១០ ​-អន្លង់ វិកលចរិត
ថ្ងៃសៅរ៍ ទី8.កញ្ញា 2018.ម៉ោង 7:20

«La révolte nait du specttacle de la déraison
devant une condition injuste et incompréhansible.»
Albert Camus»

«Tout est gratuit ce jardin cette ville et moi-même. Quand il arrive q’on s’en rende
copmte, ça vous tourney sur le Coeur et tout se met à flatten Voilà la NAUSÉE»
Jean –Paul Sartre

    ល្បៃងងឹតគ្រប​សង្កត់ផែន​ដី​។ ថ្មើរ​ណេះ​សារ៉ាក់​កំពុង​អង្គុយ​ត្របោម​ក្បាល​ជង្គង់​ក្នុង​កប៉ាល់ម៉ាស៊ូត​មួយ​ ដែល​អ្នក​ឡើង​ខ្សែ​ទឹក​ទន្លេ​មេ​គង្គ​ ឆ្ពោះ​ទៅ​ទី​ក្រុង​កំពង់​ចាម​។ អ្នក​មាន​បំណង​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កោះ​លួង​ នៅ​វេ​លា​ស្អែក​ ដើម្បី​ទៅ​ជួប​រ័តនា​ស្រី​សំលាញ់​របស់​អ្នក​។ នៅ​ក្បែរ​ខ្លួន​អ្នក​មាន​ស្រា​ស​មួយ​លីត្រ​ និង ​កែវ​មួយ​ផង...។

    រាត្រី​នៅ​កោះ​លួង​!! សូរ​សំលេង​សត្វ​ជ្រឹង​ទទះ​ស្លាប​លឺ​ភឹបៗ​។ ព្រះ​ច័ន្ទ​អើត​ភក្ដ្រ​ចេញ​ពី​ពពក​ខ្មៅ​ បាន​តែ​មួយ​ចំហៀង​។ ខ្យល់​ថ្នូរ​លឺ​សូរ​ហ៊ូៗ​ គួរ​អោយ​ព្រឺ។ ថ្មើរណេះ​ទេ​តើ​ដែល​អាគ្រក់​ និង អាសុរ​កាយ​ចេញ​ដើរ​រក​ស៊ី​។ សត្វ​ជ្រឹង​មួយ​ ប្រតោង​ស៊ី​ផ្លែ​ល្មុត​ ទំលាក់​ខ្លួន​ស្ដោក​ដូច​ខ្មោច​តៃ​សាក​។ រ័តនា​ព្រី​ក្បាល​ខ្ញាក​!! នាង​ភ្ញាក់​ឡើង​ភ័យ​ខ្លួន​ញ័រ​ចំប្រប់​។ ភាព​យល់សប្ដិ​របស់​នាង​អម្បាញ់​មិញ​ស្ញែង​អស្ចារ្យ​ណាស់​ គឺ​រូប​ម្ដាយ​នាង​ស្លាប់​ត្រូវ​គេ​សែង​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​ក្ដារ​មឈូស​។
    សារ៉ាក់ផឹក​ស្រា​ក្អឹក​ៗ​ ។ កាណូត​ដែល​អ្នក​ជិះ​បញ្ចេញ​សំលេង​ឈឹកៗ​..ឈឹងៗៗ ..យ៉ាង​ខ្លាំង​រញ្ជួយ​ ហើយ​ពុះ​ជ្រែក​ទឹកវ៉​។ សារ៉ាក់​ទាញ​សំបុត្រ​រ័តនា​ពី​ហោ​ប៉ៅ​មក​អាន​សា​ជា​ថ្មី។

    ពេល​នោះ រ័តនា​នាង​រសាប់​រសល់​ ក្រហល់​ក្រហាយ​ពេញ​បន្ទុក​។នាង​ននៀល​ននាស​អន្ទះ​អន្ទែង​វក់​វី​ពេញ​ទី​ដំណេក​។ គឺ​ដូច​ជា​សត្វ​អន្ទង់​ដែល​គេ​យក​ទៅ​រោល​ដោយ​អគ្គី​។ «ជីវិត​អញ​អស់​លក្ខណ៍​ហើយ!! ជីវិត​អញ​អស់​លក្ខណ៍​ហើយ​!! ឱ! ព្រះពុទ្ធ​ជា​ម្ចាស់​សូម​ព្រះអង្គ​មេត្ដា​ដឹក​នាំ​ផ្លូវ​ខ្ញុំ​ម្ចាស់​ផង​។ ខ្ញុំ​ម្ចាស់​វង្វេង​ស្មា​រតី​ហើយ​ ខ្ញុំ​ម្ចាស់​ពុំ​ដឹង​គិត​យ៉ាង​ម្ដេច​ទេ​? បើ​ខ្ញុំ​ម្ចាស់​រត់​តាម​ប្ដី​កំសត់​របស់​ខ្ញុំ​ម្ចាស់​ នោះ​ម្ដាយ​ខ្ញុំ​ម្ចាស់​ នឹង ត្រូវ​ស្លាប់​ប្រាកដ​ ដោយ​បណ្ដាល​មក​អំពី​អាការ​បេះ​ដូង​ខ្សោយ​! ផ្ទុយ​ទៅ​វិញ​បើ​ខ្ញុំ​ម្ចាស់​ស្ដាប់​បង្គាប់​តាម​ឱវាទ​ម្ដាយ​ខ្ញុំ​ម្ចាស់​នោះ​ ប្ដី​ខ្ញុំ​ម្ចាស់​នឹង​ត្រូវ​ស្លាប់​!! ព្រោះ​បង​សារ៉ាក់​ពុំ​មែន​ដូច​ជា​ប្រុស​អែ​ទៀត​ទេ​ បើ​ខ្ញុំ​ម្ចាស់​បោះ​បង់​ចោល​ហើយ​ ប្ដី​ខ្ញុំ​ម្ចាស់​ នឹង ត្រូវ​ធ្លាក់​ជា​ដាច់​ខាត​ ទៅ​ក្នុង​អន្លង់​វិកល​ចរិត​។
            ឈឹក​ ឈឹងៗ ! សារ៉ាក់​អាន​អត្ថ​បទ​រ័តនា​៖

