១ -ការតស៊ូដំបូងតាមផ្លូវសារពត៌មាន
ថ្ងៃសៅរ៍ ទី18.មករា 2014.ម៉ោង 9:11

   ជាន់នោះប្រជារាស្រ្ដយើងមានសេចក្ដីលំបាកវេទនាកាន់តែខ្លាំងឡើងៗ ដោយបារាំងធ្វើបាប ហើយជាឱកាសហុចអោយ​ផង ត្បិត​ពេល​នោះ​ បារាំង​កំពុង​ជាប់​ដៃ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​អាល្លឺងម៉ង់ផង ហើយតមកវាច្បាំងនឹងសៀមទៀត ពុំអាចដឹកនាំគ្រឿងអាវុធ​យុទ្ធ​ភ័ណ្ឌ​មក​បង្ក្រាប​ យើង​បាន​ឡើយ នៅស្រុកវាប្រើតែអាវុធចាស់តាំងពី១៩១៤មក ហួសសម័យទៅហើយ។ ហេតុនេះហើយបានជាវាច្បាំង​ចាញ់​សៀម​(1)​។ ដឹក​ ទ័ព​កេណ្ឌរ​ទេះ​ឬ​រថ​យន្ដឈ្មួញអ្នកស្រុកដើម្បីបំភ័ន្ដខ្មែរថា បារាំងខ្លាំងពូកែ ដឹកតែទ័ពកាំភ្លើងចុះ ឡើងបន្លាចខ្មែរកុំអោយហ៊ានតនិងបារាំង។

   កាសែត «នគរវត្ដ» ចាប់ចេញដំបូងតែពីរដងទេ ក្នុងមួយអាទិត្យ ទីស្នាក់ការនៅជ្រុងផ្លូវស៊ីសុវត្ដិ និងមាឃ​វាន់​ឈ្មោះ​សេ​ឡិច​​ហោ​តិល (ផ្ទះ​នៅ​រហូត​សព្វ​ថ្ងៃ) នៅពីខាងមុខសេឡិច ហោតិលមានរង្គសាលមួយឈ្មោះឡារ៉េសូកមាត់ទន្លេចតុមុខ។ កាសែតនេះលក់​១​សន្លឹក​៨​សេន​។ លុះ​ចេញ​យូរ​បន្ដិច​ទៅ ​កាន់​តែ​លក់​ដាច់​ឡើង​ក៏​បញ្ចុះ​តំលៃ​មក​នៅត្រឹម៥សេនវិញ។

   លោក ប៉ាច ឈឺន កាន់កាប់មុខងារជាចាងហ្វាងកាសែតត្បិតលោកជាវីរជនម្នាក់ស្នេហាជាតិមុតមាំក្នុងបណ្ដាក្រុម​បដិ​វត្ដន៍​ទាំង​អស់​។ ឯ​​លោក​ង៉ោ ហុង បាន​តំរូវ​អោយ​ធ្វើជាគណនេយ្យករ ត្បិតលោកជាមនុស្សត្រង់ ហើយជាអ្នកស្នេហាជាតិដែរ។ ចំណែក​អ្នក​និពន្ធ​មាន​លោក​​ស៊ឹង ង៉ុក​ថាញ់ លោក​ប៉ាច ឈឺន លោក​ស៊ីម វ៉ារ លោកពិទូរកៈសេម និងលោកជុំមួង។ ក្រោយមកទើបលោក​មហា​ញ៉ុក ថែម និង​លោក​​មហា សាមន ចូល​មក​ជួយ​ទៀត​។ មុន​ដំបូង​មានអស់លោកជាច្រើនប្រហែល២០នាក់ជាអ្នកជួយសរសេរដែរ ប៉ុន្ដែ​ចេះ​តែ​របេះ​អស់​ដោយ​​លោក​មិន​សូវ​ស៊ូ ត្បិត​ធ្វើ​ទទេ​ឥត​ឈ្នួល នៅ​សល់​តែ​ប៉ុន្មាន នាក់ដូចរាយនាមខាងលើ។ កាលជាន់នោះអ្នករាជការពុំអាច​សរ​សេរ​កា​សែត​​បាន​ឡើយ​។ ហេតុ​នេះ​ហើយ​បាន​ជា​ពុំ​មាន ឈ្មោះ​លោក​ស៊ឹង ង៉ុក​ថាញ់ និងជុំ មួងក្នុងតាសែត ឃើញតែ «នគរវត្ដ»ទេ។ កាសែត​នេះ​ជា​ឯក​សារ​សំខាន់​តំ​កល់​ទុក​នៅ ពុទ្ធ​សាសន​បណ្ឌិត និង​បណ្ណា​ល័យ​ជាតិ​។

   លុះកាសែតនេះដើរបន្ដិចទៅ គឺថាបានចំរើនដោយកាន់តែលក់ដាច់ឡើង ក៏ចាប់ផ្ដើមធ្វើជាក្រុមហ៊ុន ព្រមទាំងបណ្ណាគារ​ខ្លួន​ឯង​សំរាប់​បោះ​ កា​សែត​ខ្លួន​ឯង និង​ស៊ី​ឈ្នួល​បោះ​សៀវភៅផងដាក់លក់សៀវភៅព្រមទាំងប្រដាប់សំរាប់ការិយាល័យផង។ កាល​ពី​មុន​ជួល​រោង​ពុម្ព​បារាំង​ឈ្មោះ អាល្លី​យ៉ែស​បោះ​កា​សែត​នេះ​។ រោង​ពុម្ព​គេ​ធ្លាប់​បោះកាសែតរដ្នមួយស្រាប់ឈ្នោះ «កម្ពុជពត៌មាន»។

