២ ​-សុភមង្គលស្ត្រី ស្ថិតនៅលើប្ដី
ថ្ងៃសៅរ៍ ទី30.មិថុនា 2018.ម៉ោង 11:24

រថ​យន្ដ​ម៉ាក​ស្ហី​វ្រួ​ឡេត​រាង​សំ​ប៉ែត​មួយ​ពណ៌​ផ្ទៃ​មេឃ​រត់​ត្រ​សៀក​តាម​ផ្លូវ​កំពត។ កញ្ញា​រ័តនា​ កាន់​ចង្កូត​យ៉ាង​ស្ទាត់​ជំនាញ​។ ភ្នែក​នាង​ទាំង​គូ​សំលឹង​គ្មាន​ប៉ព្រិច​ទៅ​លើ​ដង​មាគ៌ា​។ នាង​ពុំ​ហ៊ាន​ក្រលេក​មើល​ទេស​ភាព​ដ៏​ស្រស់​ប៉​ប្រឹម​នៃ​ធម្ម​ជាតិ​នា​សង​ខាង​ផ្លូវ​នោះ​ទេ​ ដោយ​នាង​នឹក​ខ្លាច​គ្រោះ​ថ្នាក់​ចរា​ចរផ្សេង​ៗ​ ដែល​អាច​កើត​ឡើង​បាន​។ កញ្ញា​ម្នាក់​ទៀត​ដែល​អង្គុយ​នៅ​ក្បែរ​នាង​ គឺ កញ្ញា​ស៊ុន​ណារី​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ទំនេរ​ រ័តនា​ នាង​នាំ​មិត្ដ​នី​ជា​ទី​គាប់​ចិត្ដ​នេះ​ទៅ​លេង​ចំការ​កាហ្វេ​ឳពុក​នាង​អែ​កែប​។ នេះ​ជា​មធ្យោ​បាយ​ដែល​អនុញ្ញាត​អោយ​នាង​ជៀស​គេច​រួច​ពី​សភាព​អាប់​អួ ច្រ​បូក​ច្របល់​នៃ​ទី​ក្រុង។ ការ​ធ្វើ​ដំណើរ​ចាប់ផ្ដើម​ឡើង​ពី​ព្រ​លឹម​ នាង​មាន​បំណង​វិល​ត្រ​លប់​នៅ​វេលា​ល្ងាច​។

ស៊ុន​ណារី​មាន​សុភ​មង្គល​ធំ​អនេក​ ដោយ​បាន​រ័តនា​ជាមិត្ដ​នី​។ នារី​នេះ​ជា​បុត្រី​ គហបតី​ម្នាក់​ដែល​មាន​ភោគ​សម្បត្ដិ​គួរ​អោយ​ស្ញែង​ ប៉ុន្ដែ​នាង​គ្មាន​រិកពា​ឆ្មើងឆ្មៃ​បន្តិច​សោះ។ ស៊ុន​ណារី​ដែល​ជា​កូន​អ្នក​ក្រ​ខ្សត់ រ័តនា​ស្រ​លាញ់​នាង​ដូច​ជាប្អូន​បង្កើត​។ កញ្ញា​ទាំង​គូ​ជា​សិស្ស​នៅ​ថ្នាក់ទី​ ៤ ទំនើប​ជាតិ​នៃ​អនុវិទ្យា​ល័យ​នរោត្ដម។

- រ័តនា! លោក​ចំរើន​គេ​មិន​អន់​ចិត្ដ​ទេ​ឬ​ បើរ័តនា​អែង​បើក​ឡាន​ទៅ​ណា​មក​ណា​បាន​តាម​ចិត្ដ​ទាំង​អស់?
បើអន់​ចិត្ដ​ក៏អន់​ទៅ​ចុះ​ យើង​មិន​ទាន់​ជា​ប្ដី​ប្រ​ពន្ធ​គ្នា​អែណា!
រ័តនា នាង​កាន់​ចង្កូត​រថ​យន្ដ​បណ្ដើរ​នាង​គិត​បណ្ដើរ​

នាង​នឹក​ព្រួច​ទៅ​ចំរើន​ ដែល​បាន​បង្ខំ​អោយ​ឳពុក​ម្ដាយ​មក​ស្ដី​ដណ្ដឹង​នាង​ជាយូរ​យារ​មក​ហើយ​។ នាង​មិន​ដែល​ព្រម​សោះ​... ទើប​តែ​នៅ​វេលា​ថ្មី​ៗ​នេះ​ទេ​ ដែល​នាង​យល់​ព្រម​យក​គេ​ជាគូ​អនាគត​ ប៉ុន្ដែ​នាង​បាន​ដាក់​កំរិត​មួយ​យ៉ាង​ដាច់​ខាត​ គឺ​ នាង​សុខ​ចិត្ដ​រៀប​ការ​ជាមួយ​គេ​ តែ​នៅ​ក្នុង​រយៈ​វេលា​បី​ឆ្នាំ​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ​។ ការ​យល់​ព្រម​នេះ​គ្មាន​ន័យ​ទេ​ ព្រោះ​ដួង​ចិត្ដ​នាង​គ្មាន​ស្ម័គ្រ​លើ​រូប​ឆោម​ចំរើន​បន្ដិច​សោះ​! គេ​ធ្លាប់​និយាយ​ច្រើន​គ្នា​ព្រម​ទាំង​មាតា​បិតា​នាង​ផង​ដែរ​ ថា​ចំរើន​ជា​បុរស​មាន​រូប​សម្បត្ដិ​ឆើត​ឆាយ​កម្រ​រក​បាន​។ តែ​ចំពោះ​រូប​នាង​តែ​ម្នាក់​អែង​វិញ​ នាង​សម្លឹង​ទៅ​ឃើញ​រូប​ចំរើន​គ្មាន​សោ​ភ័ណ​សោះ​។ សោភ័ណ​ឋិត​នៅ​ក្នុង​ដួង​ចិត្ដ​នាង​ទេ​តើ​។ បើ​នាង​កញ្ញា​រ័តនា​ជា​អ្នក​ទទួល​ចំរើន​ ជា​គូ​ប្រ​ចាំ​ជីវិត​ ការ​ដែល​សំខាន់​បំផុត​នោះ​ គឹ​បេះ​ដូងរ័តនា​ទេ​ ដែល​ត្រូវ​ទទួល​ស្គាល់​ថា​ ចំរើន​មាន​រូប​សម្បត្ដិ​ល្អ​ មិន​មែន​បេះ​ដូង​អ្នក​អែ​ទៀត​ឡើយ​។ នាង​នឹក​ទ្រាន់​ក្នុង​ចិត្ដ​អិត​ឧប​មា​។ នាង​យក​ប្ដី​មិន​មែន​សំរាប់​រូប​នាង​សោះ​ គឺ​សំរាប់​មាតា​បិតា​នាង​។ តើ​នាង​នៅខ្វះ​សេរី​ភាព​រឺ​? តើ​ឳពុក​ម្ដាយ​នាង​បាន​បង្ខំនាង​យ៉ាង​ដាច់​អហំ​ អោយ​នាង​យក​ចំរើន​ធ្វើ​ស្វាមី​រឺ? ទេ ! ទេ ! នាង​មាន​សេរី​ភាព​ពេញ​លេញ​ នឹង​ឆ្នៃ​ព្រេង​វាសនា​នាង​អោយ​ស្រប​ទៅ​តាម​ចំណង់​ តាមចង្វាក់​នៃ​បេះ​ដូង​នាង​ដែរ​...។

រ័តនាទន្ទេញ​តិច​ៗ​ នៅ​ក្នុង​មាត់​ «អញ​មាន​សេរី​ភាព​ពេញ​លេញ​ហើយ​ ម្ដេច​ក៏​អញ​ធ្វើ​ដូច្នេះ​? ម្ដេច​ក៏​អញ​ធ្វើ​ដូច្នេះ​?? ម្ដេច​ក៏​អញ​សុខ​ចិត្ដ​យល់​ព្រម​ទទួល​ចំរើន​ជា​អនា​គត​ស្វាមី​?? ឳពុក​ម្ដាយ​អញ​គ្រាន់​តែ​អង្វរ​អញ​អោយ​ស្រលាញ់​គេ​ទេ​តើ​! គាត់មាន​ប្រសាសន៍​ដែរ​ថា​ បើ​អញ​មិន​យល់​ព្រម​ទេ​ ក៏​ស្រេច​តាម​តែ​ចិត្ដ​អញ​ទៅ​ចុះ​។ ហ៊ី! អញ​មិន​យល់​ខ្លួន​អញ​សោះ​។ អញ​ដឹង​ដែរ​ថា​ ស្រី​យក​ប្ដី​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ យក​ប្ដី​ជា​ព្រឹត្ដិ​ការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​នារី។ សុភ​មង្គល​ រឺ​ អព​មង្គល​ ឋិត​នៅ​លើ​តែ​រូប​ប្ដី​ប៉ុណ្ណោះ​។ ចុះ​បើ​អញ​គ្មាន​ស្រលាញ់​ចំរើន​បន្ដិច​ផង​ ធ្វើ​ម្ដេច​ នឹង ​អញ​មាន​សុភ​មង្គល​កើត​? រ័តនា​ខាំ​ធ្មេញ​ក្រឹក​ៗ​ នឹក​ដល់​ប្រ​យោគ​មួយ​របស់​មាតា​បិតា​នាង​ «បើ​កូន​អែង​យក​គ្នា​ជា​ប្ដី​ប្រ​ពន្ធ​ទៅ​ ទុក​ជា​មិន​ស្រលាញ់​គ្នា​ក៏​ដោយ​ យូរ​ៗ​​ទៅ​គង់​តែ​ស្រលាញ់​គ្នា​ជា​មិន​ខាន​»។

