រឿងកាកី

និទានឡើងវិញ
តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួង
**********************************************

២ -បាត់អូន

     ព្យុះ​ភ្លៀង​ ពពក​ខ្មៅ​ង​ងិត ក៏​ប្រែ​ជា​ស្រលះ​ស្ងប់​ស្ងាត់​ធម្មតា​វិញ​។ រាត្រី​ស្ងាត់​! មេឃ​ខៀវ​ស្រងាត់​! ផ្កាយ​ព្រោង​ព្រាត​! ប្រជា​ពល​រដ្ឋ​ មន្ដ្រី​ សេនា​អាមាត្យ​បាត់​ភិត​ភ័យ​ព្រួយ​ ហើយ​លា​គ្នា​ទៅ​រក​កន្លែង​សំរាក​រៀង​ខ្លួន​។ ព្រះ​បាទ​ព្រហ្ម​ទត្ដ​ យាង​ចូល​រាជ​ដំណាក់​ រួច​លង់​លក់​បាត់​ដូច​គល់​​ឈើ​មួយ​ដុំ​។​
     ស្បៃ​រាត្រី​រសាត់​បាត់​ទៅ​សន្សឹម​ៗ​។ ខាង​កើត​រង្វង់​ព្រះ​សុរិ​យា​មូល​ក្រលង់​ ក្រហម​ឆ្អិ​ឆ្អៅ​ ដូច​ព្រះ​ចន្ទ​ពេញ​វង់​ ថ្ងៃ​ពេញ​បូណ៌​មី​ស្ថិត​នៅ​ជាប់​ជើង​មេឃ​។ បក្សា​បក្សី​ទាំង​ឡាយ​ហិច​ហើរ​ឆៀង​ឆាប​ ស្រែក​យំ​ខ្ញៀវ​ខ្ញា ទទួល​ស្វា​គមន៍​ ពន្លឺ​ព្រះ​សុរិ​យា​ជា​ថ្មី រុក្ខ​ជាតិ​នានា​ រីក​ស្រស់​រហង់​ព្រោះ​បាន​ទទួល​ទឹក​សន្សើម​ត្រជាក់​នា​ពេល​ព្រឹក​ព្រហាម​។ ពពក​ក្រហម ​ស ខ្មៅ​ស្រ​អាប់​គូស​វាស​ផ្ទៃ​មេឃ​ទៅ​ទី​ឆ្ងាយ​។

     ព្រះ​បាទ​ព្រហ្ម​ទត្ដ​ ក្រោយ​ចេញ​ពី​ក្រឡា​បន្ទំ​ដោយ​យីត​ៗ​។ ព្រះ​អង្គ​ទ្រង់​ចូល​ទៅ​លុប​លាង​ដុស​សំអាត​រាង​កាយ​ ហើយ​ទ្រង់​ព្រះ​រាជ​សំលៀក​បំពាក់​ គ្រឿង​អលង្កា​​ដូច​ព្រះ​ឥន្ទ្រ​ ដ៏​មាន​រិទ្ធ​នៃ​ស្ថាន​ទេវ​លោក​។ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​សាល​ជំនុំ​ ដ៏​មាន​សេនា​ មន្ត្រី​រាជ​ការ ស្រី​ស្នំ​ចាំ​តៀម​គាល់​ពេញ​តៀប​ត្រា​។ ស្ថាន​ភាព​ស្ងប់​ស្ងៀម អស់​ពេល​ជាច្រើន​នាទី​ នៅ​លើ​អាសន​​ដ៏​មាន​ពន្លឺ​ចាំង​ភ្លី​ភ្លេក ព្រះ​មហាក្ស​ត្រ​ទ្រង់​ ងាក​សំលឹង​មើល​ឆ្វេង​ស្ដាំ ហាក់​កំពុង​រក​មើល​នរ​ណា​ម្នាក់​។

