ការខំប្រឹងតស៊ូយកឥស្សរភាព
ពួកខ្មែរស្នេហាជាតិមួយក្រុមកាលជំនាន់ឆ្នាំ១៩៣៩ - ១៩៤២
(បារាំងចាប់ក្នុងឆ្នាំ១៩៤២ -១៩៤៥)

ថ្ងៃអង្គារ ទី14.មករា 2014.ម៉ោង 22:40

អំពើសេចក្ដីក្រខ្សត់អត់ឃ្លានរបស់ខ្មែរ

   នៅក្នុងដង្កាប់ដែក នៃអាណានិគមនិយមនេះ ខ្មែពុំគ្រាន់តែត្រូវរងទុក្ខឈឺចាប់ក្នុងចិត្ដដោយសារគេជិះជាន់​បំបិទ​សេរី​ភាព​ប៉ុណ្ណោះ​ទេ ខ្មែរ​ត្រូវ​រង​ទុក្ខ​ដ៏​ធ្ងន់​មួយ​ចំណែក​ទៀត គឺការខ្វះខាតនូវគ្រឿង​ឧប​ភោគ​បរិភោគ។ ការនេះគួតកត់សំគាល់តទៅអនាគត។

   សង្គ្រាមលោកលើកទីពីរ ១៩៣៨-១៩៤៥ ផ្ទុះឡើង, ផ្លូវគមនាគមន៍តាមសមុទ្រក៏ដាច់អស់រលីង ដោយមានការត្រួត​ត្រា​តាម​សមុទ្រ​យ៉ាង​តឹង​ តែង​បំផុត​។ ការ​ដឹក​នាំ​ទំនិញ​ចេញ​-​ចូល​តាមសមុទ្រត្រូវបិទឈឹង។ មានកប៉ាល់ជំនួញណាហ៊ានដឹកនាំទំនិញមកម្ដង​ម្កាល ត្រូវ​ពួក​ខ្មាំង​ស្កាត់​ចាប់​ យក​ទំនិញ​អស់ ឬ​បាញ់​ពន្លិច​ចោល​តែម្ដង។ ម្លោះហើយស្រុកយើងកាន់តែក្រីក្រទៅៗ រកតែកន្ទប នឹងវ័ណ្ឌស្ទើរពុំបាន។ ផ្ទះ​ខ្លះ​មាន​សំពត់​អាវ​តែ​ មួយ​សំរាប់​ក្នុង​គ្នា​ពីរ​នាក់​បី​នាក់​។ បើចង់ចង់ចេញក្រៅ (ទៅផ្សារ ឬទៅបុណ្យទានអ្វីៗ) តោងតែទៅម្តងម្នាក់ ត្បិតសំលៀក​បំពាក់​ពុំ​គ្រប់​គ្នា​។​ ឯ​អ្នក​នៅ​ផ្ទះ​ពុំ​ហ៊ាន​ចេញ​ក្រៅ​ទេ ត្រូវវ័ណ្ឌកន្ទោបរយ៉ីរយ៉ៃ ឬត្រូវវ័ណ្ឌមេឃ មានកំណាត់មុងកញ្ចាស់ខ្មៅពភ្លក់ ឬកំណាត់​កន្ទេល​ជា​ដើមអោយ​ តែ​បាន​បិទ​បាំង​កេរ្ដិ៍​ខ្មាស​ទៅ​។ បើ​មាន​ញាតិ​មិត្ដ​ណាមកសួររក គ្រាន់តែឆ្លើយពីក្នុងផ្ទះមក ឥតហ៊ានចេញមកទទួលភ្ញៀវ​ឡើយ ត្បិត​សំ​លៀក​ បំ​ពាក់​ខ្លួន​ ពុំ​គួរ​គប្បី​។ នេះ​និយាយ​ចំពោះ​តែ​អ្នក​ក្រ​។ ឯ​ចំ​ណែក​អ្នក​មាន​វិញ គេ​មិន​សូវ​ខ្វះ​ខាត​ទេ ត្បិត​គេ​មាន​ប្រាក់​ទិញ​សំពត់​អាវទុក។

   ដល់ក្រសំពត់អាវពេកទៅ ខាងខេត្ដស្វាយរៀង ទើបអ្នកស្រុកបែកប្រាជ្ញាយកចចូត ដែលសំរាប់ត្បាញ​កន្ទេល​មក​ត្បាញ​ធ្វើ​ជា​ខោ​ខ្លី​ចេញ​ផ្សាយ​លក់​ពាស​ពេញ​។
ម៉េចក៏ខ្មែរយើងបណ្ដោយអោយខ្វះខាតសំលៀកបំពាក់ដូច្នេះ? ម្ដេចមិនដាំកប្បាសរវៃធ្វើសំលៀកបំពាក់ទៅ? បញ្ហា​នេះ​អស់​លោក​នឹង​ជ្រាប​ដូច​ត​ទៅ៖

