ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

ពាលវគ្គ
ថ្ងៃអាទិត្យ ទី3.កុម្ភៈ 2013.ម៉ោង 22:16

     អន្ដេវាសិកឆ្លើយតបគ្រូវិញទៀតថា សូមទានព្រះតេជគុណ រីអំពើពុតពាលដែលវាតែងប្រព្រឹត្ដបៀតបៀនអ្នកស្រុក នោះតើដោយហេតុ យ៉ាងណាខ្លះ?។

រឿងចៅឡុច នឹងចៅប្រាក់

     ឯរឿងចៅឡុចនោះថា កាលនោះមានមនុស្សពាលម្នាក់ឈ្មោះចៅប្រាក់ នៅស្រុកបាត់ដំបង ចៅ​ប្រាក់​នោះ​ជា​ខ្ញុំ​លោក​សុភា​ទេស ថ្លៃ​ខ្លួន​វា​ ២០០​បាទ​ លុះ​នៅ​យូរ​មក ក៏​លោក​សុភា​ទេសប្រើអោយទៅឃ្វាលក្របី នឹងក្មេងម្នាក់ទៀត ឃ្វាល​នៅ​ឯ​វាល​ស្រែ​ក្រៅ ចៅ​ប្រាក់​នោះ​ លុះ​ឃ្វាល​បន្ដិច​ទៅ​ក៏​និយាយ នឹង​ក្មេង​នោះថា យើងនៅឃ្វាលក្របីទាំងពីរនាក់នេះ ឃើញព្រួយការពេក​ណាស់ វិស័យ​ក្របី​១ ​ក៏​ដូច​ក្របី​​១០ ក៏​យប់​ដូច​គ្នា បើ​ដូច្នេះ​អញ​គិត​ទៅឃើញថា នៅឃ្វាលទាំងពីរនាក់នេះក៏ព្រួយលំបាកណាស់ ព្រោះពុំមាន​អ្នក​ណា នឹង​រក​អាហារ​ស្បៀង​​ បញ្ចូន​មក​អោយ​ បើ​ដូច្នេះ ចូរ​ឯង​នៅ​ឃ្វាលតែម្នាក់ឯងចុះ អញនឹងទៅរកស៊ីឈ្នួលពាត់គេ ក្រែងបានប្រាក់កាស ក៏​នឹង​ទិញ​ស្បៀង​មក​លៀង​ចញ្ចឹម​គ្នា​ទៅ​តាម​ជាតិ​ជា​អ្នក​កំសត់ កុំអោយអត់ឃ្លានពេក។

     ឯក្មេងនោះ លុះបានស្ដាប់ចៅប្រាក់ថាដូច្នោះក៏ព្រមតាមទើបទទួលការ ឃ្វាលក្របីនោះនៅតែម្នាក់ឯង បើកអោយ​ចៅ​ប្រាក់ ទៅ​រក​ស៊ី​ឈ្នួល​គេ​ ឯ​ភូមិ​ស្ទឹង ឯ​ចៅ​ប្រាក់​ដើរមករកធ្វើការស៊ីឈ្នួលគេ ក៏រកធ្វើពុំបាន ដើរទៅៗ បានជួប នឹងមនុស្សពាលម្នាក់ឈ្មោះ​នាយ​ជា​ នាយ​ជា​នោះ ជាតិ​ជា​ជ្វា​ចាម បាន​សូម​គ្នា​ជាមិត្ដភក្ដិនាំគ្នាទៅសំណាក់ នឹងផ្ទះនាយអ៊ូ ជាបងធម៌នាយជា លុះថ្ងៃ១ នាយជានិយាយជា​មួយ នឹង​ចៅ​ប្រាក់​ថា​ យើង​នឹង​គិត​ប្រកប​ការ​រកស៊ីតាមគេអ្នកស្រុកនេះ ឃើញជាពុំបាន