១ ​-ព្រាត់សង្សារ
ថ្ងៃសៅរ៍ ទី23.មិថុនា 2018.ម៉ោង 7:27

ម៉ាស៊ីន រោទ៍ឡើងលន់រំពងបញ្ចេញ​ផ្សែង​ទ្រុប​ទូក​ដរ​មួយ​រាង​ស្ដើង​ មាន​ដំបូល​ធ្វើ​អំពី​ស្លឹក​អប​ដោយ​ឆ្អឹង​រិស្សី​ គ្រញែង​ខ្លួន​ឃ្លេង​ឃ្លោង​លើ​គង្គា​ បណ្ដាល​អោយ​អ្នក​ដំណើរ​ខ្លះ​ ដែល​ពុំ​សូវ​បាន​ត្រេច​ចរ​ដោយ​ញឹក​ញាប់​តាម​ផ្លូវ​ទឹក​ ព្រឺ​ស្បែក​គីង្គក់​។ ទូក​សំ​ចត​ក្បែរ​មាត់​កំពង់​ទន្លេ​មេគង្គ ចំ​ពី​មុខ​ក្រ​សួង​គយ ​និង​រដ្ឋករ​នៃ​ក្រុង​កំពង់​ចាម​តែ​ម្ខង​ កំពុង​គ្រ​ហឹម​ប្រុង​ប្រៀប​ចាក​ចេញ​ឆ្ពោះ​ទៅ​ «កោះលួង»។ ចំលែក​ទេ​មិត្ដ​? ទូក​អីលូវ​នេះ​ចេះ​គ្រហឹម​មើល​តែ​រាជ​សីហ៍​ រឺ​ ក៏​មើល​តែ​ក្រ​ពើ​អ្នក​តា​ ចំនែក​កាល​ពី​ដើម​ គ្នា​គ្រាន់​តែ​ចេះ​ក្អក​កណ្ដាស់​ លឺ​ផ្លេក​ផ្លូកៗ​តែ​ប៉ុណ្ណោះ​។ មិន​បាច់​សង្ស័យ​អ្វី​ច្រើន​ទេ​ កាល​ពីដើម​ទូក​ដរ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កោះ​លួង​ ត្រូវ​ចំណាយ​ ពេល​អស់​ជា​ច្រើន​ម៉ោង​ ព្រោះ​គ្នា​លូន​គើម​ៗ​ យ៉ាង​ត្រដរ​ក្រោម​កំលាំង​ចែវ​។ ផ្ទុយ​ទៅ​វិញ​ នា​បច្ចុប្បន្ន​នេះ​ទូក​ដរ​គ្រប់​ធុន​រសាត់​លឿន​ប្រុយ រអិល​លើ​ខ្សែ​រលក​ចាក​ចេញ​ពី​ក្រុង​កំពង់​ចាម​ទៅ​ពុំ​បាន​កន្លះ​ម៉ោង​ផង​ ក៏​ដល់​កោះ​លួង​ជា​ស្រេច។ ទូក​ណា​ក៏​មាន​ម៉ា​ស៊ីន​ប្រចាំ​ខ្លួន​ដែរ​ ដូច្នេះ​ហើយ​បាន​ជា​វា​ចេះ​គ្រហឹម​។

