គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១០
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
រឿងស្វាព្រាម១ បានមេស្វាអូវ ១ជាភរិយា
មានស្វាព្រាមមួយ ទៅបានមេស្វាអូវជាភរិយាស្វាព្រាមនោះ នាំមេភរិយាចេញចាកពួកស្វាអូវទាំងឡាយ ដែលជាញាតិ ទៅនៅទីជើងភ្នំ ស្វាព្រាមនោះស្រលាញ់មេភរិយាក្រៃពេក តាំងថ្នាក់ថ្នមពុំអោយទៅរកស៊ីនៅទីអែណាឡើយ ស៊ូទៅបេះផ្លែឈើ រឺអាហារអែណាដែលមេនោះចង់ស៊ី ហើយក៏អុស្សាហ៍នាំមកចិញ្ចឹមភរិយានោះតែសព្វថ្ងៃ។ លុះនៅយូរមកមានស្វាអូវឈ្មោលមួយវង្វេងព្រៃ ដើរទៅដល់ទីស្វាព្រាមនោះអែង ថ្ងៃនោះស្វាព្រាមទៅស្វែងអាហារអែព្រៃភ្នំ នៅតែមេភរិយាចាំទី អែមេនោះកាលឃើញស្វាឈ្មោលជាជាតិខ្លួនមកដល់ដូច្នោះ ក៏កើតក្ដីស្នេហាស្រលាញ់ចង់រួមផ្លូវបវេណី តាមជាតិខ្លួន ទើបសាកសួរដោយមាយាទៅថា «ហៃអ្នកកំលោះ អ្នកដើរមកនេះតើមកអំពីស្ថានណា អ្នកមកនេះតើមានបើប្រាថ្នារកអ្វីហៈ?។
អែស្វាឈ្មោលបានលឺពាក្យមេនោះសួរដូច្នោះ ក៏គិតថា មេនេះជាជាតិជាមួយនឹងអញ អញមកដល់ទីនេះ ពុំមានស្គាល់នរណាមួយឡើយ គួរហើយនឹងនិយាយប្រលោមអោយស្និទ្ធទុកជាមិត្ដជាញាតិ នឹងបានជាទីពឹងទៅខាងមុខ គិតហើយក៏ពោលតបទៅថា «អោនាងអើយ! ខ្លួនខ្ញុំនេះវង្វេងផ្លូវព្រៃ ដើរស្វែងរកពួកញាតិមិត្ដជាជាតិដូចគ្នា ក៏ពុំប្រទះនរណាមួយឡើយ ទើបតែថ្ងៃនេះ ជាបុញ្ញលាភបានមកប្រទះលើនាងជាជាតិដូចគ្នានៅនេះ អើនាង! ហេតុម្ដេចបានជានាងនៅតែអែង អ្នកជាប្រុសតើគាត់អញ្ជើញទៅអែណា មួយទៀតនាងជាជាតិស្វាអូវ តែងនៅដោយព្រៃរនាមនេះ ហេតុអ្វីមកនៅ នៅទីនេះតែអែងដូច្នេះ?»។
មេស្វាឆ្លើយថា «ខ្ញុំមានប្ដីជាជាតិស្វាព្រាមបានជាតាមមកនៅក្នុងទីនេះ អីលូវគាត់ទៅស្វែងរកអាហារហើយ ចុះអ្នកកំលោះអែងនឹងគិតទៅអែណា?។ ស្វាអូវក៏ឆ្លើយប្រាប់ថា «ខ្ញុំនេះមិនកំនត់ទេ ចិត្ដចង់នៅនាទីនេះដែរ តែខ្លួនម្នាក់អែងពុំមានញាតិមិត្រអែណាមួយជាទីពឹងពាក់អាស្រ័យសោះ គិតថាបើមានទីពឹងពាក់អាស្រ័យបាន ក៏នឹងនៅរកស៊ីនឹងគេតទៅ ថាបើពុំមានទេ នឹងវិលទៅលំនៅដើមខ្លួនវិញ។
អែមេស្វានោះ មានចិត្ដស្រលាញ់ស្វាអូវនោះខ្លាំងណាស់ ក៏ទទួលពាក្យថា «អ្នកអែងចូរនៅទីខ្ញុំនេះចុះ តែអ្នកអែងឆ្លើយថា ជាក្មួយខ្ញុំ មកសួរសុខទុក្ខខ្ញុំយ៉ាងនេះទើបអិតក្ដីរង្កៀស អីលូវនេះប្ដីខ្ញុំទៅព្រៃស្វែងរកអាហារពុំទាន់មក បើគាត់មកកាលណា ចូរបាអែងហៅគេលោកមាៗចុះយើងប្រាប់ប្ដីយើងថា បាអែងជាក្មួយមកតាមយើង មកសួរយើង ៗនឹងអោយចៅអែងនៅជាមួយផង កុំអោយប្ដីយើងគាត់មានចិត្ដរង្កៀសសង្ស័យនឹងចៅឡើយ ថាហើយមេស្វាប្រាប់ឈ្មោះម្ដាយអូវពុក នឹងឈ្មោះញាតិសន្តានអែណោះអោយចៅពានរនោះចាំឈ្មោះទាំងអស់ ដើម្បីប្ដីសួរសុខទុក្ខដល់វង្សញាតិ នឹងប្រាប់អោយត្រូវ អោយប្ដីជឿចិត្ដថា ជាកូនក្មួយខាងប្រពន្ធមែន មេស្វាប្រាប់ការនោះស្រេចហើយ ក៏នាំចៅពានរនោះចូលទៅក្នុងរូងភ្នំជាលំនៅខ្លួន ហើយសំដែងករិយាមាយាញ៉ាំងចិត្ដចៅពានរអោយទប់ពុំបាន ចៅពានរក៏ចូលរួមសង្វាសសេពមេថុន នឹងមេនោះអែង លុះរួចកិច្ចនោះហើយ ចៅពានរក៏ចេញមកខាងក្រៅ។
លុះដល់ពេលល្ងាច ស្វាព្រាមជាប្ដីមកដល់មេនោះ ក៏ធ្វើជាមាយាប្រើកិរិយាដូចជាគេត្រេកអរនឹងប្ដីក្រៃពេក គឺស្ទុះទៅទទួលប្ដីហើយស្រដីថា ថ្ងៃនេះខ្ញុំនឹកដល់អ្នកណាស់ ព្រោះក្មួយយើងទើបនឹងមកដល់ បានដំណឹងពីពួកញាតិយើងថា សុខសប្បាយជាទាំងអស់គ្នាទេ។ អែស្វាព្រាមពុំដឹងកលមាយាមេប្រពន្ធក៏នឹកស្មានថាមែនពិត ទើបសួរទៅថា ចុះក្មួយនោះនៅអែណា ទៅហៅវាមកមើល មេស្វាក៏ចេញទៅហៅអាសហាយនោះមក អានោះមកក៏សំពះសួរតាមភាសា ទើបស្វាព្រា មសួរដំណឹងពីពួកញាតិខាងប្រពន្ធនោះ តាមក្ដីដែលប្រាសមកនៅឆ្ងាយ អែចៅពានរនោះ ក៏ប្រាប់តាមសេចក្ដី គឺស្វាព្រាម នោះសួរដល់ឈ្មោះណា ចៅពានរក៏ប្រាប់តាមឈ្មោះនោះពុំអោយខុសឡើយ។
