៣ -ការសម្ងាត់ផ្ទុះឡើង
ការចាប់លោកគ្រូអាចារ្យ ហែមចៀងនិងលោកនួន ឌួង

ថ្ងៃអាទិត្យ ទី19.មករា 2014.ម៉ោង 18:57

   ពួកបដិវត្ដន៍កំពុងតែខំធ្វើការរៀងៗខ្លួន ប៉ុន្តែដោយហេតុតែជើងថ្មី ខ្ចីនយោបាយពុំទាន់មានការពិសោធន៍ដោយ​គ្រប់​គ្រាន់ ក៏​ផែន​ការណ៍​នោះ​បែក​​ ធ្លាយ​ឡើង​ដឹង​ការណ៍​ដល់​បារាំង​ដោយ​ពួកទាហានខ្មែរ ដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យហែម ចៀវ(1) និង​លោក​នួន​ឌួង​(2) នោះ​មាន​ទាហាន​ខ្លះ​ដែល​ស្រ​លាញ់​បារាំង​ដុះស្លែក្នុងខួរដុះមិនជ្រះនោះ វានាំយករឿងសំងាត់នេះទៅប្រាប់បារាំងថា លោក​គ្រូ​អាចារ្យ​ហែម ចៀវ​ ​និង​​លោក​​នួន ឌួង មេ​ដឹក​នាំ​ពួក​ទាហាន អោយ​បះ​បោរ​ប្រ​ឆាំង​នឹង​បារាំង​។ ទាហាន​ខ្មែរ​ចំនួន​១៥​នាក់​ត្រូវ​ចាប់​ស្ងាត់​ៗ​ដើម្បី​កុំ​អោយ​បែក​ការណ៍។

   លុះលោកគ្រូ ហែម ចៀវ ទៅដល់ស្រាប់លោក ទា សាន ប្រើបំរើអោយទៅទិញខោ១អាវ១មកអោយលោកគ្រូអាចារ្យ ហែម ចៀវ ស្លៀក​ ដោយ​ផ្លាស់​ស្បង់​ចីពរ​ពី​ខ្លួន​ភ្លាម​ហើយ​បារាំងវានាំទៅតាមរថយន្ដបាត់តែម្ដងទៅ រកតែរត់ទៅប្រាប់អ្នកណាមិនទាន់។ គិត​ទៅ​ពួក​គេ​ចាប់​លោក​ផ្សឹក​ទាំង​ឥត​ជំនុំ​សោះ​!​។

   លោកជុំ មួង កាន់តែភ័យខ្លាំងថា ច្បាស់ជាបារាំងចាប់ខ្លួនទៀតជាមិនខាន។ លុះដល់ចេញពីធ្វើការក៏ទៅជំរាបលោក​ស៊ឺង ង៉ុក​ថាញ់​តាម​ដំណើរ​។ លោក​ក៏​ប្រាប់​ថា​អោយ​ប្រយ័ត្ន​ខ្លួន​អោយ​មែន​ទែន បារាំង​ប្រាកដ​ជា​ចាប់​យើង​ហើយ​។

   រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោរឡោឡើង ក្នុងបណ្ដាពួកលោកសង្ឃជានិស្សិតនៃ​សាលា​បាលឺ​ជាន់​ខ្ពស់ និង​វត្ដ​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ ដែល​សុទ្ធ​តែ​ជា​មិត្ដ​ភក្ដិ​ និង​សិស្ស​របស់​លោក​។

;ក្នុងពេលនោះលោក​នួន​ឌួង​ក៏​ត្រូវ​គិញ​បារាំង​ទៅ​ចាប់​ឯ​ផ្ទះ​ដែរ។ ​ឯ​ក្រុម​អ្នក​បដិ​វត្ដ​ ដោយ​មាន​ព្រះ​សង្ឃ​ជួយ​ផង​ ក៏​បាន​ចាត់​ចែង​ផ្សាយ​ដំណឹង ​នេះ​ទៅ​គ្រប់​វត្ដ​ក្នុង​ទី​ក្រុង​និង​ទៅ​ដល់​ខេត្ដ​ក្រៅ​ដែល​នៅ​ជិត​ទី​ក្រុង​ខ្លះ​ ទៅ​ឆ្ងាយ​ខ្លះ​ដោយ​មធ្យោ​បាយ​ដែល​ធ្វើ​បាន​។ តាម​បញ្ជា​ពី​លោក​ ស៊ឹង ង៉ុក​ថាញ់ អោយ​ទាំង​អស់​គ្នា​បាតុ​កម្ម​នៅ​ថ្ងៃ​២០ កក្កដា​១៩៤២ នៅ​មុខ​ការិ​យា​ល័យ​នៃ​រ៉េ​ស៊ី​ដង់​សុប៉េ​រី​យ៉ើរ ដើម្បី​តវ៉ា​សូម​អោយ​ដោះ ​លែង​លោក​គ្រូ​អាចារ្យ​ហែម ចៀវ និង​លោក​នួន ឌួង​មក​វិញ។

