គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៧
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
**********************************************
ទស្សនៈអ្នកចុះផ្សាយ :
រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីការប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]
រឿងមេឆ្កែ នឹង ខ្មោចអសុភ
ថ្ងៃសៅរ៍ ទី24.តុលា 2015.ម៉ោង 9:34
និទាននេះមានដំណាលក្នុងក្បួនបារាំងសេស មានមេសុនខ១ នាំកូនស្វែងរកអាហារបរិភាគ លុះទៅដល់ព្រៃទីប៉ាឆាមួយ បានឃើញសាកសពខ្មោចកំពុងហើម គេចោលនៅទីប៉ាឆានោះ មេសុនខក៏នាំកូនចូលទៅ ទើបកូនសួរទៅមេថា «ម៉ែៗ នេះគេហៅអ្វី?។ មេសុនខក៏ប្រាប់ថា «រូបនេះគឺខ្មោចមនុស្សណាកូន គេយកមកចោលនៅទីនេះ»។ កូនឆ្កែលឺមេប្រាប់ថា ខ្មោចមនុស្សដូច្នោះ ក៏កើតចំណង់ចង់ស៊ីខ្មោចនោះ ទើបថា «ម៉ែ ខ្ញុំចង់ស៊ីភ្នែកវាមុន» មេហាមថា «ភ្នែកជាកាឡកណ្ណី ចង្រៃណាស់ នឹងស៊ីវាមិនបានទេណាកូន» កូនឆ្កែសួរថា «ម្ដេចម៉ែអែងថា ភ្នែកជាកាឡកណ្ណីចង្រៃដូច្នេះហៈ»។
មេឆ្កែប្រាប់ថា «ភ្នែកនេះកាលវារស់នៅ វាតែងសំលឹងសំលក់មើលនូវរូបារម្មណ៍ផ្សេងៗ មានរូបស្រ្ដីជាដើម ភ្នែកនេះកាលបើវាយល់រូបល្អ រូបគាប់ចិត្ដហើយ វានាំចិត្ដអោយប្រាថ្នាលោភចង់បានរូបនោះៗ បើពុំបានវានាំចិត្ដអោយប្រាថ្នាលោភចង់បានរូបនោះៗ បើពុំបានវានាំចិត្ដអោយសៅសោកក្ដៅក្រហាយ បណ្ដាលអោយហ៊ានធ្វើនូវអំពើបាបលាមកមានព្យាបាទជាដើម ហេតុនោះទើបថាភ្នែកនេះ ជាកាឡកណ្ណីចង្រៃក្រៃពេកណាស់ កូនអែងកុំស៊ីភ្នែកនោះឡើយ»។
កូនឆ្កែបានស្ដាប់មេអធិប្បាយទោសភ្នែកដូច្នោះហើយ ទើបថា «បើដូច្នោះ ខ្ញុំស៊ីត្រចៀកវិញចុះ» មេឆ្កែក៏ហាមថា «ត្រចៀកនេះក៏ជាកាឡកណ្ណីចង្រៃដូចគ្នា គឺកាលវារស់នៅនោះ វាចង់ស្ដាប់សព្ទសំលេងទាំងឡាយ មានសំលេងស្រ្ដី តូរ្យតន្រ្ដីជាដើម ត្រចៀកនេះនាំកាយអោយត្រាច់ដើរស្ដាប់សព្ទសំលេងទាំងពួង សំលេងណាពីរោះវានាំចិត្ដអោយសោមនស្សត្រេកអរ សំលេងណារឹងគ្រាតមិនពិរោះ រឺលឺសំលេងអ្នកដែលជាសត្រូវនឹងខ្លួន វានាំចិត្ដអោយទោមនស្សខាត់ខឹង ចងអាឃាតព្យាបាទឡើង ហេតុនោះទើបថា ត្រចៀកនេះ ជាអាយតនៈ កាឡកណ្ណីចង្រៃក្នុងលោកនេះ មិនគួរកូននឹងស៊ីវាឡើយ»។
