៥ -អំពីការចាប់ខ្លួនខ្ញុំប៊ុណ្ណចន្ទម៉ុល
ថ្ងៃសៅរ៍ ទី25.មករា 2014.ម៉ោង 17:33

ក្រោយដែលត្រលប់មកពីបាតុកម្មវិញ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល ក៏មកផ្ទះវិញធ្វើការលក់ដូរធម្មតានៅឯផ្សារស៊ីញែក ប៉ុន្តែមាន​បារម្ភ​ក្នុង​ចិត្ត​ជា​និច្ច​ថា ថ្ងៃ​ណា​មួយ​មុខ​ជា​ត្រូវ​បារាំង​ចាប់​មិន​ខាន​។

   លុះដល់ថ្ងៃទី២៤ កក្កដា១៩៤២ រសៀលម៉ោង១៥ ស្រាប់តែរថយន្ដសូដូមមកឈប់នៅក្បែរផ្ទះលេខ២ មុខវត្ដឧណ្ណា​លោម ដែល​ខ្ញុំ​កំពុង​ទទួល​ទាន​ដំណេក​នៅ​ទី​នោះ​។ ពេល​នោះ​គិញខ្មែរ៦នាក់ និងបារាំង១នាក់ ចូលទៅសួរខ្ញុំហើយនាំំខ្ញុំទៅប៊ុយរ៉ូគិញ​។ នៅ​ទី​នោះ​បារាំង​វា​សួរ​​ខ្ញុំ​ថា បាន​ទៅ​ធ្វើ​បាតុ​កម្ម​នឹង​គេ​ទេ​? ខ្ញុំឆ្លើយប្រាប់វាថា បានទៅជាមួយគេដែរ ប៉ុន្ដែពុំបានវាយពួក គិញទេ។ លុះ​សួរ​ចប់​ហើយ វា​ក៏​បើក​អោយ​មក​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​១៦​ល្ងាច​។ ដល់ស្អែកឡើង ២៥កក្កដា វេលាម៉ោងប្រ ហែល៨ព្រឹក ខ្ញុំកំពុងតែលក់ដូរ​គុយ​ទាវ កា​ហ្វេ ស្រាប់​តែ​គិញ​ម្នាក់​ហៅ​ខ្ញុំ​ថា​លោក​ចាង​ហ្វាង​សុំ​អោយទៅជួបទៀតត្បិតលោ កសួរពីម្សិលម៉ិញពុំទាន់ចប់។ ខ្ញុំក៏បានទៅប៊ុយរ៉ូគិញនៅម៉ោង​ប្រហែល​៩​។ លុះ​​សួរ​រួច​ហើយ វា​ប្រាប់​ខ្ញុំ​ថា​សុំ​ឃុំ​ខ្លួន ដោយ​មានសេចក្ដីសង្ស័យត្រូវសួរតទៅទៀត ហើយវាក៏​ចាត់​ឃុំ​ខ្ញុំ​ក្នុង​គុក​ងងឹត​នៃ​ក្រុម​ព្រះ​នគរ​បាល (Sûreté) នោះ​ទៅ​។

   ក្រោយពីបានឃុំខ្លួននៅនៅគុកគិញចំនួន៥ថ្ងៃ វាក៏បញ្ជូនខ្ញុំទៅឯគុកធំ នៅថ្ងៃទី៣០កក្កដា។ នៅគុកធំខ្ញុំបានជួបមិត្ដ ៤-៥​នាក់ ដែល​ធ្លាប់​ស្គាល់​ហើយ​ជាប់​ទោស​ក្នុង​រឿង​ជា​មួយ​គ្នា​ដែរ គឺលោកម៉ម លន់ នៅមុខវត្ដលង្កា ឆៀងខាងត្បូង លោកភោគ នី នៅខាង​លិច​វត្ដ​លង្កា លោក​អ៊ឹម នៅ​ខេត្ដ​តា​កែវ លោក​ព្រៃ អៀម នៅ​សង្កាត់​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្ដាល និងពីរនាក់ទៀត​ពុំ​ស្គាល់​ឈ្មោះ​។

   អស់លោកនិងមិត្ដទាំងឡាយ! មកដល់ដំណាក់កាលនេះហើយដែលជីវិតខ្ញុំបានចូលទៅ​នៅ​ក្នុង​គុក.. គុក​នៅ​ភ្នំ​ពេញ ដែល​ខ្ញុំ​នឹង​ជំរាប​ត​ទៅ​ទៀត...