ចំលែក​ជាង​គេ​ តាម​ភាព​អិ​រិយា​បថ​ និង ​សំលៀក​បំពាក់​ គឺ​អ្នក​ដំណើរ​ពីរ​នាក់​ដែល​មក​ក្រុង​ភ្នំ​ពេញ​។ ទី​មួយ​គឺ​លោក​ស្រី​យ៉ា​រ៉ុម ចំណាស់​ប្រហែល​សែ​សិប​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​មាន​ភោគ​សម្បត្ដិ​ល្បី​ល្បាញ​ ទី​ពីរ​គឺ​បុត្រី​ក្រមុំ​របស់​លោក​ស្រី​៖ កញ្ញា​រ័តនា​។ លោក​ស្រី​មាន​កាណូត​តូច​ជា​ច្រើន​ ប្រចាំ​គ្រួសារ​ ហើយ​ដែល​មាន​ល្បឿន​អនេក​ (Hors Bord) ប៉ុន្ដែ​អ្នក​ប្រចាំ​ការ​របស់​លោក​ស្រី​នៅ​កោះ​លួង​ពុំ​បាន​យក​មក​ទទួល​លោក​ស្រី​ទេ​ដោយ​គ្មាន​ដំណឹង​ជា​មុន​។ ដូច្នេះ​ហើយ​បាន​ជា​លោក​ស្រី​ និង បុត្រី​ត្រូវ​ជិះ​ទូក​ដរ​នេះ​ដើម្បី​ស្រូត​ទៅ​ដល់​ផ្ទះ​ឆាប់​ ហើយ​ដើម្បី​ទៅ​ប្រាប់​អោយ​គេ​យក​កាណូត​មក​ទទួល​លោក​ប្រុស​ផង​ ដែល​បង្អង់​សំណាក់​នៅ​ស្រុក​កំពង់​ចាម​សិន​។

អ្នក​ដំណើរ​ខ្លះ​ដែល​បាន​ស្គាល់​លោក​ស្រី​ពី​ដើមមក​ ក៏​ចូល​ទៅ​អង្គុយ​បត់ជើង​នៅ​ក្បែរ​លោក​ស្រី​តែ​ម្ដង​។ អ្នក​ទាំង​នោះ​រីក​រាយ​សប្បាយ​ចិត្ដ​រក​អ្វី​ប្រៀប​គ្មាន​ ដោយ​គ្រាន់​តែ​បាន​សួរ​សុខ​ទុក្ខ​ សន្ទនា​ជា​មួ​យ​លោក​ស្រី​ប៉ុណ្ណោះ​។

«លោក​ស្រី​អញ្ជើញ​មក​ពី​ថ្មើរ​ណា?​ គ្រួសារ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ទេ?​ យី! នាង​ក្រមុំ​អែ​ណេះ​ (សំ​ដី​នេះ​សំដៅ​ទៅ​រ័តនា​) ល្អ​ផ្ដាច់​តែ​ម្ដង​»។

ពេល​នោះ​សិស្ស​កំលោះ​ពីរ​នាក់​ ងាក​មុខ​សំលឹង​មើល​មក​នាង​កញ្ញា​ភ្លៀក​ៗ ក្នុង​ចិត្ដ​នឹក​បន់​អោយ​គេ​ក្រលេក​មើល​ខ្លួន​វិញ​តែ​បន្ដិច​ក៏​បាន​ដែរ​, តែ​ «មួយ​កន្ទុយ​ភ្នែក​» ក៏​សុខ​ចិត្ដហើយ។ អនិច្ចា!​ នារី​​គ្មាន​កំរើក​បន្ដិច​។ នាង​ពុំ​ព្រម​ ក្រលេក​មើល​ទៅ​នរ​ណា​ទាំង​អស់​ ក្រៅ​ពី​ជញ្ជាំង​ទូក សិស្ស​ម្នាក់​ឧទាន​ឡើង​ខ្លាំង​ៗ ឆ្គោះ​ទៅ​សំលាញ់​ខ្លួន។

