អារម្ភកថា
ថ្ងៃអាទិត្យ ទី12.មករា 2014.ម៉ោង 9:40

   រឿង «គុកនយោបាយ» ដែលអស់លោកអ្នកកំពុងកាន់អាននៅពេលនេះ នឹងថាជារឿងផ្ទាស់ខ្លួនរបស់ខ្ញុំ​ក៏ថា​បាន ព្រោះ​ខ្ញុំ​បាន​រ៉ាយ​រាប់​ពី​ព្រឹត្ដិ​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​នេះឯងជាអ្នកប្រលូកផ្ទាល់ក្នុងព្រឹត្ដិការទាំងនោះផង។

   ប៉ុន្តែការសំខាន់បំផុត គឺត្រង់ការដែលអស់លោកអ្នកនឹងបានជ្រាបអំពីកិច្ចការរបស់វរជនយើងមួយក្រុមនោះ​ទៅ​វិញ​ទេ ដែល​ផ្ដើម​ធ្វើ​ការ​តស៊ូ​ឡើង​តាំង​ពី​ឆ្នាំ​១៩៣៦ និងផ្ដើមបដិវត្ដន៍ឡើងនៅឆ្នាំតៗមកទៀត។ ពេលនោះយើងទាំងអស់គ្នាខិតខំធ្វើការ​តស៊ូ​ដើម្បី​ដោះ​ខ្លួន​ពី​អា​ណា​និគម​បា​រាំង​​យ៉ាង​ស្វិត​ស្វាញ​។

   យើងរាល់គ្នាជាខ្មែរ គប្បី​ដឹង​អោយ​បាន​ច្បាស់​ថា យើង​ជា​ជាតិ​ច្បង​គេ នៅ​ចុង​អាស៊ី​អាគ្នេយ៍​នេះ​។ យើង​មាន​ជាតិ​មាន​អម្បូរ មាន​ប្រ​ទេស មាន​វប្ប​ធម៌ អរិយ​ធម៌​ឧត្ដុង​ឧត្ដម​ណាស់ សឹង​មាន​ប្រាសាទ​នគរ​វត្ដ​ជា​តឹក​តាង​ស្រាប់​។ យើង​ត្រូវ​យល់​អោយ​ច្បាស់​ថា វឌ្ឍន៍​ភាព​របស់​យើង​ពី​បុរាណ​កាល​នោះ​មិន​មែន​កើត​ឡើង​ដោយ​ទេព​និម្មិត​បង្កក់​ប្រ​សិទ្ធិ​ទេ គឺ​ប្រាកដ​ជា​កើត​ឡើង ដោយ​សារ​វីរ​ភាព​ដូន​តា​យើង​យ៉ាង​ជាក់​ស្ដែង ដែល​លោក​ខិត​ខំ​ធ្វើ ខិត​ខំក​សាង រចនា​ប្រកប​ដោយ​វីរ​ភាព​ខ្ពស់​បំផុត​។

   យល់ដំណើរយ៉ាងនេះហើយ ត្រូវតែខ្មែរយើងរាស់គ្នា ខិតខំថែរក្សាតំលៃនៃកេរ្ដិ៍ឈ្មោះពិរោះល្បី របស់​យើង​អោយ​ស្ថិត​នៅ​ដរាប​ត​ទៅ​ផង​។ គ្រប់​សម័យ​ទាំង​អស់​ត្រូវ​តែ​ខ្មែរ​យើង​បណ្ដុះ​បណ្ដាល​ចិត្ដ​ស្នេហា​ជាតិ​អោយ​បាន​មុត​មាំ​។

