១២ -អ្នកប្រដាល់ជើងឯកនៅកោះត្រឡាច
ថ្ងៃសុក្រ ទី14.កុម្ភៈ 2014.ម៉ោង 22:14

   ខ្ញុំនៅកន្លែងដិកយុកបានជាមួយឆ្នាំ។ លុះដល់ខែកញ្ញា ១៩៤៣ បានលឺដំណឹងថាមានមនុស្សទោសជា​ច្រើន​ចំនួន​៤០០​នាក់ ដែល​គេ​បញ្ជូន​មក​ពី​ព្រៃ​នគរ ក្នុង​រវាង​២-​៣​ថ្ងៃ​នេះ​។ ក្នុងចំនួននេះមានឈ្មោះយ៉សាវត្រឿងម្នាក់ និងម្នាក់ទៀតឈ្មោះ យ៉បាតុង ដែលជាអ្នក​ជើងឯក​ខាង​ប្រ​ដាល់​​ឆើត​ល្បី​ឈ្មោះ​ក្នុង​ដែន​ឥណ្ឌូចិន។ កាលពីដើមខ្ញុំធ្លាប់បានស្លាល់ជើងប្រដាល់ទាំងពីរនាក់នេះ ដែលបានទៅប្រដាល់នៅ​ក្រុង​ភ្នំ​ពេញ ក្នុង​​ឱ​កាស​ពី​ធី​បុណ្យ​តាំង​តុ ចំរើន​ព្រះ​ជន​វស្សា​ព្រះករុណា។ កន្លែងប្រកួតនោះ គេធ្វើត្រង់ដើមអំពិលមួយដើម ដោយរោងល្ខោន​អ្នក​អ៊ុក​នៅ​ជិត​ផ្ទះ​កំណើត​ខ្ញុំ​នៅ​ផ្សារ​ស៊ី​ញែក​ (មុខ​វត្ដ​ឧណ្ណា​លោម​)ប្រហែល១០០ម៉េត្រ។ កន្លែងនោះឥលូវនេះគេសង់ផ្ទះថ្មអស់ទៅ​ហើយ​។ ហើយ​កាល​ពី​ឆ្នាំ​១៩៣៨​ ខ្ញុំ​បាន​ទៅ​មើល​ការ​ប្រ​កួត​គ្នា​ឯបាត់ដំបង រវាងអ្នកប្រដាល់ទាំងពីរនេះ និងជាតិសៀមមកពីបឹងកក។ ខ្ញុំបានកោត​សរ​សើរ​ស្នៀត​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​។ កាល​ជំនាន់​នោះ នៅស្រុកខ្មែរយើងក៏មានអ្នកកីឡាប្រដាល់ជើងឯកៗដែរ ដូចជាឈ្មោះ មៀច ចន ដោយ​ឆាយ ឆេង​ជា​ដើម​។ ឯ​ដោយ​ឆាយ ឆេង​ពេល​នោះ​ជា​សិស្សរបស់ខ្ញុំដែលបានហាត់វិជ្ជានេះនៅវាលមេរុរាល់ល្ងាច រហូតដល់ខ្ញុំ​មាន​រឿង​ទៅ នៅ​កោះ​ត្រឡាច​តែ​ម្ដង​។ ដោយ​ឆាយ​ឆេង ក្រោយ​មក​ក្លាយ​ខ្លួន​ទៅជាអ្នកជើងឯកអន្ដរជាតិខាងប្រដាល់នៅឥណ្ឌូចិនក្នុងឆ្នាំ ១៩៤១-​១៩៤២ ហើយ​បាន​កាត់​ទៅ​ដាល់​នៅ​ហា​ណូយ​និង​ព្រៃ​នគរ​ជា​ដើម​។

   សូមថ្លែងពីពួកយួនវិញ គេនាំគ្នាដើរឃោសនាថាម្ដងនេះអាន់បាម៉ុល (1) ពិបាកស៊ីអ្នកកីឡាពីរនាក់នេះហើយ! ដោយ​ហេតុ​អ្នក​ទាំង​ពីរ​នេះ​ជា​កី​ឡា​ជើង​ឯក​នៃ​ប្រ​ទេស​ឥណ្ឌូ​ចិន ជាតិ​យួន​យើងមុខជានឹងបានជ័យជំនះវិញមិនខាន។ ពួកជាតិយួនជាមនុស្សទោស និង​ស៊ី​វិល​ដែល​ខ្ញុំ​បាន​ជួប​ តែង​តែ​សាក​សួរ​ខ្ញុំ​ថា ម៉េច​អាន់​បា​ម៉ុល ម្ដងណេះមានផ្លូវឈ្នះអ្នកកីលាថ្មីពីរនាក់នោះទេ? ព្រោះអ្នកទាំងពីរ​នេះ​ជា​ជើង​ឯក​នៅ​ព្រៃនគរ នរ​ណា​ក៏​ដឹង​ស្គាល់​ដែរ​។ ខ្ញុំ​ឆ្លើយ​ថា​ ចំណែក​ខ្លួន​ខ្ញុំ​វិញមិនហ៊ានអារកាត់ទេ ត្បិតមិនទាន់បានសមដៃគ្នាមើលនៅឡើយ ប៉ុន្ដែ​អោយ​ខ្ញុំ​ចាញ់​មុន​ការ​ប្រ​យុទ្ធ​នោះ​សុំ​ទោស​ទៅ​ចុះ​ខ្ញុំ​មិន​ព្រម​ចាញ់ទេ។ មានមេតំរួតជាតិយួនជាច្រើននាក់បាននិយាយនឹងខ្ញុំថា គេអាណិត​ខ្ញុំ​ណាស់​ខ្លាច​ក្រែង​ស្លាប់​អាសារ​ឥត​ការ អោយ​សុំ​ញ៉ម​គូ​ប្រ​យុទ្ធ​តែម្ដងទៅ។ ខ្ញុំស្ទង់ចិត្ដពួកមេតំរួតជាតិយួនទាំងនេះមិនស្គាល់សោះ ពុំដឹងជា​គេ​អាណិត​ខ្ញុំ​ដោយ​ស្មោះ​ បាន​ជា​គេ​អោយ​ខ្ញុំ​សុំ​ញ៉ម​មុន​ដូច្នេះ ដោយ​គេយល់ច្បាស់ថាខ្ញុំពិតប្រាកដជាមិនឈ្នះគូប្រយុទ្ធថ្មិមែន ឬមួយក៏គេមានគំនិត​បោក​ប្រាស់​អោយ​ខ្ញុំ​សុំ​ចាញ់​មុន​ប្រយុទ្ធ ដើម្បី​គេ​នឹង​សប្បាយ​ចិត្ដ​សើចលេងក៏មិនដឹង។ ប៉ុន្ដែតាមខ្ញុំស្គាល់ចិត្ដថ្លើមនៃលោកទាំងនេះពីមុនមក ពុំ​មែន​ជា​គំនិត​ក្រឡិច​ក្រ​ឡុច​ឡើយ​ ប្រ​ហែល​ជាគេ​អា​ណិត​ខ្ញុំ ខ្លាចខ្ញុំស្លាប់មែន ពីព្រោះជើងប្រដាល់ថ្មីពីរនាក់នេះនៅទីក្រុងព្រៃនគរនោះ ជាតិ​យួន​ទាំង​ប្រ​ទេស​ដែល​ចូល​ចិត្ដ​ខាង​កីឡា​ប្រ​ដាល់​សឹងបានស្គាល់ឈ្មោះ ស្គាល់មុខគ្រប់ៗគ្នាថា ជាអ្នកល្បីពូកែទាត់ធាក់ ដល់មាន​ល្បិច​ស្នៀត​ពួ​កែ​ណា ស់​ តេ​ធាក់​ដាល់​ត្រូវ​គូ​ប្រយុទ្ធ​ម្ខាង​ហើយ បើមិនក្អួតឈាមក៏គង់សន្លប់បាត់ស្មារតីដែរ។ មានអ្នកខ្លះក្រោយពេលដាល់ទៅជា​មនុស្ស​ល្ងី​ល្ងើ​វិកល​ចរិត​ក៏​មាន​ដែរ ដោយ​សារ​ដៃ​ជើង​របស់​អ្នកទាំងពីរនេះធ្ងន់ណាស់។ ខ្ញុំនឹកភ័យខ្លាចដែរ ប៉ុន្ដែមកនឹកឃើញថា ការ​អ្វី​ៗ​មិន​ត្រូវ​ខ្លាច​មុខ​ពេល​ដែល​មាន​សាក​ល្បង​មើល​នោះ​ទេ​។ មួយ​ទៀត​ធម្មតាជាតិយួនចូលចិត្ដហ៊ានហួសហេតុ ប៉ុន្ដែលោខ្លាចវិញក៏ហួសហេតុ​ដែរ ដូច​ខ្ញុំ​ជំរាប​មក​ហើយ​។ សូម​មិត្ដ​ប្រយ័ត្ន​អោយ​មែន​ទែន​កុំ​អោយ​ចាញ់បោកជាតិនេះ ពួកវាចូលចិត្ដនិយាយអួតពេក។ ឧទាហរណ៍ដូចរឿង​រក​ស៊ី​ចូល​ហ៊ុន​គ្នា ត្រូវ​យើ​ប្រយ័ត្ន វា​មាន​ប្រាក់​តែ​ ១០០០០៛​វា​និយាយថា មានដើមទុនដល់ទៅ១៥០០០០៛។ បើគ្នាវាមានតែ១០នាក់ វាអួត​បំ​ភ័យ​យើង​ថា មាន​១០០​ ​ឬ​២០០​នាក់​ជា​ប្រាកដ​។ បើ​យើង​ស្លឹក​ត្រ​ចៀកស ច្បាស់ជាចាញ់កលហើយ។ ម្យ៉ាងទៀតដូចជានៅពេលបច្ចុប្បន្ននេះ ដែល​វា​ចូល​មក​វាយ​យើង​នៅ​កន្លែង​ណា​មួយ គ្នា​វា​មាន​តែ​១០​នាក់ ​ឬ​២០នាក់ វានិយាយពន្លើសថាមាន១០០ ឬ២០០នាក់សុទ្ធតែមានអាវុធគ្រប់ដៃ។ តែ​ការ​ពិត​វិញ គឺ​ពួក​វា​មាន​គ្នា​តែ​៤-​១០​នាក់ មាន​អាវុធ​៤-​៥​ដើម​ប៉ុណ្ណោះសោះ។ ប៉ុន្ដែមានពេលខ្លះដែលវាកុហកលែងកើតលែងបានផល វា​ក៏​ត្រលប់​ជា​ប្រើ​ពាក្យ​ពិត​ទៅ​វិញ ដែល​នាំ​អោយ​យើង​លំបាក​ក្នុង​ការ​ស្ទង់​គិនិត​របស់​វា​ណាស់​។ ហេតុ​នេះដើម្បីបញ្ជាក់ការពិត ត្រូវ​យើង​ចាត់​គ្នា​ទៅ​លប​មើល​ផ្ទាល់​អោយ​ច្បាស់​ថា​ពួក​វា​តិច​ឬ​ច្រើន មាន​អា​វុធ​តិច​ឬ​ច្រើន ទើប​យើង​ចាត់​ការ​បាន​លទ្ធ​ផល​ល្អ កុំចេះតែជឿតៗគ្នា ហើយ​នាំ​គ្នា​ភ័យ​ផ្អើល​ដូច​ជា​ទន្សាយ​ភ្ញាក់​នឹង​​ផ្លែ​​ភ្នៅ​ជ្រុះ​នោះ​។ សុភាសិត​បុរាណ​បាន​ប្រ​ដៅ​ថា កុំ​ទុក​ចិត្ដ​បរ​ទេស ប្រ​ហែស​វា​បាត់ ប្រយ័ត្នវាគង់ ដែល​ត្រូវ​អោយ​យើង​ចង់​ចាំ​អោយ​​ជាប់​ជា​និច្ច​ក្នុង​ចិត្ដ ទើប​យើង​ធ្វើ​ការ​ជា​មួយ ជាតិ​យួន​ក្រ​ឡិច​ក្រឡុច​នេះ​បាន​។

   ថ្ងៃខែចេះតែកន្លងទៅមុខជានិច្ច ចូលដល់ខែធ្នូ ១៩៤៣ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីលោកទូសទូ អនុញ្ញាត​អោយ​ខ្ញុំ​ទៅ​ហាត់​ដាល់​សម​ដៃ​នៅ​ឯ​ទី​ក្រុង​កោះ​ត្រ​ឡាច រាស់​ថ្ងៃ​សោរ៍​នៅ​ពេល​ល្ងាចម៉ោង១៥។ មុននឹងសមដៃឯកោះត្រឡាច ខ្ញុំបានហាត់ម្នាក់ឯងនៅ​កន្លែង​ដិក​យុក ដើម្បី​ប្រុង​ការ​ទុក​តាំង​ពី​ខែ​តុលា​ម៉្លេះ​។ ខ្ញុំ​ខំ​ហាត់​រហូត​ចូលប្រយុទ្ធតែម្ដង ឥតមានភ្លេច ភ្លាំងស្នៀតអ្វីឡើយ​។ នៅ​កន្លែង​ដិក​យុក​នោះ ជា​កន្លែង​គួរ​អោយ​ចាប់​ចិត្ដ​ក្នុង​ការ​ហាត់​កីឡា​ណាស់ ដូច​ជា​ដាល់​បាវ​ខ្សាច់​ នៅ​លើ​ភ្នំ​ខ្សាច់​។ ខ្ញុំហាត់ដាល់បាវខ្សាច់ពី៣០ ទៅ៤០នាទីទើបខ្ញុំចុះទៅ​មាត់​សមុទ្រ​ រួច​ហាត់​រត់​តាម​មាត់​សមុទ្រ​បាន​១​ម៉ោង​ទៅ ១​ម៉ោង​៣០​នាទី រួច​ហើយទើបចុះក្នុងទឹកសមុទ្រអោយ​បាន​ត្រឹម​ស្មា ទើប​ហាត់​ដាល់​ទឹក​សមុទ្រ​ទៀត ដោយ​យក​ដៃ​ទាំង​ពីរ​ដាល់​ទឹក​សមុទ្រ អោយ​ឡើង​បែក​សំពោង​បាន​២០ ឬ៣០នាទី ហើយក៏រត់ឡើងទៅលើភ្នំខ្សាច់ម្ដងទៀត។ ក្នុង​ការ​រត់​ឡើង​ភ្នំ​ខ្សា ច់​នេះ​ ដៃ​ខ្ញុំ​ទាំង​ពីរ​មាន​កាន់​ដុំ​ដែក​ទំងន់​ប្រ​ហែល​១០​គីឡូនៅដៃម្ខាងៗផង។ លុះរត់ចុះរត់ឡើងបាន៣-​៤​បក ទើប​ឈប់​សំរាក​។ ធ្វើ​តែ​យ៉ាង​នេះ​រាល់​ព្រឹក ដែល​នាំ​អោយ​មាន​កំលាំង​ពេញ​បរិ​បូរណ៌ បើ​ដាល់​១០ទឹក​ ក៏ស៊ូបានមិនសូវហត់ដែរ។ ប៉ុន្ដែ​ក្នុង​ពេល​ដាល់​គេ​អោយ​​ដាល់​​តែ​៣​ទឹក​ទេ​។ ខ្ញុំ​ខំ​ហាត់​ដូច្នេះ​បាន​ពីរ​បី​ខែ ក៏​បាន​ឡើង​កំលាំង​ពេញ​បរិបូរណ៌ណាស់។ ចំណែកអ្នកកីឡាទាំងពីរនាក់​ជា​គូរ​ប្រយុទ្ធ​នោះ គេ​អោយ​វា​ហាត់​ដែរ តែ​នៅ​កន្លែង​វា​គ្មាន​កន្លែង​ហាត់​ស្រួល​ដូច​កន្លែង​ខ្ញុំ​ទេ គឺ​វា​ហាត់​តែ​ក្នុង​គុក បានត្រឹមតែលោតខ្សែ ដាល់​បាវ​ខ្សាច់​ប៉ុណ្ណោះ ទទួល​ទាន​មិន​បាន​បរិ​បូណ៌ ​ដេក​មិន​ស្រួល​ជា​ហេតុ​នាំ​អោយ​ខូច​កំលាំង​ផង​ដែរ​។