   កាលកាសែតនគរវត្ដចេញដំបូងអ្នកដែល​អាន​ភាគ​ច្រើន​មាន​តែ​អ្នក​ក្រី​ក្រ និង​កម្មករ​ដែល​ពុំ​សូវ​ចេះ​ភាសា​បារាំង អាន​កាសែត​ភាសា​បារាំង​មិន​បាន​។ ឯ​អស់​លោក​និង​ថី​ថុង​គេ​មិន​យក​ភ្នែក​បៀត​ទេ ដោយ​គេ​មើល​ងាយ​ស្អប់​ខ្ពើម​អក្សរ​ជាតិ​។ ជា​ពិសេស​គឺ​អស់​លោក​ជាន់​នោះ​អាន​អក្សរ​ខ្មែរ​ពុំ​បាន​ផង ត្បិត​មិន​ខំ​រៀន​អក្សរ​ជាតិ​ទេ គែ​ខំ​រៀន​អក្សរ​បារាំង ត្បិត​អក្សរ​បារាំង​មាន​តំលៃ​ខ្លាំង​ណាស់​ជាន់​នោះ ឯ​អក្សរ​ខ្មែរ​ចុះ​ទាប​ដល់​ថ្នាក់​ក្រោម​សូន្យ​។ គេ​មើល​តែ​កា​សែត​បា​រាំង​ឈ្មោះ​ឡា​វេ​រី​តេ (La Vérité) អូពី​នី​ញ៉ុង (Opinion) អាំ​ប៉ា​ស្យល់ (Impartial) និង Press de Saigon ជា​ដើម​។ បើ​ចង់​មើល​កាសែត​ខ្មែរ ដោយ​លឺ​ល្បី​ថា​ល្អ​មើល គេ​បត់​ដាក់​ពី​ក្នុង​កា​សែត​បារាំង​កុំ​អោយ​គេ​មើល​ឃើញ ខ្លាច​គេ​ថា​អន់​ឬ​មិន​ចេះ​បា​រាំង​។ ហេតុ​អ្វី​? មក​ពី​បារាំង​នៅ​ជាន់​ស្រុក​យើង យើង​នៅ​ក្រោម​គេ ម៉្លោះ​ហើយ​ឥទ្ធិ​ពល​បារាំង​ វា​ខ្លាំង​ដល់​ទៅ​អក្សរ​វា​ទៅ​ទៀត​។ សូម​ជំរាប​ថា ជាន់​នោះ​អ្នក​ណា​មិន​ចេះ​អក្សរ​បារាំង​ចេះ​តែ​អក្សរ​ខ្មែរ ឥត​បាន​ការ​អ្វី​ធ្វើ​នឹង​គេ​ទេ ត្បិត​គេ​ប្រើ​តែ​អក្សរ​បារាំង ទោះ​ខាង​រាជ​ការ​ក្ដី ខាង​ជំនួញ​ក្ដី​ដូច​គ្នា។ អ្នក​និយាយ​បា​រាំង​ហ៊ឺ​ហា​ណាស់ ដូច​ទេវ​តា​ចុះ​ពី​ស្ថាន​សួគ៌​។​

   ធ្វើពាក្យបណ្ដឹងឬពាក្យសុំអ្វីៗត្រូវតែធ្វើជាបារាំង ទោះខាងរាជការខ្មែរក្ដី ខាងរាជការបារាំងក្ដី ប្រើតែអក្សរបារាំង​ដូច​គ្នា​។ បើ​មិន​ចេះ​ត្រូវ​ពឹង​ គេ​ឬ​ជួល​គេ​ធ្វើ​អោយ​ទើប​បាន​ការ​។ មិន​មែន​តែ​ភាសា​ឬ​អក្សរ​បារាំង​ទេ​ដែល​ថ្លៃ​ថ្នូរ សូម្បី​តែ​ស្រី​បារាំង ក៏​ប្រុស​ខ្មែរ​យើង​ជាន់​ជាយ​កន្ទេល​វា​ មិន​បាន​ដែរ​។ និស្សិត​ខ្មែរ​ដែល​បាន​សញ្ញា​ប័ត្រ​ខ្ពស់​ពី​ស្រុក​បារាំង លុះ​ត្រលប់​មក​វិញ​ដោយ​ទាំង​ប្រពន្ធ​បារាំង​មក​ផង ដល់​សុំ​ធ្វើ​ការ​ក្នុង​រាជ​ការ​ គេ​មិន​អោយ គេ​ប្រាប់​ថា​ ទាល់​តែ​លែង​ប្រ​ពន្ធ​បារាំង​ទៅ​ទើប​ឲ្យ​ការ​ធ្វើ​។ បុរស​នោះ​បង្ខំ​ចិត្ដ​លែង​ប្រពន្ធ​បា​រាំង​នោះ​ទៅ ទើប​បារាំង​គេ​ឲ្យ​ធ្វើ​ជា​ មន្ដ្រី​ខាង​រាជ​ការ​ខ្មែរ​។ ឯ​នាង​បារាំង​នោះ ត្រូវ​គេ​បញ្ជូន​ត្រលប់​ទៅ​ស្រុក​បារាំង​វិញ​ទៅ​។ រឿង​នេះ​មាន​ច្រើន​គ្នា តែ​សូម​មិន​បញ្ចេញ​ឈ្មោះ​។​ ឯ​យួន​ដែល​ជា​ខ្ញុំ​បារាំង​ដូច​ជា​ខ្មែរ​ដែរ ប៉ុន្ដែ​វា​មាន​ឥទ្ធិ​ពល​ជាង​ខ្មែរ វា​ក្អេង​ក្អាង​ដាក់​ខ្មែរ​គ្រប់​កន្លែង​រាជ​ការ និង​ជំនួញ ត្បិត​វា​ចេះ​ផ្គាប់​ផ្គុន​បារាំង​ៗ​ ស្រលាញ់​វា​ស្ដាប់​វា​ធ្វើ​បាប​ខ្មែរ​។ ចំណែក​ឯ​ចិន​វិញ​វា​ក៏​ឡើង​ចាង​លើ​ខ្មែរ​ណាស់​ដែរ ត្បិត​ពួក​គេ​ច្រើន​តែ​អ្នក​មាន​សម្បត្ដិ​ គេ​តាំង​ខ្លួន​គេ​ខ្ពស់​ នៅ​ស្រុក​ខ្មែរ​ប្រហែល​នឹង​បារាំង​ដែរ​។ កុំ​ថា​ដល់​ទៅ​ស្រី​ល្អ​ជា សូម្បី​តែ​ស្រី​ផ្កា​មាស​ចិន​ក៏​ខ្មែរ​យើង​ពុំ​អាច​ភប់​ភ័ន​វា​បាន​ឡើយ​។ បើ​បាន​ស្គាល់​ ចិន​ជិត​ដិត​ហើយ​វា​នាំ​ទៅ​ព្រេច​ស្រី​ពេស្សា​ចិន​ជា​មួយ​វា​ទើប​បាន​ខ្លះ​។ ខ្មែរ​ជាន់​នោះ​អន់​ជាង​យួន ចិន​ទៅ​ទៀត​។