   សម័យនេះទំព័រនៃប្រវត្ដិសាស្រ្ដបានបើកហើយ របបរាជានិយម លទ្ធិផ្ដាច់ការ រលុប​រលាយ​ហើយ យើង​ចូល​មក​ជា​របប​សាធា​រណ​រដ្ឋ ដែល​ខ្មែរ​យើង​មិន​ដែល​មាន​ម្ដង​ណា​ឡើយ នាំ​អោយ​បង​ប្អូន​រួម​ឈាម​ខ្មែរ​ទាំង​អស់ បាន​សប្បាយ​ចិត្ដ​នឹង​ជោគ​វា​សនា​ដ៏​ឧត្ដុង​ឧត្ដម​នេះ​ណាស់​។

   ដូច្នេះយើងរាល់គ្នាត្រូវតែថែរក្សាទ្រទ្រង់របបថ្មីនេះអោយមានជំហរស្ថិរភាពតទៅ ហើយនិងជួយរក្សាផែន​ដី​យើង «ដ៏តូច» នេះ​អោយ​បាន​គង់​វង្ស នៅ​ក្នុង​ផែន​ទី​សកល​លោកត​ទៅកុំអោយសាបសូន្យអោយសោះ!
   ចំពោះរឿងទឹកដីសូមជ្រាបថា តាំងតែពីសតវត្សទី១៣រៀងមក ប្រទេសយើងចេះតែរៀវរួញរហូតសព្វថ្ងៃ ដោយសារ​តែ​យើង​ចេះ​តែ​ជឿ​ និង​ផ្ញើ​វាសនា​តែ​ទៅ​លើ​បុគ្គល​ម្នាក់ បណ្ដោយអោយបុគ្គលនោះដឹកនាំ ចង់ដឹកនាំយើង និងប្រទេសអោយ​ទៅ​រក​ផ្លូវ​មរណ ក៏​ចេះ​តែ​នៅ​ ស្ងៀម ផ្សង​សំណាង​គ្មាន​គិត​ភ្ញាក់​រលឹកអ្វីទាំងអស់ គឺដូចជាស្លាប់ទាំងជំហរតែម្ដង។ ការនោះហើយ ជាហេតុនាំ​អោយ​សត្រូវ​បាន​ចិត្ដ​រឹត​តែ​ ប្រ​មាថ​មើល​ងាយ បាន​ដៃ​លើក​គ្នា​ចូល​មកលុកលុយដណ្ដើមយកផ្ទៃដីយើងបន្ដិចម្ចង ៗរហូតមកនៅសល់ «ប៉ុនបាតដៃ» សព្វថ្ងៃនេះ។

   យើងត្រូវចងចាំឡើងវិញថា កាលពីមុននេះឆ្នាំ១៩៤១ សៀមប្រវ័ញ្ចយកដីបាត់ដំបង។ សៀមនិយាយខ្មែរនៅស្រុកសៀមថា អោយ​ពួក​ខ្មែរ​ ដែល​រស់​នៅ​នឹង​ស្រុក​សៀម​ទាំង​ប៉ុន្មានជួយចេញមុខវាយបារាំង ដើម្បីដោះជាតិខ្មែរអោយរួចពីការជិះជាន់បារាំង ស្រេច​ទៅ​សៀម​យក​ដី​បាត់​ ដំបង​ក្រអេះ​។ ងាក​ទៅ​ខាង​ខ្មែរ​កម្ពុជា​ក្រោមវិញពួកយួនយៀកមិញបានបោកប្រាស់ដែរថា អោយខ្មែរកម្ពុជាជួយយួនក្នុង​ការ​ដេញ​បារាំង​អោយ​ ផុត​ស្រលះ​ពី​កម្ពុជា​ក្រោម​ទៅ​ យួននឹងអោយកម្ពុជាក្រោម គឺកូសាំងស៊ីន ទាំងមូលមកខ្មែរកាន់កាប់ថែរក្សា។ សំរេច​ទៅ​មាន​ឯណា​? យួន​មាន​អោយ​មក​ខ្មែរ​ឯ​ណា?​។