   លុះដល់ថ្ងៃទី១៥ធ្នូ ១៩៤៣ទើបគេអោយយើងសមដៃគ្នា។ នៅពេលនោះ ខ្ញុំបានឃើញរូបរាងមុខមាត់គួប្រដាល់​ទាំង​ពីរ​នាក់​ច្បាស់​ហើយ​។ បាសាវ​ត្រឿង​ចាស់​​បន្ដិច​អាយុ​ប្រ​ហែល​៤២-​៤៣​ឆ្នាំ​ជា​អ្នក​ប្រដាល់របៀបបុរាណ ជើងទាំងពីរធំៗ មាឌធំខ្ពស់ជាងខ្ញុំ។ ឯ​យ៉​បា​តុង​វិញ​រូប​រាង​មូល​ទាប​ជាង​ខ្ញុំ​បន្ដិច តែ​យ៉​បាតុង​ដាល់​ឈ្នះ​សាវ​ត្រឿង រាង​រហ័យ​រហួន​ជាងសាវត្រឿងច្រើន ។ នៅពេលសមដៃ​សាវ​ត្រឿង​ចូល​មុន​។ លុះ​សម​បាន​ពីរ​បី​ទឹក​ហើយ​ក៏​ឈប់ ទើប​យ៉​បាតុង​ចូល​មក​សម​ត​ទៅទៀត ប៉ុន្ដែមុននឹងចូល គេបានសួរខ្ញុំជាមុនថា ដាល់ទៀត​បាន​ទេ​? ខ្ញុំ​ឆ្លើយ​ថា​ដាល់​បាន​។ ទើប​គេ​អោយ​ចូល​ដាល់​ថែម​ទៀត​។ លុះ​សម​ជា​មួយ​យ៉​បាតុង​គ្រប់បីទឹកហើយទើបឈប់។ ក្នុងពេលសមនេះ ខ្ញុំ​ចេះ​តែ​សង្កេត​បណ្ដើរ​សម​បណ្ដើរ ដើម្បី​មើល​ស្នៀត​គូ​ប្រ​យុទ្ធ​អោយ​ច្បាស់​។ ក្រោយ​នោះ​មនុស្សខ្មែរ យួនដូចគ្នាចេះតែមកសួរខ្ញុំថា ម៉េច​បង​ម៉ុល​មាន​ផ្លូវ​ឈ្នះ​វា​ទេ​? ខ្ញុំ​ឆ្លើយ​ប្រាប់​ទៅ​វិញ​ថា នៅ​មិន​ទាន់​ប្រាកដ​ទេ បើ​វា​នៅ​តែ​ប្រើ​ស្នៀត​ដដែលៗនេះ ខ្ញុំមានផ្លូវសង្ឃឹមខ្លះ លោជាវា​ប្រើ​ស្នៀត​អ្វី​ផ្សេង​ទៅ​វិញ ខ្ញុំ​មិន​ប្រាកដ​ជា​យ៉ាង​ណា​ទេ សូម​រង់​ចាំ​មើល​ដល់​ថ្ងៃ​ប្រ​យុទ្ធ​មែន​ទែន​ទៅ​ចុះ! មាននាយតំរួតជាតិយួនខ្លះ ខ្មែរខ្លះ និង​ពួក​មនុស្ស​​ទោស​​ដូច​គ្នា​ខ្លះ បាន​សួរ​បញ្ជាក់​ខ្ញុំ​ដោយ​ចង់​ដឹង​ថា ខ្ញុំ​មាន​សង្ឃឹម​អាចយកជោគជ័យបានលើគូថ្មីនេះ? ដើម្បីគេនឹងភ្នាល់ដាក់ប្រាក់​ស៊ី​សង​គ្នា ពី​ព្រោះ​​នាយ​តំរួត​យួន​និង​មនុស្ស​ទោស​ជាតិ​យួន ភាគ​ច្រើន​គេ​បំរុង​កាន់​ខាង​យ៉បា​តុង គេត១០០ស៊ី៥០ ខ្ញុំចេះតែដេកដើរ ឈរគិតតើ​ប្រា​កដ​ជា​ឈ្នះ​​យ៉​បាតុង​បាន​ទេ​? បើ​វា​នៅ​តែ​ប្រើ​ស្នៀត​ដដែល​នេះ ខ្ញុំ​មុខ​ជា​មាន​ផ្លូវ​ឈ្នះ តែប្រសិនបើវាប្រើស្នៀតថ្មីផ្សេងទៅវិញនៅពេល​ប្រ​យុទ្ធ​ផ្ដាច់​ព្រ័ត្រ​នោះ មិន​ប្រាកដ​ជា​យក​ឈ្នះ​វា​បាន​ឡើយ​។ បើ​ខ្ញុំ​ប្រាប់​គេ​ថា ប្រាកដ​ជា​ឈ្នះ​វា​មែន​នោះ​ជាការគាប់ប្រសើរ នាយតំរួតទាំង​អស់​នោះ​រឹង​រិត​តែ​ស្រ​លាញ់​រាប់​អាន និង​សរ​សើរ​ខ្ញុំ​ពេញ​ទី