«រឿងកាកី» ជា​រឿង​មួយ​លាត​ត្រដាង​ថ្លា​ថ្លែង​អំពី «សេច​ក្ដី​ស្នេហា រាគៈ តណ្ហា កាម​គុណ រៀប​រាប់​អំពី​សំរស់​នារី​ដ៏​ស្រើប​ស្រាល សោយ​សុខ​ក្នុង​កាម​កិលេសដ៏​សុខ​មនោ​រម្យ​ ជា​រឿង​ស្ដី ពី​ស្រ្ដី​ចិត្ដ​ចើក​សាវា មាន​ប្ដី​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ស្កប់​ស្កល់​។ រឿង​នេះ ត្រូវ​បាន​លើក​យក​មក​ធ្វើ​បទ​សិក្សា ក្នុង​អក្សរ​សិល្ប៍​ខ្មែរ គ្រប់​ៗ​ជំនាន់ ហេតុ​នេះ «រឿង​កាកី» បាន​ជ្រួត​ជ្រាប ស្ទើរ​គ្រប់​មជ្ឈ​ដ្នាន ក្នុង​សង្គម​អក្សរ​សិល្ប៍​ខ្មែរ រហូត​ដល់​អ្នក​ស្រុក​អ្នក​ភូមិ កូន​ក្មេង​តូច​តាច​ទាំង​ឡាយ​ផង ថា​បើ​នរ​ណា​ម្នាក់​មាន​ចិត្ដ​សាវា ប្ដូរ​ផ្លាស់​មិន​ចេះ​ស្កប់ អ្នក​ស្រុក​អ្នក​ភូមិ​តែង​ដំនៀល​ជេរ​ថា «មេកាកី ឬ ស្រី​កាកី» ហើយ​ថែម​ទាំង​មាន​ជេរ​ប្រុស​ៗ «អា​កាកី ឬ​ប្រុស​កាកី» ទៀត​ផង​ដែរ​។

     តាម​ការ​សិក្សា រឿង​កាកី ត្រូវ​បាន​ចម្លង​ចេញ​ពី​គម្ពីរ​រឿង​ជាតក​របស់​ព្រះ​ពុទ្ធ​សាសនា យើង​សង្កេត​ឃើញ​ថា ប្រ​ទេស​សៀម និង​ប្រទេស​ខ្មែរ​ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា ហើយ​សៀម និង​ខ្មែរ​សុទ្ធ​មាន​រឿង​កាកី​ដូច​គ្នា ខ្ញុំ​សូម​មិន​ធ្វើ​ការ​សិក្សា​និយាយ​ថា តើ​នរណា ចំលង​ពី​នរ​ណា​ទេ ប៉ុន្ដែ​ដើម្បី​កុំ​អោយ​មាន​ការ​ច្រលំ​គ្នារ​វាង​សៀម និង ខ្មែរ ខ្ញុំ​ចង់​លើក​យក​ភាព​ខុស​គ្នា​ខ្លះ​ៗ​ក្នុង​សាច់​រឿង​មក​ធ្វើ​ការ​សិក្សា បង្ហាញ​ត្រួស​ៗ​ដូច​ត​ទៅ៖

     ក្នុង​រឿង​កាកី​សៀម បុរស​ដែល​បាន​រួម​រ័ក​ស្នេហា​ជា​មួយ​កាកី​មាន​រហូត​ដល់​ ៦​នាក់ គឺព្រះ​បាទ​ព្រហ្ម​ទត្ដ គ្រុឌ គន្ធាន់ នាយ​សំពៅ​ចាម មេ​ចោរ និង​ស្ដេច​នគរ​ស្រី​ទេព។ ចំណែក​រឿង​កាកី​ខ្មែរ​បុរស​ដែល​បាន​រួម​រ័ក​ជា​មួយ​កាកី មាន​តែ ៣​នាក់​ទេ គឺ​ព្រះ​បាទ​ព្រហ្ម​ទត្ដ គ្រុឌ និង គន្ធាន់​។ រឿង​កាកី​ខ្មែរ ត្រូវ​បញ្ចប់​ត្រឹម​យក​នាង​កាកី​ទៅ​បណ្ដែត​ពោង​ពាយ​លិច​ស្លាប់​កណ្ដាល​សមុទ្រ ឯ​កាកី​សៀម​បាន​បន្ដ​និយាយ​អំពី នាយ​សំពៅ ​ចាម​ចោរ​សមុទ្ទ និង​ស្ដេ​នគរ​ស្រី​ទេព បាន​ជួយ​សង្គ្រោះ​ពោង​ពាយ​នាង​កាកី​។