- នែ​អា​សៅ​ យើងតាំង​ពី​រៀន​នៅ​លីសេ (Lycée) ប្រាំ​ឆ្នាំ​មក​ហើយ​ យើង​បាន​ជួប​ប្រទះ​តែ...
- យី​ អា​នេះ​ (នាយ​សៅ​និយាយ​កាត់​នាយ​វ៉ាន​តិច​ៗ ដោយ​ញាក់​មុខ​ផង​) អា​អែង​ក្រែង​ខ្វាក់​មួយ​ចំហៀង​ទេ​រឺ​? ម្ដេច​ក៏​អិត​របប​ខ្លាំង​ម៉្លេះ​ គ្រាន់​តែ​ឃើញ​ស្រី​ៗ​ភ្លាម​ អែង​ខំ​បញ្ចេញ​អោយ​គេ​ដឹង​ថា​ ខ្លួន​រៀន​នៅ​លីសេ​ចំនួន​ប្រាំ​ឆ្នាំ​អីៗ​ហើយ​ អញ​ខ្មាស​គេ​ណាស់​។
ខណៈ​នោះ​ មិត្ដ​ទាំង​ពីរ​លឺ​លោក​ស្រី​យ៉ារុម ​មាន​ប្រ​សាសន៍​ថា «ខ្ញុំ​មក​កោះ​លួង​ ដើម្បី​រៀប​មង្គល​ការ​អោយ​កូន​ស្រី​នេះ​»។ មិត្ដ​យើង​ទាំង​ពីរ​ធ្លាក់​ថ្លើម​ក្ដុក​តែ​ម្ដង​។ ម្នាក់​ៗគិត​ថា៖ «អុញ​នោះ​! នាង​នេះ​បន្ដិច​ទៀត​ នឹង ​ត្រូវ​ជា​របស់​គេ​ទៅ​ហើយ​»។ នាយ​សៅ​ និង នាយ​វ៉ាន​ ដក​ដង្ហើម​ធំ ហើយ​ខំ​ពិនិត្យ​សម្លឹង​ ខំ​វិនិច្ឆ័យ​ ខំ​វិភាគ​ (Annalyse) រាង​កាយ​នាង​កញ្ញា​ដើម្បី​កត់​ត្រា​ទុក​ក្នុង​ចិត្ដ​ ព្រោះ​នាង​នេះ​នៅ​ក្រមុំ​ នៅ​មាន​ព្រហ្ម​ចារីយ៍​នៅ​ឡើយ​។
«នាង​នេះ​ជា​ចំណី​ឆ្ងាញ់​ ជា​បង្អែម​ បន្ដិច​ទៀត​មាន​ម្ចាស់​គេ​ភ្លក្ស​ទៅ​ហើយ​។
ឱ! រាង​កាយ​ដ៏​វិចិត្រ​នេះ​ នឹង ធ្លាក់​ទៅ​ជា​កម្ម​សិទ្ធិ​របស់​បុរស​ម្នាក់​ នឹង​ ត្រូវ​បុរស​នោះ​ក្រសោម​រិត​រួត​ ថើប​ប្រលែង​»
- អា​សៅ​ (នាយ​វ៉ាន​បញ្ចេញ​មតិ​តិចៗ) ស្រី​នេះ​បើ​គេ​អោយ​អញ​យក​មក​ធ្វើ​ជា​ប្រ​ពន្ធ​ ក៏​អញ​មិន​យក​ដែរ​! អា​អែង​មើល​រិក​ពា​វា​ធ្មឹង​ៗ ដូច​អ្នក​តា​ថ្ម​...
