សូមរង់ចាំអាន រឿងគុកនយោបាយ
២ -ការបង្គើតឥស្សរៈ
ថ្ងៃចន្ទ ទី29.កក្កដា 2013.ម៉ោង 20:27

   ខ្ញុំបានមកស្នាក់នៅនិងមាខ្ញុំ ប៉ុក គុណ ហៅតាត្រលាច ហើយបានផ្សាយគំនិតអំពាវនាវ សុំអោយអ្នកស្ម័គ្រចិត្ដ ចូល​រួប​រួម​ផង ក្នុង​ការ​បង្កើត​​ ក្រុម​ខ្មែរ​តស៊ូ​មួយ​ក្រុម អោយ​ឈ្មោះ​ថា «ខ្មែរឥស្សរៈ» ពាក្យថា «ឥស្សរៈ» នេះជាភាសាបាលីដែលអោយន័យថា ធំ មិន​កញ្ជះ​គេ, ជា​អ្នក​ជា...​ ដូច្នេះ «ខ្មែរ​ឥស្សរៈ» គឺ​ក្រុម​ខ្មែរ​ដែល​ជា​ម្ចាស់លើខ្លួនឯង គ្មាននៅក្រោមអំណាចអ្នកណា ជាខ្មែរមានឯករាជ្យ មាន​សេរី​ភាព មាន​សិទ្ធ​គ្រប់​ គ្រាន់​ជា​ខ្មែរ​។

   នៅទីនោះ មិនជាយូរ ក៏បានទទួលមិត្ដភក្ដិ និងអស់លោកជាច្រើនរូបដែលមានគំនិតតស៊ូដែរ ហើយដែលទើបតែភៀសចេញ​ពី​ភ្នំ​ពេញ​មក បាន​ស្ម័គ្រ​ចិត្ដ​មក​រួប​រួម​ នឹង​ខ្ញុំ​ព្រម​ទាំង​មា​ខ្ញុំ​។ ខ្ញុំ​សូម​រំលឹក​នាមអស់លោកទាំងនោះខ្លះដែលខ្ញុំបាន ចាំគឺឈ្មោះ៖

   មាខ្ញុំបានជួលផ្ទះគេមួយនៅម្ដុំវត្ដសង្កែ ជូនក្រុមទាំងអស់នៅ ព្រមទាំងបានចំណាយប្រាក់ចិញ្ចឹមបាយទឹករហូតមក។ ហើយ​មា​ខ្ញុំ​បាន​ទៅ​បាង​កក គិត​គូរ​នឹង​រដ្ឋា​ភិបាល​ថៃ​សូម​អោយ​គេ​ជួយ​យើង ទាំង​ផ្លូវ​ចិត្ដ​និង​សំភារៈ​។