- រ័តនា​ កើត​អី​ហ្នឹង​ បាន​ជា​ធ្វើ​មុខ​ស្ងួត​ដូច្នេះ​ រឺ​មួយ​ក៏​នឹក​អន់​ចិត្ដ​ នឹង​ ខ្ញុំ​អំបាញ់​មិញ​ ដែល​នាំនិយាយ​អំពី​រឿង​លោក​ចំរើន​នោះ​?
- ខ្ញុំ​គ្មាន​មួ​ហ្មង​ នឹង ស៊ុនណា​រី​អែង​បន្ដិច​ទេ​ តែ​ខ្ញុំ​នឹក​តូច​ចិត្ដ​នឹង​វាសនា​ខ្ញុំ​បន្ដិច​។
ស៊ុនណា​រី​នឹក​ក្នុង​ចិត្ដ​៖ «រ័តនា​ជា​កូន​ក្រមុំ​អ្នក​មាន​ស្ដុក​ស្ដម្ភ​ រូប​សម្បត្ដិ​ក៏​ល្អ​ លើស​កញ្ញា​នានា​នៅ​ភ្នំ​ពេញ​ ហើយ​នៅ​ត្អូញ​ត្អែ​ នឹង ព្រេង​វាសនា​ខ្លួន​ទៀត ចំនែក​សង្សារ​របស់​រ័តនា​គ៏​ជា​បុរស​ប្រកប​ដោយ​រូប​សម្បត្ដិ​ល្អ​ឆើត​ឆាយ​កម្រ​រក​បាន​»
- ស៊ុនណារី​អែង​មើល​! ខ្ញុំ​ជា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​... ខ្ញុំ​ពិបាក​យល់​ចិត្ដ​ចំរើន​ណាស់​... តើ​ធ្វើ​ម្ដេច​ នឹង ​ដឹង​ថា​គេ​ស្រ​លាញ់​រូប​ខ្ញុំ​ រឺ​ ក៏​ស្រលាញ់​ទ្រព្យ​សម្បត្ដិ​ខ្ញុំ​...
- រ័តនា​អែង​មិន​បាច់​ខ្វល់​ទេ​អំពី​រឿង​នោះ​ លោក​ចំរើន​ក៏​ជា​អ្នក​មាន​ដែរ​ គេ​មិន​មែន​ផ្ដេក​ផ្ដួល​ចិត្ដ​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​រ័តនា​អែង​ប៉ុន្មាន​ទេ​ គេដៅ​តំរង់​តែ​រូប​សម្បត្ដិ​រ័តនា​អែង​ប៉ុណ្ណោះទេតើ។
ធ្វើម្ដេច​អោយ​ខ្ញុំ​អាច​ដឹង​បាន​? ចំរើន​ជា​អ្នក​គ្រាន់​បើ​ពិត​មែន​ តែ​ទ្រព្យ​សម្បត្ដិ​របស់​ឳពុក​ម្ដាយ​ចំរើន​ តិច​ជាង​ទ្រព្យ​សម្បត្ដិ​ឳពុក​ម្ដាយ​ខ្ញុំ​ដប់​ដង​ ហ្នឹង​ទីមួយ​ ចំនែក​ទីពីរ​ ខ្ញុំគ្មាន​ស្រ​លាញ់​ចំរើន​សោះ​ ណ៎ាស៊ុនណារី​... តែ​បន្ដិច​ក៏​គ្មាន​ដែរ​... ខ្ញុំ​ដើរ​បាត់​ៗ​ ពី​ផ្ទះ​រាល់​ថ្ងៃ​ ដើម្បី​កុំ​អោយ​តែ​ជួប​មុខ​ចំរើន​ប៉ុណ្ណោះ ព្រោះ​គេ​ឧស្សាហ៍​មក​លេង​ផ្ទះ​ខ្ញុំណាស់។
- បើ​អញ្ចឹង​រ័តនា​អែង​ស្អប់​ចំរើន​ណាស់​ទៅ​រឺ​?
- ទេ! ស្អប់ក៏មិន​ស្អប់! ស្រលាញ់​ក៏​មិន​ស្រលាញ់​...ប៉ុន្ដែ​អីលូវ​នេះ​ ខ្ញុំ​ចាប់​ផ្ដើម​ស្អប់​បន្ដិច​ៗ​ហើយ​...។
- ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ​ បើ​រ័តនា​អែង​មិន​ស្រលាញ់​ នៅ​ពេល​ដែល​គេ​មក​ស្ដី​ដណ្ដឹង​ ម្ដេច​ក៏​រ័តនា​អែង​មិន​... ព្រោះ​តាម​ខ្ញុំ​ស្មាន​ លោក​អ៊ុំ​គាត់​ទុក​សេរី​ភាព​អោយ​រ័តនា​អែង​ទាំង​អស់​ បើ​រ័តនា​អែង​គ្មាន​សេរី​ភាព​ នឹង ​រើស​ប្ដី​ដោយ​ចិត្ដ​អែង​ ក៏​រ័តនា​អាច​ប្រ​កែក​មិន​ព្រម​រៀប​ការ​ជា​មួយ​ប្រុស​ដែល​មិនត្រូវ​ចិត្ដ​ដែរ​...
- មែន​ហើយ​ស៊ុនណារី​ ឳពុក​ម្ដាយ​ខ្ញុំ​គាត់​ទុក​សេរី​ភាព​អោយ​ទាំង​អស់​ ក៏​ប៉ុន្ដែ​មាន​មនោ​សញ្ចេតនា​មួយ​ដែល​មក​គ្រប​សង្កត់​សេរី​ភាព​របស់​ខ្ញុំ​មិន​អោយ​កំរើក​បាន​ គឺ​សេចក្ដី​អា​ណិត​ឳពុក​ម្ដាយ​នេះ​អែង។ គាត់​មាន​ចិត្ដ​វិសេស​ណាស់​ស៊ុន​ណារី​ គាត់​ថ្នម​ចិត្ដ​ខ្ញុំ​មក​ពុំ​អោយ​មាន​ឃ្នើស​ តាំង​​ពី​តូច​មក​ម៉្លេះ​ គាត់​ស្រលាញ់​ខ្ញុំ​ណាស់​! ខ្ញុំ​ក៏​ស្រលាញ់​គាត់ណាស់!! ម៉្លោះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​អោយ​គាត់​សប្បាយ​ចិត្ដ​ ដោយ​ទទួល​យក​ចំរើន​ជា​គូ​សង្សារ​ ព្រោះ​តាម​ខ្ញុំ​ស្មាន​មើល​ទៅ​ គាត់​ស្រលាញ់​ចង់​បាន​ចំរើន​ជា​កូន​ប្រសានោះ​ខ្លាំង​ពេក​ណាស់...។
- លោក​ចំរើន​ជា​បុរស​ស្អាត​ស្ទើរ​ស្លាប់​ ម្ដេច​ក៏​រ័តនា​ អែង​មិន​ស្រលាញ់​? ។
«តាំង​មួយ​ទៀត​ហើយ​! រ័តនា​នឹក​ក្នុង​ចិត្ដ​! នែ៎ស៊ុនណារី​ ពី​ព្រោះ​ខ្ញុំ​យល់​ថា​ ចំរើន​មិន​ល្អ​ហើយ​ បាន​ជា​ខ្ញុំ​មិន​ស្រ​លាញ់​»
- ម្យ៉ាង​ទៀត​ រូប​រ័តនា​អែង​ល្អ​ដូច​ទេព​កញ្ញា​ ចំរើន​មិន​មែន​ស្រលាញ់​ទ្រព្យ​សម្បត្ដិ​រ័តនា​អែង​ទេ... គឺ​ស្រលាញ់​រូប​ឆោម​រ័តនា​អែង​តែ​ម្ដង​... ហ៊ី​! ប្រុស​ណា​មួយ​ដែល​មិន​ស្រលាញ់​រូប​ឆោម​រ័តនា​អែង គឺ​ប្រុស​នោះ​ឆ្គួត​តែ​ម្ដង​! ហា !​ ហា !.ហា.!.
រ័តនា​ពេប​មាត់​ដោយ​សេចក្ដី​គ្នាន់​ក្នាញ់​។
- ស៊ុនណារី​អែង​ច្រ​លំ​ហើយ​ ខ្ញុំដឹង​ថា​មាន​បរុស​ម្នាក់​ដែល​មិន​ស្រ​លាញ់​រូប​ខ្ញុំ​សោះ​ (រ័តនា​មាន​ទឹក​មុខ​ស្រងូត​ដោយ​នឹក​ទៅ​បុរស​ដែល​មិន​ស្រលាញ់​នាង) ។
- រ័តនា​អែង​ធ្លាប់​ស្គាល់​គេ​រឺ? បាន​ជា​ដឹង​ថា​គេ​មិន​ស្រ​លាញ់​?...
- គឺ​បង​ប្អូន​ជី​ដូន​មួយ​របស់​ចំរើន​នេះ​អែង​។ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ត្រឹម​តែ​ឈ្មោះ​ ពុំ​ដឹង​ជា​មុខ​មាត់​គេ​នោះ​យ៉ាង​ដូច​ម្ដេច​ទេ...
- យី! នរ​ណា​អញ្ចេះ​?? ខ្ញុំ់​ដូច​ស្គាល់​បង​ប្អូន​ចំរើន​ខ្លះ​ដែរ​ គេ​ឈ្មោះ​អី​ទៅ?..
- គេហ្នឹង​.. ឈ្មោះ​ «សារ៉ាក់»
- សារ៉ាក់ ! សារ៉ាក់ ! (ស៊ុនណារី​ផ្ទួន​ពាក្យ​) អូ..ឈ្មោះ​សារ៉ាក់​នេះ​ត្រូវ​ជា​បង​ជី​ដូន​មួយ​របស់​ខ្ញុំ​ដែរ​ណ៎ា...អញ្ចឹង​ហើយ​ បង​សារ៉ាក់​ ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​ចំរើន​ហ្នឹង​ ខ្ញុំ​ទើប​តែ​នឹក​ឃើញ​..
- ឱ! ស៊ុនណារី​អែង​នេះ​ជា​ប្អូន​ជីដូន​មួយ​របស់​សារ៉ាក់​? យី! ខ្ញុំ​គ្មាន​ដឹង​សោះ​តែ​ម្ដង​។ បើ​អញ្ចឹង​ស៊ុនណារី​អែង​មិន​ជាប់​សាច់​ញាតិ នឹង ​លោក​ចំរើន​ដែរ​?
- ទេ! ខ្ញុំ និង លោក​ចំរើន​គ្មាន​ជាប់​សាច់​ឈាម​គ្នា​មួយ​ដំណក់​ទេ​ ព្រោះ​ខ្ញុំ​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​បង​សារ៉ាក់​ខាង​ម្ដាយ​ ចំនែក​ចំរើន​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​សារ៉ាក់​ខាង​ឳពុក​។ គ្រួសារ​ខ្ញុំ និង គ្រួសារ​បង​សារ៉ាក់​នៅ​រាប់​អាន​គ្នា​ខ្លាំង​ណាស់​...
- សារ៉ាក់​នេះ​ជា​អ្នក​ក្រី​ក្រ​លំបាក​ពិត​មែន​ឬ?...
ហ្នឹង​ហើយ​! បង​សារ៉ាក់​ជា​កូន​អ្នក​ក្រ​ខ្សត់​ខ្សោយ​ធន​ធាន​តាំង​ពី​ដើម​មក...

