គតិលោក
ឬច្បាប់ទូន្មានខ្លួន ភាគ៨
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
រឿងចៅទ្រិសបានប្រពន្ធក្នុងវាំង
មានបុរសម្នាក់ឈ្មោះចៅទ្រិស ជាជាតិអ្នកស្រុកចំការលើ បានមកនៅក្នុងព្រះនគរ ហើយបានស្រីពួកអស់អ្នកក្នុងវាំងជាភរិយា អែនាងភរិយានោះ តែប្ដីផុតធុរៈការកាលណាតែងប្រដៅប្ដីអោយរៀនពាក្យភាសារាជសព្ទរឿយៗ ព្រោះខ្លួននៅបំរើពួករាជត្រកូលក្នុងវាំង អែចៅទ្រិសអុស្សាហ៍ទន្ទេញរាជសព្ទចាំបានស្ទាត់គ្រប់សព្ទ តែពុំមានប្រាជ្ញានឹងគិតថា សព្ទអស់នេះ និយាយបានតែចំពោះរាជត្រកូលមួយនោះក៏ទេ គិតសំគាល់ថា សព្ទអស់នោះនិយាយបានទូទៅទាំងអស់គ្រប់មនុស្ស លុះនៅយូរមក មានកាលថ្ងៃមួយចៅទ្រិសទៅរកនេសាទត្រីក្នុងទន្លេ បានហើយក៏ដាក់ទូកចែវចូលទៅលក់នៅ នាក់កំពង់ផ្សារត្រី ហើយស្រែកពពាយនាយថា «អឺអស់លោកអ្នកទាំងអស់គ្នា សូមអញ្ជើញយាងចុះមកទិញមច្ឆាយកទៅ ធ្វើក្រយាស្ងោយសោយតាមក្ដីប្រាថ្នា»។
អែបណ្ដាអ្នកកំពង់ទាំងឡាយក៏នាំគ្នាទៅទិញត្រីសួរថ្លៃថា «អានេះតើថ្លៃប៉ុន្មាន?។ ចៅទ្រិសក៏ប្រាប់ថា «អានេះនៅមានព្រះជន្ម ថ្លៃវាពីរតំលឹង អានោះទើបតែនឹងសោយព្រះវិលាល័យក្ស័យព្រះជន្មា ថ្លៃវាតែមួយដំលឹងពីរបាទទេ អានោះបែកព្រះសិរ ចេញព្រះលោហិតនៅស្រស់ៗ ថ្លៃវាតែប្រាំបាទទេ ទ្រង់អញ្ជើញទិញយកចុះ។ អែមហាជនទាំងឡាយបានលឺចៅនោះនិយាយរាជសព្ទដូច្នោះ អ្នកខ្លះសើច អ្នកខ្លះហាមថាកុំនិយាយយ៉ាងហ្នឹង ជាទីរំខានត្រចៀកអ្នកនគរណាស់ អែចៅទ្រិសមិនស្ដាប់ មិនតាមគេបង្គាប់ ចេះតែនិយាយរាជសព្ទនោះដដែល។ គ្រាកាលនោះ មានចៅម្នាក់រំខានត្រចៀកខ្លាំងណាស់ អត់ពុំបាន ក៏ក្រោកទៅទះមាត់ចៅទ្រិស ៗ ខឹងហើយនិយាយទៅវា «អ្នកអែងទិញត្រី ហេតុអ្វីក៏យកព្រះហត្ថមកទះព្រះអោស្ឋខ្ញុំយ៉ាងនេះ បើអ្នកអែងមិនទ្រង់ទិញក៏តាមព្រះរាជហរិទ័យចុះអេះ»។ អ្នកដែលទះ និងអ្នកទិញទាំងអស់នោះ លុះបានលឺពាក្យចៅនោះពោលដូច្នោះ ក៏នាំគ្នាសើចកងរំពងឡើង ហើយត្មះតិះដៀលថា «អ្នកអែងនេះជាមនុស្សមិនដឹងប្រមាណក្នុងពាក្យនិយាយ គួររឺរាជសព្ទនេះ សំរាប់និយាយតែក្នុងរាជត្រកូលមានស្ដេចគ្រងរាជជាដើម មិនដែលមានអ្នកយកមកនិយាយលាយរាស្រ្ដសព្ទស្ដាប់រំខានត្រចៀកយ៉ាងនេះទេ នែចៅអើយ ចៅអែងកុំថ្លែងពាក្យស្ដេចបញ្ចូលនឹងពាក្យរាស្រ្ដតទៅទៀតឡើយ។
អែចៅទ្រិសលុះបានលឺគេត្មះតិះដៀលដូច្នោះ ក៏នឹកខឹងមហិមា តែមិនហ៊ានថាអ្វីតនឹងគេទៅទៀត ខំឆ្លៀតលក់ត្រីទាល់តែអស់ ហើយក៏ចែវទូកវិលទៅផ្ទះ ដល់ហើយក៏បន្ទោសប្រពន្ធថា «អើម៉ែអាទូច អែងបង្ហាត់អញអោយរៀនរាជសព្ទនោះអញខំទន្ទេញទំរាំចាំចេះបាន អញនឹកស្មានថារាជសព្ទនោះ ជាពាក្យខ្ពង់ខ្ពស់ពាក្យពីរោះ អីលូវត្រលប់ជាមានគ្រោះ អោយគេគោះមាត់សឹងនឹងបែក» ថាហើយក៏នាំសេចក្ដី ដែលខ្លួនទៅលក់ត្រី បានពោលរាជសព្ទ ត្រូវអ្នកផ្សារគេទះមាត់ ឃាត់មិនអោយនិយាយនោះ មកសារសព្ទប្រាប់នាងប្រពន្ធសព្វប្រការ។
អែនាងភរិយាដឹងការដូច្នោះក៏សើចញឹមៗ ហើយថា «ខ្ញុំអោយរៀនរាជសព្ទទុកសំរាប់និយាយតែក្នុងរាជត្រកូលទេ នឹង បានអោយទៅនិយាយលាយនឹងរាស្រ្ដសព្ទ គឺភាសារាស្រ្ដនោះកាលណា ខ្ញុំនឹកស្មានថាអ្នកចូលចិត្ដសេចក្ដីអស់ហើយ បានជាមិនហាមអ្នកក្នុងកាលនិយាយ នឹង រាស្រ្ដដូចគ្នានោះ អើពីថ្ងៃនេះទៅ ចូរអ្នកចាំទុកចុះ បើបានចូលទៅគាល់ហ្វៅព្រះបរមរាជា សឹមអ្នកនិយាយរាជសព្ទនេះ បើនិយាយនឹងរាស្រ្ដដូចគ្នាទេ ត្រូវនិយាយរាស្រ្ដសព្ទ តាមធម្មតារាស្រ្ដទៅចុះ»។
រឿងនេះ បានគតិដល់អ្នកឆោតអ្នកទិដ្ឋិប្រកាន់តំរាដើម ដែលខ្លួនបានរៀនមក ពុំដឹងវិធីតំរានោះជាគេប្រើក្នុងសម័យណា ចេះតែប្រើទូទៅផ្ដាស បានក្ដីខុស យ៉ាងចៅទ្រិសនោះអែង មួយទៀតដូចអ្នកប្រៀនពួកខ្លះ បានរៀនភាសាបាលីចាំចេះ ហើយប្រកាន់ភាសាបាលីតែក្នុងភាគមួយ គឺភាសាបាលីនោះលោកអានពោលឡើងសឹងដាក់តួការន្ដពេញតួស្រៈទាំង ៨ដូចសព្ទថា សុខៈ មុខៈ សប្បាយៈ បទៈ និមន្ដៈ សម្បត្ដិ ជាតិ ធាតុ ហេតុ យ៉ាងនេះជាដើម ដល់មកនិយាយលាយនឹងភាសា ខ្មែរយើង បុរាណលោកអានចោលអការន្ដ អិការន្ដ អុការន្ដ បង់ចេញ លោកអានតួសង្កត់ខ្យល់ សុខ សប្បាយ និមន្ដលោក កើតហេតុ អ្នកមានសម្បត្ដិយ៉ាងនេះជាដើមវិញ អ្នករៀនខ្លះប្រកាន់តែតាមសព្ទមានការន្ដ ក្នុងកាលពោលពាក្យ ដូចក្នុងបទប្រយោគថា អ្នកអែងកាលបួសជាសាមណេរ នៅវត្ដបទុមនោះ ជាធម្មយុត្ដិ រឺជាមហានិកាយ នៅសុខសប្បាយជាទេ គេនិមន្ដលោកសង្ឃទៅសូត្រមន្ដ អោយលោកសូត្របទផ្ចាញ់មារ ក្នុងការធ្វើបុណ្យសាងកុសល យកមគ្គផលទៅអនាគត ខាងមុខពាក្យបាលី ចូរនិយាយលាយយ៉ាងនេះលោកពោលចោលការន្ដអស់ ហើយខ្លួនទៅពោលថា អ្នកអែងកាលបួសជា សាមណេរៈ នៅវត្ដបទុមៈនោះ ជាធម្មយុត្ដិ រឺជាមហានិកាយៈ នៅសុខៈ សប្បាយៈ ជាទេ គេនិមន្ដៈ លោកសង្ឃទៅសូត្រ មន្ដៈ អោយលោកសូត្របទៈ ផ្ចាញ់មារៈ ក្នុងកាលៈ ធ្វើបុញ្ញៈ សាងកុសលៈ យកមគ្គៈ ផលៈទៅអនាគតៈ ខាងមុខៈ ពោលយ៉ាងនេះតាមភាសាបាលី ត្រូវហើយតែខុសគេក្នុងនគរ គេស្ដាប់កាលណា គេរំខានត្រចៀកគេដូចគ្នា នឹងនិទានចៅទ្រិស ពោលរាជសព្ទក្នុងប្រជុំជនបាននូវក្ដីត្រូវគេទះមាត់នោះអែង អ្នកមានបញ្ញាគប្បីពិចារណាទៅទៀតចុះ។
ទ្រិសអើយចៅទ្រិស | ទិដ្ឋិជារិស | ដុះជាប់សន្ដាន |
មិនប្រែមិនស្រប | សំរបភាសា | ប្រកាន់តំរា |
ភរិយាគ្រូអាទិ៍។ | ||
មិនស្គាល់សម័យ | រូបគួរប្រស្រ័យ | ចរចាតាមជាតិ |
ទៅពោលខុសកាល | ដាលកើតវិវាទ | ត្រាមាត់ត្រូវពាធ |
នឹងដៃអ្នកលេង។ |
រឿងទន្សាយ និងផ្លែព្នៅ
មានសត្វទន្សាយមួយ ទៅដេកនៅក្រោមដើមព្នៅ ទៀបទីជើងដំបូកមួយ ថ្ងៃនោះមានផ្លែព្នៅមួយទុំ ដល់ពេលព្រឹកក៏ជ្រុះ ធ្លាក់ចាកទងដល់ដី សព្ទសូរលឺប្រោកដោយខ្ទរព្រៃ។ អែទន្សាយលឺហើយ ក៏ភិតភ័យដោយគិតថាផែនដីស្រុត ទើបស្ទុះក្រោករត់ចេញទៅដោយកំលាំងផ្អើល បោលបោះផ្លោះទៅដល់សំណាក់នៃគោ ៗស្រែកសួរថា «ទន្សាយអើយ ចៅរត់ខ្លាំងម៉្លេះ តើដោយមានការអ្វី? » ទន្សាយប្រាប់ថា «បងគោអើយ! ផែនដីស្រុតហើយ នៅនេះពុំបានទេ ទៅអោយឆាប់ៗ»។
