គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៦
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
**********************************************
ទស្សនៈអ្នកចុះផ្សាយ :
រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីការប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]
រឿងសត្វកង្កែប នឹង គោ
ថ្ងៃសុក្រ ទី31.កក្កដា 2015.ម៉ោង 21:19
- មានសត្វកង្កែប១នៅក្នុងស្រះ ថ្ងៃមួយមានគោ១ចុះទៅផឹកទឹកស្រះនោះ កង្កែបឃើញហើយក៏នឹកក្នុងចិត្ដថា អាសត្វគោនេះ ម្ដេចរូបវាធំម៉្លេះ បើដូច្នេះ អញនឹងបំពើតកាយបំប៉ោងខ្លួនឡើងអោយធំដូចគោនេះបានអេះ កង្កែបគិតដូច្នោះហើយ តាំងបំប៉ោងកាយ ចំអើតជើងឡើង ហើយហៅទៅកាន់គោនោះថា៖
- - នែប្រស្ដែងគោ ចូរមើលរូបយើងអែណេះ យើងធំប៉ុនប្រស្ដែងអែងហើយរឺ?»
- អែគោក៏តបថា៖
- - នៅទេចៅកង្កែប ចូរខំបំពើតបំប៉ោងឡើងបន្ដិចទៀត!.
- កង្កែបលឺដូច្នោះ ក៏ខំប្រឹងកាងចំកោងបំពើតប៉ោងឡើងលើសមុន ហើយក៏ហៅទៅគោថា៖
- - ម៉េចម្ដងណេះប្រស្ដែងគោ រូបយើងធំប៉ុនអ្នកអែងហើយរឺនៅ រឺនៅទាស់ត្រង់ណាទៀត?
- អែគោតបទៅកង្កែប ចូរខំបំប៉ោងឡើងទៅទៀត!.
- កង្កែបក៏ខំប្រឹងខាំមាត់ តាំងកោងចំកាងបំប៉ោងពេញកំលាំង ខ្យល់អស្សាសបស្សាស ដង្ហើមចេញចូលចេញមិនបាន កាយកង្កែបនោះ ក៏បែកធ្លាយចេញពោះវៀនលៀនលេចមកខាងក្រៅដល់នូវមរណកាលក្នុងកាលនោះហោង។
រឿងនេះ បានគតិអ្នកតូចចង់ជាធំ គឺចង់ត្រាប់កាយអ្នកធំ ពុំសមក្ដីប្រាថ្នា ក៏វិនាសអាត្មាអែងវិញ។ មួយបានគតិដូចបុរាណតែង «ដំរីជុះៗតាមដំរី» នោះអែង មួយទៀតមានបទបាលីក្នុងគម្ពីរលោកនិតិថា៖
អប្បរូបបោ ពហុបាសោ អប្បបញ្ញោ បកាសិតោអប្បបុរោ ឃដេ ខោភេ អប្បខីរា គាវីចលេ។ អធិប្បាយថា៖ |
|
ជាតិអ្នកទាបភាពអ្នកតូចសំដីខ្ពស់ | អិតប្រាជ្ញាយសប្រកាសថ្លែង |
ពាងក្អមទឹកមិនពេញក្រលកក្រលែង | មេគោអែងទឹកដោះតិចគេចធាក់ក្រាន។ |
