គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៤
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
**********************************************
ទស្សនៈអ្នកចុះផ្សាយ :
រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីការប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]
ពណ៌នាសេចក្ដីឆោត និង និទានពីតាចាស់ម្នាក់
ថ្ងៃសុក្រ ទី15.សីហា 2014.ម៉ោង 22:14
រឿងនិទានមនុស្សឆោតនេះ នៅមានច្រើនណាស់ យើងពុំឈ្នះនឹងនាំមកពណ៌នាអោយអស់ គឺសំដែងទុកតែប៉ុណ្ណេះ ល្មមជាបែបបានជាគតិលោកហើយ ចូរឯងចូលចិត្ដគិតទៅចុះ សព្វតំរាឆោតទាំងប៉ុន្មានៗនេះ សឹងចុះក្នុងកិរិយាឥត សតិសម្បជញ្ញៈ១នេះឯង បើមានសតិសម្បជញ្ញៈ យ៉ាងស្ដេចពានរបរមពោធិសត្វ កាលចៅក្រពើទៅដេកក្រាបលើ ថ្មបញ្ឆោតអោយមហាពានរលោតទៅលើខ្លួន ដើម្បីនឹងចាប់យករូបពោធិសត្វ ពោធិសត្វមិនឆោតតាមគំនិតខ្លួន ហើយពោធិសត្វបញ្ឆោតក្រពើនោះបានវិញ។ មួយទៀត និទានមាន់ចែកែខ្លួនរួចអំពីសំពោចធ្វើអោយសំពោចភិតភ័យរត់ទៅវិញ រឿងអស់នេះគួរឯងចូលចិត្ដចុះ។
កូនសិស្សតបគ្រូវិញថា សូមទានរឿងមនុស្សឆោតខ្លៅអស់នេះ សឹងមានតែក្នុងកាលយើងឥលូវនេះទេឬក្នុងកាលពុទ្ធប្បាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្រះធរមាននៅឡើយនោះ មានមនុស្សឆោតខ្លៅដូចយ៉ាងយើងឥលូវនេះដែរទាន។
គ្រូតបថា ឯមនុស្សឆោតខ្លៅនេះ មិនមែនមានតែក្នុងកាលឥលូវនេះទេ ទោះនៅក្នុងកាលពុទ្ធប្បាទនោះក៏មានមនុស្សឆោតខ្លៅដូច្នេះដែរ ឯងមិនទាន់ចូលចិត្ដទេឬ? គឺកាលព្រះពុទ្ធជាម្ចាស់បានត្រាស់នោះមានគ្រូធំ៦នាក់ មានគ្រូ ឈ្មោះបូរណកស្សបៈជាដើម ឯពួកគ្រូអស់នោះសឹងកាន់លទ្ធិផ្សេងៗ មានប្រព្រឹត្ដកាយអាក្រាតជាដើម បាននាមហៅថា អចេលកៈបុគ្គល ប្រតិបត្ដិផ្លូវអត្ដកិលមថានុយោគផ្សេងៗ ទាំងមានមនុស្សទាំងឡាយចូលចិត្ដជឿរាប់អាន ប្រព្រឹត្ដ តាមជាងរយជាពាន់នាក់ ប្រតិបត្ដកាន់យកទុកជាសាសនាតៗមក នៅដរាបដល់ឥលូវនេះ។