   មួយខែក្រោយមក ការទាក់ទងនោះអោយផលឡើងគឺ រដ្ឋាភិបាលថៃ បានអនុញ្ញាតអោយបើកកន្លែងមួយនៅឃុំអន្លង់​វិល​ចំងាយ​ប្រមាណ​ ជា ៥​គម ពី​ក្រុង​បាត់​តំបង​។ យើង​ក៏​មាន​លទ្ធភាព និងបង្កើត «ខ្មែរឥស្សរៈ» នៅឆ្នាំ ១៩៤៦។ មុនដំបូង យើងរួប​រួម​គ្នា​ល្អ​ណាស់ ប្រមូល​អ្នក​ ស្ម័គ្រ​ចិត្ដ​ឯ​ទៀត​ជា​អ្នក​ស្រុក អោយ​មក​ហាត់រៀនបានប្រហែលមួយរយនាក់។ បានប្រហែលពីរបីខែក្រោយមក បាន​​បង្កើត​អោយ​មាន​ក្រុម​ ស៊ើប​ការ ការ​ពារ​ក្រុម​ឥស្សរៈ​ ត្បិត​ពេល​នោះ​រាជ​ការបារាំង-ខ្មែរ បានប្រុងចូលកាន់កាប់ខេត្ដបាត់ដំបងវិញហើយ។ រាជ​ការ​បារាំង​-​ខ្មែរ​ចាត់​ អោយ​ស៊ើប​ការ​រក​ឥស្សរៈ​ ដូច្នេះ យើង​ត្រូវបង្កើតក្រុមស៊ើបទល់វិញ។ ការបង្កើតនេះហើយ ដែលនាំអោយល្អក់​កករ គំរោង​ការ​ខ្លះ​ ពី​ព្រោះ ​ក្រុម​ស៊ើប នេះ​ ខ្លះ​មាន​រឿង​ផ្ទាស់​ខ្លួន នឹង​អ្នក​ដទៃ ក៏តាំងបង្កាច់បង្ខូចគេនាំការនោះមកជំរាប ជាហេតុនាំអោយ​អ្នក​ធ្វើ​ការ​ខាង​លើ សំរេច​ការ​ អ្វី​គ្មាន​ប្រ​សិទ្ធ​ភាព​ឡើយ​។ ការ​ទូល​ពិត​បង្កាច់​ត្រកូល ចង្អុលទោសគ្នានោះមានជាប្រក្រតី ដូចយ៉ាងមេក្រុមខ្លះ ដែល​ចាត់​អោយ​ទៅ​បង្ហាត់​ បង្វឹក​ពល​ទាន​ហាន​ស្ម័គ្រ​ចិត្ដ​នោះ​ជា​ដើម​។ មេបង្ហាត់នីមួយៗ បង្ហាត់មិនបានយូរទេ ចេះ តែមានរឿងខុសគ្រប់យ៉ាង ខ្លះ​កូន​ទាន​ហាន​មិន​ពេញ​ ចិត្ដ ព្រោះ​ត្បិត​ធ្វើ​តាម​វិន័យ​ពេក ខ្លះ​ដូច្នេះ ខ្លះដូច្នោះ លឺតែពាក្យ រិះគន់និន្ទាខ្សឹបខ្សៀវគ្នាជារឿយៗ។ ម្យ៉ាងទៀត ទាហាន​ខ្មែរ​ដែល​រត់​មក​ពី​ភ្នំ​ ពេញ​ទាំង​ប៉ុន្មាន សុទ្ធ​សឹង​តែ​ពួក​ក្រុម​ហៃ​ហូ​ទាហានជប៉ុន។ របៀបហាត់នៃទាហានជប៉ុនជំនាន់នោះ គឺព្រឹកម៉ោង ៥​ហាត់​រត់ ៣-​៤​គ.ម យ៉ាង​តិច​ រួច​ហើយ​ហាត់​លុត​ក្រាប របៀប​យុទ្ធ​សាស្រ្ដជាងមួយម៉ោងទើបឈប់ នាំគ្នាទៅទទួលទានបបរពេលព្រឹក។ ធ្វើ​យ៉ាង​នេះ​បាន​ប្រ​មាណ​ជា ១៥​ ថ្ងៃ​ ២០​ថ្ងៃ​ក៏​ទៅ​ជា​មាន​រឿង​ដែរ ដោយ​នាយ​ទាហាន​រង​ចេះ​តែរអ៊ូរទាំថា ហាត់របៀបនេះមិនបានយូរទេ រត់លូនរាល់ព្រឹក គ្មាន​បាន​ប្រយោជន៍​ ទេ​នាំ​តែ​ខាត​ពេល ហើយ​គ្មាន​កាំ​ភ្លើង មួយ​ដើម​ផង មាន​តែ​កាំ​ភ្លើងឈើ មិនដឹងជា នឹងច្បាំងនឹងនរណាកើតទេ! ពាក្យ​ទាំង​នេះ មេ​ក្រុម​មិន​ ត្រឹម​តែ​និយាយ​ជា​មួយ​មេ​ក្រុម​គ្នា​ឯង​ទេ គឺថែមទាំងពោលនៅពេលដែលកូនទាហានកំពុងហាត់អស់កំលាំងថែមទៀត ជា​ហេតុ​នាំ​អោយ​កូន​ ទាហាន​ជឿ​តាម​អស់​ទឹក​ចិត្ដ​តស៊ូ​ទៅវិញ

   នេះឯងជា «ចរិត» របស់ខ្មែរដែលគ្មានគិតមុខក្រោយអ្វីសោះ ចេះតែពោលផ្លូចៗ អោយតែរួចពីមាត់ ដោយសារតែហត់​នឿយ​បន្ដិច​បន្ដួច​នោះ មិន​ដឹង​ថា​ ពុំ​នោល​នោះ​នាំ​អោយ​ខូច​កំលាំង​សា​មគ្គី​អ្វី​ទេ​។