   គិតទៅយើងចាញ់បោកសៀម យួន នេះច្រើនលើកច្រើនគ្រាណាស់មកហើយគួរឈឺចាប់ណាស់។
   រហូតដល់បច្ចុប្បន្នកាលនេះទៀត យួនយៀកកុងយៀកណាមខាងជើង បាននិយាយឃោសនាប្រាប់អ្នក​ស្រុក​យើង​ថា អោយ​ជួយ​រំដោះ​ស្រុក​ខ្មែរ​ពី​ក្រញាំ​ចក្រ​ពត្ដិ​អាមេ​រិកាំង យក​ទៅ​អោយ​ស្ដេច​ស៊ីហនុ​វិញ​។ ខ្មែរ​ល្ងង់​ខ្លៅ​ខ្លះ​តាំង​ជឿ​វា ជួយ​វា​វាយ​ទ័ព​ជាតិ​ខ្មែរ​គ្នា​ឯង​គ្មាន​ពិចារ​ណា​អ្វី​បន្ដិច​សោះ។

   យើងត្រូវពិចារណាថា សីហនុនេះពីដើមជាស្ដេចជាតិយួនឬស្ដេចជាតិខ្មែរ? ឆ្លើយថាគាត់ជាស្ដេចរបស់ខ្មែរទេ! ចុះ​បើ​ស្ដេច​នេះ​ជា​របស់​ ខ្មែរ​ទេ ហើយ​ខ្មែរ​លែង​ត្រូវ​ការអោយកាន់ចង្កូតផែនដីតទៅទៀត ម្ដេចក៏យួននោះជួយយកចិត្ដទុកដាក់ឧបត្ថម្ភ ស្ដេច​នេះ​ខ្លាំង​ម៉្លេះ? ចំណែក​ ស្ដេច​យួន​ឈ្មោះ​បាវ​ដាយ​ដែល​ធ្លាប់សោយរាជ្យនៅអណ្ណាមនោះ ម្ដេចក៏យួនមិននាំគ្នាតំកើងផង? ម្ដេចក៏ជាតិ​យួន​នាំ​គ្នា​រំលំ​ចោល​ចេញ​? រំលំ​ស្ដេច​ឯង​ហើយ​ក៏​តំកើង​ស្ដេច​គេ​នោះ​ យួន​វា​មិន​ឆ្កួត​ទៅហើយឬ?

   ការណ៍នេះ យួនយៀកកុងយៀកណាមខាងជើង វាពុំឆ្កួតទេគឺវាពិតជាមានគំនិតគ្រប់គ្រាន់។ វាធ្វើជាកាន់ជើងស្ដេច​សីហនុ យក​ឈ្មោះ​ស្ដេច​ សីហនុ​មក​ដាក់​ពី​មុខ គឺ​ប្រ​យោជន៍​ដើម្បីនិងវាយដណ្ដើមទឹកដីខ្មែរ បំផ្លាញជាតិខ្មែរយ៉ាងច្បាស់ប្រាកដតែម្ដង យើងមិន​ត្រូវ​ជឿ​ពាក្យ​សំដី​ជាតិ​ នេះ​ទេ! វា​មាន​ពុត​ណាស់ វា​ជា​សត្រូវ​នឹង​យើងតាំងពី៣០០ឆ្នាំមកហើយ!។ ម្យ៉ាងទៀត ខ្ញុំសូមបងប្អូនរួមជាតិពិចារណាគិត​នូវ​រឿង​មួយ​។ សព្វ​ ថ្ងៃ​នេះ​ប្រ​ទេស​ខ្មែរ​យើង​ស្ថិត​នៅ​ចំកណ្ដាល​ប្រ​ទេសទាំងពីរ គឺយួននៅខាង កើត និងសៀមនៅខាងលិច។ ប្រទេសយើងមាន​ទំហំ​តូច​ជាង​គេ​ មាន​មនុស្ស​តិច​ជាង​គេ​ថែម​ទៀត​។ យួន​មាន​ចំនួន​ប្រជាជន ដល់ទៅ៤០លាននាក់ ឯសៀមវិញមាននុស្សដល់ទៅ៣០លាន​នាក់ ចំណែក​ខ្មែរ​ យើង​វិញ​មាន​តែ​៧​លាន​នាក់​ប៉ុណ្ណោះ​។ ក្នុង​សកល​លោក​ទាំមួលមនុស្សលោកចេះតែកើតឡើងកើនចំនួនជាលំដាប់ ក្នុងរយៈ​កាល​៣០​ឆ្នាំ​ត​ ទៅ​មុខ​ទៀត យួន​ត្រូវ​កើន​ឡើង​យ៉ាង​តិច ៨០​លាន​នាក់ ហើយសៀមយ៉ាងតិច៧០លាននាក់ ចំណែកខ្មែរវិញកើនឡើងយ៉ាងច្រើន​ត្រឹម​១៥​ លាន​នាក់​ប៉ុណ្ណោះ​។