មួយទៀត មានមនុស្សពួកខ្លះប្រតិបត្ដិខាងផ្លូវព្រហ្មញ្ញសាសនា មានកាន់ពិធីបូជាយញ្ញ បូជាគ្រោះ បង្កក់ប្រសិទ្ធីសែនពែជាដើម។ មនុស្សទាំងឡាយឯណា កើតនៅក្នុងសំណាក់គ្រូណា ក៏កាន់លទ្ធិកាន់សាសនារបស់គ្រូនោះទាំងអស់ ដើម្បី នឹងមានសតិសម្បជញ្ញៈពិចារណា មើលខុសត្រូវអោយសមហេតុសមផលនោះពុំមានឃើញតែមាតាបិតា ក្នុងវង្សត្រកូលខ្លួនប្រតិបត្ដិយ៉ាងណាហើយ ក៏ប្រតិបត្ដិទៅតាមវង្សត្រកូលយ៉ាងនោះឯង ទោះមានលោកអ្នកប្រាជ្ញណា ទៅនិយាយដាស់តឿនបង្ហាញផ្លូវត្រង់ អោយលះបង់លទ្ធិនោះចោល ក៏មិនព្រមលះចោល នៅប្រកាន់តំរាមាតាបិតាគ្រូបាអាចារ្យខ្លួនថា តំរាបុរាណសុទ្ធសឹងតែត្រូវទាំងអស់។
មួយទៀត មនុស្សឯណាកើតក្នុងកាលវិបត្ដិ គឺកើតក្នុងសុញ្ញក័ល្ប១ កើតក្នុងទេសវិបត្ដិ គឺប្រទេសនោះពុំមានសាសនាត្រឹមត្រូវ១ កើតក្នុងកុលវិបត្ដិ គឺកើតក្នុងវង្សត្រកូលមិច្ឆាទិដ្ឋិ មានគោត្រត្រកូលព្រានព្រៃជាដើម១ មនុស្សនុ៎ះគង់ លុះនៅកាន់លទ្ធិខុស លទ្ធិឆោតមិនលែង។ ឯងចូលចិត្ដចុះ មនុស្សឆោតល្ងង់នេះមិនមានតែក្នុងកាលឥលូវនេះទេ ទោះមនុស្សកើតមុនពុទ្ធប្បាទក្ដីកើតក្នុងរវាងព្រះពុទ្ធប្បាទនៅក្ដី ឬកើតជាន់ក្រោយព្រះពុទ្ធុប្បាទក្ដី សឹងមានឆោតល្ងង់ តាមពួកៗដូចគ្នា។
មួយទៀត ក្ដីឆោតនេះបើនិយាយដោយយ៉ាងល្អិតនោះ សឹងមាននៅគ្រប់តួមនុស្សទាំងអស់ទួទៅ វៀរតែលោកអ្នកបានលុះផ្លូវអរិយបុគ្គលទាំង ៩ចំពួកមានព្រះសម្មាសម្ពុទ្ធជាប្រធាន នោះទើបលោកលោតកន្លងផុតក្ដីឆោតនេះបាន ព្រោះលោកមានកែវឆ្លុះ គឺលោកុត្ដរប្បញ្ញា មើលឃើញពន្លឺព្រះនិព្វានច្បាស់ហើយ តែឯមនុស្សយើងបថុជ្ជននៅធ្ងន់ដោយ រាគៈ ទោសៈ មោហៈ លោភៈ ជាដើមនេះ សឹងធ្លាក់ទៅក្នុងក្ដីឆោតឯណានីមួយមិនលែងឡើយព្រោះក្ដីឆោតនេះ កើតដោយអារម្មណ៍លោកិយផ្សេងៗ ដូចបុគ្គលប្រុសស្រីខ្លះវង្វេងទៅដោយកិលេសកាមរោលរាលយ៉ាងខ្លាំង មិនទទួលញ៉មខ្លួនថាចាស់ជរា នៅសំគាល់ខ្លួនថា កំលោះ ជាក្រមុំ តាំងស្វែងរកផ្លូវកាមតាមបបោសអង្អែលរូប សំលេង ក្លិន រស សម្ផស្ស ជារបស់កាមគុណ កើតត្រេកត្រអាល ប្រាសចាកក្ដីអៀនខ្មាស មិនដឹងខ្លួនថាចាស់ជរា ចចេសលើសសង្ខារ។ ដូចនិទានតាចាស់ម្នាក់ឈ្មោះតាអ៊ុមយោគី នៅស្រុកព្រះតំបង តាយោគីនោះឯងវង្វេងស្រលាញ់ក្មេងក្រមុំ គ្រាកាលណោះមានមេស្រីអ្នកលេងវាដឹងថា តាអ៊ុមយោគីចង់ស៊ីផ្លែទន្លាប់ស្រស់ ទើបវាយកផ្លែទន្លាប់ស្រស់របស់វា ទៅ ប្រលោមអោយតាអ៊ុមអង្អែលលេងខ្លះ ដើម្បីយកមាសប្រាក់ទ្រព្យធនរបស់តាអ៊ុម តាអ៊ុមតាំងតែឆោតវង្វេងយកទ្រព្យធនរបស់ខ្លួនលើកអោយទៅមេអ្នកលេងទាល់តែអស់ ដោយហោចទៅតែសំពត់ស ឬគ្រឿងថង់យាម កន្ទេលខ្នើយដែលបានមកអំពីកិច្ច ដែលខ្លួនទៅធ្វើយោគីដុតខ្មោចអោយគេនោះ ក៏បានដៃមេអ្នកលេងទាំងអស់ ទាល់តែតាអ៊ុមធ្លាក់ខ្លួនជាអ្នកក្រ។