ព្រោះពុំមានដើមទុនអ្វីសោះ បើដូច្នេះ​យើង​គិត​លក់​ខ្លួន​យក​ថ្លៃ​​ចែក​គ្នា​ ឯ​ចៅ​ប្រាក់​ឆ្លើយ​ថា ត្រូវ​មែន​ ហើយសំលាញ់គិតនោះ បើដូច្នេះសំលាញ់ឯងធ្វើជានាយចៅហ្វាយអញ អញ​ធ្វើ​ជា​ខ្ញុំ​ឯង​យក​អញ​​ទៅ​លក់​ចុះ​ នាយ​ជា លឺ​ចៅ​ប្រាក់​ព្រម​ចិត្ដ​ដូច្នោះ ក៏ត្រេកអរពេកណាស់ ទើបនាំគ្នាទៅឯភូមិចុងក្ដុល ដើរស្ដាប់ហេតុអ្នកស្រុក គឺ​ផ្ទះ​ណា​ចង់​បាន​តួ​រាង លុះ​ស៊ើប​ហេតុ​​ទៅ ​ក៏​ដឹង​ថា ផ្ទះ​ចៅ​ឡុច​ត្រូវ​ការ​រក​មនុស្ស​នឹង​ច្រូតស្រូវ ទើបចៅប្រាក់និយាយថា មែនហើយ​អ្នក​ឡុច​នោះ​គាត់​ក៏​ស្គាល់​អញ​ដែរ​ ព្រោះ​ ពី​ដើម​អញ​ធ្លាប់​នៅ​ជិត​ខាង​គាត់ ប្រសិន​ជា​យើង​ទៅ​រក​​ប្រាក់​​គាត់ គង់​គាត់​លោះ​យើង​មិនខាន ឯនាយជា​ក៏​យល់​តាម ទើប​នាំ​គ្នា​ទៅ​​កាន់​ផ្ទះ​ចៅ​ឡុច ដល់​ហើយ​ ក៏​​ឡើង​ទៅ​សំពះ​សួរ​ចៅ​ឡុច​តាម​ការ​​សម​​គួរ ឯ​ចៅ​ឡុច​ក៏​សួរ​ថា អើ​ជី​ប្រាក់​ ឯង​សព្វ​ថ្ងៃ​នេះ​ទៅ​នៅ ​នឹង​អ្នក​ឯ​ណា​ ចៅ​ប្រាក់​ក៏​ឆ្លើយ​ថា​ បាទ​ខ្ញុំ​បាទ​សព្វ​ថ្ងៃនេះនៅនឹងអ្នកជា ដែលមក​ផង​នេះ​អី ឥឡូវ​នេះ​គាត់​ថា នឹង​ទៅ​ស្រុក​គាត់​គឺ​ស្រុក​បន្ទាយ​ភ្នំពេញ​វិញ​ គាត់​​នឹង​យក​ខ្ញុំ​បាទ​ទៅ​ផង​ ខ្ញុំ​បាទ​ពុំ​ចង់​ទៅ​ព្រោះស្រុកឆ្ងាយ គឺរកប្រាក់ជូនគាត់វិញ គាត់ក៏ព្រមតាមចិត្ដ ហេតុនេះ​ខ្ញុំ​បាទ​ចូល​មក​រក​ប្រាក់​អ្នក សូម​អោយ​អ្នក​មេត្ដា​លោះ​ខ្ញុំ​បាទ​ផង។

     ឯចៅឡុចបានស្ដាប់ពាក្យចៅប្រាក់ដូច្នោះ ក៏សួរទៅនាយជាថា អើអ្នកឯងជានាយជីប្រាក់ លោះគ្នាមក​ថា​នឹង​នៅ​ស្រុក​នេះ​ហើយ ហេតុ​ដូច​ម្ដេច​ក៏​វិល​ទៅ​ស្រុក​បន្ទាយ​ភ្នំ​ពេញ​វិញ នាយ​ជា​តប​ថា កាល​ដើម​ខ្ញុំ​បាទ​ថា​ប្រុង​នឹង​នៅ​ស្រុក​នេះ​ពិត​ហើយ បាន​​ជា​លោះ​ជី​ប្រាក់​នេះ ដើម្បី​ជា​កំលាំង​ជួយ​រក​ទទួល​ទាន  