     ក្នុង​រឿង​កាកី​ខ្មែរ អ្នក​និពន្ធ​បាន​ទំលាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​នាង​កាកី ចំណែក​កាកី​សៀម​អ្នក​និពន្ធ​ហាក់​ដូច​ជា​សំរាល​ទោស​កំហុស​នាង កាកី​ជាង​។ ក្នុង​ចំណោម​បុរស​ទាំង ៦​នាក់​ដែល​បាន​រួម​រ័ក​ជា​មួយ​កាកី គឺ​មាន​តែ ២​នាក់​ទេ​ដែល​មាន​ការ​ព្រម​ព្រៀង​ពី​នាង គឺ​ព្រះ​បាទ​ព្រហ្ម​ទត្ដ និង ស្ដេច​នគរ​​ស្រី​ទេព ឯ​បុរស ៤​នាក់​ទៀត​សុទ្ធ​សឹង​តែ​បាន​ចាប់​បង្ខំ រំលោភ​លើ​នាង​ទាំង​អស់ គន្ធាន់​ ក្នុង​រឿង​កាកី​សៀម បាន​សំរេច​ការ​រួមរ័ក​ជា​មួយ​កាកី​ដោយ​ចាប់​រំលោភ​។ នាយ​សំពៅ​ចាម ដែល​រើស​កាកី​ពី​កណ្ដាល​សមុទ្រ​ និង​មេ​ចោរ​សមុទ្ទ ក៏​ចាប់​នាង​រំលោភ​ដែរ​។ បរុស​ទី​៦ ដែល​បាន​ជួយ​នាង​ពី​ចោរ​សមុទ្ទ ទើប​មាន​ការ​រួម​រ័ក​ស្នេហា​ កើត​ដោយ​មាន​ការ​ព្រម​ព្រៀង​ពី​នាង​។

     រឿង​កាកី​ខ្មែរ​បាន​បញ្ចប់​ជោគ​វាសនា​នាង​កាកី ត្រឹម​ព្រះ​បាទ​ព្រហ្ម​ទត្ដ យក​នាង​ទៅ​បណ្ដែត​ពោង​ពាយ​កណ្ដាល​សមុទ្រ​ ខ្យល់​សមុទ្រ​បាន បោក​បក់​លិច​លង់​ក្ស័យ​ជីវិត​ទៅ​។ ចំណែក​រឿង​កាកី​សៀម អ្នក​ដែល​យក​នាង​ទៅ​បណ្ដែត​ពោង​ពាយ​មិន​មែន​ជា​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ទេ គឺ​ជា​ស្ដេច​ជ្រែក​រាជ តេ​ជោ​។ នៅ​កណ្ដាល​សមុទ្រ កាកី​ត្រូវ​បាន​ជួយ​ស្រង់​ដោយ​សំពៅ​ចាម នាយ​សំពៅ​ចាម​បាន​ចាប់​នាង​រំលោភ​។ ក្រោយ​មក ទៀត​សំពៅ​ចាម ក៏​ធ្លាក់​ក្នុង​​កណ្ដាប់​ដៃ​ចោរ​សមុទ្រ ហើយ​មេ​ចោរ​សមុទ្រ​បាន​ចាប់​នាង​បង្ខំ​រំលោភ​ទៀត​។ ពួក​កូន​ចៅ​មេ​ចោរ​សមុទ្រ​កើក​ក្ដី​ច្រណែន ចង់​បាន​កាកី​គ្រប់​គ្នា ទើប​បង្ក​អោយ​មាន​ការ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់ រហូត​ដល់​ស្ដេច​នគរ​ស្រី​ទេព បាន​មក​ជួយ​នាង​កាកី ហើយ​បាន​ខ្លួន​នាង​ដោយ​ស្មោះ​ស្ម័គ្រ​។

     ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នាង​កាកី​ពុំ​មាន​សេច​ក្ដី​សុខ​ទេ គន្ធាន់​ ដែល​បាន​ក្លាយ​ស្ដេច នៅ​ពេល​ដែល​ក្រុម​ជ្រែក​រាជ្យ តេ​ជោ​សំលាប់​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ទៅ ហើយ​គន្ធន បាន​សំលាប់​ក្រុម​តេជោ​វិញ បាន​លើក​ទ័ព​មក​ច្បាំង​សំលាប់​ស្ដេច​នគរ​ស្រី​ទេព ហើយ​យក​នាង​កាកី​ជា​ប្រពន្ធ​ទី​៣ ក្នុង​ចំណោម​ប្រពន្ធ​ពីរ​ទៀត​​។

      តាម​សាច់​រឿង​កាកី​ខ្មែរ យើង​ឃើញ​មាន​ប្រុស​បី​នាក់​ដែល​បាន​រួម​រក្ស​ស្នេហា​ជា​មួយ​នាង​កាកី គឺ​ព្រះ​បាទ​ព្រហ្មទត្ដ ក្រុង​គ្រុឌ និង គន្ធាន់​។ សេច​ក្ដី​ស្នេហា​នេះ អ្នក​និពន្ធ​បាន​ទំលាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​តួអង្គ​ស្រី​ថា ជា​ស្រី​ចិត្ដ​ចើក​ខ្វើក​រក​ប្រុស ព្រោះ​ថា គ្រាន់​តែ​លឺ​ថា​មាន​បុរស សង្ហា​មក​លេង​បាស្ការ ជា​មួយ​ព្រះ​មហាក្សត្រ កាកី​នឹក​មមៃ​ចាប់​ចិត្ដ​ស្រលាញ់​ចង់​បាន​មក​រួម​រ័ក​ធ្វើ​ជា​ស្វាមី​ភ្លាម អ្នក​និពន្ធ​បាន​បញ្ចាក់​ថា ពេល​កាកី ឃើញ​គ្រុឌ នាង​បាន​ញញឹម​ដាក់ ចោល​កន្ទុយ​ភ្នែក​ដាក់​គ្រុឌ បណ្ដាល​ធ្វើ​អោយ​គ្រុឌ​ទ្រាំ​មិន​បាន​។ កំណាព្យ​ត្រង់​នេះ​សរ​សេរ​ថា៖ «នាង​ធ្វើ​ជា​ធ្លាក់ រសាយ​ស្ង​ទាក់​អំពី​អង្សា គ្រុឌ​យល់​សុដន ណែន​ក្ដន់​ឱរា ព្រួច​ចិត្ដ​ចិន្ដា ស្រៀវ​ស្រើប​ប្រតិ​ព័ទ្ធ»​។

     បើ​យើង​ខំ​ធ្វើ​កាសិក្សា ហើយ​ធ្វើ​វិភាគ​ក្នុង​សាច់​រឿង​នេះ​អោយ​បាន​ល្អិន​ល្អន់ យើង​ឃើញ​ថា ព្រះ​បាទ​ព្រហ្ម​ទត្ដ​ព្រះ​អង្គ​មាន​ស្រី​ស្នំ​គ្រាំការ​ដ៏​ច្រើន​លើស​លុប ហើយ​ម្យ៉ាង​ទៀត​ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះ​រាជ​ហរិទ័យ កំសាន្ដ នឹង​ល្បែង​ល្បាំ​ទៀត​ផង ដូច្នេះ​នាង​កាកី​ បាន​ទទួល​ស្នេហា​ពី​ព្រះ​បាទ​ព្រហ្ម​ទត្ដ​យ៉ាង​ណា​នោះ​វា​ជា​អាថ៌​កំបាំង​មួយ​។ ក្នុង​ន័យ​មួយ​ទៀត កាល​ដែល​នាង​កាកី​ចាប់​ចិត្ដ​ស្រលាញ់​ក្រុង​គ្រុឌ នាង​បាន​សំដែង​នូវ​អាការៈ​កល​មាយា ធ្វើ​អោយ​លេច​សុដន ធ្វើ​អោយ​គ្រុឌ​ចាប់​ចិត្ដ​ស្រលាញ់​ទប់​ចិត្ដ​មិន​បាន ក៏​វា​មិន​ជា​កល​មាយា​របស់​កាកី​ម្នាក់​ឯ​ណា វា​ជាកល​មាយា​ស្រ្ដី​គ្រប់​រូប ដែល​ជា​ធម្ម​ជាតិ បាន​តាក់​តែង​កាយ​អោយ​នាង​ៗ ​។