     មែន​ហើយ!.. កែវ​កាកី អគ្គ​មហេសី​ស្រី​ស្នំ​ឯក​ បាត់​នាង​មិន​ឃើញ​ឡើង​មក​គាល់​ដូច​សព្វ​មួយ​ដង​។ នាង​ទៅ​ណា​? នាង​នៅ​ឯ​ណា​? ស្ងាត់​ឈឹង​ ព្រះ​មហា​ក្សត្រ​ទ្រង់​ខ្វល់​ខ្វាយ​ក្នុង​​រាជហ​រិ​ទ័យ​យ៉ាង​ខ្លាំង​។ ព្រះ​អង្គ​ទ្រង់​ចាត់​អោយ​ភិលៀង​ ទៅ​រក​ឯ​រាជ​ដំណាក់​របស់​ព្រះ​នាង​ តែ​នៅ​ព្រះ​ដំណាក់​ស្ថិត​ក្នុង​ភាព​ស្ងាត់​ជ្រងំ​ ពុំ​ឃើញ​មាន​អ្វី​សោះ​ឡើយ​។ ព្រះ​អង្គ​ទ្រង់​ចាត់​អោយ សេនា​អាមាត្យ​ស្វែង​រក​នាង​គ្រប់​ទិស​ទី​ក្នុង​មណ្ឌល​បរម​រាជ​វាំង​ ព្រះ​អង្គ​សាក​សួរ​ដល់​បណ្ដា​រាស្ដ្រ​គ្រប់​ៗ​គ្នា​ តែ​គ្មាន​នរណា​ម្នាក់​បាន​ដឹង​ បាន​ឃើញ​នាង​កាកី​ឡើយ​។​

     ទ្រង់​​ព្រះ​កន្សែង​ខ្សឹក​ខ្សួន​អួល​ណែន​ក្នុង​ព្រះ​ឱរា​ នឹក​ស្ដាយ​នាង​ជា​ពន់​ពេក ព្រះ​ទ្រង់​ធ្មេច​ភ្នែក​នឹក នឹក​ដល់​គូស្នេ​ហា​របស់​ព្រះ​អង្គ ម្ដេច​បាត់​មិន​ឃើញ​មក​? តើ​នួន​ល្អង​អូន​ទៅ​ណា​? អូន​មាន​ការ​អ្វី តើ​អូន​ស្នេហា​បង​​ដូច​បង​ស្នេហា​អូន​ដែរ​ឬ​ទេ​?​។ បង​ស្ដាយ​អូន​ណាស់​!!.. ​ឱ​!.. ក្នុង​លោក​​នេះ មាន​តែ​ប្អូន​មួយ​ទេ​ ដែល​ចេះ​ស្គាល់​តំលៃ​ពិត​ៗ​ របស់​មនុស្ស​ ប្អូន​ជា​ស្រី​ម្នាក់​ចេះ​ដឹង​ហេតុ​ការណ៍ ដឹង​សេច​ក្ដី​ ដឹង​សម​គួរ​ ខ្ពស់​ទាប ឱ​!.. ប្អូន​ជា​ស្រី​ឯក​កល្យា​ណី​មែន​។ បង​ស្រលាញ់​អូន​ណាស់ ព្រោះ​អូន​ស្រលាញ់​បង​ បង​នឹក​អូន​ណាស់ នឹក​ដល់​វង់​ភក្រ្ដ ដែល​អូន​ញញឹម​ ពេល​រេ​រាំ​កំសាន្ដ ធ្វើ​អោយ​បង​បាត់​អស់​កង្វល់​ទុក្ខ​សោក​ទាំង​ឡាយ​... បង​នឹក​អូន​ណាស់.. នឹក​ដល់​ក្លិន​ខ្លួន​ស្រី​ដែល​ធ្លាប់​នែប​និត​រួម​រក្ស​ស្នេហ៍​ ដ៍​សែន​សុខ​លើស​នារី​ទាំង​ឡាយ​..​។
     ឱ!..ឥលូវ បាត់​អូន​ទ្រូង​បង​សែន​តឹង​ណែន កំសត់​រីង​រៃ​កន្ដោចកន្ដែង​ម្នាក់​ឯង បាត់​អូន បាត់​សូន្យ​ឈឹង​ បាត់​គ្មាន​ដំណឹង​ ថ្មើ​ហ្នឹង​បង​ធ្លាប់​បីបប​ថ្នម​អូន​ម្ដេច​បាត់​អូន យប់​ហើយ​ណា​ស្ងួន នឹម​នួន​អូន​ទៅ​ណា?.. បាត់​អូន​បង​ខ្វល់​ខ្វាយ អូន​ឃ្លាត​ឆ្ងាយ ឱ​រាប​ងនឹក​ ភ្លឹក​ភ្លាំង​សែន​វិយោគ​ចាំ​ផ្លូវ​អូន​មក វិល​មក​ជ្រោក​ក្រោម​ទ្រូង​ស្នេហ៍​ បង​រង់​ចាំអូន​ ចាំ​ស្នេហា​ ចាំ​កែវ​ជីវា ថ្ងៃណា​អូន​ត្រលប់​មក​?... ​។