ឥឡូវ​នេះ បង​ខ្ញុំ​បាទ​មាន​សំបុត្រ​ប្រាប់​មក​ថា ម្ដាយ​ខ្ញុំ​បាទ​ឯ​ស្រុក​នាយ​នោះ​មាន​ជំងឺ​ឈឺ​ជា​ទំងន់ ​អោយ​ខ្ញុំ​បាទ​វិល​ទៅ​ស្រុក​ជា​ឆាប់ ហេតុ​នេះ​ខ្ញុំ​បាទ​ទាល់​គំនិត​ប្រាជ្ញា​ចំណែក​ជី​ប្រាក់ គេ​ក៏​មិន​ព្រម​ទៅ​ជា​មួយ​ផង​គេ​ថា​រក​ប្រាក់​ជូន​ខ្ញុំ​បាទ​វិញ ខ្លួន​ខ្ញុំ​បាទ​ម្នាក់​ឯង​ បាន​ជា​ដើរ​តាម​មក​ផង​នោះ ឯ​ចៅ​ប្រាក់​ឆ្លើយ​សារ​ឡើង​ថា អ្នកចូរអាណិតខ្ញុំបាទផង បើអ្នកមិនសង្រ្គោះខ្ញុំបាទ ខ្លួនខ្ញុំបាទ​ឃើញ​ជា​គេ​យក​ទៅ​ស្រុក​បន្ទាយ​មិន​ខាន​ឡើយ ឯ​ចៅ​ឡុច​ក៏ទទួលថាជួយ ទើបយកប្រាក់១០០បាទ រាប់អោយទៅដៃនាយជា ហើយ​ទារ​យក​សំបុត្រ​ដើម​នោះ អំពី​នាយ​ជា នាយ​ជា​ក៏​កែង​កោង​កុហក​ថា បាទទេកាលពីខ្ញុំបាទលោះចៅប្រាក់ពីម្ចាស់ដើមនោះ ទើបបាន ៤-៥​ថ្ងៃ​ពុំ​ទាន់​បាន​ធ្វើ​សំបុត្រ​ទេ ថា​នឹង​ធ្វើ​ហើយ​ចៅ​ប្រាក់​អង្វរ​ខ្ញុំ​បាទ​ថា ណាៗគង់តែនឹងចេញឆាប់ទេ នឹងធ្វើសំបុត្រអោយបង់ថ្លៃសំបុត្រ​នោះ​ថ្វី ហេតុ​នោះ​បាន​ជា​គ្មាន​សំបុត្រ​ដើម​នោះ អ្នក​កុំ​រង្កៀស​ចិត្ដ​ឡើយ​ មិន​អី​ទេ យើងខ្ញុំមិនអាចនឹងមក ឆអ្នកផ្ដេសផ្ដាសឯណាបាន ស្រុក​មាន​ធ្នឹម មាន​ប្រមេ​ទេ​អ្នកៗ កុំ​សង្ស័យ​ឡើយ។

     ចៅឡុចក៏ស្ងៀម ពុំមានថាអ្វីឡើយប្រគល់ប្រាក់ ១០០បាទអោយទៅនាយជា ៗបានប្រាក់ក៏វេចម្នីម្នា ហើយលាចៅ​ឡុច​ចុះ​មក ប្រើ​តែ​មុខ​សំលក់​អោយ​ចៅ​ប្រាក់​ជា​សញ្ញា​ថា ព្រឹកស្អែកនេះសឹមចែកប្រាក់គ្នា ឯផ្ទះអ្នកអ៊ូចុះ ហើយនាយជា ដើរមក​ភូមិ​មាត់​ស្ទឹង​ជា​ទី​សំណាក់​ខ្លួន នាយ​ជា​កើត​លោភ​ចេតនា​ប្រាថ្នា​ចង់​បានប្រាក់នោះតែឯង ទើបកើតមិត្រទ្រុស្ដ ដល់ចៅប្រាក់ជាភឿនសំលាញ់ គិត​ថា​អញ​បាន​ប្រាក់​ហើយ គួរ​អញ​វិល​ទៅ​ស្រុក​ជា​ឆាប់​ នឹង​ដោយ​យឺតយូរទៅក្រែងហេតុនោះនឹងកើតដល់ខ្លួន