បទសិក្សារបស់អ្នកចុះផ្សាយ
ដោយកែវ ឈុន

ថ្ងៃសុក្រ ទី10.មករា 2014.ម៉ោង 22:15

   ខ្ញុំអានរឿងគុកនយោបាយ ធ្វើអោយខ្ញុំនឹកកោតសរសើរដល់អ្នកនិពន្ធជាក្រៃពេក លោកមិនមែនគ្រាន់តែជាអ្នកនិពន្ធ​ដ៏​ល្អ​ម្នាក់​ប៉ុណ្ណោះ​ទេ​ លោក​ជា​អ្នក​ស្នេ​ហា​ជាតិ​ដ៏​មោះមុត ក្នុងសម័យអាណានិគមនិយមបារាំង ដែលខ្លួនគាត់បានចូលប្រលូកក្នុងចលនា​តស៊ូ​បដិ​វត្ដន៍​នេះ ហើយ​បាន​ ធ្លាក់​ខ្លួន​ជាប់់​គុក​ច្រ​វាក់​បញ្ជូន​ទៅ​កោះ​ត្រឡាចជាមួយវីរជនខ្មែរជាច្រើនរូបទៀតផង។

   នៅក្នុងរឿងគុកនយោបាយលោក ប៊ុណ្ណចន្ទ ម៉ុល ដែលជាអ្នកបដិវត្ដន៍តស៊ូស្រឡាញ់ជាតិយ៉ាងមុតមាំ ហើយជួប​ប្រទះ​​នូវ​​អំ​ពើ​​ក្រូត​គ្រាត​ យ៉ាង​ខ្លាំង នៅ​ក្នុង​ឆាក​ជីវិតនយោបាយ បានរៀបរាប់កត់ត្រាពីការតស៊ូបដិវត្ដន៍មួយ បង្ហាញប្រាប់ និងដាស់សតិកូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ ស្រ​លាញ់​​ជាតិ ស្រ​​លាញ់​​ទឹក​ដី​ជា​មាតុ​ភូមិ​របស់​ខ្លួន អោយភ្ញាក់រលឹក អោយមានចិត្ដគិតរឿងជាតិគ្រប់ៗ​គ្នា​។ លោក​សរ​​សេរ​​ថា​ដូច​ម្ដេច​​ក៏​ត្រូវ​​​គិត​​ពី​ស្រុក​ទេស​? ពី​ជាតិ​? ព្រោះ​ថា​យើងជាមនុស្សមានប្រទេស មានជាតិ ត្រូវស្វែងរកសុភមង្គលជា​​របស់​ជាតិ កុំ​អោយ​​ជាតិ​ដទៃ​​ មើល​ងាយ គិត​ជាតិ​ជា​ធំ ពុំ​មែន​គិត​ខ្លួន​ជា​ធំ​ទេ​។ អ្នកគិតដោយយកខ្លួនជាធំទៅជាអ្នកជិះជា ន់ជាតិខ្លួនឯង។

   កាលពីក្នុងសម័យអានិគមនិយមបារាំង ខ្មែរយើងបាក់បបខ្លបខ្លាចវាណាស់ ការងើបតស៊ូឡើងរបស់វីជនយើង ដូច​ជា​សម័យ​អា​ចារ្យ​ស្វា​ ពោធិ​កំបោរ និង​វីរ​ជន​នៅក្នុងរឿងគុកនយោបាយនេះជាដើម បារាំងវាកំទេចអ្នកស្នេហាជាតិទាំងនេះ មិនអោយងើប​ឡើង​រួច​ឡើយ ធ្វើ​អោយ​ ខ្មែរ​យើង​បាក់​ស្បាត​ខ្លាច​វា​សឹងរហូតមក។ ក្នុងសម័យនេះ វាកាត់ទឹកដីខ្មែរមួយចំនួន កម្ពុជាក្រោមទៅអោយយួន វាកាត់​អាណា​ខេត្ដ​បាត់​ដំបង​ ទៅ​អោយ​សៀម​កាល​ដែល​វា​ចាញ់សង្គ្រាមជាមួយសៀម តាមតែក្បាល ចិត្ដរបស់វា តើយើងជាខ្មែរគ្រប់ៗរូប​គួរ​អោយ​ឈឺ​ចិត្ដ​ឬ​ទេ​?​។