     ព្រះ​សុរិយា​បង្ហូ​កំដៅ​ពី​លើ​មេឃ ស្រោយ​លើក​ផែន​ពសុធា​ជះ​​​ចំហាយដូច​​ភ្នំ​ភ្លើង​ ហាក់​បី​ដូច​ប្រាប់​ថា ព្រឹត្ដិ​ការណ៍​មួយ​យ៉ាង​ធ្ងន់​ចំលែក​ចាប់​ កើត​មាន​ពី​ថ្ងៃ​នេះ​ត​ទៅ​មិន​ខាន​។ សួន​ច្បារ​នៃ​បរម​រាជ​វាំង​មាន​សភាព​ស្ងាត់​ជ្រងំ​។ យូរ​ៗ​វា​យោបក់​មក អង្រន់​ស្លឹក​រុក្ខ​ជាតិ​នានា​ អោយ​យោគ​ទោរ​ទន់ រវិច​ៗ ដូច​ជា​ចង់​បក់​បោយ​ហៅ​នរ​ណា​ម្នាក់​អោយ​ចូល​មក​។ ព្រះ​បាទ​ព្រហ្ម​ទត្ដ​អង្គុយ​សំលឹង​ធម្ម​ជាតិ ទាំង​នេះ​ដោយ​ស្រងោត​ស្រងាត់​ ព្រះ​អង្គ​ភ្លេច​អស់​នូវ​ល្បែង​ដែល​ធ្លាប់​លេង​កំសាន្ដ​សប្បាយ ភ្លេច​អស់​ស្រី​ស្នំ​ដែល​ធ្លាប់​ប្រលែង​ស្នេហ៍​​ស្និត ភ្លេច​អស់​ព្រះ​ស្ងោយ​ដែល​ធ្លាប់​សោយ​យ៉ាង​ឆ្ងាញ់​ពិសារ​ ព្រះ​អង្គ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ក្រៃ​ពេក​។
     ក្នុង​ពេល​នោះ បុរស​ម្នាក់​ដើរ​ចូល​មក​ដល់​។ គឺ​ជា​មនុស្ស​ម្នាក់​អាយុ​ប្រមាណ​ជាង ៣០​សិប​ផ្លាយ​ឆ្នាំ បុរស​នោះ​លុត​ជង្គង់​ចុះ​ក្រាប​បង្គំ ​គាល់​។ ព្រះ​បាទ​ព្រហ្ម​ទត្ដ​ ភ្ញាក់​ខ្លួន​ព្រើត នៅ​ស្ងៀម​មួយ​ស្របក់​ទើប​មាន​វាចា​សួរ​ថា៖​