នាយជាគិតដូច្នោះហើយ ក៏​ដើរ​ទៅ​កាន់​ផ្សារ​ស្វាយ​ប៉ោ​ ប្ដូរ​ប្រាក់​បាទ​បាន​ជា​ប្រាក់​រៀល​ធំ ចំនួន​បាន ១៦រៀល ហើយក៏ទិញបាយចំណីបារីស្លាជាស្បៀងតាមផ្លូវ ពេល​យប់​នោះ​នាយ​ជា ក៏​ចុះ​កប៉ាល់​សាលុប ទៅ​ឡើង​កប៉ាល់​ធំ​នៅ​ស្ទឹង​បាក់​ព្រា បានវេលានាយជាទៅដល់ស្រុកឃ្លាំងស្បែកចែកចាយប្រាក់​នោះ​តាម​អំ​ពើ​ពុត​ពាល​ទៅ។

     ឯចៅឡុចនោះលុះព្រឹកឡើងនិយាយ នឹងចៅប្រាក់ថា ចាំពេលរួចបាយព្រឹកនេះនឹងនាំគ្នាទៅធ្វើសំបុត្រឯសាលា​ក្នុង​កំពែង ចៅ​ប្រាក់​នោះ តាំង​តែ​ពី​នាយ​ជា​យក​ប្រាក់​ថ្លៃ​ខ្លួនអស់មកនៅមិនសុខឡើយ ចង់តែតាមមកយកប្រាក់នោះអំពីដៃនាយជា ទើប​​និយាយ​កុហក​​ចៅ​ឡុច​​ថា​ អ្នក​ នឹង​នាំ​ខ្ញុំ​បាទ​ទៅ​ធ្វើ​សំបុត្រ​នោះ រឿងប្រាក់ថ្លៃសំបុត្រនោះកុំចាំអ្នកចេញឡើយ ប្រាក់ខ្ញុំបាទមានហើយ តែខ្ញុំបាទផ្ញើទុក​នឹង​បង​ខ្ញុំ​បាទ​ឯភូមិ​មាត់​ស្ទឹង​ឯ​នោះ ចាំ​ខ្ញុំ​បាទ​ទៅ​យកពីគាត់សិន ទំរាំបាយឆ្អិនខ្ញុំបាទបានមកដល់ រួចបាយសូមទៅធ្វើសំបុត្រឯសាលាក្នុងកំពែង ខ្ញុំ​សូម​លា​អ្នក​ទៅ​យក​ ប្រាក់​ពី​បង​សិន ចៅ​ឡុច​ក៏​ជឿតាម បើកអោយចៅប្រាក់ទៅភូមិមាត់ស្ទឹង ចៅប្រាក់បានអោកាស ក៏ខំដើរស្រូតត្រង់​ទៅ​ផ្ទះ​អ្នក​អ៊ូ សួរ​រក​តួ​នាយ​ជា អ្នក​អ៊ូ​ក៏​ប្រាប់​ថា នាយ​ជាបាត់ខ្លួនទៅតាំងពីថ្ងៃម្សិលមិញ ពុំឃើញមកដេកដូចកាលពីមុនៗនោះទេ ចៅប្រាក់​ធ្លាក់​ទឹក ចិត្ដ​គិត​ថា​អេះ អា​ជា ​នេះ បាន​ប្រាក់​ច្រើន​ហើយ​ ទំនងជាគេចវេះ មិនចង់ចែកអញទេដឹង ចៅប្រាក់គិតហើយតាំងដើរ ស៊ើបសួរដំណឹង​នាយ​ជា​តៗ​ទៅ មាន​គេ​ដឹង​លឺ​ ​ខ្លះ​គេ​ក៏​ប្រាប់​ថា នាយជានោះ ចុះកប៉ាល់ទៅស្រុកហើយ ចៅប្រាក់លឺថានាយជាទៅស្រុកដូច្នោះ ក៏កើត​ទោ​មនុស្ស​តូច​ចិត្ដ គិត​ខេរ​ខឹង​នឹង​នាយ​ជា ជ្វា​ឃ្លាំង​ស្បែក​ក្រៃ​ពេក​ ព្រោះ​ពុំសម​ដូច​សេចក្ដី​ប្រាថ្នារបស់ខ្លួន ម៉្លោះហើយចៅប្រាក់ក៏ដើរវេះពាត់​គេច​វេះ​ មិន​អោយ​ចៅ​ឡុច​ជា​នាយ​នោះ ​ឃើញ​ឡើយ​។