កូនឆ្កែថា «បើដូច្នោះខ្ញុំសុំស៊ីច្រមុះវិញចុះ» មេឆ្កែក៏ហាមថា «ច្រមុះក៏ជាកាឡកណ្ណីដូចគ្នា គឺកាលវារស់នៅនោះវាចង់ថើប ចង់ស្រូបហិតក្លិនផ្សេងៗ ក្លិនឯណាក្រអូបវានាំចិត្ដអោយប្រាថ្នា ក្លិនឯណាស្អុយឆ្អាបឆ្អេះ វានាំចិត្ដអោយក្ដៅក្រហាយ ណាយស្អប់ខ្ពើមឆ្អើម ហេតុនោះទើបថា ច្រមុះនេះជាអាយតនៈកាឡកណ្ណី មិនគប្បីកូនចង់ស៊ីវាឡើយ»។
កូនឆ្កែថា «បើដូច្នោះខ្ញុំស៊ីមាត់ ស៊ីអណ្ដាតវិញ ជាបាន រឺមិនបានណាម៉ែ? មេឆ្កែក៏ហាមទៀតថា «មាត់ និង អណ្ដាតជាកាឡកណ្ណីចង្រៃលើសលែងអែទៀតៗ គឺមាត់នេះកាលនៅរស់នោះវានិយាយមុសាកុហកគេ វាជេរពោលប្រទេចផ្ដាសាគេវា ញុះញង់ស្ដីបំបាក់បំបែកគេវាស្ដីដើរពោលបង្កាច់បង្កិនគេជាដើមយ៉ាងនេះ អែអណ្ដាតនោះសោត ក៏ជាអាយតនៈពាល់ត្រូវតែរសជាតិអាហារ វាប្រាថ្នាតែវត្ថុឆ្ងាញ់ពិសា បើបានពាល់ត្រូវរសឆ្ងាញ់ពិសាកាលណាហើយ វានាំចិត្ដអោយប្រាថ្នា ចង់បានឡើងទៀត បើពាល់ត្រូវលើរសពុំឆ្ងាញ់ពិសាកាលណា វានាំចិត្ដអោយក្ដៅក្រហល់ក្រហាយទៅផ្សេងៗ ហេតុនោះ ទើបថាមាត់អណ្ដាតនេះជាអាយតនៈកាឡកណ្ណី មិនគប្បីស៊ីវាឡើយ»។
កូនឆ្កែថា «បើដូច្នោះ ខ្ញុំនឹងស៊ីដៃវិញ យ៉ាងនេះគួររឺម្ដេច?។ មេឆ្កែក៏ហាមវិញទៀតថា «ដៃក៏ស៊ីមិនបានដូចគ្នា ដៃនេះកាលវារស់នៅនោះវាតែងចាប់ដំបងព្រនង់គ្រឿងសស្រ្ដាវុធប្រហារវាយចាក់កាប់សំលាប់មនុស្ស ជួនណាវាឆក់យកទ្រព្យសម្បត្ដិគេនានា នាំរូបវាអោយបានក្ដីទុក្ខជាប់គុកជាប់តារាងខ្នោះឃ្នាងទៅផ្សេងៗ ហេតុនោះទើបថា ដៃនេះជាកាឡកណ្ណីចង្រៃសើសគេ មិនគួរនឹងបរិភោគវាឡើយ»។
កូនឆ្កែថា «បើដូច្នោះខ្ញុំនឹងបរិភោគជើងវាវិញចុះ»។ មេឆ្កែក៏ហាមទៀតថា «ជើងក៏ជាកាឡកណ្ណីដូចគ្នា កាលវារស់នៅ ជើងនោះសោតវានាំរូបដើរត្រាច់ចរទៅលេងទៅមើលទៅស្ដាប់ ទៅលួចទៅប្លន់គេ ជួលកាលវាដើរទៅជាន់លាមកជាន់បន្លា ជាន់លើកំរាលអាសនៈ ព្រះភិក្ខុសង្ឃជាទីមិនគួរជាន់ ជួនណាវាដើរទៅជាន់ជើងចោរ នាំអោយគេដិតចិត្ដសង្ស័យថា ខ្លួនជាចោរ ជាអ្នកដើរយប់គប់ពាលសាមាន្យ បានក្ដីទុក្ខទោសក្នុងលោកិយ ហេតុនោះទើបថាជើងនេះជាមហាចង្រៃ កាឡកណ្ណី មិនគួរគប្បីបរិភោគវាឡើយ»។