ចុះ​បើ​លោ​តែ​ចាញ់​គេ​វិញ​នាយ​តំរួតព្រមទាំងមនុស្សទោសដូចគ្នា ដែលគេបាន​ភ្នាល់​ចាញ់​ប្រាក់​កាស គេ​មុខ​តែ​ខឹង​ខ្លាំង ដល់​ជួប​មុខ​ខ្ញុំ​កាល​ណា គេ​ជេរ​ប្រ​ទេច​ស្លាប់​ហើយ​? គិត​ទៅគិតមកឃើញគ្មានចំណេញអ្វីសោះ ទើប​ខ្ញុំ​ឆ្លើយ​ប្រាប់​ទៅ​វិញ​ថា មិន​ប្រា​កដ​ជា​ឈ្នះ​គូប្រយុទ្ធ​ទេ​។ ពាក្យ​នេះ​ចេះ​តែ​លឺ​សុះ​សាយ​ទៅ​ដល់​យ៉​បាតុង ក៏កើតក្ដីមើលងាយដល់រូបខ្ញុំតែម្ដង។ យ៉​បាតុង​បាន​​និយាយ​ថា ខ្លួន​គេ​នឹង​យក​ជ័យ​ជំនះ​លើ​អាន់​បា​ម៉ុល បាន​ដោយ​ងាយ​ជា​ហេតុ​នាំ​អោយ​តំរួត​ជាតិ​យួន​ទាំងប៉ុន្មានមានសេចក្ដី​ពេញ​ចិត្ដ​គ្រប់​ៗ​គ្នា​។ គេ​ដើរ​កាត់​រក​នាយ​តំរួត​ជាតិ​ខ្មែរ​បបួល​អោយ​ភ្នាល់​នឹង​គេ តែ​អស់​លោក​ខ្មែរ​ប្រកែកពុំហ៊ានភ្នាល់ ដោយហេតុមិន​បាន​ការ​ធានា​ពី​ខ្ញុំ ក៏​​បណ្ដាល​​អោយ​ការ​ភ្នាល់​គ្នា​នោះ​ស្ងប់​ស្ងៀម​ទៅ​វិញ​។ មាន​លោក​ខ្លះ​មិន​អស់​ចិត្ដ​ចេះ​តែ មក​ទទូច​សួរ​ខ្ញុំ​អោយ​ឆ្លើយ​ច្បាស់​។ ខ្ញុំ​ក៏​ឆ្លើយដោយ​សុភាព​ថា អ្នក​ប្រ​ដាល់​មិន​ប្លែក​អ្វី​ពី​មាន់​ប្រជល់​ទេ​។ មាន់​ម្ខាង​ដែល​កំពុង​មាន​ជ័យ​ជំនះ ដោយ​មាន​គូ​ប្រ​យុទ្ធ​ម្ខាងចង់ចាញ់​ទៅ​ហើយ ស្រាប់​តែ​មាន់​នោះ​លោត​ចាក់​មួយ​ខ្នាយ​ត្រូវ​ចំ​កន្លែង​ដំណាំ​ណា​មួយ មាន់​ដែល​មាន​ជ័យ​នោះ ត្រលប់​ជា​រត់​ឬ​មួយ​ស្លាប់​ក៏​មានដែរ​។ ចំណែក​ខ្ញុំ​ជា​អ្នក​ប្រ​ដាល់​វិញ ប្រៀប​បាន​នឹង​មាន់​ប្រ​ជល់​ដូច្នោះ​ឯង​។ មាន​ពេល​ខ្លះ​ខ្ញុំ​ដាល់​គូ​ប្រ​យុទ្ធ​ត្រូវ​យ៉ាង​ច្រើន គេ​មើល​រាល់​គ្នាមក​ឃើញ​ខ្ញុំ​ថា ច្បាស់​ជា​មាន​ជ័យ​ហើយ​ស្រាប់​តែ​ភ្លាត់​ស្នៀត​ធ្វើ​អោយ​គូ​ប្រយុទ្ធ​ដាល់​ត្រូវ​កន្លែង​ដំណំ​តែ​មួយ​ដៃ​វិញ​នោះ ខ្ញុំ​ប្រា​កដ​ជា​ដួល​សន្លប់បាត់​មាត់​តែ​ម្ដង​។ នេះ​ហើយ​ជា​ធម្ម​តា​នៃ​កីឡា​ប្រ​ដាល់ នឹង​អោយ​ខ្ញុំ​ធនា​ទុក​ជា​មុន​ថា​ប្រាកដ​ជា​ឈ្នះ​គូស​ត្រូវ​ពុំ​បាន​ទេ សុំ​ទោស​ទៅ​ចុះ​!​​។

   ខ្ញុំបានចូលប្រកួតសមដៃជាមួយយ៉បាតុង៥ដង ទើបចូលដល់ថ្ងៃ១មករា១៩៤៤ ជាការប្រកួតផ្ដាច់ព្រ័ត្រ។ នៅ​យប់​ថ្ងៃ​ទី​៣០​ធ្នូ ១៩៤៣ ខ្ញុំ​បាន​ប្រាប់​បង​ហ​មុន​ថា បើ​យ៉​បាតុង​ប្រើ​តែ​ស្នៀត​ដដែល​ដូច​វា​ប្រើ​នៅ​ថ្ងៃ​ហាត់​ធម្មតាទៀតមើលទៅខ្ញុំមានផ្លូវឈ្នះ ប៉ុន្ដែបើ​គេ​ផ្លាស់​ស្នៀត​ថ្មី​វិញ​នោះ​មិន​ប្រាកដ​ជា​យ៉ាង​ណា​ទេ​។

