អក្សរសិល្ប៍ខ្មែរ
គុកនយោបាយ
ប៊ុណ្ណចន្ទ ម៉ុល
១១ -មរណភាពនៃអាចារ្យហែមចៀវ
ថ្ងៃពុធ ទី12.កុម្ភៈ 2014.ម៉ោង 21:57
នៅកន្លែងដិកយុកនេះខ្លួនខ្ញុំដូចមនុស្សមានឥស្សរភាពពេញទី អាចបំភ្លេចបាននូវសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន។ ប៉ុន្ដែយ៉ាងណាក៏ដោយខ្ញុំនៅតែនឹកស្រមៃ ចំពោះជោគវាសនារបស់ខ្ញុំទៅអនាគត និងអានាគតប្រទេសយើងដែរ ម្យ៉ាងទៀតខ្ញុំនឹកគិតដល់លោកគ្រូអាចារ្យហែមចៀវ លោកនួន ឌួង លោកប៉ាចឈីន ដែលគេប្រកាសនៅព្រៃនគរថា ត្រូវប្រហារជីវិតហើយ ដែលថាចាំធ្វើសំណុំរឿងទៅលោកឧត្ដមសេនិយប៉េតាំងឯក្រុងបារីស ដើម្បីសុំសំរាលទោសនោះ តើបានស្រាលខ្លះដែរ ឬក៏ត្រូវគេប្រហារជីវិតទៅហើយ? ខ្ញុំគិតថា បើគេបន្ថយទោសខ្លះនោះប្រហែលអ្នកទាំង៣នេះមិនទាន់ស្លាប់ទេ ហើយប្រហែលជាបានត្រូវគេបញ្ជូនមកកាន់កោះត្រឡាចនេះដែរហើយ។
ខ្ញុំនៅដិកយុកនេះបានជា៤ខែ ទើបបានដំណឹងថា លោកអាចារ្យហែមចៀវ លោកនួន ឌួង លោកប៉ាច ឈឺនត្រូវគេបញ្ជូនមកកោះត្រឡាចនេះមែន បញ្ជូនមក១ខែហើយគឺក្នុងខែមិថុនា ១៩៤៣។ ខ្ញុំសើបទៅដឹងថា គេដាក់អ្នកទាំង៣ អោយនៅគុកលខ ៤ជាកន្លែងទោសឧក្រិដ្ឋទោសអស់អាយុទាំងអស់គ្នា។ កន្លែងនោះគេអោយនាក់ទោសវេញខ្សែពួរ ធ្វើរបស់ផ្សេងតាមការបង្គាប់របស់បារាំង។
កន្លែងគុកទី៤នោះគេហាមដាច់ខាតមិនអោយមនុស្សទោសផ្សេងទៅសាកសួរសុខទុក្ខមនុស្សទោសដែលនៅក្នុងនោះសោះឡើយ។ ជាហេតុនាំអោយពិបាកទាក់ទងគ្នាណាស់ ប៉ុន្ដែយ៉ាងណាក៏ដោយខ្ញុំក៏ចេះតែខំលបលាក់ផ្ញើរបស់របរទៅជូនលោក ទាំង៣នាះបានខ្លះៗដែរ ហើយបានដំណឹងសុខទុក្ខពីទីគុកលេខ៤នោះខ្លះៗដែរ ដោយសារតែពួកមនុស្សទោសដែលគេប្រើអោយចេញចូលក្នុងទីនោះម្ដងម្កាលគេនិយាយអោយពត៌មាន។
លោកអាចារ្យហែមចៀវ និងលោកនួនឌួង នៅក្នុងគុកនោះបាន៦ខែ ក៏មានរោគាពាធ្យបៀតបៀន។ លោកអាចារ្យហែមចៀវមានរោគមួលជាខ្លាំង។ ឯលោកនួនឌួងកើតរោគស្ពឹកដៃជើង។ លោកនួនឌួងត្រូវពេទ្យចាក់ថ្នាំច្រើនម្ជុលពេក ក៏កើតបូសត្រង់ត្រគាកហើមយ៉ាងធំ ហើយពេទ្យក៏វះយកខ្ទុះចេញយ៉ាងសែនវេទនា។ ដោយអ្នកទោសនោះមានជំងឺកាន់តែដាបណាស់ នោះគេក៏បញ្ចេញយកទៅដាក់មន្ទីរពេទ្យទាំងពីរនាក់។
