១០ -ជីវភាពនៅតំបន់ដិកយុក
ថ្ងៃអាទិត្យ ទី9.កុម្ភៈ 2014.ម៉ោង 8:17

   នៅកន្លែសំងាត់បានចំនួន២០ថ្ងៃ លោកទូសទូមកហៅខ្ញុំអោយទៅធ្វើការកន្លែងមួយផ្សែងទៀតឈ្មោះ Guérêt យួនហៅថា ដិក​យុក ជា​កន្លែង​ដាំ​ដំ​ណាំ​គ្រប់​យ៉ាង ដូច​ជា​ដូង អំ​ពៅ សា​លាត់ ខាត់​ណា ជីរគ្រប់មុខ ម្នាស់ ក្រូចឆ្មារ៘ កន្លែងនោះ នៅលើខ្នងភ្នំឆ្ងាយពីទី​ក្រុង​​ប្រ​​ហែល​​​១២ ១៣​គឺ​ឡូ​ម៉ែត្រ បើ​ឡើង​ពី​ជើង​ភ្នំ​ក្រោម​ទៅ​ដល់​លើកំពូលភ្នំតាមផ្លូវលំ ដែលមានចំងាយ៣គីឡូម៉ែត្រនោះ ត្រូវដើរ​នោះ​ប្រ​ហែល​៣​គីឡូ​ម៉ែត្រ​ទៀត ទើប​ដល់​កន្លែង​ដាំ​ដំណាំ​។ នៅ​ទី​នោះ​ឥត​មាន​ជន​ស៊ី​វិល​ម្នាក់​ទេ គឺមានសុទ្ធតែមនុស្សទោសចំនួន៣០ នាក់ជា​អ្នក​ដាំ​ចំការ​។ លោក​​ទូស​ទូ​បាន​តំរូវ​អោយ​ខ្ញុំ​ធ្វើ​កា​ប៉ូ​រ៉ាល់​ត្រួត​ត្រា​មនុស្ស​ទោស​ទាំង​អស់​នៅទីនោះ។ កន្លែងនោះមានទេសភាពល្អណាស់ ប៉ុន្ដែពុំ​មែន​ជា​កន្លែង​​ស្រួល​ទេ គឺ​កន្លែង​ចាញ់​ផង ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​ដោយ​មនុស្ស​គ្នា​ឯង​ផង ដែលសុទ្ធតែជាអ្នកទោសធ្ងន់ និងទោសអស់​ជីវិត ដែល​ពី​​ដើម​ច្រើន​តែ​ជា​អ្នក​​ប្រ​ព្រិត្ដ​ចោរ​កម្ម​កាប់​សំលាប់​កាច​សា​ហាវ​ឃោរ​ឃៅ​។ ខ្ញុំ​បាន​ប្រែ​ជីវ​ភាព​ពីក្រុមសំងាត់មកជាអ្នកមើលការខុសត្រូវ ​Capo​ral លើ​ពួក​នេះ​វិញ​ម្ដង​។

   លុះព្រឹកស្អែកប្រហែលម៉ោង៨ លោកទូសទូបាននាំខ្ញុំ និងឈ្មោះហ ធ្វើដំណើរដោយជើងរហូតទៅដល់ភ្នំ ហើយ​ឡើង​ភ្នំ​ទៅ​ទើប​ទៅ​ដល់​ផ្ទះ​កា​ប៉ូ​រ៉ាល់​ដែល​ត្រួត​ចំការ​។ លុះ​បាន​អោយ​វាយ​រគាំង​ និង​ហៅ​មនុស្ស​ទោស​ទាំងអស់មកជួបជុំហើយ លោកទូសទូក៏បាននិយាយ​ប្រាប់​ក្រុម​នោះ​ថា លោក​បាន​ចាត់​ឈ្មោះ​ប៊ុណ្ណ​ចន្ទ ម៉ុល អោយ​មក​ធ្វើ​កា​ប៉ូរ៉ាល់នៅទីនេះ ដើម្បីអោយចំរើនកិច្ចការខាងដំណាំ អ្នក​ទាំង​អស់​ត្រូវ​ខំ​ធ្វើ​ការ​ក្រោម​បង្គាប់​កាប៉ូ​រ៉ាល់​ថ្មី​នេះ​អោយ​ម៉ត់​ចត់​។ ល្គឹក​ណា​បើ​ឈ្មោះ​ប៊ុណ្ណចន្ទ ម៉ុល ប្ដឹងគាត់ថា ឈ្មោះណាមួយរឹងទទឹងមិន​ស្ដាប់​បង្គាប់​​ទេ គាត់​​នឹង​ចាប់​អ្នក​នោះ​ទៅ​បញ្ចូល​គុក​ភ្លាម​! ហើយ​គាត់​សួរ​ថា​ ស្ដាប់​បាន​ទាំង​អស់គ្នាហើយ? ក្រុមនោះឆ្លើយថាស្ដាប់បាន​ហើយ​! រួច​ពី​នោះ​គាត់​ក៏​ត្រលប់​ទៅ​វិញ ខ្ញុំ​បា​ជូន​ដំណើរ​គាត់​រហូត​ដល់​ជើង​ភ្នំ​ទើប​គាត់​លា​ខ្ញុំ​ទៅ លោក​ទូស​ទូ​មានមាឌធំដំបង មុខលោកសំបើម​គួរ​អោយ​មនុស្សទោស​​គ្រប់​គ្នា​ខ្លាច​ណាស់​។​

   ឯក្រុមនោះក៏បានរៀបបាយទឹកទទួលខ្ញុំដែលជាកាប៉ូរ៉ាល់ថ្មី ដោយម្ហូបចំណីយ៉ាងសំបូរព្រោះកន្លែងនោះសំបូរគ្រឿង​ក្លែម​ស្រាប់​ផង ហើយ​​មាន​មនុស្ស​ទៅ​បំរើ​ដាំ​ស្ល​ជាប់​ពី​កាប៉ូ​រ៉ាល់​មុន​មក​ផង​។ ផ្ទះ​ដែល​នៅ​នោះ​ជា​របៀបផ្ទះតៀមទទឹង៨ម៉ែត្រ បណ្ដោយ១២​ម៉ែត្រ​មាន​​ពីរ​បន្ទាប់ ប្រក់​ស្បូវ​ជញ្ជាំង​ស្បូវ តែ​ទ្វារ​ពី​មុខ​ធ្វើ​ពី​ក្ដារ​ស្រ​ឡៅ​យ៉ាង​ស្អាត​។ ផ្ទះបាយដោយខ្លួនប្រក់ស្បូវ​ជញ្ជាំងស្បូវដូចគ្នា។

   និយាយពីទេសភាពកន្លែងនៅដិកយុកនោះ មានទំហំដីចំនួនប្រហែលជា ៣០ហិកតា មានដើមចេក និង​ដូង​ច្រើន​ណាស់​។ មាន​ភ្នំ​ថ្ម​នៅ​ពី​ខាង​ក្រោយ​កំពស់​ប្រ​ហែល​៤០០​ម៉ែត្រ ហើយ​មាន​ភ្នំ​ខ្សាច់​នៅ​មុខ​កំពស់​ប្រ​ហែល​៣០ម៉ែត្រ ប្រវែងប្រហែល ពីរគីឡូម៉ែត្រ​។ ចុះ​ទៅ​ខាង​ឆ្វេង​មាន​ព្រែក​មួយ​វែង​ដែល​រដូវ​ភ្លៀង​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​។ ប៉ុន្ដែដល់ខែប្រាំងវិញព្រែកនោះក៏រីងទឹក ហើយសំបូរត្រី​ទឹក​សាប​ណាស់ ដូច​ជា​ត្រី​រ៉ស់ ត្រី​ក្រាញ់ ត្រី​អណ្ដែងត្រី​ឆ្លាត​៘ កន្លែង​ដិក​យុក នោះ​ដូច​ជា​បាត​ខ្ទះ ដែលដល់រដូវវស្សាមានខ្យល់បក់មកពីសមុទ្រយ៉ាង​ខ្លាំង​ទៅ​ប៉ះ​នឹង​ភ្នំ​ថ្ម​ខាង​ក្រោយ​ហើយ​វិល​ទៅ​កាន់​សមុទ្រ​វិញ គឺ​គួច​វិល​ទៅ​វិលមកដូច្នេះឯង។ លើភ្នំនោះមានដើមឈើ​ធំៗ​ដុះ​ច្រូង​ច្រាង​ពាស​ពេញ​ភ្នំ មើល​ទៅ​ខៀវ​ស្រងាត់​។ ចំណែក​ភ្នំ​ខ្សាច់​វិញ មើល​ទៅ​សមុទ្រ​ឃើញ​ទឹក​ខៀវ​ស្រស់គួរអោយសប្បាយរីករាយ។ តាមមាត់​សមុទ្រ ដី​ខ្សាច់​ស​ស្គុស​​មើល​ទៅ​ដូច​ស្ករ​ស រឺ​អំបិល​ស​ដូច្នេះ​ឯង​។