   ម្យ៉ាងទៀតសម័យនោះ រាជការថៃគេបើកអំណាចអោយប្រមូលកូនទាហានដោយសំងាត់ មិនចង់អោយខ្ចរខ្ចាយ យើង​មិន​បាន​រក្សា​ការ​ សំងាត់​នោះ​សោះ ចេះ​តែ​បញ្ចេញ​អោយ​គេ​ឯង​ដឹង​លឺ​។ «ចរិត» យើងគឺដូច្នេះឯង ជំនុំគ្នាសុទ្ធតែថា ការ​សំងាត់ គ្មាន​នរ​ណា​ដឹង​លឺ​ទេ លុះ​ ដល់​ពេល​ចេញ​ពី​ជុំនុំ​មក​វិញ ក៏​ស្រាប់​តែ​ការ​សំងាត់​នោះ​ដឹង​លឺ​ឡើង​នៅ​ក្រៅ​ការប្រជុំតែម្ដង។

   ចំណែករាការថៃវិញ លុះដឹងថា រាជការបារាំង-ខ្មែរមុខជាទាញយកខែត្របាត់ដំបងទៅវិញនោះ ក៏តាំងចាប់ផ្ដើមផ្ដល់​​អា​វុធ​អោយ​ខ្មែរ​ឥស្សរៈ​ នេះ​។ ជា​ដំបូង​រាជ​ការ​សៀម​អោយ​មកក្រុមខ្មែរឥស្សរៈ មានកាំភ្លើងយន្ដមីទ្រីយើបួនដើម និងកាំភ្លើងមូស្កីតុង​ប្រ​ហែល​ម្ភៃ​ប្រាំ​ដើម ហើយ​ មាន​កាំ​ភ្លើង​ខ្លី​បី​បួន​ដើម​ថែម​ទៀត​។

   ហេតុអ្វីបានជាសៀមសុខចិត្ដផ្ដល់អាវុធអោយខ្មែរឥស្សរៈនៅពេលដែលខែត្របាត់ដំបង នឹងត្រូវបានមកខ្មែរវិញនោះ? ត្រង់​នេះ​ជា​រឿង​មួយ​ ដែល​យើង​ត្រូវ​គិត! គឺ​មក​ពី​គេ​ចង់​ប្រើ​ខ្មែរ​អោយ​បែរ​មុខ មិនតទល់ចំពោះតែបារាំងទេ គឺអោយតទល់ នឹងខ្មែរគ្នាឯង​នោះ​ថែម​ទៀត​។ ប៉ុន្ដែ​យើង​ ពុំ​បាន​ឆោត​ល្ងង់​ ដល់​ទៅ​យក​អាវុធ​មក​សំលាប់​ខ្មែរគ្នាឯងទេ ប៉ុន្ដែយើងត្រូវតែទទួលយក យកមកបំរើគោលបំណង​របស់​យើង គឺ​ឈម​មុខ​ ទល់​តែ​នឹង​ពួក​បារាំង​តែ​មួយ​បក្ស​ប៉ុណ្ណោះ​។

   ចំណែកកូនទានហានខ្មែរឥស្សរៈ កាលបើបានអាវុធខ្លះ ក៏កើតកំរើកចិត្ដគិតចង់ច្បាំង នឹងទ័ពបារាំងភ្លាមៗ ទោះបីហាត់រៀន​វិជ្ជា​យុទ្ធ​សាស្រ្ដ​ មិន​សូវ​ស្ទាត់​ស្ទាញ​ក៏​ដោយ​។ មួយ​ថ្ងៃ​ៗ ខ្ញុំ​ទទួល​ពួកអ្នកមកសុំចេញច្បាំងនោះយ៉ាងធុញ ខ្ញុំតែងឃាត់ថា កុំអាលសិនចាំ​អោយ​យើង​មាន​អាវុធ​ ច្រើន​បង្គួរ​សិន ហើយ​ចាំ​ហាត់​អោយ​ស្ទាត់​ជាងនេះបន្ដិចទៀតសិន។ ឯចំណែកមាខ្ញុំ ប៉ុក គុណ ហៅតាត្រលាចនោះ​វិញ ក៏​ឡើង​ចុះ​ក្រុង​បាង​ កក​ញឹក​ញាប់ រាជ​ការ​ខាង​សៀម​ឃើញ​ឯង​ទៅ​ងោច​ៗ​ពេក ក៏អោយកាំភ្លើងហាសិបដើមមកទៀត។

