គតិលោក
ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
ទស្សនៈអ្នកចុះផ្សាយ :
រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីការប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]
រឿងកន្លង់នឹងគីង្គក់
ថ្ងៃសុក្រ ទី13.ធ្នូ 2013.ម៉ោង
20:16
មួយទៀតអ្នកមានបញ្ញាវៃ តតបសេចក្ដីយកឈ្នះវិញក៏មាន ដូចនិទានសត្វកន្លង់តបនឹងពាក្យគីង្គក់នោះឯង។ មានកន្លង់១ហើរក្រេបកេសរ ផ្កានាកណ្ដាលផ្លូវ បានយល់គីង្គក់ ១លោតទៅខាងគុម្ពផ្កាទើបសួរ ថា «បងគីង្គក់បងឯងទៅណា »។ គីង្គក់ជាសត្វអួតរិទ្ធិគិតថា អញនឹងប្រាប់ គតិនេះអោយកន្លង់ខ្លាចអញ គិតហើយទើបបា្រប់ថា «យើងទៅកាន់មហាស្រះ ឯព្រៃហេមពាន្ដ ដើម្បីនឹងទៅចង់ស្រី អើកន្លង់ឯងកោតយើងឬទេហះ?។
ឯកន្លង់តបថា «បងឯងអាចទៅដល់ឬ? ព្រៃហេមពាន្តនោះឆ្ងាយម៉្លេះ»។ «ឱ! យើងទៅវិលល្ងាចផងណ៎ាកន្លង់ ឯងសង្ស័យអ្វីរិទ្ធិយើងនេះ អើខ្លួនចៅឯង តើធ្វើអ្វីនៅនេះ សូរលឺងឹងៗនោះ?។ កន្លង់បានឱកាសក៏តបថា «យើងហើរប្រទក្សិណភ្នំព្រះសុមេរុណ៎ាបងគីង្គក់» «ឱ! ឯង ហើរប្រទក្សិណជុំភ្នំព្រះសុមេរុនោះធំម្លេះបានឬ?។ អើយើងហើរប្រទក្សិណក្នុង១ថ្ងៃបាន៧ ជុំផងណ៎ាបងគីង្គក់,បងឯងខ្លាចរិទ្ធិយើងឬទេ?
គីង្គក់ក៏តបឡើងថា «ខ្មោចអាឯងស្លាប១សុញទេ នៅអួតភរថាហើរប្រទក្សិណភ្នំព្រះសុមេរុ១ ថ្ងៃ៧ជុំបាន អាណាទៅជឿឯងបាន» ឯកន្លង់ក៏តបថា «ខ្មោចអាឯងជើងខ្លី១សុញទេក៏អួតភរ ថាឯងទៅដល់ព្រៃហេមពាន្ត វិលល្ងាចវិញបាន អាណាទៅជឿឯងបាន»។ គីង្គក់ក៏ទាល់ឈប់នៅអស់សេចក្ដីតែប៉ុណ្ណោះ។
រឿងធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា
មានអ្នកប្រាជ្ញមួយទៀតបញ្ញាយ៉ាងល្អិត និមិត្ដតែឃើញអាការខាងក្រៅចេញមក ក៏អាចដឹង អាថិបញ្ហាមនុស្សគនោះបាន ដូចនិទានចៅ ធនញ្ជ័យបណ្ឌិតកាលអ្នកប្រាជ្ញកោះលង្កាទ្វីប គេចូលមកក្នុងព្រះនគរចោទរកអ្នកប្រាជ្ញនោះសេចក្ដីថា កាលណោះព្រះចៅក្រុងកោះលង្កា មានព្រះរាជសារដល់មកព្រះចៅក្រុងស្រីអយុធ្យាថា អោយរើសរកអ្នកប្រាជ្ញ អាចមានបញ្ញាដឹងលោកិយលោកាប្រែបាលីភាសាឬឆ្លើយអាថិ បញ្ហាក្នុងក្រៅបាន នឹងតតាំងនឹងអ្នកប្រាជ្ញកោះលង្កា។ ឯព្រះចៅក្រុងអយុធ្យា ក៏ដាក់ភ្នាក់ងារនោះអោយធនញ្ជ័យទទួលចោទឆ្លើយតនឹងអ្នក ប្រាជ្ញក្រុងលង្កា ទើបចៅធនញ្ជ័យទទួលភ្នាក់ងារចេញមកចាត់ចែងអោយចៅភ្នាក់ងារ កាត់ក្ដារតូចធំ យកសំពត់រុំបន្លំជាគម្គីរបានច្រើនហើយ ដាក់ក្នុងទូ ចារឹកចំណងជើងប្រាប់ឈ្មោះព្រះគម្ពីរនោះ ប្លែកៗទីទៃៗ។
ឯអ្នកប្រាជ្ញកោះលង្កាមកដល់បានចូលទៅមើលក្នុងមន្ទីរហោត្រៃហ្លួង បានឃើញគម្ពីរចៅធនញ្ជ័យច្រើនដូច្នោះក៏នឹក ខ្លាចនឹករអាចិត្ដថា ស្រុកគេនេះមានគម្ពីរច្រើនណាស់ ឯងនឹងលេងខាងជើងគម្ពីរនោះយល់ជាមិនឈ្នះអ្នកប្រាជ្ញស្រុកអាយនេះទេ បើដូច្នេះត្រូវលេងខាងបញ្ហា ក្រៅៗវិញចុះ គិតហើយក៏ចេញមកពីហោត្រៃនោះ ហើយអោយទូលព្រះចៅក្រុងស្រីអយុធ្យាថា អោយស្ដេចចាត់អ្នកប្រាជ្ញមកចោទឆ្លើយ គ្នាជាបញ្ហាវោហារក្រៅនៅរោងក្រៅក្នុងវេលានេះ។
ឯព្រះចៅក្រុងអយុធ្យាក៏អោយចៅធនញ្ជ័យចេញទៅតទល់នឹងគេ ឯរោងក្រៅ។ ចៅធនញ្ជ័យក៏ទទួលអាជ្ញាចេញ ទៅទីរោងប្រជុំជននឹងចោទឆ្លើយបញ្ហានោះ។ ឯព្រះចៅស្រីអយុធ្យា កាលធនញ្ជ័យចេញទៅតទល់នារោងក្រៅនោះ ស្ដេចចង់ជ្រាបអាថិសេចក្ដីបញ្ហាឆាប់ទើប ត្រាស់ប្រើអាមាត្យម្នាក់អោយទៅស្ដាប់បញ្ហា។ ឯអាមាត្យនោះទៅរង់ចាំស្ដាប់មើលជាអ្នកប្រាជ្ញខាងណា ថាដូចម្ដេចខ្លះ ចោទឆ្លើយគ្នាតើ យ៉ាងណាខ្លះ។ ឯអ្នកប្រាជ្ញទាំងពីរខាង ដល់ពេលក៏ ឡើងប្រជុំចោទឆ្លើយគ្នាតាមសញ្ញា អ្នកប្រាជ្ញលង្កាជាអ្នកចោទ កាលចោទនោះប្រើបញ្ហាគ គឺលើកដៃទាំងពីរវង់អោបជុំវិញ ហើយបង្ហាញទៅចៅធនញ្ជ័យអោយទាយ។
