គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១០
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
១ -សត្វភេពីររកអាហារ
មានសត្វភេពីរ ភេមួយដើររកត្រីខាងទឹកជ្រៅ ភេមួយទៀតដើររកត្រីខាងទឹករាក់។ ថ្ងៃមួយភេទាំងពីរចុះស្ទឹងមុជទឹកដេ ញចាប់ត្រី បានត្រីរ៉ស់មួយទើបនាំគ្នាទាញឡើងគោក ដើម្បីនឹងចែកគ្នា។ ភេខាងទឹកជ្រៅពោលថា «យើងមុជដើរខាងទំ ជំរៅបានក្ដីលំបាកច្រើន ដូច្នេះយើងត្រូវបានចំនែកខាងក្បាល»។ អែភេខាងទឹករាក់ក៏ឆ្លើយថា «ត្រីនេះកុំតែបានយើងស្ទាក់នៅទឹករាក់កុំអីវារួចខ្លួនទៅទីណាៗបាត់ហើយ ដែលបានត្រីនេះ ក៏ព្រោះកំលាំងយើងៗ ស្ទាក់ចាប់បាន ដូច្នេះចំនែកខាងក្បាលនោះត្រូវបានយើង។
អែភេទឹកជ្រៅពុំព្រមចែក ទើបភេទាំងពីរកើតឈ្លោះគ្នា នាំគ្នាទៅរកចចកជាចៅក្រមអោយចែកអោយ អែចចកនោះជាសត្វលោភ កាលបើភេទាំងពីរមកប្ដឹងអោយចែកត្រីដូច្នោះ ក៏សួរទៅថា «ភេណាដើរទឹកជ្រៅ ភេណាដើរទឹករាក់?» ភេទាំងពីរក៏ថ្លែងសេចក្ដីប្រាប់តាមទីដំណែងខ្លួនទីទៃៗ ទើបចចកកាត់ត្រីនោះជាបីភាគ ភាគក្បាលអោយទៅភេដែលដើរទឹកជ្រៅ ភាគកន្ទុយអោយទៅភេដែលដើរខាងទឹករាក់ ភាគកណ្ដាលចចកយកបរិភោគខ្លួនអែង ហើយថាយើងចែកនេះជាយុត្ដិធម៌ល្អហើយ បើរូបណាពុំសុខចិត្ដ អោយទៅប្ដឹងសាលាណាទៀតចុះ។ អែភេទាំងពីរ កាលណាបើឃើញ ចចកវាយយកភាគកណ្ដាលអស់ដូច្នោះ ក៏តូចចិត្ដនឹកស្ដាយចំណីរបស់ខ្លួនពន់ពេកណាស់ តែភេទឹករាក់ដែលបានកន្ទុយត្រីនោះ ពុំសុខចិត្ដខ្លាំង គិតថាកន្ទុយត្រីនេះមានសាច់ក៏តិច សាច់សោតក៏អិតជាតិ ស៊ូខាងក្បាលពុំបាន សាច់ក្បាលវិសេសជាង អីលូវចចកកាត់ក្ដីអោយទៅខាងភេទឹកជ្រៅហើយ អញនេះ ឃើញថាចាញ់ប្រៀបគេខ្លាំងណាស់ បើដូច្នេះមានតែតវ៉ារើរកចៅក្រមថ្មីអោយចែកម្ដងទៀត គិតហើយភេនោះក៏តវ៉ានឹងភេទឹកជ្រៅថា «អ្នកអែងស្វែងមុជខាងទឹកជ្រៅក៏ពិតមែន តែសំរេចបានត្រីនោះ ក៏ព្រោះយើងខាងទឹករាក់នៅស្ទាក់ទើបចាប់ត្រីនេះបាន មួយសោតក្ដីនឿយក្ដីលំបាកនោះ នឹងលើសគ្នាក៏ទេ នឿយដូចៗគ្នា