- ហា! ហា! អាខ្វាក់​អាណិត​អញ​ទៅ​! អា​អែង​ឈោង​ដៃ​ទៅ​មិនដល់​គេ​ ប្រែ​ថា «អែង​មិន​ចូល​ចិត្ដ​»។ អា​អែង​ក៏​ប្រសប់​ដោះ​ស្រាយ​ម៉្លេះ​។ ទស្សនៈ​វិទូ​ម្នាក់​បាន​និយាយ​ថា​ «សត្វ​កញ្ជ្រោង​ កាល​បើ​ឃើញ​ផ្លែ​ទំពាំង​បាយ​ជូរ​នៅ​ខ្ពស់​ពេក​ ឈោង​ពុំ​ដល់​ ក៏​ដោះ​ស្រាយ​ថា​ អញ​ខ្ពើម​ស៊ី​ណាស់​ ផ្លែ​នោះ​មាន​ពណ៌​បៃ​តង​ហួស​ពេក​» (Ils sont trop verts)
- នែវ៉ី! កុំធ្វើរិក​ជា​បញ្ញ​វន្ត​អី​ខ្លាំង​ពេក​... ខោក​ធ្លាក់​ពី​លើ​ទូក​អីលូវ​ហើយ​..
- អី​យ៉ា​! ស្អី​គ្រាន់បើ​ម៉្លេះ​អា​នេះ​ កុំ​ចង់​សាក​វ៉ើយ​ តិច​អញ​តប់​មួយ​ដៃ​ខ្វាក់​ភ្នែក​​មួយ​ចំហៀង​ទៀត​ទៅ ​ហា!.ហា.! ហា!
- រវល់​ណាស់​(១) ​អា​សៅ​ អែង​កុំ​សង្ឃឹម​ថា​វាយ​ត្រូវ​អា​ភ្នែក​មួយ​នេះ​ ព្រោះ​កំលាំង​ អិទ្ធិ​ពល​ ថាម​ពល​ទាំង​ប៉ុន្មាន​ផ្ដុំ​នៅ​តែ​កន្លែង​នេះ​មួយ​ទៅ​ហើយ...។
ចិញ្ចើម​នាយ​វ៉ាន​ខាង​ភ្នែក​ខ្វាក់​ញាក់​ព្រើត​ៗ។ នាយសៅ​សើច​ក្អាក​ក្អាយ​។ ស្ងៀម​មួយ​ស្រ​បក់​។
- អា​ខ្វាក់​អែង​និយាយ​ដូច​ជា​ត្រូវ... នាង​នេះ​ដូច​ជា​ ស្រងូត​ស្រងាត់​ខ្លាំងហួស​ពេក​តែ​ម្ដង​។ ជិត​មាន​ប្ដី​សី​ទៅ​ហើយ​ប៉ុន្តែ​មុខ​មិន​ព្រម​រីក​សោះ​។
- ចុះ​កូន​ប្រសារ​លោក​ស្រី​ជា​នរ​ណា​ (សំលេង​​​មួយ​បន្លឺ​ឡើង​នៅ​ក្បែរ​លោក​ស្រី​យ៉ា​រុម។
- ឱ!. គេ​នោះ​ជា​អនា​គត​វេជ្ជ​បណ្ឌិត​។គេ​រៀន​បាន​ពីរ​ ឆ្នាំ​មក​ហើយ​ នៅ​មហា​វិទ្យា​ល័យ​ផ្នែក​វិជ្ជា​ពេទ្យ​។ គឺ​លោក​ចំរើន​ណា​យាយ​ អាយុ​គេ​តែ​ម្ភៃ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ទេ​!
យី!.. នៅ​ក្មេង​ណាស់​ហ្ន៎​ហើយ​រៀន​បាន​ម្លឹង!!