    មកបងសារ៉ាក់ មកប្ដីសំលាញ់អូន

    ប្រុស​កំសត់​អូន​អើយ អូន​សូម​លា​សិន​ហើយ​!! ធ្វើ​ម្ដេច​បើ​វាសនា​ជំរុញ​អូន​អោយ​ឃ្លាត​របេះ​ចេញ​ពី​ជីវិត​បង បើ​ទុក​ជា​អូន​ខំ​រត់​មក​រក​បង​អស់​ទាំង​កំលាំង​កាយ​ អស់​ទាំង​ដួង​ចិត្ដ​យ៉ាង​ណា​ក៏​ដោយ​ ក៏អិត​អំពើ​។ បង​សារ៉ាក់​!! អូន​មាន​កំហុស​ធំ​ណាស់​ចំពោះ​បង​។ តាំង​តែ​ពី​បង​ និង អូន​បាន​ចាប់​ចិត្ដ​ស្រលាញ់​គ្នា​មក​ អូន​ពុំ​ដែល​ហ៊ាន​ជំរាប​បង​សោះ​ ថាអូន​មាន​គូ​ដណ្ដឹង​ហើយ​ គឺ​គូ​បំរុង​រៀប​ការ​ ដែល​ឳពុក​ម្ដាយ​រៀប​ចំ​ទុក​ដាក់​អោយ​។ អូន​ពុំ​មាន​សង្ឃឹម​ថា​ បង​នឹង លើក​លែង​ទោស​ដ៏​សែន​ធ្ងន់​នេះ​អោយ​អូន​ទេ​ ប៉ុន្ដែ​អូន​នៅ​តែ​ខំ​អង្វរ​លន់​តួ​តាម​សំ​បុត្រ​នេះ​ សូម​អោយ​បេះ​ដូង​បង​អភ័យ​ទោស​អោយ​អូន​ផង ពី​ព្រោះ​ហេតុ​ដែល​អូន​បាន​ប្រ​ព្រឹត្ដ​ដូច្នេះ​ គឺ​មក​ពី​អូន​ជំពាក់​ចិត្ដ​ស្រ​លាញ់​បង​ខ្លាំង​ហួស​និស្ស័យ​ ។ អូន​ស្រលាញ់​បង​តាំង​ពី​អូន​មិន​ទាន់​បាន​ឃើញ​រូប​បង​ពិត​ប្រាកដ​ម៉្លេះ​។ អូន​ស្រលាញ់​បង ដូច​ជា​ស្រលាញ់​ទេវ​តា​របស់​អូន​ ... បង​ជា​កំពូល​បុរស ​ដែល​មាន​តំលៃ​លើស​បុរស​នា​នា​ក្នុង​ពិភព​លោក​នេះ។ អូន​ទប់​ចិត្ដ​អូន​ពុំ​ជាប់​ទេ​។

    បង​ចាំ​ទេ​នៅ​ថ្ងៃ​មួយ​ស្រាប់​តែ​អូន​បាន​ជួប​បង​នៅ​ជិត​កន្លែង​យក​រូប​ថត​។ ពេល​នោះអូន​សប្បាយ​ចិត្ដ​ដូច​បាន​រស់​ឡើង​ជា​ថ្មី​ ។ ទ្រូង​អូន​ វិញ្ញាណ​អូន​ឈាម​អូន​បាន​ទទួល​រស្មី​ទិព្វ​ គឺបាន​ទទួល​រស​ជាតិ​ដ៏​ឆ្ងាញ់​ចំលែក​ក្នុង​ជីវិត​។ បង​អើយ​! បង​សំលាញ់​ បង​ជា​ម្ចាស់​ចិត្ដ​របស់​អូន​ អូន​សូម​លន់​តួ​ចំពោះ​បង​ម្ដង​ទៀត​ណា​បង​ហ្ន៎ា​ សូម​បង​អភ័យ​ទោស​ដ៏​មហា​ធ្ងន់​នេះអោយ​អូន​ផង ។ ម្ដេច​បាន​ជា​អូន​បណ្ដោយ​ខ្លួន​អោយ​កួច​ចិត្ដ​ស្រលាញ់​បង​ បើ​អូន​មាន​គូ​បំរុង​រៀប​ការ​រួច​ហើយ​? .. ហើយ​ចំនុច​ធំ​បំផុត​គឺ​ ម្ដេច​បាន​ជា​អូន​ខំ​ទាញ​ចិត្ដ​បង​អោយ​ស្រលាញ់​អូន​​ម៉្លេះ​ បើ​អូន​មិន​មែន​នៅ​ទំនេរ​ស្មោះ​ បើ​រូប​អូន​ត្រូវ​ជា​ចំណី​ដែល​ម្ដាយ​អូន​សន្យា​ទុក​អោយ​គេ​ទៅ​ហើយ​ ? នេះ​រូប​អូន​មិន​មាន​ឈ្មោះ​ថា ​ជា​អ្នក​បំពុល​ ជា​នារី​ចង្រៃ​​មួយ​ដែល​ធ្វើ​អោយ​បង​ខូច​ចិត្ដ​ ខូច​ថ្លើម​ខូច​សតិ​អស់​​ទេ​រឺ? ប្រុស​សំលាញ់​អូន​អើយ​! អូន​ពុំ​ដែល​មាន​បំណង​ដ៏​ក្រខ្វក់​នេះ​ទេ​។ រឿង​ទាំង​អស់​នេះ​ គឺ​បណ្ដាល​មក​អំពី​កំលាំង​ស្នេហ៍។ កំលាំង​នេះ​ធ្វើ​អោយ​អូន​ភ្លេច​អ្វី​ៗ​ ទាំង​អស់​ ៖ អូន​ភ្លេច​គុណ​ឳពុក​ម្ដាយ​ អូន​ភ្លេច​កិច្ច​សន្យា​ព្រម​ព្រៀង​ អូន​ភ្លេច​គូ​ដណ្ដឹង​។ អូន​ភ្លេច​សព្វ​តែ​ម្ដង​ ឱ​បង​សំលាញ់! បើមិន​ថ្វី​ក៏​គួរ​តែ​នឹក​គិត​ថា​ ស្នេហ៍​អូន​មុខ​ជា​បណ្ដាល​​អោយ​ប្រុស​បង​មាន​ទុក្ខ​ទៅ​ថ្ងៃ​ក្រោយ​ដែរ​ ស្នេហ៍​នេះ​នឹង​ធ្វើអោយ​ខូច​អនា​គត​ ខូច​ការ​រៀន​សូត្រ​ ខូច​ជីវិត​បង​។ ដូច្នេះ​អូន​គួរ​តែ​ខំ​ចៀស​ចេញ​ពី​មាគ៌ា​របស់​បង​ ផ្ទុយ​ទៅ​វិញ​អូន​បាន​ខំ​ត្រ​ដរ​ស្ទើរ​តែ​ដាច់​ខ្យល់​ស្លាប់​ ដើម្បី​អោយ​បង​ស្រលាញ់​អូន​តប​មក​វិញ​ ។ បើ​ផែន​ដី​ភ្លូក​ក្រលាប់​ ឬ មេឃ​បាក់​រលំ​សង្កត់​លើ​រូប​អូន​ ក៏​អូន​គ្មាន​ភ័យ​ព្រួយ​អ្វី​ឡើយ​ អូន​បារម្ភ​តែ​មួយ​មុខ​គត់​ គឺ​បង​មិន​ព្រម​ស្ម័គ្រ​ នឹង រូប​អូន​។ ម៉្លោះ​ហើយ​កំណប់ស្នេហ៍​ទាំង​ប៉ុន្មាន​ ដែល​ធម្មជាតិ​បាន​ផ្ដល់​មក​ អូន​ខំ​ផ្សាយ​អស់​គ្មាន​សល់​ ដើម្បី​ទាក់​ព្រលឹង​បង​អោយ​វង្វេង​ នឹង​ រូបអូន​ គឺ​អូន​ទ្រាំ​ពុំ​បាន​ អូន​ទប់​ពុំ​ជាប់​ កំលាំង​ស្នេហ៍​បង​ ខ្លាំង​ហួស​សេចក្ដី​អធិប្បាយ​។ រាល់​ថ្ងៃ​យប់​គ្រប់​ម៉ោង​ នាទី​ អូន​ពុំ​ដែល​បានរស់​ក្នុង​ភព​នៃ​សេចក្ដី​ពិត​ទេ​ អូន​រស់​ក្នុង​មនោ​សញ្ចេតនា​ទៅ​ហើយ​។ វត្ថុ​ពិត​ប្រាកដ​ទាំង​ប៉ុន្មាន​លើ​ផែន​ដី​សាប​រលាប​បាត់​អស់​។ ក្នុង​លោក​នេះ​គ្មាន​អ្វី​ឋិត​នៅ​ក្រៅ​ពី​រូប​បង​ឡើយ​។ អូន​រវើរវាយ​ អូន​ស្រមៃ​ឃើញ​តែ​ភក្ដ្រ​បង​។ បើ​ជួន​កាល​ស្រាប់​តែ​អូន​ឃើញ​ចាប​មួយ​គូ​ ប្រលែង​គ្នា​លេង​ ស្រាប់​តែ​ស្ដាប់​ភ្លេង​ទៅ​ពីរោះ​ នេះ​គឺ​គ្រាន់​តែ​មធ្យោ​បាយ​សំរាប់​នឹក​មមើ​មមាយ​​ទៅ​លើ​រូប​បង​តែ​ប៉ុណ្ណោះ។»