ជីវិតនៅក្នុងគុកធំភ្នំពេញ

   ជីវិតក្នុងគុកធំភ្នំពេញ ខ្ញុំសូមជំរាបពីជីវភាពនៃមនុស្សទោសក្នុងគុកធំកាលជំនាន់នោះដូចតទៅ៖
មុនដំបូងបង្អស់ កាលដែលចូលទៅដល់ គេអោយទៅនៅក្នុងបន្ទប់ធំមួយ មានរានថ្នាក់ខ្ពស់ធ្វើដោយក្ដារកំពល់ប្រ​ហែល​ ៦០​សង់​ទី​ម៉ែត្រ(​៦​តឹក​)​។ នៅ​នោះ ឃើញ​មាន​កំ​ណាត់​ធុង​ដែក​៦​ដែលកាត់ផ្ដាច់ពីធុងប្រេងម៉ាស៊ីន ចំណុះ២០០លីត្រ ដាក់​នៅ​ចុង​ជើង​។ ធុង​១​សំរាប់​ដាក់​ទឹក​ទទួល​ទាន ធុង​មួយ​ទៀត​សំរាប់​បន្ទោរ​បង់​។ នៅវេលាម៉ោង៦ល្ងាច អ្នកយាមបានចូលមក ដាក់ខ្នោះជើងទាំងពីរ​ជាប់​ដង្ហែ​គ្នា​​ជា​មួយ​នាក់​ឯ​ទៀត ខ្នោះ​នោះ​គឺ​ខ្នោះ​ដែក​ដែល​មាន​រនុក​វែង​ហូត​ចុះ​ឡើង​បាន រួចចាក់សោ យ៉ាងមាំនៅខាងចុង។ ពេលដែល​ត្រូវ​បត់​ជើង​តូច​ធំ ត្រូវ​ដាស់​គ្នា​អោយ​ជួញ​ទាញ​ ឬ​រុញ​ធុង​លា​មក​មក​ជិត ទើប​អាច​បន្ទោរ​បង់បាន តែដោយលំបាកផង ត្បិតជើងទាំង​ពីរ​ជាប់​ខ្នោះ​។ ដល់​ព្រឹក​ឡើង​ម៉ោង​ប្រ​ហែល​៦​ជាង ទើប​អ្នក​យាម​ចូល​មក​ដោះ​ខ្នោះ​ពី​ជើង​ចេញ​ហើយអោយដើរបានតែក្នុងកំពែងគុកនោះ ដែល​មាន​ទទឹង​ចំនួន​៦​ម៉ែត្រ​ បណ្ដោយ​ចំនួន​៨​ម៉ែត្រ​​។ នៅ​វេ​លា​ម៉ោង ១០​ព្រឹក លឺ​សូរ​នាក់​យាម​វាយជួងម៉ូងៗ ខ្ញុំក្រលេកទៅខាងក្រៅ ឃើញក្មេង​អ្នក​ទោស​ដែល​​អាយុ​មិន​ដល់​១៥​ឆ្នាំ វា​រត់​ស្រ​ទៅ​កាន់​ចាន​ដែក​ធ្វើ​អាយ​រាង​ដូច​ខ្ទះ(1) ដែលវាទើបនឹងដួសចូកចង្អូរប្រលាយទឹក​ដែល​លាយ​ដី​សំរាម​លាមក​ថ្មី​ៗ ទៅ​ជ្រ​លក់​លូ​ទឹក​(​បាស្សាំង) គឺ​​វា​គ្រាន់​តែ​ជ្រលក់​ផ្លូក​ទៅ​ក្នុង​ទឹក​នោះ រួចលើកឡើងវិញ រួចវាយកចាននោះឯងទៅ​ដាក់​បាយមក​អោយ​ខ្ញុំ​ទទួល​ទាន​។ គេ​ចូក​យក​បាយ​ក្រ​ហម​ពេញ​មួយ​ចាន​ដែក​នាះ រួច​ត្រី​ឆ្លាំង​ស្ងោរពីរ​រឺ​បី (តាមធំតាមតូច) ដាក់ពី​លើ​បាយ មាន​អំ​បិល​ចំនួន​មួយ​ក្ដាប់​ជា​មួយ​ម្ទេស​​៥-៦​គ្រប់​ដាក់​ពី​លើ​ត្រី​នោះ ហើ យ​មាន​ទឹក​ត្រី​ដាក់​ចាន​ដែកធ្វើអាយតូចមួយ ដាក់ពីលើ​ចាន​បាយ​នោះ​ទៀត​ជា​ការ​ស្រេច​។ សូម​ជំ​រាប​ពី​ត្រី​ឆ្លាំង​ស្ងោរ​នោះ មុន​ដំបូល គេ​ឥត​បាន​ធ្វើ កោស​រំអិល​កាត់​ធ្មុង​កាត់​កន្ទុយ កាត់ត្រចៀក​វះ​ពោះ​យក​អាចម៍​ចេញ​ទេ ឥត​លាង​ទឹក​ទេ គឺ​លើក​ត្រី​ទាំង​​កញ្ជ្រែង​​ដែល​ទើប​ទិញ​មក​ពី​ផ្សារ​ចាក់​ឈូ​ទៅ​ក្នុង​ខ្ទះ​ត្នោត ដែល​​ដាំ​​ចាំ​នោះ​តែ​ម្ដង​។ កាល​បើ​ឃើញ​ថា​ឆ្អិន​ល្មម​ហើយ គេ​យក​កញ្ជ្រែង​យ៉ាង​ធំ​មួយ​ទៅ​ដួស​តែ​ត្រី​មក​ដាក់​ផ្ទាល់​ដី ហើយ​ទើប​គេ​ចាត់​ចែង​ដាក់គ្រប់​ចាន​បាយ​។ ឯ​អ្នក​ធ្វើ​ចង្ក្រាន​រឺ​ចុង​ភៅ​គឺ ជា​មនុស្ស​ទោស​ដូចគ្នា​។ លុះ​រៀប​ចំ​​សព្វ​ហើយ ទើប​គេ​ចាត់​អោយ​ក្មេង​ៗ​លើក​ចាន​បាយ​នោះ​ទៅ​ដាក់​អោយ​ទទួល​ទាន​ក្នុង​១ វង់​១​ចាន​សំរាប់​អ្នក​ទោស​៦​ ឬ​៧​នាក់​។ ​ដល់​ពេល​បាយ​ម្ដង​ៗ ខ្ញុំ​សង្កេត​ឃើញ​គេ​ដាក់​ចាន​បាយ​តំរៀប​រាប់​រយចាន​។ បើ​គិត​តាម​ចាន​បាយ​ទាំង​នោះ អាច​យល់​បាន​ថា មាន​មនុស្ស​ទោស​ជា​ច្រើន​​រយ​​នាក់​នៅ​ក្នុង​គុក ប៉ុន្ដែសាល​បន្ទប់​ដោយ​ខ្លួន​ៗ​ពី​គ្នា។