   ក្រោយពេលបាយ ខ្ញុំបានសួរពត៌មានអ្នកបំរើម្នាក់ជាតិយួន។ យួននោះឈ្មោះ ស្វៀងវី ជាពួកកៅដាយជាប់​ចោទ​ពី​បទ​នាំ​បះ​បោរ​ប្រ​ឆាំង​នឹង​បារាំង​។ វា​បាន​ប្រាប់​ថា នៅ​កន្លែង​នេះ​គ្មាន​អ្វី​ជា​ការ​លំបាក​ប៉ុន្មាន​ទេ ត្បិតកាប៉ូរ៉ាល់មុនគេបានរៀបចំចែកមុខការរួច​ស្រេច​ហើយ គឺ​ក្នុង​មនុស្ស​ទោស​ម្នាក់​ៗ អោយ​កាន់​កាប់​ថែ​រក្សា​ដំណាំ​ចំនួន​២៥​រង​។ ឯ​ដំណាំ​អ្វី​ៗ​ស្រេចនៅលើកាប៉ូរ៉ាល់គេបញ្ជា​អោយ​​ដាំ ចំពោះ​គ្រប់​ពូច​បន្លែ​គេ​មាន​ទុក​បំរុង​ស្រាប់​។ រី​ឯ​ចំការ​ចេក គេ​ចាត់​អោយ​ម្នាក់​ថែ​រក្សា​ពីរ​ហិកតា​។ ចំ ណែកខាងចំការដូងឥតមានចាត់អោយ​ថែ​រក្សា​ទេ​។ ឯ​មនុស្ស​ទោស​១០ ឬ​១២​នាក់​គេ​ទុក​បំរុង​សំរាប់​ធ្វើ​ការ​ផ្សេង​ៗ សំរាប់​អោយ​កាប់​គាស់​រានព្រៃចំនួន៤-៥ ហិកតាទុកបំរុងដាំ​ត្រឡាច ល្ពៅ​នៅ​រដូវ​ភ្លៀង​តាម​ត្រូវ​ការ​។ នៅ​កន្លែង​ដិក​យុក​នេះ​ដី​មាន​ជី​ជាតិ​ល្អ​ណាស់ ពី​ព្រោះ​ដី​តែង​តែ​ហូរ​ទំលាក់ពីលើភ្នំមកលើដីទំនាប​ទាំង​អស់​នោះ សូម្បី​នៅ​ខែប្រាំង​ក៏​ដី​នោះ​នៅ​សើម​ៗ​ដែរ គេ​ជីក​អណ្ដូង​ជំរៅ​ចំនួន​១​ម៉ែត្រ​កន្លះ​អាច​ចេញ​ទឹក​កន្លះ​ម៉ែត្រហើយមិនចេះរីង។ មនុស្ស​ចំនួន​១០​​នាក់​ដែល​នៅ​ផ្ទះ​៧-​៨​ខ្នង ប្រើ​ទឹក​តែ​អណ្ដូង​មួយ​ប៉ុណ្ណោះ​បាន​យ៉ាង​គ្រាប់​គ្រាន់​ឥត​ខ្វះ​ខាត​ទឹក​ឡើយ​។ ទឹកនោះថ្លាស្អាតមានអោជា​រស ពិសា​ឥត​ភ្លាវឡើយ អាច​ដាំ​​ហើយ​​ឆុង​​តែ​​បាន​​យ៉ាង​មាន​ឱជា​រស​ផង​ទៀត​។ នៅ​កន្លែង​នោះ​មាន​អាកាស​ត្រ​ជាក់​ណាស់ ដោយនៅរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់មិន​ដាច់ ជួន​ណា​ភ្លៀង​ជាប់​៣​ថ្ងៃ​៣​យប់​ក៏​មាន ជា​ហេតុ​នាំ​អោយ​ត្រជាក់​ស្រឺត​ៗ​ព្រឺ​ឆ្អឹង​ខ្នង ទៅ​ជា​ស្រៀវ​គ្រុន​។ ឯជំងឺគ្រុនចាញ់​បណ្ដាល​មក​ពី​អាកាស​ត្រ​ជាក់​ផង មក​ពី​ខ្យល់​វិល​វល់​នោះ​ផង មក​ពី​មូស​ដែក​គោល​ខាំ​ផង​។ គេ​ត្រូវ​ប្រ​យ័ត្ន​ណាស់​នៅកន្លែងនោះ ប៉ុន្ដែមនុស្ស​ទោស​គ្នា​​មិន​​ដឹង​​បាន​អ្វី​ប្រ​យ័ត្ន​ទេ បើ​មុង​ក៏​គ្មាន​ថ្នាំ​សង្គូវ​ក៏​គ្មាន​។ គ្នា​ត្រូវ​តែ​ផ្សង​តាម​យថា​កម្ម​ស្លាប់​អង់​កាល់​​ក៏​ស្លាប់​ទៅ។

   ខ្ញុំទៅនៅដិកយុកបាន២០ថ្ងៃក៏ចាប់មានជំងឺគ្រុនចាញ់ឡើង។ មុនដំបូងស្រៀវគ្រុនឈឺក្បាល រហូតដល់គ្រុនខ្លាំង​រហូត​ដល់​ដោះ​ទុក្ខ​សត្វ​តូច​ធំ​នៅ​នឹង​កន្លែង ដោយ​ងើប​ដើរ​ទៅ​ណា​មិន​រួច គ្មាន​សង្ឃឹម​ថា​បាន​រស់​រានមានជីវិតត្រលប់មកស្រុកវិញបានឡើយ។ ពេល​មួយ​នោះ​ខ្ញុំ​ប្រឹង​ប្រែង​ជំនះ​នឹង​ចិត្ដ​ដើរ​ទៅ​បត់​ជើង​នៅ​ខាង​ក្រៅ​ផ្ទះ​ដើរ​បានតែពីរបីជំហាន ស្រាប់តែវិលមុខ ងងឹតដូលប្រូស​ទៅ​ដី​ដោយ​មិន​ដឹង​ខ្លួន​សោះ ហើយ​ឥត​នរ​ណា​ដឹង​សោះ​។ ជួន​ពេល​នោះ​អ្នក​ដាំ​បាយ​ក៏​មិន​នូវ បង​ហ​ក៏​មិន​នៅ​។ ប្រ​ហែល​មួយ​ម៉ោង ទើបបងហត្រលប់មកពី​រក​ថ្នាំ​រិស​ឈើ​​វិញ​​បាន​ឃើញ​ខ្ញុំ​ដួល​នៅ​ដី គាត់​ភិត​ភ័យ​លើក​គ្រាហ៍​ខ្ញុំ​នាំ ចូល​ទៅ​ក្នុង​បន្ទប់​វិញ។ សូមជំរាបថាខ្លួនខ្ញុំពេលនោះស្អុយចេញ​ពី​​ខ្លួន ស្គម​នៅ​តែ​ឆ្អឹង​រគាម បាយ​បបរ​អ្វី​ក៏​ទទួល​ទាន​មិន​កើត​។ មិត្ដ​ហ​បាន​ទៅ​រក​រិស​ឈើ​ព្រៃ​មក​ដាំ​អោយ​ទទួល​ទាន ព្រមទាំងលេបគីណា​គ្រីន​ដែល​លោកទូស​ទូ​ទុក​អោយ​ ១០​គ្រាប់​ផង ក៏​បាន​ធូរ​គ្រាន់​បើ​អស់​វារៈ​មួយ​ខែ​ទើប​ជា​។ មិត្ដ​ហ​បាន​និយាយ​ប្រាប់ខ្ញុំថា គាត់មិនស្មានថា ខ្ញុំ​បាន​ជា​​ឡើយ មែន​ហើយ​ខ្ញុំ​ក៏​មិន​ស្មាន​យ៉ាង​នោះ​ដែរ។ ការ​រស់​នៅ​គឺ រស់​ដោយ​សារ​គុណ​បុណ្យ​មាតា​បិតា​ជួយ​ជ្រោម​ជ្រែង​អោយ​មានជីវិត​មិន​អោយ​ស្លាប់​។