រ័តនា​ នឹក​ក្នុង​ចិត្ដ «សារ៉ាក់​ជា​អ្នក​ក្រ​តែ​មិន​ស្រ​លាញ់​រូប​អញ​ដែល​ជា​អ្នក​មាន​ បើ​ដូច​សារ៉ាក់​ហ្នឹង​ទើប​សម​នឹង​ចិត្ដ​អញ​! នេះ​បាន​ជា​គេ​មិន​រវល់​ នឹង​ទ្រព្យ​សម្បត្ដិ​អញ​មែន។ ប៉ុន្ដែ​គួរ​អោយ​ចង់​សើច​ណាស់... ដល់​ពេល​អែង​ដឹង​ច្បាស់​ថា​ គេ​មិន​ស្រ​លាញ់​ទ្រព្យ​សម្បត្ដិ​អញ​ហើយ​,,, អែង​ក៏​ដឹង​ច្បាស់​ជា​បន្ទាន់​គ្នា​ថា​ គេ​មិន​បេតី​រូប​អែង​ដែរ​... ហើយ​បើ​សិន​ជា​ផ្ទុយ​ទៅ​វិញ​អញ​ដឹង​ថា​ សា​រ៉ាក់​មាន​ចិត្ដ​ប្រតិ​ព័ទ្ធ​លើ​រូប​អញ​នោះ​អញ​លែង​ទុក​ចិត្ដ​គេ​អស់​រលីង​,, ហើយ​បែរ​ជាចោទ​ថា​ គេ​ស្រ​លាញ់​ទ្រព្យ​សម្បត្ដិ​ជា​ជាង​ស្រលាញ់​រូប​អញ​... ឱ! ព្រេង​វាសនា​ ព្រេង​វាសនា​!... ការ​ចំអក​នៃ​ព្រេង​វាសនា​»

- រ័តនា​អែង​ប្រាប់​ខ្ញុំ​បន្ដិច​មើល​!... តើ​បង​សារ៉ាក់​ធ្លាប់​ស្គាល់​រ័តនា​ដែរ​រឺ? រ័តនា​អែង​បាន​និយាយ​នេះ​ត្រូវ​ពិត​ប្រាកដ​តែ​ម្ដង​អំពី​ចិត្ដ​បង​សារ៉ាក់ គឺ​ជាបុរស​គ្មាន​ស្នេហា​... ប្រុស​បេះ​ដូង​ដែក​... ប្រុស​ដែល​ពុំ​អាច​ប្រតិ​ព័ទ្ធ​នារី​ណាម្នាក់​ជា​ដាច់​ខាត​។
បេះ​ដូង​កញ្ញា​រ័តនា​ ត្រូវ​របួស​ ហើយ​កញ្ជ្រោល​ឡើង​ហាក់​ដូច​ជា​អស្ស​ពាហ៍​។ គឺ​បេះ​ដូង​មួម៉ៅ​ក្ដៅ​ក្រ​ហាយ​ដោយ​ពុំ​បាន​បង្ក្រាប​បេះ​ដូង​មួយ​ទៀត​ ដែល​ជា​បេះ​ដូង​ដែក​...។ រ័តនា​មាន​អារម្មណ៍​មួ​ហ្មង​ជា​សំងាត់​ដោយ​មិន​ដឹង​ខ្លួន​... មួហ្មង​នឹង​កំលោះ​សារ៉ាក់​... «ហ៊ី!. លោក​អើយ​ប្រុស​ដូច្នេះ​ហើយ​ដែល​ខ្ញុំ​ស្រលាញ់​... ដែល​ខ្ញុំ​ចង់​ជំនះ​... ចង់​បាន​ជា​ស្វាមី​»។
រឿង​នេះ​រឿង​កំសត់​របស់​ខ្ញុំ​ តាម​ពិត​សារ៉ាក់​មិន​ដែល​ឃើញ​រូប​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ឃើញ​មុខ​សារ៉ាក់​ដែរ​? ប៉ុន្ដែ​កុំ​អាល​និយាយ​រឿង​ហ្នឹង​... ស៊ុនណារី​អែង​និយាយ​ប្រាប់​ខ្ញុំ​បន្ដិច​មើល​អំពី​សារ៉ាក់... ខ្ញុំ​ចង់​ដឹង​ណាស់​នូវ​ចរិយា​នៃ​មនុស្ស​ម្នាក់​នេះ...?
ស៊ុនណារី​ក៏​ចាប់​អធិប្បាយ​ត្រួស​ៗ​អំពី​រឿង​សារ៉ាក់។

បង​សារ៉ាក់​មាន​អាយុ​ប្រ​ហែល​ម្ភៃ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​! គាត់​ជាមនុស្ស​ធ្លាប់​វេទ​នា​តាំង​ពី​ដើម​មក​។ គ្រួសារ​គាត់​ក្រ​លំបាក​ខ្លាំង​ណាស់​ ម៉្លោះ​ហើយ​គាត់​ជា​តួ​កំសត់​ពេញ​លក្ខណៈ​ សារ៉ាក់​ជា​មនុស្ស​គិត​ច្រើន​ហួស​ប្រ​មាណ​។ អី​លូវ​នេះ​គាត់វេទនា​អី​ទៀត​? ជាប់​បាក់​ពីរ​ជាន់​ទៅ​ហើយ​ ប៉ុន្ដែ​គាត់​នៅ​តែ​កើត​ទុក្ខ​ដដែល​។ សំរេច​សំរួល​ទៅ​បង​សារ៉ាក់​ជាមនុស្ស​ខ្ពើម​ជីវិត​... ខ្ពើម​ការ​រស់នៅ​។ រ័តនា​អែង​ដឹង​ទេ​ថ្ងៃ​មុន​គាត់​ប្រាប់​ខ្ញុំថា «ជីវិត​គាត់​គ្មាន​ន័យ​ទេ​» គាត់ថា​ «បំណង​ដ៏​ស្ដួច​ស្ដើង​របស់​គាត់​ គឺ​ការ​រក​ស៊ី​ចិញ្ចឹម​បង​ប្អូន​ប៉ុណ្ណោះ​ ក្រៅ​ពី​នោះ​គាត់​ដេក​រង់ចាំ​តែ​ពេល​ស្លាប់​...» ហ៊ី! គាត់​និយាយ​នេះ​គួរ​អោយ​ព្រឺ​ខ្លាច​.. គាត់​ជាមនុស្ស​កើត​ទុក្ខ​ហួស​និស្ស័យ​។ មិត្ដ​គាត់​ទាំង​អស់​ដាក់​ងារ​គាត់​ថា ៖ «បញ្ញវ័ន្ដ​ដ៏ក្រ​ខ្វក់»។ ស្រី​ណា​ក៏​ដោយ​ ដែល​បាន​ខ្លួន​គាត់​ធ្វើ​ប្ដី​ប្រាកដ​ជា​គ្មាន​សុភមង្គល​អ្វី​ប៉ុន្មាន​ទេ​...មើល​ទៅ​។

