២ -ការចូលមកដល់នៃកងទ័ពជប៉ុន
ថ្ងៃអាទិត្យ ទី19.មករា 2014.ម៉ោង 18:53

   មកដល់ឆ្នាំ១៩៤០ កាលកំពុងគិតគូររឿងនយោបាយនេះ ទទួលមានកងទ័ពជប៉ុនដែលធ្វើសង្រ្គាមតទល់​នឹង​ពួក​បច្ចា​មិត្រ (គឺ​អា​មេ​រិក អង់​គ្គេស​ បារាំង​៘ បាន​ចូល​មក​ក្នុង​ប្រ​ទេស​ឥណ្ឌូ​ចិន តាមសេចក្ដីព្រមព្រៀងសំងាត់ជាមួយ គូវែរណើរហ្សេនេរ៉ាល នៅហាណូយ​​ដែល​​យល់​ព្រម​អោយ​​ចូល​ទាំង​ទើស​ទាល់ មក​ពី​យល់​ថា កងទ័ពបារាំងពុំអាចទប់ទល់នឹងជប៉ុនបាន ហើយក្រោយមកគូវែរណើរ​ហ្សេ​នេ​រ៉ាល​នោះ ក៏​​ភៀស​​ខ្លួន​បាត់​ទៅ​។

   កងទ័ពជប៉ុនបានចូលមកដល់ប្រទេសកម្ពុជា មុនពេលរាជាភិសេកស្ដេចស៊ីហនុ (ស្ដេចស៊ីហនុប្រកាស​ជា​មហា​ក្សត្រ​ខ្មែរ នៅ​​ថ្ងៃ​២៥ មេសា​ ១៩៤១) ឆ្លៀត​ឱកាស​នោះ​លោក​ស៊ឹង ង៉ុក​ថាញ់ បានទៅទាក់ទងជាសំងាត់ជាមួយមេទ័ពជប៉ុនតាមរយៈមេហាងដាយណង់​គូ​ស៊ី ដែល​​តាំង​នៅ​​មុខ​​ផ្សារ​ចាស់ ភ្នំ​​ពេញ នៅ​ជ្រុង​ផ្លូវ​ពី​កេ​(ឥលូវវិថីអុកញ៉ាផ្លុង) និងជ្រុងផ្លូវអូហ៊ីយេឥឡូវនេះជាវិថីអង្គអេង ដើម្បី​សុំ​ជា​ជំនួយ​​ទ័ព​របស់​គេ​អោយ​​ជួយ​ធ្វើ​អន្ដ​រា​​គមន៍​ផង ក្រែង​ពួក​បដិវត្ដន៍ធ្វើការទៅហើយលោ ជាភ្លាត់បែកការណ៍ឡើងមុខជាបារាំងចាប់ធ្វើទោស​មិន​ខាន​។

   សូមជំរាបថាមេហាង ដាយណង់គូស៊ី ដែលចូលមកតាំងហាងលក់ទំនិញប៉ុន្មានឆ្នាំមុនសង្រ្គាមលោកលើកទី​២​នេះ គឺ​ជា​ហាង​សំរាប់​ធ្វើ​​ចារ​កម្ម​ស៊ើប​ការណ៍ ចំនួន​កង​ទ័ព​និង​ចំនួន​យុទ្ធោ​បករណ៍​របស់បារាំងដែរ។ គេស៊ើបដឹងអស់ថាខ្មែរស្នេហាជាតិមាន​ប៉ុន្មាន​នាក់ ហើយ​គេ​​ព្រម​ជួយ​ក្នុង​​ការ​ទាក់​ទង​គ្នា​នេះ ដោយខ្លួន​គេ​ក៏​ជា​នាយ​ទាហានអ្នកចារកម្មដែរ។ ហើយគេក៏បានទាក់ទងតទៅទៀត ជា​មួយ​មេ​ទ័ព​ធំ​របស់​គេ​​ទៀត​​។ ឯ​ការ​ទាក់​ទង​រវាង​លោក ស៊ឹង ង៉ុកថាញ់ នឹងកងទ័ពជប៉ុនចេះតែមានរហូតមក ដោយខ្ញុំ (ប៊ុណ្ណចន្ទម៉ុល) ជា​អ្នក​នាំ​សំបុត្រ​​សំងាត់​ទៅ​ អោយ​ពួក​ជប៉ុន​​។