   សម័យ​នោះដោយ​អក្សរ​សាស្រ្ដ​បារាំង វប្ប​ធម៌​បារាំង ផ្សាយ​ឥទ្ធិ​ពល​មក​លើ​អក្សរ​សាស្រ្ដ​ខ្មែរ លើ​វប្ប​ធម៌​ខ្មែរ​ខ្លាំង​ណាស់​ទៅ អក្សរ​សាស្រ្ដ​យើង វប្ប​ធម៌​យើង​ក៏​រត់​ទៅ​ពួន​សំងំ​ក្នុង​វត្ដ​អារាម​អស់​។ បើ​កុំ​តែ​បាន​គុណ​ព្រះ​សង្ឃ​ខ្មែរ​ដែល​ជា​អ្នក​ទ្រ​ទ្រង់​ថែ​រក្សា​ទុក​អោយ​គង់​វង្ស​ដល់​សព្វ​ថ្ងៃ កុំ​អី​អក្សរ​សាស្រ្ដ​ខ្មែរ​រលាយ​បាត់​សូន​ឈឹង​ពី​ប្រ​ទេស​កម្ពុជា​ទៅ​ហើយ​។ ចាប់​ពី​ឆ្នាំ១៩៤២ មក​បារាំង​លែង​អោយ​សរ​សេរ​អក្សរ​ខ្មែរ​ជា​ផ្លូវ​ការ​ហើយ គេ​បង្កើត​អក្សរ​រ៉ូម៉ា​នី​ហេ្ស Romanisé ឬ​ហៅ​ថា កុកងឺ​ខ្មែរ គឺ​អោយ​សរ​សេរ​ពាក្យ​ខ្មែរ​ជា​អក្សរ​បារាំង​វិញ តាំង​ពី​រាជ​ការ​ជាន់​ខ្ពស់​រហូត​ដល់​ឃុំ​។ កា​សែត​ក៏​ចេញ​ជា​អក្សរ​រ៉ូម៉ានី​ហ្សេ​ដែរ​។ ហេតុ​អ្វើ? មក​ពី​បារាំង​គេ​ធ្វើ​អោយ​ជាតិ​គេ​ងាយ​រៀន​ភាសារ​ខ្មែរ​ដោយ​សរ​សេរ​ជា​រ៉ូម៉ានី​ហ្សេ ត្បិត​ជាន់​នោះ​បារាំង​គេ​កំពុង​តែ​ដាក់​គ្នា​គេ​មក​នៅ​ស្រុក​អាណា​និគម​អោយ​ច្រើន ហើយ​គេ​ចង់​បញ្ចូល​ស្រុក​ចំណុះ​គេ ធ្វើ​ជា​ស្រុក​បារាំង​ផង ហៅ​ថា​ប្រទេស​បារាំង​ឯ​នាយ​សមុទ្រ​(La France d'outre Mer) គឺ​គេ​ចង់​សង្កត់​យើង​កុំ​អោយ​រើ​ខ្លួន​រួច អោយ​ក្លាយ​ជា​ជាតិ​បារាំង​អោយ​អស់​ទៅ ទោះ​ចេះ​បារាំង​ក៏​ដោយ មិន​ចេះ​ក៏​ដោយ ដូច​ជា​នៅ​ប៉ុង​ឌី​ស៊ី​រីច​ណ្ឌេ​នាគរ​៘ ជា​ខេត្ដ​នៃ​ប្រ​ទេ​ឥណ្ឌា ដែល​ក្លឹង​ក្លាយ​សញ្ជាតិ​ជា​បារាំង​ខ្មៅ​អស់​។ ឯ​ខ្មែរ​យើង​ជាន់​នោះ និង​មុន​នោះ​មាន​សុំ​ចូល​ជាតិ​ជាបារាំង​ខ្លះ​ដែរ ដោយ​គេ​យល់​ឃើញ​ថា ជាតិ​ឯង​ថោក​ទាប​ណាស់ ហើយ​បាន​ទាំង​ផ្លាស់​ឈ្មោះ​ត្រ​កូល​ទៅ​ជា​បារាំង​អស់ គេសប្បាយ​ចិត្ដ​និង​ដូរ​ជាតិ​ខ្មែរ​ទាប​ថោក ទៅ​ជា​ជាតិ​បា​រាំង​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា​ទៅ​វិញ​។ ក៏​ប៉ុន្ដែ​សូម​ជ្រាប​ថា​នៅ​ជំនាន់​នោះ ខ្មែរ​នៅ​ខំ​តស៊ូ​ប្រើ​ភាសា​ខ្មែរ នៅ​បាន​ច្រើន​នៅ​ឡើយ​។ ដូច​ជា​ក្រ​សួង​មហា​ផ្ទៃ យុត្ដិ​ធម៌ សិក្សា​ធិការ​ជាតិ ក្រុម​ព្រះ​តំរួត​៘ ជា​ដើម​។ ដល់​ពេល​ទាម​ទារ បាន​សេរី​ភាព​ឯក​រាជ្យ​ពី​បារាំង​ខ្លះ​នោះ​ត្រលប់​ជា​ប្រើ​អក្សរ​បារាំង​ទៅ​វិញ​។

