ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងចចក នឹងទុង
ថ្ងៃសុក្រ ទី3.កក្កដា 2015.ម៉ោង 22:10

ឯ​ទុង​នោះ កាល​រួច​ការ​ស៊ី​លៀង​ហើយ ក៏​ហើរ​មក​កាន់​លំ​នៅ​នៃ​អាត្មា កើត​ក្ដៅ​នឹង​ចចក​រៀប​អាហារ​ដាក់​មិន​អោយ​ខ្លួន​ស៊ី​បាន ទើប​គិត​ថា «ចាំ​អញ​ទៅ​បបួល​អាភឿន​កោង​មក​ស៊ី​លៀង​នៅ​ផ្ទះ​អញ​វិញ អញ​នឹង​រៀប​អាហារ​ចំណី ដាក់​កុំ​អោយ​អា​ចចក​នោះ​វា​ស៊ី​បាន​» គិត​ហើយ​ទៅ​បបួល​ចចក​មក​ស៊ី​លៀង​នៅ​ផ្ទះ​អាត្មា ចចក​ក៏​មក ទុង​ក៏​រៀបអាហារ​ចំណី​នោះ​ដាក់​ក្នុង​ដប​មាន​មាត់​តូច ដែល​ខ្លួន​អាច​បញ្ចូល​ចំពុះ​ទៅ​ក្នុង​ដប​ចឹក​យក​ចំណី​ស៊ី​បាន ហើយ​ហៅ​ទៅ​ចចក​ថា «អញ្ជើញ​មិត្រ​ចូល​ពិសា​ជា​មួយ​គ្នា​ទៅ​» ឯ​ចចក​នោះ​មាត់​ធំ​លូក​មិន​ចុះ​ទៅ​ក្នុង​ដប​នោះ​ឡើយ រក​ឱកាស​ នឹង​ស៊ី​ពុំ​បាន ក៏​អង្គុយ​ស្ងៀម​នៅ គិត​ឃើញ​ថា​ទុង​គេកែ​ខ្លួន​គេ​ហើយ​ ព្រោះ​ថ្ងៃ​មុន​ឯង​ក្លែង​ដាក់​អាហារ​នឹង​ថាស​រាប មិន​អោយ​វា​ស៊ី​បាន ឥលូវ​វា​ក្លែង​ដាក់​អាហារ​ក្នុង​ដប​មាត់​តូច​មិន​អោយ​ឯង​ស៊ី​របស់​វា​បាន​វិញ​។​ ចចក​គិត​ដូច្នោះ​ហើយ ដល់​រួច​លៀង ក៏​លា​ទុង​វិល​ទៅ​កាន់​លំ​នៅ​នៃ​ខ្លួន​វិញ​ហោង។ រឿង​និទាន​នេះ​មាន​គតិ​ប្រៀប​ដូច​ម្ដេច ចូរ​ឯង​ប្រៀប​ប្រាយ​ទៅ​មើល​។

កូន​សិស្ស​តប​ថា រឿង​នេះ​បាន​គតិ​ខាង​មិត្ដ​តែ​មាត់ ចិត្ដ​មិន​បាន​ជា​មិត្ដ​ឡើយ ឯ​កិរិយា​ក្លែង​ពុំ​ចង់​អោយ​ភឿន​ រឺ​ភ្ញៀវ អាស្រ័យ​នោះ ដូច​អ្នក​ខ្លះ​រៀប​បាយ អោយ​ភ្ញៀវ​បរិ​ភោគ ដាក់​ស្វាយ​ទុំ​ទាំង​មូល តែ​កាំ​បិត​ពុំ​បាន​ដាក់​អោយ​ចិត​ឡើយ រឺ​មួយ​ដាក់​ហឹប​ស្លា​អោយ​ស៊ី ដាក់​ស្លា​ស្លឹង​ទាំង​មូល តែ​ប្រណាក​ពុំ​ដាក់ យ៉ាង​នេះ​អោយ​ចូល​ចិត្ដ​ថា​ដូច​តំរា​ទុង​ និង​ចចក​នេះ​ឯង​។