    «អូន​តែង​សង្ឃឹម​ជា​និច្ច​ថា បន្ដិច​ទៀត​អូន​នឹង​ក្លាយ​ជា​សម្បត្ដិ​របស់​បង​ បន្ដិ​ទៀត​បង​សារ៉ាក់​ជា​ប្ដី​របស់​រ័តនា​ ហើយ​ធ្វើ​រ័តនា​អោយ​ទៅ​ជា​ប្រពន្ធ​របស់​បង​សារ៉ាក់​។ អី​លូវ​នេះ​អូន​អស់​សង្ឃឹម​ហើយ​។ បង​អើយ​ ម្ដាយ​អូន​គាត់​ទើប​នឹង​ដឹង​រឿង​យើង​ ហើយ​គាត់​ប្រ​ឆាំង​អូន​យ៉ាង​ដាច់​អហ័ង​។ ដោយ​គាត់ចាប់​ថ្នាក់​បាន​ថា​ អូន​កំពុង​ស្រលាញ់​បង​ខ្លាំង​ណាស់​ គាត់​ក៏​បង្ខំ​អូន​អោយ​ទៅ​រៀប​ការ​ជា​មួយ​ នឹង ​ចំរើន​គូ​ដណ្ដឹង​អូន​ក្នុង​វេ​លា​ឆាប់​ៗ​នេះ​នៅ​កោះ​លួង​ ដែល​ជា​ស្រុក​កំនើត​អូន​។ ម្ដាយ​អូន​ធ្លាប់​ថ្នាក់​ថ្នម​អូន​ពុំ​ដែល​អោយ​មាន​រង្កៀស​បន្ដិច​ទេ... អូន​មិន​ដែល​ស្មាន​សោះ​ថា គាត់​សុខ​ចិត្ដ​អោយ​អូន​ស្លាប់​ដោយ​សារ​ការ​សោក​សង្រេង​ដូច្នេះ​។ បង​អើយ​ អីលូវ​បើ​អូន​មិន​ទទួល​តាម​គាត់​ទេ​ ម្ដាយ​អូន​ នឹង មាន​គ្រោះ​ថ្នាក់​ជីវិត​ បណ្ដាល​មក​ពី​ជម្ងឺ​បេះ​ដូង​ខ្សោយ​ ព្រោះ​ពេទ្យ​ហាម​យ៉ាង​ដាច់​ខាត​មិន​អោយ​នរ​ណា​ជំទាស់​ចិត្ដ​គាត់​ខ្លាំង​ទេ...។

    អីលូវ​នេះ​អូន​ពិបាក​ចិត្ដ​សែន​ទ្វី អូន​ពុំ​ដឹង​គិត​យ៉ាង​ណា​ទេ​ អោយ​ផុត​ពី​គ្រោះ​អាក្រក់​នេះ​ ។ បង​សារ៉ាក់​ សូម​បង​កុំ​ភ័យ​ណ៎ា​ ទុក​ជា​យ៉ាង​ម៉េច​ក៏​ដោយ​ អូន​មិន​ព្រម​អោយ​ប្រុស​ដទៃ​កន្លង​រូប​អូន​បាន​ឡើយ​។ អូន​រលឹក​បង​ណាស់​។ បើ​សិន​អូន​ត្រូវ​ស្លាប់​ធ្វើ​ម្ដេច​ហ្ន៎ អោយអូន​បាន​ជួប​បង​ម្ដង​ទៀត?

ប្រពន្ធបងជានិច្ច
                        រ័តនា

    - ហ៊ី ព្រហ្ម​លិខិត​ម្ដេច​ក៏​ចិត្ដ​ខ្មៅ​ខ្លាំង​ម៉្លេះ​ ...រ័តនា​អូន​មាស​បង​អើយ​ ម្ដាយ​អូន​ដូច​ជា​កែវ​ស្រាំ​ដូច្នោះ​ បើ​បង​ទៅ​រក​ជួប​អូន​ គឺ​កែវ​នេះ​ នឹង​ ត្រូវ​បែក​ជា​ប្រាកដ​។ ដូច្នេះ​អូន​ចង់​ជួប​បង​ធ្វើ​អ្វី​? នាំ​តែ​បណ្ដាល​អោយ​អូន​ក្រហល់​ក្រហាយ​ស្ដាយ​ក្រោយ​ប៉ុណ្ណោះ​ទេ​! នាំ​តែ​ខូច​ស្នេហា​យើង​ទេ!
    សារ៉ាក់​អេះ​ក្បាល​ក្រោក​ក្រាក​ដោយ​ម្រាម​ទាំង​ដប់​ហាក់​ដូច​ជា​មាន​ចៃ​មួយ​សែន​មក​រុក​មក​ឆ្កៀល​ត្រង់​លលាដ៍​។ គេ​ពោល​រអ៊ូ​តែ​ម្នាក់​អែង​

    ហ៊ី! អញ​ដូច​ជា​ទ្រាំ​អត់​យូរ​ណាស់​មក​ហើយ​ទេ​តើ​! អញ​អាណិត​​អញ​នឹក​ថា​ខ្ជិល​ រស់​ដូច​មនុស្ស​ធម្មតា​ទៅ​ចុះ! ព្រហ្ម​លិ​ខិត​វា​មិន​ព្រម​អោយ​អញ​រស់​ដូច​មនុស្ស​ធម្មតា​! !!
    - ស្រឹបៗស្រោកៗ ! សំលេង​ស្លឹក​ស្វាយ​សង្កៀត​គ្នា​ក្បែរ​បង្អួច​រ័តនា​។ នាង​ក្រ​មុំ​អភ័ព្ទ​យំ​ក្នុង​ព្រលឹង​។ ដៃ​ជើង​នាង​លែង​កំរើក​សោះ​តែ​ម្ដង​ ត្រ​ជាក់​ស្រិត​​ដូច​ទឹក​កក​ ហើយ​មាន​ញើស​មក​ផ្សើម​បន្ដិច​ៗផង​។ បេះ​ដូង​នាង​ដើរ​ផ្ដិកៗ ដូច​មាន់​ដក​ចង្កា។ «ជីវិត​អញ​ខូច​ហើយ​! មនុស្ស​យើង​រស់​បាន​តែ​ម្ដង​ទេ​តើ? ពុទ្ធោ​អើយ​ តើ​ខ្ញុំ​សាង​សុភមង្គល​ជា​មួយ​បង​សារ៉ាក់​លើ​ផ្នូរ​ខ្មោច​ម្ដាយ​ខ្ញុំ​ម្ដេច​បាន​? ហើយ​តើ​អោយ​ខ្ញុំ​លះ​បង់​ប្ដី​កំពូល​ដួង​ចិត្ដ​ខ្ញុំ​ម្ដេច​កើត? ទេ! ខ្ញុំ​មិន​អាច​លក់​សេរី​ភាព​ នឹង រាង​កាយ​អោយ​ប្រុស​ណា​ដ​ទៃ​ជា​ដាច់​ខាត​! ហ៊ី! លោក​អើយ​ ងាក​ទៅ​ខាង​ណា​ក៏​ដូច​ជា​យក​ក្បាល​ទៅ​ជល់​ នឹង ថ្ម​អញ្ចឹង​។ ខ្ញុំ​នៅ​តែ​មួយ​ផ្លូវ​ប៉ុណ្ណោះ​ដែល​ប្រសើរ​ជាង​គេ​ ដែល​អាច​នាំ​អោយ​ដល់​ទី​សុខ​បាន​ គឺខ្ញុំ​ត្រូវ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​មច្ចុរាជ»

ឈឹងៗ ឈឹងៗ ៗ ឈឹក ឈឹក​ឈឺង ៗ ៗៗ ទូត​! ! ! កញ្ចែ​នា​វា​បន្លឺ​ឡើង​គ្រលួច​ ហែក​ហួ​រាត្រី​ស្ងាត់​។ រំពេច​នោះ​សារ៉ាក់​ព្រឺ​ព្រួច​ក្នុង​ខ្លួន​ជា​អនេក​ ដោយ​ស្រាប់​តែ​យល់​ច្បាស់​ប្រាកដ​យ៉ាង​ជាក់​លាក់​ យ៉ាង​គួរ​អស់​សង្ឃឹម អំពី​សភាព​អិត​ន័យ​ នៃ​ វដ្ដ​សង្សារ​។ «មិន​បាន​រ័តនា​ទៅ​ ក៏​ឆោ​ឡោ​អញ្ចឹង​ទៅ​... ប៉ុន្ដែ​បើ​បាន​រ័តនា​ទៅ​...​ ក៏​គ្មាន​អី​លើស​ហ្នឹង​! !ហា! ហា! «ស្អី​ក៍​គ្មាន​បាន​ការ​ដែរ​! គេ​បញ្ជូន​មនុស្ស​មក​ក្នុង​លោក​នេះ​ គឺ ដើម្បី​អោយ​ឈឺ​ចាប់​ហូរ​ហៀរ​ទឹក​ភ្នែក​អិត​ប្រយោជន៍​! ។ ឃើញ​ទេ​មនុស្ស​ខំ​ស្វះ​ស្វែង​រក​សុភមង្គល​នៅ​គ្រប់ទី​កន្លែង​ នៅ​លើ​ទ្រព្យ​សម្បត្ដិ​បុណ្យ​សក្ដិ​ កិត្ដិ​យស​ស្នេហា​។ ប៉ុន្ដែ​សុ​ភមង្គល​គឺ​ជា​វត្ថុ​ដែល​គ្មាន។ ម៉្លោះ​ហើយ​បេស​កកម្ម​របស់​មនុស្ស​ គ្រាន់​តែ​ជា​ការ​អិត​អំពើ​។ នរណា​ដែល​សាង​សេចក្ដី​សុខ​ កើត​នៅ​លើ​គំនរ​ទុក្ខ? នរណា​អាច​ស្ទូច​យក​សុភ​មង្គល​​បាន​ក្នុង​សមុទ្រ​អព​មង្គល​? គឺ​ដូច​ជា​ស្ទូច​ត្រី​ក្នុង​ទឹក​ពាង​ រឺ ដូច​សប់​កង់​រទេះ​ភ្លើង​ រឺ ដូច​កោស​ខ្យល់អោយ​ដំរី​ គឺគ្មាន​បាន​ការ​អ្វី​ទាំង​អស់​។ ជីវិត​អិត​ន័យ​! ជីវិត​អិត​ន័យ​!!! តើ​មនុស្ស​ត្រូវ​ទៅ​ប្ដឹង​ដល់​នរ​ណារ? ប្ដឹង​មេឃ​ នោះ​វា​មេឃ​ហើយ!»