គោលឺដូច្នោះ ក៏ភិតភ័យស្ទុះបោលទៅជាមុននៃទន្សាយ លុះបោលទៅដល់សំណាក់ជ្រូក ក្ដាន់ ៗ ក៏ផ្អើលរត់ទៅតាមគោៗ បោលទៅដល់សំណាក់ដំរី ៗ ឃើញគោបោលមកក៏សួរថា «គោអែងបោលដោយមានការអ្វី?។ គោថា «នៅនេះពុំបានទេ មហាភ័យនឹងកើតមានដល់ពួកយើងហើយ»។ ដំរីលឺដូច្នោះហើយ ក៏ភិតភ័យផ្អើលស្ទុះរត់ទៅមុននៃគោ បានដល់សំណាក់រាជសីហ៍ បរមពោធិសត្វ ជាសត្វប្រកបដោយសតិបញ្ញា កាលបានយល់ ពួកសត្វចតុប្បាទផ្អើលរត់ចលាចលដូច្នោះ ក៏សួរទៅដំរីថា «ប្រស្ដែងដំរី អែងផ្អើលរត់មក តើព្រោះដំណើរអ្វី?។ ដំរីថា ខ្ញុំនេះមិនដឹងដំណើរអ្វីទេ ឃើញតែគោបោលក៏រត់តាមគោមក ដោយលឺថា មហាភ័យដល់ហើយ»។
ពោធិសត្វក៏សួរទៅគោវិញថា «ប្រស្ដែងគោអែងនាំគេរត់មកនេះតើដោយហេតុអ្វី?។ គោតបថា «ខ្លួនខ្ញុំបាទក៏ពុំដឹងហេតុអ្វី ឃើញតែជ្រូកក្ដាន់ផ្អើលរត់ ក៏រត់តាមគេមក»។ ពោធិសត្វសួរជ្រូកក្ដាន់ ៗក៏ប្រាប់ថា មិនដឹងដូចគ្នា តែអ្នកដែលផ្ដើមនាំរត់នោះ គឺសត្វទន្សាយនេះអែងជាមុនបង្អស់។ រាជសីហ៍ពោធិសត្វ ក៏សួរទន្សាយ ៗ ប្រាប់ថាខ្ញុំបាទក៏ពុំច្បាស់ហេតុភ័យនោះ មិនដឹងជាសព្ទសូរអ្វី គឺកាលខ្ញុំបាទដេកនៅ ជើងដំបូក ដែលមានដើមព្នៅមួយដើមដុះនៅខាង កំពុងនិទ្រាលក់ស្រួលស្រាប់តែលឺសូរសន្ធឹកអ្វីប្រោកខ្ជោក ខ្ទរផែនដីខ្ទប់ដល់ត្រចៀកខ្ញុំបាទ ៗ ភិតភ័យកត្កមា ហាក់ដូចជាផែនដីស្រុតទ្រាមទ្រុឌ រឺ កក្រើករំពើកញាប់ញ័រជាប្រាកដ ហេតុនោះ បានជាខ្ញុំបាទរត់ចេញមកនេះ សូមអ្នករាជសីហ៍ជ្រាបហោង»។