ចប់តំរាមិតកោងមិត្រ៨
រឿងសត្វទុងនឹងត្រី

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស មាន​សត្វ​ទុង​១ ជា​សត្វ​កាន់​សក្កាយ​ទិដ្ឋិ ថ្ងៃ​មួយ​ចេញ​ស្វែង​រក​ចាប់​ត្រី​ជា​អាហារ លុះ​ហែល​ទៅ​បាន​ឃើញ​ត្រី​ក្អិត​១ ហែល​ទៅ​ខាង​មាត់​ខ្លួន ទុង​នោះ​ក៏​ចឹក​ត្រី​ក្អិត​នោះ​បាន​ទើប​មក​គិត​ថា​ អា​ត្មា​អញ​នេះ​ជា​បក្សី​រូប​ធំ ត្រូវ​តែ​បរិ​ភោគ​ត្រី​ធំ​ៗ​យ៉ាង​ត្រី​រ៉ស់ ត្រី​ឆ្ដោ ត្រី​ប្រា​ជា​ដើមនោះ​ទើប​សម​នឹង​ស័ក្ដិ​យស​រូប​អ ញ​នេះ អាត្រី​ក្អិត​រូប​តូច​មួយ​នេះ មិន​សម​នឹង​រូប​អញ​ឡើយ គិត​ហើយ​ទុង​ក៏​លែង​ត្រី​ក្អិត​នោះ​បង់ ហើយ​ហែល​ទៅ​មុខ​ទៀត លុះ​ដល់​ទី​១ បាន​យល់​ត្រី​ចង្វា​១ ហែល​មក​ខាង​មុខ ទុង​នោះ​ចឹក​បាន​លើក​ឡើង​គិត​ទៀត​ថា ត្រី​ចង្វា​នេះ​ក៏​តូច​ណាស់​ពុំ​សម​គួរ​នឹង​អញ​ជា​បក្សី​ធំ​នេះ​ឡើយ គិត​ហើយ​ក៏​លែង​ត្រី​ចង្វា​នោះ​ចោល​បង់ ហើយ​ហែល​ទៅ​មុខ​ទៀត​បាន​យល់​ត្រី​ចង្វា​ភ្លៀង​១ ទុង​ចឹក​បាន​លើក​ឡើង​នឹង​ស៊ី ក៏​គិត​ថា​ត្រី​ចង្វា​ភ្លៀង​នេះ រូប​តូច​ពេក​ណាស់ ពុំ​គួរ​នឹង​រូប​អញ​ជា​ធំ គិត​ហើយ​ក៏​លែង​ត្រី​នោះ​ចោល​បង់ ហើយ​ខំ​ហែល​ទឹក​ស្វែង​ទៅ​មុខ​ទៀត ស្វែង​ទៅ​ៗ រក​ត្រី​ពុំ​បាន ពេល​សោត​ក៏​ទាប​ល្ងាច​នឹង​ផុត​ពេល​ស្វែង ទុង​នោះ​ឯង​កើត​ក្ដី​ឃ្លាន​អាហារ​មហិមា ខំ​ស្វែង​រក​អាហារ​ពុំ​បាន​ឡើយ ម្លោះ​ហើយ​ទុង​កើត​ទុក្ខ​មុខ​សុប​សៅ​ កើត​ក្ដៅ​ចិត្ដ​គិត​ស្ដាយ​អាហារ​ដែល​ខ្លួន​រក​បាន​អំពី​ព្រឹក​នោះ​ថា ស្ដាយ​អឺយ​សែន​ស្ដាយ​ត្រី​ក្អិត​១ នោះ​បើ​ប្រសិន​ជា​បរិ​ភោគ​មក​ល្មម​កល់​ខ្លះ ស្ដាយ​ត្រីចង្វា បើ​ប្រសិន​ណា​ជា​ស៊ី​មក​ក៏​ជា​ការ​កល់​ឡើង​រួម នឹង​ត្រី​ក្អិត​ជាន់​មុន​នោះ ស្ដាយ​ត្រី​ចង្វា​ភ្លៀង​មួយ បើ​ប្រសិន​ណា​ជា​ស៊ី​មក​ទៀត ក៏​ជា​ការ​ផ្សំ​គ្នា​នឹង​ត្រី​ជាន់​មុន​បាន​កល់​ឡើង​ច្រើន​ល្មម​បន្ទោរ​បង់​ក្ដី​ឃ្លាន​នេះ​បាន អីលូវ​នេះដល់​ពេល​ឃ្លាន​ក៏​ខ្លាំង ពេល​ថ្ងៃ​នឹង​ស្វែង​ទៀត ក៏​ផុត​តែ​ត្រឹម​នេះ អញ​នេះ​ហើយ​ពេញ​ជា​គិត​ខុស មិន​សន្សំ​ត្រី​តូច​ៗ ស៊ី​ផ្សំ​គ្នា​គិត​ប្រមាថ​ថា អាតូច​ៗ មិន​សម​នឹង​ខ្លួន​ ចាំ​រក​ត្រី​ធំ​ៗ​ អោយ​សម​ស័ក្ដិ​យស​ខ្លួន ដល់​មិន​បាន​ត្រី​ធំ​ក៏​អត់​ទៅ​ តំរា​នេះ​គឺ​អាធំ​ក៏​ខូច អា​តូច​ក៏​ខាត បាន​ក្ដី​ទុក្ខ​វេ​ទនា​ដោយ​អត់​អាហារ​នោះ​ហោង​។ អើ​រឿង​នេះ​បាន​ជាគតិ​ប្រៀប​ប្រាយ​ទៅ​យ៉ាង​ណា ឯង​ថា​ទៅ​មើល​។