   យើងគិតមើល ដល់មានហេតុកើតឡើងតើយើង១៥លាននាក់បានអ្វីទប់ទល់ចំពោះគេ ដែលមានមនុស្សដល់ទៅ១៥០លាន​នាក់ ហើយ​ដែល​នៅ​កៀប​យើង​ទាំង​សង​ខាង​នោះ​?
   នេះជារឿងមួយដែលត្រូវបងប្អូនរួមឈាម ត្រិះរិះគិតអោយបានឃើញជាមុនអោយហើយផង។ បើឧបមាថា មនុស្ស១៥០ លាន​នាក់​រំលោភ​ប្រុង​រំលាយ​មនុស្ស ១៥​លាន​នាក់​នោះ​តើ​មនុស្ស​១៥​លាន​នាក់នោះត្រូវគិតយ៉ាងណា ត្រូវមានវិធីណានិង ទប់ទល់? ការ​នេះ​ត្រូវ​យើង​ភ្ញាក់​រលឹក​គន់​គិត​អោយ​បាន​ម៉ត់​ចត់ ហើយ​ត្រូវ​គិត​តាំង​ពី​ព.ស២៥១៤ គ.ស១៩៧១ នេះ​ត​ទៅ​ទើ ប​បាន។

   តាមយោបល់ខ្ញុំ ខ្ញុំយល់ថា ត្រូវរកពិធីពន្យល់កូនចៅខ្មែរយើងទាំងអស់អោយយល់ពីរឿងជាតិ រឿងប្រទេស​នេះ​អោយ​បាន​ច្បាស់ អប់រំ​ បំផុស​ទឹក​ចិត្ដ​ស្នេហា​ជាតិ​អោយ​កើតឡើងតាំងពីនេះតរៀងទៅ។ ក្នុងវត្ដ ក្នុងសាលារៀនគ្រប់ទិសទី ត្រូវរៀបចំកម្ម​វិធី​សិក្សា អោយ​មាន​រឿង​ ជាតិ​និយម​គ្រប់​ពេល អោយ​ក្មេង​ចេះ​ចាប់តាំងពីថ្នាក់ទី១២(1)ឡើងទៅ អោយចេះស្រលាញ់ជាតិ ស៊ូប្ដូរស្លាប់និងជាតិ​ធ្វើ​ការ​ដើម្បី​អោយ​ជាតិ​បាន​ចំរើន​គ្រប់​វិស័យ​។