   លុះខ្ញុំបានជាស្រួលបួលឡើងវិញហើយ ទើបមិត្ដហគាត់បាននិយាយប្រាប់ខ្ញុំថា នៅកន្លែងយើងសព្វថ្ងៃនេះ​មានម​នុស្ស​ទោស​ក្បាល​ខូច ៤-​៥​នាក់ ជា​មេ​រឹង​រូស​ប្រ​ឆាំង​នឹង​កិច្ច​ការ​ដែល​បាន​ដាក់​អោយ​ធ្វើ នាំអោយបនុស្សឯទៀតយកតំរាប់តាមមាន ឈ្មោះ អាន់​បាឌិក និង​ឈ្មោះ​​ទ្រី​វ៉ាង​ជា​ដើម​។ ពួក​វា​នេះ ដូច​សត្វ​ខ្លា​ដំបង​សុទ្ធ ​តែ​មាន​ទោស​ឧក្រិដ្ឋ​ដល់​អាយុ​ទាំង​អស់​គ្នា ដោ យជាប់ចោទពីបទលួចប្លន់ និង​ធ្វើ​មនុស្ស​ឃាត​។ ខ្លួន​វា​បាន​សាក់​ខ្មៅ​ងងឹត​ពេញ​ខ្លួន ពី​ក​ជើង​ដល់​ក​។ មាន​សាក់​ជា​រូប​នាគ​នៅ​ដើម​ទ្រូង​។ ឯពោះវាសាក់រូបខ្លាដំបងមើលទៅ​គួរ​អោយ​ខ្លាច​​ណាស់​។ ភ្នែក​ឡើង​ក្រហម បើ​សំលឹង​យូរ​ៗ​ទៅ​ដូច​ជា​មិន​មែន​មនុស្ស​ទេ ខ្ញុំ​បាន​សុំ​អោយបងហ ជួយដោះស្រាយបញ្ហានេះ​។ គាត់​ក៏​បាន​ឆ្លើយ​ថា ត្រូវ​តែ​ធ្វើ​យ៉ាង​ម៉េច​កុំ​អោយ​មនុស្ស​ទុច្ច​រិត​ប៉ុន្មាន​នាក់​នេះ​នៅ​កន្លែង​នេះ​បាន​។ បើយើងមិនកំចាត់វាទេយើងនៅកន្លែង​នេះមិន​បាន​សុខ​ឡើយ​។ មុន​​ដំបូង​​ខ្ញុំ​គិត​ថា​ត្រូវ​តែ​ប្ដឹង​លោក​ទូស​ទូ​អោយ​ផ្លាស់​វា​ចេញ​ពី​ទី​នេះ ត្បិតវាជាមនុស្សអាក្រក់នាំបះបោរ ប៉ុន្ដែមិត្ដ​ហ​ប្រាប់​​ថា​ធ្វើ​ដូច្នេះ​​ទៅ​ បើ​លោក​ទូស​ទូ​មិន​រវល់​ចាត់​ការ​តាម​យើង​សុំ ត្រលប់​ទៅ​ជា​ថា​យើង​មិន​ចេះ​ធ្វើ​ការ ធ្វើ​ការ​ប៉ុណ្ណឹងមិនកើត យើង​នឹង​អា​ក្រក់​ទៅ​វិញ មិត្ដ​ហ​អោយ​​យោ​បល់​ថា ត្រូវ​អោយ​ខ្ញុំ​ធ្វើ​ការ​វា​យ៉ាង​ណា អោយ​ក្ដៅ​ដៃ​បំផុត​ដើម្បី​បំបាក់​វាអោយបាក់ស្បាតតែម្ដង អោយ​ក្លាច​ខ្ញុំ​រាប​ទាំង​ពួក​វា ទាំង​ពួក​មនុស្ស​ទោស​ឯ​ទៀត​ផង ព្រោះ​ខ្លួន​ខ្ញុំ​ក៏​ធ្លាប់​ល្បី​ឈ្មោះ​ជា​អ្នក​កីឡា​ជើង​ឯក គេ​ខ្លាច​ស្រាប់​ហើយ។ ដល់ជំនុំ​គ្នា​រក​ឧបាយ​ឃើញ​ហើយ ទើប​ខ្ញុំ​ចាត់​អោយ​បង​ហ​ទៅ​កាប់​ចេក​នៅ​ចំការ​បាន​២​ស្ទង​យក​ទៅ​ដាក់​ទុក​ក្បែរផ្ទះពួកវានោះក្នុងវេលាយប់ ព្រមទាំង​យក​​ខោ​​អាវ​​ពីរ​​សំរាប់​និង​​ប៉ោត​ប្រេង​កាត​ទទេ​១​ទៅ​ជា​មួយ​ផង ត្បិត​នៅ​ផ្ទះ​ពួក​វា​នៅ​ខាង​ក្រោយ​ឆ្ងាយ​ជា​ព្រៃ​ភ្នំ​ញឹក​ថែមទៀតជាការ​ងាយ​ស្រួល​នឹង​​ធ្វើ​កល​ល្បិច​។

   លុះកន្លងបានមួយថ្ងៃ អ្នកយាមចំការចេកបានមកប្ដឹងថា មានចោរលួចចេកបាត់ពីរស្ទងធំពីយប់​មិញ​។ ខ្ញុំ​បញ្ជា​អោយ​គេ​វាយ​រគាំង​ប្រជុំ​មនុស្ស​ទោស​ទាំង​អស់​នៅ​មុខ​ផ្ទះ​ខ្ញុំ​ដើម្បី​អោយ​ជួយ​រក​ចេក​នោះ​។ ខ្ញុំបានអោយខ្មែរក្រោមម្នាក់ចាំប្រែភាសាខ្មែរ ជាភាសាយួន​អោយ​ពួក​នោះ​ទាំង​អស់​ស្ដាប់​។ ខ្ញុំ​ថា​ឥឡូវ​មាន​ចោរ​លួច​ចេក​ពីរ​ស្ទង​នៅ​ចំការ តាមស្មានទៅមិនមែនចោរពី ណាក្រៅ ពីក្រុមយើង​ឡើយ​។ ខ្ញុំ​បាន​មក​នៅ​ទី​នេះ​៣​ខែ​ហើយ មិន​ដែល​ធ្វើ​អ្វី​អោយ​ព្រួយ​បា​រម្មណ៍​ដល់​បង​ប្អូន​ឡើយ ទើប​តែ​ពេលនេះមានកើតចោរកម្មនៅបរិវេកន្លែង​យើង​។ ហេតុ​​នេះ​ខ្ញុំ​ត្រូវ​ការ​រក​មុខ​ចោរ​លួច​នោះ​អោយ​ឃើញ​។ បើ​បង​ប្អូន​ណា ជ្រុល​លួច​ទៅហើយសុំនិយាយតាមត្រង់ទៅចុះ។ បើ​មិន​ដូច្នេះ​ទេ តែ​បើ​ខ្ញុំ​ឃើញ​របស់​ដែល​បាត់​នោះ​នៅ​ក្នុង​ផ្ទះ​ក្ដី​ក្រៅ​ផ្ទះរបស់​បង​ប្អូន​ណា ខ្ញុំនឹងសុំធ្វើទោសផ្ទាល់ដៃខ្ញុំតែម្ដង ហើយកុំថាខ្ញុំកាចអោយ​សោះ​! ខ្ញុំ​សួរ​ថា​​ស្ដាប់​បាន​ទេ? ពួក​ទាំង​នោះ​ឆ្លើ យ​ថា បាទ​ស្ដាប់​បាន​ហើយ​! ខ្ញុំ​ក៏​ប្រ​កាស​ត​ទៅ​ទៀត​ថា ខ្ញុំសុំទុកពេលអោយ១០ នាទីសំរាប់​គិត​អោយ​​វែង​ឆ្ងាយ​បន្ដិច ប៉ុន្ដែ​បើ​គ្រប់​១០​នាទី​ហើយ​គ្មាន​បង​ប្អូន​ណា​ទទួល​សារ​ភាព​ទេ ខ្ញុំ​នឹង​ចាត់​ការ​ទៅ​តាម​ច្បាប់​!។