   ចាប់តាំងពីថ្ងៃទី៤ រហូតទៅខ្ញុំទន្ទឹងចាំតែដល់ពេលបាយនឹងអាលទទួលទានហើយទទួល​ទាន​យ៉ាង​ឆ្ងាញ់​ជា​ធម្មតា​ដូច​គេ​ឯង​ទៀត​ដែរ បាត់​ធំ​លាមក បាត់​ធំ​ឆ្អាប​ត្រី បាត់​ឆ្អើម​ញ​ញើត​ញញើមអ្វីទាំងអស់គឺទទួលទានល្មមយ៉ាងចាស់ដៃអោយខាងតែឆ្អែត ដោយហេតុ​តែ​ឃ្លាន​ពេក​ទៅ​ ត្បិត​ក្នុង​មួយ​ថ្ងៃ​ៗ​ទទួល​ទាន​បាយ​តែ​ពីរ​ដង គឺពេលព្រឹកនៅម៉ោង១០ ពេលល្ងាចម៉ោង១៦ ឥតដែលបានអ្វីស្រស់​ស្រូប​បន្ដិច​បន្តួច​មុន​ពេល​បាយ​ឡើយ គឺ​ពោះ​ទទេ​ធេង រង់​ចាំ​តែ​ពេល​បាយ​ពីរ​ដង​ក្នុង​មួយថ្ងៃប៉ុណ្ណោះ ។ កាលនោះ ខ្ញុំទើបបានអាយុ២២ឆ្នាំ កំពុងពេញ​ទទួល​ទាន​ច្រើន​ណាស់​ផង​។

   លុះនៅក្នុងគុកធំបាន៦ថ្ងៃ ទើបគេនាំខ្ញុំជាមួយអ្នកឯទៀតទៅថតរូបឯការិយាល័យសញ្ញាណ គឺជាប៊ុយ​រ៉ូ​គិញ​ផ្នែក​ថត​រូប ផ្ដិត​មេ​ដៃ​។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​នៅ​ចាំ​ច្បាស់​អស់​មួយជីវិតឥតភ្លេចឡើយ។ មុនដំបូងប្រហែលម៉ោង៧ កន្លះព្រឹក អ្នកយាមមកបើក​ទ្វារ​គុក​អោយ​យើង​ចេញ​ ហើយ​គេ​នាំ​ទាំង​អស់​គ្នា​ដើរ​ត្រ​សង​ជាមួយគេ ទៅដល់កន្លែងមួយជិតមាត់ទ្វារក្នុង គឺទ្វាទីមួយ គេ​អោយ​យើង​អង្គុយ​ចុះ ទើប​គេ​បញ្ជា​អោយ​ស្រាត​ខោ​អាវ​ស៊ី​វិល​ចេញ​ទាំង​អស់​គ្នា យក​ខោ​អាវ​ទៅ​ដាក់មួយដុំរួមគ្នានៅទីនោះ។ យើងឃើញក្មេងអ្នកទោសយកខោអាវ​ខ្លី​ៗ​មក​ប្រ​គល់​អោយ​មួយ​សំរាប់​ម្នាក់​។ លុះ​ស្លៀក​ពាក់​គ្រប់គ្នាហើយ ទើបគេនាំចេញតាមទ្វារទីពីរទៅក្រៅគុក ដើម្បី​ឡើង​ជិះ​ឡាន​ដែល​ឈប់​ចាំ​នៅ​ទី​នោះ​។ រថ​យន្ដ​បើក​ចេញ​ពី​នោះ​បត់​ទៅ​ទិស​ខាង​លិច តំរង់​ទៅ​កា​រិយា​ល័យអត្ដសញ្ញាណ (Identité) គេអោយខ្ញុំថតរូបផ្ដិតដៃ​សព្វ​។ កាល​ថត​រូប​ហើយ​គេ​ក៏​នាំ​ត្រ​លប់​មក​គុក​ធំ​វិញ​តាម​រថយន្តដដែល, ទើបគេបញ្ជូនខ្ញុំនិងមិត្ដ៦នាក់ទៀតទៅក្នុងបន្ទប់​តូច​មួយ គឺ​គុក​ងងឹត ដែល​មាន​ទទឹង​ប្រ​ហែល​២,៥០​ម៉ែត្រ​បណ្ដោយ​ចំនួ​ន៣​ម៉ែត្រ​។ បន្ទាប់​នោះ​ជិត​ទាំង​អស់មានតែចន្លោះតូចមួយចោះនៅចន្លោះទ្វារ មានចំរឺង ដែក​យ៉ាង​មាំ​ចាក់​សោ​ជាប់ មាន​ពន្លឺ​ចូល​មក​ខាង​ក្នុង​យ៉ាង​តិច​បំផុត ប្រៀប​បាន​នឹង​ទូ​ដែក​យ៉ាង​ដូច្នោះឯង។