រ័តនា​ នឹក​ភ្នក​ទៅ​ដល់​ប្រយោគ​ចុង​ក្រោយ​របស់​ស៊ុន​ណារី​... «ឱ! បើ​ដូច្នេះ​ស៊ុន​ណារី​អែង​នឹក​ស្មាន​ថា​សុភមង្គល​ស្រី​ ឋិត​នៅ​លើ​តែ​ការ​ចាំ​ទទួល​សេចក្ដី​សប្បាយ​អំពី​ប្ដី​ប៉ុណ្ណោះ​ទេ​រឺ? ស៊ុន​ណារី​អែង​សម្លឹង​ទៅ​ឃើញ​ថា​គ្រាន់​តែ​ប្ដី​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ការ​កើត​ទុក្ខ​ ទៅក្នុង​ក្ដី​អស់​សង្ឃឹម​ ប្រពន្ធ​អស់​មាន​សុភមង្គល​ទៅ​តាម​នោះ​ដែរ​ ព្រោះ​ប្ដី​ពុំ​មាន​គិត​គូរ​ នឹង ​ផ្ដល់​ការ​រីក​រាយ​អោយ​ខ្លួន​នោះ? យោ​បល់​មិន​គ្រប់​គ្រាន់​សោះ​។ ពិត​ប្រា​កដ​ហើយ​ សោភ័ណ​នៃ​ជីវិត​ស្ដ្រី​ គឺ​ឋិត​នៅ​លើ​ការ​សប្បាយ​ដែល​ប្ដី​ប្រ​គល់​អោយ​មក​ច្រើន​អន្លើ​... ប៉ុន្ដែ​សោ​ភ័ណ​ដ៏​ធំ​ធេង​សុភមង្គល​ដ៏​ក្រ​អូប​ជាង​គេ​ មិន​គឺ​ឋិត​នៅ​លើ​ការ​ស្រ​លាញ់ប្ដី​ទេ​រឺ​? ការ​ស្រលាញ់​ប្ដី​អាច​លុប​ចោល​នូវ​ក្ដី​សៅ​ហ្មង​ទាំង​ឡាយ...ស្រលាញ់​ប្ដី​មិន​មិន​មែន​ត្រឹម​តែ​ជា​ករណី​កិច្ច​ប៉ុណ្ណោះ​ទេ.. ស្រលាញ់​គឺ​សោ​ភ័ណ​ថែម​ទៀត​... ស្រលាញ់​ប្ដី​! ថ្នាក់​ថ្នម​ប្ដី​... បេះ​ដូង​យើង​ទន់​រលាយ​ចូល​គ្នា​ដ៏​សែន​សុខ​ កាល​ណា​លឺ​សូរ​សំលេង​ប្ដី​... បបូរ​មាត់​ដែល​ច្រៀង​ត្អូញ​ត្អែ​ តែ​សេចក្ដី​ស្នហា​ប្ដី នេះ​ហើយ​ជា​សុភមង្គល​ស្ដ្រី​ដ៏​ ពិតប្រាកដ​ គួរ​ចាត់ទុក​ជា​ស្រី​មាន​សំណាង​វិញ​ទេ​តើ!។

ឱ! ខ្ញុំ​មាន​សេចក្ដី​សប្បាយ​នឹង​លួង​លោម​បុរស​កំសត់​របៀប​នេះ​ណាស់​។ នារី​អែ​ទៀត​មាន​ការ​សប្បាយ​ចិត្ដ​ក្នុង​ការ​ទទួល​.. ។ ចំនែក​នារី​ខ្ញុំ​នេះ​ គឺ​មាន​ការ​សប្បាយ​ចិត្ដ​ក្នុង​ការ​ធ្វើ​អោយ​គេ​សប្បាយ​ចិត្ដ!!,

ចំរើន​ជា​សង្សារ​ខ្ញុំ​មែន​ តែ​ចំរើន​គ្មាន​ត្រូវ​ការ​អ្វី​ពី​រូប​ខ្ញុំ​ប៉ុន្មាន​ទេ។ ចំរើន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ស្ដុក​ស្ដម្ភ​ដែរ​។ ឳពុក​គេ​ជា​អ្នក​រាជការ​ធំ​ណាស់​។ តើ​គេ​ត្រូវ​ការ​អ្វី​ពី​ខ្ញុំ​ទៀត​? បើ​ទ្រព្យ​សម្បត្ដិ​ និង កិត្ដិ​យស​គេ​មាន​គ្រប់​គ្រាន់​ហើយ​ តើ​គេ​ត្រូវ​ការ​សេចក្ដី​អាណិត​ពី​ខ្ញុំ​រឺ?..

ទេ! ទេ! គេទៅ​ជាមនុស្ស​សប្បាយ​ហ៊ី​ហា​គ្រប់​ពេល​វេលា​ តើ​គេ​យក​សេច​ក្ដី​អា​ណិត​របស់​ខ្ញុំ​ទៅ​ធ្វើ​អ្វី​? ចំនែក​សេចក្ដី​ស្នេហា​វិញ​! សេចក្ដី​ស្នេហា​ដ៏​បរិ​សុទ្ធ​ផុស​ចេញ​ពី​បេះ​ដូង​ ខ្ញុំ​ផ្ដល់​អោយ​គេ​ពុំ​បាន​ទេ? ព្រោះ​អារម្មណ៍​របស់​ខ្ញុំ​គ្មាន​លំ​អៀង​ទៅ​រក​រូប​គេ​បន្ដិច​សោះ​។ ខ្ញុំ​ពុំ​អាច​បង្ខំ​បេះ​ដូង​ខ្ញុំ​បាន​ឡើយ​ណ៎ា​ស៊ុនណា​រី​។ បើ​សិន​ជា​ចំរើន​នេះ​ជា​រូប​សារ៉ាក់​វិញ​ .. ខ្ញុំ​ប្រា​កដ​ជា​មាន​សុភ​មង្គល​ធំលើស​​លប់​ក្នុង​ជីវិត​... ខ្ញុំ​មាន​វត្ថុ​ច្រើន​ណាស់​ផ្ដល់​អោយ​គេ​! បើ​គេ​មិន​សប្បាយ​ចិត្ដ​ នឹង​ ទទួល​ទ្រព្យ​សម្បត្ដិ​ខ្ញុំ​ក៏​ហី​ទៅ​ចុះ​... ប៉ុន្ដែ​គេ​ប្រាកដ​ជា​សប្បាយ​ចិត្ដ នឹង​ទទួល​ការ​ថ្នម​លួង​លោម​របស់​ខ្ញុំ​មិន​ខាន​... ឱ ! ស៊ុនណារី​ ខ្ញុំ​ចង់​ធ្វើ​អោយ​ដួង​ព្រលឹង​គេ​ជ្រះ​ស្អាត​អំពី​ការ​សៅ​ហ្មង​... អោយ​ជ្រះ​ស្អាត ពី សំណាមខ្មៅ​ក្រ​ខ្វក់...សំណាម​នៃការ​អស់​សង្ឃឹម​..»។

កញ្ញា​រតនា​ ស្រមៃ​ទៅ​ឃើញ​ទេស​ភាព​មួយ​ល្អ​ជា​ពន្លឹក​នៅ​លើ​កំពូល​ភ្នំបូក​គោ​។ ព្រឹក្សា​លតា​វល្លិ​ពណ៌​បៃ​តង​ខ្ចី​ និង ចាស់​ដុះត្រសង​ប្រជ្រៀត​គ្នា​ស្អេក​ស្កះ​ តាំង​ពី​លើ​កំពូល​ភ្នំ​រហូត​ដល់​ជើង​ភ្នំ... នាង​បៀង​មើល​ទៅ​ឃើញ​ជ្រោះ​ជ្រៅ​លន្លង់​លន្លោច​ ដែល​ជា​ចន្លោះ​ពី​កំពូល​ភ្នំ​មួយ​។ ផ្សែង​ពពក​សស្កុង​រសាត់មក​មួយ​ដុំ​... ត្រ​ជាក់​ស្រួល​ក្រៃ​ពេក​។ អ្នក​កំលោះ​ម្នាក់​ដែល​នាង​កញ្ញា​ស្រ​លាញ់​អង្គុយ​សណ្ដូក​ជើង​លើ​ស្មៅ​ចិញ្ចៀន​... សើម​ជោគ​ទៅ​ដោយ​គ្រាប់​ត្បូង​កណ្ដៀង​ភ្លឺ​ផ្លេកៗ... ដៃ​អ្នក​ច្រត់​ទៅ​ក្រោយ​...នាង​កញ្ញា​សម្លឹង​ភ័ក្ដ្រ​គេ​យូរ​ទៅ កាន់​តែ​ស្រលាញ់​គេ​ទ្វេឡើង​។ មុខ​អ្នក​កំលោះ​ស្រ​ងូត​ស្រងាត់​ដោយ​ការ​ព្រួយ​ចិត្ដ​ផ្សេង​ៗ។ កញ្ញា​រ័ត​នា​ដើរ​លប​ទៅ​ពី​ក្រោយ​គេ​ នាង​លុត​ជង្គង់​ហើយ​ដៃ​នាង​ដ៏​ស្រ​លូន​ទាំង​គូ​ស្រ​វា​ឱប​ចង្កេះ​គេ
... នាង​ក្រសោប​អង្គ​កាយ​អ្នក​កំលោះ​យ៉ាង​ខ្លាំង​ ដើម្បី​ធ្វើ​អោយ​គេ​ដឹង​ថា ដួង​ព្រលឹង​របស់​នាង​មិន​បោះ​បង់​ចោល​ដួង​ព្រ​លឹង​របស់​គេ​ឡើយ​... នាង​ថើប​បំពង់​ក​ប្រុស​សំលាញ់​ថ្នម​ៗ ហើយ​ទាញ​សក់​ក្បាល​មក​ក្រោយ​ទើប​ថើប​គេ​ញក់​ញី​ អ្នក​កំលោះ​ងាក​មក​ញញឹម​រក​នាង​ភ្លេច​អស់​ការ​សៅ​ហ្មង
​... ឱ! នាង​កញ្ញា​សែន​សប្បាយ​! សប្បាយ​ និង ឃើញ​ទឹក​មុខ​ស្រស់​ញញឹម​របស់​ប្រុស​សំលាញ់​នាង... គេ​សើច​មក​រកនាង​ធ្មេញ​ស​ស្គុស​ដូច​ភ្លុក... គេលើក​នាង​បី​ក្រកង... គេ​បង្អោន​នាសា​ថើម​ភក្រ្ដា​នាង​...
បន្ដិច​ក្រោយ​មក​រ័តនា​និយាយ​ឡើង​ថា៖