ខ្ញុំប្រញាប់ទៅសាកសួរនៅមន្ទីរពេទ្យ ក៏ស្លុតចិត្ដតែម្ដង ត្បិតឃើញអ្នកទាំងពីរទុរន់ទុរាណាស់ទៅហើយ ហើយឃើញលោកអាចារ្យហែមចៀវធ្ងន់ដាបជាងលោកអាចារ្យនួនឌួងទៅទៀត។ មើលទៅមិនធារទេ... រោគមូលនៅស្រុកកោះត្រឡាចនោះ ពិបាកព្យាបាលណាស់គ្មានថ្នាំសង្កូវសោះ ពេទ្យនោះយកតែទឹកសមុទ្រ ឬទឹកកំបោរសអោយផឹកប៉ុណ្ណោះ។ ខ្ញុំដូចជាបានដឹងមុនស្រេចហើយថាលោកអាចារ្យហែមចៀវ មិនបានរស់រានមានជីវិតយូរទេ។ ខ្លោចចិត្ដណាស់ខ្ញុំក៏បានទាក់ទងនឹងមនុស្សទោស ជាកម្មករដែលរក្សាពេទ្យនោះអោយរវាំងជួយមើលលោកអាចារ្យទាំងពីរផង។ ខ្ញុំបានអោយប្រាក់ទៅពួកមនុស្សទាំងនោះ អោយគេយកចិត្ដទុកដាក់ចំពោះអ្នកជំងឺទាំងពីរ ហើយខ្ញុំបានផ្ដាំពួកនោះទៀតថា ប្រសិនបើអ្នកទាំងពីរនោះស្លាប់ ហើយតំរូវអោយយកទៅកប់នោះសូមមេត្ដាលៃលកកប់អោយបានស្រួលបួលផង ហើយកុំអោយកប់លាយលំជាមួយអ្នកឯទៀតអោយសោះ។ នៅកោះត្រឡាចមានពេលខ្លះមនុស្សទោសស្លាប់ច្រើនខ្មោចនោះគេយកទៅកប់៣-៤នាក់តែមួយរណ្ដៅក៏មាន។ ខ្ញុំសុំអោយគេអនុគ្រោះដូច្នេះព្រោះគិតថា បើលោកគ្រូអាចារ្យហែមចៀវ ឬលោកគ្រូអាចារ្យនួនឌួងស្លាប់ទៅនោះខ្ញុំក៏អាចបានដឹងបានស្គាល់នូវផ្នូររបស់លោកតទៅទៀតដែរ។ កាបប៉ូរ៉ាល់ពេទ្យនិងកម្មករពេទ្យ ក៏ទទួលតាមសំណូមពររបស់ខ្ញូំ។ ខ្ញុំមកកន្លែងវិញដោយទឹកចិត្ដបារម្ភ។
ក្រោយមកខ្ញុំក៏បានដឹងថា លោកគ្រូអាចារ្យហែមចៀវបានស្លាប់ទៅហើយ! ដំណឹងនេះមិនបណ្ដាលអោយខ្ញុំរន្ធត់ចិត្ដអ្វីទេ ព្រោះខ្ញុំដូចជាបានដឹងមុនស្រេចទៅហើយ ប៉ុន្ដែសេចក្ដីខ្លោចផ្សាស្ដាយស្រណោះដ៏ធំធេងរបស់ខ្ញុំ ចំពោះលោកគ្រូអាចារ្យហែមចៀវ ធ្វើអោយទឹកភ្នែកខ្ញុំផុសផុលឡើងរលីងរលោងឥតដឹងខ្លួនតែម្ដង។ ខ្ញុំរលះរលាំងទៅពេទ្យសួរលោកនួនឌួង។ លោកនួនឌួងក៏ខ្សឹកខ្សួលអួលដើមកនិយាយថា លោកអាចារ្យហែមចៀវ ខូចពិម្សិលមិញទៅហើយ ហើយពួកពេទ្យក៏ជួយយកចិត្ដទុកដាក់ណាស់ដែរ គេជួយរុំសពលោកនឹងកន្ទេលមួយ ហើយរុំក្រមាស្អាតបាត មានខ្សែចងត្រឹមត្រូវ ហើយគេនាំយកសពនោះដាក់រទេះរុញមួយយកទៅបញ្ចុះបាត់ទៅហើយ!។