កូន​សិស្ស​តប​ថា គតិ​នេះ​បាន​ដូច​កូន​អ្នក​កាន់​ត្រកូល​ទៅ​រៀន​វិជ្ជា​ចេះ​មក​អំពី​ប្រ​ទេស​ក្រៅ ហើយ​ចូល​មក​ប្រទេស​ខ្លួន រាជ​ការ​បាន​តាំង​អោយ​ធ្វើ​ការ​បើក​ប្រាក់​ខែ​អោយ​ត្រឹម​១០​-​២០​រៀល​ជា​ដើម ខ្លួន​មិន​ទទួល​ធ្វើ​ កាន់​ខ្លួន​ថា ខ្លួន​ជា​កូន​ត្រកូល​ធំ ប្រាក់​ខែ​ប៉ុណ្ណឹង​មិន​សម​នឹង​ចំណេះ​ នឹង​ត្រកូល​ខ្លួន គិត​ចាំ​យក​ប្រាក់​ខែ​ដល់ ៨០​-​៩០ រឺ​១០០ ជា​ទុន​ធំ​តែ​ម្ដង ដូច​ទុង​ចាំ​យក​ត្រី​រ៉ស់ ត្រី​ឆ្តោ ពោ ប្រា តែ​ម្ដង ដល់​រក​មិន​បាន​កើត​ខាត​ខាន កើត​ស្ដាយ​ទុន​តូច​ដែល​គេ​បំរុង​អោយ ក្នុង​កាល​មុន​នោះ​ឯង​។

មួយ​ទៀត​ បាន​ដូច​លោក​ចៅ​អធិការ​ រឺ​ លោក​មហា​អាចារ្យ​កាន់​ខ្លួន​ថា​ធំ គិត​ថា​អាត្មា​នេះ​សម​តែ​គេ​និមន្ដ​ឡើង​គ្រែ​ទេសនា​សង្គាយ​នា រឺ ឆាក​មហា​បង្សុ​កូល​ទស់​បន្លុង គ្រង​កថិន ក៏​ឯ​ការ​តូច​ៗ ដូច​យ៉ាង​គេ​និមន្ដ​សូត្រ​មន្ដ រឺ បង្សុ​កូល​ខ្មោច​ជា​ដើម​នេះ មិន​សម​គួរ​ដល់​អាត្មា​ជា​ធំ​ឡើយ កាន់​ដូច​យ៉ាង​ទុង​នោះ​ឯង​។