   កាលពីឆ្នាំ១៩៤៧ ស្រុកខ្មែរបានកើតជារូបរាងរដ្ឋធម្មនុញ្ញមុន​ដំបូល ដោយ​វីរ​ជន​ដូច​ជា​ទ្រង់​យុត្ដិវង្ស លោកអៀវ កើស លោក​ឈាន វ៉ម​​ និង​​វីរ​ជន​ឯ​ទៀត​ជា​ច្រើន បាន​ជំនុំ​គ្នា​ធ្វើ​ រដ្ឋ​ធម្ម​នុញ្ញ​បាន​ចែង​ក្នុង​មាត្រា​២ អោយ​ប្រើ​ភាសា​ខ្មែរ​ជា​ផ្លូវ​ការ រហូត​ដល់​ឆ្នាំ​១៩៧០ គិត​ទៅ​៣៣​ឆ្នាំ​​កន្លង​មក អ្នក​រាជ​ការ​ខំ​ប្រើ​ភាសា​​បារាំង​​រិត​តែ​ច្រើន​ទៅ​ទៀត​។ សព្វ​ថ្ងៃ​នេះ​ចង់​រហូត​ទៅ​មេ​ឃុំ​ទៅ​ហើយ អក្សរ​ជាតិ​មើល​មិន​ឃើញ​ទេ គ្រប់​ក្រសួង​ទាំង​អស់ ហើយ​ប្រើ​ភាសា​បារាំង​ដោយ​នៅ​កំអែល​អាណា​និគម​ក្រាស់​ណាស់​។ ចំណែក​យួន​គេ​ដើរ​ទាន់​សម័យ​គេ​ដេញ​បារាំង​ចេញ​​ គេ​ប្រើ​ភាសា​ជាតិ​គេ​ជា​ផ្លូវ​ការ​អោយ​កុមា​រា កុមារី​រៀន​ភាសា​អង់​គ្លេស​។ ពេល​ជប៉ុន​ចូល​ស្រុក គេ​អោយ​កូន​ចៅ​គេ​រៀន​ភាសា​ជប៉ុន ឥឡូវ​នេះ នៅ​សកល​លោក​ទាំង​មូល ប្រ​ទេស​ដែល​ទើប​បាន​ឯក​រាជ្យ​ថ្មី​ៗ​ គេ​តែង​ប្រើ​ភាសា​ជាតិ​គេ​ស្ទើរ​តែ​គ្រប់​ប្រ​ទេស​ទៅ​ហើយ ចំឡែក​អី​តែ​ជន​ជាតិ​​ខ្មែរ​យើង​នៅ​ក្រាញ​ដល់​ណា​ទៀត​? សព្វ​ថ្ងៃ​ សីល​ធម៌​វឌ្ឍន​ធម៌ ទំនៀម​ទំលាប់​ខ្មែរ​ចង់​រលំ​រលាយ​ទៅ​ចង់​អស់​ពី​ស្រុក​ខ្មែរ​ទៅ​ហើយ!​។ ហេតុ​នេះ​គួរ​បង​ប្អូន​រួម​ឈាម​មេត្ដា​ជួយ​គិត​អោយ​បាន​វែង​ឆ្ងាយ​រឿង​អក្សរ​ជាតិ​យើង​ផង! នេះ​គ្រាន់​តែ​ជា​សេច​ក្ដី​រំលឹក​ប៉ុណ្ណោះ ឥ​ឡូវ​ចាប់​និយាយ​ រឿង​ដើម​ត​ទៅ​ទៀត​។

   លុះសារពត៌មាននគរវត្ដ ចេញ​ផ្សាយ​យូរ​បន្ដិច​ទៅ ប្រជា​រាស្រ្ដ​ខ្មែរ​ដែល​ពី​ដើម​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​ផង ដែល​បាក់​ស្បាត​ខ្លាច​បារាំង​ផង ក៏​បើក​ភ្នែក​ខ្លះ ភ្ញាក់​រលឹក​ខ្លះ ក្រោក​ពី​ដេក​ខ្លះ ចេះ​ស្រ​លាញ់​ជាតិ ចេះ​ជួយ​ការ​ពារ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ហ៊ាន​ត​វ៉ា​ជា​មួយ​បារាំង​ចំពោះ​អំ​ពើ​រំលោភ​និង​ជិះ​ជាន់​ខ្លាំង​លើ​ខ្លួន​ឬ​លើ​ជន​រួម​ជាតិ​។ គ្រា​នោះ បា​រាំង​បាន​ដឹង​ខ្លួន​ថា ឥឡូវ​នេះ​ខ្មែរ​រលឹក​ពី​ដេក​ខ្លះ​ហើយ មិន​សូវ​ខ្លាច​វា​ដូច​ពី​ដើម​ដោយ​ហេតុ​មក​ពី​កាសែត​នគរ​វត្ដ​ដែល​មាន​លោក ស៊ឹង ង៉ុក​ថាញ់ និង​លោក​ប៉ាច ឈឺន ជា​មេ​ក្លោង ជា​អ្នក​ដឹក​នាំ​។ វា​ក៏​តាំង​ប្រឹត​ប្រៀន​មិន​អោយ​កាសែត​ចេញ​តាម​ចិត្ដ​យើង​បាន វា​ធ្វើ​ការ​ត្រួត​ពិនិត្យ (Censure) គឺ​ដក​អត្ថ​បទ​ល្អ​ៗ ដែល​យើង​និយាយ​ប៉ះ​ពាល់​លើ​វា​ចេញ​។ ជួន​ណា​យើង​ចេញ​តែ​ក្រដាស​ស​ទទេ​ ត្បិត​អត្ថ​បទ សំខាន់​វា​ដក​ចេញ​ទៅ​ហើយ នៅ​សល់​តែ​ដំណឹង​ផ្សេង​ៗ និង​ដំណឹង​ពាណិជ្ជ​កម្ម​ដែល​គេ​ជួល​អោយ​ផ្សាយ​។ ម្លឹង​ហើយ​ក៏​នៅ​តែ​មាន​គេ​ចូល​ចិត្ដ​អាន​ទៀត ដោយ​គេ​យល់​ថា កន្លែង​ក្រ​ដាស​ស​នោះ​ប្រ​ហែល​ជា​មាន​រឿង​អ្វី​សំខាន់​ហើយ​មើល​ទៅ បាន​ជា​បារាំង​ដក​ចេញ​មិន​អោយ​ផ្សាយ ក៏​នាំ​គ្នា​ស៊ើប​សួរ​ចចាក់​ចចូច​ស៊ើប​សួរ​គាស់​កកាយ​រក​ការណ៍​ពិត​ត្រង់​កន្លែង​នោះ​។ តាំង​ពី​នោះ​មក​បារាំង​ប្រ​យ័ត្ន​ប្រ​យែង​កាន់​តែ​ខ្លាំង ត្រួត​កា​សែត​ផង តាម​ឃ្លាំ​មើល​សកម្ម​ភាព​នៃ​ពួក​កា​សែត​ផង តើ​មាន​នណា​ខ្លះ​ជា​ក្រុម​ដឹក​នាំ​ប្រ​ជា​រាស្រ្ដ​ប្រ​ឆាំង​នឹង​វា​?​។ ខាង​រេ​ស៊ីដង ស៊ុប៉េ​រី​យ៉ើ គេ​បាន​ទារ​ពី​ព្រះ​រាជ​បណ្ណា​ល័យ​នូវ​សំណុំ​រឿង​ផ្ទាល់​ខ្លួន (do- ssier de personnel) របស់​លោក ស៊ឹង ង៉ុក​ថាញ់ ទៅ​ពិនិត្យ​មើល​អោយ​ស្គាល់​សាវ​តារ​ជាតិ និង​ពត៌​មាន​ផ្សេង​ៗ ដើម្បី​អោយ​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ចង​ពី​បទ​នាំ​បំ​បះ​បំ​បោរ​រាស្រ្ដ ប៉ុន្ដែ​គេ​មិន​ទាន់​ចាប់​ទេ គឺ​គ្រាន់​តែ​សំ​គាល់​ទុក​។