     ឯចៅឡុចជាម្ចាស់ប្រាក់លុះដល់ពេលបាយទឹកពុំឃើញរូបចៅប្រាក់មក នៅរង់ចាំអស់ពេលយប់ពេលថ្ងៃក៏ពុំ​ឃើញ ចៅ​ឡុច​កើត​សេចក្ដី​ ក្ដៅ​ក្រហាយ ក៏​ដើរ​ស៊ើប​សួរ​រកពួកចៅប្រាក់នោះរាល់ថ្ងៃរាល់វេលា កន្លងទិវារាត្រីជាយូរថ្ងៃទៅ។

     ថ្លែង ពីក្មេងជាបាវលោកសុភាទេស ដែលចៅប្រាក់អោយឃ្វាលគោក្របីនៅជួស ជាជំនួសខ្លួននោះលុះយូរថ្ងៃមកពុំ​ឃើញ​ចៅ​ប្រាក់​វិល​ទៅ​ វិញ​ដូច្នោះ ស្បៀង​អាហារ​ក៏​អស់​ទៅ ថ្ងៃ១នោះក្មេងដែលទទួលបញ្ញើឃ្វាលក្របីនោះក៏ទៅផ្ទះ ដើម្បីនឹងយក​ស្បៀង​អាស្រ័យ ទើប​ជំរាប​លោក​សុភា​ថា ចៅ​ប្រាក់​នោះ​វាប្រាប់ខ្ញុំថាមកស៊ីឈ្នួល គេបាន២-៣ថ្ងៃអោយ ខ្ញុំបាទនៅឃ្វាលក្របីចាំវា ឥឡូវ​នេះ​បាត់​ខ្លួន​ចំនួន​១៥​ថ្ងៃ​នេះ​ហើយ​ ពុំ​ឃើញ​វិល​ទៅ​វិញ​ឡើយ ពុំដឹងជាទៅតំបន់ណា ខ្ញុំបាទនៅឃ្វាលតែម្នាក់ឯងទេ លំបាកពេកណាស់ លោក​សុភា​ទេស​លឺ​ថា ចៅ​ប្រាក់​វេះ​រត់​បាត់​ ខ្លួន​ជា​យូរ​ដូច្នោះ​ហើយ ក៏ចាត់ប្រើអ្នកបំរើអោយដើររកតួចៅប្រាក់ អ្នកបំរើដើរស៊ើបរកទៅ ក៏បានទៅ​ជួប​នឹង​ចៅ​ប្រាក់​នៅ​តៀម​ចិន ទើប​គេ​ចាប់​តួ​ចៅ​ប្រាក់​មក​ជូន​លោក​សុភា លោកសុភាក៏អោយដាក់ច្រវាក់លៀមចៅប្រាក់ប្រើអោយជំរះស្មៅ បោស​សំរាម​ផ្ចាល​មុខ​ផ្ទះ​លោក​សុភា ។

     ឯចៅឡុចដើរតាមរកតួតែសព្វៗថ្ងៃ លុះថ្ងៃ១ចៅឡុចដើរទៅស៊ើប រកឯផ្សារស្វាយប៉ោលុះមកដល់ភូមិផ្ទះលោក​សុភា បែរ​មើល​ទៅ ស្រាប់​តែ​ឃើញ​ចៅ​ប្រាក់​ជាប់​ច្រវាក់​លៀម បោសសំរាមនៅមុខផ្ទះលោកសុភា ចៅឡុចក៏នឹកថា ចៅប្រាក់នេះ មាន​ទោស​អ្វី​អេះ បាន​លោក​ ដាក់​ច្រវាក់​វា​នេះ​ គិត​ហើយ ក៏ដើរចូលទៅរកលោកសុភា