អើហេតុអ្វីអ្នកអែងបានសាច់ខាងក្បាល មានទំងន់ជាងសាច់កន្ទុយយ៉ាងនេះ សាច់ក្បាលនោះ គួរបានមកយើងខ្លះទើបត្រូវ បើអ្នកអែងមិនបែងអោយយើងទេ យើងនឹងប្ដឹងតទៅសាលាអែទៀត អោយលោកចែកតាមច្បាប់ម្ដងទៀត។ អែភេទឹកជ្រៅក៏ឆ្លើយថា «បើអ្នកអែងមិនសុខចិត្ដ ចង់ទៅប្ដឹងអែណាទៀតក៏ទៅចុះ ស៊ូអោយអស់ក្បាលអស់កន្ទុយខានស៊ីទាំងអស់គ្នាទៅចុះ»។
អែភេទឹករាក់ ក៏ទៅកាន់សំណាក់នៃខ្លាត្រី ដល់ហើយក៏ចូលទៅប្ដឹង តាមរឿងដែលភេទឹកជ្រៅមិនចែកភាគក្បាលត្រីអោយនោះសព្វប្រការ។ អែខ្លាត្រីបានលឺដូច្នោះ ក៏តបថា «អើ ចចកកាត់ចែកអោយយ៉ាងនោះមិនត្រូវតាមច្បាប់ក្នុងមាត្រាចូលហ៊ុនគ្នាទេ ច្បាប់ចូលហ៊ុននោះត្រូវតែចែកអោយស្មើភាគគ្នា នឹងកាត់យល់ដោយផ្លូវជ្រៅ ផ្លូវរាក់នោះអែណាក៏បានព្រោះ ក្ដីនឿយ ក្ដីលំបាកចុះកំលាំងដូចគ្នា រឿងនេះត្រូវថ្លឹងដាយត្រាជូ ទើបគួរទើបសមគ្នា នឹងផ្លូវយុត្ដិធម៌បាន» ថាហើយខ្លាត្រី ក៏លើកយកត្រាជូមកតាំងហើយយកក្បាលត្រីដាក់លើអ៊ុយម្ខាង យកកន្ទុយត្រីដាក់លើយអ៊ុយម្ខាង តាំងថ្លឹងមើលដោយទំងន់ប៉ុង។
អែក្បាលត្រីដោយមានឆ្អឹងធំក៏ធ្ងន់ចុះ ខ្លាត្រីក៏ថា «អះអាខាងនេះមានទំងន់ជាង ត្រូវយកសាច់ចេញខ្លះទើបបាន» ថាហើយក៏លូកយកក្បាលត្រីចេញចាកអ៊ុយ ហើយអោនខាំស៊ីត្រង់សាច់អម ក ហើយដាក់ថ្លឹងទៀត ថ្លឹងទៅខាងក្បាលស្រាលបះ ឡើងខាងកន្ទុយក៏ធ្ងន់ចុះ។ ខ្លាត្រីក៏ថា «អះតា ខាងនេះចាស់ជាង ត្រូវយកសាច់ចេញខ្លះ»។ ថាហើយក៏លូកយកកន្ទុយចាកចេញពីអ៊ុយ ហើយអោនខាំស៊ីសាច់ខាងគល់កន្ទុយនោះ ហើយដាក់ថ្ងឹងទៀត ថ្លឹងទៅខាងកន្ទុយស្រាលបះឡើង ខ្លាត្រីក៏លូកយកក្បាលមកខាំស៊ី ហើយដាក់ថ្លឹងតទៅទៀត។ ខ្លាត្រីថ្លឹងត្រីក្លែងមិនអោយស្មើ ចេះតែស៊ីទៅស៊ីមក ទាល់តែអស់ សាច់ រេចនៅសល់តែឆ្អឹងទាំងសងខាង ទើបថ្លឹងអែក្រោយអោយស្មើបាន ហើយក៏ដាក់ចុះចាកត្រាជូ ហៅភេទាំងពីរថា «ចៅអែងទាំងពីរចូលមើលចុះ យើងថ្លឹងចែកនេះត្រូវដោយយុត្ដិធម៌ល្អហើយ តាមចិត្ដចៅណាយកភាគខាងណាក៏មកយកទៅចុះ ភាគទាំងពីរនេះមិនលើសមិនខ្វះទេ»។ អែភេទាំងពីរបានឃើញកិរិយាខ្លាត្រីក្លែងថ្លឹងស៊ីសាច់អស់ខាងក្បាលនៅតែរលា ខាងកន្ទុយនៅតែចុងជាយ នឹងយកទៅអាស្រ័យពុំបានដូច្នោះ ក៏កើតខឹងចិត្ដស្ដាយគំនិតប្រព្រឹត្ដខុស លុះទៅដោយក្ដីលោភចង់បានតែអែង មិនបែងបទអធ្យាស្រ័យ ក្ដីសាមគ្គីនឹងគ្នា កើតខឹងប្ដឹងផ្ដល់ទល់តែអស់ស្បៀងរៀងខ្លួន រកទាំងពីរកើតវិប្បដិសារី រំលឹកក្ដីខ្លួនធ្វើខុសកើតក្ដៅក្រហាយ ហើយក៏បោលចោលចំណែកខ្លួនទៅកាន់លំនៅនៃអាត្មាទីទៃៗហោង។ រឿងនេះអញ្ជើញប្រាជ្ញមានបញ្ញាពិចារណាទៅចុះ។
ភេអើយភេពីរ | ខេះខឹងមមីរ | បែកក្ដីសាមគ្គា |
ព្រោះលោភលាភអែង | មិនបែងចែកគ្នា | ទៅប្ដឹងដល់វា |
ចចកចែកអោយ។ | ||
ធម្មជាតិចចក | ជាសត្វនៃនក | វាយយកចំណែក |
កណ្ដាលសាច់ច្រើន | ចំរើនអ្នកចែក | ចុងដើមបំបែក |
បានភេទ្វេហា។ | ||
ក្រោយភេចោទខឹង | ពាំត្រីទៅប្ដឹង | ខ្លាត្រីទៀតណា |
ខ្លាតាំងត្រាជូ | ថ្លឹងផ្គូភ្នែកត្រា | ទំរាំស្នើគ្នា |
នៅសល់តែឆ្អឹង។ |
ចប់តំរាចៅក្រមកោង ជាគតិទី៦៥
រឿងបុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស
មានព្រាហ្មណ៍ម្នាក់ នៅក្នុងនគរពារាណសី ព្រាហ្មណ៍នោះលុះធ្វើកាលកិរិយាស្លាប់ទៅ ទៅកើតជាសុវណ្ណហង្សមួយ នៅក្នុងព្រៃហិមពាន្ដ ហង្សមាសនោះរំលឹកជាតិកំនើតខ្លួនបានដឹងថា នាងព្រាហ្មណ៍ជាប្រពន្ធខ្លួន និងនាងធីតាទាំងឡាយ ជាកូនខ្លួនដល់នូវក្ដីក្រីក្រតោកយ៉ាក លំបាកទុគ៌ត រកស៊ីដោយការបំរើស៊ីឈ្នួលគេដូច្នោះ ក៏កើតចិត្ដអានិតដល់ប្រពន្ធកូនក្រៃពេក ទើបហើរមកកាន់ផ្ទះកូនប្រពន្ធនោះ ហើយនិយាយប្រាប់រឿងខ្លួនជាស្វាមីជាបិតា ស្លាប់ទៅកើតជាសុវណ្ណហង្ស មកនេះដើម្បីនឹងជំរុះស្លាបមាស ១-២ អោយកូនប្រពន្ធយកទៅលក់ចិញ្ចឹមជិវិត កុំអោយកូនប្រពន្ធធន់ទៅធ្វើការស៊ីឈ្នួលគេឡើយ ហង្សប្រាប់សេចក្ដីសព្វប្រការហើយ ក៏ជំរុះស្លាបមាស ១អោយទៅនាងធីតាហើយផ្ដាំថា បើកូនប្រពន្ធលក់ស្លាបមាស១នេះ ចាយអស់កាលណា សឹមយើងមកជំរុះអោយក្នុងកាលនោះទៀត ផ្ដាំហើយហង្សមាសក៏លាកូនប្រពន្ធហើរវិលទៅកាន់លំនៅនៃអាត្មា អៃដ៏ព្រះហិមពាន្ដវិញហោង។