ចប់តំរាគតិរកស៊ីមិនសន្សំពីវត្ថុតូចៗទី៨
រឿងសត្វកណ្ដូបនឹងដើមសង្កែ

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស មាន​កន្ដូប​១ ហើរ​ទៅ​ទំ​ស៊ី​ស្លឹក​នូវ​ផ្លែ​ផ្កា​នៃ​ដើម​សង្កែ​ដុះ​នៅ​វាល​ស្រែ​ក្រៅ​១ លុះ​បរិ​ភោគ​ឆ្អែត​ហើយ ក៏​ហើរ​ទៅ​ព្រៃ​ភ្នំ ចុះ​ទំ​លើ​មែក​សង្កែ​ភ្នំ​១ ដុះ​នៅ​ក្រោម​ឈើ​ធំ​ទាំង​ឡាយ លុះ​ដល់​ពេល​ឃ្លាន​អាហារ​ក៏​ហើរ​ឆ្វៀល​ដើម​សង្កែ​ភ្នំ ដើម្បី​រក​មើល​ស្លឹក មើល​ផ្លែ​ផ្កា​នឹង​បរិ​ភោគ ហើរ​រក​ពុំ​ឃើញ​មាន​ស្លឹក​នូវ​ផ្លែ​ផ្កា ឃើញ​មាន​តែ​ដើម​ខ្ពស់​ដូច្នោះ កន្ដូប​នោះ​ក៏​និយាយ​ថា ដើម​សង្កែ​ដែល​ដុះ​ឯ​វាល​ស្រែ​នោះ គេ​មាន​មែក​ត្រសុំ​ត្រសាយ បរិ​បូណ៌​ដោយ​ផ្លែ​ផ្កា មាន​ស្លឹក​ស្រោប​ជិត​ជុំ​ដើម ជា​ទី​ប្រ​ជុំ​នៃ​សត្វ​កន្លង់ កន្ដូប អណ្ដើក​មាស​ទាំ​ឡាយ​អាស្រ័យ​បរិ​ភោគ​បាន អើ​ប្រ​ស្ដែង​សង្កែ​ភ្នំ​នេះ ហេតុ​អ្វី​ក៏​ពុំ​មាន​ស្លឹក​បែក​ផ្លែ​ផ្កា​ដូច​គេ មាន​តែ​ដើម​ដុះ​លូត​ខ្ពស់​រៀវ​ចុង​យ៉ាង​នេះ រក​តែ​ស្លឹក​នឹង​ស្រោប​ខ្លួន​គ្មាន​។

ឯ​សង្កែ​នោះ ក៏​ប្រាប់​ថា «អោ​អ្នក​អើយ! ដើម​ខ្ញុំ​នេះ​ដុះ​នៅ​ក្រោម​ឈើ​ធំ ក៏​វិស័យ​ឈើ​ធំ​ទាំង​ឡាយ​មាន​ដើម​ផ្ចឹក​រាំង ឈើ​ទាល​ជា​ដើម​នោះ គេ​ជា​ជាតិ​ឈើ​ភ្នំ​ប្រកប​ដោយ​ខ្លឹម​ខាង​ក្នុង គេ​លូត​បែក​មែក​ត្រសាយ​ត្រសុំ ដោយ​ភាព​គេ​ជា​ឈើ​ភ្នំ តែ​ខ្ញុំ​ឯង​នេះ​ជា​ជាតិ​ឈើ​អិត​ខ្លឹម​ ហើយ​មក​ដុះ​នៅ​ខាង​គេ តាំង​លូត​តាម​គេ​ទៅ​ ទាល់​តែ​រក​ស្លឹក​ពុំ​បាន​យ៉ាង​នេះ​ឯង​។