កូនឆ្កែថា «បើដូច្នោះខ្ញុំនឹងស៊ីពោះពុងវិញ» មេឆ្កែហាមទៀតថា ពោះពុងនោះជាលំនៅនៃចិត្ដៗ នោះហៅមនោ មនោ នេះជាអាយតនៈទទួលធម្មារម្មណ៍ នាំតាមគំនិតដែលគិត គឺគិតចង់បានទ្រព្យសម្បត្ដិ ប្រាថ្នាយសសក្ដិជាគ្រឿងលោកិយ កាមក្ដីវត្ថុកាមកិលេសកាម គឺចង់ឈ្នះគេ គិតឈ្នាននីសគេ គិតលុបគុណគេ គិតមាក់ងាយគេ គិតព្យាបាទគេ គិតមាយាបិទទោសអែងសំដែងទោសគេ គិតសំលឹងចង់បានទ្រព្យសម្បត្ដិគេ គិតតែប្រយោជន៍អែង មិនបែងប្រយោជន៍ដល់អ្នកអ្នកដទៃ ចិត្ដគិតក្នុងការអកុសលយ៉ាងនេះ ទើបថាពោះពុងជាលំនៅនៃចិត្ដ ពោះពុងនេះជាកាឡកណ្ណីចង្រៃក្រៃពេកណា ស់ កូនអែងនឹងស៊ីវាពុំបាន ចូរខានទៅចុះកូន កុំស៊ីចំណីកាឡកណ្ណីនេះឡើយ»។
កូនឆ្កែបានស្ដាប់មេអធិប្បាយ អំពីចំនីកាឡកណ្ណីដូច្នោះហើយ ក៏ជឿតាម ពុំបានគិតចង់ស៊ីខ្មោចនោះតទៅទៀត ហើយនាំគ្នាវិលទៅកាន់លំនៅនៃអាត្មាវិញហោង។ រឿងនេះ បានគតិដល់បុគ្គលអ្នកពិចារណាអោយឃើញថា អវយវតូចធំសំរាប់រូបកាយនេះជាកាឡកណ្ណី កើតដោយក្ដីប្រមាទមិនឧហាតបង្ហាត់អវយវ អោយដំកល់នៅក្នុងការស្វិត្ថិមង្គល បុគ្គលអ្នករក្សាអវយវមិនអោយធ្លាក់ចុះជាកាឡកណ្ណីនោះ គឺកាន់អិន្រ្ទីសំវរលីល រក្សាទ្វារទាំង៦ មានចក្ខុទ្វារជាដើម មិនអោយបាបធម៌ចូលបៀតបៀនចិត្ដខាងក្នុងបាន សង្រួម កាយមិនអោយបាបធម៌ចូលពាល់ត្រូវបាន ប្រដៅកាយអោយឆ្ងាយពីអកុសលកម្ម គឺកាយកម្ម៣ វចីកម្ម៤ មនោកម្ម៣ ដែលហៅថាអកុសលកម្មបថទាំង១០ នេះអែង អែសេចក្ដីសង្រួមទ្វារទាំង៦ និងការតាំងនៅក្នុងកុសលកម្មបថ១០នោះ ក្នុងតំរានេះមិនបានសំដែងអោយពិស្ដារទេ មាននៅក្នុងតំរាគតិធម៌អែណោះ ហើយចូលទៅមើលយកជាគតិចុះ។
បុគ្គលរក្សាអិន្រ្ទី៦ វៀរអកុសលកម្មបថ១០នោះ បានឈ្មោះថាធ្វើអវយវអោយផុតចាកកាឡកណ្ណីចង្រៃ ដូចន័យដែលមេសុនខសំដែងប្រាប់កូនវានោះអែង អញ្ញើញអ្នកប្រាជ្ញគិតទៅទៀតចុះ។
ចប់តំរាអវយវកាឡកណ្ណីទី៣៥
រឿងនាយដង្ខៅ នឹង កូនឈ្នួល
មាននាយដង្ខៅម្នាក់ ទៅជួញបានចំណេញមក មានសេចក្ដីសប្បាយចិត្ដ គិតនឹងលៀងអស់បណ្ដាមហាជន ជាញាតិមិត្ដក្នុងលំនៅនៃអាត្មា ទើបប្រើបោយអោយទៅផ្សារទិញម្ហូបចំណីហើយផ្ដាំថា «ចូរចៅអែងទិញត្រីទិញសាច់រើសរកតែល្អៗ យកមកអោយយើងធ្វើម្ហូបលៀងពួកញាតិមិត្ដដែលនៅជិតនេះអោយសប្បាយម្ដង»។