   ផ្នែកខោអាវដែលគេចែកអោយនោះ ជាសំលៀកបំពាក់យ៉ាងចាស់មិនដឹងពីកាលណា ឥតដែលបាន​បោក​លាង​ម្ដង​ណា​សោះ​។ បើ​ជា​នៅ​ថ្មី​វិញ ទំ​ងន់​ប្រ​ហែល​៣០០​ក្រាម​ប៉ុណ្ណោះ តែ​នេះ​ជា​ខោ​អាវ​ចាស់យូរមកហើយ មិនដឹងតាំងពីឆ្នាំណា ធំក្លិន​មិន​ជា​បើ​សោះ ស្អិត​ដោយ​ក្អែល​និង​ញើស​កាន់​ក្រាស​ឃ្មឹក ប្រៀប​បាន​នឹង​សំពត់​ជ្រលក់​ទឹក​ក្រ​មួន​ឡើងគ្រាំងស្អិតដូច្នោះឯង។

   នៅកន្លែងថ្មីគឺគុកងងឹតនេះ ឥតមានកន្ទេលខ្នើយអ្វី ទទួលទានដំណេកផ្ទាល់នឹងឥដ្ឋបេតុងដែលគេធ្វើជារានខ្ពស់ខាង​ក្បាល​ដំណេក​ខ្ពស់​ជាង​ខាង​ចុង​ជើង​បន្ដិច​។ នៅ​ទី​នេះ​គេ​ប្រើបំពង់រិស្សីដូចជាបំពង់ទឹកត្នោត ទុកសំរាប់អោយបត់ជើងមួយ ទុក​សំរាប់​ដាក់​ទឹក​ទទួល​ទាន​មួយ​។ ឯ​ជើង​ទាំង​ពីរ​ត្រូវ​ដាក់​ខ្នោះ​ភ្ជាប់​ដូច​ជា​នៅ​សាល​ធំដែរ។ ដល់ពេលបត់ជើងម្ដងៗ មានការលំបាកណាស់ ត្បិតកជើង​ជាប់​ខ្នោះ ប៉ុន្ដែ​មុន​ដំបូង ត្រូវ​សំរូត​ជើង​ខោ​ម្ដាង​អោយ​ចេញ​ផុត​ពី​ជើង​ម្ខាង​សិនទើបដោះខោពីជើង ម្ខាងទៀតបាន។

   សូមបញ្ជាក់រឿងនេះបន្ដិច ក្រែងអស់លោកអ្នកស្ដាប់មិនទាន់បាន មិនយល់របៀបត្រូវស្រាតខោតាមជើងម្ដងមួយ ជើង​ណា​មុន​ក៏​បាន​​។ ឧប​មា​ថា​ស្រាត​តាម​ជើង​ឆ្វេង​មុន ពេល​ដែលជើងខាងឆ្វេងទៅដល់កជើង ត្រូវយកដៃទាំងពីរជួយឆ្មូល សង្កត់ជើងខោ​អោយ​ណែន​អោយ​តូច​រុញ​រុល​ប្រ​ជ្រៀត​តាម​ប្រហោង​ខ្នោះ អោយ​ទាស់តែផុតខ្នោះទៅដល់ប្រអប់ជើងរូចព្យា យាមទាញជើងខោនោះអោយ​ផុត​ប្រ​អប់​ជើង​ទៅ​ទៀត ផុត​ប្រ​អប់​ជើង​ហើយ ទើប​ទាញ​ជើងខោនោះលាត់បកមកតាមប្រ ហោងខ្នោះវិញ។ នេះរបូតជើងខោមួយពីជើងមួយហើយ។ របូត​ជើង​ខោ​ពី​ជើង​នេះ​បាន​ហើយ​ត្រូវ​ស្រាត​ជើងខោម្ខងទៀត របៀបស្រាតខោអំពីជើងម្ខាងទៀតនេះមានរបៀបដូចស្រាតជើង​ខោ​ពី​មុន​ដែរ ធ្វើ​យ៉ាង​នេះ​ទើប​អាច​ស្រាត​ខោ​ចេញ​ពី​ខ្លួន​បាន។