រឿងមនុស្សចាស់ជរា លុះផ្លូវកាមរាគរោលខ្លាំងហើយ សឹងជាផ្លូវអោយមេស្រីអ្នកលេងដើរចូលមកបញ្ឆោតបានទាំងអស់ សឹងលុះក្ដីបរាមុខក្នុងលោកយើងនេះ ដូចបទបាលីមានក្នុងគម្ពីរលោកនិតិថា
ចាស់ចើកបានជួននួនក្រមុំ ដោះក្បំពកប៉ុនផ្លែទន្លាប់ សែនស្រលាញ់ពេញចិត្ដប្រព្រិត្ដិជាប់ របស់ក៏ផ្គាប់វាទាំងអស់។ វាអើយកាលណានឹងអោយភ្លាម ស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ ស៊ីពុំបានក៏ស៊ូហិតតែរស ការទាំងអស់ជាហេតុអន្ដរ ធាន។
ចប់ខាងសេចក្ដីឆោតមនុស្សប្រុសដោយសង្ខេប។
ឯខាងមនុស្សស្រីចាស់ចើកវិញនោះ បានដូចរឿងយាយចាស់ម្នាក់ឈ្មោះ សំ នៅស្រុកព្រះតំបងយាយនោះអាយុ ៧០ប្លាយរូបជរា គឺធ្មេញបាក់អស់ សក់ស្កូវ ខ្នងកោង ដើរកាន់ឈើច្រត់។ កាលនោះមានបុរសម្នាក់ឈ្មោះចៅមៅ ទៅសុំយាយ សំ ជាម្ដាយធម៌ យាយសំក៏ស្រលាញ់ចៅមៅជាកូនធម៌ លុះនៅយូរមក យាយសំកើតភ្លើងកាមរាគរោលខ្លាំង តាំងស្រលាញ់ចៅមៅដាយការផ្លូវលោកិយ ស៊ូផ្គាប់ផ្គុនចៅមៅ សំដែងមាយាស្រ្ដី ញ៉ាំងចៅមៅអោយត្រេកក្នុងការលោកិយផ្សេងៗ ឯចៅមៅដឹងខ្លួនក៏រត់ចោលយាយសំៗ ក៏ស៊ូដើរតាមរកចៅមៅ ដូចនិទានរឿងនាងមេរីដើរតាមរកព្រះនាគសែននោះឯង។ ឯកាមរាគ១នេះមែន បើមាននៅលើរូបយាយចាស់ឯណាហើយ ក៏អាចធ្វើអោយយាយ ចាស់នោះវង្វេងបាត់ក្ដីអៀនខ្មាសកូនចៅខ្លួននឹងអ្នកដ៏ទៃនានា អាចកាត់ក្ដីស្រលាញ់កូនចៅបាន ហើយទទួលពាក្យបញ្ជោរអ្នកដទៃ គឺគាប់ចិត្ដនឹងពាក្យហៅនាងឬអ្នក បើនរណាហៅយាយយ៉ាងនេះពុំគាប់ចិត្ដឡើយ មួយទៀតបើសក់ក្បាលស្កូវ ក៏កែរកក្រមួន ឬប្រេងលាយខ្មុកអោយបានសក់ខ្មៅមួយគ្រាៗ ឬរួចដល់ខ្នងកោង ក៏ខំដើរអើតដើរងើត ចោលឈើច្រត់មិនចាំកាន់ក៏បាន មួយទៀត កាមរាគនេះមានកំលាំងអាចកាត់កូនចៅក៏បាន អាចហ៊ានសំលាប់កូនចៅខ្លួនបាន ដូចនិទានយាយព្រាហ្មណីជាមាតានៃពោធិសត្វនោះឯង រឿងនោះមានសេចក្ដីថា៖
រឿងយាយព្រាហ្មណី