ពោធិសត្វលឺទន្សាយអធិប្បាយដូច្នោះ ពិចារណាដោយបញ្ញាត្រិះរិះអាការសំលេងនោះ ក៏ជ្រាបការអិតសង្ស័យ ទើបប្រស័យទៅថា «អ្នកអែងអស់នេះជាសត្វអិតសតិបញ្ញា ហៅថាជាសត្វគំនិតស្រាល កាលលឺអ្វី ឃើញអ្វី មិនទាន់ច្បាស់នឹង ចក្ខុបញ្ញារបស់ខ្លួន ក៏គិតស្មានប្រមាណ ហើយភ្ញាក់ផ្អើលភិតភ័យតាមគ្នា នាំអោយលំបាកកាយ អស់កំលាំងទទេយ៉ាងនេះ យើងគិតទៅយល់ហើយ រឿងសព្ទសូរប្រោកខ្ជោកនោះ មិនមែនអ្វីទេ គឺផ្លែឈើធ្លាក់ចាកទងនោះអែងជាប្រាកដ ដូច្នេះ ចូរចៅទន្សាយអែងនាំយើងទៅមើលទីនោះ»។ អែទន្សាយក៏នាំពោធិសត្វទៅត្រង់ទីជើងដំបូកដែលខ្លួនដេកនោះពោធិ សត្វ ដើរមើលទីនោះ ក៏បានឃើញផ្លែព្នៅទុំមួយយ៉ាងធំ ដែលទើបនឹងជ្រុះមកថ្មីៗនៅទីនោះ ទើបប្រាប់អស់សត្វទាំងឡាយ មានទន្សាយជាដើមអោយចូលចិត្ដថា មហាភ័យដែលកើតដល់អ្នកអែងរាល់គ្នានេះ គឺផ្លែព្នៅទុំមួយនេះអែង យើងរកឃើញហើយ។ អែសត្វទាំងឡាយបានដឹងហេតុដើម គឺរាជសីហ៍រកឃើញហើយ ក៏នាំគ្នាអោយសព្ទសាធុការដល់ពោធិសត្វ ហើយត្មះតិះដៀលខ្លួនអែងដោយអិតសតិបញ្ញា នឹងពិចារណាការអ្វីៗ គ្រាន់តែលឺគេ រឺឃើញតែគេផ្អើល មិនសាកសួរហេតុអោយច្បាស់ការនោះជាមុនសិន មិនដឹងថាជាអ្វី ក៏គិតភ័យផ្អើល ឆោឡោចលាចលឡើង នាំអោយខូចកំលាំងខូចប្រយោជន៍អាត្មាទីទៃៗ សត្វទាំងឡាយនាំគ្នាសរសើរពោធិសត្វហើយក៏លាពោធិសត្វទៅកាន់លំនៅនៃអាត្មាទី ទៃៗហោង។
រឿងនិទាននេះ មានសេចក្ដីពិស្ដារក្នុងគម្ពីរដិការមហាសមយសូត្រអែនោះ អ្នកប្រាជ្ញគប្បីចូលចិត្ដចុះ។ រឿងនិទាននេះ បានគតិដល់បុគ្គលអ្នកមានគំនិតស្រាល ដាលជឿគេ គ្មានគិតគ្នេររេរិះអោយដឹងដើមដឹងចម គ្រាន់តែលឺគេក៏បន្ដោយផ្អើ លរត់ទៅ បាននូវក្ដីក្ដៅក្រហាយ ដូចពួកសត្វចតុប្បាទទាំងឡាយផ្អើលតាមទន្សាយនោះអែង អ្នកប្រាជ្ញគប្បីចូលចិត្ដទៀត ចុះ។
ទន់អើយទន្សាយ | ព្នៅធ្លាក់ជិតកាយ | ហ្មាយថាដីស្រុត |
មិនមើលអោយជាក់ | ទៅភ្ញាក់តក់ស្លុត | រត់ស្ទើរនឹងផុត |
អស្វាតបស្វាត។ | ||
ខំបោលខំបោះ | ហាក់ដូចគេហោះ | នាំសត្វចតុប្បាទ |
អោយផ្អើលគ្រប់ប្រាណ | រត់ពានព្រៃស្បាត | មិនដឹងដើមអាទិ៍ |
ខ្មោចព្នៅវាលង។ |
ចប់តំរាកោលាហលអិតយោបល់ ជាគតិទី៥២
ចប់ភាគទី៨ តែប៉ុណ្ណេះ។