    នៅ​ក្បែរ​សារ៉ាក់​ គ្រួសារ​មួយ​ក្រុម​កំពុង​ស្រាយ​បាយ​កញ្ចប់​បរិភោគ​។ កំលោះ​បះ​បោរ​ឃើញ​ដូច្នោះ​អត់​ទ្រាំ​ពុំ​បាន​ ក៏​សើច​កក្អឹក​​ក្នុង​បំពង់​ក។ «​មើល​ចុះ​សុទ្ធ​តែ​សត្វ​ចៀម​ដែល​គេកៀង​យក​ទៅ​ប្រហារ​ គិត​តែ​ពី​ស៊ី​គ្មាន​ដឹង​ខ្លួន​សោះ​។ Les pauvre types ! ហា! ហា! Ils ne savent pas q‘ils sont des condannés à mort ! អស្ចារ្យ​មែន​ ! ការ​ភាន់​ច្រលំ​គឺជា​ការ​ពិត​សំរាប់​មនុស្ស​មិន​ដឹង​ខ្លួន​។ ចំនែក​ពួក​នេះ​ច្រលំ​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​ថ្លៃ​ថ្នូរ​ ជា​មនុស្ស​មាន​វាសនា​! ហាស ហា ជា​មនុស្ស​មាន​វាសនា​ ។ មែន​ទែន​​គឺ​ជា​កំអែល​ធម្ម​ជាតិ​ទេ​តើ​! គឺ​ជា​ហ្វូង​ចៃ​ដែល​គេ​អោយ​រស់​បណ្ដោះ​អាសន្ន​ ហើយ​ដែល​សុខ​ចិត្ដ​អោយ​គេ​យក​ទៅ​ចេញ​ដោយ​គ្មាន​ប្រ​កែក​មួយ​អ៊ិស​! អញ​អែ​ណេះ​បាន​ពិត​ជា​មនុស្ស​ឈ្នះ​វាសនា​ ! ព្រោះ​អញ​ពុំ​មែន​ជា​អញ​ ព្រោះ​អញ​ពុំ​មែន​បំ​ភ្លេច​ខ្លួន​រឺ​ ពន្លិច​ខ្លួន​នៅ​ក្នុង​កំអែល​ធម្ម​ធម្ម​ជាតិ​ឡើយ​ ។ អញ​នេះ​ថយ​ចេញ​ពី​ខ្លួន​អញ​ ចេញ​ពី​ខ្លួន​អា​សារ៉ាក់​ ដើម្បី​ស្រួល​សង្កេត​មើល​វា​។ អញ​ចេះ​ដើរ​លើ​ក្បាល​ធម្ម​ជាតិ​ ដូច្នេះ​អញ​ជា​កំពូល​ធម្ម​ជាតិ​»។

    សារ៉ាក់​ចាក់​ស្រា​ទៅ​ក្នុង​កែវ​ខ្លុកៗ​ ហើយ​លើក​អក​តែ​មួយ​ក្រេប​អស់​រលីង​។ «ហា! ហា! អា​ចំកួត​នេះ​វា​ផឹក​ស្រា​បំ​ភ្លេច​ស្រី​វា​» ។ សារ៉ាក់​ចាប់​ផ្ដើម​មាន​អា​ការ​ធេង​ធោង​ខ្លាំង​នៅ​ក្នុង​ខ្លួន​។ អ្នក​ចេះ​តែ​សំលឹង​មើល​មនុស្ស​ដែល​កំរើក​រសេម​រសាម​នៅ​ក្បែរ​រូប​អ្នក​។ «នៅ​ជុំ​វិញ​អញ​នេះ​ សុទ្ធ​តែ​អសុភ!! អញ​គ្រាន់​បើ​ជាង​គេ​ព្រោះ​អញ​នេះ​គឺ​អសុភ​ ដែល​ដឹង​ថា​ ខ្លួន​ជា​អសុភ​! ហា! Je suis un cadavre ambulant! អញ​នេះ​វា​គ្មាន​ហួស​ពី​ដុំ​ខ្ទុះ​ ដុំ​ឈាម​ ដុំ​ខ្លាញ់​ ដុំ​របស់​ឆ្អេះ​ឆ្អាប​សោះ​ឡើយ​»។ បត្ដំ សម្ហំ បុព្វោ​ លោហិតំ សេទោ មេទោ(1) មីង​មួយ​លើក​សាច់​ក្រក​ឡើង​ខាំ​គ្រឹប​...។ «ងាប់​ហើយ​វើយ​! មើល​ហ្ន៎ ខ្មោច​ស៊ី​ខ្មោច​ ! អ្ហឿក !!! អញ​ខ្ពើម​ណាស់​! » ។ សារ៉ាក់​រអើម​ចង់ក្អួត​។

    ពេល​នោះ​កំលោះ​លឺ​គេ​និយាយ​នៅ​ក្រោយ​ខ្នង​អ្នក​៖
- អ្នក​ស្រី​មាន​កូន​ចៅ​ប៉ុន្មាន​ហើយ?
- ខ្ញុំ​មាន​ប្រាំ​នាក់​ហើយ​យាយ​ខ្ញុំ​យក​តែ​បី​នេះ​ទេ​ ទៅ​លេង​ក្រ​ចេះ​ ពីរ​ទៀត​ខ្ញុំ​ទុកនៅ​ផ្ទះ​។
- ហ៊ី​ ! ប្រពន្ធ​ខ្ញុំ និង ខ្ញុំ​ដូច​ជាស្រូត​អស់​យ៉ាង​ហើយ​ យើង​ការ​គ្នា​ទើប​តែ​ជាង​បួន​ឆ្នាំ​ មាន​កូន​រហូត​ដល់​ទៅ​ប្រាំ​។ យាយ​អើយ​ គ្មាន​អី​ស្រួល​ជាង​រឿង​បង្កើត​កូន​ទេ​ ទុក​ពេល​អោយ​ខ្ញុំ​កន្លះ​យប់​ខ្ញុំ​លៃ​បាន​មួយ​។