ចៅស្វាព្រាមបានលឺចៅពានរប្រាប់ឈ្មោះវង្សញាតិត្រកូលចំឈ្មោះដូច្នោះ ក៏អស់ក្ដីសង្ស័យ ជឿថាជាញាតិខាងប្រពន្ធខ្លួនពិត ទើបនិយាយថា «អើក្មួយអែងបានមកដល់ទីយើងនេះហើយ ក៏ចូរនៅរកស៊ីនឹងយើងចុះ បើចង់ទៅស្រុកវិញកាលណាចូរប្រាប់មា ៗជូនទៅ» ថាហើយក៏រៀបចំទីអោយចៅពានរនោះនៅក្នុងរូងថ្មជាមួយអាត្មា ហើយតែងនាំស្វាអូវនោះ ទៅស្វែងរកចំណីព្រៃ នាំមកចិញ្ចឹមគ្នាតាមភាពសត្វពានរហោង។
អែមេស្វានោះក៏លបលាក់សហាយនឹងអាស្វាអូវនោះ ជាប្រក្រតី ចៅស្វាព្រាមជាប្ដីពុំដឹងកលមាយានោះឡើយ ដោយការទុកចិត្ដថាជាញាតិជាក្មួយខ្លួនអែ ស្វាទាំងពីរតាំងពីបានរួមសេពកាមសង្វាសនឹងគ្នា ក៏កើតចិត្ដស្អប់ប្ដី គិតនឹងលួចទ្រព្យរបស់អោយបានច្រើនហើយនាំគ្នារត់ចោលស្វាព្រាម ទៅ នៅព្រៃរនាមវិញ។
មានកាលថ្ងៃមួយ មេនោះក្លែងធ្វើជាឈឺពុំសប្បាយ តាំងដេកនៅពុំនាំពា ក្លែងមាយាប្រាប់ប្ដីថា «ខ្ញុំ នេះតាំងពីកូនក្មួយមកនៅផង ក៏ពុំចេះជាឡើយ តែងក្ដៅក្រហាយរសាប់រសល់ ស៊ីពុំបានដេកពុំបានកើតរំខានខ្លាំង ខ្ញុំបានទៅរកហោរគន់គូរមើល គេថាត្រូវខ្មោចដូនតាមេបាខឹង ព្រោះកូនក្មួយមកដល់មិនគិតសែនព្រេនទទួលខ្មោច ហេតុដូច្នេះចូរអ្នកមេត្ដាប្រពន្ធចុះ ចូរអ្នកទៅព្រៃស្វែងរកឃ្មុំផ្លិតបានមួយសំបុកយកមកសែនដូនតាអោយខ្ញុំ ព្រោះដូនតាខ្ញុំគាប់ចត្ដិ នឹងឃ្មុំផ្លិត ទាល់តែមានឃ្មុំផ្លិតទើបទទួលសំនែននោះ នឹងធ្វើអោយបានជាសុខសប្បាយតទៅ ហើយថ្ងៃនេះកុំអោយ ក្មួយវាទៅព្រៃផងឡើយ ទុកអោយនៅជួយមើលជំងឺខ្ញុំ»។ អែស្វាព្រាមពុំដឹងកលមាយាព្រពន្ធឡើយ ក៏ជឿតាម ហើយអោយអាក្មួយនៅរក្សាមីង ខ្លួនអែក៏ចេញទៅស្វែងរកឃ្មុំហោង។
អែមេនោះ កាលប្ដីទៅបាត់ហើយ ក៏សប្បាយនឹងសហាយតាមកាលស្ងាត់ វានាំគ្នារើយករបស់ទ្រព្យយ៉ាងល្អៗ វេចស្ពាយហើយនាំគ្នារត់ចោលប្ដីទៅនៅអែព្រៃរនាម តាមក្ដីប្រាថ្នាវាហោង។ លុះដល់ពេលល្ងាច ស្វាព្រាមមកដល់បាត់អស់រលីង ស្វាព្រាមក៏ដឹងថា អានោះមេនោះវាពង្រត់គ្នាទៅចោលខ្លួនហើយ ស្វាព្រាមបានក្ដីក្ដៅក្រហាយដោយចាញ់កលមាយាស្រ្ដី ជាការធ្វើអោយបុរសដឹងមិនដល់បាន ជាការធ្វើអោយបុរសលង់បង់ប្រាណ មានសភាពដូច្នេះហោង។