អធនស្ស រសំ ខាទា អពលស្ស ហតា នរា អប្បញ្ញស្ស វាក្យា កថា អុម្មត្ដកសមា អិមេ ។ អធិប្បាយថា៖ |
||
អ្នកអិតធនធាន | ចង់ទទួលទាន | រសឆ្ងាញ់លើសលែង |
អ្នកអិតកំលាំង | ចង់តាំងសំដែង | ចំបាប់ទាត់ប៉ែង |
សំដែងអំនួត។ | ||
អ្នកអិតប្រាជ្ញា | ល្មោភថ្លែងចរចា | ប្រាថ្នាគេអួត |
ជន៣ នេះប្រើ | ទុកស្មើមនុស្សឆ្កួត | ព្រោះឡើងអំនួត |
ល្មោភហួសប្រមាណ។ |
ចប់តំរាតូចចង់ធ្វើធំទី២៣
រឿងលាឈ្មោលត្រាប់តាមកូនឆ្កែ
មានសត្វលាឈ្មោលមួយជាសត្វចញ្ចឹម ជាពាហនៈរបស់សេដ្ឋី លានោះបានឃើញសេដ្ឋីជានាយស្រលាញ់អោបរិត ប្រលែងលេង នឹងកូនឆ្កែជាប្រក្រតី ទើបគិតថា អាកូនឆ្កែនេះ វាចេះធ្វើអ្វីលើសអញ បានជានាយគាត់ស្រលាញ់អោបរិត ស្និតស្នាលនឹងវាដល់ម៉្លេះ បើដូច្នេះអញចាំមើលលោកនាយ បើគាត់មកជិតអញកាលណា អញនឹងលោតទៅអោបគាត់ អោយគាត់អោបរិតអញ ប្រលែងលេងអោយដូចជាអាកូនឆ្កែនោះខ្លះ គិតហើយលារង់ចាំមើលសេដ្ឋី លុះសេដ្ឋីដើរមកជិតខ្លួន បានអោកាសហើយ ក៏លោតជើងទាំងពីរទៅនឹងអោបសេដ្ឋីជានាយ។ អែសេដ្ឋីឃើញលាចំប្រាវមកដូច្នោះ គិតថាលាលោតមកនឹងធាក់ច្រំអាត្មា ទើបខឹងនឹងលា ចាប់ដំបងវាយសំពងលានោះ ៥-៦ដំបង ហើយជេរថា ខ្មោចអាលាចង្រៃកាចខូចអ្វីម៉្លេះ វាហ៊ានគិតនឹងធាក់ច្រំខាំអែងជាម្ដង អែលានោះត្រូវដំនំ ៥-៦ ដំបងដល់នូវក្ដីទុក្ខវេទនា កើតទោមន្ស តូចចិត្ដអាណិតខ្លួន ព្រោះពុំសមក្ដីប្រាថ្នាអោយដូចជាកូនឆ្កែនោះអែង។
រឿងនេះបានគតិដូចបុគ្គល ឃើញនាយចៅហ្វាយ រឺ អ្នកធំលោកមានចិត្ដស្ម័គ្រលេងលចំអន់នឹងអ្នកអែណាមួយ ហើយខ្លួនអែងលោកមិនដែលលេងលសោះឡើយ ហើយទៅនិយាយរឺប្រើអាការសិទ្ធដូចជាបុគ្គលដែលលោកធ្លាប់លេងនោះ ប្រព្រឹត្ដទៅមិនបានដូចគេទេ តែប្រព្រឹត្ដហើយគង់ដល់ក្ដីបរាមុខនាកណ្ដាលជំនុំប្រជុំជន ដូចយ៉ាងលាចង់ត្រាប់កូនឆ្កែនេះអែង គួរចូលចិត្ដហោង។ មួយទៀត ចុះគតិថា «គេមិនលេង ខ្លួនទៅលេង គេមិនសួរ ខ្លួនទៅថ្លែង» ការអស់នេះ បានក្ដីហិនលក្ខណៈ ក្នុងលោកិយនេះប្រាកដដូចបទបាលីក្នុងគម្ពីរលោកនីតិថា។