- អើ!..គន្ធាន់ទេឬ?
- ក្រាបទូល ! ខ្ញុំបាទ
- គន្ធាន់! តើទៅណាមកណាបានជាមកដល់ទីនេះ?
   គន្ធាន់លើដៃប្រណម្យឆ្លើយយ៉ាងគោរពវិញថា៖
- បាទ! ខ្ញុំបាទ មកក្រាបបង្គំគាល់បំរើព្រះអង្គដូចសព្វដង
- ឱ!.. យើងកំពុងចង់តែរកគន្ធាន់ឯងល្មម
បុរសឈ្មោះគន្ធាន់ សំដែងក្ដីត្រេកអរប្រញាប់សួរវិញថា៖
- ព្រះបាទ! តើព្រះអង្គមានអ្វីអោយខ្ញុំបាទបំរើឬ?....
- អឺ ! កុំអរ . . កុំសើចអី . . គឺ​ជា​រឿង​កំសត់​ . . គឺ​អគ្គ​មហេសី​កាកី​របស់​យើង​បាត់​ខ្លួន​ហើយ​។
គន្ធាន់​នៅ​ស្ងៀម​មួយ​សន្ទះ សញ្ជឹង​នឹក​គិត ងើប​ភ្នែក​សំលឹង​មើល​ចំ​ព្រះ​ភក្ដ្រ ម្ចាស់​ផែន​ដី​របស់​ខ្លួន ដែល​ក្រសែ​ភ្នែក​ព្រះ​អង្គ​ មាន​ពន្លឺ​ ហាក់​កំពុង​ចង់​សុំអង្វរ​ក្ដី​មេត្ដា​អ្វី​មួយ​ពី​អ្នក​ ដែលធ្វើអោយបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដឥតឧបមា។ គន្ធាន់ពោលដោយត្រិះរិះថា :
     - សូម​ទ្រង់​ព្រះ​រាជ​មេត្ដា​ប្រោស​ ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​ស្រសាល​លេង​បាស្ការ​ ជា​មួយ​ចៅ​មាណព​ម្នាក់​នោះ​ ទូល​ព្រះ​បង្គំ​បាន​ជួប​ឃើញ​ហេតុ​ការណ៍​ខ្លះ​ៗ​ ដែល​កាល​នោះ ព្រះ​អគ្គ​មហេសី​កាកី​ ក៏​បាន​យាង​មក​ដល់​ ហើយ​បាន​មើល​ចំ​ទៅ​ចៅ​មាណព​ ឯ​ចៅ​មាណព​ក៏​សំលឹង​មើល​ចំ​មក​អគ្គម​ហេសី​វិញ​ ទាំង​ពីរ​នាក់​បាន​ញញឹម​ដាក់​គ្នា ហាក់​ដូច​បង្កប់​នូវ​អាថ៌​កំបាំង​ស្នេហ៍​ដ៏​ជ្រាល​ជ្រៅ​ទៀត​ផង​។​
- យី.. មានរឿងដូច្នេះផង?។
ព្រះមហាក្សត្រសញ្ជឹងគិត ខាំធ្មេញ ជ្រួញចិញ្ចើមនិយាយបន្ដដោយសំលេងតិចៗថា៖
- ស្រីក្បត់ ស្រីខូច ស្រីកាឡកណ្ណី

     ខាង​ក្រៅ​ខ្យល់​បក់​រវិច​ៗ​ នាយ​គន្ធាន់​ដាក់​ភ្នែក​ចុះ តែ​គំនិត​រិះ​គិត​រក​ចំនុច ដែល​និយាយ​ទៅ​យ៉ាង​ណា អោយ​ព្រះ​មហា​ក្សត្រ​បាន​ស្រាក​ស្រាន្ដ​ទុក្ខ​សោក​ខ្លះ​។ នាយ​ស្រលាញ់​ព្រះ​មហា​ក្សត្រ ស្រលាញ់​អគ្គម​ហេសី​កាកី​ ស្រលាញ់​ពេក​រហូត​ទាល់​តែ​ចង់​ដឹង​រឿង​ទាំង​អស់​ដែល​ទាក់​ទង់ ​នឹងព្រះ​អង្គ​ទាំង​ពីរ​។ នាយ​និយាយ​ដោយ​សំលេង​ស្មើៗ​ថា៖

     - ទូល​បង្គំ​នឹក​ឆ្ងល់​ខ្វល់​ក្នុង​ចិត្ដ​ណាស់​ថា បើ​ចៅ​មាណព​នេះ ជា​មនុស្ស​អ្នក​ស្រុក​ធម្ម​តា​នៅ​ក្នុង​ស្រុក​នេះ ម្ដេច​ឃើញ​ព្រះ​អគ្គម​ហេសី​ហើយ​មិន​ក្រាប​ថ្វាយ​បង្គំ​?...​ ហើយ​ម្យ៉ាង​វិញ​ទៀត​ បើ​ចៅ​មាណព​ជា​អ្នក​ស្រុក​មក​ពី​ឆ្ងាយ​ៗ​វិញ ម្ដេច​បាន​ជា​គេ​ចេញ​ទៅ​បាត់​តែ​មួយ​ពព្រិច​ភ្នែក​ដូច្នេះ​?... ទូល​បង្គំ​គិត​ថា រឿង​នេះ​ប្លែក​ចំលែក​ណាស់​ ចៅ​មាណព​នេះ​ពិត​ជា​យក្សា​ណា​មួយ​ចេះ​ប្រាណ​ប្រែ​ក្រលា បំប្លែង​រូប​កាយ បំភាន់​ភ្នែក​​មក​លេង​បាស្ការ​ជា​មួយ​ព្រះ​អង្គ​មិន​ខាន​ ហើយ​នៅ​ពេល​ដែល​មាន​ព្យុះ​ភ្លៀង​មេឃ​ខ្មៅ​ងងឹង​នោះ​ទៀត​ក៏​ហាក់​ដូច​ជា​មិន​ធម្ម​តា​ដែរ វា​ហាក់​ដូច​​ជា​កើត​ឡើង​ភ្លាម​ៗ​ ហើយ​បាត់​ទៅ​វិញ​ក៏​ភ្លាម​ៗ ដូច​ជា​មាន​នរ​ណា​ម្នាក់​ធ្វើ​អោយ​កើត​ឡើង ដើម្បី​ចូល​ទៅ​លួច​ចាប់​យក​ទេពី​ ព្រះ​អង្គ​ពី​ដំណាក់​ ទៅ​។​