រឿងនេះបានគតិដល់ស្រីជួ បានប្ដីជាតិដទៃអំពីជាតិខ្លួន ហើយទោះប្ដីនោះស្រលាញ់ថ្នាក់ថ្នមអោយសម្បត្ដិយ៉ាងណាក៏ដោយ តែឃើញប្រុសជាតិខ្លួនហើយក៏កើតត្រេកអរនឹងជាតិខ្លួនវិញ គឺបែរទៅស្រលាញ់ប្រុសជាតិជាមួយ ដូចមេស្វាអូវ ទៅសហាយនឹងអាស្វាអូវចោលស្វាព្រាមប្ដីដើមនោះអែង។
មួយទៀតមាយាស្រីខូចនោះជាការជ្រៅពេកណាស់ កំរបុរសជាប្ដីនឹងដឹងដល់ ដូចយ៉ាងមេស្វាអូវវាប្រចុបប្ដីអោយជឿចៅជាកូន ជាក្មួយ ជាញាតិសន្ដានធ្វើអោយប្ដីអស់ក្ដីរង្កៀស អស់ក្ដីសង្ស័យ យកអាសហាយអោយនៅជាមួយផងបាន មួយទៀតស្រីខ្លះវាចេះបង្រ្គបទៅលើម៉ែអូវវិញក៏មាន ដូចនិទានបុរាណមានមកថា៖
រឿងស្រីផិតប្ដីបិទមិនអោយប្ដីដឹង
កាលនោះមានត្រកូល១ តាំងលំនៅៗខាងធ្លាផ្សារធំប្រជុំមនុស្សច្រើន ត្រកូលនោះមានកូនប្រសាស្រីម្នាក់ មេនោះជាស្រីអ្នកលេងគប់ប្រុស សហាយវាចេះរកអុបាយបិទមិនអោយប្ដីដឹង កាលណាវាចង់ដេកនឹងសហាយ វាអោយសហាយនោះមកដេកចាំនៅរានខាងជ្រុងរបងផ្ទះ លុះដល់រាត្រីស្ងាត់ ប្ដីដេកលក់វាក៏លបចុះទៅដេកនឹងសហាយនោះអែង។ ថ្ងៃមួយ ពេលយប់ចូលជាមជ្ឈឹមយាម តាព្រាហ្មណ៍ជាអាពុកក្មេកចុះទៅបង្គន់ ដោយគាត់ហើមពោះ គាត់អុជទៀនកាន់ដើរទៅ ដល់រាននោះ បានឃើញកូនប្រសា ដេកអោបប្រុសសហាយ ទើបគាត់គិតថា អញនឹងស្រែកឡូឡាឡើងក្នុងកាលអីលូវ នេះយល់មិនគួរអញគិតយកតែរបស់សំខាន់ទុកអោយកូនអញវាមើលជាភស្ដុតាងចុះ តាព្រាហ្មដើរលបៗទៅដោះយក កងជើងអំពីជើងមេកូនប្រសានោះបានម្ខាង ហើយក៏វិលឡើងមកផ្ទះដោយប្រញាប់ មិនទាន់បានប្រាប់អោយគេអែងនៅជិតខាងដឹងលឺឡើយ គាត់ក៏យកកងនោះដាក់ក្នុងប្រអប់ស្លា។