ឯ​កន្ដូប ក៏​និយាយ​តិះ​ដៀល​ដើម​សង្កែ​នោះ​ផ្សេង​ៗ ហើយ​សរ​សើរ​ដើម​សង្កែ​ដែល​ដុះ​នៅ​តាម​វាល​ស្រែ​ផុត​អំណាច​ឈើ​ធំ​នៅ​គ្រប​សង្កត់​ពី​ខាង​លើ ពុំ​បាន​លូត​តាម​ត្រាប់​តាម​ឈើ​ធំ​អោយ​បង់​ស្លឹក​ផ្លែ​ផ្កា​ដុះ​តាម​ធម្ម​តា​ខ្លួន​ឯង តាម​តែ​ចិត្ដ​ចង់​បំបែក​មែក​តូច​ធំ​តាំង​ស្លឹក​ផ្កា​ផ្លែ​បិទ​បាំង​ខ្លួន​យ៉ាង​ណា​ៗ ក៏​អិត​មាន​ទើស​ទល់​អ្វី​មួយ​ឡើយ កន្ដូប​ពោល​ពាក្យ​ដូច្នោះ​ហើយ​ក៏​ហើរ​ទៅ​កាន់​លំ​នៅ​នៃ​ខ្លួន​វិញ​ហោង។ ចុះរឿង​នេះ បាន​សេច​ក្ដី​ជា​គតិ​យ៉ាង​ណា ចូរ​អត្ថា​ធិប្បាយ​ទៅ​មើល​?​។

កូន​សិស្ស​តប​ថា ឯ​ដើម​ផ្ចឹក​រាំង​ឈើ​ទាល​នោះ ជា​រុក្ខ​ជាតិ​មាន​ខ្លឹម ដុះ​ឡើង​ក៏​លូត​ខ្ពស់​តាំង​បែក​មែក​តូច​ធំ ព្រម​ទាំង​ស្លឹក​ផ្លែ​ផ្កា​បាន​សម​ដោយ​ជាតិ​ជា​ឈើ​ធំ នេះ​បាន​គតិ​ដូចម​នុស្ស​អ្នក​មាន​សម្បត្ដិ មាន​យស​ស័ក្ដិ មាន​ប្រាក់​ខែ​បរិបូណ៌​ បើ​គេ​ស្លៀក​ពាក់​គ្រឿង​តែង​ខ្លួន​ រឺ​ គេ​បរិ​ភោគ​ភោជ​នា​ហារ យ៉ាង​ឧត្ដម​ក៏​សម​របស់​គេ​អិត​មាន​ក្ដី​ខាត់ខាត ឯ​ជាតិ​ដើម​សង្កែ រឺ ប្រ​បួយ​លាជ​ផ្ទះ ជា​ដើម​នោះ ជា​ជាតិ​ឈើ​ស្រែ ឈើ​ក្រៅ​ សម​គួរ​តែ​ដុះ​នៅ​វាល​ស្រែ​ក្រៅ ដែល​ផុត​ពី​ម្លប់​ឈើ​ធំ ទើប​អាច​តាំង​មែក​ស្លឹក​ផ្លែ​ផ្កា​បរិ​បូណ៌​ទៅ​បាន បើ​ទៅ​ដុះ​នៅ​ខាង​ឈើ​ធំ​ហើយ ក៏​ពុំ​អាច​តាំង​មែក​ស្លឹក​ផ្លែ​ផ្កា​បាន​ឡើយ នេះ​បាន​ជា​គតិ​ដូច​មនុស្ស​អ្នក​អិត​ចំណេះ អិត​ទ្រព្យ​សម្បត្ដិ ហើយ​ត្រាប់​តាម​អ្នក​មាន​សម្បត្ដិ មាន​យស ទិញ​គ្រឿង​តែង​ខ្លួន រឺ​អាហារ​ខ្ពស់ ប្រើ​កិរិ​យា​យ៉ាង​អ្នក​ធំ​លូត​តាម​អ្នក​ធំ ម្ល៉ោះ​ហើយ​ក្ដី​ក្រ ក្ដី​លំបាក ក៏​កើត​ដល់​ប្រាណ មាន​ឧបមេយ្យ​ដូម​ដើម​សង្កែ​ត្រាប់​តាម​ឈើ​ធំ​នោះ​ឯង​។