   កាលជំនាន់នោះយើងមិនទាន់មានសេរីភាពសរសេរនៅឡើយ ប៉ុន្ដែកាសែត នគរវត្ដ ហ៊ានសរសេរផ្សាយដោយរិះគន់​បារាំង និង​រដ្ឋ​ការ​ខ្មែរ​ធ្ងន់​ៗ ខ្លាំង​ជាង​កាសែត​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត​ដែល​មាន​សេរី​ភាព​ក្នុង​ការ​សរ​សេរ​។

   ឯឈ្មោះក្រុមអ្នកកាសែត នគរវត្ដ គឺក្រុមបដិវត្ដន៍នោះក៏បារាំងបានស៊ើបដឹង ស្គាល់មុខគ្រប់គ្នាអស់ហើយដែរ ដោយ​សារ​តែ​ចារ​បុរស​ជាតិ​ខ្មែរ​គ្នា​ឯង ដែល​ក្បត់​ជាតិ​ប្រាប់​វា​ដោយ​ផ្គាប់​ផ្គុន​ចង់​បាន​យស​សក្ដិ​។

   ពួកបដិវត្ដន៍គឺពួកកាសែត នគរវត្ដ ជំនាន់នោះ មានប្រជាប្រិយភាពណាស់ គឺមានព្រះសង្ឃនិងអ្នកស្រែចំការ កម្ម​ករ​មន្ដ្រី​រាជ​ការ​រាប់​អាន​ ស្រ​លាញ់​កាន់​តែ​ច្រើន​ឡើង​ៗ​។ ក្នុងពេលធ្វើទស្សនកិច្ចម្ដងៗ នៅគ្រប់ទីកន្លែង លោកប៉ាច ឈឺន លោកស៊ឹង ង៉ុក​ថាញ់ លោក​ស៊ឹម វ៉ា​៘ ​បាន​ខំ​ឧស្សាហ៍​ពន្យល់ បំភ្លឺ​ណែ​នាំ​ប្រ​ជា​រាស្រ្ដអោយ​ភ្លឺ​ស្វាង​ចំពោះ​នយោបាយស្រុកទេស ក្រៅពីការផ្សាយក្នុងកាសែត​ទៀត​។ ហេតុ​នេះ​ហើយ​ បាន​ដល់​ពួក​នោះ​ទៅ​ណា​ម្ដង​ៗ ទៅ​វត្ដ​អា​រាម​ក្ដី ទៅ​កាន់​ភូមិ​តូចធំឬទៅ កាន់ទីរាជការក្ដី គេឃើញប្រជារាស្រ្ដទាំងស្រីទាំង​ប្រុស​អ្នក​រាជ​ការ​ ព្រម​ទាំង​ព្រះ​សង្ឃ​មក​ជួប​ជុំ​គ្នា​ចាំ​ទទួល​ស្វា​គមន៍ ធ្វើ​បដិ​សណ្ឋារ​កិច្ច​ដោយទឹកមុខរីករាយក្រៃលែង ដោយចាំស្ដាប់សេច​ក្ដី​អធិប្បាយ​ពន្យល់​ ពី​នយោ​បាយ​ស្រុក​ទេស ព្រម​ទាំង​រៀប​ចំ​ទទួល​ភោជ​នាហារ​ផង​ទៀត​។

   ប៉ុន្ដែអស់លោកឯទៀត ពុំសូវបានចេញទៅស្រុកក្រៅញឹកញាប់ទេ ត្បិតជាប់រវល់ធ្វើការរាជការ មានតែលោក ប៉ាច ឈឺន ម្នាក់​ឯង​ទេ​ដែល​ បាន​ធ្វើ​ទស្សន​កិច្ច​នៅ​គ្រប់​កន្លែងច្រើនជាងគេ។ ហេតុនេះបាជាគេស្គាល់តែឈ្មោះនិងមុខលោក ប៉ាច ឈឺន ច្បាស់​ជាង​គេ រាប់​អាន​ស្រលាញ់​ ជាង​គេ​។ មាន​កន្លែង​ខ្លះ​ដែល​មាន​លោកចាងហ្វាង ប៉ាច ឈឺន ចូល​មិន​ដល់​អ្នក​ស្រុក បបួល​គ្នា​សែង​ដង្ហែ​លោក​ទាល់​​តែ​​ដល់​​ទី​ក​ន្លែង​ដែល​ ណាត់​ប្រជុំ​។ សម័យ​នោះ​លោក​ប៉ាច ឈឺន ឡើងដៃខ្ពស់មុខមាត់ជាង អស់លោកឯទៀត។ ដូចម្ដេចក៏ត្រូវគិតពីស្រុក​ទេស​? ពី​ជាតិ​? ព្រោះ​ថា​ យើង​ជា​មនុស្ស​មាន​ប្រ​ទេស មាន​ជាតិ ត្រូវ​ស្វែងរ កសុភមង្គលជារបស់ជាតិ កុំអោយជាតិដទៃមើលងាយ គិតជាតិ​ជា​ធំ ពុំ​មែន​គិត​ខ្លួន​ជា​ធំ​ទេ​។ អ្នក​គិត​ដោយ​យក​ខ្លួន​ជា​ធំ​ទៅ​ជា​អ្នក​ជិះ​ជាន់​ជាតិ​​ខ្លួន​​ឯង​​។