-ប្រ​ហែល​ជា​សារ៉ាក់​ស្រលាញ់​ស្រី​ណា​ម្នាក់​ហើយ​ ហើយ​នារី​នោះ​គេ​មិន​ស្រលាញ់​តប​មក​វិញ​ទេ​ដឹង​ បាន​ជា​កើត​ទុក្ខ​ដូច្នេះ?...
- ប្រហែល​ជា​អញ្ចឹង​ដែរ​... តែ​ដូច​ជា​មិន​សូវ​សម​ព្រោះ​បង​សារ៉ាក់​គាត់​និយាយ​ជា​រឿយ​ៗថា​ គាត់សប្បាយ​ពុំ​រួច​ទេ... ជីវិត​គាត់​អិត​ខ្លឹម​សារ​។ នែ៎! រ័តនា​... ដល់​វេន​និយាយ​រឿង​ប្រាប់​ខ្ញុំ​ម្ដង​វិញ​ហើយ​រឺ?
- កុំ​អាលសិន​! ចាំ​ខ្ញុំ​សួរ​អោយ​អស់​ចិត្ដ​សិន​ស៊ុនណារី​!.. សារ៉ាក់​ជា​អ្នក​ក្រ​លំបាក​... ម្ដេច​បាន​ជា​គេ​ខ្ពើម​កូន​ក្រមុំ​អ្នក​មាន​ម៉្លេះ​?...! ព្រោះ​តាម​ខ្ញុំ​ស្មាន​សារ៉ាក់​ដែល​មិន​ស្រលាញ់​រូប​ខ្ញុំ​... គឺ​មិន​មែន​ខ្ពើម​រូប​ខ្ញុំ​ទេ... គឺ​គេ​ស្អប់​ខ្ញុំ​ក្នុង​នាម​ជា​កូន​ក្រមុំ​អ្នក​មាន​តែ​ម្ដង​... ព្រោះ​គេ​មិន​ដែល​ឃើញ​រូប​ខ្ញុំ​ផង... មិន​អញ្ចឹង​រឺ ស៊ុនណា​រី​? ខ្ញុំ​មាន​សេចក្ដ​ងឿង​ឆ្ងល់​ណាស់​ស៊ុនណារី​ ខ្ញុំ​បាន​ឃើញ​កូន​កំលោះ​អ្នក​ក្រ​ជា​ច្រើន​ ដែល​ខំ​ស្វែង​រក​ដណ្ដឹង​កូន​អ្នក​មាន​ធ្វើ​ប្រ​ពន្ធ​... អ្នក​ខ្លះ​ដែល​បាន​ធ្វើ​កូន​ប្រសា​អ្នក​មាន​សប្បាយ​ស្ទើរ​អណ្ដែត​ខ្លួន​ ចុះ​សារ៉ាក់​ម្ដេច​ក៏​ស្អប់​កូន​ក្រមុំ​អ្នក​មាន​ម៉្លេះ​?... បើ​ប្រសិន​ជា​គេ​បាន​ធ្វើ​កូន​ប្រសា​អ្នក​មាន​គេ​មិន​អាច​ជួយ​ស្ទួយ​គ្រួសារ​គេ​បាន​ថ្កុំ​ថ្កើង​រុង​រឿង​ទេ​រឺ?
- ហ៊ី!​ បង​សារ៉ាក់​មិន​មែន​ស្អប់​កូន​ក្រមុំ​អ្នក​មាន​ទេ... គាត់ស្អប់​អ្នក​មាន​ទូ​ទៅ...
- បើ​អញ្ចឹង​សារ៉ាក់​ហ្នឹង​មិន​មែន​ ជា​សុភាព​បុរស​ចិត្ដ​ល្អ​ស្លូត​ត្រង់ទេ​! ស្អប់​អ្នក​មាន​ទូ​ទៅ​ ព្រោះ​ខ្លួន​ក្រ នេះ​បាន​សេចក្ដី​ថា​ខ្លួន​ច្រ​ណែន​គេ​ មាន​អិច្ឆា​ឈ្នានិស​ទៅ​លើ​រូប​គេ​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ មក​ដោយ​សារ​ការ​ខំ​រក​ស៊ី​ហូរហៀរ​ញើស​។
- ខ្ញុំ​មិនដឹង​ដែរ​រ័តនា​ ។ ប៉ុន្ដែ​តាម​ខ្ញុំ​ស្មាន​ គឺ​បង​សារ៉ាក់​ស្អប់​ខ្ពើម​អ្នក​មាន​ទូទៅ​មិន​មែន​មក​ពី​សេចក្ដី​ច្រណែន​ទេ​... គឺ​មក​ពី​សេចក្ដី​ឈឺ​ចាប់​ ដោយ​ត្រូវ​ទទួល​ការ​ជិះ​ជាន់​ ការ​មើល​ងាយ​របស់​អ្នក​មាន​ខ្លះ ដូច​តួយ៉ាង​ចំរើន​ជា​ដើម​... រ័តនា​អែង​មិន​ដឹង​ទេ​រឺ​? ចំរើន​ជា​មនុស្ស​មើល​ងាយ​មើល​ថោក​គេ​សំបើម​ណាស់​!... បើ​សិន​ជា​អ្នក​មាន​ទាំង​អស់​មាន​ចិត្ដ​ល្អ​បរិសុទ្ធ​ដូច​រ័តនា​អែង​ មាន​នរ​ណា​គេ​ថា​អី?... ម្យ៉ាង​ទៀត​អំពី​រឿង​សារ៉ាក់នេះ​! ហ៊ី! ពិ​បាក​និយាយ​ណាស់​... គាត់​ជា​មនុស្ស​មាន​អា​រម្មណ៍​ច្រើន​ជំពូក​ពេក​.. គាត់​បាន​និយាយ​ប្រាប់​ម្ដាយ​គាត់​ថា៖ គាត់​មិន​យក​កូន​ក្រមុំ​អ្នក​មាន​ធ្វើ​ប្រពន្ធ​ជា​ដាច់​ខាត​... គាត់​ថាមិន​លក់​ខ្លួន​មិន​លក់​ចំណេះ​អ្នក​មាន​ទេ... គាត់​អាច​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​បាន​ដោយ​សម​រម្យ​ហើយ​ប៉ុណ្ណេះ​! ... នែ៎! រ័តនា​ អាល័យ​តែ​គិត​ទៅ​ណា​ហ្នឹង​?... ម៉េច​ល្មម​និយាយ​ប្រាប់​ខ្ញុំ​ម្ដង​ហើយ​រឺ​? ម្ដេច​បាន​ជា​រ័តនា​អែង​ដឹង​ថា​បង​សារ៉ាក់​មិន​ស្រលាញ់​រ័តនា​អែង​នោះ​? បើ​បង​សារ៉ាក់​ហើយ និង រ័តនា​អែង​មិន​ដែល​ស្គាល់​គ្នា​ផង​សោះ!
- រឿង​ហ្នឹង​វាអញ្ចេះ​! ជី​ទួត​សារ៉ាក់​ខាង​ឳពុក​នោះ​ស្ដាប់​អោយ​យល់​ហ្ន៎ា​ ស៊ុនណារី​ ព្រោះ​រឿង​នេះវា​រញ៉ឹមរញ៉ាំបន្ដិច​។ ជីទួត​សារ៉ាក់​ខាង​ឳពុកហ្នឹង ធាប់​បាន​ធ្វើ​គុណ​ដល់​គ្រួសារ​ខ្ញុំ​កាល​ពី​ដើម​។ យូរ​យារ​ណាស់​មក​ហើយ​! ម៉្លោះ​ហើយ​ឳពុក​ខ្ញុំ​ស្រលាញ់​ពូជ​ហ្នឹង​ណាស់​ គាត់​ចង់​ភ្ជាប់​ខ្ញុំ​ទៅ​ក្នុង​ពូជ​នោះ​... ច្បាស់​រឺ​ទេ​ប៉ុណ្នឹង​?...។ ឳពុក​ខ្ញុំ​ហើយ​និង​ជីតា​សារ៉ាក់​ សព្វ​ថ្ងៃ​នេះ​រាប់​អាន​គ្នា​ណាស់.. ចំនែក​ឳពុក​ម្ដាយ​ចំរើន​ទៀត​សោត​ក៏​ឧស្សាហ៍​មក​លេង​ផ្ទះ​ខ្ញុំ​ជា​ញឹក​ញាយ​ដែរ​... ទេ​តែ​គ្រួសារ​សារ៉ាក់​មួយ​ប៉ុណ្ណោះ។