ឯ​ដើម​សង្កែ ដែល​ដុះ​ដោយ​វាល​ស្រែ បរិ​បូណ៌​ដោយ​មែក​ស្លឹក​ផ្លែ​ផ្កា​នោះ បាន​គតិ​ដូច​មនុស្ស​អ្នក​អិត​ចំណេះ​វិជ្ជា​ការ ខ្សត់​ក្រ​តែ​ទៅ​ប្រ​ព្រឹត្ដ​ដោយ​ការ​រក​ស៊ី​ធ្វើ​ស្រែ​ចំការ​ជួញ​ប្រែ​លក់​ដូរ ឧស្សាហ៍​សន្សំ​ទ្រព្យ​សម្បត្ដិ ទុក​ដាក់​ពុំ​ហ៊ាន​ចែក​ចាយ ដោយ​ការ​ពុំ​គួរ​ចាយ​នោះ​ទ្រព្យ​សម្បត្ដិ​កើត​មាន​ឡើង ដូច​ដើម​សង្កែ​ដុះ​ដោយ​វាល​ស្រែ​នោះ​ឯង​។ អ្នក​ស្រែ​ចំការ​មាន​ទ្រព្យ​សម្បត្ដិ​ ជា​ទី​អោយ​មហា​ជន​សរ​សើរ​។ អ្នក​ក្រុង​ពិត​តែ​អិត​ទ្រព្យ​សម្បត្ដិ ប៉ុន្ដែ​ប្រឹង​លូត​តាម​អ្នក​ធំ​ដូច​ដើម​សង្កែ​ដុះ​ក្បែរ​ភ្នំ​ជា​ទី​អោយ​កន្ដូប​មេ​អំបៅ អណ្ដើក​មាស​តិះ​ដៀល​និន្ទា​។ អ្នក​មាន​បញ្ញា​គួរ​ពិចារ​ណា​យក​ជា​គតិ​លោក យោគ​អោយ​ឃើញ​មនុស្ស​ត្រាប់​អ្នក​ធំ​មាន​នៅ​ក្នុង​សម័យ​អី​លូវ​នេះ​។

ចប់គតិអ្នកលូតអស់ស្លឹកទី៩
រឿងសត្វក្អែកនឹងខ្មោចឆ្កែ

មាន​ក្អែក​១ បាន​ឃើញ​ខ្មោច​ឆ្កែ​១ អណ្ដែត​ទឹក​ក៏​ចុះ​ទំ​ចឹក​ស៊ី​បណ្ដែត​ទៅ​តាម​ខ្សែ​ទឹក ចេញ​ទៅ​ដល់​កណ្ដាល​សាគរ​ក្អែក​នោះ​ភ្លើន​ភ្លេច​ស្មារតី​ ពុំ​បាន​គិត​ហើរ​វិល​មក​កាន់​ទី​គោក​ឡើយ​។

លុះ​ស៊ី​ឆ្អែត​ហើយ ក្អែក​នឹង​គេច​ហើរ​មក​ទី​គោក​ពុំ​បាន​ព្រោះ​ខ្មោច​ឆ្កែ​នោះ អណ្ដែត​ទៅ​កណ្ដាល​មហា​គង្គា ផុត​មើល​ត្រើយ​ពុំ​យល់ ក្អែក​នោះ​ហើរ​មិន​ដល់​គោក ក៏​តាំង​ស្លាប់​អស់​កំលាំង​ធ្លាក់​លិច​ចុះ​ក្នុង​គង្គា​ដល់​នូវ​ក្ដី​មរណៈ​សូន្យ​ជីវិត​ហោង​។ រឿង​និទាន​នេះ បាន​គតិ​ប្រៀប​ប្រាយ​អត្ថា​ធិប្បាយ​ដូច​ម្ដេច​? កូន​សិស្ស​តប​ថា រឿង​នេះ​បាន​គតិ​ដូច​និទាន​សត្វ​ចចក​ដែល​លោភ​ខ្លាំង ចូល​ទៅ​ស៊ី​គ្រឿង​ក្នុង​ពោះ​នៃ​ខ្មោច​ដំរី​សារ បាន​នូវ​សេច​ក្ដី​ទុក្ខ​វេទនា ព្រោះ​អិត​សតិ​បញ្ញា​នឹង​ពិចារ​ណា​អោយ​យល់​ហេតុ​ផល ហៅ​ថា​មិន​ដឹង​ប្រមាណ​ក្នុង​ការ​បរិ​ភោគ​ភោជន​ អ្នក​ប្រាជ្ញ​គប្បី​ចូល​ចិត្ដ​ហោង​។