អែចៅបោយក៏ទទួលពាក្យនាយ យកប្រាក់អំពីនាយស្ពាយត្រកដើរទៅផ្សារធំ លុះទៅដល់ផ្សារ ចៅបោយគិតថា នាយអញគាត់ផ្ដាំថាអោយទិញយកតែសាច់យ៉ាងល្អៗ បើដូច្នេះគួរអញទិញសាច់អណ្ដាតសត្វចុះ សាច់អណ្ដាតនោះល្អហើយ គិតហើយចៅបោយទិញសុទ្ធតែអណ្ដាតសត្វទាំងឡាយ មានអណ្ដាតគោជាដើម បានហើយក៏ដោតជាត្រណោតយួរមកដល់ផ្ទះ ជូននាយដង្ខៅនោះ។ នាយដង្ខៅយល់អណ្ដាតសត្វដូច្នោះហើយ ក៏ស្ដីបន្ទោសទៅថា «យើងអោយទៅទិញយកសាច់ល្អៗ ចុះហេតុអ្វីចៅទិញយកតែអណ្ដាតគោ អណ្ដាតជ្រូក អណ្ដាតពពែដូច្នោះ នេះហើយរឺជាសាច់ល្អ?។ ចៅបោយក៏អធិប្បាយថា «សាច់អណ្ដាតនេះហើយលោកនាយ ដែលជាសាច់ល្អលើសសាច់ទាំងពួង បានជាខ្ញុំបាទថាល្អនោះព្រោះខ្ញុំបាទយល់ថា លោកអ្នកបានយសបានសក្ដិ បានមាស បានប្រាក់ បានខ្ញុំកំដរ បានជាមេបាគេក្នុងលោកនេះ សឹងអាស្រ័យបានដោយអណ្ដាតក្រលៀសពោលឡើង ហេតុនេះ ទើបលោកសន្មតថាអណ្ដាតនេះជាសាច់ល្អលើសលែងសាច់នានា បានជាខ្ញុំបាទទិញយកមកនេះ» នាយដង្ខៅបានលឺចៅបោយឆ្លើយតបដោយវោហារដូច្នោះ ក៏ទាល់សេចក្ដីមិនអាចថាអ្វីតទៅទៀតឡើយ បានក្ដីខ្មាសនឹងពាក្យចៅបោយនោះ លុះដល់ព្រឹកឡើង ក៏បើកប្រាក់អោយចៅបោយទៅទិញសាច់ម្ដងទៀត បានផ្ដាំថា ចូរទៅទិញសាច់អាក្រក់ៗមកចុះ យើងនឹងធ្វើម្ហូបលៀងភ្ញៀវ។
ចៅបោយទទួលប្រាក់ទទួកពាក្យហើយ ក៏ទៅផ្សារ ដល់ហើយក៏ទិញអណ្ដាតសត្វដូចកាលមុន បានហើយក៏នាំយកមកជូននាយដង្ខៅៗ យល់អណ្ដាតសត្វដូចមុនដូច្នោះ ក៏ស្ដីបន្ទោសថា ពីម្សិលមិញយើងអោយទៅទិញសាច់ល្អៗ ចៅអែងទិញយកអណ្ដាតសត្វមក ហើយពោលថាអណ្ដាតនេះហើយ ជាសាច់ល្អលើសលែងសាច់អែទៀតៗ ឥលូវថ្ងៃនេះ យើងផ្ដាំថាអោយ ទិញសាច់អាក្រក់ៗ ហេតុអ្វីក៏ចៅទិញអណ្ដាតសត្វដែលចៅអួតថា ជាសាច់ល្អនោះមកទៀត។
ចៅបោយក៏ឆ្លើយកែសំនួនថា «សាច់អណ្ដាតនេះហើយលោកនាយ ដែលជាសាច់អាក្រក់លើសលែងសាច់អែទៀតៗ បានជាខ្ញុំបាទថាអាក្រក់នោះ ព្រោះអណ្ដាតនេះអែង វាក្រលៀវក្រលៀសពោលបង្កាច់បង្កិនគេ ត្មះតិះដៀលជេរប្រទេច ផ្ដាសា ស្ដីមុសា កុហក បញ្ឆុកបញ្ឆោត ញុះញង់ស៊កសៀត បំបែកបំបាក់គេទៅផ្សេងៗ ហេតុនេះអែងទើបលោកសន្មតថា អណ្ដាតនេះជាសាច់អាក្រក់លើសលែងសាច់នានា ក្នុងលោកិយនេះ បានជាខ្ញុំបាទទិញមកតាមប្រសាសន៍ដែលលោកនាយផ្ដាំថា អោយទិញសាច់អាក្រក់នោះអែង។ នាយដង្ខៅ បានស្ដាប់ពាក្យចៅបោយពោលដូច្នោះក៏ទាល់សេចក្ដី ពុំអាចថាអ្វី ទៅទៀតបាន ដោយអាត្មាចាប់ប្រាជ្ញាចៅបោយដោយប្រការដូច្នេះហោង។