   ក្នុងរឿងគុកនយោបាយអ្នកនិពន្ធ ប៊ុណ្ណចន្ទ ម៉ុល បានឆ្លុះបញ្ខាំងអោយតំលៃយ៉ាងខ្ពស់ទៅលើលទ្ធិប្រជាធិតេយ្យ ហើយបន្ដុះ​បង្អប់​ស្អប់​ខ្ពើម​ យ៉ាង​ខ្លាំង ចំពោះ​ជន​ផ្ដាច់​ការ​និយម អំណាចនិយម ហើយធ្វើការគាបសង្គត់លើប្រជារាស្ដ្រស្លូតត្រង់ឥតឈប់ឈរ។ ប្រការ​ដែល​សំខាន់​នោះ​ គឺ​រឿង​គុក​នយោ​បាយ បាន​ឆ្លុះ​​បង្ហាញ​​ពី​​សង្គម​បរិយា​កាស​ នា​សម័យ​តស៊ូ​មួយ​ដែល​ផុសចេញមកពីសំណាក់អ្នកប្រាជ្ញ​រាជ​បណ្ឌិត​ខ្មែរ ដែល​ លោក​ទាំង​អស់​នោះ ត្រូវ​​បារាំង​​វា​​ចាប់​យក​ទៅ​ដាក់​គុក​ឯ​កោះ​ត្រ​ឡាច​អស់ មានដូចជាលោកគ្រូអាចារ្យ ហែម ចៀវ លោក​នួន ឌួង លោក​ប៉ាច​ ឈឺន​ លោក​គ្រូ​អាចារ្យ​ប៉ាង ខាត់ លោក​​គ្រូ​​អាចារ្យ​សូ ហាយ លោក​គ្រូអា​ចារ្យអ៊ុក ជា លោក ប៊ុណ្ណចន្ទ ម៉ុល ជាអ្នក​និពន្ធ​ជា​ដើម មិន​តែ ​ប៉ុណ្ណោះ​រឿង​គុក​នយោ​បាយ​​បាន​​លង​​សតិ​កូន​ខ្មែរ​ជា​រឿយ​ៗ អោយ​ភ្ញាក់រលឹក អោយមើលឃើញកំហុសឆ្គងរបស់ខ្លួន។

   អ្វីៗដែលខ្ញុំបានឃើញ បានជួប្រទះខ្លះមក ដែលជួនកាលយើងជាខ្មែរ មិនព្រមនិយម និយាយភាសារខ្មែរ ប្រើ​អក្សរ​ខ្មែរ អ្វី​ ៗ​ជា​ខ្មែរ​នោះ​ទេ ហើយ​វា​ក៏​នៅ​តែ​អញ្ចឹង​តាំងពីណាណីយូរមកហើយ លោកប៊ុណ្ណចន្ទ ម៉ុល អះអាងថា៖

      កាល​កា​សែត​នគរ​វត្ដ​ចេញ​ដំបូង​អ្នក​ដែល​អាន​ភាគ​ច្រើន​មាន​តែ​អ្នក​ក្រី​ក្រ និង​កម្ម​ករ​ដែល​ពុំសូវ​ចេះ​ភា​សា​បារាំង អាន​កាសែត​ភាសា​បា​រាំង​មិន​បាន​។ ឯ​អស់​លោក​និង​ថី​ថុង​គេ​មិន​យក​ភ្នែក​បៀត​ទេ ដោយ​គេ​មើល​ងាយ​ស្អប់​ខ្ពើម​អក្សរ​ជាតិ​។ ជា​ពិសេស​គឺ​អស់​លោក​ជាន់​នោះ​អាន​អក្សរ​ខ្មែរ​ពុំ​បាន​ផង ត្បិត​មិន​ខំ​រៀន​អក្សរ​ជាតិ​ទេ គែ​ខំ​រៀន​អក្សរ​បារាំង ត្បិត​អក្សរ​បារាំង​មាន​តំលៃ​ខ្លាំង​ណាស់​ជាន់​នោះ ឯ​អក្សរ​ខ្មែរ​ចុះ​ទាប​ដល់​ថ្នាក់​ក្រោម​សូន្យ​។ គេ​មើល​តែ​កាសែត​បារាំង​ឈ្មោះ​ឡា​វេ​រី​តេ (La Vérité) អូ​ពី​នីញ៉ុង (Opinion) អាំប៉ា​ស្យល់ (Impartial) និង Press de Saigon ជា​ដើម​។ បើ​ចង់​មើល​កាសែត​ខ្មែរ ​ដោយ​លឺ​ល្បី​ថា​ល្អ​មើល គេ​បត់​ដាក់​ពី​ក្នុង​កា​សែត​បារាំង​កុំ​អោយ​គេ​មើល​ឃើញ ខ្លាច​គេ​ថា​អន់ ឬ​មិន​ចេះ​បារាំង​។ ហេតុ​អ្វី​? មក​ពី​បារាំង​នៅ​ជាន់​ស្រុក​យើង យើង​នៅ​ក្រោម​គេ ម៉្លោះ​ហើយ​ឥទ្ធិ​ពល​បារាំង​វា​ខ្លាំង​ដល់​ទៅ​អក្សរ​វា​ទៅ​ទៀត​។ សូម​ជំរាប​​ថា ជាន់​នោះ​អ្នក​ណា​មិន​ចេះ​អក្សរ​បារាំង​ចេះ​តែ​អក្សរ​ខ្មែរ ឥត​បាន​ការ​អ្វីធ្វើ​នឹង​គេ​ទេ ត្បិត​គេ​ប្រើ​តែ​អក្សរ​បារាំង ទោះ​ខាង​រាជ​ការ​ក្ដី ខាង​ជំនួញ​ក្ដី​ដូច​គ្នា​។ អ្នក​និយាយ​បារាំង​ហ៊ឺ​ហា​ណាស់ ដូច​ទេវ​តា​ចុះ​ពី​ស្ថាន​សួគ៌​។