ឱ! ប្រហែល​ជា​គេ​ក្រ​គេ​មិន​ហ៊ាន​មក​លេង​ទេ​ដឹង​។ កាល​ពី​ឆ្នាំ​ទៅ​ ជីតា​សារ៉ាក់​ធ្លាប់​និយាយ​អួត​សរសើរ​អំពី​ចរិយា​របស់​សារ៉ាក់​ជា​រឿយ​ៗ​ គាត់​ថា​ជា​ក្មេង​ថ្លៃ​ថ្នូរ​ ចេះ​ដឹង​ការ​ខុស​ត្រូវ​ច្រើន​ គួរ​ទុក​ចិត្ដ​ រួច​គាត់​សួរ​ឳ​ពុក​ខ្ញុំ​ថា៖​ «រ័តនា​អាយុ​ប៉ុន្មាន​ហើយ​? ​ អីលូវ​នេះ​ពេញ​រូប​រាង​ស្អាត​បាត​តែ​ម្ដង​»​។ ចំនែក​ឳពុក​ខ្ញុំ​វិញ​ចេះ​តែ​ដេញ​ដោល​សួរ​គាត់​ញយ​ៗ​ថា៖​ «សារ៉ាក់​រៀន​ពូ​កែ​រឺ​ទេ?​ សារ៉ាក់​រៀន​ដល់​ណា​ហើយ​» ជីតា​សារ៉ាក់​ក៏​ចេះ​តែ​អួត​ថា៖ «គេ​ហ្នឹង​រៀន​ពូកែ​ណាស់​...​ ខំ​ត​ស៊ូណាស់​ ទុក​ណា​ជា​គ្រួ​សារ​ក្រ​លំបាក​យ៉ាង​ណាក៏​ដោយ​...» រួច​គាត់​ចេះ​តែ​ចំអន់​ខ្ញុំ​លេង​! «រ័តនា​អី​លូវ​ស្អាត​មែន​ទែនតែម្ដង...ស្អាត​រក​គ្មាន​ក្នុង​ដែន​ខ្មែរ​»។ ឃើញ​ទេ! តែ​ពេល​ណា​គាត់​ចំអន់​លេង​នឹង​រូប​ខ្ញុំ​ គាត់​និយាយ​សរ​សើរ​ពី​គុណ​សម្បត្ដិ​របស់​សារ៉ាក់​ផង​ដែរ​។ ចំនែក​លោក​ប៉ា​ និង លោក​ម៉ាក់​វិញ​ ឧស្សាហ៍​និយាយ​សរ​សើរ​ពី​គុណសម្បត្ដិ​របស់សារ៉ាក់​ នៅ​ចំពោះ​មុខ​ខ្ញុំ​ណាស់​ទៀត​។ តែ​ប៉ុណ្ណោះ​ទៅ​ខ្ញុំ​ដឹង​តម្រួយ​ស្រេច​ទៅ​ហើយ​។ ជីតា​សារ៉ាក់​ចង់​បាន​ខ្លួន​ខ្ញុំ​ជា​ចៅ​ប្រសា​ ប៉ុន្ដែ​គាត់​មិន​ហ៊ាន​និយាយ​ទេ​ ព្រោះ​គាត់​មិន​ទាន់​ដឹង​ចិត្ដ​សារ៉ាក់​នោះ​យ៉ាង​ដូចម្ដេច។

ចំនែក​លោក​ប៉ា​លោក​ម៉ាក់​វិញ ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​ចង់​លើក​ខ្លួន​ខ្ញុំ​ទៅ​អោយ​សារ៉ាក់​ដែរ​ ព្រោះ​ពេល​ណា​គាត់​និយាយ​អួត​សរ​សើរ​ពី​ចរិយា​សម្បត្ដិ​សារ៉ាក់​ គាត់​តែង​សំលឹង​មើល​មុខ​ខ្ញុំ​ដោយ​ក្រ​សែ​ភ្នែក​ស្រ​ទន់​... ខ្មៅ​ស្រ​ងាត់​។ ខ្ញុំ​និយាយ​ប្រាប់​អោយ​ត្រង់​ទៅ​ចុះ​... ចំពោះ​ស៊ុនណារី​ អែងមួយ ខ្ញុំ​គ្មាន​សេចក្ដី​អៀន​ខ្មាស នឹង​និយាយ​ទេ​... ខ្ញុំ​ស្រលាញ់​គេ​បន្ដិច​បន្ដួច​ដែរ​ណ៎ា​... ទុក​ជា​ខ្ញុំ​មិន​ដែល​ឃើញ​រូប​រាង​គេ​នោះ​ម្ដង​សោះ​ក៏​ដោយ​... ហើយ​ខ្ញុំ​ចេះ​តែ​ស្រ​មៃ​យ៉ាង​ភ្លើត​ភ្លើន​ឃើញ​រូប​គេ... ឃើញ​ភ័ក្ដ្រ​គេ​អញ្ចេះ... ឃើញ​រាង​រៅ​គេ​អញ្ចុះ​... ខ្ញុំ​នឹក​ឆ្ងល់​នឹង​ខ្លួន​​អែង​ណាស់​ ម្ដេច​បាន​ជា​អារម្មណ៍​ខ្ញុំ​ចេះ​តែ​រវើ​រវាយ​ទៅ​រក​រូប​គេ​ម៉្លេះ... រូប​គេ​ដែល​ខ្ញុំ​មិន​ដែល​ឃើញ​ម្ដង​ផង... ហ្នឹង​ហើយ​អារម្មណ៍​ស្នេហា​នោះ?​ ខ្ញុំ​ដូច​ជា​មិន​សូវ​យល់​ មិន​សូច​ដឹង​ ជា​ស្នេហា​អី​របៀប​យ៉ាង​ហ្នឹង​ទេ​ នេះ​គឺ​ជាស្នេហា​សំលេង​! ស្នេហា​ស្រមោល​! ស្នេហា​ខ្យល់​!... អារម្មណ៍​ខ្ញុំ​មាន​ការ​ទាក់​ទង​ នឹង​ ស្រមោល​សារ៉ាក់​រាល់​ពេល​រាត្រី​... តាំង​តែ​ពី​លោក​ប៉ា​ខ្ញុំ​និយាយ​អួត​សរ​សើរ​អំពី​គុណ​សម្បត្ដិ​នៃ​បុរស​នេះ​មក​ ខ្ញុំ​ចេះ​តែ​មាន​ការ​ព្រឺ​ព្រួច​ជា​និច្ច​រក​ថា​មិន​ត្រូវ​។ ឱ!. កាល​នោះ​ប្រ​ហែល​ជា​បេះ​ដូង​ខ្ញុំ​នៅ​ក្រមុំ​... នៅ​បរិសុទ្ធ​នៅ​ឡើយ​ ស៊ុនណារី​អែង​នឹក​ស្មាន​ថា​ ខ្ញុំ​នេះ​ជា​នារី​សម័យ​ ជា​នារី​ស៊ី​វិល័យ​អស្ចារ្យ​ហើយ​មែន​ទេ​? តាម​ពិត​មិន​មែន​ដូច្នេះ​ទាំង​អស់​ទេ​...ខ្ញុំ​នៅ​ជាប់​សំណាញ់​ប្រ​ពៃ​ណី​ និង ​ទំនៀម​ទំលាប់​នៅ​ឡើយ​... ថ្ងៃ​មុន​ខ្ញុំ​បាន​ស្ដាប់​រឿង​ល្ខោន​ចៅ​ស្រ​ទប​ចេក​តាម​វិទ្យុ​ ខ្ញុំ​យក​រឿង​នោះ​មក​ប្រៀប​ប្រ​ដូច​នឹង​រឿង​ខ្ញុំ​ឃើញ​ថា​ប្រហែល​គ្នា​អី​ម៉្លេះ​ទេ​ ខ្ញុំ​នឹក​ស្រណោះ​ខ្លួន​លុះ​ដល់​ស្រក់​ទឹក​ភ្នែក​ ស៊ុនណារី​អែង​មើល!. កូន​ក្រមុំ​មហា​សេដ្ឋី​ស្រលាញ់​ចៅ​ស្រទប​ចេក​អស់​ពី​ដួង​ចិត្ដ​ គ្រាន់​តែ​ដឹង​ថា គេ​ជា​គូសង្សារ​ខ្លួន​ប៉ុណ្ណោះ​ ដែល​ឳពុក​ម្ដាយ​បាន​រៀប​ចំ​ទុក​ដាក់​អោយ​តាំង​ពី​មុន​មក​... លុះ​ដល់​នាង​ឃើញ​លោក​មហា​សេដ្ឋី​ឳពុក​នាង​ ប្រែ​ចិត្ដ​ធ្វើ​បាប​ចៅ​ស្រទប​ចេក​វិញ​ នាង​និយាយ​ប្រាប់​ឳពុក​នាង​ថា ចៅ​ស្រទប​ចេក​ជា​ប្ដី​របស់​នាង!​។ ស៊ុនណារី​អែង​ឃើញ​ទេ? ចិត្ដ​កូន​ក្រមុំ​មហា​សេដ្ឋី​ដែល​នៅ​ស្អាត​បរិសុទ្ធ​ គ្រាន់​តែ​ដឹង​ថា​គេ​ជា​គូ​សង្សារ​ខ្លួន​ ក៏​ទោរ​ទន់​ទៅ​រក​សង្សារ​នេះ​ភ្លាម​ ចំនែក​ចិត្ដ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ​។ ស៊ុនណារី​! នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា​ជីតា​សារ៉ាក់​ចង់ដណ្ដឹង​ខ្ញុំអោយ​សារ៉ាក់​ ហើយ​ដឹង​ថា​លោក​ឳពុក​ខ្ញុំ​ចង់​លើក​ខ្ញុំ​ទៅ​អោយ​គេ​ដែរ​នោះ​ ខ្ញុំ​ស្រ​មៃ​ឃើញ​គេ​ ជា​គូ​សង្សារ​ខ្ញុំ​ទៅ​ហើយ​... ខ្ញុំ​សំលឹង​ទៅ​ឃើញ​សារ៉ាក់​ហ្នឹង​ហើយ​ជា​ប្ដី​របស់​ខ្ញុំ​! នេះ​បើ​សិន​ជា​ស្រី​ស៊ី​វិល័យ​ហួស​ខ្នាត​នោះ​ ខ្ញុំ​គ្មាន​ពេញ​ចិត្ដ​នឹង​គេ​មក​ដណ្ដឹង​... ខ្ញុំ​គ្មាន​ពេញ​ចិត្ដ​នឹង​ ឳពុក​ម្ដាយ​ទុក​ដាក់​ខ្លួន​ខ្ញុំ​អោយ​ទៅ​គេ​នោះ​ទេ​ ប៉ុន្ដែ​នេះ​គឺ​ចិត្ដ​ខ្ញុំ​នៅ​ក្រោម​ឱវាទ​ក្រោម​អំណាច​ប្រ​ពៃណី​នៅ​ឡើយ។ ឈ្មោះ​សារ៉ាក់​នេះ​ហើយ​ជា​ឈ្មោះ​បុរស​ដំបូង​បំផុត​ ដែល​ធ្វើ​អោយ​បេះ​ដូង​ខ្ញុំ​ជ្រួល​ច្របល់​ ដែល​ធ្វើ​អោយ​ខ្ញុំ​នឹក​ភ្នក​ថា​ បុរស​ហ្នឹង​ហើយ​ជា​ស្វាមី​របស់​ខ្ញុំ​។ ខ្ញុំ​ដែល​បាន​ឃើញ​បុរស​រាប់​រយ​រាប់ពាន់​មក​ហើយ​... នៅ​តាម​ផ្លូវ​... នៅ​ផ្សារ​ រឺ នៅ​លី​សេ​ស៊ី​សុវត្ថិ​,,, ប៉ុន្ដែ​ខ្ញុំ​មិន​ដែល​ប្រៀប​ធៀប​បុរស​ណា​មួយ​ជា​ស្វាមី​របស់​ខ្ញុំ​ទេ! មិន​ដែល​សោះ​! ទើប​តែ​ឈ្មោះ​សារ៉ាក់​ទេ​ ដែល​ធ្វើ​អោយ​ខ្ញុំ​នឹក​ភ្នក​របៀប​នេះ​។ ខ្ញុំ​តែង​ស្រ​មៃ​រវើ​រវាយ​ទៅ​ឃើញ​ បុរស​ម្នាក់​ឈ្មោះ​សារ៉ាក់​ជា​ស្វាមី​ខ្ញុំ​ ជា​ម្ចាស់​ជីវិត​របស់​ខ្ញុំ​ ហើយ​ឃើញ​គេ​បណ្ដើរ​ខ្ញុំ​ដើរ​លេង​តាម​ផ្សារ​ចាស់​ ទៅ​​ញ៉ាំ​គុយ​ទាវ​ទា ទៅ​មើល​កុន​នៅ​អាកាស៊ី​ណូ រឺ អាកា​ពីតូល​។ ចំនែក​អ្នក​អែ​ទៀត​គេ​លែង​ហៅ​ខ្ញុំ​ថា​រ័តនា​ៗ​ហើយ​ គេ​ហៅ​ខ្ញុំ​ថា​លោក​ស្រី​​សារ៉ាក់! ឱ! ពីរោះ​អី​ម៉្លេះ​ទេ! កាល​ណោះ​បេះ​ដូង​ខ្ញុំ​ទូង​ស្គរ​លឺ​តែ​សារ៉ាក់! សារ៉ាក់! សារ៉ាក់! ...​។ ខ្ញុំ​ជា​នារី​ម្នាក់​ដែល​មាន​សេចក្ដី​ស្នេហា​ទៅ​លើ​ស្រមោល​... ហើយ​ខ្ញុំ​ស្រលាញ់​ស្រមោល​នោះ​ទ្វេ​ឡើង​ ជា​រៀង​រាល់​ថ្ងៃ​... រូប​រាង​កាយ​សារ៉ាក់ គឺ​ខ្លួន​ខ្ញុំ​នេះ​អែង​ហើយ​ជា​អ្នក​ឆ្លាក់​ឆ្នៃ​នៅ​ក្នុងការ​ស្រមៃ​... ម៉្លោះ​ហើយ​រូប​កាយ​គេ​ចេះ​តែ​លេច​ល្អ​ឡើង​ៗ​ នៅ​ក្នុង​សតិ​វិញ្ញាណ​ខ្ញុំ​។ ឱ! ភ្នែក​គេ​ខ្មៅ​ស្រ​ទន់​យ៉ាង​គួរ​អោយ​មានស្នេហ៍។