     សុដន​ណែន​ក្ដន់​ក្នុង​ទ្រូង​របស់​ស្រ្ដី​ទាំង​ឡាយ វា​ជា​ចំនុច​ចាប់​ចិត្ដ​ស្នេហា​របស់​បុរស​ចំពោះ​ស្រ្ដី បើ​ទោះ​ជា​ស្ដ្រី​ណា​ម្នាក់​មិន​ចង់​ពើង​បង្អួត យ៉ាង​ណា​ក្ដី ក៏​ធម្ម​ជាតិ​នេះ​បាន​លេច​លៀន​ចេញ​មក​ជា​ធម្មតា​ដែរ ការ​ស្លៀក​ពាក់​តាក់​តែង​កាយ​របស់​ស្រ្ដី រឹប​រាង​អោយ​សុដន​លេច​ធ្លោឡើង វា​ជា​រឿង​ធម្មតា​របស់​ស្រ្ដី តាំង​ពី​សម័យ​អតីត​កាល​មក​។ រូប​អប្សរា ចំលាក់​នានា​ពី​បូរាណ ក៏​បាន​បាន​បង្ហាញ​អំពី​ការ​តាក់​តែង​កាយ​របស់​ស្រ្ដី​យ៉ាង​នេះ​ដែរ​។

     ចំណែក​រឿង​មួយ​ទៀត នាង​កាកី​ដែល​ចាប់​ចិត្ដ​ស្នេហា​ទៅ​លើ​ក្រុង​គ្រុឌ វា​គ្រាន់​តែ​ជា​សេច​ក្ដី​ប្រាថ្នា​មួយ​របស់​ស្រ្ដី នាង​មាន​សិទ្ធិ គួច​ចិត្ដ​ស្រលាញ់​នរ​ណា​ម្នាក់​ដែល​នាង​ពេញ​ចិត្ដ នាង​គ្រាន់​តែ​មាន​ចិត្ដ​ស្រលាញ់ តែ​នាង​មិន​បាន​ប្រព្រឹត្ដ​ខុស​រហូត​លោត​ទៅ​ចាប់​យក​គ្រុឌ​ឯ​ណា គ្រុឌ​ទេ​តើ ដែល​ចេះ​មន្ដ​វិជ្ជា​ការ ប្រើ​ល្បិច ប្រើ​កំលាំង​ចាប់​យក​នាង​កាកី​ទៅ ហើយ​វា​ក៏​ជា​អាថ៌​កំបាំង​ដ៏​ជ្រាល​ជ្រៅ​ណាស់ ពេល​ដែល​គ្រុឌ​ចាប់​នាង​កាកី​ទៅ តើ​នាង​កាកី​ពិត​ជា​សុខ​ចិត្ដ​រួមរ័ក​ស្នេហា​ជា​មួយ​គ្រុឌ​ពិត​មែន​ឬ​ទេ​? បើ​ទោះ​ជា​កាកី​មិន​ព្រម​រួម​រ័ក​ជា​មួយ​ក្រុង​គ្រុឌ នាង​ជា​នារី​ភេទ​ម្នាក់​ធម្មតា​ៗ មាន​កំលាំង​ទន់​ខ្សោយ តើ​នាង​អាច​មាន​សុវត្ដិ​ភាព​គេច​ផុត​ពី​គ្រុឌ​បាន​ដែរ​ឬ​ទេ​?​។ តាម​សាច់​រឿង គ្រុឌ​បាន​ចាប់​ចិត្ដ​ស្រលាញ់​នាង​កាកី​ខ្លាំង​ណាស់ ហើយ​បាន​ប្រើ​វិធី​លួច​ចាប់​នាង​កាកី​ទៅ​ដោយ​លាក់​កំបាំង ស្ថិត​ក្នុង​កំលាំង​ភ្លើង​តណ្ហា​ដ៏​ពុះ​កញ្ជ្រោ​យ៉ាង ដូច្នេះ បើ​ទោះ​ជា​នាង​កាកី​មិន​ព្រម ក៏​គ្រុឌ​ត្រូវ​តែ​ចាប់​បង្ខំ​នាង​កាកី អោយ​រួមរ័ក​ស្នេហា​ជា​មួយ​ខ្លួន​ដោយ​ពុំ​បាច់​មាន​ការ​ព្រម​ព្រៀង​ពី​នាង​ឡើយ​។