   បើមនុស្សឥតប្រាជ្ញាឈ្លាសវៃ មិនងាយដោះរួចឡើយ។ ប្រហែលម៉ោង៤រសៀល គេអោយងូតទឹក។ ក្នុងពេលងូតទឹកនេះ គេ​បើក​ទ្វារ​ចំហ ហើយ​ប្រាប់​អោយ​ស្រាត​ខោអាវ បោះចេញទៅខាងក្រៅទាំងអស់ នៅតែខ្លួនទទេ ហើយជាប់ខ្នោះផង រួច​គេ​យក​ចាន​សំរាប់​ដាក់​បាយ​ទៅ​ដួស​ទឹក​ក្នុង​ធុង​មួយ​ដែល​ដាក់​នៅជិតនោះជះមកពីចម្ងាយអោយពីបីចាន ហើយប្រាប់អោយ ដុសក្អែលទៅ កំពុង​តែ​ដុស​ក្អែល​មិន​ទាន់​បាន​ប៉ុន្មាន​ផង គេ​ជះ​ទឹក​ពីរ​បី​ចាន​ទៀតជាការស្រេច។ សូមជំរាប ទឹកពីបីចានប៉ុណ្ណោះ ពុំអាចទទឹកជោកសព្វខ្លួនបានទេ ត្បិត​នៅ​សល់​ភាគ​ចំហៀង​ម្ខាង​ដែល​ពុំ​ត្រូវ​ទឹក​។ ឯ​ក្អែល​ក៏​ពុំ​អាច​ដុសបានឡើយ ត្បិតទឹកតិច ពេកហើយពេលក៏ខ្លីរកដុសពុំបានលុះចប់កិច្ចនេះ​ហើយ គេ​បោះ​ខោ​អាវ​ចូល​មក​អោយ​វិញ​ក៏​ទទឹក​អស់​នឹង​ទឹកដែលទើបងូត ហើយ ខ្ញុំយកខោអាវទទឹកនោះជូតមុខខ្លួនប្រាណរួចសំដិល​បន្ដិច​ទើប​ស្លៀក​ពាក់​វិញ​ យ៉ាង​ពិបាក​ដោយ​ជើង​ជាប់​ខ្នោះ​នោះ​។

   ឯរបៀបស្លៀកទៅវិញនោះក៏ត្រូវស្លៀករុញជើងខោតាមជើង កាត់តាមប្រហោងខ្នោះដូចកាលដែលស្រាតនោះដែរ នឹង​ប្រើ​ពេល​ព្យា​យាម​ដូច​គ្នា​ដែរ​។