ដល់ហើយក៏អង្គុយលុតជង្គង់សំពះ ដោយខ្លួនជាអ្នក​តូច​ធ្លាប់​កោត​ខ្លាច​អ្នក​ធំ ជំរាប​​សួរ​ថា «សូម​មេត្ដា​អត់​ទោស​ចុះចៅប្រាក់នេះកើតហេតុអ្វី បានជាព្រះតេជគុណដាក់ច្រវាក់វា?» លោកសុភាប្រាប់ថា «ឱ​អ្នក​អើយ​ខ្ញុំ​មិន​ចង់​និយាយ​ទេ​ អា​ប្រាក់​នេះ​ពេញ​ជាខូចខិលណាស់ ខ្ញុំឯងអោយទៅឃ្វាលក្របីឯវាលស្រែក្រៅ វាមិននៅឃ្វាល​ក្របី​ឡើយ វា​ចេះ​តែ​ដើរ​វេះ​ពាត់​ ផ្ដេស​ផ្ដាស​វរ​ណាស់ ហេតុ​នេះ​បានជាខ្ញុំឯង អោយដាក់ច្រវាក់វានេះ» ឯចៅឡុចលឺដូច្នោះហើយក៏ដឹងរឿងចៅប្រាក់ នោះ​វា​ជា​ខ្ញុំ​លោក​សុភា​ពិត​ប្រា​កដ ខ្លួន​ទៅ​លោះ​វា​នោះ​ខុសច្បាស់ហើយ ចៅឡុចទាល់ប្រាជ្ញាក៏អង្គុយស្ងៀមនៅ លោកសុភាក៏សួរថា ចុះអ្នក​ឯង​ត្រូវ​ការ​អ្វី​បាន​ជា​មក​សួរ​រឿង​អាប្រាក់​នោះ។ ចៅ​ឡុច​ក៏ជំរាបតាមរឿងខ្លួន មិនដឹងជាចៅប្រាក់ខ្ញុំគេ ខ្លួនបានលោះវាបង់ប្រាក់១០០បាទ តាំង​ពី​ដើម​ដល់​ចុង ជំរាប​លោក​សុភា​សព្វ​ប្រការ លោក​សុភាក៏សើចហើយ​ថា «មិនអីទេអ្នកឡុច ខ្ញុំឯងបើកអោយ ចូរអ្នកយកប្រាក់២០០បាទ មក​លោះ​យក​វា​ទៅ​ចុះ»។ ​ចៅ​ឡុច​ក៏​ទាល់​គំនិត​ឆ្លើយ​ថា «ខ្ញុំ​បាទ​ជាអ្នកក្រ នឹងបានប្រាក់ពីណា២០០បាទនោះមកថែមលោះវាទៀត តែ​ប្រាក់​១០០ បាទ​ដែល​បង់​មុន​នោះ​គឺ​ខ្ចី​គេ​ ខ្ចី​ឯង​ផ្សំ​ផង​ទេ»។ លោក​សុភា​ថា បើដូច្នោះប្រាក់ដែលបង់នោះមិនខូចទៅហើយហៈ នឹងចាំទារពីវានោះ​កាល​ណា នឹង​បាន​ខ្ញុំ​ឯង​មិន​ចេញ​ទៀត​ ទេ​ថ្លៃ​ហួស​កំណត់​ហើយ​ អោយអ្នកឯងចេញយកវាទៅចុះ សូមធ្វើសំបុត្រដាក់ជា៣០០ បាទទៅ។ ចៅ​ឡុច​ក៏​ទាល់​ទញ់​ចិត្ដ​ណាស់​អង្គុយ​គិត​ៗ ទៅ​ក៏​យល់​ការ ទើប​សួរ​ទៅ​ចៅ​ប្រាក់ថា «អើចៅប្រាក់ អាដែងដែលវានាំឯង​ទៅ​លក់​នោះ​តើ​ឈ្មោះ​អី វា​នៅ​ឯ​ណា​សព្វ​ថ្ងៃ​នេះ?