   ក្រោយមកដោយ ដោយយល់ឃើញថា គ្រាន់​តែ​ផ្សាយ​ដំណឹង​បណ្ដុះ​បណ្ដាល​ស្មារ​តីប្រ​ជា​ជាតិ​ខ្មែរ​អោយ​ចេះ​ស្នេហា​ជាតិ តែ​តាម​ផ្លូវ​សារ​ពត៌មាន​ប៉ុណ្ណោះ បាន​លទ្ធ​ផល​មិន​ទាន់​គ្រប់​គ្រាន់​ទេ ដោយ​ហេតុ​អត្ថ​បទ​ល្អ​ៗ សំខាន់​ៗ ត្រូវ​បា​រាំង​វា​ដក​ចេញ មិន​អោយ​ចុះ​ផ្សាយ ទើប​លោក​ស៊ឹង ង៉ុក​ថាញ់ បាន​ជំនុំ​គ្នា​ដើម្បី​រក​មធ្យោ​បាយ​បន្ថែម​មួយ​ផ្លូវ​ទៀត ដើម្បី​បន្ថែម​អោយ​មាន​ឥទ្ធិ​ពល​ឡើង​ទៀត គឺ​លោក​បំបែក​ជា​ពីរ​ក្រុម​។ ក្រុម​ទី​១​មាន​ភារៈ​ខាង​ធ្វើ​កាសែត មាន​លោក​ប៉ាច ឈឺន​ជា​មេ ជា​មួយ​នឹង​អស់​លោក​ឯ​ទៀត ក្រុម​ទី​២ សំរាប់​ដើរ​ទាក់​ទង​ផ្ទាល់​នឹង​ប្រ​ជា​រាស្រ្ដ និង​ក្រុម​ទាហាន​ជើង​ក្រ​ហម ទាហាន​ជើង​ខ្មៅ ព្រម​ទាំង​រក​លុយ​កាក់​ដើម្បី​ធ្វើ​ការ​បដិ​វត្ដន៍​បណ្ដេញ​បារាំង​ចេញ​អោយ​អស់​ពីទឹក​ដី នៃ​មាតុ​ប្រ​ទេស​យើង ដើម្បី​យក​ទឹក​ដី​យើង​មក​វិញ អោយ​មាន​ឥស្សរ​ភាព​ដូច​ជំនាន់​ដើម​វិញ ដូច​ជា​ប្រ​ទេស​នានា​ដែល​គេ​មាន​ឯក​រាជ្យ​ភាព​ដូច្នេះ​ឯង​។ ក្រុម​ទី២​នេះ​មាន លោក​ស៊ឹង ង៉ុក​ថាញ់​ជា​មេ​ជា​មួយ​នឹង​ខ្ញុំ (ប៊ុណ្ណ​ចន្ទ ម៉ុល) លោក​នួន ឌួង លោក​អាចារ្យ​ហែម ចៀវ និង​លោក​ជុំ មួង​៘

   គួរ​កត់​សំគាល់​ថា មនុស្ស​គ្រប់​ជាតិ​ពុំ​មែន​មិន​ចេះ​ស្រ​លាញ់​ជាតិ​ទេ ស្ទើរ​តែ​ទាំង​អស់​ចេះ​ស្នេហា​ជាតិ តែ​ការ​សំខាន់​គឺ​មេ​ដឹក​នាំ គឺ​មេ​ដឹក​នាំ​មាន​គំនិត​ភ្លឺ​ថ្លា​ធ្វើ​ការ​ដើម្បី​ជាតិ (ស៊ូ​ស្លាប់​ទៅ​គាប់​រស​ធម៌​កុំបី​បង់) ការ​សេព​គប់ (Fréquentation)ប្រ​សើរ​ណាស់​។ មេ​ឆ្វេង​កូន​ឆ្វេង​។

   គ្រានោះទោះបីចែកជាក្រុមដោយឡែកពីគ្នាហើយក្ដី ក៏​នៅ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដដែល អោយ​តែ​រាស្រ្ដ​ប្រ​ជា​ឆាប់​បាន​យល់​នូវ​នយោយ​បាយ​ស្រុក​ទេស​។
   ជំនាន់នោះនាយទាហានជើងក្រហម និងជើងខ្មៅចេះតែទាស់គ្នាដោយប្រកាន់បក្សពួក បារាំង​ក៏​សូម​អោយ​ព្រះ​សង្ឃ​ខ្មែរ​ទៅ​ទេសនា​ទូន្មាន​ទាហាន​ទាំង​នេះ គ្រប់​បន្ទាយ​ក្នុង​មួយ​ខែ​ម្ដង​ ដើម្បី​អប់​រំ​អោយ​មាន​សីល​ធម៌ និង​ចរិ​យា​មារ​យាទ​ល្អ​ឡើង​។ ទាហាន​ជើង​ក្រហម​គឺ​ជា​យុទ្ធ​ជន (ទាហាន​ចំបាំង) រុំ​ពោះ​រុំ​ជើង​ក្រហម កន្ដិប​ក្រហម​។ ទាហាន​ជើង​ខ្មៅ​រុំ​ពោះ រុំ​ជើង​ខ្មៅ កន្ដិប​ខ្មៅ ហៅ​ថា ក្រុម​រក្សា​ស្រុក បែប​គ្នា​នឹង​តំរួត​យើង​សព្វ​ថ្ងៃ​នេះ​។ ការ​ចាត់​ព្រះ​សង្ឃ​ទៅ​ទេសនា​ឬ​ធ្វើ​សន្ធិ​សិទ ដើម្បី​អប់​រំ​ទាហាន​តាម​លទ្ធិ​ព្រះ​ពុទ្ធ​សាសនា ជា​ភារៈ​លើ​ពុទ្ធ​សាសន​បណ្ឌិត (In- stitut Bouddhique) ចាត់​។ ជួន​ណា​មាន​ចាត់​ព្រះ​សង្ឃ​អោយ​ទៅ​ទេសនា​អប់​រំ​ទាហាន​ខ្មែរ​ក្រោម ដូច​ជា​នៅ​មាត់​ជ្រូក (Chaudoc) ជា​ដើម​