   សុំអោយអ្នកអានយល់ថា សៀមប្រុងតែអោយទេ ពីព្រោះគេត្រូវការអោយខ្មែរច្បាំងនឹងខ្មែរ ប៉ុន្ដែដោយគេត្រូវ​លាក់​គំនិត​គេ​នោះ​ផង​ គេ​ត្រូវ​ការ​អោយ​ក្រុម​ឥស្សរៈ​យើង ដឹង​គុណ​គេ​ផង ដូច្នេះគេត្រូវតែតឹងតែងដូច្នេះឯង។ អោយមកធូរពេកដូចជាគេ​ចង់​អោយ​ពេក​។ នេះ​ជា​ គំនិត​សៀម! ហើយ​សម័យ​នោះ ១៩៤៦ មក​ដល់​សម័យ​នេះ (ដែល​ខ្មែរ​យើងកំពុងទឹកចូលច្រមុះ) តើឃើញសៀម​មាន​ផ្ដល់​អ្វី​អោយ​យើង​ សំរាប់​រស់​ទេ?​។

អីពីឈ្មោះដាបឈួន

   កាលពីដើមដាបឈួននេះ ជានាយក្រុមនៃទាហានរបស់រាជការខ្មែរបារាំង ដែលច្បាំងនឹងសៀម។ កាលណោះរាជ​ការ​សៀម​ចេះ​ប្រើ​នយោ​ បាយ​លួង​លោម​ឃោ​សនា​ថា អោយ​តែ​មេ​ទាហាន នាយទាហានរង និងនាយក្រុមណាខាងខ្មែររត់ទៅចូល នឹង​សៀម សៀម​នឹង​តំ​លើង​សក្ដិ​ អោយ​ធំ​លើស​ពី​នៅ​ខ្មែរ​ទៅ​ទៀត​។ ឈ្មោះដាបឈួន កាលបើបានស្ដាប់ ឃោសនានេះ ដោយចង់បានសក្ដិយស​ខ្ពស់​ជាង​នេះ ក៏​តាំង​ដំក្បាល​ រត់​ចូល នឹង​ទាហា​សៀម​តែ​ម្ដង​។ ខាងទាហានសៀម ទទួលរាក់ទាក់ ហើយសន្យា នឹងដាបឈួនថា មិនអីទេ នឹង​បំពាក់​សក្ដិ​ធំ​ជាង​នៅ​ជា​មួយ​ ទាហាន​ខ្មែរ គឺ​អោយ​បាន​ពាក់​សក្ដិ​១​។ ដាប​ឈួន​មាន​អំណរណាស់ នឹកសង្ឃឹម ហើយរង់ចាំទទួលឋានៈនោះរហូត​ចប់​សង្គ្រាម​ខ្មែរ​ថៃ​ទៅ​។ ថ្ងៃ​ ក្រោយ​មក​រាជ​ការ​សៀម ប្រើ​ដាប​ឈួន​អោយ​មក​រក្សាភូមិត្រង់ម្ដុំស្វាយចេកដែលកាលនោះជាទល់ដែនខ្មែសៀម។ ដាប​ឈួន​រង់​ចាំ​សក្ដិ​ ដែល​សៀម​បំពាក់​នោះ​អស់​កាល​ដ៏​យូរ គ្មានឃើញនាយទាហានសៀមណា មកជួបនិយាយពីរឿងសក្ដិ​យស​អ្វី​សោះ ទើប​ភ្ញាក់​ខ្លួន​ថា អោ!​ អញ​ចាញ់​បោក​សៀម​ទេ​តើ! ប៉ុន្ដែ​ដាប​ឈួន គ្មាន​ផ្លូវនឹងគេចទៅណារួចទេ រត់ចូលមក ខាងរាជការខ្មែរវិញ ត្រូវ​គេបាញ់​ចោល ម៉្លោះ​ហើយ​ សុខ​ចិត្ដ​ខំ​ទ្រាំ​បំរើ​សៀម​ត​ទៅ តែ​ព្យា​យាម​ថាត្រូវតែរត់ថ្ងៃណាមួយ។