    សារ៉ាក់​ ងាក​ក្រោយ​ សំលឹង​មើល​កុមារ​បី​នាក់​ក្បាល​រម៉េង​រម៉ង់​ ដេក​យ៉ាង​ស្ងៀម​ស្ងាត់​ ។ ភាព​នេះ​ហាក់​ដូច​ជា​មាន​ក្លិន​ចំអេស​ចំអាស​ក្រៃ​ពេក​ ចំពោះ​កំលោះ​រលុង​ខួរ​។ សារ៉ាក់​ពុល​ដោយ​ជាតិ​ស្រា​ផង​ ហើយ​ដោយ​ឃើញ​ការ​ច្របូក​ច្រ​បល់​របស់​មនុស្ស​អស់​ទាំង​នេះ​ផង ក៏​វង្វេង​ស្មារតី​វិល​មុខ​ស្លុង​។​ សារ៉ាក់​មាន​កាំ​បិទ​ស្នៀត​មួយ​លាក់​បង្កប់​នៅ​ចង្កេះ​។ គឺ​ជា​ឆុរិកា​ចុង​ស្រួច​មួយ​មាន​ដង​ភ្លុក​ ដែល​មិត្ដ​វិចិត្រ​ករ​ម្នាក់​ បាន​ធ្វើ​អំណោយ​ដល់​អ្នក​។ ពេល​នោះ​ក្នុង​ក្បាល​សារ៉ាក់​ មាន​ចិត្ដ​ឧក្រិដ្ឋ​ ធ្វើ​អោយ​ចង់​ដក​​កាំ​បិត​នោះ​មក​ប្រហារ​ក្មេង​ទាំង​បី​។ «អា​ច្រ​មក់​ទាំង​នេះ​ សុទ្ធ​តែ​ជា​របស់​អសោច​ឆ្អេះ​ឆ្អាប​ កើត​មក​ពី​ខ្ទុះ​ ពី​ឈាម​ !! បញ្ជួន​វា​ទៅ​ឋាន​នរក​តែ​ម្ដង​ទៅ​!» ។ សំណាង​ដែរ​សារ៉ាក់​ប្រែ​គំនិត​វិញ​ភ្លាម​ ហើយ​កាន់​ដប​ស្រា​ដើរ​ចេញ​ទៅ​។ ជី​វិត​របស់​គេ​ អញ​គ្មាន​សិទ្ធិ​អ្វី​ នឹង​ចាត់​ចែង​ឡើយ​»។ អ្នក​កំលោះ​ខំ​ប្រយិត​ប្រតោង​ ឡើយ​ទៅ​អង្គុយ​ លើ​ដំបូល​នាវា​តែ​ម្ដង​ ឆ្ងាយ​ពី​គេអែង​។

    «ហាស ហា​ ! នៅ​ក្រោម​មេឃ​នេះ​ គ្មាន​រឿង​អ្វី​ស្រ​ណុក​ជាង​រឿង​ធ្វើ​កូន​ទេ​ ប៉ុន្ដែ​គ្មាន​អ្វី​ពិបាក​ជាង​ការ​រស់​នៅ​ដែរ​! ក្នុង​ជីវិត​មនុស្ស​មាន​តែ​រឿង​អព​មង្គល​ មាន​តែ​ក្ដី​កង្វល់​ មាន​តែការវិយោគ​»

    «ម្ដេច​អញ្ចឹង​? ម្ដេច​អញ្ចឹង​? ម្ដេច​បាន​ជា​មនុស្ស​វេទនា​ខ្លាំង​ម៉្លេះ​?
ជាតិទុក្ខា ជរាបិទុក្ខា មរណម្បិទុក្ខំ បរិទេវ ទុក្ខទោ មនស្សបាយាសាបិ ទុក្ខា(2)» ប្រែ​ថា ៖ សេចក្ដី​កើត​ក៏​ជា​ទុក្ខ សេច​ក្ដី​ចាស់​គ្រាំ​គ្រា​ក៏​ជា​ទុក្ខ​ សេចក្ដី​ស្លាប់​ ក៏​ជា​ទុក្ខ​ លំបាក​ កាយ​​ លំបាក​ចិត្ដ​ និង ​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ដ​ក៏​ជាទុក្ខ​ ។ទុក្ខ​! ទុក្ខ​! ទុក្ខ​! គ្មាន​! លោះ​មួយ​ពេល​វេលា​សោះ​។ តើ​មនុស្ស​មាន​កំហុស​អី​ ? តើ​មនុស្ស​គ្នា​ដឹង​អី​គ្នា​? ម្ដេច​បាន​បង្កើត​មនុស្ស​មក​ធ្វើ​ទុក្ខ​ បុក​ម្នេញ​អោយ​គ្នា​ វិយោគ​ខ្លោច​ផ្សា​ធ្វើ​អី​? មនុស្ស​មាន​សុំ​មក​អែ​ណា? គ្នា​គ្មាន​ដឹង​ខ្លួន​អែណា​? មនុស្ស​ល្អ​ រឺ មនុស្ស​អាក្រក់​ ចិត្ដ​ល្អ​ រឺ ចិត្ដ​អា​ក្រក់​ និស្ស័យ​ល្អ​ រឺ អាក្រក់​ ស្រេច​តែ​គេ​ចាំង​ គេ​ឈូស​ គេ​លាប​ពណ៌​ គេ​វាយ​ពុម្ព​មក​ស្រេច​ៗ​ ដូច​ជា​សត្វ​ពស់​ ខ្លា​ ប្រើស​ ឈ្លូស ឆ្កែ កណ្ដុរ​អញ្ចឹង​។ តើ​នរ​ណា​មួយ​ចង់​អាក្រក់​ហ៎ៈ​? តើ​នរ​ណា​មួយ​ចង់​សាមាន្យ​ ? Nul n’est méchant vlontairement, comme dit Socrate ។ គ្នា​គ្មាន​ទោស​សោះ​យក​គ្នា​មក​ធ្វើ​បាប​ ជិះ​ជាន់​សង្កត់​សង្កិន​។ ឃើញ​ទេ​មនុស្ស​ប្រ​ទ្រុះ​ប្រ​ទ្រះ​ យ៉ាង​ឈឺ​ចាប់​ក្នុង​ពិភព​មួយ​គ្មាន​ន័យ​គ្មាន​ខ្លឹម​សារ។ «Hal ces misérables atomes sur cet amas de boue» ។ ក្នុង​ជីវិត​ឃើញ​តែ​ផ្កា​អព​មង្គល​សោះ​តែ​ម្ដង​។«មើល​ន៎​មនុស្ស​កើត​របេង​ ខ្សោយ​បេះ​ដូង​ កើត​កង់​ស៊ែ​, រន្ទះ​បាញ់​ស្លាប់​, ភ្លូក​ឡាន​ក្រ​ឡាប់​ គូ​សង្សារ​ព្រាត់​ប្រាស​គ្នា​, ប្រពន្ធ​មាន​សហាយ​... ប្ដី​មាន​ស្រី​លែង​លះ​គ្នា​ កូន​ប្រសា​រិក​កោង​ ច្រលើស​បើស​ កូន​ចៅ​បង​ប្អូន​ រឺ​ មិត្ដ​ជា​ទី​ស្រលាញ់​ ក្លាយ​ខ្លួន​ទៅ​ជា​ឆ្កួត​លី​លា​ រឺ ​ក៏​ទៅ​ជា​វង្វេង​ ក្បត់​ជាតិ​ ចូល​ទៅ​ខាង​ខ្មាំង​របស់​រដ្ឋ​ ត្រូវ​គេ​ចាប់​បាញ់​ចោ​ល​។ មើល​ចុះ​នៅ​ក្រោម​មេឃ​នេះ​ឃើញ​តែ​ជម្លោះ​ ឃើញ​តែ​ចំបាំង​រាំង​ជល់​ ហុត​ឈាម​គ្នា​ពុំ​ចេះ​ចប់​ ពុំ​ចេះ​ហើយ​ depuis que le monde est monde ។ អបិ្បយេហិ សម្បយោគោ ទុក្ខោ បិយេហិ វិប្បយោគោ ទុក្ខោ ។