   កាលនោះលោកស៊ឹង ង៉ុកថាញ់ ធ្វើការនៅពុទ្ធសាសនបណ្ឌិត និងព្រះរាជបណ្ណាល័យ ដែលរួមអគារជា​មួយ​គ្នា​ក្រោម​បង្គាប់​នាង​កញ្ញា​ជាតិ​បារាំង​ម្នាក់​ឈ្មោះ កា​ប៉ឺ​ឡែស (Melle Kapelès) ដែល​មាន​ឋានៈ​ជា​អគ្គ​លេខា​ធិការ​នៃ​ពុទ្ធសាសន​បណ្ឌិត និង​ជា​អ្នក​គ្រប់​គ្រង​បណ្ណា​ល័យ (Secrétaire la genérale de l'Institut Bouddhique et conservateur de la bibiothèque royal) ។ លោក​ស៊ឹង ង៉ុក​ថាញ់ ទទួល​ភារៈ​ជា​អ្នក​ចាត់​ព្រះ​សង្ឃ​អោយ​ទៅ​ទេសនា​ប្រ​ដៅ​ទាហាន​ជំនួស​កញ្ញា កាប៉ឺ​ឡែស​។ ម្លោះ​ហើយ​ជា​ឱកាស​ល្អ​អោយ​លោក​ជ្រើស​រើស​តែ​ព្រះ​សង្ឃ​ណា​ដែល​ស្នេហា​ជាតិ​មុត​មាំ និង​បាន​វោ​ហារ ប៉ិន​ប្រសប់​ពន្យល់ បញ្ចុះ​បញ្ចូល​ពួក​ទាហាន​ដោយ​អាស្រ័យ​ព្រះ​ធម៌​ទេសនា​អោយ​ចេះ​ស្រ​លាញ់​ជាតិ អោយ​ចេះ​ត​ស៊ូ​៘

   ឯព្រះសង្ឃដែលស្នេហាជាតិមុតមាំ គឺលោកអាចារ្យហែម ចៀវ សាស្ដ្រាចារ្យភាសាបាលី លោក​គ្រូ​អាចារ្យ​ប៉ាង ខាត់ សាស្ដ្រាចារ្យ​ភាសា​សំស្ក្រិត លោក​គ្រូ​អាចារ្យ​សូ ហាយ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក លោក​គ្រូ អ៊ុក ជា(4)លោកគ្រូអាចារ្យ​ខៀវ ជុំ ពី​អង្គ​នេះ​គង់​នៅ​វត្ដ​លង្កា​ជា​ដើម​។

   លុះត្រលប់មកពីធ្វើសន្និសិទវិញ ព្រះសង្ឃមួយអង្គៗ តែងធ្វើសេចក្ដីរាយការណ៍ជាលាយលក្ខណ៍អក្សរជូនទៅអគ្គលេខា​ធិការ​នៃ​ពុទ្ធ​សាសន​​បណ្ឌិត ចំពោះ​លទ្ធ​ផល​នៃ​ការ​ទៅ​ទេសនា​ហើយនិងរាយការណ៍ជូនលោក ស៊ឹង ង៉ុកថាញ់ អំពីលទ្ធផល នៃការទាក់ទងជិតសិទ្ធជាមួយ​នាយ​ទាហាន​ក្រោយ​ពេល​ទេស​នា​។

   លុះដឹងថានាយទាហានណាដែលសង្ឃឹមថា អាចនឹងចូលចិត្ដរួបរួមពួតដៃគ្នាក្នុងការបដិវត្ដន៍ដេញបារាំងបាន លោកស៊ឹង ង៉ុកថាញ់ ក៏​ចាត់​ លោក​ជុំ មួង​អោយ​ទៅ​បញ្ជាក់​បន្ថែម​អោយនាយទាហាននោះរិតតែច្បាស់ការតទៅទៀត។ ក្នុងពេលដែលលោកជុំមួង ចូល​ទៅ​ជួប​នឹង​នាយ​ ទាហាន​ខ្មែរ​ម្ដង​ៗ មេ​ទា​ហាន​បារាំង (សក្ដិធំៗ) ចេះតែសំលឹងមើលលោកត្បិតជាមនុស្សចំលែក។ ជំនាន់នោះ នាយ​ទាហាន​ខ្មែរ​មាន​សក្ដិ​ធំ​ បំផុត​​ត្រឹម​អាដ​ហ្សុយ​ដង់ (adjudant) ប៉ុណ្ណោះ​។ មានទាហានជាច្រើនបានស្ម័គ្រចិត្ដចូលដៃជាមួយ។ ឯទាហាន​ខ្លះដែល​មិន​ទុក​ចិត្ដ​ដោយ​យល់​ថា គេ​ស្រ​លាញ់​បារាំង​ដុះ​ស្លែ​ទៅ​ហើយ ក៏មិនហ៊ាននៅជិត​គេ ទេ​ខ្លាច​បែក​ការណ៍​ដឹង​ដល់​បារាំង​។

   ចំណែកខ្ញុំប៊ុណ្ណចន្ទ ម៉ុល និងលោកនួន ឌួង(5) បានត្រូវចាត់អោយដើរបញ្ចុះបញ្ចូលទាក់ទងនិងប្រជាជនខាងក្រៅ​ព្រម​ទាំង​តំរូវ​អោយ​ឈ្លប​យក​ការណ៍​អោយ​ពិត​ប្រាកដ ពី​ចំនួន​ទាហាន ចំនួន​សព្វា​វុធ ព្រម​ទាំង​ទី​កន្លែង​បន្ទាយ​របស់​កង​ទ័ព​បារាំង​ផង​។