   ១០នាទីកន្លងទៅ ខ្ញុំចាត់អោយមនុស្សទោសទាំងអស់បំបែកគ្នាជាបួនក្រុម ទើបខ្ញុំចាត់អោយក្រុមណា​នៅ​ខាង​កើត អោយ​ទៅ​រក​ទិស​ខាង​លិច ក្រុម​ខាង​លិច​អោយ​ទៅ​រក​ខាង​កើត ក្រុម​ខាង​ត្បូង​អោយ​ទៅ​រក​ខាង​ជើង ឯក្រុមខាងជើងអោយទៅ រកខាងត្បូង។ ខ្ញុំ​ថា​ក្នុង​រយៈ​ពេល​ពី​ពីរ​ទៅ​បីម៉ោង​ត្រូវ​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ​វិញ​។ ក្រោយ​ពេល​ដែល​បានចាត់អោយទៅអស់ហើយ ហើយខ្ញុំក៏​រង់​ចាំ​លទ្ធ​ផល​។

   ប្រមាណជាពីរម៉ោង នៅវេលាដែលក្រលេកឃើញពីរនាក់ ដើរយ៉ាងលឿនសំដៅមកផ្ទះខ្ញុំ ខ្ញុំក៏ក្រោក​ឡើង​ទទួល​។ គេ​និយាយ​ប្រាប់​ខ្ញុំ​ថា ឃើញ​ចេក​នោះ​ហើយ​ព្រម​ទាំង​មាន​ខោ​អាវ​ពីរ​សំរាប់​ និង​ប៉ោតប្រេកាតមួយផង លាក់នៅក្រោយផ្ទះអាន់បា ឌិក ចំនួន​ប្រ​ហែល​១០០​ម៉ែត្រ​។ លឺ​ដូច្នេះ​ ខ្ញុំ​ក៏​ទៅ​ជា​មួយ​អ្នក​ពីរ​នាក់​នោះ​ទៅ​ដល់​ទី​កន្លែង ក៏បានឃើញច្បាស់នឹងភ្នែកមែន ទើបខ្ញុំប្រើគេអោយ​រត់​ទៅ​​វាយ​រគាំង​ប្រជុំ​គ្នា​ជា​ប្រញាប់​។ ប្រ​ហែល​ជា​មួយ​ម៉ោង​ក្រោយ​គឺ​ម៉ោង​១១​ថ្ងៃ​ត្រង់ ដែល​ជា​វេលា ជិតដល់ពេលបាយ នៅពេលមនុស្សទោស​ជួប​ជុំ​ហើយ ខ្ញុំ​បាន​ប្រកាស​ថា ថ្ងៃ​នេះ​ក្នុង​បរិ​វេណ​យើង មាន​មនុស្ស​ទោស​មាន​បំណង​បំរុងធ្វើទូករត់ ហេតុនេះខ្ញុំសុំបងប្អូនជួយកិច្ច​ការ​នេះ​អោយ​ស្រេច​។ ឥឡូវ​នេះ​សុំ​ទៅ​តាម​ខ្ញុំ​ទាំង​អស់​គ្នា ខ្ញុំ​នាំ​អ្នក​ទាំង​អស់​នោះ​ទៅ​ផ្ទះ​ឈ្មោះ​ឌឹក​។ ខ្ញុំ​សួរ​ទៅ​ឈ្មោះ​ឌឹកថា ផ្ទះនេះជាផ្ទះ​នរ​ណា​? ឈ្មោះ​ឌឹក​ឆ្លើយ​ថា​ផ្ទះ​របស់​ខ្ញុំ! ខ្ញុំ​សួរ​ត​ទៅ​ទៀត​ថា បង​ឯង​មាន​លួច​ចេក​ពីរ​ស្ទង ព្រម​ទាំង​សំពត់​អាវនិងប៉ោតទេ? ឈ្មោះនេះឆ្លើយថា​ឥត​បាន​​លួច​ទេ​។ ខ្ញុំ​នាំ​សាមី​ខ្លួន​ព្រម​ទាំង​អ្នក​ឯ​ទៀត​ទៅ​កន្លែង​នោះ ហើយ​ចង្អុល​ទៅ​វត្ថុ​ទាំង​នោះ ហើយ​សួរ​ថា​របស់​អ្នក​ណា? វាឆ្លើយ​ថាមិន​មិន​មែន​របស់​វា​ទេ​! ខ្ញុំ​ក៏ បញ្ជា​អោយ​មនុស្ស​ទោស​ឯ​ទៀត​ជញ្ជូន​របស់​ទាំង​នោះ​ទៅ​ឯ​ផ្ទះ​ខ្ញុំ​វិញ​។ ខ្ញុំ​បង្គាប់​អោយ​ទាំងអស់គ្នាឈរតំរៀបជាពីរ​ជួរ​ទើប​ខ្ញុំ​ហៅ​ឈ្មោះ​ឌឹក​អោយ​ចេញ​មក​ឈរ​ចំពោះ​មុខ​ខ្ញុំ​។ ទើប​ខ្ញុំ​សួរ​ដោយ​ទន់​ភ្លន់​មុន​ដំបូង​ថា ឌឹក​ឯង​និយាយ​អោយត្រង់មកចុះ ខ្ញុំមិនធ្វើ​បាន​អ្វី​ទេ ឌឹក​ឯង​ដឹង​ស្រាប់​ហើយ ខ្ញុំ​​ចូល​ចិត្ដ​តែ​មនុស្ស​ល្អ មិន​ចូល​ចិត្ដ​មនុស្ស​អា​ក្រក់​រឹង​រូស​ដាក់​ខ្ញុំ​ទេ ខ្ញុំ​ចូល​ចិត្ដ​ធ្វើ​ល្អ និងមនុស្សគ្នាឯង​ណាស់ តែ​ខ្ញុំ​សុំ​អោយ​ឌឹក​ឯង​និង​បង​ប្អូន​ទាំង​អស់​ស្ដាប់​សំដី​ខ្ញុំ​អោយ​ច្បាស់ តែ​មាន​មនុស្ស​មើល​ងាយ​ខ្ញុំ ឬ​មួយ​រក​រឿង​ហេតុ​នឹងខ្ញុំនោះ ខ្ញុំលែង​ខ្លាច​អ្នក​នោះ​ហើយ​ព្រម​ទាំង​សំគាល់​ថា​​មនុស្ស​​នោះ​ជាស​ត្រូវ​នឹង​​ខ្ញុំ​ថែម​ទៀត​! ហើយ​ខ្ញុំ​ក៏​ឈប់​គោ​រព​រាប់​អាន​អ្នក​នោះ​ត​ទៅ​ទៀត ទុកអោយគេ​ធំ​តែ​ម្នាក់​ឯង​ទៅចុះ​។ ពោល​នេះ​ខ្ញុំ​​សូម​អោយ បង​ឌឹក​ឯង​ប្រាប់​មក​មើល តើ​ខ្លួន​បំរុង​នឹង​ធ្វើ​ទូក​រត់​មែន​ទេ​? មាន​បក្ខ​ពួក​ខ្លួន​ប៉ុន្មាន​នាក់​? ឈ្មោះ​ណា​ខ្លះ​? សុំ​អោយ​ឌឹក ឯង​ប្រាប់​អោយ​ត្រង់​មក វា​ឆ្លើយ​បដិ​សេធ​ថា​ ពុំ​បាន​ធ្វើ​ទូក​បំរុង​រត់​ទេ! ខ្ញុំ​សូម​បន្ថែម​ទៅ​ទៀត​ថា បើដូច្នេះម្ដេចក៏​មាន​ចេក សំពត់​អាវ និង​ប៉ោត​នៅ​​ក្រោយ​ផ្ទះ​ខ្លួន​? អោយ​ខ្ញុំ​ជឿ​ដូច​មេ្ដ​កើត​! វា​ឆ្លើយ​បដិ​សេធ​ដដែល​។ ខ្ញុំ​ក៏​ដើរ​ចូល​ទៅ​ជិត​ហើយ​ពោល​បន្ថែម​ចុង​ក្រោយ​ថា ប្រាកដ​ជា​គ្មាន​មែន​រឺ​? រួច​ខ្ញុំ​ដាល់​មួយដៃភិបត្រង់ដើម​ទ្រូង​វា រួច​ប្រាប់​ថា​ឆ្លើយ​អោយ​ត្រង់​មក​! វា​នៅ​ប្រកាន់​ពាក្យ​មុន​ថា​ទេ​ទេ​ដដែល​។ តាមពិត​វា​មិន​ដឹង​មែន ប៉ុន្ដែ​ខ្ញុំ​ត្រូវងបង្ក្រាប​វា​​អោយ​ហើយ កុំ​អោយ​វា​បះ​បោរ​ទាន់ ខ្ញុំ​ក៏​ដាក់​ថែម​មួយ​ដៃ​ទៀត​ត្រង់​ថ្គាម វា​ក៏​ដួល​នៅ​​ដី​​ហើយ​ស្រែក​អង្វរ​​ខ្ញុំ ខ្ញុំ​ទាត់​ថែម​១​ជើង​ចំ​មុខ​ទៀត​រមៀលពីរបី​ត្រ​លប់​។ ខ្ញុំ​ហៅ​អោ យ​ក្រោក​ឈរ​ឡើង លុះ​ក្រោក​ឡើង​ក៏​សំពះ​ក្រាប​ក្បាល​ដល់​ដី​ដោយ​ពោល​ថា អត់​ទោស​កាប៉ូ​រ៉ាល់​ខ្ញុំ​អត់​ធ្វើ​ដូច្នេះ​ទេ​ហើយ ឥត​បក្ខ​ពួក​ទេ​។ ជា​ការ​បដិ​សេធ​របស់​វា ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​កំហឹង ខ្ញុំ​ដាល់​ថែម​មួយ​ដៃ​ទៀត​ចំ​មុខ ចេញឈាមរ៉ាវពីមាត់ ពីច្រមុះដូលទៅដីម្ដងទៀត។ លុះ​វា​ក្រោក​ឈរ​ឡើង​តាម​បង្គាប់​ខ្ញុំ​ម្ដង​ទៀត ខ្ញុំ​ក៏​ចូល​ទៅ​ជិត​វា​រួច​យក​ដៃទាំង​ពីរ​ទាញ​ក្បាល​មក​ជិត ហើយខ្ញុំលើកជង្គង់​បុក​ចំកណ្ដាល​ដើម​ទ្រូង​និង​ចំ​មុខ​វា​ថែម​ម្ដង​ទៀត​។ លើក​ក្រោយ​នេះ​អា​ឌឹក​ដួល​លែង​ងើប​រួច​តែ​ម្ដង ដេក​ផ្ញា​ពោះ​នៅ​កណ្ដាល​ចំណោមមនុស្សទាំងនោះ។ ទើប​ខ្ញុំ​និយាយ​ដោយ​កំហឹង​ខ្លាំង​ៗ​ថា នៅ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​នេះ នៅមាន​បក្ខ​ពួក​អា​ឌឹក​ទៀត​ប្រ​យ័ត្ន​ណា​!​។ បង​ប្អូន​ឃើញនិងភ្នែក​ច្បាស់​ស្រាប់​ហើយ មិន​គួរ​បើ​ខ្ញុំ​ដែល​ជា​អ្នក​ទោស​ដូច​ជា​បង​ប្អូន​ដែរ ហើយ​ទៅ​វាយ​ដំបង​​ប្អូន​អ្នក​ទោស​ដូច​គ្នា​យ៉ាង​នេះសោះ។ នេះមកពីឈ្មោះឌឹកមិន​ព្រម​ឆ្លើយ​ត្រង់​ប្រាប់​ខ្ញុំ! ហេតុ​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អោយ​ដឹង​ដៃ​ខ្ញុំ ដែល​ខ្ញុំ​មក​ត្រួត​ត្រា​ទី​ទី​នេះ​គឺ​លោក​ទូស​ទូ មេ​ក្រសួង​សំងាត់លោកចាត់​ខ្ញុំ​មក ដើម្បី​រក្សា​សេច​ក្ដី​រៀប​រយ ការ​ពារ​កុំ​អោយ​មាន​មនុស្ស​ទោស​ធ្វើ​ទូក​រត់​ ឥឡូវ​​ឈ្មោះ​ឌឹក​បាន​បំពារ​បំពាន​ហ៊ានធ្វើទូកក្នុងបំណងរត់ទៅដីគោក តើ​អោយ​ខ្ញុំ​អត់​អោន​ដូច​ម្ដេច​បាន​? ឥឡូវ​ខ្ញុំ​សំរេច​ចិត្ដ​ត្រូវ​បញ្ជូន​ឈ្មោះ​​ឌឹក​ទៅ​ជូន​លោក​ធំ តាម​តែ​លោកសំរេចយ៉ាងណាទៅចុះ ហេតុ​នោះ​សុំ​បង​ប្អូន​បំបែក​ជួរ​ទៅ​បាយ​ទឹក​ចុះ ប៉ុន្ដែ​សុំ​យក​ឈ្មោះ​ឌឹក​ទៅ​ចង​ដៃ​ជើង​ទុក​មួយ​អន្លើ​សិន​ចាំ​ព្រឹក​ស្អែក សឹម​បញ្ជូន​ទៅ​ក្រុង​!​។

   លុះស្អែកឡើងខ្ញុំបានធ្វើសេចក្ដីរាយការណ៍បញ្ជូនឈ្មោះឌឹកទៅកាន់ទីក្រុងកោះត្រឡាច។ ឈ្មោះឌឹកត្រូវគេចង​ជើង​ដៃ​ដូច​សត្វ​ជ្រូក ហើយ​មនុស្ស​ទោស​៤​នាក់​សែង​ទៅ​ជា​របៀប​សែង​ជ្រូក​ដែរ ព្រម​ទាំង​របស់​ទាំងអស់ គឺចេកពីរស្ទង ខោអាវ និងប៉ោតដើម្បីជា​ភស្ដុ​តាង​។ លុះ​ទៅ​ដល់​ក្រសួង​សំងាត់ ក្រលេក​ឃើញ​ដូច្នោះ លោក​ទូស​ទូ​បាន​ចុះ​ពី​លើផ្ទះមកសួរខ្ញុំថា មានរឿ ងអ្វី? ខ្ញុំក៏ជំរាបលោកវិញ​​តាម​ដំណើរ​ដែល​ឈ្មោះ​ឌឹក​មាន​គំរោង​ការ​ធ្វើ​ទូក​បំរុង​រត់ តែ​ដោយ​ខ្ញុំ​ដឹង​ការណ៍ ក៏​បំណង​របស់​វា​ពុំបានសំរេច។ ខ្ញុំបានហៅចាប់វា ហើយ​វា​ចង់​ត​ដៃ​នឹង​ខ្ញុំ គឺចង់​ចាក់​ខ្ញុំ​វិញ​។ លោក​ងក់​ក្បាល​រួច​ទទួល​ពាក្យ​ពី​ខ្ញុំ ក៏ដើរឡើងទៅ ទីចាត់ការ។ ក្រោយនោះបន្ដិចឃើញមានសំបុត្រ​​មួយ​ច្បាប់​ចេញ​មក​បង្គាប់​អោយ​យក​អា​ឌឹក​ទៅ​ទុក​ឯ​គុក​លេខ​៧ ដែល​ជា​កន្លែង​ធ្វើ​ទារុណ​កម្ម​ធំ​បង្អស់​នៅកោះត្រឡាច។ ខ្ញុំនឹកថាគ្រោងការ​របស់​ខ្ញុំ​បាន​សំ​រេច​ហើយ រួច​ខ្ញុំ​ត្រលប់​ទៅ​ចាំ​លោក​ទូស​ទូ ឯ​ផ្ទះ​លោក ដើម្បី​ជំរាប​ពី​បក្ខ​ពួក​របស់​អា​ឌឹក​ដែលនៅសល់បន្ថែមលើសេចក្ដី​រាយ​ការណ៍​អោយ​រិត​តែ​​ច្បាស់​ឡើង​ទៀត​។ នៅ​វេលា​ដែល​លោក​អញ្ជើញ​មក​ដល់​ផ្ទះ​នៅ​វេលា​ម៉ោង​១១​កន្លះ​ខ្ញុំ​ក៏​បាន​រៀប​រាប់​សព្វគ្រប់ បន្ថែម​លើ​លិខិត​ជាលាយ​លក្ខណ៍​​អក្សរ​​ទៅ​​ទៀត​ដោយ​សុំ​អោយ​លោក​ចាត់​អោយ​ទៅ​ចាប់​បក្ខ​ពួក​វា​ឈ្មោះ​ទ្រឺ​វ៉ាង​ទៀត។