   មិត្ដជាទីស្នេហា! យប់ថ្ងៃទី ១មករាឆ្នាំ ១៩៤៤ ជាថ្ងៃប្រយុទ្ធផ្ដាច់ព្រ័ត្រ ខ្ញុំអល់ឯកក្នុងចិត្ដ មិនទាន់​ដាច់​ស្រេច​ថា​ចាញ់​ឬ​ឈ្នះ​នៅ​ឡើយ​។ ខ្ញុំ​តែង​នឹក​សំបូង​សំរោង​ដល់​គុណ​បុណ្យ​ព្រះ​រតន​ត្រៃ ព្រម​ទាំង​មាតា​បិតា​ជីដូនជីតានិងកុសលសីលទាន ដែលបានធ្វើមកទាំង​ប៉ុន្មាន សូម​អោយ​លោក​ជួយ​ជ្រោម​ជ្រែង អោយ​មាន​ជ័យ​ជំនះ​លើ​គូ​ប្រ​យុទ្ធ​ជាតិយួនដូចបំណង ដើម្បីអោយ ជាតិខ្មែរយើងមានកេរ្ដិ៍ឈ្មោះ​ល្បី​ល្បាញ​លើ​ទឹក​ដី​កោះ​ត្រឡាច​។ មុន​ពេល​ប្រ​កួត​ខ្ញុំ​បាន​ធ្វើ​ទឹក​ក្រូច​ឆ្មា​លាយ​ស្ករ​ស​មួយ​កូន​ដប​សូដា អោយបងហគាត់កាន់ទៅតាមខ្ញុំ។ ចំណែក​លោក​ទូស​ទូ ក៏​បាន​សួរ​ខ្ញុំ​ថា ម៉េច​ឯង​មាន​ផ្លូវ​ឈ្នះ​យ៉​បា​តុង​ទេ​? ខ្ញុំ​ឆ្លើយ​ជំរាប​ទៅ​គាត់​វិញ​ថា ខ្ញុំមិនទាន់ប្រាកដទេសែហ្វ! រួចលោក​ក៏​ប្រាប់​ខ្ញុំ​ថា យ៉​បា​តុង​នេះ​វា​វាយ​បុក្ស (BOXE) នៅ​ទី​ក្រុង​ព្រៃ​នគរ​កាល​ពី​ឆ្នាំ​១៩៤២ នោះ​ឃើញ​ថា​វា​ពូ​កែ​ខ្លាំង​ណាស់ ឈ្លាសវាងវៃច្រើន! ហេតុនេះត្រូវឯងប្រុង​ប្រ​យ័ត្ន ហើយ​ប្រឹង​ប្រែង​អោយ​មែន​ទែន ទើប​មាន​ផ្លូវ​ឈ្នះ​វា​បាន​! ខ្ញុំទទួលបាទ! នៅឆ្នាំនេះ លោកមេការក្រុងកោះត្រឡាច បាន​ចាត់​អោយ​រៀប​ចំ​កន្លែង​ប្រ​ដាល់​ក្នុង​បរិ​វេណ​ទាត់​បាល់ (លាន​ប្រ​កួត​បាល់) ចំណុះ​មនុស្ស​ប្រ​ហែល​៣០០​នាក់។ កន្លែងអង្គុយមានកៅអីធំតូច សំរាប់ស៊ីវិល និង​អ្នក​រាជ​ការ​ទាំង​អស់​។ ចំណែក​មនុស្ស​ទោស​គេ​ក៏​ធ្វើ​ជា​រាន​ក្ដារ​បន្ទះ​វែង​ៗ អោយ​អង្គុយ​។ មានលក់សំបុត្រចូលមើលការ​ប្រ​កួត បើ​ស៊ី​វិល​ក្នុង​ម្នាក់​ៗ តំលៃ​៤រៀល ឯ​មនុស្ស​ទោស​ក្នុង​ម្នាក់​ៗ​យក​២​រៀល​។ ពេល​យប់​ម៉ោង​១៨:៣០ គេបើកលក់សំបុត្រ ដល់ម៉ោង២០ ទើបអោយ​បើក​ឆាក​ប្រ​កួត​។

   យប់នោះមានគូប្រកួត ១០គូ ហើយខ្ញុំ និងយ៉បាតុងជាគូចុងក្រោយ។ គួនីមួយៗប្រកួតគ្នាជាលំដាប់។ ដល់​ម៉ោង​ជិត​២២​ទៅ​ហើយ​ទើប​ដល់​គូ​ចុង​ក្រោយ​គឺ​ខ្ញុំ​នឹង​យ៉​បាតុង​។ ទាំង​ស៊ី​វិល​ទាំង​មនុស្សទោសចូលទៅពេញកន្លែង ដោយហេតុតែចង់ឃើញមួយគូក្រោយនេះ​ឯង​។ ពេល​នោះ​ខ្ញុំ​ភ័យ​ផង អរ​ផង ខំ​សូត្រ​ពុទ្ធ​គុណ​ជាប់​ញាប់​មាត់​ស្អេក រហូតដល់ពេលចូលប្រកួតតែម្ដង។ នៅពេលឡើងលើ​សង្វៀន​ប្រ​កួត​ខ្ញុំ​បាន​ទារ​ទឹក​ក្រូច​ពី​បង​ហ ដែល​ខ្ញុំ​អោយ​កាន់​ និង​ជា​អ្នក​ចាំ​អោយ​ទឹក​ខ្ញុំ​ផង​ដើម្បី​យក​មក​ទទួលទានបន្ដិច។ នៅពេលដែលទទួលដបទឹកក្រូច​មក​ស្រាប់​តែ​ពិនិត្យ​ទៅ​ឃើញ​អស់​ពាក់​កណ្ដាល​ដប​។ ខ្ញុំ​សួរ​បង​ហ​ថា ម៉េច​ក៏​ទឹក​ក្រូច​អស់ពាក់កណ្ដាលដបទៅហើយ? គាត់ឆ្លើយថា យ៉បា​តុង​សុំ​ផឹក​បន្ដិច​ទៅ​ហើយ​! ខ្ញុំ​សួរ​ថា​ម៉េច​ក៏​ទៅ​អោយ​គេ​ផឹក​យ៉ាង​អី​ចឹង​? បង​ហ​ឆ្លើយ​ថា វាចេះតែទទូចសុំច្រើនដងពេក ទ្រាំមិនបានក៏អោយទៅ។ ខ្ញុំ​នឹក​ក្នុង​ចិត្ដ​ថា​យ៉​បា​តុង ប្រ​ហែល​ជា​មាន​ការ​ព្រួយ​បារម្ភ​ញញើត​ខ្ញុំ​ខ្លះ​ជា​មិន​ខាន ជឿថាខ្ញុំមានថ្នាំពូកែ ឬអ្វីៗហើយទើបសុំផឹក​ដូច្នេះ​។ ជា​ធម្ម​តា​ជាតិ​យួន​ជាតិ​សៀម​វា​ខ្លាច​ខ្មែរ​យើង​ណាស់ រឿង​ថ្នាំ​គង់​និង​សិប្ប​សាស្រ្ដ មន្ដ​វិជ្ជា​ផ្សេង​ៗ​ ដូចជាកាប់មិនមុតដុតមិនឆេះជាដើម។ ដូច្នេះហើយ​ខ្ញុំ​មាន​កំលាំង​ក្នុង​ខ្លួន​ថែម​បន្ដិច​ឡើង​ដោយ​គិត​ឃើញ​ថា បើ​សត្រូវ​ខ្លាច​យើង​ហើយ​យើង​មានផ្លូវឈ្នះវាជាមិនខាន។ គ្រានោះគេ​វាយ​រគាំង​ម៉ូង​! អោយ​សញ្ញា​ប្រកួត​។

   ខ្ញុំនិងយ៉បាតុងដើរចូលរកគ្នា ឯអាជ្ញាកណ្ដាលអោយសញ្ញាថាប្រយុទ្ធបាន។ គ្រានោះយ៉បាតុងដាល់ខ្ញុំ១ដៃស្ដាំមុន តែ​ខ្ញុំ​គេច​ផុត​រួច​វា​ក៏​ថយ​ក្រោយ​វិញ​។ ទើប​វា​ចូល​ដោយ​ប្រុង​ប្រ​យ័ត្ន​មក​ម្ខង​ទៀត វា​ក៏​ដាល់​ខ្ញុំ​ដោយ​ដៃ​ឆ្វេងផងដៃស្ដាំផង។ ដៃឆ្វេងវា ត្រូវមុខខ្ញុំបន្ដិច ខ្ញុំលោត​ថយ​ក្រោយ រី​ឯ​ដៃ​ស្ដាំ​វិញ​ដាល់​ខ្ញុំ​ខុស​ទទេ​។ ពេល​ដែល​ខ្ញុំ​គេច​ផុត​ពី​ដៃ​ស្ដាំ​វា​ទាន់ ខ្ញុំបានដាល់សងទៅវិញភ្លាម១ដៃស្ដាំត្រូវក្រោម​ចង្កា​ខាង​ឆ្វេង យ៉​បា​តុង​ផ្ងារ​ក្រោយ​បន្ដិច​ហើយ​ថយ​ក្រោយ​ពីរ​ជំហាន​ទើប​ទប់​ជំហរ​នឹង​។ ខ្ញុំ​ចូល​ដាល់​ថែម​១​ដៃ​ស្ដាំទៀតជាការបញ្ឆោតសត្រូវប៉ុណ្ណោះ។ ពេល​ដែល​សត្រូវ​គេច​ពី​ដៃ​ស្ដាំ​ខ្ញុំ ខ្ញុំ​ក៏​បាន​ដាល់​ដៃ​ឆ្វេង​១​ដៃយ៉ាង​ខ្លាំង​ត្រូកំភ្លៀងខាងស្ដាំរបស់សត្រូវ យ៉បាតុងផ្ងាម្ដង​ទៀត​។ ពេល​នោះ​ពួក​អ្នក​មើល​ជាតិ​បារាំង ខ្មែ​យួន​ស្រែក​ហោ​គ្រប់​គ្នា ស្រែក​អោយ​ខ្ញុំ​ថែម​!!!​។ ខ្ញុំ​ដេញ​គូ​ប្រយុទ្ធជាប់ទាល់តែដល់ទឹកទីមួយ ទើបរគាំងអោយសញ្ញាឈប់! វេលា​ឈប់​សំរាក​អោ យ​ទឹក​ខ្ញុំ​ប្រាប់​បង​ហ​ថា បើ​គេ​ប្រើ​ស្នៀត​នេះ​ត​ទៅ​ទៀត ខ្ញុំ​មាន​ផ្លូវ​ឈ្នះប្រាកដ។ បងហឆ្លើយថា ខ្ញុំឃើញ​គូ​ប្រ​យុទ្ធ​ទន់​ដៃ​ហើយ​!។