អនវ្ហាយំ គមយន្ដោ អបុប្ផា ពហុភាសកោ
អត្ដគុណំ បការសេន្ដោ តិវិធំ ហីនលក្ខណំ។
ប្រែថា៖ គេមិនហៅចូលទៅ ទៅមិនគួរ គេមិនសួរឆ្លើយអែងលើសប្រមាណ
ប្រកាសគុណនៃកាយដែលពុំមាន បីនេះបានឈ្មោះហៅ
ហីនលក្ខណ៍។
ចប់តំរាគតិធំត្រាប់តូចខូចខ្លួនទី ២៤
រឿងចៅគង្វាលពពែម្នាក់
មានចៅគង្វាលពពែម្នាក់ កៀងពពែទៅអោយស៊ីនៅព្រៃក្រៅ១ នាំសុនខស្រុក១ទៅផង លុះទៅដល់ដើមឈើធំមួយ មានម្លប់ត្រជាក់សប្បាយចៅគង្វាលពពែក៏ដោះអាវដោះមួក ដាក់ពាក់នៅលើមែកឈើ ដាក់ឈើច្រត់ផ្អែកទៅលើប្រគាបឈើ១ ហើយដេកលេងរំហើយខ្យល់ អែឆ្កែស្រុកនោះក៏ដេកនៅខាងខ្លួន លុះត្រូវខ្យល់ត្រជាក់ ចៅនោះក៏ដេកលក់ ទាំងឆ្កែក៏ដេកលក់នៅក្រោមដើមឈើនោះអែង។
កាលនោះមានឆ្កែព្រៃ១ដើរមក ឃើញហ្វូងពពែច្រើន គិតចង់ចាប់ស៊ី តែចូលទៅជិតហ្វូងពពែកាលណា ពួកពពែទាំងឡាយភិតភ័យផ្អើល នាំគ្នាបោលចូលទៅកាន់សំណាក់ឆ្កែស្រុក និងម្ចាស់របស់វាអស់ទៅ ឆ្កែព្រៃរកអោកាសនឹងចាប់ពពែនោះពុំបាន។ ថ្ងៃមួយឆ្កែព្រៃគិតថា អោពួកពពែអស់នេះ វាឃើញរូបអញកាលណា វាសឹងផ្អើលបោលទៅរកម្ចាស់វាអោយជួយរាល់ដង អែត្រង់ម្ចាស់វាដើរមកជិតម្ដេចក៏មិនផ្អើល បើដូច្នេះចាំអញទៅលួចយកអាវមួក និង ឈើច្រត់មកស្លៀកពាក់ធ្វើត្រាប់ អោយដូចម្ចាស់វាទើបវាមិនផ្អើល ជាអោកាសងាយចាប់ស៊ីបាន ឆ្កែព្រៃគិតដូច្នោះហើយ ទើបដើរអមវាងចូលទៅមើលអាការនាយគង្វាលនោះ លុះឃើញនាយគង្វាល និង ឆ្កែស្រុកដេកលក់ ក៏ចូលទៅលួចយកអាវ និង មួកមកពាក់ ហើយកាន់ឈើច្រត់ក្រោកដើរជើងពីរ ធ្វើអាការដូចជាមនុស្សចូលទៅក្នុងហ្វូងពពែបាន។ អែពពែទាំងឡាយឃើញអាវមួកឈើច្រត់ដូច្នោះ ក៏នឹកសំគាល់ថាជាម្ចាស់នៃខ្លួន ទើបមិនភិតភ័យភ្ញាក់ផ្អើលដូចកាលមុនៗ នាំគ្នារកស៊ីស្មៅនូវស្លឹកឈើរៀងៗខ្លួនទៅ។