កញ្ញា​រ័តនា​នាង​ឈប់​និយាយ​មួយ​ស្រ​បក់​ ដោយ​នាង​មាន​សេចក្ដី​រកាំ​ក្នុង​ចិត្ដ​។ ចំនែក​កញ្ញា​ស៊ុនណារី​នាង​ស្ដាប់​រឿង​ដ៏​ពីរោះ​នេះ​ទាល់​តែ​ចំហ​មាត់​ភ្លេច​ខ្លួន​តែម្ដង​។ ស៊ុន​ណារី​ នឹក​ក្នុង​ចិត្ដ​... «ហ៊ី! នេះ​គឺ​មិន​មែន​រ័តនា​ទេ​ជា​អ្នក​និយាយ​... គឺ​ជា​ដួង​ព្រ​លឹង​របស់​រ័តនា​ដ៏​សុទ្ធសាធ​តែ​ម្ដង​... វត្ថុ​សំងាត់​ដ៏សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​នាង​ខំលាក់​ទុក​ក្នុង​បេះ​ដូង​ ក៏​ត្រូវ​លាត​ត្រ​ដាង​ចេញ​អស់​គ្មាន​សល់​... វត្ថុ​ទាំង​នេះ​បាន​ធ្វើ​អោយ​នាង​តឹង​ទ្រូង​យូរ​យារ​ណាស់​មក​ហើយ​... អី​លូវ​នេះ​នាង​ទប់​ពុំ​ជាប់​ ទើប​បាន​ជា​ប្រេះ​ធ្លាយ​ចេញ​មក​អស់​យ៉ាង​ដូច្នេះ​... ប្រេះធ្លាយ​ហាក់​ដូច​ជា​ទឹក​ដែល​ធ្លាយ​ចេញ​ពី​ទំនប់​។ គួរ​អោយ​អាណិត​រ័តនា​ណាស់... អែង​ធ្លាប់​តែ​ឃើញ​មុខ​ញញឹម​ស្រស់ ​ពុំ​ដឹង​ជា​គេមាន​លាក់​បង្កប់​ទុក​នូវ​វិបត្ដិ​ស្នេហ៍​មួយ​ដ៏​ធំ​ដូច្នេះ​សោះ!... ហ៊ី! បង​សារ៉ាក់​ហើយ​ និង​ រ័តនា​ បើ​សិន​ជា​បាន​គ្នា​ជា​គូ​ស្វាមី​ភរិយា​ ម៉្លេះ​សម​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​យ៉ាង​ណា​ទៅ​? អ្នក​ទាំង​ពីរ​មាន​និស្ស័យ​ប្រហែល​ៗ​គ្នា ចិត្ដ​ស្លូត​ស្រទន់​ដូច​គ្នា...។

ដោយ​ឃើញរ័តនា​នៅ​ស្ងៀម​យូរ​បន្ដិច​ ស៊ុនណារី​ក៏​ជជីក​សួរ​ត​ទៅ​ទៀត​ថា៖
-ចុះហេតុ​យ៉ាង​ម៉េច​បាន​ជា​រ័តនា​អែង​ដឹង​ថា​ បង​សារ៉ាក់​គេ​មិន​ប្រតិ​ព័ទ្ធ​រូប​រ័តនា​អែង​?

ព្រោះ​ដូច្នេះ​ស៊ុនណារី​។ ថ្ងៃ​ក្រោយ​មក​ជីតា​សារ៉ាក់​ស្រាប់​តែលែង​មាន​ប្រសាសន៏​អំពី​រឿង​សារ៉ាក់​សោះ​តែ​ម្ដង។ ចំនែក​ឳពុក​ម្ដាយ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ​ ឈប់​ដេញ​ដោល​សួរ​អំពី​ចរិយា​សម្បត្ដិ​នៃ​បុរស​ម្នាក់​នេះ​ឈឹង​។ មាន​កាល​មួយ​នោះ​លោក​ម៉ាក់​ និង ​លោក​ប៉ា​នៅ​ក្នុង​សាឡុង​ពុំ​ដឹង​ថា​ខ្ញុំ​នៅ​ក្បែរនោះ​ឡើយ​។ លោក​កំពុង​សន្ទនា​គ្នា​ពី​រឿង​សារ៉ាក់​។ ឱ! ស៊ុនណារី​ទុក​ណា​ជា​រន្ទះ​បាញ់​ធ្លាក់​ក្បែរ​រូប​ខ្ញុំ ខ្ញុំ​ក៏​គ្មាន​ភ្ញាក់ផ្អើល​ ស្រ​ឡាំងកាំ​ងដូច​ថ្ងៃ​នោះ​ដែរ​... ។ខ្ញុំ​បាន​ដឹង​ថា​ ជីតា​សារ៉ាក់​បាន​បញ្ចុះ​បញ្ចូល​ អោយ​សារ៉ាក់​ស្រលាញ់​ខ្ញុំ​ តែ​សារ៉ាក់​ប្រកែក​ដាច់ខាត។ គេថា​គេ​មិន​យក​ប្រពន្ធ​ជា​ដាច់ខាត​ក្នុង​ជាតិ​នេះ។​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំថា ​សារ៉ាក់​ គេ​គ្មាន​បេតី​ស្នេហា​មក​លើ​រូប​ខ្ញុំ​សោះ​។ ខ្ញុំ​គេង​តូច​ចិត្ដ​ជា​ច្រើន​អាទិត្យ​ ជា​ច្រើន​ខែ​។ ចំនែកបេះ​ដូង​ខ្ញុំ​វិញ​! ស៊ុនណារី​ បេះ​ដូង​ខ្ញុំ​ក្លាយ​ទៅ​ជាបុប្ផា​បាត់​គន្ធ​ពិដោរ​! ទៅ​ជា​ផ្កា​ស្រ​ពោន​។ ខ្ញុំ​មាន​ខ្លួន​ជា​ក្រមុំ​ណា៎ ស៊ុនណា​រី​ ប៉ុន្ដែ​បេះ​ដូង​ខ្ញុំ​មិន​មែន​នៅ​ក្រមុំ​ទេ មិន​មែន​ស្អាត​បរិសុទ្ធ​ដូច​ដើម​ឡើយ​។ បេះ​ដូង​ខ្ញុំ​មាន​ចៅ​ហ្វាយ​ម្ចាស់​ត្រួត​រួច​ហើយ​ អែ​ចៅ​ហ្វាយ​ម្ចាស់​នោះ​គឺ​រូប​ សារ៉ាក់​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ការ​ស្រមៃ​ នៅ​ក្នុង​ការយល់​សប្ដិ​នោះ​អែង​។ បេះ​ដូង​នារីអែ​ទៀត​ជា​បេះ​ដូង​ក្រមុំ​ តែង​តែ​ពោរពញ​ទៅ​ដោយ​ទឹកដម​ តែ​បេះ​ដូង​ខ្ញុំ​ដែល​ត្រូវ​ម្ចាស់​បោះ​បង់​ចោល​ ក៏​ក្លាយ​ទៅ​ជា​​បេះ​ដូង​ស្ងួត​​ហែង​... បេះ​ដូង​ទទេ​។ សំរេច​សំរួច​ទៅ​គឺ​ជាបេះ​ដូង​ស្រេក​ឃ្លាន​ ធម្មតា​តែ​បេះ​ដូង​ណា​ស្ងួត​ហែង​ តែង​តែ​ស្រេក​ឃ្លាន​ដូច្នេះ​ហើយ​...​។ ចំនែក​បេះ​ដូង​ខ្ញុំ គឺ​ស្រេកឃ្លាន​ នឹង​ ចៅ​ហ្វាយ​វា វាមិន​ចង់​បាន​នរណា​ទៀត​ធ្វើ​ម្ចាស់​វា​គំរប់​ទី​២ ទេ ... វា​ស្រេក​ឃ្លាន​ទាំងខ្ញុំ​មិន​ដឹង​ខ្លួន​ផង​ណា៎​ ស៊ុន​ណារី​...។ (ស្ងៀមមួយ​ស្របក់​)