   កន្លងមកបាន៤ថ្ងៃ ខ្ញុំបានឃើញក្រុមសំងាត់ពីរនាក់ទៅចាប់ឈ្មោះទ្រី វ៉ាង។ ឈ្មោះនេះបាន​សំពះ​ខ្ញុំ សុំ​អោយ​ជួយ​ធ្វើ​អន្ដរា​គមន៍​អោយ​វា​ផង ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំ​អាណិត​បង​ឯង​ណាស់ ប៉ុន្ដែ​ធ្វើ​ម៉េច​បើ​មាន​អាជ្ញា​ពី​លោក​ធំ​មក​អោយ​ចាប់​យ៉ាង​នេះ​។

   សូមជំរាបថាខ្មែរយើងអ្នកកាន់ព្រះពុទ្ធសាសនា តែងតែមានធម៌មេត្ដាជានិច្ច ប៉ុន្ដែនេះជាបញ្ហាស្លាប់​រស់​របស់​ខ្ញុំ​ផ្ទាល់ ខុស​ពី​រឿង​ធម្មតា នឹង​ទុក​សត្រូវ​ត​ទៅ​ទៀត​ពុំ​បាន ត្រូវ​តែ​កំចាត់​សត្រូវ​ជា​មុន កុំ​អោយ​វាបានសំរេចតាមគោលបំណងអាក្រក់របស់វាមក​លើ​យើង​​បាន​។ មុន​នឹង​ប្រើ​ឧបាយ​កល​នេះ ខ្ញុំ​បាន​គិត​ហើយ​គិត​ទៀត​ទំរាំ​បាន​សំរេច​ចិត្ដ​ថាត្រូវធ្វើយ៉ាងណាអោយពួកនេះ ខ្ទាតចេញពីកន្លែង​ខ្ញុំ​។ មួយ​វិញ​ទៀត​ពួក​យួន​ធ្វើ​ស្លូត​រក​វា​នោះ វា​ឥត​យោគ​យល់​យើង​ទេ វា​រិត​តែ​សាហាវ​ឃោ​ឃៅ​ដាក់​យើង​ថែមទៀត យើងនឹងរងគ្រោះថ្នាក់​ដោយ​សារ​វា​មិន​ខាន​។ ម្យ៉ាង​ទៀត​ពួក​វា​ទាំង​នេះ ជា​មនុស្ស​សា​ហាវ មិន​ដឹង​ជា​វា​បាន​លួច កាប់សំលាប់គេអស់ប៉ុន្មានរួចទៅហើយ ទំរាំតែចាប់បាន​យក​មក​អោយ​នៅ​ទី​នេះ​បាន​នោះ​។ ពួក​ទាំង​នេះ​លែង​មាន​ចិត្ដ​គំនិត​អ្វី ជា​មនុស្ស​សូម្បី​បន្ដិច​សោះ​ហើយ​។ យើង​មើលតែសញ្ញាដែល​វា​សាក់​ឆ្លាក់​ជាប់​នឹង​សាច់​វា​តាំង​​ពី​ជើង​ដល់​ក្បាល​នោះ ក៏​អាច​យល់​បាន​ណាស់​ទៅ​ហើយ​។ បើ​វា​ខ្លា​ដំបង​ហើយវាគ្មានស្គាល់មនុស្សទេ។ ហើយ​ចំពោះ​ខ្ញុំ​វិញ ដែល​ត្រួត​ត្រា​វា​នោះ​វា​ចាត់​ទុក​ដូច​ជា​រំពា​វា​ស្រេច​ទៅ​ហើយ ដែល​ចាំ​តែ​មាន​អោ​កាស​ល្អ វា​ក៏​និង​លេបត្របាក់ដង្ហើម​ជីវិត​ទៅ​តែ​ប៉ុណ្ណោះ​។ ឯ​នៅ​លើ ដើម​​ទ្រូង​វា វា​សាក់​ឆ្លាក់​សាច់​ជា​រូប​នាគ គឺ​វា​បាន​ប្រ​កាស​ប្រាប់​ភ្នែក​មនុស្ស​ជា​ស្រេច​ហើយថា វាជានាគរាជ វា​ជា​សត្វ​មាន​ពិស​អស្ចារ្យ ដែល​​មនុស្ស​ត្រូវ​តែ​ខ្លាច ត្រូវ​តែ​រន្ធត់​។ ដូច្នេះ​វា​លែង​មាន​លក្ខណៈ​ជា​មនុស្ស​ហើយ​។ វា​ជា​សត្វ​យ៉ាង​សា​ហាវ​បំផុត​។

   ព្រោះហេតុដូច្នេះ បើខ្ញុំត្រូថែរក្សាពួកវាដែលមានចិត្ដសាហាវដូចខ្លាដំបងមានពិសដូចពស់វែកនោះទុកនៅអោយ​ទាល់​តែ​វា​ទះ​ក្បាល​យើង ចឹក​យើង​សំលាប់​នោះ​ទេ ត្រូវ​តែ​ធ្វើ​អោយ​វា​បាក់​ស្បាត​មុន​អោយ​ហើយ អោយវាខ្លាចចុះញ៉មអោយហើយ ទើបយើងមាន​សេច​ក្ដី​សុខ​ឥត​ព្រួយ​បារម្ភ​អ្វី ឯ​ការ​ងារ​ដែល​ត្រូវ​ធ្វើ​នៅ​កន្លែង​ចំការ​នោះ ក៏​ប្រ​ព្រឹត្ដ​ទៅ​បាន​ចំរើនលូតលាស់ជាងមុខ ដោយឥតមាននរណា​ហ៊ាន​បង្អាក់​បង្ខូច​កិច្ច​ការ​របស់​ខ្ញុំ​ឡើយ​។ លុះ​ឃើញ​ខ្ញុំ​ធ្វើ​ការ​បាន​ចំរើន​ជាង​ជំនាន់​កាប៉ូ​រ៉ាល​មុន ទើបលោកទូសទូលោកពេញចិត្ដបានសរ​សើរ​ខ្ញុំ ធ្វើ​ការ​បាន​ល្អ​។ ព្រម​ទាំង​បាន​ផ្ដល់​អោយ​ខ្ញុំ​នូវ​តែ កាហ្វេ ស្ករ​ស ទឹក​ដោះ​គោ​កំប៉ុង ទឹក​ដោះ​គោ​ស្រស់ ដែលជារបស់កម្ររកបាននៅ​ទី​នោះ ហើយ​នៅ​ទី​នោះ​គេ​ហាម​ឃាត់​មិន​អោយ​មនុស្ស​ទោស មាន​របស់​ទាំង​នេះ​បរិ​ភោគ​ទេ ប៉ុន្ដែ​ដោយអំណាចលោកទូសទូស្រ​លាញ់​រាប់​អាន​ខ្ញុំដោយ​ស្មោះ បាន​ជា​ខ្ញុំ​មាន​សិទ្ធិ​បរិ​ភោគ​របស់​កម្រ​នេះ​។ មួយ​ទៀត​លោក​ធំ​នេះ​បង្គប់​អោយ​ខ្ញុំ​ចិញ្ចឹមមាន់ និងក្ងានជាច្រើន គឺ​មាន់​ប្រ​ហែល​​២០០ ក្ងាន​៣០​។ ក្នុង​មួយ​អាទិត្យ​លក់​ពង​មាន់​ម្ដង មាន​ចំនួន​១០​រៀល រឺ​១៥​រៀល យក​ទៅ​ជូន​លោក​តាម​ចំនួនពងមានតិចមាន​ច្រើន​។ ពង​មាន់​១០លក់ បាន​២៛​២៥ ឯ​មេ​មាន់​មួយ​តំលៃ​ពី ៤៛៥០ ទៅ​៥៛​។ នៅ​ពេល​ចង់​បរិ​ភោគ​សាច់​មាន់ លោក​បង្គាប់​បោយ​អោយ​មក​​សុំ​ខ្ញុំ​ចាប់ យក​មាន់​មួយ​រឺ​​ពីរ​​ទៅ​​។ ក្នុង​មួយ​ខែ​លោក​បើក​ស្រូវ​អោយ​ពីរ​បាវ​រៀង​រាល់​ខែ​ទុក​អោយ​មាន់​អាស្រ័យ​។

