្យ​ស្អែក​នេះ​ដែរ​។

   សូមជំរាបថា ចំការដំឡូងរបស់កាប៉ូរ៉ាល់ខាត់ជាមិត្ដខ្ញុំនេះ នៅជិតជើងភ្នំម្ខាង ចំងាយប្រហែល៣គីឡូម៉ែត្រពីជើងភ្នំ។ ឯ​ចំការ​ចេក​ខ្ញុំ​នៅ​ជើង​ភ្នំ​ម្ខាង គឺ​ថា​ចំការ​ទាំង​ពីរ​នេះ​នៅ​ជិត​ជើង​ភ្នំ​ម្ខាង​ម្នាក់​។ រាល់​តែ​ថ្ងៃ​អាទិត្យ ពេលព្រឹកម៉ោង៦កន្លះ ក្រុមមនុ ស្សនៅគ្រប់​ទិស​លើ​កោះ​ត្រឡាច ត្រូវ​នាំ​របស់​គ្រប់​យ៉ាង ដែល​មាន​នៅ​កន្លែង​រៀង​ៗ​ខ្លួន​យក​មកប្រគល់អោយក្រុមកណ្ដាលមួយ នៅទីក្រុង​កោះ​ត្រ​ឡាច ដើម្បី​វាយ​ចំណែក ចែក​ចាយ​យក​ទៅ​គ្រប់​ក្រុម​ទាំង​អស់ ហើយ​គេ​ត្រូវ​ចែក​មក​អោយ​ក្រុម​ខ្លួន​វិញនូវអង្ករ សាច់គោ សាច់ជ្រូក មាន់ បន្លែ ជាដើម។ បើ​និយាយ​អោយ​ខ្លី​ទៅ​គឺ​របៀប​ដូរ​គ្នា​តែ​ម្ដង​។ ក្រុម​កណ្ដាល​គេ​ប្រ​មូល​របស់​ទាំង​អស់​ដែលគ្រប់ក្រុមនាំមកនោះ ចែកជាបីចំណែក​។ ទី១​ចំណែក​ដែល​ល្អ​ៗ​សំរាប់​អោយ​ទៅ​អ្នក​រាជ​ការ​ជាតិ​បារាំង ទី២​ចំណែក​មធម្យ​សំរាប់​រាជ​ការ​ជាតិ​យួន​ជាតិ​ខ្មែរ ទី៣ ចំណែកយ៉ាងអន់សំរាប់ចែកចាយ​មនុស្ស​ទោស​ក្រុម​ឆ្ងាយ​ជិត​។