ឆ្កែព្រៃតាំងកៀងហ្វូងពពែនោះ អោយចូលទៅក្នុងព្រៃធំ គិតថាម្ចាស់វានោះ កាលនឹងកៀង នឹងដេញតែងបញ្ចេញសព្ទថាហ៊ឿយៗ យ៉ាងនេះ បើដូច្នេះគួរអញបញ្ចេញស័ព្ទត្រាប់អោយដូចម្ចាស់វា គិតហើយក៏ស្រែកដេញថា ហ៊ឿយៗដូច្នេះ អែសំលេងឆ្កែព្រៃដែលស្រែកនោះ មិនដូចសំលេងមនុស្ស ព្រោះជាជាតិខុសគ្នា សត្វតិរច្ឆានត្រាប់សំលេងមនុស្សមិនដូច តែស្រែកឡើងក៏ចេញប្រចក្សជាសព្ទឆ្កែព្រៃធម្មតាទើបពពែទាំងឡាយកើតភិតភ័យផ្អើលបោល ស្រែកកងរំពងជាកាលាហលឡើង។ អែនាយគង្វាលពពែនឹងឆ្កែស្រុក បានលឺសព្ទពពែផ្អើលស្រែកយំកង ក៏ភ្ញាក់ចាកនិទ្រាក្រោកម្នីម្នា ទៅកាន់ហ្វូងពពែ បានយល់ឆ្កែព្រៃលួចយកអាវមួក និងឈើច្រត់របស់ខ្លួនទៅប្រដាប់ខ្លួនវា ធ្វើអាការជាមនុស្សដូច្នោះ នាយគង្វាលពពែក៏បង្អៅឆ្កែស្រុកអោយដេញទៅខាំឆ្កែព្រៃ ហើយជួយគ្នាវាយឆ្កែព្រៃនោះដួលចុះដល់នូវក្ដីមរណកាលកណ្ដាលព្រៃធំនោះហោង នាយគង្វាលពពែក៏ដោះយកអាវ និង មួកអំពីសាកសពនៃឆ្កែព្រៃនោះមកវិញ ហើយក៏ដេញពពែវិលមកផ្ទះអាត្មាហោង។
រឿងនេះបានគតិដូចមនុស្សចង់សំដែងកាយអោយដូចគេអ្នកជាតិខ្ពស់ ទោះជាធ្វើយ៉ាងណាៗ ក៏គង់មិនដូចគេ គង់ចេញកិរិយាប្រក្រតីខ្លួន នោះមកខាងក្រៅអោយគេស្គាល់ជាតិខ្លួនបាន ដូចយ៉ាងឆ្កែព្រៃលួចយកអាវយកមួកគេពាក់ ទាំងកាន់ឈើច្រត់ជាដំបង អាការខាងក្រៅនោះ ធ្វើទៅបានដូចមនុស្សប្រាកដ តែសព្ទសំលេងខាងក្នុង ធ្វើទៅពុំដូចមនុស្ស ពួកពពែអាចស្គាល់ជាឆ្កែព្រៃទៅបាន។ បទនេះដូចពាក្យគតិបុរាណថា៖ «សំលេងប្រាប់ភាសាកិរិយាត្រាប់ត្រកូល» ដូចជាតិអ្នកបាសាក់ព្រះត្រពាំង អ្នកសៀមរាប រឺ អ្នកប្រទះឡាងជាដើមមនុស្សពួកអស់នេះ ទោះស្លៀកពាក់តែងរូបកាយប្រដាប់ដូចអ្នកក្រុងយ៉ាងណា ក៏ត្រាប់បាន តែបើហ៊ាននិយាយឡើងកាលណា សំលេងនោះប្រាប់អោយគេដឹងថា ខ្លួនជាអ្នកបាសាក់ ព្រះត្រពាំង សៀមរាប ស្រុកប្រទះឡាង មានអាងនឹងសំនៀងប្រាប់ភាសាខ្លួនស្រាប់។
មួយទៀត លោកអ្នកផ្សេងភាសាគ្នា ទោះជាចេះនិយាយបានយ៉ាងណាៗ សំនៀងបែងនោះគង់ចេញអោយគេដឹងថាអ្នកនេះចិនឆៅ អ្នកនេះជាយួនជាសៀមជាដើមទៅបាន។ បទអស់នេះអ្នកប្រាជ្ញគួរពិចារណាទៅទៀតចុះ។