   មិត្ដជ្រាបទេ? បើមិនចេះវិធីក្នុងការនេសាទនេះ និងមានគ្រោះជាទំងន់។ បើមិនចេះនេសាទ ជូនណាចាក់ទៅលើ​ត្រី​បបែល ដល់​យើង​លូក​ដៃ​ទៅ​ដោះ​ខ្លួន​វា​ពី​ស្ន ស្រាប់​តែ​កន្ទុយ​វា​វា​មក​ចាក់​ត្រូវ​ដៃ ឬ​សាច់ត្រង់ណាទៅជាចុកចាប់ប្រៀបបាននឹងពិសពស់វែក​ដូច្នេះ​ឯង ប៉ុន្ដែ​មិន​ស្លាប់​ទេ​ គ្រាន់​តែ​សន្លាប់​បាត់​ស្មារ​តី​ក៏​មាន​។ ហេតុ​នេះ​អ្នក​នេ​សាទ បើគេរកបានត្រីល្មមគួរសមហើ យ គេមិនរវល់នឹង​ត្រី​បបែល​ឡើយ ទោះ​បី​ប្រទះ​ឃើញ​មាន​ច្រើន​ក៏​ដោយ ពី​ព្រោះ​ពិ​បាក​នឹង​ចាប់​វា​។ ប្រ​សិន​បើ​ចាក់​វា​បាន ត្រូវនាំទៅលើគោកយកកាំបិតកាត់កន្ទុយ​វា​ដែល​មាន​ពិស​ចេញ​សិន​ទើប​គេ​ដោះ​ខ្លួន​វា​ចេញ​ពី​ស្ន។ រី​ឯ​សាច់​បបែល​យក​ទៅ​ស្ល​ម្ជូរ​ស្លឹក​ទ្រមូង ឬ​ស្លឹក​សណ្ដាន់​បង់​ម្រះ​ព្រៅ ឬ​ម្អម​ព្រម​ទាំង​គ្រឿង​គ្រៅ​ទៅ​វា​មាន​អោ​ជា​រស​ឆ្ងាញ់​ជាង​ត្រឹ​រ៉ស់​យើង​ទៅ​ទៀត​។​

   ក្រុមសំងាត់៨នាក់សុទ្ធតែជាអ្នកនេសាទ គេដាក់វេនគ្នាអោយសាច់ត្រីខ្ញុំរៀងរាល់ថ្ងៃ ពីព្រោះនៅកន្លែង​យាម​នោះ ឥត​មាន​ធ្វើ​ការ​អ្វី​ឡើយ ជា​ហេតុ​នាំ​អោយ​មនុស្ស​ទោស​ជា​ច្រើន​ប្រា​ថ្នា​ចង់​ទៅ​នៅ​កន្លែង​នោះ គេយកត្រីមកអោយខ្ញុំជាធម្មតា ទើបបានខ្ញុំដឹងថាជាទំលាប់​របស់​គេ​ពី​មុន​មក​ដូច្នេះ​ឯង​ ដែល​គេ​ធ្លាប់​ខ្លាច​កាប៉ូ​រ៉ាល់​ប្ដឹង​អោយ​ផ្លាស់​ចេញ​ពី​កន្លែង​នោះ។

   ដល់ពេលទឹកសមុទ្រជោរឡើងធំម្ដងៗ ពួកមនុស្សទោសបានសុំច្បាប់ខ្ញុំទៅរកចាប់ត្រីទឹកសាបក្នុងព្រែកមួយ​ក្នុង​ចន្លោះ​ភ្នំ​ថ្ម និង​ភ្នំ​ខ្សាច់ ដែល​មាន​ទឹក​សមុទ្រ​ជោរ​ឡើង​ចូល​ទៅ​ក្នុង​ព្រែក​នោះ​ជា​ហេតុ​នាំ​អោយទឹកសាបលោតឡើងលើទៅផ្ដុំគ្នាមីរត្រង់កន្លែងទឹក​ធ្លាក់ ដែល​មាន​ប្រវែង​ចំនួន​៥​ម៉េត្រ ដែល​វា​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​។ គេ​ទៅ​ដល់​កន្លែង​នោះ​យកមងទៅកៀរត្រីទាំងនោះឡើងគោក រួច​គេ​ចាប់​​ដាក់​ប៉ោត​ប្រេង​កាត ដាក់​ធុង​ស្រោច​ដំណាំ​កុំ​អោយ​វា​ឆាប់​ស្លាប់​ហើយ​យក​ទៅ​ប្រោះ​ទុក​ក្នុង​ពាង​ឯ​ផ្ទះ ទុកទទួលទានបាន១០ ទៅ១៥ថ្ងៃ។ ត្រី​នោះ​មាន​​គ្រប់​​មុខ ប៉ុន្ដែ​ត្រី​ដែល​អាយុ​វែង​ជាង​គេ​គឺ​ត្រី​អណ្ដែង និង​ត្រី​ក្រាញ់ ដល់​រដូវ​ភ្លៀង​ត្រី​ទឹក​សាបមិនសូវមាននៅក្នុងព្រែកនោះ​ទេ​សំបូរ​តែ​ត្រី​សមុទ្រ​។