   ខ្ញុំសូមជំរាបពីក្រុមខ្ញុំវិញ របស់ដែលត្រូវយកទៅអោយគេឯទីក្រុងទាំងប៉ុន្មានត្រូវរៀបចំអោយស្រេចពីល្ងាចថ្ងៃសៅរ៍​។ លុះ​ដល់​ម៉ោង​៣​រំលង​អធ្រាត គេ​វាយ​រគាំង​ដាស់​អោយ​ភ្ញាក់​នៅ​ពេល​ម៉ោង​៣​រំលង​អធ្រាត ដើម្បីនាំរបស់ទៅប្រគល់អោយគេ ឯ​ទី​ក្រុង​កោះ​ត្រឡាច ក្រោយ​ដែល​កា​ប៉ូ​រ៉ាល់​បាន​ត្រួត​គ្នា ប្រមូល​គ្នា​គ្រប់​សព្វ​ហើយ លុះ​លឺ​សញ្ញា​បង្គាប់អោយដើរទៅមុខ ហើយពួកមនុស្សទោស ក៏​នាំ​គ្នា​លី​សែង​វត្ថុ​ទាំង​នោះ​ដើរ​បន្ដ​គ្នា​ទៅ​ទាំង​យប់​ងងឹត ប៉ុន្ដែ​គេ​បំភ្លឺ​ផ្លូវ​ដោយ​ដុត​ខ្ពប​ដូង ដែលគេពុះឆែកតូចៗប៉ុនចង្កឹះ ហាលអោយស្ងួតហើយចងជាបាច់​តូច​ៗ​ប៉ុន​កដៃ​ក្មេង​ របៀប​ដូច​ជា​ចន្លុះ​ដូច្នោះ​ឯង​។ ខ្ពប​ដូង​នេះ​ដុត​ស្រួល​ជាង​ចន្លុះ ដុត​មិនសូវមានផ្សែង ហើយភ្លឺជាងចន្លុះ​ទៀត​ផង​។ នៅ​វេលា​ម៉ោង​ជាង​៤ ដែល​ខ្ញុំ​នៅ​រង់​ចាំង​ក្រុម​ខ្ញុំ​នៅ​ផ្ទះ​កាប៉ូ​រ៉ាល់​ខាត់ ខ្ញុំ​ក្រ​ឡេក​មើល​ទៅលើខ្នងភ្នំឃើញក្បួនភ្លើងគុបដើរ ភ្លើងបន្ដគ្នាគួរអោយល្អ​មើល​ណាស់ ជា​ហេតុ​នាំ​អោយ ខ្ញុំ​នឹក​ឃើញ​កាល​ពី​កុមារ​ភាព​នៅ​ឡើយ ដែល​បាន​មើល​ពិធី​ហែ​អ្នក​តា និងពិធីហែបុណ្យកាទ័រស៊ូយេត (១៤កក្កដា) របស់​បារាំង​ដូច្នោះ​ឯង​។

   មនុស្សទោសគ្រប់ក្រុម ចំនួន១២០ ឬ១៥០នាក់ដែលមកពីក្រុមផ្សេងមកជួបគ្នាលើខ្នងភ្នំហាក់ដូជាបានណាត់គ្នា ហើយ​ដើរ​ពេន​ចុះ​ពេន​ឡើង​តាម​របត់​ផ្លូវ មើល​ពី​ក្រោម​ទៅ​ល្អ​មើល​ណាស់​។

   ក្នុងក្រុមនីមួយៗមានមនុស្សទោសនៅធ្វើការ ខ្លះ២០០នាក់ ខ្លះ៣០០នាក់ ឃើញតិចតែក្រុមខ្ញុំទេ ដែលមានមនុស្សតែ​៤៣ ឬ​៤៤​នាក់​ប៉ុណ្ណោះ​។ ក្រុម​អែ​ទៀត​ៗ​សុទ្ធ​តែ​មាន​អ្នក​រាជ​ការ​ជា​នាយ​ក្រុម​២ ឬ​៣នាក់ ជួយត្រួតត្រាលើកាប៉ូរ៉ាល់ទៅទៀត។ ចំ ណែក​ខាង​ក្រុម​ខ្ញុំ​ដែល​មាន​គ្នា​តិច​នោះ​ មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ជា​កាប៉ូ​រ៉ាល់​ឥត​មាន​មេ​ក្រុម​អ្នក​រាជ​ការ​ទេ​។ ប៉ុន្ដែមនុស្សដែល នាំអីវ៉ាន់ពីគ្រប់កន្លែងទៅ​មិន​មែន​ទៅ​ទាំង​អស់​គ្នា​ទេ​។ គឺ​ទៅ​តែ​ល្មម​នឹង​ចំនួន​របស់​ដែល​ត្រូវ​លី​សែង កាន់​ទៅ​តែ​ប៉ុណ្ណោះ ប៉ុន្ដែលុះទៅជួបគ្នាលើភ្នំទៅ ក៏ទៅ​ជាក្បួន​វែង​មួយ​។