ឯចៅធនញ្ជ័យឃើញហើយក៏លើកកំភួនដៃ១បង្ហាញទៅវិញ, ឯអ្នកប្រាជ្ញលង្កាក៏ចូលចិត្ដថា ធនញ្ជ័យទាយត្រូវហើយ ទើបលើកម្រាមដៃ១ ឡើងបង្ហាញទៅទៀត ចៅធនញ្ជ័យក៏លើកម្រាម ដៃទាំង៥ឡើងហើយ លោះថយម្រាមកូនដៃ១ ចេញ អ្នកប្រាជ្ញលង្កាក៏ចូលចិត្ដបានក្នុងបញ្ហា នោះ ទើបអោយវាយគងឃ្មោះគោះភេរីហ៊ោ អោយសព្ទសាធុការដល់ធ នញ្ជ័យមានសេចក្ដីកោតខ្លាចបញ្ញាធនញ្ជ័យ មិនអាចដើម្បីនឹងចោទ អាថិបញ្ហាតទៅទៀតឡើយ។
ឯអាមាត្យម្នាក់ ដែលស្ដេចប្រើអោយទៅចាំស្ដាប់មើលអាថិបញ្ហានោះ លុះឃើញអ្នកប្រាជ្ញទាំងពីរចោទឆ្លើយគ្នាតែ នឹងដៃតទៅវិញទៅមក ដូច្នោះ មិនចូលចិត្ដសេចក្ដីថាជាអ្វី ចង់ដឹងសេចក្ដីណាស់នឹងអាលរត់ទៅក្រាបទូលព្រះចៅផែនដីអោយជ្រាបមុនយកក្ដីគាប់មុនគេ លុះឃើញ ចៅធនញ្ជ័យដើរចេញមកក៏សាកសួរថា នែធនញ្ជ័យ រឿងបញ្ហាដែលអ្នកប្រាជ្ញលង្កាលើកដៃអោបវង់ជុំវិញនោះ តើអធិប្បាយសេចក្ដីដូចម្ដេច? ឯខាងអ្នកឯងលើកកំភួនដៃតទៅនោះ តើមានសេចក្ដីដូចមេ្ដច? មួយទៀតខាងគេលើកម្រាមដៃ១បង្ហាញមក ខាងអ្នកឯងលើកម្រាមដៃទាំង ៥តបទៅគេវិញនោះ តើអធិប្បាយសេចក្ដីដូចម្ដេច?។
ឯងធនញ្ជ័យ បានលឺអាមាត្យនោះសួរអាថិដូច្នោះក៏យល់សេចក្ដីថា ចៅនេះបើបានដឹងអាថិនេះហើយគង់នឹងទៅក្រាបទូលយកគាប់មុនអញ មិនខាន បើដូចេ្នះអញនឹងប្រាប់អោយខុសអំពីបញ្ហានេះចេញ អោយបានក្ដីខ្មាស់នាកណ្ដាលជំនុំព្រះចៅជាម្ចាស់ គិតហើយធនញ្ជ័យក៏ប្រាប់ទៅ ថាឯអ្នកប្រាជ្ញលង្កាដែលគេអោបដៃជុំវិញនោះ គឺគេសួរយើងថាអង្រុត ១តើរុតបានត្រីប៉ុន្មាន? យើងលើកកំភួនដៃប្រាប់ទៅនោះ គឺថាបានត្រី រ៉ស់១ រួចគេលើកចង្អុលដៃឡើងទៀតគឺគេសួរថា ត្រីរ៉ស់១បើធ្វើជាងៀត តើបានប៉ុន្មានចំរៀក? យើងលើកម្រាមដៃទាំង៥បង្ហាញទៅវិញនោះ គឺថា បាន៥ចំរៀក សេចក្ដីបញ្ហាយ៉ាងនេះ ឯងចូលចិត្ដចុះ។
ឯអាមាត្យនោះជាមនុស្សឥតសតិបញ្ញា នឹងត្រិះរិះអោយល្អិតល្អន់ គ្រាន់តែលឺចៅធនញ្ជ័យ ប្រាប់ដូច្នោះហើយក៏រត់ម្នីម្នាចូលទៅកាន់ព្រះ រាជរោងជ័យ។ ឯព្រះចៅផែនដីយល់ហើយក៏ត្រាស់សួរថា ម្ដេចទៅវ៉ីយ អ្នកប្រាជ្ញយើងតើស៊ូនឹងគេបានឬទេ? មួយសោតបញ្ហាដែលគេចោទ ឆ្លើយគ្នានោះ តើមានសេចក្ដីយ៉ាងណាខ្លះ?