   លុះរដូវប្រាំងគេនាំគ្នាបណ្ដើរឆ្កែទៅរកសត្វត្រកួត រឺទន្សាយ។ ឯឆ្កែវាបោលទៅរុករកមុន កាលណាលឺសូរឆ្កែព្រុះពួកគេ​៤-​៥​នាក់​ក៏​រត់​តំរង់​ទៅ​កន្លែង​នោះ ដើម្បី​ចាប់​ទាំង​រស់ ឬ​បាញ់​និង​ស្នា​។ បើ​មាន​ពេល​ទំនេរគេនាំគ្នាដាក់អន្ទាក់យកមាន់ព្រៃ ដែលនៅទីនោះមាន​សំបូរ​ណាស់​។ មាន​ថ្ងៃ​មួយ ពួក​អ្នក​ទាក់​មាន់​ព្រៃ​ទៅ​ប្រទះ​ឃើញ​ពស់​ថ្លាន់​មួយ​ធំប្រហែលប៉ុនភ្លៅមនុស្សចាស់ ប្រវែងប្រហែលជា ៣​ម៉ែត្រ​ក៏​នាំ​គ្នា​ចាប់​ពស់​នោះ​មក​ធ្វើ​អាហារ​បរិ​ភោគ​ទៅ​។ ជួន​ណា​គេ​នាំ​គ្នា​ទៅ​រក​សត្វ​ស្វា សត្វ​ឆ្មា​ព្រៃ​។ រូបរាងឆ្មាព្រៃដូចឆ្មាស្រុកបេះបិទ តែ​ធំ​ធាត់​ជាង​​។ ចំ​ណែក​សាច់​សត្វ​ស្វាគេ​យក​មក​ធ្វើ​ម្ហូប មាន​រ៉ូ​ទី​ទឹក​ដូង​ជា​ដើម​។ ដើម្បី​ធ្វើ​រ៉ូ​ទី គេយកទឹកដូង ទៅដាំរំងាស់អោយរីងបន្ដិច យកសាច់​ស្វា​ដែល​គេ​ធ្វើ​រួច​ស្រេច​បង់​ទៅ​ក្នុង​នោះ​ហើយ​រំងាស់​ថែម​ត​ទៅ​ទៀត​។ ទើប​គេ​បង់​គ្រឿង បន្លែ​គឺ ប៉េង​ប៉ោះ ការុត ខ្ទឹម​ស ខ្ទឹម​ក្រហម​អំបិល​ទឹក​ត្រី ហើយ​រំងស់​យូរ​បន្ដិច​ទៅ​ទៀត គេ​រៀប​សា​លាត​១​ចាន​ធំ​ដើម្បី​បរិ​ភោគ​ជា​មួយ​សាច់ស្វានោះមានឱជារសឆ្ងាញ់ណាស់។ ឯ​សាច់​ឆ្មា​ព្រៃ​ក៏​គេ​យក​មក​ធ្វើ​ម្ហូប​បរិ​ភោគ ដូច​គ្នា​នឹង​សត្វ​ស្វា​ដែរ​។ ចំណែក​ឯ​ក្បាល​ស្វា​វិញ​ គេ​ធ្វើ​អោយ​ស្អាត​ហើយ​យកទៅធ្វើបបរជាមួយសណ្ដែក​បាយ​។ លុះ​ផុយ សណ្ដែក​​បន្ដិច​ហើយ​ គេ​យក​ទៅ​ហាល​ទឹក​សន្សើម​មួយ​យប់​សំរាប់​អោយ​មនុស្សកើតហ៊ើត ​ឬ​រីង​រៃ​ស្គម​ក្ដៅខ្លួនទទួល​ទាន​។ ខ្ញុំ​សង្កេត​​ឃើញ​អ្នក​មាន​រោគ​ទាំង​ប៉ុន្មាន​ប្រ​ភេទ​ខាង​លើ​នេះ បាន​ជា​សះ​ស្បើយ​សម​ប្រកប​បាន​ច្រើន​គ្នា​មែន​។ ម្យ៉ាងទៀត គេចាប់សត្វ​តុក្កែ​មួយ​ឬ​ពីរ​វាយ​អោយ​ស្លាប់ គេ​​រោល​​ភ្លើង​អោយ​របក​ស្បែក​ក្រៅ​អស់ គេ​ចិញ្ច្រាំ​សាច់​វា​អោយ​ម៉ដ្ឋ​ ហើយផ្សំគ្រើងបបរជាមួយ​អង្ករ​ក្រហម ធ្វើ​តាម​របៀប​យើង​បបរ​មាន់​ដូច្នោះ​ដែរ​។ បបរ​ឱសថ​នេះ​ទទួល​ទាន​ទៅ​ស្រួល​ខ្លួន​អាច​រំងាប់​មេ​រោគ​ដូច​ពោល​ខាង​លើ​បាន​។ នេះ​គឹ​ថ្នាំ​កែ​រោគ​តាម​របៀប​ចិន​យួន ដែល​ពួក​គេ​ធ្លាប់​ប្រើ​តាំង​ពីបុរាណ​កាល​មក​។

   នៅដិកយុកកន្លែងមាត់សមុទ្ររដូវភ្លៀង ពួកមនុស្សទោសតែងនាំគ្នាទៅមើលសត្វល្មេចនៅមាត់សមុទ្រវេលា​ម៉ោង​១៥ ល្ងាច​។ សត្វល្មេច​មាន​រូប​រាង​ដូច​អណ្ដើក​ដល់​ពេលវារៀបពងម្ដងៗវាតោងឡើងពីទឹកសមុទ្រមកគយគន់រកមើលទីកន្លែង សំរាប់ពងនៅ​ឆ្នេ​ខ្សាច់ ដែល​មាន​ដុះ​ខ្សាច់​ជា​ពំនូក​ៗ រកេត​រកូត​ពាស​ពេញ​។ សត្វល្មេចវាច្រើនអីតក្បាលពីទឹកនៅវេលាម៉ោង ១៥-១៦ល្ងាច។ បើមិនឃើញ​មាន​មនុស្ស​ម្នា​ទេ​ នៅ​ពេល​ម៉ោង​១៨​ព្រ​លប់​វា​ក៏ឡើងមករកពង។ ឯពួកមនុស្សទោសនៅ ពួនរង់ចាំអោយសត្វនេះវារកកន្លែងពងបានសិន​មិន​ទាន់​ទៅ​ជិត​វា​ទេ​។ លុះ​វា​បាន​កន្លែង​ហើយ វា​កាយ​ដី​ខ្សាច់ធ្វើរណ្ដៅដោ យជើងមុខជំរៅប្រហែល៣រឺ៤សង់ទីម៉ែត្រ ទើបវាបែរ​ក្បាល​ចេញ​ក្រៅ​រួច​ទយ​គូថ​ទៅ​ពង​ដាក់​ក្នុង​រណ្ដៅ​នោះ​។ លុះ​វា​ពង​បាន​ប្រហែលពី១៥ទៅ២០ពងហើយ ទើបពួកនោះស្ទុះទៅជួយកេះ​កកាយ​បញ្ចេញ​ពង​វា​អោយ​ចេញ​មក​ឆាប់​។ ក្នុង​ល្មេច​មួយ វា​ពង​ម្ដងៗពី២០០ ទៅ២៥០ យ៉ាងតិច។ គេលើកសត្វល្មេចនោះដាក់អោយវាផ្ងារជើងឡើង​លើ ដែល​នាំ​អោយ​វា​ទៅ​ណា​មិន​រួច នៅ​តែ​មួយ​កន្លែង​នោះ រួចគេស្រែកហៅគ្នាអោយជួយយកស្មែងមកសែងសត្វនោះទៅធ្វើម្ហូបទទួល​ទាន​តាម​ត្រូវ​ការ រៀង​ៗ​ខ្លួន​។ ស៊ុត​វា​នៅ​ក្នុង​រណ្ដៅ​ចំនួន​ពី៣៥ទៅ៤៥ថ្ងៃទើបញាស់។ នៅពេលជិតញាស់ពួកអ្នកទោសនាំគ្នារករបោយគ្រប់មុខ​មាន​ជី សាលាត​ជា​ដើម​ព្រម​ទាំង​ទឹក​ត្រី​បាញ់​ហយ​មួយ​ដប និងស្រាសពីរលីត្រជាមួយនិងឆ្នាំងចង្ក្រាន ទៅកន្លែងដែលល្មេច កប់​ស៊ុត​នោះ​។ គេ​យក​សំណាញ់​បង់​ត្រី​ព័ទ្ធ​ធ្វើ​របង​ជុំវិញ​កន្លែង​នោះ។ ដល់ពេលស៊ុតវាញាស់បាន ២-៣ម៉ោងអស់ហើយវា វារឡើងមកលើក៏ជាប់​ទើរ​នឹង​សំណាញ់ រក​ទៅ​ណា​មិន​រួច​។ គេ​ដាំ​ទឹក​អោយ​ពុះ​ចាំ​ជា​ស្រេច ទើបគេដាក់ទឹកសាបនឹងចានដែក រឺឆ្នាំងបាយក៏បាន គេចាប់កូន​ល្មេច​នោះ​១​ម្ដង​ៗ​ជ្រលក់​ទៅ​ក្នុង​ឆ្នាំង​ទឹក​ពុះ​នោះ​មួយ​ស្របក់​ក៏​យក​មក​ផ្ទាប់​នឹង​របោយ ជ្រលក់ទឹកជ្រលក់បាញ់ហយទទួលទាន ដោយក្លែមស្រាបន្ដិច​ផង មាន​ឱជា​រស​ឆ្ងាញ់​ជាង​សាច់​មាន់​ទា​គោ ទៅ​ទៀត ត្បិតស្នូកវា​នៅទន់នៅឡើយនៅច្រុបៗផ្អែមឆ្ងាញ់ណាស់ សមត្រូវនឹងស្រាសស្រឿង​ៗ​ថែម​ទៀត​នាំ​អោយ​ទទួល​ទាន​បាន​ច្រើន​ណាស់ ណា​មួយ​ត្រូវ​ខ្យល់​អាកាសសមុទ្រត្រជាក់វេលាថ្ងៃរសៀលទៀតផង នាំសប្បាយភ្លេច​សេច​ក្ដី​លំបាក​វេ​ទនា និង​ភ្លេច​ស្រុក​ទេស​១​គ្រា​ទៅ​ដែរ​។ របៀប​ទទួល​ទាន​នោះ​មិន​ខុសគ្នាពីយើងទទួលទានចាវហន ឬបាញ់ហយប៉ុន្មានទេ។