   ប្រហែលម៉ោង៥ភ្លឺ ក្បួនទាំងនោះចុះដល់ទីកន្លែងកាប៉ូរ៉ាល់ខាត់ ហើយឈប់សំរាកនៅទីនោះប្រហែលកន្លះម៉ោង​។ ចំណែក​ខ្លួន​ខ្ញុំ​នៅ​រង់​ចាំ​ក្រុម​ខ្ញុំ​នៅ​ផ្ទះ​បង​ខាត់ ក៏​ទៅ​ទទួល​ក្រុម​ខ្ញុំ​ហើយ​នាំ​ទាំង​អស់​គ្នា​បន្ដ​ដំណើរទៅទីក្រុងកោះត្រឡាច ដើម្បីប្រគល់ អីវ៉ាន់ទៅ​អោយ​មេ​ក្រុម​កណ្ដាល​ដែល​មាន​ឃ្លាំង​គេ​ចាំ​ទទួល​វត្ថុ​ផ្សេង​ៗ ដែល​នាំ​មក​ពី​គ្រប់​ក្រុម​នៅ​ម៉ោង​៦​កន្លះ​។

   នៅពេលជួបជុំគ្នានោះហើយដែលនាំអោយស្គាល់គ្នាស្និទ្ធស្នាលរវាងកាប៉ូរ៉ាលគ្រប់ក្រុមនៅជិតឆ្ងាយ ព្រមទាំងមនុស្ស​ទោស​គ្រប់​ក្រុម​ផង បាន​សប្បាយ​រីក​រាយ សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក លុះ​ប្រគល់​អីវ់ាន់ដែលគេត្រូវចែកអោយយកទៅវិញ។ ពេលខ្លះនៅ​រហូត​ដល់​ម៉ោង​១០ ឬ​១១ ​ទំរាំ​បាន​ត្រលប់​ទៅ​វិញ​ហើយ​ដល់​ម៉ោង​២ ឬ​៣​រសៀល​ទើបបានទៅដល់ទីកន្លែងរៀងខ្លួន។

   មួយវិញទៀតនៅកន្លែងខ្ញុំ ក្នុងអំលុងខែកញ្ញា នាយតំរួតតែងនាំមនុស្សទោសចំនួន១០០ ឬ១៥០នាក់ទៅកាប់អុស​នៅ​ទី​នោះ​។ ទៅ​ដល់​កន្លែង​ខ្ញុំ​នៅ​យប់​នៅ​ឡើយ​ប្រ​ហែល​ជា​ម៉ោង​៣ ឬ​ម៉ោង​៤​ជិត​ភ្លឺប៉ុណ្ណោះ។ ពេលគេទៅដល់ម្ដងៗ គេតែងលួចរបស់របរគ្រប់មុខតាំង​ពី​អង្ករ​បន្លែ​ជា​ដើម បើ​មិន​ប្រយ័ត្ន ពួក​វា​លួច​អស់​គ្មាន​សល់​។

   ក្នុងពេលដែលធ្វើដំណើរកាត់ចំការខ្ញុំនោះ ពេលនោះច្រើនតែនៅយប់នៅឡើយ។ ពួកទាំងនោះពុំអាចមើលឃើញ​ផ្លែ​ចេក​នៅ​ត្រង់​ណា​ទេ ម៉្លោះ​ហើយ​គេ​លើ​ដៃ​ទាំង​ពីរ​ដាក់​លើ​ក្បាល​ហើយ​បំរះ​ម្រាម​ដៃ​បញ្ឈរ​ឡើងលើ ដើរមុខរះស្មានៗទៅតែម្ដង បើម្រាមដៃប៉ះទៅលើ​ស្ទង​ចេក​គេ​ក៏​ប្រ​ញាប់​ឈប់​ភ្លាម​កាច់​ភ្លែត ទុំ​ក៏​ដោយ​ខ្ចី​ក៍​ដោយគេអាស្រ័យបានទាំងអស់។ នេះទំលាប់អ្នកទោសដែល​គ្នា​ស្រេក​ឃ្លាន ត្រូវ​តែ​ប្រ​ព្រឹត្ដ​ដូច្នោះ​។ ពួក​មនុស្ស​ទោស​ដែល​គ្នា​អត់​ឃ្លាន​ណាស់​ទៅ ចេក​ខ្ចី​ល្ពៅ​ខ្ចី ត្រឡាច ប៉េង​បោះ​អ្វី​ៗ ចេះ​តែ​អា​ស្រ័យ​បាន​ទាំង​អស់​។