អែមេនោះក្នុងខណៈដែលដេកនឹងប្រុសសហាយហើយ ដែលអាពុកក្មេកដោះយកកងជើងទៅនោះ វានឹងបានដេកលក់ក៏ទេ វាដឹងអូវពុកក្មេកដោះយកកងដែរ តែវាក្លែងសំងំធ្វើជាលក់ដោយអៀននឹងអាពុកទាន់ លុះអាពុកទៅផ្ទះហើយទើបវាដាស់ប្រុសសហាយនោះ អោយក្រោកឡើងប្រាប់អោយរត់ទៅ ខ្លួនវាក៏ត្រលប់ឡើងទៅលើផ្ទះ ចូលទៅដេកនឹងប្ដី ហើយដាស់ប្ដីអោយភ្ញាក់ឡើង ទើបវាក្លែងពោលថាក្ដៅណាស់ដេកមិនលក់ទេ ហើយវាបបួលចៅប្ដីទៅដេកនៅរានខាងរបងផ្ទះដែលវាដេកនឹងប្រុសសហាយនោះ លុះដល់ពេលទៀបនឹងភ្លឺ មេនោះវាក្លែងស្រែកឡូឡាឡើងថា ហេតុអ្វីមក កំហែងខ្ញុំតែផ្ដាសដូច្នេះ។
អែចៅប្ដីបានលឺដូច្នោះ ក៏ភ្ញាក់ឡើងភិតភ័យតក់ស្លុត ទើបសួរភរិយា ៗប្រាប់ថាខ្ញុំនឹងអ្នកដេកនៅនេះ បិតាអ្នកជាមនុស្សចាស់ទុំពុំមានក្ដីអៀនខ្មាស់ ចុះមកចាប់ជើងខ្ញុំដោះយកកងជើងខ្ញុំទៅ។ អែចៅប្ដីបានស្ដាប់ពាក្យភរិយាថាដូច្នោះ ក៏ខឹងនឹងអាពុកខ្លួន ទើបម្នីម្នាឡើងទៅលើផ្ទះ ហើយនិយាយនឹងអាពុកថា «គួររឺ អូវអែងធ្វើអំពើមិនគួរយ៉ាងនេះ»។ អែបិតា ក៏បើកប្រអប់យកកងមកអោយកូនមើលហើយប្រាប់ថា «វេលាយប់មិញនេះ ភរិយាចៅអែងវានាំប្រុសសហាយមកដេកនៅលើរានខាងផ្ទះ វាដេកលក់ទាំងពីរនាក់ អញចុះទៅឃើញ អញគិតថានឹងស្រែកឡូឡាឡើង ខ្លាចវាបានក្ដីខ្មាសអស់ពួកអ្នកស្រុក ទើបអញដោះយកតែកងជើងម្ខាងជាទីអាងមកទុកអោយកូនអែងមើលជាសាក្សី» បិតានិយាយមិនទាន់អស់សេចក្ដី កូនមិនជឿក៏ពោលកាត់ថា «ខ្ញុំបាទប្ដី និងប្រពន្ធនាំគ្នាចុះទៅដេកនៅរាននោះ អូវអែងជាមនុស្សចាស់មិនពិគ្រោះមើលអោយមែនទែន ចូលទៅលួចដោះយកកងប្រពន្ធខ្ញុំ ហើយមកពោលដាក់ទោសកូនប្រសា ថាគប់ប្រុសសហាយ អោយបានក្ដីអាស្រូវ បារាយខ្មាសគេយ៉ាងនេះ គួររឺធ្វើជាចាស់មកពាលោពោលបង្ខូចគេយ៉ាងនេះ ប្រពន្ធខ្ញុំវាដេក នឹង សហាយអែណា វាដេកនឹងខ្ញុំទេតើ។
អែបិតានោះលុះលឺកូនថាមិនជឿពាក្យខ្លួនដូច្នោះក៏ស្ងៀម ទើបនិយាយថា «អើយើងជាចាស់មិនពិគ្រោះ ទៅយកអំពើអាក្រក់មកទំលាក់ដាក់ប្រពន្ធចៅអែងមែន ណ្ហើយចុះ យើងខុសហើយយើងសូមខមាទោសផងចុះ។ ចៅប្ដីមិនដឹងកល មាយាភរិយាខ្លួនធ្វើល្មើសគប់ប្រុសសហាយ ហើយក្លែងកំហែងបិតាវិញថា បិតាញុះញង់បំបាក់បំបែកប្រពន្ធខ្លួន អស់ក្បួនស្រីមាយាតែត្រឹមនេះ។