   សរុបសេចក្ដីទៅ យើងគិតអប់រំកូនចៅយើងធ្វើម៉េចអោយតែយល់ច្បាស់ថា ខ្លួនអញជាខ្មែរធ្លាប់មានឈ្មោះ​រាប់​ពាន់​ឆ្នាំ មាន​អរិយ​ធម៌​រុង​ រោចន៍​អស្ចារ្យ​មាន​ឈាម​ជ័រ​ជា​អ្នក​ច្បាំង​យ៉ាង​រហ័យ..កាលបើយើងរាល់គ្នាបំផុសស្មារតីជាតិនិយមតាំងពីឥឡូវនេះទៅ រហូត​ដល់​គ.ស​២០០០​ និង​តៗ​ទៅ​ទៀត​នោះ យើង​ប្រាកដ​ជា​នឹង​អាច​ការ​ពារ​អាយុជីវិតប្រទេសជាតិយើងបានអង់អាច។ ព្រោះការសំខាន់ស្ថិតនៅ​លើ​ចិត្ដ​គំនិត​មិន​មែន​ស្ថិត​នៅ​លើ​ចំនួន​ប្រ​ជា​ជន​នោះ​ឡើយ​។

   កាលបើយើងរាល់គ្នា យល់នូវតំលៃនៃពូជពង្សខ្មែរដូច្នេះគ្រប់គ្នាហើយ ហើយជួយអប់រំពន្យល់កូនចៅខ្មែរអោយយល់តៗ គ្នា​គ្រប់​ជំនាន់​ហើយ នោះ​ពូជ​ពង្ស​ខ្មែរប្រ​ពៃ​ណី​ខ្មែរ​នឹង​គង់​វង្ស​ជា​ដរាប ហើយ សាធារណរដ្ឋខ្មែរ គ៏នឹងបានរីកចំរើនសាយ ភាយទូលំទូលាយទៅ សមតាម​សេច​ក្ដី​សង្ឃឹម​របស់​យើង​គ្រប់​គ្នា​ពុំ​ខាន​។

   សរសេររឿងនេះ គឺខ្ញុំមានគោលបំណងចង់បញ្ចាក់នូវសន្ដានចិត្ដខ្ញុំ ដែលចង់តែពោលនូវពាក្យទាំងប៉ុន្មានឃ្លានេះឯង។ ហើយ​គឺ​ព្រោះ​តែ​ ចង់​ពោល​បញ្ជាក់​នូវ​ន័យ​ទាំង​នេះ​ហើយ ទើបសៀវភៅគុកនយោបាយ ត្រូវដាក់តំលៃជាវចុះមកយ៉ាងតិចបំផុត (គឺគ្រាន់​តែ​អោយ​រួច​ចំណាយ​ ក្នុង​ការ​បោះ​ពុម្ព​ប៉ុណ្ណោះ គ្មានចំណេញអ្វីទាំងអស់) ដើម្បីអនុគ្រោះចំពោះអ្នកអានដែលពុំសូវមានប្រាក់កាសនោះ អោយ​អាច​ទិញ​សៀវ​ភៅ​ នេះ​មួយ​បាន​ដែរ យក​ទៅ​អាន​ផ្សព្វ​ផ្សាយ បន្ដៗគ្នាទៅទៀត ជាកិច្ចដាស់សតិ ស្មារតីយើងខ្មែរទាំងអស់គ្នាអោយ យល់​រឿង​ជាតិ​មាតុ​ភូមិ​នេះ​កាន់​តែ​ទូលំ​ទូលាយ​ឡើង​។

សូមមិត្ដអ្នកអានគ្រប់មជ្ឈដ្ឋាន ទទួលនូវសេចក្ដីគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ភ្នំពេញ ថ្ងៃទី១ ខែមិនា ឆ្នាំ ២៥១៤, ១៩៧១
ប៊ុណ្ណចន្ទ ម៉ុល
ប្រធានពុទ្ធិកសមាគម សំណាក់វត្ដ ឧណ្ណាលោម
វរសេនិយត្រី ឧត្ដមបញ្ជាការដ្ឋាន ជូនក្បួន និងអភិបាល

(1) ថ្នាក់ទី១២ គឺថ្នាក់ក្មេងចូលរៀនដំបូង ថ្នាក់ទី១​។