​ ចៅ​ប្រាក់​ប្រាប់​​ថា អា​នោះ​ឈ្មោះ​អា​ជា ជាតិ​ជា​ជ្វា​នៅស្រុកបន្ទាយភ្នំពេញ ឥឡូវ​វា​រត់​ទៅ​ស្រុក​វា​ហើយ ប្រាក់​នោះ​វា​យក​ទាំង​អស់​ទៅ​ពុំ​បាន​ចែក​អោយ​ខ្ញុំ​បាទ​ ​ទេ។ ចៅ​ឡុច សួរ​សាំ​ទៅ​ទៀត​ថា «ចុះកាលវាមកនៅស្រុកយើងនេះ តើ​វា​សំណាក់​នៅ​ផ្ទះ​អ្នក​ណា​ឯង? «បាទ​ទាន វា​សំណាក់​នៅ​ផ្ទះ​អ្នក​អ៊ូ នាង​ជា ភូមិ​ផ្ទះ​នៅ​ក្រោម​ភូមិ​លោកមហាថៃ។

     ចៅឡុចលឺដូច្នោះហើយ ក៏លាលោកសុភា ចុះម្នីម្នាទៅភូមិក្រោមស៊ើបទីសំណាក់នាយជា និងមេស្រុកភូមិនោះ បាន​ដឹង​ច្បាស់​ថា អ្នក​អ៊ូ​ជា មនុស្ស​គប់​គិត​នឹង​មនុស្ស​អាក្រក់ យកមនុស្សអាក្រក់អោយសំណាក់នៅផ្ទះ ចៅឡុចក៏ធ្វើរឿងរ៉ាវប្ដឹងអ្នកអ៊ូ ហើយ​ទៅ​ប្ដឹង​ឯ​សាលា​ក្នុង​កំពែង​។ ឯ​ចៅ​ក្រម​ទទួល​ពាក្យបណ្ដឹងនោះមើលដឹងសេចក្ដីហើយ ក៏អោយ ទៅកោះយកនាយអ៊ូមកជំនំ​ជំរះ​ពិភាក្សា​តាម​ពាក្យ​ចោទ​។ អ្នក​អ៊ូ​អាច​អោយ​ការ​កាត់​បណ្ដឹង ព្រោះចោទអាងមេស្រុកជាបន្ទាល់សំខាន់ ទាល់ប្រាជ្ញាក៏សារភាពថា ខ្លួនអោយសំណាក់​គប់​គិត​ពិត​មែន​។ ទើប​ចៅ​ក្រម​ ​កាត់​ក្ដី​នោះ​អោយ អ្នក​អ៊ូ​សង​ប្រាក់​អ្នកដើមចោទជាប្រាក់ ១០០បាទអ្នកអ៊ូសូមសន្យា៣ថ្ងៃ នឹងយកប្រាក់នោះ​មក​បង់ ហើយ​ទៅ​ផ្ទះ​តាម​រៀង​ខ្លួន​ ​លុះ​ដល់​កំណត់​អ្នក​អ៊ូ​យក​ប្រាក់ ១០០បាទ ទៅបង់សាលា ប្រគល់អោយទៅដៃលួងស្រីអញ្ជិត លួងស្រីអញ្ជិត​នោះ ជា​អ្នក​ជក់​អាភៀន​ ពុំ​មាន​ សេចក្ដី​អៀន​ខ្មាស ក៏​យក​ប្រាក់នោះចាយ ទិញស្រាអាភៀនជក់ស៊ីទៅតាមអំណាចខ្លួនពាល។ លុះ​ដល់​ពេល​ល្ងាច​ចៅ​ឡុច​ឡើង​ទៅ​ចាំ​ទទួល​ប្រាក់​នោះ​តាម​សញ្ញា​ ឯ​លួងស្រីអញ្ជិត ឃើញចៅឡុចមកចាំយក ក៏និយាយថា ប្រាក់នោះនាយ​អ៊ូ​គេ​យក​មក​បង់​អោយ​ហើយ តែ​ខ្ញុំ​យក​ទៅ​ ​ទុក​ឯ​ផ្ទះ​ខ្ញុំ​ឯ​នោះ​ហើយ​ ឥឡូវនេះខ្ញុំឯងធុរ នឹងការលោកម្ចាស់រវល់ពេកណាស់ នឹងទៅ​យក​អោយ​អ្នក​ឯង​ពុំ​បាន​ ចាំ​ថ្ងៃ​ខាន​ស្អែក​ចុះ​សូម​មក​យក​ ចៅ​ឡុច​ក៏​ទាល់​សំដី​នៅ​ស្ងៀម​ទើបលាលួងស្រីអញ្ជិតមកផ្ទះវិញ លុះ​កន្លង​ទៅ​បាន​ពីរ​ថ្ងៃ​ចៅ​ឡុច​ឡើង​ទៅ​ផ្ទះ​លួង​ស្រី​អញ្ជិត​នោះ ឃើញ​ចៅ ​ឡុច​មក​ដល់​ផ្ទះ​ខ្លួន​ ក៏វេះគេចពួនលាក់ខ្លួនពុំអោយជួបនឹងចៅឡុច ៗ នៅចាំអស់ចិត្ដតាំងពី​ព្រឹក​ដល់​ល្ងាច​ក៏​ពុំ​ជួប ចៅ​ឡុច​រឹង​រិត​តែ​រំ​ខាន​ពេក​ ណាស់​មិន​បាន​វិល​ត្រលប់​ទៅផ្ទះវិញ។ លុះនៅយូរថ្ងៃទៅ ចៅឡុចក៏ឧស្សាហ៍ឡើង​មក​យក​ប្រាក់​នោះ​ទៀត​ ក៏​ពុំ​បាន​ស្រី​អញ្ជិត​ចេះ​តែ​និយាយ​ កុហក​ទៅ​ផ្សេង​ៗ ចៅ​ឡុច​ទារយកប្រាក់ពុំបានរឹងតែព្រួយចិត្ដខ្លាំង ទញ់​គំនិត​ក៏​គិត​ធ្វើ​រឿង​រ៉ាវ​ក្លាយ​ទោស​លួង​ស្រី​អញ្ជិត​នោះ ប្ដឹង​លោក​កថា​ ថន​ៗ លោក​ក៏​ខឹង​នឹង​លួង​ស្រី​អញ្ជិត​ព្រោះ​កោងឆរាស្រ្ដ ទើបលោកអោយឃុំខាំង​ដាក់​ទោស​ស្រី​អញ្ជិត​នោះ។ ឯ​ចៅ​ឡុច​សោត​ក៏​ពុំ​អាច​ប្ដឹង​ ទារ​យក​ប្រាក់​នោះ​ទៀត​ឡើយ ​ព្រោះ​ស្រីអញ្ជិតនោះត្រូវក្ដី​ហើយ ប្រាក់​នោះ​ក៏​សាប​សូន្យ​អសារ​ឥត​ការ​ទៅ​ហោង​។

     រឿងពាលនេះឯងស្ដាប់មើលចុះ ចៅឡុចខូចប្រាក់នោះព្រោះពុំមានសតិសម្បជញ្ញ ត្រិះរិះអោយល្អិតល្អ ការដែល​ឆោត​លុះ​អំណាច​ពាល​នោះ ​ព្រោះ​តែ​សេចក្ដី​ប្រាថ្នា​ប្រារព្ធនូវវត្ថុរឿយៗ ទើបង្កើតជាផ្លូវមនុស្សពាលវាដើរចូលមកបាន បុរាណលោកថា៖

     ឯសេចក្ដីឃ្លានបាយ១ ឃ្លានទ្រព្យ១ ឃ្លានស្រលាញ់១ ទាំងបីនេះជារោគពាលជំងឺ តែជំងឺនេះមានដល់រូបណាហើយ រូប​នោះ​គង់​នឹង​ឆោត​មិន​ ​លែង ហើយម​នុស្ស​ពាល​វា​ចូល​បៀត​បៀន​មិនខានឡើយ ព្រោះសេចក្ដីឃ្លានអ្នកស្រុកសន្សំទុកមករឿយៗ ហើយ​ដូច​យ៉ាង​ចៅ​ពាល​ម្នាក់​ទៅ បៀត​បៀន​លោក​សង្ឃ​អោយ​បង់​ប្រាក់​៥០រៀល ឯងស្ដាប់មើលចុះ អញនឹងសំដែងប្រាប់ថា៖