។ ឯអាមាត្យនោះក៏ក្រាបទូលអាថិបញ្ហាតាមពាក្យ ធនញ្ជ័យប្រាប់នោះសព្វប្រការ។ ឯបរមក្សត្រ ធិបតី បានស្ដាប់ពាក្យអាមាត្យនោះទូលដូច្នោះ ហើយក៏ត្រាស់ថា «បញ្ហាអ្វីនិយាយពីអង្រុតរុតត្រីធ្វើងៀតងោងដូចជាប្រដៅកូនក្មេងវាចោទ គ្នាលេងដូច្នោះ ក៏ឯអ្នកប្រាជ្ញកោះលង្កានោះល្បីថាខ្លួនចេះដឹងក្នុងគម្ពីរសាស្រ្ដបាលី ដឹងហេតុលោកិយលោកា គួរតែសំដែងពីគតិលោក ឬគតិ ធម៌ ជាអាថិសុខុមគម្ពីរភាពនោះទើបគួរសមជាអ្នកប្រាជ្ញរាជបណ្ឌិតបាន នេះហេតុអ្វីទៅយករឿងអង្រុត ថ្នងមកចងជាបញ្ហាចោទឆ្លើយគ្នាយ៉ាង នេះ នែអាមាត្យ បញ្ហានោះក្រែងមិនដូចឯងយកមកសំដែងនេះទេដឹង?។
ឯអាមាត្យទូលថា «ពិតមែន ព្រោះបានសាកសួរផ្ទាល់នឹងធនញ្ជ័យនោះប្រាកដហើយ»។ ឯចៅធនញ្ជ័យកាលសូរេចកិច្ចចោទឆ្លើយនោះហើយ ក៏រៀបអាត្មាចូលទៅគាល់មហាក្សត្រនាចុងព្រះរាជរោង។
ឯមហាក្សត្រាធិបតី យល់ចៅធនញ្ជ័យមកគាល់ព្រះអង្គដូច្នោះក៏ត្រាស់សួរថា «អើធនញ្ជ័យ រឿងបញ្ហាដែលអ្នកប្រាជ្ញលង្កាគេអោបវង់ដៃ ហើយចៅឯងលើកកំភួនដៃតតបទៅវិញនោះ មានអាថិសេចក្ដីដូចម្ដេច? មួយទៀតខាងគេលើកម្រាមដៃ១ឡើង ហើយចៅលើកម្រាមដៃទាំង ៥តតបទៅវិញនោះ តើមានសេចក្ដីដូចម្ដេច? ចូរចៅអធិប្បាយទៅមើល!។ ឯធនញ្ជ័យ ក៏អធិប្បាយថ្វាយសេចក្ដីថា «អ្នកប្រាជ្ញសង្កាលើកដៃ វង់ជារង្វង់ជុំវិញនោះ គឺចោទថា ក្នុងចក្រវាឡយើង១នេះមានភ្នំជាទីតាំងសំរាប់លោកតើប៉ុន្មាន? ទូលបង្គំជាខ្ញុំលើកកំភួនដៃតបទៅនោះ គឺប្រាប់ គេថាមានភ្នំព្រះសុមេរុ១ ជាធំជាទីតាំងសំរាប់លោកយើងនេះ ដល់ក្រោយគេលើកម្រាមដៃ១ ឡើងនោះគឺគេបានចោទថា ក្នុងភទ្ទកប្បយើង១ នេះ មានព្រះពុទ្ធត្រាស់ប៉ុន្មានព្រះអង្គ? ទូលព្រះបង្គំជាខ្ញុំលើកម្រាមទាំង៥ឡើងឆ្លើយទៅថា មានព្រះពុទ្ធត្រាស់ ៥ព្រះអង្គ ទូលព្រះបង្គំជាខ្ញុំលោះ ម្រាម១ចុះ ប្រាប់ថាព្រះពុទ្ធត្រាស់បាន៤ ព្រះអង្គទៅហើយ នៅសល់១ព្រះអង្គ គឺព្រះអរិយមេត្រីព្រះអង្គពុំទាន់ចុះមកត្រាស់ សេចក្ដីចោទឆ្លើយ គ្នានោះមានសភាពយ៉ាងដូច្នេះសូមទ្រង់ជ្រាប»។