   រគាំងទឹកទី២ ផ្ដើមឡើងម៉ូងៗ ខ្ញុំក៏ចូលទៅដល់ពាក់កណ្ដាលទី យ៉បាតុង ក៏ចូលមកដែរអាជ្ញាកណ្ដាល​អោយ​សញ្ញា​ថា​ប្រយុទ្ធ​បាន ម្ដង​ណេះ ខ្ញុំ​បាន​ដាល់​សត្រូវ​មុន​ត្រូវ​ត្រង់​មុខ​មួយ​ដៃ​យ៉ាង​ដំណំ​។ យ៉​បាតុង​ថយ​ក្រោយ ខ្ញុំចេះតែដេញតាមបញ្ឆោតដៃឆ្វេង វាយ​ដៃ​ស្ដាំ ដេញ​តាម​រហូត​ដល់​ទៅ​ចុង​ជ្រុង​ខែ្ស​ព្រ័ត្រ ខ្ញុំ​ដាល់​ដោយ​ដៃ​ស្ដាំ​ត្រូវ​ចំ​ធ្គាម​មួយ​ដៃ​យ៉ាង​ទំងន់​។ យ៉បាតុងទ្រេត ខ្ញុំក៏ថែមដៃឆ្វេងពីរ​ដៃ​ផ្ទូន​ៗ​គ្នា​ទៅ​ទៀត យ៉​បាតុង​រង​មិន​ទាន់​ក៏​ដួល​ផ្ងារ​សន្លប់​ឈឹង​! ខ្ញុំ​ថយ​ក្រោយ​វិញ​។ ឯ​អាជ្ញា​កណ្ដាល ក៏​តាំង​រាប់​១-​២-​៣​ដល់​គ្រប់១០ទើបឈប់តែ​យ៉​បាតុង​ងើប​មិន​រួច ទើប​គេ​មក​លើក​ដៃ​ខ្ញុំ​ឡើង​លើ​ក្នុង​នាម​មាន​ជ័យ​ជំនះ​។

   សំរែកជយោ! ហ៊ោកញ្ជ្រៀវបានផ្ទុះឡើងកក្រើកទាំងលានប្រដាល់ទទួលជ័យជំនះខ្ញុំ!
   មិត្ដភក្ដិជាទីស្នេហា! នៅពេលដែលបានឃើញយ៉បាតុងដួលសន្លាប់នោះ ខ្លួនខ្ញុំទៅជាភ័យព្រឺក្បាលសំពោង បន្ដិច​មក​ទើប​នឹក​អរ​ឡើង​វិញ​ដោយ​នឹក​ឃើញ​ថា ខ្ញុំ​មាន​ជ័យ​ជំនះ​ម្ដង​នេះ​ទៀត​ដូច​ជា​មាន​ជ័យ​ជំនះ​អស់​មួយ​ជីវិត​ហើយ ដោយហេតុថា ឈ្មោះយ៉បាតុងជាជើង​ឯក​នៅ​លើ​ដី​ឥណ្ឌូ​ចិន​។ ខ្ញុំ​បាន​ឈ្នះ​នេះ ដូច​ខ្ញុំ​បាន​ឈរ​ឈ្មោះ​នៅ​លើ​ដី​ឥណ្ឌូ​ចិន​ដូច្នោះ​ដែរ​។ នៅ ពេលនោះ ក្រុមរដ្នការ និង​ពួក​អ្នក​ទោស​ជា​មិត្ដ​បាន​ស្ងើច​សរ​សើរ​ខ្ញុំ​សឹង​គ្រប់​គ្នា ព្រោះ​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ ស្លូត​បូត​មិន​ចេះ​មើល​ងាយ​មនុស្ស​ដូច​គ្នា​ជាមនុស្សចិត្ដល្អ ចំពោះក្រុមមនុស្ស​ទោស​ដូច​គ្នា មិន​ដែល​ជេរ​ស្ដី​មនុស្ស​ទោស​នៅ​ក្រោម​បង្គាប់ មិន​ដែលប្រើពាក្យ អាមឹង អាឯង ទៅរកមនុស្សគ្នាឯងឡើយ។ ឃើញ​តែ​ពាក្យ​សុភាព​រាប​សារ​ថា​បង​ប្អូន​ជា​ដរាប​។ លុះ​ មក​មាន​ជ័យ​ជំនះ​នេះ​ក៏​ត្រូវ​បាន​សំរេច​ នាំអោយមានសេចក្ដីសរសើរពីគ្រប់មជ្ឈដ្ឋាន ហើយសំខាន់បំផុត ជ័យ​ជំនះ​នេះ​បាន​ជួយ​អោយ​លោក​ទូស​ទូ ជា​មេ​តំរួត​រិត​តែ​ស្រ​លាញ់​ទុក​ចិត្ដ​ខ្ញុំ​ទ្វេ​ឡើង​ទៀត​។ ឯមនុស្សនៅលើកោះត្រឡាច​ក៏​រិត​តែ​ស្គាល់​ខ្ញុំ​រាប់​អាន​ជាង​មុន​ៗ​ទៅ​ទៀត​។ គេ​ចូល​ចិត្ដ​ហៅ​ថា អាន់​បា​ម៉ុល យ៉​ស៊ី (គឺ​ជា​អ្នក​ប្រ​ដាល់​ជើង​ឯក​)។

(1) ភាសាយួនអាន់បា ប្រែមកជាភាសាខ្មែរថាបងទី៣ ភា សាយួនហៅអាន់​ហាយ​គឺ​បង​ទី​២ គ្មាន​បង​ទី​១​ទេ មាន​តែ​បង​ទី២ ៣ ៤​៘ បើ​ហៅ​ទី២ គឺ​បង​បង្អស់​ក្នុង​ទី​នេះ​គេ​ហៅ​ខ្ញុំ​បងៗ ដូច​ខ្មែរ​យើង​ដែរ​។