   ហេតុដូច្នេះហើយ បានជានៅពេលនោះ ខ្ញុំត្រូវតែប្រយ័ត្នមែនទែន ដោយចាត់គ្នាពី១២ ទៅ១៥នាក់អោយរាយគ្នាយាម​ផ្លូវ​ចំការ​នោះ​។ បើ​ឃើញ​មនុស្ស​ទោស​បេះ​បោច​ផ្លែ​ឈើ​អ្វី ត្រូវ​ស្ទុះ​ទៅ​ចាប់​ភ្លាម វាយ​នឹង​រំពាត់​ផ្ដៅ​២,៣​រំពាត់ រួចនាំទៅអោយនាយតំរួតនៃមនុស្ស​ទោស​នោះ​នាយ​តំរួត​នោះ​ វាយ​ថែម​ទៀត​មុខ​គួរ​អោយ​អាណិត​អាសូរ​គ្នា​ណាស់ ប៉ុន្ដែមិនដឹងធ្វើម៉េចបើយើងមានភារៈត្រូវតែការពារ​របស់​របរ​ទាំង​នេះ​អោយ​គង់​។ បើ​យើង​បណ្ដែត​បណ្ដោយ​ទៅ​ប្រាកដ​ជា​អស់​ទាំង​ចំការមិនខាន ជាហេតុនាំអោយមានទុក្ខទោសដល់ខ្លួនយើង គេ​នឹង​វាយ​ឬ​ធ្វើ​ទោស​យើង​តាម​ចិត្ដ​គេ​។

   ចំពោះអ្នកទាសនៅក្នុងក្រុមខ្ញុំវិញ ខ្ញុំមានចត្ដិសន្ដោសណាស់ ក្នុងរយៈ១០ ទ១៥ថ្ងៃខ្ញុំបានអោយពួកខ្ញុំនេះបេះផ្លែ​ឈើ​ក្នុង​ចំការ ទទួល​ទាន​គ្រប់​ៗ​គ្នា​។ ខ្ញុំ​បាន​អប់​រំ​មនុស្ស​ទាំង​នេះ​អោយ​មាន​ចរិយា​ស្លូត​សុភាព រួច​ខ្ញុំ​តែង​ប្រាប់ពួកនេះថា សូមអោយអ្នករាល់គ្នាទុក​ខ្ញុំ​ដូច​ជា​បង​ប្អូន​ទៅ​ចុះ បើ​ខ្ញុំ​ធ្វើ​ទាស់​ខុស​អ្វី​សុំ​រំលឹក​ទៅ​​ចុះ ខ្ញុំ​ពុំ​ប្រកាន់​រិក​ថា​ជា​អ្នក​ត្រួត​អ្វី​ទេ។ យ៉ាងនេះហើយទើបពួក ក្រុមខ្ញុំមានការ​រាប់​អាន ហើយ​ស្មោះ​ត្រង់​នឹង​ខ្ញុំ​ជាង​ក្រុម​ឯ​ទៀត​ៗ​ទាំង​អស់​នៅ​កោះ​ត្រ​ឡាច​។

   កាលពីកាប៉ូរ៉ាល់យួនមុនៗមនុស្សទោសក្រោមបង្គាប់វាមិនខ្លាច វាសំលាប់កាប៉ូរ៉ាល់ក៏មាន វា​ប្រ​មាថ​មើល​ងាយ​ក៏​មាន ជា​ហេតុ​នាំ​អោយ​លំបាក​ធ្វើ​ការ​ណាស់​។ តែ​នៅ​ពេល​ដែល​ខ្ញុំ​មក​កាន់​ការ​វិញ​បាន​ស្រួល​រហូត​។