ចប់តំរាគតិលង់ដោយលោភទី១០
រឿងចៅអធិការនឹងកូនសិស្សពីរនាក់

មាន​លោក​សង្ឃ​១អង្គ​ ជា​ចៅ​អធិ​ការ នាំ​ក្មេង​ពីរ​នាក់​ជា​កូន​សិស្ស​ចេញ​ចាក​អារាម​ទៅ​ព្រៃ ដើម្បី​នឹង​ទិញ​ឈើ​ធ្វើ​កុដិ កូន​សិស្ស​ក៏​ស្ពាយ​កញ្ចប់​ចង្ហាន់​យក​ទៅ ដើម្បី​ឆាន់​ពេល​ថ្ងៃ​ត្រង់​។ លុះ​ទៅ​ដល់​ត្រពាំង​មួយ មាន​ទឹក​ដ៏​ថ្លា​ស្អាត​មាន​រុក្ខ​ជាតិ​ដុះ​ជិត​ជុំ ម្លប់​ត្រសុំ​សប្បាយ​ ជួន​ពេល​ថ្ងៃ​ត្រង់​លោក​សង្ឃ​នោះ ចូល​ឈប់​ប្រារព្វ​នឹង​ឆាន់​បាយ ទើប​ក្មេង​ទាំង​២​នាក់​ ក៏​ចាត់​ចែង​យក​ចង្ហាន់​កញ្ចប់​នោះ​ប្រ​គេន ឯ​ម្ហូម​នោះ​មាន​តែ​ត្រី​កន្ត្រប់​អាំង​១​។ លោក​ចៅ​អធិ​ការ​ក៏តាំង​ឆាន់ ឯ​ក្មេង​ទាំង​២​នាក់​វា​អង្គុយ​គាល់​លោក​ឆាន់ វា​នឹក​ក្នុង​ចិត្ដ​វា​ថា លោក​គ្រូ​ប្រ​ហែល​ជា​ឆាន់​ត្រី​កន្រ្ដប់​នេះ តែ​មួយ​ចំហៀង ខាង​លើ ឯ​ចំណែក​ខាង​ក្រោម​សោត គង់​តែ​លោក​នឹង​ទុក​អោយ​យើង​កូន​សិស្ស​ពីរ​នាក់ ក្មេង​គិត​ដូច្នោះ​ហើយ វា​ក៏​ខ្សឹប​ប្រាប់​គ្នា​វា​អោយ​ដឹង​ជា​សញ្ញា​។

ឯ​លោក​ចៅ​អធិ​ការ លុះ​ឆាន់​បាយ​អស់​ត្រី​អាំង​១​ចំហៀង​ហើយ​ក៏​នៅ​ឆ្ងាញ់ ទើប​ប្រែ​ត្រលប់​ត្រី​កន្ត្រប់​ឆាន់​ខាង​ចំហៀង​ក្រោម​ទៀត​។ កូន​សិស្ស​ឃើញ​លោក​គ្រូ​ត្រលប់​ត្រី​អាំង​ឆាន់​ចំណែក​ខ្លួន​វា​ដូ​ច្នោះ អីលូវ​នេះ​ផែន​ដី​ប្រែ​ហើយ នៅ​ផង​ពុំ​បាន​ទេ​អាដែង​។