រឿងនេះបានគតិដល់បុគ្គលដែលធ្វើជានាយចៅហ្វាយ រឺ ជាគ្រូអាចារ្យមេបាគេ កាលនឹងប្រើបាវប្រើសិស្សអោយទៅយកអ្វីៗ គប្បីបញ្ជាក់ពាក្យបណ្ដាំអោយអ្នកបំរើនោះស្ដាប់ចូលចិត្ដសេចក្ដីអោយបានច្បាស់ ទើបការនោះមិនប្រែខ្វែងទៅ បាន។ មួយទៀត ជាតិអ្នកតូចនឹងទទួលពាក្យបណ្ដាំអ្នកធំនោះ ច្រើនតែរហ័សរហួន ស្ដាប់មិនទាន់ជាក់ប្រញាប់តែមឹតរត់ ទៅ មិនដឹងជារកអ្វីហៅនរណាអោយទៅ ម៉្លោះហើយប្រមាណយកផ្ដេសផ្ដាសទៅ មិនត្រូវនឹងពាក្យបណ្ដាំលោក ដូចយ៉ាងកូនសិស្ស លោកគ្រូវមហាវិមលធម្ម ឈ្មោះចៅឡុង លោកគ្រូប្រើអោយសួររកចិត្រមូលភ្លើង នឹងលោកអាចារ្យអួង ចៅឡុងស្ដាប់មិនច្បាស់ ក៏រត់ទៅដល់ផ្ទះម៉ាស៊ីនទឹកកក រកមើលក្រែងភ្លើងឆេះផ្ទះ លុះពុំឃើញមានអ្វី ក៏វិលមកទូលលោកវិញថា ភ្លើងម៉ាស៊ីនទឹកកកមិនមានឆេះផ្ទះគេទេ។
លោកគ្រូបានលឺដូច្នោះ ក៏ថា អញអោយសួរលោកអាចារ្យអួង ជាលោកមានចិត្រមូលភ្លើងរឺទេ បើលោកមានអោយសុំលោកមន្ដិចមក នឹងធ្វើថ្នាំ ចុះហេតុអ្វីក៏ចៅទៅដល់ផ្ទះម៉ាស៊ីនទឹកក ហើយថាភ្លើងឆេះផ្ទះ អាណាគេប្រើអែងអោយទៅមើលភ្លើងឆេះផ្ទះនោះ ចៅអែងជាមនុស្សស្ដាប់ការមិនជាក់ មិនសួរសព្ទអោយចូលចិត្ដសិន លោកព្រះមហាវិមលធម្មក៏ បន្ទោសចៅនោះដោយប្រការផ្សេងៗហោង។
មានរឿងចៅម្នាក់ទៀត ឈ្មោះសោម ចៅនោះជាកូនសិស្សលោកសម្ដេចព្រះសុគន្ធាធិបតី ថ្ងៃមួយមានពួកទាយកអ្នកមុខអ្នការ គេមកថ្វាយទានដល់លោក ៗប្រើចៅនោះថា «ចូរទៅយកពានមួយមកដើម្បីនឹងដាក់ស្លាបារី ចែកពួកទាយកអាស្រ័យ»។ អែចៅនោះស្ដាប់សព្ទមិនច្បាស់ ក៏ផ្ដាសចេញទៅលីពាងទឹកមួយចូលមកនាកណ្ដាលជំនុំប្រជុំជនធ្ងន់ណាស់ ក៏ទូលថា «សូមមេត្ដាប្រោសអោយដាក់ត្រង់ណាពាងនេះ»។ អែមហាជនទាំងឡាយមានលោកសម្ដេចព្រះសុគន្ធាធិបតីជា ប្រធានក៏សើចរំពងឡើងថា ចៅនេះជាមនុស្សរហ័សរហួសជ្រួសសេចក្ដី គេប្រើអោយយកពាន ពុំមានសបសួរអោយ ជាក់ច្បាស់ផ្ដាសទៅយកអែពាងទឹកមកវិញ បានក្ដីអៀនខ្មាសនាកណ្ដាលជំនុំហោង។ មួយទៀត លោកអ្នកធំប្រើថ្លែងសព្ទ មិនអស់ចុងអស់ដើម ពាក្យសព្ទនោះជួនស្របគ្នា អ្នកបំរើស្ដាប់បានហើយ តែចង់បង្កាច់អោយខុសវិញក៏បាន នឹងបន្ទាសអ្នកបំរើវិញពុំបាន ដូចនិទានចៅវាយគងមានទំនងសព្ទស្របគ្នានោះអែង នឹងសំដែងអោយចូលចិត្ដរឿងច្រលំសព្ទនោះ ថា៖ (នៅមានត)