អែងនាងព្រាហ្មណ៍ និងធីតាទាំងឡាយ ចាប់ផ្ដើមពីបានស្លាបហង្សមាស លក់ចំណាយចាយចិញ្ចឹមជីវិតមក ក៏លែងទៅធ្វើការស៊ីឈ្នួលអ្នកអែណា អុស្សាហ៍សន្សំទ្រព្យធនបានឡើងជាអ្នកមានគ្រាន់បើ អែសុវណ្ណហង្សនោះ តែងមកជំរុះស្លាបអោយគ្រប់ៗកាល។ លុះចំនេរតមក នាងព្រាហ្មណ៍កើតលោភចេតនាប្រាថ្នាចង់បានចង់មានឆាប់ ទើបនិយាយនឹងធីតាអាត្មាថា «កូនអើយ! យើងមានប្រាក់ចាយបាយស៊ី សព្វថ្ងៃនេះក៏ព្រោះហង្សជាបិតានាងអែង មកជំរុះស្លាបមាសអោយយើង ក្នុងកាលម្ដងៗ តែនឹងទៅទុកចិត្ដសត្វតិរច្ឆានអែណាបាន ប្រសិនបើហង្សមិនមកយើងនឹងបានអ្វីចាយទិញដូរវត្ថុអាស្រ័យតទៅ ហេតុនេះម្ដាយយល់ថា បើហង្សនោះមកក្នុងថ្ងៃណា យើងនឹងនាំគ្នាចាប់ដកយកស្លាបយករោមអោយអស់រលីង ទុកជាទុនបានច្រើនទៅមុខតែម្ដង កុំអោយមានក្ដិភិតភ័យ នឹងក្ដីក្រតទៅទៀត»។
អែនាងធីតាទាំងឡាយ លឺម្ដាយបបួលដូច្នោះ ក៏ហាមម្ដាយថា «ការដែលម៉ែអែងគិតនេះ មិនត្រូវទេយើងជាកូនមិនព្រមធ្វើតាមឡើយ»។ ថ្ងៃមួយសុវណ្ណហង្សមកកាន់ផ្ទះ ដើម្បីនឹងជំរុះស្លាបអោយ អែនាងព្រាហ្មណ៍ក៏ស្រដីលួងលោមសំណេះសំណាលនឹងហង្សនោះដោយមាយា បានជិតហង្សកាលណាក៏ចាប់ហង្សនោះជាប់ហើយសង្កតដកយករោមស្លាបកន្ទុយ ហង្សនោះទល់តែអស់អិតសល់ ហង្សនោះបានក្ដីទុក្ខវេទនា ដោយគេដកស្លាបពន់ពេកណាស់ ខំបំរះលូនចូលទៅក្នុងទីមានរបាំងបាំងខ្លួននៅបាន អែរោមស្លាបទាំងឡាយ ក៏ក្លាយជាពណ៌សដូចស្លាបកុកទាំងអស់ នាងព្រាហ្មណីយកទៅលក់អោយគេ ក៏ពុំមាននរណាត្រូវការទិញយកឡើយ។
ហង្សនោះទ្រាំទុក្ខវែទនានៅត្រាតែរោមថ្មីដុះឡើងហើរបាន ក៏ហើរទៅកាន់ព្រៃហិមពាន្ដ ពុំបានមកកាន់ផ្ទះនាងព្រាហ្មណីនោះទៀតឡើយ ចាប់ផ្ដើមពីថ្ងៃនោះមក នាងព្រាហ្មណីនោះខាតលាភ គឺពុំមានអ្វីលក់ដូរចែកចាយដូចកាលថ្ងៃមុនៗ នោះទៀតឡើយ ក៏ធ្លាក់ខ្លួនជាស្រីទុរគតវិញហោង។