ចប់តំរាគតិអ្នកទាបត្រាប់ភាសាអ្នកខ្ពស់ទី២៥
រឿងចៅមានពចញ្ចឹមមេឆ្មា១
និទាននេះមានក្នុងក្បួនបារាំងសេស មានចៅមាណពម្នាក់ចិញ្ចឹមមេឆ្មា១ ទុកសំរាប់អោយខាំកណ្ដុរ មេឆ្មានោះមានមារយាទល្អ ចៅមាណពក៏ស្រលាញ់មេឆ្មានោះមហិមា តែពេលចូលនិទ្រាកាលណា ក៏ហៅមេឆ្មានោះមកដេកជាមួយនឹងខ្លួនតែសព្វៗថ្ងៃ មេឆ្មាក៏មានចិត្ដស្រលាញ់ម្ចាស់ ដោយភាពសត្វ ចៅមាណពស្រលាញ់ឆ្មាខ្លាំង ក៏តាំងអធិដ្ឋានសំពះបន់ស្រន់ដល់ព្រះឥសូរថា «ព្រះម្ចាស់ទេវតាអើយ សូមមកជួយប្រសិទ្ធីរូបមេឆ្មានេះ អោយក្លាយកាយកើតជាមនុស្សស្រីឡើង ខ្ញុំនឹងយកជាភរិយា»។
គ្រាកាលនោះ ឥសូរទេវរាជ លឺចៅមាណពប្រារព្ធនឹកដល់គុណខ្លួន ក៏អាណិតចៅមាណពនោះ ទើបហោះមកប្រសិទ្ធីមេឆ្មានោះអោយកើតកាយក្លាយជាស្រីក្រមុំ ហើយផ្សំផ្គុំអោយជាភរិយានៃចៅមាណពនោះអែ។ អែចៅមាណពកាលសមក្ដីប្រាថ្នាហើយ ក៏មានចិត្ដត្រេកអរសាទរក្រៃលែងណាស់ ចាប់ផ្ដើមពីថ្ងៃនោះ អ្នកទាំងពីរក៏បាននៅរួមសុខទុក្ខជាប្ដីប្រពន្ធនឹងគ្នា រកស៊ីចិញ្ចឹមជីវិតដោយភាវៈជាអ្នកស្រែចំការតាមធម្មតាលោកិយ។
ថ្ងៃមួយជាពេលរាត្រី ប្ដីប្រពន្ធក៏ចូលនិទ្រាលើគ្រែជាមួយគ្នា កាលនោះមានកណ្ដុរ២គូ វាវារមកខាងនាងភរិយានោះ នាងនោះដោយជាតិជាឆ្មាតែងធ្លាប់ចាប់កណ្ដុរ លុះកណ្ដុរវារមកខាងខ្លួន ក៏ស្ទុះក្រោកលោតទៅចាប់កណ្ដុរដោយរហ័ស ធ្លាក់ចុះអំពីគ្រែបោកក្បាលទៅជើងគ្រែ។ អែ ចៅប្ដីក៏ភ្ញាក់ក្រោកម្នីម្នាស្ទុះប្រញាប់ចាប់បានជើងនាងប្រពន្ធ ហើយលើកឡើងតាំងបបក់ព្រលឹងលួងលោមសួរថា «ហៃមាសពិសី មានហេតុអ្វីបានជាប្អូនក្រោកលោតចេញអំពីទីដំនេកដូច្នេះ»។ អែនាងនោះដឹងខ្លួនន ក៏កើតក្ដីអៀនខ្មាសប្ដី បិទសេចក្ដីនោះមិនសំដែងអោយប្ដីដឹងឡើយ ឆ្លើយបង្វែងថា ខ្លួនយល់សប្ដមមើទៅផ្ដាស ពុំដឹងខ្លួនប្រាណសោះឡើយ។ អែកិរិយានាងឆ្មាប្រព្រឹត្ដក្រោកចាប់កណ្ដុរនោះមិនមែនតែ ១វេលាទេ គឺតែដេកលក់ហើយ មានកណ្ដុរវារមកខាងខ្លួនកាលណា តែងស្ទុះក្រោកលោតចាប់កណ្ដុរក្នុងកាលនោះ អែងនាងឆ្មាប្រព្រឹត្ដយ៉ាងនោះតែរៀងៗមក ទាល់តែចៅប្ដីមិនហ៊ានអាយដេកលើកគ្រែ នាំអោយដេកតែនៅទីផ្ទៃរាបដរាបអស់អាយុនឹងគ្នា ត្រាតែទៅតាមយថាកម្មហោង។