     លុះបន្ដ​មក​ទៀត​នាង​កាកី​ត្រូវ​បាន​រួមរ័ក​ស្នេហា​ជា​មួយ​គន្ធាន់​ជា​អាមាត្យ​របស់​ព្រះ​មហាក្សត្រ​ទៀត នៅ​ក្នុង​ចំនុច​នេះ អ្នក​និពន្ធ​ក៏​បាន​ទំលាក់​កំហុស​ទៅ​លើ​នាង​កាកី​យ៉ាង​ខ្លាំង​ក្រៃ​លែង​ដែរ​។ តាម​សាច់​រឿង គន្ធាន់​បាន​ទៅ​ជួប​នាង​នៅ​ក្រុង​សិម្ពលី​របស់​គ្រុឌ​ យើង​ឃើញ​គន្ធាន់ បាន​និយាយ​លួង​លោម​ប្រលោម​សុំ​ស្នេហ៍​ពី​នាង​កាកី​ដោយ​វោហា​ប៉ិន​ប្រសព្វ​យ៉ាង​ក្រៃ​លែង គន្ធាន់​បាន​ពោល​ពាក្យ​កុហក បោក​បញ្ឆោត​នាង​ថា ព្រះ​មហាក្សត្រ​មិន​បាន​នឹក​នា​ដល់​រូប​នាងទេ​ ហើយ​ថែម​ទាំង​ក្បត់​ព្រះ​មហាក្សត្រ​ដែល​ជា​ម្ចាស់​ខ្លួន​ថែម​ទៀត ដែល​នេះ​វា​ជា​អំពើ​ដ៏​អសីល​ធម៏​មួយ យ៉ាង​អាក្រក់​ក្រៃ​លែង​ណាស់​។

     បើ​និយាយ​អំពី​សីល​ធម៌​ក្នុង​សង្គម​វិញ ទាំង​គ្រុឌ ទាំង​គន្ធាន់ បាន​ប្រព្រឹត្ដ​ខុស​គន្លង​ធម៌​យ៉ាង​ធ្ងន់​ធ្ងរ ទាំង​ខាង​ផ្នែក​ផ្លូវ​លោក និង​ផ្លូវ​ធម៌​ទៀត​ផង ព្រោះ​គ្រុឌ និង​គន្ធាន់​សុទ្ធ​តែ​បាន​ប្រព្រឹត្ដ​ខុស​ក្នុង​ការ លួច​សេព​សន្ធវៈ ជា​មួយ​នឹង​ភរិយា​អ្នក​ដទៃ​។ បើ​កាកី​ ពិត​ជា​បាន​ព្រម​ព្រៀង​ស្នេហា​មែន កំហុស​សីល​ធម៌​អំពី​អំពើ​​ក្បត់់​ ផិត​ ក្នុង​សង្គម​មនុស្ស​មាន​ដូច​គ្នា ម្ដេច​ក៏​កាកី​តែ​ម្នាក់​ត្រូវ​ទទួល​ទោស​បណ្ដែត​ពោង​ពាយ រហូត​លិច​លង់​ក្ស័យ​ជីវិត​បង់ មិន​តែ​ប៉ុណ្ណោះ នាង​ត្រូវ​សង្គម​ដៀល​ជេរ អសោច​កេរ្ដិ៍​រហូត​មក​ដល់​សព្វ​ថ្ងៃ​ទៀត​។