    «​ឆ្លើយ​មក​មើល​នរណា​ហ៎ៈ ទទួល​ខុស​ត្រូវ​ក្នុងបទ​អុក្រិដ្ឋ​នេះ​ ? នរណា​ហ៎ៈ​ដែល​បង្កើត​លោក​មក​ ហើយ​ដាក់​ទណ្ឌ​កម្ម​មនុស្ស​ពេញ​ផែន​ដី​ យ៉ាង​អយុត្ដិ​ធម៌​ និង​ តាម​របៀប​ព្រៃ​ផ្សៃ​ដូច្នេះ​ ? ឆ្លើយ​ភ្លាម​មក​មើល​? ហាស​! ហា!..គ្មាន​អាណា​ហ៊ាន​ឆ្លើយ​មក​អញ​សោះ​»

    សារ៉ាក់​លើក​ដប​ស្រា​ច្រក​មាត់​គ្មាន​ត្រា​ប្រ​ណី​។
«គេ​និយម​ថា​ ព្រះអាទិទេព​ជា​អ្នក​បង្កើត​លោក​មក​។ ព្រះ​អាទិទេព​ណា​មួយ​អញ្ចេះ​? បើ​ព្រះ​អាទិ​ទេព​មាន​ច្រើន​ម៉្លេះ​ ហើយ​សុទ្ធ​តែ​ឈ្លោះ​ដណ្ដើម​កម្ម​សិទ្ធិ​គ្នា​ ក្នុង​ការ​ជប់​ផែន​ដី​ និង​ ចក្រ​វាឡ​ ដូច​ព្រះ​អីសូរ​ ព្រះ​យេស៊ូ​ ព្រះ​អាលាស់​ ព្រះ​យា​វហេ​ ព្រះ​យេ​ហូវ៉ា​ជា​ដើម​ ។ ណ្ហើយ​អា​ទិ​ទេព​ទាំង​នេះ​ គឺ​ជា​អាទិ​ទេព​សម្លទេ​ ។ គឺ​ពុំ​មែន​អា​ទិ​ទេព​បង្កើត​មនុស្ស​ តែ​ជា​អា​ទិទេព​ ដែល​មនុស្ស​​បង្កើត​មនុស្ស​ទេ​តើ​ ។ អាទិទេព​ធំ​បំ​ផុត​គឺ​គ្មាន​ឈ្មោះ​នាម​ទេ​ នៅ​លើ​ហួស​មេឃ​ទៅ​ទៀត​ ហើយ​ធំ​ជាង​មេឃ​ទៅ​ទៀត​»

    សារ៉ាក់​សំលឹង​ទៅ​មេឃ។
«មេឃ​ធំ​ធេង​លន្លង់ លន្លោច​ ខ្ពស់ ឆ្ងាយ​សែន​ សល់​ប្រមូល​អស់​នូវ​ហ្វូង​តារា​ទាំង​ឡាយ​។ ផែន​ដី​ទាំង​មូល​គ្រាន់​តែ​ជា​ធូលី​របស់​មេឃ​ប៉ុណ្ណោះ​។ ចំនែក​មនុស្ស​​ជា​ធូលី​របស់​ផែន​ដី​។ បើ​អញ្ចឹង​មនុស្ស​ជា​ធូលី​របស់​ធូលី​។ តើ​តំលៃ​, ន័យ​, សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ឋិត​នៅ​កន្លែង​ណា​ខ្លះ?។ មនុស្ស​មាន​រូប​តូច​តាច​ថោក​ទាប​ទន់​ខ្សោយ​ពន់​ពេក​ណាស់​ គេ​ខោក​តែ​បន្ដិច​តាំង​ក្ស័យ​ជីវិត​ហើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ដើម​កំណើត​ រឺ ​ប្រ​ភព​របស់​មនុស្ស​ថោក​ទាប​ជា​ង​នេះ​ទៅ​ទៀត​ ។ ហាស​ ! ហា! ក្នុង​ទឹក​​កាម​កិលេស​មួយ​កំណក់​មាន​មេ​ជីវិត​ (Spermatozoides) ចំនួន​ប្រាំ​មួយ​ម៉ឺន​ក្បាល​។ ដូច្នេះ​មេ​ជី​វិត​នេះ​ហើយ​រឺ​? ដែល​ជា​ប្រភព​របស់​មនុស្ស​ ហាស​! ហាស! ហាយ​! អញ​សើច​ម្ដង​អោយ​អស់​ចិត្ដ​ អញ​គ្មាន​ពេល​ណា​ នឹង ​បាន​សើច​អញ្ចឹង​ទៀត​ទេ​។