   និយាយពីបារាំងវិញ, ក្នុងពេលនោះដោយពុំអាចធ្វើជំនួញចេញចូលបាន វាក៏តាំងប្រមូលយកផលិតផលរបស់ខ្មែរយើង​ធ្វើជា​ជំនួញ​វា គឺ​ថា​ ផលិត​ផល​ក្នុង​ស្រុក​ខ្មែរ អ្វី​ក៏​ដោយ​ត្រូវ​តែយកទៅលក់ថោកអោយវាសិន វាបោះត្រាហាងរួចហើយទើបវា បញ្ចេញលក់អោយ​យើង​វិញ​យ៉ាង​ ថ្លៃ​ៗ​។ បើ​ឃើញ​យើង​ដឹក​នាំ​ឬ​កាន់វត្ថុអ្វីបន្ដិចបន្ដួច ដូចជាត្រីងៀត ត្រីឆ្អើរមួយគីឡូ ខ្លាញ់ត្រីមួយក្អម ក្រមួនឃ្មុំមួយចានជាដើម ក៏​វា​ចាប់​ដក​ហូត​ហើយ​ធ្វើ​ទោស​ម្ចាស់​របស់​ទៀត​។ ដាំ​កប្បាស​ក៏​ពុំ​បាន​ត្បាញ​រវៃ​ធ្វើ​សំពត់​អាវ​ខ្លួន​ឯង​ក៏​ពុំ​បាន​។

   អ្នកខ្លះលួចត្បាញសំពត់ដោយភិតភ័យភ្នែកចាប ភ្នែកព្រាបនៅគុម្ភចេក, ក្នុងព្រៃ ទើបមានស្លៀកពាក់ខ្លះ។ តាំងពីបារាំងចូល​នៅ​ស្រុក​យើង ស្រី​ខ្មែរ​ដែល​ពីដើម​ពូកែ​ខាង​តំបាញ​ក៏​បាន​បោះ​បង់​ចោលវិជ្ជានេះអស់ នៅសល់ចេះត្បាញរវៃតិចគ្នាណាស់ ត្បិត​បា​រាំង​វាយ​ក​សំពត់​បរ​ទេស​មក​លក់​អោយ​យើង មាន​សាច់​ល្អ ស​ឬ​ខ្មៅ​ស្អាត​ជាង​សំពត់​ត្បាញ​អាយ ដែល​យើង​អោយ​ឈ្មោះ​ថា «ទេស​ឯក» គឺ​សំពត់​ពី​បរ​ទេស​សាច់​ល្អ​ឯក​។

   ជាន់នោះអំបិលក៏គ្មានទទួលទានដែរ ត្បិតគ្មានអ្នកលក់ អ្នកនៅក្បែរមាត់សមុទ្រខំទៅដងទឹកសមុទ្រមកដាំរំងាស់យក​អំបិល បាន​បន្ដិច​បន្ដួច​ គ្រាន់​ប្រើ​ដោយ​លួច​លាក់ កុំ​អោយ​បារាំង​វា​ដឹង​ខ្លាច​ត្រូវ​ទោស​ទណ្ឌ​កម្ម​។ ឯអ្នកក្រដែលនៅឆ្ងាញពីសមុទ្រ ក៏ទទួលទានសាប ទៅ​ជា​ហើម​ខ្លួន​ក៏​មាន​។ ខ្លះ​យក​ត្រី​សាច់​ទៅ​ត្រាំ​ទឹក​ផេះ​អោយ​ចេញ​ប្រៃ​ជាប់​បន្ដិច​ៗ​ក៏​មាន​៘ នេះ​ជា​នយោ​បាយ​អ្នក​ជិះ​ជាន់ បារាំង​ក៏​ដូច​អង់​គ្លេស​នៅ​ឥណ្ឌា​ដែរ​។ ចំណែក​អ្នក​មាន​ទ្រព្យ​គេ​មិន​អត់​ទេ គេ​ឃើញ​ស្រុក​ទេស​មិន​ស្រួល​ដូច្នេះ គេ​ទិញ​សំពត់​ទុក​ប្រើ រក​ទិញ​អំបិល​ទុក​បរិ​ភោគ​សំរាប់​តែ​គ្រួសារ​គេ​ប៉ុណ្ណោះ​។