- លុះ​ដល់​ក្រោយ​មក​ ជីតា​សារ៉ាក់មក​ដណ្ដឹង​រ័តនា​អែង​ទៅ​អោយ​ចំរើន​ម្ដង​អញ្ចឹង​រឺ? (គឺ​សំលេង​ស៊ុន​ណារី​ដែល​ទំលុះ​ការ​ស្ងៀម​ស្ងាត់​របស់​រ័តនា​)។
- មិន​មែន​ទេ​! ស៊ុនណារី​ គឺ​ឳពុក​ម្ដាយ​របស់​ចំរើន​តែ​ម្ដង​ ដែល​មក​ដណ្ដឹង​រូប​ខ្ញុំ​អោយ​គេ​...​ ឳពុក​ម្ដាយ​មាន​បុណ្យ​សក្ដិ​ធំ​ណាស់​ ហើយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ទៀត​ផង​... ចំរើន​ទៀត​ក៏​មាន​ចំណេះ​លើស​សារ៉ាក់​។ ឳពុក​ខ្ញុំ​អង្វរ​ចិត្ដ​ខ្ញុំ​ច្រើន​ខែ​ណា៎​ស៊ុនណារី​ ទើប​ខ្ញុំ​ទទួល​យល់​ព្រម​យក​ចំរើន​ជា​គូ​សង្សារ​។ តាម​ពិត​ឳពុក​ខ្ញុំ​ស្រ​លាញ់​សារ៉ាក់​ជាង​ចំរើន​ គាត់​តែង​និយាយ​ថា​ «គាត់​មិន​ត្រូវ​ការ​កូន​ប្រ​សា​អ្នក​មាន​ប៉ុន្មាន​ទេ​ លុយ​កាក់​ចាយ​មិន​អស់​ទៅ​ហើយ» គំនិត​គាត់​ គឺ​ចង់​បាន​កូន​ប្រសា​ណា​ ដែល​មាន​ចំណេះ​ជ្រៅ​ជ្រះ​ ហើយ​មាន​រិក​ពា​សុភាព​រាប​សា​ដូច​សារ៉ាក់​នេះ​ជា​ដើម​ គឺ​បុរស​ណា​ដែល​អាច​ផ្ដល់​សុភមង្គល​មក​ខ្ញុំ​ពេញ​លេញ​នោះ​... ។ ប៉ុន្ដែ​ថ្ងៃ​ក្រោយ​ប្រហែល​គាត់​ប្រែ​ចិត្ដ​វិញ​ពុំ​ដឹ​ង គាត់​ត្រលប់​ជា​ស្រ​លាញ់​ចំរើន​ស្ទើរ​លេប​បាន​... ។ ហ៊ី! ស៊ុនណារី​ ចំរើន​មិន​មែន​ដូច​សារ៉ាក់​ទេ​ ខ្ញុំ​ឧស្សាហ៍​ឃើញ​មុខ​គេ​ណាស់​។ កាល​ពី​ដើម​គេ​មក​លេង​ផ្ទះ​ខ្ញុំ​ ជា​មួយ​ឳពុក​ម្ដាយ​គេ​... អីលូវ​គេ​មក​លេង​តែ​ម្នាក់​អែង​... ប៉ុន្ដែ​ទាស់​តែ​ប៉ុណ្ណេះ​៖ ខ្ញុំ​គ្មាន​ជំពាក់​ចិត្ដ​ទៅ​លើ​ចំរើន​បន្ដិច​សោះ​... បេះ​ដូង​ខ្ញុំ​ដែល​ធ្លាប់​លំអៀង​ទៅ​លើ​សារ៉ាក់​ទៅ​ហើយ​ ពុំ​ស្គាល់​នរ​ណា​ទៀត​ជាម្ចាស់​វា​ឡើយ​... ខ្ញុំ​សុខ​ចិត្ដ​រៀប​ការ​ជាមួយ​ចំរើន​ គឺ​ដោយ​សោះ​អង្គើយ​ ដោយ​នឹក​ចង់​បំ​ពេញ​ចិត្ដ​ឳពុក​ម្ដាយ​ប៉ុណ្ណោះ​...។ ខ្ញុំ​ស្ដាយ​ក្រោយ​ណាស់​អំពី​ការ​សំរេច​ចិត្ដ​នេះ​ ប៉ុន្ដែ​វា​ជ្រុល​ទៅ​ហើយ​...

- រ័ត​នា​ខ្ញុំ​សូម​ទោស​ណ៎ា​ ខ្ញុំ​សូម​សួរ​បន្តិច​... ហ៊ី​! ខ្ញុំ​ដូច​ជា​ឈ្លាន​ពាន​ចូល​ទៅ​ក្នុង​បេះ​ដូង​រ័តនា​អែង​បន្ដិច​ហើយ
- និយាយ​មក​ចុះ​ស៊ុនណារី!
- តើ​អីលូវ​នេះ​ រ័តនា​អែង​នៅ​តែ​ជាប់​ជំពាក់​ចិត្ដ​នឹង​រូប​បង​សារ៉ាក់​ទៀត
- អីលូវ​ហ្នឹង​រឺ?... ខ្ញុំ​មិន​ដឹង​ដែរ​ស៊ុនណារី​ ! ពិបាក​និយាយ​ណាស់​! ចំនួន​ជាង​មួយ​ឆ្នាំ​ហើយ​ ខូរ​ក្បាល​ខ្ញុំ​ភ្លេច​ឈ្មោះ​គេ​ឈឹង​... ខ្ញុំ​ភ្លេច​ទាំង​រូប​ទាំង​ស្រមោល​ដែល​ខ្ញុំ​ធ្លាប់​ស្រ​មៃ​ឃើញ​... ខួរ​ក្បាល​ខ្ញុំ​លែង​នឹក​នា​ហើយ​... ប៉ុន្ដែ​បេះ​ដូង​ខ្ញុំ​នៅ​ចាំ​ឈ្មោះ​នេះ​ពុំ​មាន​ភ្លេច​... បេះ​ដូង​ខ្ញុំ​នៅ​ចាំ​រូប​គេ​ដោយ​មិន​ដឹង​ខ្លួន​ផង​។ ខ្ញុំ​ធ្លាប់​ពិបាក​ចិត្ដ​ញយ​ដង​ណាស់​ ធ្លាប់​រសាប់​រសល់​ក្នុង​ខ្លួន​រក​ថា​មិន​ត្រូវ​ ហាក់​ដូច​ជា​ខ្វះ​វត្ថុអ្វី​មួយ​ ដែល​វិញ្ញាណ​ខ្ញុំ​ត្រូវការ​ជា​ទី​បំផុត​... ខ្ញុំ​រក​ហេតុ​នៃ​ការ​តប់​ប្រមល់​នោះ​មិន​ឃើញ​សោះ។ អី​លូវ​នេះ​គឺដូច្នេះ​ ខ្ញុំ​ទើប​នឹង​ដឹង​ថា ​ខ្ញុំ​នៅ​រលឹក​ឈ្មោះ​សារ៉ាក់​ដោយ​មិនដឹង​ខ្លួន​។ វិញ្ញាណ​ខ្ញុំ​នៅ​តែ​ស្រែក​រក​ឈ្មោះ​គេ​ជានិច្ច​និរន្ដរ៍... នេះ​បាន​សេចក្ដី​ថា​ ពេល​ហ្នឹង​ក៏​ដូច​ពេល​ណា​ដែរ​ ខ្ញុំ​នៅ​តែ​ជាប់​ចិត្ដ នឹង​ សារ៉ាក់​ជា​និច្ច។