រ័តនា​ នាង​ព្រឺ​ក្បាល​ខ្ញាក​ ដោយ​បាន​លឺ​ឈ្មោះ​ចំរើន​ ភ្ជាប់​ជាមួយ​នឹង​ពាក្យ​វេជ្ជ​បណ្ឌិត​ផង​។ នាយ​វ៉ាន​ និង នាយ​សៅ​ញាក់​មុខ​ដាក់​គ្នា​៖ «អី​យ៉ា! មិន​ស្រួល​ទេ​! អេ​ទុឌី​យ៉ង់​ផង​វើយ»។

រ័តនា​ ទន់​ខ្លួន​រវើយ​ ផ្ដេក​ក្បាល​ប៉ផ្ងក់​នឹង​ជញ្ជាំង​ ជើង​នាង​សណ្ដូក​លើ​រនាប​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​។ មាត់​នាង​ហា​ពាក់​កណ្ដាល​ ល្មម​សត្វ​រុយ​ហើរ​ចូល​បាន​។ ចំណេក​ខ្លួន​នាង​ «រលួយ​ស្មោះ» ដូច​ជា​«វត្ថុ​រាវ​»​ រ័តនា​ ខំ​ធ្វើ​រិក​ពា​ស្រួល​បួល​បន្ដិច​ទៅ​កូន​ ខំ​ញញឹម​បន្ដិច​ឡើង​ កូន​ចង់​ធ្វើ​អោយ​ម្ដាយ​រយះ​ដើម​ទ្រូង​​ស្លាប់​ដោយ​សារ​កូន​រឺ​?។ នេះ​ជា​សំលេង​ដែល​ម្ដាយ​នាង​អោន​ខ្សិប​ដល់​ត្រ​ចៀក​នាង​។ លឺ​ដូច្នោះ​រ័តនា​ងើប​ឡើង​យ៉ាង​រហ័ស​ ដៃ​នាង​ញ័រ​រន្ធត់​។ នាង​ភ័យ​ណាស់​ ខ្លាច​ក្រែង​មាតា​នាង​ស្លាប់​ដោយ​សារ​រូប​នាង​ ព្រោះ​ម្ដាយ​នាង​មាន​ជំងឺ​បេះ​ដូង​ផង។ នាង​ខំ​ប្រឹង​ញញឹម​ដោយ​អត់​ធ្មត់​ ដើម្បី​អោយ​ដូច​គេ​អែង​ អោយ​ដូច​ជា​មនុស្ស​ធម្មតា​ ប៉ុន្ដែ​នាង​ញញឹម​ពុំ​កើត​ប្រែ​ក្លាយ​ទៅ​ជា​ពេប​គួរ​សង្វេគ​។ ក្បាល​នាង​ផ្ដេក​ទៅ​សន្សឹម​លើ​ជញ្ជាំង​ទូក​។ នាង​ក្លាយ​ទៅ​ជា​វត្ថុ​រាវ​ឡើង​វិញ​។ រ័តនា​ ស្រាប់​តែ​មិន​មែន​ជា​មនុស្ស

នាង​បាត់​សតិ​។ តើ​ម្ដាយ​នាង​នៅ​ក្បែរ​នាង​រឺ​? នាង​អិត​ដឹង​។ តើ​គាត់​មាន​ជំងឺ​ខ្សោយ​បេះ​ដូង​ ហើយ​អាច​ស្លាប់​ភ្លាមៗ បាន​រឺ​ បើ​សិន​ជា​នាង​ធ្វើ​អោយ​គាត់​លំបាក​ចិត្ដ​ខ្លាំង​?

នាង​អិត​ដឹង​ .. ព្រោះ​នាង​ជា​ «វត្ថុ​» រាវ​។ វត្ថុ​ពុំ​ចេះ​គិត​ដូច​ជា​មនុស្ស​ទេ​។ ក្នុង​ខ្លួន​នាង​គឺ​ហាក់​ដូច​ជីវិត​នោះ​រត់​បោល​ចេញ​។ នាង​គេង​នោះ​ហើយ​ក៏​បណ្ដោយ​អោយ​ជីវិត​រត់​ចេញ​ទៅ​... ហើយ​នាង​អិត​ធ្វើ​អ្វី​ទាំង​អស់​... ទប់​ធ្វើ​អ្វី​?

រ័តនា​ នាង​នៅ​ដឹង​ខ្លួន​តែ​មួយ​គត់ គឺ​ មាន​កំលាំង​អ្វី​មួយ​ដ៏​ស័ក្ដិ​សិទ្ធិ​ មក​សង្កត់​អង្គ​កាយ​នាង​ទាល់​តែ​សំប៉ែត​ដូច​នំ​ចាក់​ចុល​ ប្រប​នឹង​រនាប​ទូក។ សូម​មិត្ដ​ជួយ​មើល​ នេះ​ហើយ​គេ​ហៅ​ថា​មនុស្ស​ស្លាប់​ពាក់​កណ្ដាល​។ គេ​ដក​យក​ដួង​កែវ​នាង​ទៅ​ណា​បាត់​។ ព្រ​លឹង​នាង​ឋិត​និត​នៅ​ជាប់​នឹង​សង្សារ​នាង​អែ​ភ្នំ​ពេញ​អែ​ណោះ​ «បង​សារ៉ាក់! បង​សារ៉ាក់! បង​នៅ​អែ​ណា​? ម្ដេច​បាន​អូន​មើល​បង​ពុំ​ឃើញ​អញ្ចឹង​! គេ​បង្ខំ​នាង​អោយ​មក​កោះ​លួង​ ដើម្បី​អោយ​នាង​រៀប​ការ​ជា​មួយ​ប្រុស​ម្នាក់​ទៀត។