   បាតុកម្មនេះបានជាបន្លាយពេលវែងដល់ទៅថ្ងៃ២០កក្កដានោះ ដោយហេតុនៅវេលាយប់ថ្ងៃ១៨ កក្កដា មានការជួប​ជុំ​ព្រះ​សង្ឃ​និង​ឧបា​សក​ ឧបា​សិកា​ពី​គ្រប់​ទិស​ទី នៅ​វត្ដ​លង្កាដើម្បីធ្វើពិធីបុណ្យចំរើនព្រះជន្មវស្សាព្រះតេជគុណ ព្រះធម្មលិខិត ល្វី ឯម ចៅ​អធិ​ការ​វត្ដ​លង្កា និង​ជា​ចាង​ ហ្វាង​សាលា​បាលី​ជាន់​ខ្ពស់​ផង ក្នុង​ឱកាស​ដែល​លោកឡើងសមណសក្ដិដ៏ខ្ពង់ខ្ពស់ ជាទីសម្ដេចព្រះធម្មលិខិត ដោយក្នុង​យប់​នោះមាន​ធ្វើ​ពិធី​ ចំរើន​ព្រះ​បរិត្ដ និង​ធម្ម​ទេសនា​។ ដល់​ព្រឹក​ឡើង​១៩ កក្កដា ទើបរៀបចំស្រោចទឹកពុទ្ធមន្ដ រួចវេរភត្ដប្រគេនព្រះសង្ឃជា​កិច្ច​បង្ហើយ​បុណ្យ​។ ឃើញ​ថា​ជា​ការ​ងាយ​ស្រួល​នឹង​ផ្សាយ​ប្រាប់​គ្នី​គ្នាដែល​មក​ពី​ទី​ជិត​ឆ្ងាយ​មក​កាន់​ពិធី​នេះ​។

   ក្នុងឱកាសនោះខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ជាអ្នកដើរការផ្សាយដំណឹងដល់ព្រះសង្ឃគ្រប់​វត្ដ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​។ ពេល​នោះ​ខ្ញុំ​ប្រើ​ទោច​ក្រយាន​មួយ​របស់​ខ្លួន​ក្នុង​បេ​សក​កម្ម​នេះ​។

   ចំណែកលោកស៊ឹង ង៉ុកថាញ់ ក្រោយពេលដែលអាចារ្យហែម ចៀវ និងលោកនួន ឌួង ត្រូវបារាំងចាប់ហើយ​លោក​ក៏​បាន​​ភៀស​​ខ្លួន​ទៅ​ពួន​ ​ការិ​យា​ល័យនៃ​អា​វុធ​ហត្ថ​ជប៉ុន​ (Jandarmerie Japonaise) ទៅដើម្បីគេចអោយផុតពីការចាប់ចង​របស់​បារាំង​ សំរាប់​​ដឹក​នាំ​ក្រុម​​បដិ​វត្ដ​ធ្វើ​ការ​ត​ទៅ​ទៀត​។ ប៉ុន្ដែ​ការ​ទាក់​ទងរវាង​លោកនឹង​ខ្ញុំ​ប៊ុណ្ណ​ចន្ទ ម៉ុលនៅតែមានដដែល តាមកុមារម្នាក់​នៅ​ផ្ទះ​លោក ដែល​ជា​អ្នក​នាំ​ភោជ​នា​ហារ​ទៅ​ជូន​លោក​។

   នៅយប់ថ្ងៃ១៩ កក្កដាលោកស៊ឹង ង៉ុកថាញ់ បានផ្ដាំអោយខ្ញុំប៊ុណ្ណចន្ទ ម៉ុលទៅយកកាំភ្លើងមួយដើមពីផ្ទះលោក ទៅជូនលោក​ឯ​ការិ​យា​ល័យ​ កង​អាវុធ​ហត្ថ​ជប៉ុន​។ ខ្ញុំ​ក៏​ធ្វើ​តាម​បញ្ជាលោកដោយមានលោក ជួន ប៉ុណ្ណារ៉ាហេង ជូនដំណើរទៅផង។ លុះដល់មុខទីស្ដី​ការ​កង​អា​វុធ​ហត្ថ​ជប៉ុន​ ហើយ ខ្ញុំ​បាន​ដាក់​កាំ​ភ្លើង​ផ្ទាប់​នឹង​ដើម​ទ្រូង យកមាត់ត្រែចុះក្រោមយកស្វាយកាំភ្លើងឡើងលើ ហើយរត់ត្រុយចូល​ទៅ​តែ​ម្នាក់​ឯង ដោយ​ទុក​ អោយ​លោក​ជួន ប៊ុណ្ណា​រ៉ា​ហេង អោយ​នៅ​ចាំ​ខាង​ក្រៅ​។