ឯព្រះចៅស្រីអយុធ្យាបានទ្រង់ព្រះសណ្ដាប់ស័ព្ទអាថិបញ្ហានោះហើយ ស្ដេចក៏មានព្រះរាជហរិទ័យត្រេកអរសោមនស្ស ត្រាស់ថា «អើ សេចក្ដីបញ្ហាយ៉ាងនេះទើបសមគួរជាគតិលោកគតិធម៌បាន ត្រូវលំអានជាគតិបណ្ឌិតគប្បីពោលហើយចុះអាមាត្យនេះគេចេះពីណាមកបាន ជាមកប្រាប់យើងថាទៅជាអង្រុតរុតត្រីធ្វើជាងៀត ៥ចំរៀកផ្ដេសផ្ដាសដូចជា ប្រដៅកូនក្មេងគង្វាលក្របីវាចោទគ្នាលេងនោះ សមគួរឬជា ពាក្យអ្នកប្រាជ្ញ បំណាច់មកតាំងតែពីកោះលង្កា ល្បីថា ជាអ្នកចេះគតិធម៌គតិលោក ទៅយោគយករឿងអង្រុតថ្នងមកជាបញ្ហានោះ គេមាន ព្រើលកាលឯណា វាព្រើលឯអាមាត្យឯងនេះ ចេះមកកាច់មួលពាក្យគេ តែផ្ដាសសោះជាម្ដង» ស្ដេចត្រាស់ហើយក៏ទ្រង់ព្រះរាជទានមាស ប្រាក់កែវកង សំពត់អាវស្បៃអោយចៅធនញ្ជ័យបណ្ឌិតតាមក្ដីគាប់។
ឯអាមាត្យនោះ ត្រូវស្ដេចបន្ទោស បានសេចក្ដីខ្មាស់គេនាកណ្ដាលជំនុំធំ គិតខឹងនឹងចៅធនញ្ជ័យជេរពោលតែក្នុងពោះថា ខ្មោចអាជៃចង្រៃ វាប្រាប់ឯងយ៉ាងនោះពិតៗ ហើយដល់វាមកវាប្រែសេចក្ដីទៅឯទៀតវិញ អាណាជឿស្ដាប់បាន ខ្មោចអាព្រើលយ៉ាងនេះ វាចង់ថាដូចមេ្ដច ក៏ថាទៅធ្វើអោយអញបានសេចក្ដីខ្មាស់គេនាកណ្ដាលប្រជុំជនយ៉ាងនេះ។
ចប់រឿងបញ្ហាដៃ
សេចក្ដីក្នុងរឿងធនញ្ជ័យមានអាថិបញ្ហាពិស្ដារទៀតនៅមានច្រើនណាស់ ក្នុងទីនេះយើងទាញយកតែបញ្ហាមួយមកសំដែងអោយឃើញសេចក្ដីថា អ្នកមានប្រាជ្ញាហើយអាចស្គាល់ក្នុងការលើកដៃ អោបដៃ ឬ ឃើញតែកិរិយាក្រៅរបស់អ្នកដទៃក៏អាចដឹងសេចក្ដីនោះបាន។
មួយទៀតអ្នកមានបញ្ញានោះប្រៀបដូចប្រទីបបំភ្លឺ ឆ្លុះមើលនូវទីងងឹតទីកំបាំងបាន។ មួយទៀត អ្នកមានចំនេះវិជ្ជាសព្វសារពើហើយ តែបើពុំមានបញ្ញានឹងពិចារណាត្រិះរិះ តាមសម័យផង សព្វវិជ្ជានោះក៏ពុំអាចរុងរឿងថ្លាទៅបាន លុះតែ មានបញ្ញាសតិសម្បជញ្ញៈផង ទើបធ្វើវិជ្ជានោះអោយរុងរឿងបានមាននិទានប្រៀបដូចយ៉ាងរាជអាមាត្យព្រះបាទពិម្ពិ សារទាំង៣ពួកនោះឯង។