កាលនោះ ព្រះពោធិសត្វទៅកើតជាកូននាងព្រាហ្មណី បិតាដល់នូវមរណកាល ពោធិសត្វចំរើនធំឡើងបានរៀនចេះដឹងក្បួនត្រៃភវេទចប់ ឡើងជាអាចារ្យទិសាបាមោក្ខ មានកូនសិស្សទៅរៀនវិជ្ជានោះជាច្រើន ឯមាតានៃពោធិសត្វ នោះចំរើនអាយុដល់៨០ប្លាយ រូបកាយក៏ទុព្វលភាពចាស់ជរា សាច់ស្វិតយុរយារ នេត្រាមើលមិនយល់ព្រឹលៗគ្រាកាល នោះមានមាណពកំលោះម្នាក់មានរូបសោភា ចូលទៅសូមរៀនវិជ្ជាសិល្បសាស្រ្ដនឹងបរមពោធិសត្វ ពោធិសត្វបានបង្ហាត់បង្រៀនអស់កាល៣ឆ្នាំ ចៅមាណពនោះរៀនចេះចប់ហើយ ក៏លាពោធិសត្វជាគ្រូទៅស្រុកអាត្មា ដល់ហើយក៏សំដែងវិជ្ជានោះប្រាប់មាតាបិតារបស់ខ្លួនសព្វប្រការ ឯមាតានៃចៅមាណពនោះសួរថា សិស្បសាស្រ្ដទាំងពួងនេះចៅរៀនចប់ហើយ ចុះឯវិជ្ជាមាយាស្រ្ដីនោះតើកូនឯងរៀនចេះខ្លះហើយឬ?។
ចៅមាណពជំរាបម្ដាយថា នៅពុំទាន់បានរៀនទេ ទើបមាតាបញ្ជូនមាណពនោះ អោយវិលទៅរៀនវិជ្ជាមាយាស្រ្ដី នឹងពោធិសត្វវិញ ចៅមាណពក៏ចូលទៅកាន់សំណាក់ពោធិសត្វនិយាយសូមរៀនវិជ្ជាមាយាស្រ្ដី ឯពោធិសត្វក៏ប្រាប់ថា វិជ្ជាមាយាស្រ្ដីនោះ គឺមាតាយើងគាត់ចេះ បើច្នេះចៅឯងចូលទៅរៀនតពីមាតាយើង ឯក្នុងផ្ទះចុះ។
ចៅមាណពក៏ចូលទៅប្រតិបត្ដិយាយចាស់សូមរៀនមាយាស្រ្ដីតាមក្ដីប្រាថ្នា ឯមាតាពោធិសត្វបានឃើញចៅមាណព រូបល្អមកប្រតិបត្ដិខ្លួន ក៏កើតភ្លើងកាមរាគរោលប្រាណ មានចិត្ដស្នេហាស្រលាញ់ចៅមាណពប្រារព្ធចង់បានជាប្ដី ទើបនិយាយប្រស្រ័យលួងលោមដោយផ្លូវលោកិយ ប្រើកិរិយាស្រ្ដីនោះផ្សេងៗ ហើយថា ខ្ញុំឯងស្រលាញ់អ្នកឯងណាស់ ចូរអ្នកឯងទទួលផ្លូវមេត្រីជាប្ដីខ្ញុំនេះចុះ។ ឯចៅមាណពនោះក៏ឆ្លើយថា ការនេះខ្ញុំបាទពុំហ៊ានទេ ព្រោះលោកគ្រូជាកូនលោកយាយ លោកជាអាចារ្យលើខ្ញុំ ៗតែងគោរពប្រតិបត្ដិលោក ដូចលោកយាយឃើញស្រាប់ ពុំគួរខ្ញុំបាទជាសិស្សទៅប្រព្រឹត្ដកន្លងយ៉ាងនេះសោះ យាយចាស់នោះក៏តបវិញថា ការនោះមិនអីទេ លែងតែអ្នកឯងព្រមចិត្ដព្រមគំនិតនឹងយើងនេះចុះ ឯត្រង់រូបកូនយើងនេះយើងនឹងគិតសំលាប់បង់ កុំអោយមានក្ដីរង្គៀសដល់អ្នកឯងឡើយ។
ចៅមាណពក៏ឆ្លើយថា បើលោកយាយហ៊ានសំលាប់កូនដូច្នោះ ខ្ញុំបាទក៏ព្រមតាម ថាហើយចៅមាណពក៏ស្ទុះចេញមកក្រៅ ហើយនាំពាក្យនោះទៅជំរាបពោធិសត្វៗ ក៏និយាយថា បើមាតាយើងគាត់គិតសំលាប់យើងដូច្នោះ ចូរបាឯង ទៅសួរគាត់វិញថា គាត់ប្រារព្ធនឹងសំលាប់នោះ តើសំលាប់ក្នុងថ្ងៃណាក្នុងពេលណា សំលាប់ដោយឧបាយដូចម្ដេច។ ឯចៅមាណពទទួលពាក្យពោធិសត្វហើយ ក៏ចូលក្នុងផ្ទះ និយាយសាកសួរយាយនោះ តាមពាក្យនៃពោធិសត្វគ្រប់ប្រការ ឯយាយចាស់ក៏ប្រាប់ថា យើងនឹងសំលាប់កូនយើងក្នុងវេលារាត្រីយប់នេះ គឺយើងចាំមើលកូនយើងដេកលក់កាលណា យើងនឹងកាន់ដាវដ៏មុតលបចូលទៅប្រហារអោយដាច់កមួយរំពេចក្នុងកាលនោះ ការអស់នេះចូរអ្នកឯងកុំនិយាយចេញទៅអោយអ្នកដទៃក្រៅគេដឹងលឺឡើយ មែនណាបើការយើងពីរនាក់នឹងបាននៅជាមួយគ្នាជាប្ដីប្រពន្ធតទៅ។ ឯចៅមាណពក៏ធ្វើជាទទួលពាក្យហើយក៏ក្រោកដើរចេញមកខាងក្រៅ នាំសេចក្ដីនោះទៅប្រាប់ពោធិសត្វជាគ្រូសព្វប្រការ។ ពោធិសត្វបានស្ដាប់ហើយ ក៏កំណត់ទុកក្នុងចិត្ដលុះដល់វេលារាត្រី ទើបកាត់ដើមចេកមួយកំណាត់ប្រមាណ ៤ហត្ថ នាំយកទៅដាក់ផ្ដេកនៅទីដំនេកអាត្មា ហើយយកសំពត់គ្របពីខាងលើ ដើមចេកនោះធ្វើអាការដូចជាមនុស្សដេកលក់ ស្រេចហើយពោធិសត្វនាំចៅមាណពជាកូនសិស្សនៅរង់ចាំមើលកិរិយានៃមាតានោះ។
ឯយាយចាស់នោះលុះដល់យប់ស្ងាត់ ក៏រៀបអាត្មាកាន់ដាវដើរលបចូលទៅក្នុងដំនេកនៃពោធិសត្វ ដល់ហើយ លូកដៃស្ទាបទៅបះលើសំពត់ដន្ដប់ ក៏កំណត់ថា នេះខាងក្បាល នេះខាងជើង យាយចាស់ក៏លើកដាវងាឡើងនឹងកាប់ ដោយគិតថាប្រហារតែម្ដងអោយដាច់កក្នុងកាលនោះ យាយចាស់ប្រឹងលើកដាវហើយប្រហារចុះ ដោយកំលាំងប្រឹងនោះខ្លាំង និមិត្រតែដាវធ្លាក់ដល់ដើមចេកកាលណា យាយចាស់ក៏ដួលចុះដាច់ខ្យល់ដល់មរណកាលក្នុងកាលនោះឯង។ ពោធិសត្វនឹងចៅមាណព លបមើលកិរិយាដឹងថា យាយនោះដួលស្លាប់ដូច្នោះ ក៏កើតធម្មសង្វេគ ហើយចាត់ចែងក្ដាមឈូសដាក់សព នាំទៅធ្វើឈាបនកិច្ចតាមប្រពៃណីជាតិជាព្រាហ្មណ៍។
រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរដិកាព្រះធម្មចក្កឯណោះ យើងទាញយកមក សាធកៈទុកក្នុងតំរាគតិ លោកនេះ ដើម្បីអោយឃើញក្ដីឆោតរបស់បុរសស្រ្ដីក្នុងលោកិយ ដែលមានសន្ដានចិត្ដប្រព្រឹត្ដឆោតទៅតាមភ្លើង កាមរាគរោល ដល់នូវក្ដីវិនាសមានសភាពដូចសំដែងមកនេះឯង ចូរឯងចូលចិត្ដចុះ។
កូនសិស្សតបថា ករុណាលោកគ្រូទាញនិទានបុគ្គលឆោតលុះដោយអំណាចភ្លើងកាមនោះ ខ្ញុំករុណាស្ដាប់បានយកជា គតិលោកហើយ មួយទៀតបុគ្គលឆោតល្ងង់ជឿគេផ្ដាសៗនោះ គឺអាស្រ័យឥតសតិឥតបញ្ញានឹងពិចារណាអោយយល់ចុងយល់ដើម កើតឆោតដោយភ្លើងកាមរាគរោលរឹតបិទសតិបញ្ញា ដូចនិទានយាយព្រាហ្មណីដែលលោកគ្រូសំដែងមកនេះ សូមទានសេចក្ដីឆោតល្ងង់នេះមានកើតដោយហេតុឯទៀតខ្លះដែរទាន។