    សារ៉ាក់​ធ្លាយ​សំណើច​យ៉ាង​ខ្លាំង​ ទាល់​តែ​ហៀរ​ទឹក​ភ្នែក​សស្រាក់​។ «មនុស្ស​មាន​រូប​តូច​ទាប​ទន់​ថោក​ថយ​ដូច្នេះ​ហើយ​ បានជាខ្លាច​អាទិទេព​ទាល់​តែ​ស្លុត​ចិត្ដ​ ខ្លាច​មេឃ​ ខ្លាច​ផ្កាយ​ ខ្លាច​ភ្លៀង​ ផ្គរ​ ខ្យល់ ដី​ ភ្លើង​ ខ្លាច​រហូត​​ដល់​ក្ដិត​គោ​ញី​ដូច​នៅ​ប្រទេស​ក្លឹង្គ»
    សារ៉ាក់​ដក​កាំ​បិត​ស្នៀត​ចាក់​ដំបូល​កប៉ាល​លឺ​សូរ​គឹប!!! គេ​ក្ដាប់​ដៃ​តំរង់​ទៅ​លើ​មេឃ​ ហើយ និយាយ​ខ្លាំង​ៗ​ថា៖

    ប៉ុន្ដែ​យប់​នេះ​គឺ​ជា​​ទំព័រ​ថ្មី​មួយ​ទៀត​ក្នុង​ប្រវត្ដិ​សាស្ដ្រ​នៃ​លោក​សន្និ​វាស​!! គឺ អញ​! អាតួ​សារ៉ាក់​, បញ្ញ​វន្ដ​ម្នាក់​ដ៏​កខ្វក់​ ដែល​ជា​កំ​អែល​ធម្ម​ជាតិ​ជា​មួយ​នឹង​​ គេ​ដែរ​ ដែល​មានប្រ​ភព​កំណើត​អំពី Spermatozoide​ ដែល​ជាធូលី​របស់​ធូលី​ ប៉ុន្ដែ​ជា​ធូលី​ ដែល​មាន​បញ្ញា​ វិចារណ​ញ្ញាណ​ សុភ​និច្ឆ័យ​ អញ​ចេញ​មុខ​ប្រ​ឆាំង​ នឹង​ អាទិទេព​តែ​ម្ដង​។ អញ​ទាម​ទារ​សេចក្ដី​ថ្លៃ​ថ្នូរ​ របស់​មនុស្ស​ដោយ​ប្រកាស​ជា​ឧឡា​រិក​ ថា​ព្រះ​អា​ទិទេព​ជា​មេ​ចោរ​ហនេយ្យុំឃោ​ឃៅ​ ជា​អ្នក​ប្រព្រឹត្ដ​បទ​អុក្រិដ្ឋ​ យ៉ាង​គួរ​អា​ម៉ាស់។
    Je revendique ma dignité d’homme et ma liberté à l’égard de l’univers , en mettant dieu au banc de l’ccusé et en le qualifiant d’inflâme crimiel au coeur d’ordures » ។

    ប៉ុណ្ណេះ​ហើយ​ អា​ទិទេព​យក​ទៅ​ធ្វើ​អ្វី​យក​ទៅ​។ បើ​អញ​ងាប់​ទៅ​យក​អញ​ទៅ​ស្ងោរ​ រឺ ក៏​យកអញ​ទៅ​ពុះ​អម្បែង​ក្បាល​មួយ​ម៉ឺន​ចំ​រៀក​នៅ​ឋាន​នរក​ ក៏​ តាម​ចិត្ដ​ចុះ​។ ប៉ុន្ដែ​អញ​មិន​ព្រម​ចាញ់​ មិន​ព្រម​ចំណុះ​អាទិទេព​ជា​ដាច់​ខាត​។ គឺ​ជាឃាតករ​ តំ​ណាង​អំពើ​អយុត្ដិ​ធម៌​ ជា​មហា​ចោរ​ស្រេក​ឃ្លាន​នូវ​លោ​ហិត​ដែល​បង្កើ​តមនុស្ស​លោក​សំរាប់​តែ​ផ្ចាញ់​ផ្ចាល​ផន្ទា​ សំរាប់​តែ​សាង​ភេរវកម្ម។

    ​ សារ៉ាក់​ស្រែក​ដង្ហោយ។
    បើ​រស់​ដូច​ជា​សត្វ​គង្គក់​អញ្ចឹង​ អញ​ខ្ជិល​ចង់​រស់​ណាស់​។ Tu m’entends, អាកំណាច​! Espèce de vempire ! dieu de mes bottes Y en a marre! យក​រ័តនាទៅ​វិញ​ចុះ​អញ​ខ្ពើម​ចង់​បាន​ណាស់​។ អញ​មិន​ចង់​បាន​សុខ​បាន​សប្បាយ​ឡើយ​ អញ​មិន​ចង់​ឡើង​ឋាន​សួគ៌​ទេ​ អញ​ចង់តែ​មួយ​មុខ​គត់​ គឺ រំលាយ​លោកិយ អប្រិយនេះ​ចោល​ចេញ​ដោយ​រំលាយ​រូប​អញ​ជាបឋម​!!!

    សារ៉ាក់ទន់កល្ងៀក​ដោយ​អស់​កំលាំង​។ មាណព​ស្រវឹង​ខ្លាំងពន់​ប្រមាណ​ ក៏ផ្ដេក​ក្បាល​ទំរេត​ប្រាណ​ទៅ​លើ​ដំបូល​កប៉ាល់​ ភ្នែក​បើក​ព្រឹម​ៗ ដៃ​ស្ដាំ​កាន់​ដង​កាំ​បិត​ជាប់។ចំនែក​មាត់បង្ហើប​តិចៗ​ ពោលថា៖
    le crime de l’homme doit répondre au crime divin … ពី​ថ្ងៃ​កន្លង​មាក​នាង​ស៊ុនណារី ទទួលដំណឹង​យ៉ាង​គួរ​អោយ​រន្ធត់ ៖ កញ្ញារ័តនា​ ស្លាប់​ដោយ​លេប​ថ្នាំ​ពុល ចំនែក​សារ៉ាក់​គេ​រក​ខ្មោច​ឃើញ​ហើម​ស្ពីង​ អណ្ដែត​ក្នុង​ទន្លេឆ្លូង ដោយ​មាន​ផ្លែ​កាំបិទ​ស្នៀត​មួយលិច​កប់​យ៉ាង​ជ្រៅ​ទៅ​ក្នុងដើម​ទ្រូង។

((((((((((((((( ចប់ )))))))))))))))