រឿងអាមាត្យព្រះបាទពិម្ពិសាររាជ នឹងអជាសត្រូវ
ដំណើរថា កាលព្រះអជាសត្រូវរាជកុមារស្ដាប់ពាក្យទេវទត្ដត្ថេរ ញុះញង់អោយសំរលាប់ព្រះបាទពិម្ពិសារ ជាព្រះបិតា នឹងយករាជសម្បត្ដិ ថៃ្ងមួយអជាសត្រូវកុមារ សៀតកាំបិតគ្រឿងប្រហារចូលទៅក្នុងព្រះរាជវាំង ដើម្បីនឹងពិឃាត ព្រះវររាជបិតា។ ឯពួករាជអាមាត្យនាយតំរួត រក្សាអង្គ បានឃើញព្រះរាជកុមារចូលក្នុងព្រះមន្ទីរខុសកាលដូច្នោះ ក៏ហាមឃាត់មិនអោយចូល ឯព្រះរាជកុមារចេះតែចចេសចូលទៅ ទើប នាយតំរួតនាំគ្នាចាប់ត្រួតមើលក្នុងអង្គកាយ បានឃើញកាំបិតគ្រឿងប្រហារព្រះរាជកុមារសៀតមកដូច្នោះ ក៏ចាប់ចងដាក់ទោសតាមរាជ បញ្ញាត្ដិ ហើយនាំគ្នាពិភាក្សាទោសព្រះរាជកុមារ ព្រះរាជកុមារក៏អោយការតាមខ្លួនគិតសំលាប់បិតានោះ។ ឯនាយតំរួតទី១ ឆ្លើយឡើងថា «ទោសក្បត់នេះត្រូវសំលាប់ព្រះរាជកុមារផង ត្រូវសំលាប់ព្រះទេវទត្ដត្ថេរ និងលោកសង្ឃបណ្ដាជាពួកគប់គិតចូលគំនិតគ្នាទាំងអស់ផង។ ឯនាយតំរួតទីពីរឆ្លើយឡើងថា ទោសក្បត់នេះត្រូវសំលាប់តែព្រះរាជកុមារ និងព្រះទេវទត្ដតេ្ថរទើបគួរ ឯបណ្ដាលោកសង្ឃឯទៀតៗនោះមិន ត្រូវសំលាប់ទេ ព្រោះលោកពុំបានដឹងលឺផង។ ឯនាយតំរួតទី៣ ជាមន្រ្ដីមានសតិសម្បជញ្ញៈឆ្លើយឡើងថា «លោកអ្នករាល់គ្នាកាត់ទោសយ៉ាង នេះមិនត្រូវទេ ឯទោសនេះបើរូបអ្នកដទៃឯទៀតនោះ គួរហើយ តែនេះព្រះរាជកុមារជាព្រះរាជបុត្រារបស់លោក ព្រះទេវទត្ដសោតជាវង្ស សាក្យបុត្ដិយ៍ ព្រះចៅជាម្ចាស់ក៏រាប់អានគោរពប្រតិបត្ដិ យើងនឹងកាត់ទោសពិឃាតឯងថា កាចឯណាបាន ទោសនេះហួសវិស័យយើងជា មន្រ្ដីពិភាក្សា គួរតែនាំគ្នាឡើងក្រាបទូលអោយទ្រង់ជ្រាប បើជាទ្រង់ប្រោសយ៉ាងណាៗ ក៏តាមតែព្រះអង្គលោកចុះ ព្រោះកូនគេ អាពុកគេថា យ៉ាងណាសឹមយើងធ្វើតាមជាក្រោយ»។ ឯនាយតំរួតទាំង៣ពួកពិគ្រោះគ្នាឃើញផ្លូវរៀង ខ្លួនយ៉ាងនេះ ទើបនាំគ្នាចូលទូលព្រះបាទពិម្ពិសារ រាជបិតាតាមដំនើរដែលព្រះអជាតសត្រូវរាជកុមារ ប្រតិបត្ដិការខុសប្រពៃណី កន្លងព្រះរាជបញ្ញាត្ដិនោះសព្វប្រការ។ ឯព្រះបាទពិម្ពិសារស្ដេច ជ្រាបហើយ ទើបត្រាស់ថា «អើទោសយ៉ា ងនេះ អ្នកទាំងឡាយពិភាក្សាទៅតើយល់ដូចម្ដេច?។