គ្រូតបថា ក្ដីឆោតល្ងង់ដោយហេតុឯទៀតក្រៅអំពីភ្លើងកាមរាគនោះ សឹងមានជាច្រើនណាស់ពុំឈ្នះនឹងពណ៌នា ឯងចូលចិត្ដចុះ មានខ្លះឆោតដោយខ្លាចរូបកាយសង្ខាខ្លួនឯង ដូចបុគ្គលគិតខុសប្រមាណខុស គឺអ្នកខ្លះឥតកូនឥតចៅកើតខ្លាចថា ដល់អាត្មាស្លាប់ទៅពុំមាននរណាកាន់ឆ្អឹង ម្លោះហើយស្វែងសុំកូនចៅគេមកចិញ្ចឹមទុក ដើម្បីអោយកូននោះកាន់ឆ្អឹងខ្លួន ជួនពុំសមតាមប្រាថ្នា ក៏កើតវិប្បដិសារីសេចក្ដីក្ដៅក្រហាយជាក្រោយ ប្រព្រឹត្ដទៅផ្សេងៗយ៉ាងនេះក៏មាន។ មានអ្នកខ្លះខ្លាចភ្លើងផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅកុំអោយគេដុតរូប ខ្លាចក្រែងរលាកភ្លើងយ៉ាងនេះក៏មាន មានអ្នកខ្លះគិតខ្លាចទាក ជន្លេន ផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅកុំអោយគេយករូបទៅកប់ក្នុងដី ខ្លាចជន្លេនវារុកដូច្នេះក៏មាន មានអ្នកខ្លះ ខ្លាចខ្មោច ផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅកុំអោយយករូបទៅកប់ទុកក្នុងព្រៃស្មសានស្ថានស្ងាត់ជិតនឹងខ្មោចគេ ក្រែងខ្មោច គេវាលងយ៉ាងនេះក៏មាន មានអ្នកខ្លះឆ្កួតយស កាលខ្លួននៅរស់ពុំបរិច្ចាគទ្រព្យសម្បត្ដិធ្វើបុណ្យអោយទាន សន្សំទ្រព្យទុកផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅអោយធ្វើក្ដារបិទមាស អោយធ្វើកោដ្ឋដាក់តំកើងខ្មោចខ្លួន ដើម្បីអួតលោកិយយ៉ាងនេះក៏មាន។ មានអ្នកខ្លះស្វែងរកទីដីល្អមានហុងស៊ុយបញ្ចុះធាតុម្ដាយអាពុកដើម្បីរកស៊ីធូរសុខសប្បាយយ៉ាងនេះក៏មាន អ្នកខ្លះកាន់តំរាសៃយ៍មានក្បួនរើសថ្ងៃល្អយាមល្អ ថ្ងៃកាឡកណ្ណី ថ្ងៃខ្មោចស៊ីមនុស្ស ថ្ងៃលិច ថ្ងៃអណ្ដែត ថ្ងៃជីពចរ មើលទិសដង្ហើមរស់ដង្ហើមស្លាប់យ៉ាងនេះក៏មាន មានអ្នកខ្លះកាន់រើសថ្ងៃចន្ទជាថ្ងៃទទួលយកប្រាក់ដាក់ថង់ គឺថាជាប្រាក់មាន ស្រីសួស្ដីមង្គល ទោះបីអ្នកឯណាដែលជំពាក់ខ្លួន ឬតួទាសាទាសី នឹងចេញនាំប្រាក់ទៅជូន តែមិនត្រូវត្រង់ថ្ងៃចន្ទ១ ហើយក៏ពុំទទួលយកនៅរង់ចាំដល់ថ្ងៃចន្ទទើបទទួលយកប្រាក់នោះ អ្នកកាន់ក្បួនថ្ងៃចន្ទទទួលប្រាក់ថា ជាប្រាក់ត្រជាក់ក៏មាន ចួនណាប្រែជាកើតក្ដីក្ដៅក្រហាយជាក្រោយវិញក៏មាន ដូននិទានលោកព្រះចំរើនពលទិព្យនៅស្រុកព្រះតំបង លោកនោះជាអ្នកកាន់ក្បួនថ្ងៃចន្ទ។