រឿងនេះបានជាគតិជាតិលះវាសនាខ្លួនចោលពុំបាន គឺខ្លួនធ្លាប់សន្សំនូវអារម្មណ៍ពីដើមយ៉ាងណាមក អារម្មណ៍នោះជាប់តាមមិនដាច់ លះបង់ទៅពុំបានដូចធ្លាប់លេងល្បែងនានា មានល្បែងលេងចំបាប់ ប្រដាល់ជាដើម ទោះដល់ខ្លួនចាស់ជរាហើយ លើកលែងល្បែងនោះចេញ ក្ដី បើមានអ្នកអែណាមួយទៅនិយាយត្រូវត្រង់អារម្មណ៍ខ្លួនធ្លាប់ប្រព្រឹត្ដមកនោះ ក៏កើតចិត្ដលោភឡើង សំដែងនូវកិរិយានៃល្បែងនោះអួតបង្ហាញអោយគេបានដឹងលឺឡើងប្រាកដ។
មួយទៀត បុគ្គលកើតក្នុងវង្សត្រកូល ដែលមានកិរិយាយ៉ាងណា កិរិយានោះជាប់តាមសន្ដានចិត្ដ នឹងគិតលះបង់ចោលបានដោយក្រ កិរិយាមារយាទជាកំនើតកើតមកសំរាប់រូបកាយនេះ សឹងប្រព្រឹត្ដទៅជាផ្លូវជាគន្លងចេញអោយគេយល់គេស្គាល់បានក្នុងកាលប្រជុំជន។ បទនេះ សមដោយពាក្យបុរាណថា «ក្រកូលសជាតិ មារយាទសពូជ» អធិប្បាយថា ជាតិកំនើតល្អអាក្រក់ សឹងប្រព្រឹត្ដទៅតាមត្រកូលមែន ត្រកូលអ្នកល្អក៏កើតជាតិល្អ មិនលះបង់ជាតិល្អជាតិបណ្ឌិតទៅបាន ទោះធ្លោយធ្លាក់ចុះជាអ្នកក្រីក្រក្ដី ក៏លះបង់មារយាទល្អទៅពុំបាន នៅមានមារយាទល្អដដែល។ បទនេះបានដូចបទបាលីក្នុងគម្ពីរលោកនិតិថា៖
សុក្ខោបិ ចន្ទនតរូ ន ជហាតិ គន្ធំ នោគោ គតោរណមុខេ ន ជហាតិ លីលំ
យន្ដេ គតោ មធុរសំ ន ជហាតិ អុច្ឆចទុក្ខោបិបណ្ឌិតជនោ នជហាតិ ធម្មំ។
ប្រែថា ជាតិខ្លឹមចន្ទន៍ទោះក្រៀមស្វិតក្រញង់ មិនបះបង់ក្លិនក្លែបសុគន្ធា ដំរីសារទោះចូលសឹកយុទ្ធនា មិនលះបង់លីលាល្គាយល្គងក្រាយ។ ជាតិអំពៅទោះនៅក្នុងយន្ដគាប មិនលះបង់សភាពរស់ផ្អែមសាយ ជាតិបណ្ឌិតទោះមានទុក្ខក្នុងកាយ មិនជិនណាយលះបង់ព្រះធម៌ថ្ងៃ។
ចប់តំរាបង់វាសនាពុំរួចទី២៦