   និយាយពីខាងទ័ពខ្មែរឥស្សរៈយើងឯនេះវិញ កំពុងតែគៀរគររកគ្នាអោយបានច្រើន លុះស៊ើបដឹងថា ដាបឈួនឯណោះ​មាន​សេ​ចក្ដី​តូច​ចិត្ដ​ នឹង​សៀម កំពុង​តែ​រក​ច្រក​ចេញ​ពី​ទ័ព​សៀម ក៏ចាត់គ្នាអោយទៅទាក់ទងនិងដាបឈួន អោយដាបឈួនចូលមក​រួប​រួម​នឹង​ខ្មែរ​ឥស្សរៈ​វិញ​ម្ដង​។ ដាប​ឈួន​មាន​អំណរ​ណាស់ ព្រោះ​នៅ​ជា​មួយ​សៀមនោះ ដាបឈួនមានសេចក្ដីអត់ឃ្លាន លំបាកវេទនាជា​ទី​បំផុត ហើយ​ក្នុង​ចិត្ដ​ក៏​ឈឺ​ចាប់​ រាល់​ថ្ងៃ​ផង លុះ​ដល់​ត្រូវ​យើង​ហៅ​អោយ​មក​រួប​រួម​ដូច្នេះ ដាបឈួន ក៏ដូចជាបានរបូតពីខ្នោះឃ្នាង។ គាត់ក៏នាំ​​ប្រពន្ធ​គាត់ និង​កូន​ប្រុស​មួយ​(១)​ ភៀស​ចេញ​ពី​ស្វាយ​ចេក គាត់​មក​រក​ក្រុម​យើង​នៅ​អន្លង់វិលតែម្ដង។

   ខ្ញុំមិនពន្លើសទេ ដោយគាត់ត្រូវការអោយខ្ញុំសង្គ្រោះខ្លាំងពេក គាត់លូនសំពះខ្ញុំអំពីចំងាយ ព្រោះគាត់ដឹងថា គឺខ្ញុំនេះ​ហើយ​ជា​មេ​កោយ​ម្នាក់​ របស់​ក្រុម​ឥស្សរៈ គាត់​មក​ជិត​ក៏​និយាយ​អង្វរ​ដោយ​លើដៃប្រណម្យជាប់ថា សូមលោកម្ចាស់មេត្ដាអនុញ្ញាត​អោយ​ខ្ញុំ​បាទ​បាន​មក​នៅ​ជ្រក​ កោន និង​បំរើ​បក្ស​ពួក​លោក​ម្ចាស់​ផង! ខ្ញុំបាទសូមសន្យាថា នឹងបំរើបក្សលោកម្ចាស់ ដោយសេចក្ដីស្មោះត្រង់​ជា​ទី​បំផុត អោយ​ខ្ញុំ​បាទ​ស្បថ​ ជូន​លោក​ម្ចាស់​ក៏​ស្បថ​ដែរ ខ្ញុំ​បាទ​មិន​ក្បត់​លោកម្ចា ស់ទេ!។

   ពាក្យនេះដាបឈួន ដាក់ខ្លួនទាបពេកណាស់ ដែលខ្ញុំមិនចង់លឺពាក្យនេះផងទេ។ ខ្ញុំប្រញាប់អោយគាត់ងើបឡើង​ឈរ អោយ​ត្រង់​ខ្លួន​ធម្មតា​ ខ្ញុំ​និយាយ​ថា សូម​លោក​កុំ​ទុក​ខ្ញុំ​ជា​មនុស្ស​ធំ​ខ្ពស់អី សូម​ទុកជាមិត្ដម្នាក់ទៅចុះ លោកមកនេះខ្ញុំអរពេកហើយ ព្រោះ​យើង​នឹង​បាន​រួម​គ្នា​ធ្វើ​ការ​ ត​ស៊ូ​ត​​ទៅ​ទៀត! ឯ​ការ​ស្មោះ​ត្រង់​នោះ ខ្ញុំ​រិត​តែ​អរ​ណាស់ព្រោះក្រុម យើងត្រូវការនូវចិត្ដបែបនេះ! យើងអត់ឃ្លាន​មាន​ក្រ​យ៉ាង​ដូច​ម្ដេច ដូច​ៗ​ គ្នា! លោក​ថយ​ទៅ​ នឹង​គ្នី​គ្នា​ខ្ញុំ​ចុះ​!​។ ដាប ឈួន បន្ទន់​ខ្លួន​សំពះខ្ញុំសឹងបាក់ខ្នងថយទៅវិញ។ ប៉ុន្ដែអនាគតដាបឈួនបានធ្វើ​យ៉ាង​ណា ចំពោះ​ខ្ញុំ​វិញ​ នោះ អស់​លោក​អ្នក​នឹង​បាន​ឃើញ​ បានជ្រាបនៅពេលក្រោយ។ អំពើរបស់គាត់នោះហើយដែលខ្ញុំចងចាំអស់មួយ​ជីវិត ហើយ​ដែល​តែង​ថ្ងូរ​ រហ៊ឹះ​ថា នេះ​ហើយ​ចរិត​ខ្មែរ​ ...។

១ = កូនប្រុសនោះសព្វថ្ងៃនៅប្រទេសឥណ្ឌា។