ក្នុង​ខណៈ​នោះ​មាន​ក្របី​ព្រៃ​១ វា​ក៏​បោល​ចូល​មក​នឹង​វ័ធ​។ កូន​សិស្ស​ទាំង​ពីរ​នាក់ បាន​ឃើញ​ក្របី​ព្រៃ​បោល​ដេញ​មក​ដូច្នោះ ទើប​វា​នាំ​គ្នា​រត់​ចោល​លោក​គ្រូ​ហើយ​ឡើង​ដើម​ឈើ​ត្រា​តែ​ដល់​ចុង ផុត​អន្ដ​រាយ​នឹង​ក្របី ឯ​លោក​ចៅអធិ​ការ​កំពុង​តែ​ឆាន់​ឆ្ងាញ់​ស្រាប់​តែ​ក្របី​មក​ជិត ក៏​ភិត​ភ័យ​តក់​ស្លុត​ក្រោក​ឡើង​នឹង​រត់ ហើយ​ស្រែក​ហៅ​កូន​សិស្ស​អោយ​ជួយ​ដោយ​រួស​រាន់​ណាស់​។

ឯ​កូន​ក្មេង​នៅ​លើ​ចុង​ឈើ វា​នាំ​គ្នា​ស្រែក​ទៅ​ថា​ ផែន​ដី​ប្រែ​ហើយ នរ​ណា​ឡើយ​នឹង​ទៅ​ជួយ ត្រី​កន្រ្ដប់​តូច​មួយ​ឆាន់​អស់​នៅ​សល់​តែ​ឆ្អឹង ចូរ​លោក​គ្រូ​ខំ​ប្រឹង​រត់​ទៅ​តែ​ឯង​តាម​យថា​កម្ម​រៀង​ខ្លួន​ចុះ យើង​មិន​ចុះ​ទៅ​ជួយ​ទេ​។ ឯលោក​នោះ​រត់​មិន​រួច​ពី​ក្របីៗ ក៏​វ័ធ​ដល់​នូវ​មរណ​កាល​កណ្ដាល​ព្រៃ​នោះ​ហោង​។ រឿង​និទាន​នេះ បាន​ជា​សេច​ក្ដី​ជា​គតិ​យ៉ាង​ណា​ចូរ​ថា​ទៅ​មើល​?​។

កូន​សិស្ស​តប​ថា រឿង​និទាន​នេះ បាន​គតិ​ដូច​ពាក្យ​សុភា​សិត​ច្បាប់​ចាស់​ថា «បាន​ស្ករ​និង​ទឹក​ឃ្មុំ​ពួន​ក្នុង​ផ្ទះ​ស៊ី​ម្នាក់​ឯង​» បុគ្គល​ទាំង​ឡាយ​ក្នុង​លោក​នេះ សឹង​មាន​អាហារ​ជា​ថ្នាំ​កែ​រោគ​ឃ្លាន គឺ​គំលាន​នេះ​ជា​រោគ​ធំ​បំផុត បុគ្គល​ណា​ចង់​រស់​តែ​ឯង មិន​គិត​ដល់​អ្នក​ដទៃ​ផង បុគ្គល​នោះ​ លុះ​មាន​ក្ដី​ភ័យ​ឯណា​មួយ​មក​ដល់​ខ្លួន​ហើយ នឹង​ស្រែក​រក​អោយ​គេ​ជួយ គេ​ក៏​ពុំ​មក​ជួយ​ឡើយ​ ​ហៅ​ថា​ពុំ​ដឹង​ប្រ​មាណ​ក្នុង​ការ​បរិភោគ​។ អ្នក​មាន​បញ្ញា​គួរ​ត្រិះ​រិះ​គិត​តទៅ​ទៀត​ចុះ។

ចប់តំរាគតិបរិភោគអាហារមិនគិតគេទី១១
តំរាប្រែផែនដីក្របីវ័ធស្លាប់ អញ្ជើញអ្នកស្ដាប់ កុំត្រាប់យកជាគតិ។