ឯអាមាត្យទាំងបីពួក ក៏ក្រាបទូលតាមដំនើរដែលខ្លួនគិតយល់ផ្សេងៗគ្នានោះឯងទើបព្រះបាទពិម្ពិសាររាជស្ដេចទ្រង់ត្រាស់ថា «អើពួកនាយ តំរួតទី១ ពិភាក្សាថា ត្រូវសំលាប់ ទាំងទេវទត្ដត្ថេរនិងសង្ឃទាំងពួងព្រមទាំងព្រះរាជកុមារផងនោះ ពាក្យវិនិច្ឆ័យនោះយល់កើនហួសណាស់ ត្រូវអោយដកងារបន្ថយយសសក្ដិ ក៏ឯអាមាត្យទី២ ពិភាក្សាថាត្រូវអោយសំលាប់ព្រះរាជកុមារ ព្រមទាំងទេវទត្ដត្ថេរនោះ ពាក្យវិនិច្ឆ័យនោះ ត្រូវបន្ថយប្រាក់ខែបៀវត្ស ឯអាមាត្យទី៣ ពិភាក្សាថាត្រូវឡើងក្រាបទូលសិននោះ ពាក្យវិនិច្ឆ័យនោះត្រូវឡើងយសសក្ដិប្រាក់ខែបៀវត្សថែម ព្រោះជាអ្នកមានសតិសម្បជញ្ញៈចេះពិចារណាត្រូវតាមវត្ថុ តាមសម័យកាល»។
រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងព្រះគម្ពីរសុត្ដន្ដបិដកឯណោះ ឯងស្ដាប់មើលចុះលោកអ្នកមានសតិសម្បជញ្ញៈ ពិចារណាមើលវត្ថុ មើលសម័យកាលគួរដល់កាលនេះសឹងចំរើននូវយសសក្ដិបរិបូណ៌បាន អ្នកមានសតិស្មារតីនេះ មិនដែលភ្លាត់ភ្លើទៅក្នុងការភ្នាក់ងារដែលខ្លួន ធ្វើ គឺនឹងដើរក្ដី អង្គុយក្ដី ដេកក្ដីឈរក្ដី លើកដៃលើកជើងលាតបត់ដៃបត់ជើងក្ដី ឬបរិភោគភោជនាហារជាវត្ថុទន់ឬរឹងក្ដី កាលទំពាស៊ីក្ដីកាល លេបចូលទៅក្នុងពោះក្ដី តែបើពុំមានសតិ ស្មារតី នឹកជាមុនហើយ ការអស់នោះសឹងភ្លាត់ទៅផ្សេងៗមាន ដួលឬប៉ះត្រូវបន្លាជាដើម បើខាង បរិភោគផឹកស៊ីសោត មានស្លាក់ឆ្អឹងត្រី ត្រូវម្ទេសហើរជាដើម អ្នកគ្មានសតិបញ្ញានោះ លោកថា ជាមនុស្សប្រមាទ សេចក្ដីប្រមាទមួយនេះ មាននៅលើបុគ្គលណាហើយបុគ្គលទាំងនោះ នឹងតាំងខ្លួនអោយមាំមួនពុំបាន បើធ្វើការអ្វី ការនោះខូចបង់វិញ ដូចនិ ទានស្មៀនកាន់ភ្នាក់ងារ រក្សាឈើរាជការរបស់ព្រះបាទពិម្ពិសាររាជនោះឯង។