ទូក​ដរ​រសាត់​មក​ស្មើ​ទន្ទឹម​ នឹង ​កោះ​សំរ៉ោង​ហើយ​។ ទិដ្ឋ​ភាព​ដ៏ស្រស់ត្រ​ចង់​ វាល​ដែល​មាន​ជំរេ​ចុះ​មក​មាត់​កំពង់​ ហើយ​ដែល​មាន​កំរាល​ស្មៅ​ចិញ្ចៀន​ពណ៌​បៃ​តង​ខ្ចី​ ព្រឹក្សា​គ្រប់មុខ​ដែល​ដុះ​រហង់​ប្របៗ​គ្នា​ មាន​ គ រិស្សី​ ស្វាយ​ ត្របែក​ ក្រូច​ ធ្វើ​អោយ​យើង​ត្រេក​ត្រ​អាល​ជា​ខ្លាំង​ក្នុង​ការ​ទស្សនា​ ទេ តែ​រ័តនា​ប៉ុណ្ណោះ។

ចំពោះ​នាង​កញ្ញា​ ទេសភាព​ដ៏​វិចិត្រ​នេះ​គឺ​ជាទេស​ភាព​ស្លាប់។ ពិភព​លោក​ទាំង​មួល​ ខ្វះ​តែ​ «សារ៉ាក់​មួយ» នឹង​ ក្លាយ​ទៅ​ជា​ភព​ខ្មោច​ ទៅ​ជាវត្ថុ​អរូបីយ៍​​ បើ​ផែន​ដី​លែង​វិល​ ព្រះ​សុរិយា​លែង​រះ​ រឺ​ ក៏មេឃ​ភ្លូក​ក្រ​ឡាប់​ដោយ​មាន​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​បី​ បេះ​ដូង​រ័តនា​គ្មាន​ក្ដៅ​ គ្មាន​ត្រ​ជាក់​ គ្មានព្រឺ​ស្ញើប​អ្វី​ទាំង​អស់​។ ចំពោះ​នាង​ពាក្យ​ទាំង​នេះ​ «មិន​ដឹងជា​សរ​សេរ​យ៉ាង​ម៉េច​ទេ​?(១)»។​ ចក្ខុ​រ័តនា​ ងាក​ចំ​ទៅ​ម្ដាយ​នាង​ បន្ទាប់​មក​ ទៅ​អ្នក​ដំណើរ​អែ​ទៀត​ ទៅ​សិស្ស​វិទ្យា​​ល័យ​ ទៅ​ទូក​ដរ​ដែល​រអិល​លើ​រលក​ ទី​បំផុត​ទៅ​ទិដ្ឋ​ភាព​នៃ​ចុង​កោះ​សំ​រោង​ ហាក់​ដូច​ជា​ចង់​សួរ​ខ្លួន​នាង​ថា៖ «តើដុំ​រវើក​អស់​ទាំង​នេះ​ គេ​សរ​សេរ​យ៉ាង​ដូច​ម្ដេច​ដែរ​?»​។ ឱ!.រ័តនា​ចេះ​សរ​សេរ​តែ​ឈ្មោះ​របស់​សារ៉ាក់​មួយ​ប៉ុណ្ណោះ​ «បងសារ៉ាក់! បង​សំលាញ់​ ថ្មើរ​ណេះ​បង​កំពុង​ធ្វើ​អ្វី​? តើ​បង​ស្វែង​មក​តាម​អូន​រឺ​ទេ? បង​នៅ​កន្លែង​ណា​? តើ​បង​បាន​ទទួល​សំបុត្រ​អូន​ទេ​ សូម​បង​មក​ជួយ​ពង្រត់​អូន​អោយ​ឆាប់​ណ៎ា​បងណ៎ា​»