ខ្ញុំមានកិរិយាធេងធោងធ្ងន់ដោយទំងន់ទុក្ខ បានងើបចេញទៅជួបកាប៉ូរ៉ាល់ពេទ្យនោះដើម្បីសូមអោយគេជូនទៅមើលផ្នូរសព លោកគ្រូដ៏កំសត់នេះ។ លោកកាប៉ូរ៉ាល់នោះ ក៏ប្រញាប់ជូនទៅមើលកន្លែងបញ្ចុះសពនោះ។ ផ្នូរនោះគឺនៅលើភ្នំខ្សាច់ក្នុងចំណោមផ្នូររាប់ពាន់ឯទៀត។ នៅមុខផ្នូរទុគត៌នោះមានផ្លាកក្ដារតូចមួយសរសេរលេខ១១១៣។ លោកកាប៉ូរ៉ាល់បញ្ជាក់ប្រាប់ខ្ញុំថា គេគោរពតាមបណ្ដាំខ្ញុំទាំងអស់ គេកប់សពនេះដាច់តែឯងមិនលាយលំនឹងសពឯទៀទេ។
ខ្ញុំឈរទ្រឹងសំលឹងផ្នូរលោក ដោយទង្គឹះខ្សឹកខ្សួល រួចងើបមើលទៅនាយ ដើម្បីអោយខ្សែខ្យល់ដែលបក់មកពីសមុទ្រផាត់មកលើមុខខ្ញុំ ជួយលុបលាងទឹកភ្នែកដែលបានរអិលចុះ...
កន្លងពីរបីថ្ងៃក្រោយមក ខ្ញុំក៏នាំអ្នកទោសនៅកន្លែងខ្ញុំបានបីនាក់អោយជួយយកដុំថ្មធំៗ ល្មមដាក់នៅលើផ្នូរនោះបានប្រមាណជា២០ដុំជាគ្រឿងសំគាល់ចំណាំទីនោះតទៅ។
អស់លោកអ្នកទាំងឡាយ! មកដល់ទំព័រនេះ ខ្ញុំយល់ថា អស់លោកអ្នកពិតជាមានមនោសញ្ចេតនា ក្ដុកក្ដួលរំជួលចិត្ដអាណិតលោកគ្រូអាចារ្យហែមចៀវមិនខានសោះឡើយ ដែលលោកស្លាប់ចោលឆ្អឹងនៅលើកោះដ៏សែនឆ្ងាយ លន្លង់លន្លោចយ៉ាងនេះ។ លោកស្លាប់ព្រោះតែរឿងជាតិខ្មែរ សាសនានិងរដ្ឋខ្មែរតែម្យ៉ាងប៉ុណ្ណោះ លោកស្លាប់ដោយឯកោគ្មានបងប្អូន មានតែលោកនួនឌួងជាមិត្ដប៉ុណ្ណោះ។
គួរអោយខ្លោចចិត្ដណាស់! លោកនួន ឌួងថាលោកគ្រូនេះត្រូវស្លាប់នៅលើភ្លៅគាត់ដែលឈឺដូចគ្នា។ លោកនួនឌួងគាត់បាន ជួយច្របាច់រឺតជូនលោករហូតដល់ទីបំផុត លោកយកក្បាលលោកមកកើយលើភ្លៅគាត់រួចក៏ផុតដង្ហើមទៅ..... លោកអាចារ្យហែមចៀវ កើតនៅថ្ងៃអង្គារ ខែមាឃ ឆ្នាំច គ.ស១៨៩៩។ លោកទទួលមរណភាពក្នុងជន្មាយុ ៤៥ឆ្នាំ នៅចុងឆ្នាំ ១៩៤៣ ថ្ងៃខែខ្ញុំពុំបានចាំប្រាកដ។
លោកគ្រូអាចារ្យហែមចៀវ មានស្មារតីរឺងណាស់ មុននឹងស្លាប់លោកបាននិយាយនឹងលោកនួនឌួងថាៈ «ខ្ញុំមិនខ្លាចសេចក្ដីស្លាប់ទេ តែខ្ញុំនៅនឹកស្ដាយត្រង់មិនបានឃើញប្រទេសកម្ពុជាបានឯករាជ្យតែម្យ៉ាងប៉ុណ្ណោះ»។ នេះជាសំដីវីរបុរស នេះជាគតិពេចន៍នៃអ្នកតស៊ូក៏គួរអោយគោរពនិងលើកតំកើង។