   នៅវេលាដែលឃើញខ្ញុំទៅដល់ នាយទាហានជប៉ុនដែលឈរយាមមាត់ទ្វារ ភ្ជង់មាត់ត្រែកាំភ្លើងមកចំដើមទ្រូងខ្ញុំ។ ដោយ​ឃើញ​គ្រោះ​ថ្នាក់​ ជីវិត​មក​ដល់​ហើយ​ៗ ពុំ​ដឹង​និយាយ​គ្នា​ដូច​ម្ដេច​អោយស្ដាប់បាន ត្បិតខ្ញុំមិនចេះជប៉ុន ជប៉ុនមិនចេះនិយាយខ្មែរ ខ្ញុំមានសេចក្ដី​តក់​ស្លុត​ក្រៃ​លែង​ក៏​ ប្រញាប់​តប​ដោយ​ភាសា​ទៅ​វិញ ដោយ​រា​រាំង​ដៃ​យ៉ាង​ញាប់​ស្អេក ហើយចង្អុលទៅខា ងក្នុងដើម្បីអោយអ្នកយាមយល់ថាមានការ​មក​រក​អ្នក​ ខាង​ក្នុង​ផ្ទះ​។ លុះ​យល់​សេច​ក្ដី​ហើយ​អ្នក​យាម​ក៏​ស្រែក​ហៅ​អ្នក​ខាង​ក្នុង​ដែលចេះខ្មែរចេញមកជួប។ លុះសួរដឹងការណ៍ហើយ គេ​ក៏​អោយ​ខ្ញុំ​ ចូល​ទៅ​ខាង​ក្នុង ខ្ញុំ​បាន​ជួ​លោក ស៊ឹង ង៉ុក​ថាញ់​នៅ​ចំ​ពោះ​មុខ​សក្ដិ​៣ជ​ប៉ុន ជា​នាយ​តំរួត​យោធា​ជប៉ុន​។ នាយ​តំរួត​ជប៉ុន និង​លោក​ស៊ឹង ង៉ុក​ ថាញ់​បាន​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​នឹង​ខ្ញុំ​ថា បាតុ​កម្ម​ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​ស្អែក ត្រូវ​ប្រតិ​បត្ដិ​អោយ​ទៀង​ទាត់​តាម​ផែន​ការ​និង​កម្ម​វិធី​ដូច​ត​ទៅ​៖

   លុះត្រលប់មកវិញខ្ញុំប៊ុណ្ណចន្ទ ម៉ុល ក៍បាននាំបណ្ដាំនេះទៅប្រគេនព្រះសង្ឃគ្រប់វត្ដក្នុងទីក្រុងមានវត្ដលង្កាជា​ដើម ព្រម​ទាំង​បាន​ចាត់​អោយ​ផ្សាយ​ប្រាប់​គ្រហស្ថ​ជា​បាតុ​ករ ព្រម​ទាំជំរាបលោកប៉ាច ឈឺនផង។

(1) លោកគ្រូអាចារ្យហែម ចៀវ ជាសាស្រ្ដាចារ្យនៅសាលាបាលីជាន់ខ្ពស់ លោកគង់នៅវត្ដឧណាលោម កុដិជាមួយនិង សម្ដេចសង្ឈរាជជោតញ្ញាណោ ជួន ណាត លោកជាសិស្សសំណព្វនៃសម្ដេច។ កាលណោះសម្ដេចនៅឋានៈជាព្រះពុទ្ធ ឃោសាចារ្យ។
(2)លោកនួន ឌួងធ្វើជាក្រុមជុំនុំព្រះត្រៃបីដកនៅពុទ្ធសាសនបណ្ឌិត ផ្ទះនៅផ្សារកណ្ដាខាងជើងវត្ដឧណ្ណាលោមមានលក់និងជួសជុលទោចក្រយាន)
( ការិយាល័យនោះជាអគារបីជាន់ស្ថិតនៅខាងលិចវត្ថភ្នំ ជិតសណ្ឋាគារឡឺរ៉ូយ៉ាល់ ឥលូវធ្វើទីស្នាក់ការរដ្ឋមន្រ្ដីក្រសួងផែនការ)