   លោកស៊ឹង ង៉ុកថាញ់ បានប្រាប់ពួកបដិវត្ដថាត្រូវធ្វើការអោយប្រយ័ត្នមែនទែន កុំអោយបែកការ តែ​ប្រ​ហែស​អោយ​បែក​ការ​មុខ​ជា​បា​រាំង​ចាប់​ហើយ​។ ហើយ​បើ​មាន​ការ​ថ្លស់​ធ្លោយដោយហេតុណាមួយ ត្រូវតែប្រញាប់ប្រញាល់រត់ចូលទៅឯកង តំរួតយោធាជប៉ុន (កង​អាវុធ​ហត្ថ ) ដែល​គេ​យក​កន្លែ​នោះ​សង់​ធនា​គារ​ជាតិ​កម្ពុជា​សព្វ​ថ្ងៃ​នេះ គេអាចការពារយើងមិនអោ យបារាំងចូលទៅចាប់បាន។

   ចំណែកខាងព្រះសង្ឃមានលោកគ្រូអាចារ្យ ហែម ចៀវ ជាដើម តែកាលណាមានអោកាសនិមន្ដចេញទៅ​ខេត្ដ​​ក្រៅ ដោយ​មាន​ការ​អ្វី​ក្ដី​ ដោយ​ត្រូវ​គេ​និមន្ដ​ទៅ​ទេសនា លោក​តែងតែខិតខំជួយធ្វើការពន្យល់ បញ្ចុះបញ្ចូល ណែនាំអោយភ្លឺរឿងស្នេហាជាតិ​អោយ​អង់​អាច​ក្លា​ហាន​ ក្នុង​ការ​​តស៊ូ​ធ្វើ​បដិ​វត្ដ​យក​ឥស្សរ​ភាព​ពី​បារាំង​មក​វិញ បានលទ្ធផលជាទីគាប់ចិត្ដ។ ប្រជារាស្រ្ដ ខ្លះមានសទ្ធាជ្រះថ្លា បាន​ចូល​កុសល​ជា​​ប្រាក់ ដើម្បី​យក​មក​ចាត់​ចែង​ចំណាយ​ក្នុង​រឿង​នេះ​ផង​។

   ខាងគ្រហស្ថវិញ លោកជុំ មួង ខ្ញុំប៊ុណ្ណចន្ទ ម៉ុល លោកនួន ឌួង និងមានគ្នាច្រើនបន្ដទៅទៀត ក៏​​បាន​ខំ​ប្រឹង​ប្រែ​ធ្វើ​ការ​ដោយ​ពេញ​សមត្ថ​ភាព​គ្រប់​ៗ​គ្នា​ដែរ​។

   សូមជំរាបថា កាលណោះទាហានបារាំង មានតិចណាស់នៅស្រុកខ្មែរ។ បន្ទាយមួយៗមានតែទាហានខ្មែរភាគ​ច្រើន​ជាង ដែល​នៅ​ក្រោម​​បង្គប់​នាយ​ទាហាន​បារាំង​។ ឯ​ពល​ទាហាន​បារាំង​បាន​ត្រូវស្លាប់ជាច្រើន កាលសង្គ្រាមបារាំងនិងសៀម។ ក្រៅពី​នេះ​ត្រូវ​បញ្ជូន​ទៅ​ជួយ​ច្បាំង​ ឯ​ប្រ​ទេស​បារាំង​។ ចំណែក​បារាំង​ស៊ី​វិល​ក៏​ត្រូវ​ជាប់កំណែនចូលបំរើក្នុងកងទ័ពរបស់គេឯប្រទេសបារាំង។ ខេត្ដខ្លះមាន​សល់​បារាំង​ម្នាក់​ពីរ​នាក់​ ខេត្ដ​ខ្លះ​៤-​៥​នាក់​។ ខេត្ដ​កំពង់​ស្ពឺ​ឥត​មាន​បារាំង​សោះ គេយកចៅហ្វា យខេត្ដអោយកាន់កាប់រេស៊ីដង់ផង។ ឃើញថាផែន​ការ​បដិវត្ដ ពុំ​​សូវ​​ជា​តឹង​​តែង​ប៉ុន្មាន​​ទេ អាច​នឹង​ប្រ​ព្រឹត្ដ​ទៅ​បាន​។ ប៉ុន្ដែការ លំបាកទៅទៀតនាះលោកអ្នកនាង និងដឹងនៅខាងមុខ។