     ព្រះ​មហាក្សត្រ​ធ្មេញ​ភ្នែក​ សំលឹង​មើល​ទៅ​លើ ដូច​កំពុង​ចង់​សំលឹង​រក​ទេវ​តា​នៅ​ស្ថាន​លើ ដ៏​មាន​រិទ្ធណា​មួយ អោយ​មក​ជួយ​ព្រះ​អង្គ​ក្នុង​ រឿង​បញ្ហា​ស្នេហា​នេះ​ ព្រះ​អង្គ​ទ្រង់​ឧទាន​ដោយ​សំលេង​តាន​តឹង​ថា៖​
     - ខ្ញុំ​ស្រលាញ់​គេ គេ​ស្រលាញ់​ខ្ញុំ ។ នាង​នោះ​មាន​រូប​ល្អ ។ អោ!​ ល្អ​មែន... តែ​ស្រី​នេះ​ក្បត់​ខ្ញុំ នាង​លួច​មាន​សហាយ​។ អើ​.. នាង​ទៅ​បាត់​ហើយ​។ ទៅ​ចោល​ខ្ញុំ​ អោយ​ខ្ញុំ​ទុក្ខ​ចំបែង​ឥត​ស្បើយ​។​

     ក្រោម​កំដៅ​ព្រះ​អាទិត្យ​ក្ដៅ​ហែង​យ៉ាង​ណា​ ក៏​បុប្ផា​ក្នុង​សួន​ពណ៌​ក្រហម ស ខៀវ លឿង ស្វាយ ខំ​រីក​រហង់​ត្រង់​នេះ​ត្រង់​នោះ ធ្វើ​អោយ​ចក្ខុមនុស្ស​លោក​ ឃើញ​ចំលែក​ ប្លែក​ល្អ​អស្ចារ្យ ចង់​តែ​ទស្សនា​គយ​គន់​ មើល​មិន​ចេះ​អស់​មិន​ចេះហើយ​។ គន្ធាន់​លួច​សង្ឃឹម​ញញឹម​ក្នុង​ចិត្ដ​យ៉ាង​ជ្រាល​ជ្រៅ ដើម្បី​តាម​រក​កាកី​ក្នុង​ពេល​ដ៏​ខ្លី​បន្ដិច​ទៀត​នេះ។ នាយ​ញញឹម​ក្នុង​មាត់ ទូល​ម្ចាស់​ផែន​ដី​របស់​ខ្លួន​ថា៖​

     - សូម​ល្អង​ធូលី​ព្រះ​បាទ​រង់​ចាំ​ប្រាំពីរ​ថ្ងៃ​សិន ទូល​បង្គំ​គិត​ថា ចៅ​មាណព​នោះ​ប្រាកដ​ជា នឹង មក​លេង​បាស្ការ​តាម​ការ​ណាត់​ទុក​ម្ដង​ទៀត​ជា​​មិន​ខាន​ ពេល​វា​ត្រលប់​ទៅ​វិញ​ ទូប​បង្គំ​ នឹង ក្លែង​បន្លំ​ចូល​ទៅ​លំ​នៅ​ស្ថាន​ជា​មួយ​វា​អោយ​បាន ពេល​នោះ​យើង នឹង ស៊ើប​តាម​ដាន​រក​ការ​ពិត​អោយ​ឃើញ​ជាក់​ស្ដែង​ បើ​ឃើញ​ការពិត​ ហើយ​ទូល​បង្គំ​ នឹង​ប្រើ​កល​ល្បិច​បោក​បញ្ឆោត​​យក​ព្រះ​អគ្គ​មហេ​សីមក​ថ្វាយ​ព្រះ​អង្គ​វិញ​អោយ ​ទល់​តែ​បាន​។