   លុះនៅក្នុងគុកធំបានប្រហែលមួយអាទិត្យគេបញ្ចូនត្រលប់ទៅឯប៊ុរ៉ូគិញវិញ។ ក្រោយពីនោះប្រហែល៥ថ្ងៃទើប​គេ​អោយ​ស្លៀក​ខោ​អាវ​ស៊ី​វិល​របស់​ខ្ញុំ​ពី​ដើម​វិញ រួច​គេ​ដាក់​ខ្នោះដៃអោយឡើងរថយន្ដទៅចុះកប៉ាល់ចំបាំងសកម្មក្រុមទ័រពីយ័រ ដែលជាកប៉ាល់ប្រ​ដេញ​លឿន​បំផុត​សម័យ​នោះ​របស់​អា​ណា​និគម​។ កប៉ាល់​នោះចតនៅមុខផ្ទះរ៉េស៊ីដងសុប៉េរីយ៉ើរ ដែលឥលូវ នេះជាសណ្ឋាគារនៃរដ្ឋា​ភិបាល​ខ្មែរ​។ នៅ​ក្នុង​កប៉ាល់​គេ​ពុំ​ដោះ​ខ្នោះ​ចេញ​ទេ​។ ទៅ​ក្នុង​កប៉ាល់​ខ្ញុំភ្ញាក់ព្រើតតែម្ដងត្បិតឃើញមិត្ដភក្ដិឯទៀតគឺលោកគ្រូអាចារ្យប៉ាង ខាត់ និង​ទាហាន​ជើង​ក្រ​ហម ៧​-៨​នាក់​មាន​ឈ្មោះ​ស៊ីត ជា​ដើម​ដែលបានត្រូវគេនាំពីទីឃុំឃាំងផ្សេងៗ មកជួបជុំគ្នាក្នុងកប៉ាល់នេះដែរ។ នៅវេលារសៀល​ប្រ​ហែល​ម៉ោង​១៦​ ​កប៉ាល់​បាន​បើក​ចេញ​ពី​ភ្នំ​ពេញ​ឆ្ពោះទៅព្រៃនគរ។ ក្នុងកប៉ាល់មានគ្នាប្រហែល១០នាក់។ គេដាក់ប្រជៀតគ្នាទាំង១​០​នៅ​បាត​កប៉ាល់​។ មនុស្ស​ដែល​ខ្ញុំ​អាណិត​ជាង​គេ គឺ​លោក​គ្រូ​ប៉ាង ខាត់ ដោយធ្លាប់នៅបួសស្រណុក ហើយមកជាប់ខ្នោះដូច្នេះវេទនាណាស់ខ្ញុំជួយ​ការ​ពារ​សុំ​អោយ​គេ​អនុ​គ្រោះ​អោយ​នំ​បុ័ង​ឆាន់ ព្រោះ​ឆាន់​តែ​មួយ​ពេលដូចនៅជាលោកសង្ឃ។ ទាហាបារាំងវាមាត់ឡូឡាអាណិតដែរ វា​អោយ​នំបុ័ង​លោក​ឆាន់​ នំ​បុ័ង​សម័យ​នោះ​គឺ​នំបុ័ង​ម្សៅ​ស្រូវ​យើង​ព្រោះឥតមានម្សៅសាលីទេ។ យើងទាំងអស់គ្នាអត់ទ្រាំចាំដល់ពេបាយ លុះ​ដល់​ពេល​បាយ​មាន​តែ​ត្រី​ងៀត​សំ​អុយ​ភាយ​ក្លិន​ស្អុយ​ឡប់​។

   ដោយប្រើរយៈពេលវេលាប្រហែល៥ម៉ោង កប៉ាល់ក៏ទៅដល់ក្រុងព្រៃនគរ។ នៅទីនោះគេនាំចូលក្នុង​គុក​ធំ​ឈ្មោះ (Prison Centrale)។ ថេរ​វេ​លា​តាំង​ពី​ចាប់​រហូត​ដល់​ចូល​គុក​នៅ​ព្រៃ​នគរ​បូក​រួម​ទាំងអស់ចំនួនជាងមួយខែ។

(1)គេបានប្រើចានដែកបែបនេះ ដោយការពារកុំអោយបែក ហើយស្រួលប្រើការ​បាន​ច្រើន​យ៉ាង ដូច​ជា​យក​ទៅ​ដួស​ទឹក​សំ​អុយ កើប​សំ​រាម​រួច​យក​ទៅ​លាង​ទឹក​ដាក់​បាយ​ជា​ចុង​ក្រោយ​។