រ័តនា​រសេះ​រសោះ​ដៃ​ជើង​ ដូច​មនុស្ស​គ្មាន​ឆ្អឹង​។ «អញ​គ្មាន​កំលាំង​សប្បាយ​ដូច​គេ​ទេ​។ បើ​គេ​មិន​សុខ​ចិត្ដ ​នរ​ណា​យក​អញ​ទៅ​ធ្វើ​អី​យក​ទៅ​»។

សូម​មិត្ដ​ជួយ​វិនិច្ឆ័យ​មើល​ តើ​សេច​ក្ដី​ស្នេហា​ធំ​ជាង​សេច​ក្ដី​ស្លាប់​មែន​ទេ​? រ័តនា​នាង​ស្រ​លាញ់​សង្សារ​នាង​ស្មើ​ជីវិត​។ សារ៉ាក់​ជា​កំពូល​បរុស​កំសត់​ម្នាក់​ ដែល​ស្អប់​ខ្ពើម​ទ្រព្យ​សម្បត្ដិ​ បុណ្យ​សក្ដិ​ កិត្ដិ​យស​ ជា​ពិសេស​ គឺ​ ស្អប់​ខ្ពើម​កូន​ក្រ​មុំ​អ្នក​មាន​តែ​ម្ដង​។ រ័តនា​នាង​បាន​ត​ស៊ូ​ហួស​និស្ស័យ​ ដើម្បី​ទាញ​ចិត្ដ​សារ៉ាក់​អោយ​ទោ​ទន់​មក​លើ​រូប​នាង​ ដើម្បី​សារ៉ាក់​ប្រតិ​ព័ទ្ធ​លើ​សុភ​មង្គល​ជីវិត​ឡើង​​វិញ​។ លុះ​នាង​កញ្ញា​បាន​ទទួល​ជោគ​ជ័យ​ លើ​ចិត្ដ​ប្រុស​សំលាញ់​នាង​ដូច​បំណង​ហើយ​ ស្រាប់​តែ​នាង​ពើប​ប្រទះ​ នឹង​ ឧបស័គ្គ​មួយ​ទៀត​ដ៏​ធំ​ធេង​ និង យ៉ាង​រឹង​ប៉ឹង​៖ គឺ​គ្រួសារ​នាង​ នេះ​ហើយ​ «សំណើច​ចំអក​នៃ​ព្រហ្ម​លិខិត»។

សូម​មិត្ដ​ចោល​ភ្នែក​ក្រលេក​មើល​វិបត្ដិ​ស្នេហា​នេះ​តាំង​ពី​ដើម​មក​វិញ​ តាំង​ពីកាល​ពន្លក​ស្នេហ៍​បាន​ចាប់ដួច​ដុះ​ឡើង​រវាង​រ័តនា​ និង សារ៉ាក់។ កាល​បី​ខែ​មុន​ គឺខែ​មករា​ ឆ្នាំ១៩៦៣

(១) ពាក្យនេះ មាន័យថា «អិតផ្លូវទេ កុំសង្ឃឹម​
(២) មិន​ដឹង​ជាមាន​ន័យ​យ៉ាង​ម៉េច​ទេ​។ ប្រយោគ​ «មិន​ដឹង​សរ​សេ​យ៉ាង​ម៉េច​» នោះ​សិស្ស​វិទ្យា​ល័យ​ច្រើន​និយម​យក​មកផ្ទុញ​ផ្ទាល់​គ្នា​លេង​ជា​ពិសេស​គឺ​សិស្ស​នៅ​វិទ្យា​ល័យ​កំពង់ចាម​នៅក្នុងឆ្នាំ ១៩៦៣