រឿងនេះបានជាគតិដល់បុគ្គលមានក្ដីមហិច្ឆតា ប្រាថ្នាចង់បានច្រើនតែម្ដង ក្ដីលោភនោះនាំអោយខាតលាភវិញ ព្រោះអំពើធ្វើហួសប្រមាណក្នុងកាលលាភនឹងអោយដូចអ្នកបេះផ្លែឈើដំណាំ គឺចាប់មែករលើងរិសគល់អស់តែម្ដង បុគ្គលប្រាថ្នាលាភ លើសកាលកំនត់មិនសន្សឹមៗទៅតាមកាល លោភចង់អោយបានច្រើនតែម្ដង លាភនោះនឹងខាតនៅត្រឹមនោះ ពុំបានអោយផលតទៅទៀត ដូចនាងព្រាហ្មណីលោភដករោមហង្សបង់លាភវិញនោះអែង។
មួយទៀត ដូចនិទានចៅបុរសម្នាក់ ចិញ្ចឹមមេមាន់ដើម្បីយកពងលក់ មេមាន់នោះលុះដល់កំនត់ពង ក៏ពងក្នុង១ថ្ងៃមួយៗ រៀងទៅតាមធម្មតា អែចៅម្ចាស់មាន់លោភចង់បានច្រើនតែម្ដង ក៏ចាប់មេមាន់នោះ មករឺតយកពងអោយអស់តែម្ដង អែពងខ្ចីពងចាស់ទាំងឡាយ ក៏បែកល្អិតខ្ចេចខ្ទី ដោយដៃចៅនោះរឺតច្របាច់យ៉ាងខ្លាំង ទាំងមេមាន់សោតធន់នៅពុំបាន ក៏ស្លាប់វិនាសបង់ក្នុងកាលនោះអែង ចៅម្ចាស់មាន់ក៏បង់លាភនៅត្រឹមនោះអែង។ បុគ្គលបន្ទាន់ចង់មានឆាប់ មិនធ្វើតាមសន្ដាប់សន្សឹមៗ ទៅបំបោលតែម្ដងការនោះមិនស្ថាពរថិតថេរចេរកាលឡើយ សឹងធ្លាក់នៅក្នុងកាលវិនាសវិញហោង។ មួយទៀត បុគ្គលរៀនសូត្រវិជ្ជាអ្វីៗ ហើយបន្ទាន់ចង់ឆាប់ក្ដី បុគ្គលស្វែងទ្រព្យបន្ទាន់ចង់ឆាប់ក្ដី បុគ្គលឡើងភ្នំ បន្ទាន់ចង់ឆាប់ក្ដី បុគ្គលសេពកាមគុណ បន្ទាន់ចង់ឆាប់ក្ដី បុគ្គលខឹងរហ័សក្ដី បុគ្គលទាំង៥ពួកនេះ សឹងបាក់ធ្លាក់នៅកណ្ដាលផ្លូវ ទៅមិនដល់ត្រើយឡើយ។
បទហាមការបន្ទាន់ ការរហ័សនេះ មានក្នុងបទបាលីក្នុងលោកនីតិថាដូច្នេះ៖
សិនេ សប្បំ សិនេ ធនំ សិនេ បព្វតមារុយ្ហំ សិនេ កាមស្ស កោធស្ស សិនេ បញ្ចគុណេ អិមេ : ប្រែថា៖
រៀនសិល្បកុំរានបន្ទានញាប់ | ស្វែងរកទ្រព្យសន្សំកុំខំខ្លាំង |
ឡើងភ្នំសន្សឹមកុំប្រណាំង | សេពកាមតាមកំលាំង តិចៗរ៉ា។ |
ខឹងឃារតិចៗកុំអោយស៊ីន | កាមគុណទាំង៥ជាមាត្រា |
សន្សឹមតិចៗមើលកិរិយា | លោកថាសន្សឹមកុំបំបោល។ |
ហង្សអើយហេមហង្ស | ហើរទៅស្រោចស្រង់ | ភរិយាធីតា |
ជំរុះស្លាបអោយ | ដោយក្ដីមេត្ដា | មិនដឹងកលវា |
ភរិយាលោភធំ។ | ||
លោភលន់លើសកាល | មិនដើរកន្ដាល | សន្សឹមសន្សំ |
ដក់អស់តែម្ដង | គររាងទាំងគម្ព | រំលើងរំលំ |
រំលាយលភលាញ |