   ការ​នាំ​យក​រឿង​គុក​នយោ​បាយ​មក​ចុះ​ក្នុង​ទំព័រ​នេះ គឺ​ខ្ញុំ​ចង់​អោយ​កូន​ខ្មែរ​គ្រប់​គ្នា​បាន​ជ្រាប​ច្បាស់ ពី​ព្រឹត្ដិ​ការណ៍​នៃ​ការ​ភ្ញាក់​រលឹក​របស់​វីរ​ជន​ខ្មែរ​មួយ​ក្រុម ដែល​ស្ទុះ​ឡើង​ប្រឆាំង​នឹង​ការ​ជិះ​ជាន់​របស់​របប​អាណា​និគម​និយម ទាម​ទារ​សេរី​ភាព ឯក​រាជ​ភាព ភាព​ជា​ម្ចាស់​ស្រុក​លើ​ទឹក​ដី​មាតុ​ភូមិ​របស់​ខ្លួន អោយ​ស្គាល់​ប្រវត្ដិ​តស៊ូ​ព្រះ​សង្ឃ​ស្នេហា​ជាតិ​យ៉ាង​មុត​មាំ​របស់​យើង មាន​លោក​គ្រូ​អាចារ្យ ហែម ចៀវ លោក​គ្រូ​អាចារ្យ​ប៉ាង ខាត់ លោក​គ្រូ​អាចារ្យ​សូ ហាយ​ជា​ដើម​។

   ស្នាដៃ​ដ៏​ល្អ​វិសេស​ឆើត ដែល​ខ្ញុំ​យក​មក​ចុះ​ក្នុង​ទំព័រ​នេះ ខ្ញុំ​សូម​ឧទ្ទិស​ជូន​ជា​ដំបូង​ ដល់​ព្រលឺង​វិញ្ញាណ​របស់​អ្នក​និពន្ធ​គឺ​លោក ប៊ុណ្ណ​ចន្ទ ម៉ុល និង​អ្នក​ស្នេហា​ជាតិ​ទាំង​ឡាយ​ជា​ច្រើន​ទៀត សូម​អោយ​ព្រលឹង​វិញ្ញាណ​របស់​លោក​ទាំង​អស់​ជួយ​ដាស់​សតិ កូន​ខ្មែរ​អោយ​មាន​ស្មា​រតី​ភ្លឺ​ថ្លា​ជា​និច្ច ភ្ញាក់​រលឹក​ជា​និច្ច​ ក្នុង​កិច្ច​ការ ការ​ពារ​មាតុ​ភូមិ​កម្ពុជា អោយ​ស្ថិត​ក្នុង​ឯក​រាជ​ភាព សេរី​ភាព ល្អ​បរិ​សុទ្ធ​ដូច​ព្រះ​គ្រូ​អាចារ្យ ហែម ចៀវ ព្រះ​គ្រូ​អាចារ្យ​ប៉ាង ខាត់ ដែល​បារាំង​វា​ចាប់​ផ្សឹក​ហើយ​នៅ​តែ​កាន់​សីល​ជាប់ ជា​និច្ច ទោះ​ជា​មាន​ការ​លំបាក​លំបិន​នៅ​ក្នុង​គុក​ច្រ​វ៉ាក់​យ៉ាង​ណា​។ សូម​គន្លង​ពន្លឺ​យុតិ​ធម៌ សូម​ពន្លឺ សុខ​សន្ដិ​ភាព​ចូរ​មាន​ដល់ ប្រ​ជា​ជន​ខ្មែរ​គ្រប់​រូប និង​ប្រ​ជា​លោក​ទំាង​មូល​ទៀត​ផង​។