   បណ្ដាក្រុមបដិវត្ដទាំងអស់ មានតែខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ម្នាក់ទេដែលមានវ័យក្មេងជាងគេហើយបានការគ្រប់យ៉ាង។ នៅ​ផ្ទះ​ខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល នៅ​ផ្សារ​ស៊ី​ញែក​ភ្នំ​ពេញ មានលក់កាហ្វេ គុយទាវ ហើយជាកន្លែងប្រជុំសំរាប់ពួកបដិវត្ដផង ដែលតែងតែ ទៅ​ទទួល​ទាន​នៅ​ទី​នោះ​ហើយ​លប​លួច​ខ្សឹប​ប្រាប់​ហេតុ​ការណ៍​គ្នានឹងគ្នា។

   បើមានគិញបារាំងចូលមកទទួលទានដើម្បីស៊ើបការណ៍ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល បានលើករូបឆ្កែ(6) ដាក់ទៅលើជញ្ជាំងជា​សញ្ញា​ប្រាប់​គ្នា​ថា ប្រ​យ័ត្ន​កុំ​អោយ​និយាយ​គ្នា​ពី​នយោបាយត្បិតមានគិញបារាំងនៅទីនោះដែរ។ ឯពួកបដិវត្ដកាលមើលឃើញរូបឆ្កែ​នៅ​លើ​ជញ្ជាំង​ក៏​ឈប់​ និយាយ​ទៅ​ដោយ​ជឿ​ខ្ញុំ​ប៊ុណ្ណចន្ទ ម៉ុល ដែ លស្គាល់គិញបារាំងស្ទើរតែទាំងអស់។ ក្នុងរឿងនេះខ្ញុំប៊ុណ្ណចន្ទ ម៉ុល មាន​សហ​ការី​ម្នាក់​ទៀត​ឈ្មោះ​ជួន ប៊ុណ្នា​រា​ហេង​(7) ដែល​ធ្វើ​អាជ្ញា​សាលា​នៅ​ផ្ទះ​ជាប់​ល្វែង​គ្នា​ជួយ​ធ្វើ​ការ​ផង​។

    (1)កាលចំបាំងបារាំង-សៀម ជនជាតិខ្មែរនៅស្រុកសៀមត្រូវចាញ់បោកសៀម ដែលវាបោកអោយច្បាំងនិងបារាំងថា អោយមករំដោះជាតិខ្មែរអោយ​រួច​ពី​នឹម​បារាំង​។ ឯ​ខ្មែរ​ក្នុង​ស្រុក ក៏​ត្រូវ​បារាំង​បោក​ដូច​គ្នា​ថា អោយ​ទៅច្បាំង​នឹង​សៀម​ការ​ពារ​ស្រុកខ្មែរ ដែលត្រូវសៀមឈ្លានពាន។ ម្លោះ​ហើយ​ខ្មែរ​ទាំង​សង​ខាង​បាញ់​តែ​គ្នា​ឯង​ស្លាប់​អស់​ជា​ច្រើន​។
    (2)លោកស៊ឹង ង៉ុកថាញ់ជាជាតិខ្មែរកម្ពុជាក្រោម។ នៅវេលាដែលត្រលប់មកពីសិក្សាឯប្រទេសបារាំង ត្រូវនាងកញ្ញា កាប៉ឺលែស Kapelés ជាអ្នក​គ្រប់​គ្រង​រាជ​បណ្ណា​ ល័យ​កម្ពុ​ជា និង​ជា​អគ្គ​លេខា​ធិការ​នៃព្រះពុទ្ធសាសនបណ្ឌិត នាំពីកូសាំងស៊ីន(កម្ពុជាក្រោម) មកអោយធ្វើការជាមួយ។ ជាន់នោះលោកត្រូវតែង​តាំង​ជា​ចៅ​ក្រម​ក្នុង​រាជ​ការ​ ខ្មែរ​ ប៉ុន្ដែ​ដាក់​ក្រៅ​តំណែង​មកធ្វើការនៅព្រះរាជ បណ្ណាល័យវិញ។ លោកជាអ្នកនយោបាយម្នាក់ មានសេចក្ដីស្នេហាជាតិយ៉ាងមុះមុត រាប់អានអ្នក​មាន​អ្នក​ក្រ​ស្មើ​មុខ​គ្នា​។ លោក​ជា​មេ​គំនិត​នយោយ​បាយ​ខាង​កា​សែត ប៉ុន្ដែឥតឈ្មោះលោកទេ ដោយកាលជំនាន់នោះ អ្នករាជការសរសេរកាសែតពុំបានទេ។
    (3)[បារាំងចូលមកកាន់កាប់កម្ពុជាពីឆ្នាំ ១៨៦៣ តាំងពីព្រះបាទអង្គឌួងដល់ព្រះបាទនរោត្ដម ទើបធ្វើសន្ធិសញ្ញាប្រគល់អោយបារាំង។
    (4)ជាគ្រូបបង្រៀននៅពុទ្ធិកបឋមសិក្សាវត្ដលង្កា ក្រោយមកបានរត់ទៅនៅបាងកក ដោយបារាំងរកចាប់ខ្លួនក្នុងរឿងធ្វើបាតុកម្មសុំអោយដោះ​លែង​លោក​អាចារ្យ​ហែម ចៀវ (១៩៤២)។
    (5)លោកនួន ឌួង មានអាការរោគក្នុងខ្លួនដោយអាមណាមជាប់គុកកោះត្រឡាចមម បានទទួលអនិច្ចកម្មនៅមន្ទីពេទ្យ​ព្រះ​កេតុ​មាលា ភ្នំពេញ។
    (6)រូបឆ្កែនោះសំរាប់អោយសញ្ញាថាមានឆ្កែបារាំងមកហើយ។
    (7)លោកជួន ប៊ុណ្ណរាហេង សព្វថ្ងៃនេះធ្វើតំណាងរាស្រ្ដ។