ច្បាប់អរិយសត្ថា

 អរិយសត្ថា(១) គន់គិតចែងចារ ចងទុក្ខជាច្បាប់
អោយអស់សិស្សផង ត្រងត្រាប់សណ្ដាប់ យកជាតំរាប់
តំរង់អាត្មា។
អោយមានប្រយោជន៍ ប្រយ័ត្នអសោចិ៍ រាល់រូបអ្នកណា
អម្បាលមករៀន របៀបសាស្រ្ដា ប្រយ័ត្នអាត្មា
ការកេរ្ដិ៍លោកិយ។
ទោះនឹងចេញទៅ ប្រយោជន៍នានៅ ផ្គាប់ផ្គុនមន្រ្ដី
អោយត្រូវនឹងច្បាប់ សណ្ដាប់សួស្ដី ដូចលោកស្រដី
ប្រដៅទុកមក។
បើមិនចង់ទេ ចង់នៅទំនេរ ជួញប្រែរិះរក
ចិញ្ចឹមជីវិត គួរគិតរៀនយក របៀននោះមក
ទើបរកទ្រព្យបាន។
៥ - វាយលេខទាត់ក្បាច់ សឹងផ្សំសំរេច អោយបានដឹងដាន
ដឹងដើមដឹងចុង ដឹងបង់ដឹងបាន ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។
អោយបានប្រយោជន៍ ប្រយ័ត្នអសោចិ៍ ជាអ្នករកស៊ី
សំរាប់លោកិយ ប្រក្រតីជាទី សំគាល់បញ្ជី
ស្មៀនត្រាសៀវភៅ។
គត់គិតប្រយ័ត្ន អស់ទ្រព្យសម្បត្ដិ អោយស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់ អោយស្រេចឃើញផ្លូវ សឹមថយចេញទៅ
តាមផ្លូវលោកិយ។
ល្មមដឹងតិចច្រើន ល្មមដឹងក្រវ៉ើន ទ្រព្យធនអ្វីៗ
លេខនិងអក្សរ កំដរស្មារតី សំរាប់លោកិយ
នោះអែងទើបត្រូវ។
បើតែវិលវេះ ខ្ជិលដេកស្រមេះ ស្រមូញស្មូញស្ញូវ
ស្រទាងលើខ្នើយ កន្ដើយលក់ទៅ នរណានឹងនៅ
ដាស់តឿនអោយទៀត។
១០ មិនដឹងរឺអ្វី ក្នុងរាជលោកិយ រាជការចង្អៀត
នរណាទុកអែង លេងវាយដៃព្រាត ឃើញហើយគេបៀត
តំរៀបរាជការ។
ហេតុនោះគួរគិត គួរកាន់គំនិត គួរគិតអុស្សាហ៍
សង្វាតរករៀន របៀនសាស្រ្ដា តំរិះប្រាជ្ញា
បង្ការទុកទៅ។
បើដោះខ្លួនរួច រាប់ជាអ្នកស្រួច ដឹងគិតរាក់ជ្រៅ
ក្នុងរាជលោកិយ សេចក្ដីអិលូវ គិតអោយឃើញផ្លូវ
នឹងទៅមុខទៀត។
រីត្រង់អែខ្លៅ គេថយចេញទៅ រកស៊ីចង្អៀត
គិតគូរម្ដេចម្ដា ប្រវាបែរបៀត ពឹងអ្នកកន្ទៀត
ដូចខ្លួនកាលណា។
ហេតុតែខ្លួនអែង ចេះគិតតាក់តែង អោយគ្រប់ប្រការ
ទាំងលេខទាំងក្បាច់ ស្រេចនូវអាត្មា អែងអោយអស់ការ
គិតគូរសព្វសាយ។
១៥ ទើបបានគេកោត គេមានចំណោទ គេកោតប្រាជ្ញប្រាយ
គេយល់អែងចេះ ចំណេះលែបខាយ ពុំមានក្លែងក្លាយ
បំបាត់បានឡើយ។
រីត្រង់អ្នកខ្លៅ ផ្ដេកផ្ដិតចិត្ដទៅ យកគេជាត្រើយ
កាលម្ដងគេត្រង់ គង់ចិត្ដនៅឡើយ ដល់ពីរដងហើយ
គេប្រែប្រាជ្ញា។
គេគិតទាយទាត់ វាយលេខបំភ្លាត់ បំផ្លាញអាត្មា
ចំណេញទៅគេ ទទេអសារ ខ្លួនអែងអិតការ
ខាតទុនក្រខ្លួន។
នេះអែងក្មេងអើយ កុំប្រហែសឡើយ រៀនទុកជាក្បួន
ទាំងលេខទាំងក្បាច់ អាស្រ័យនៅខ្លួន អក្សរអោយសួន
ទាន់ខ្លួននៅក្មេង។
តែចាស់បន្ដិច វិញ្ញាណភ្លាំងភ្លេច គំនិតប្រែផ្សេង
គិតការច្រើនមុខ កើតទុក្ខកន្លែង ប្រាប់អស់ក្មេងៗ
អោយដឹងអោយហើយ។
២០ កុំអាងម៉ែអូវ សម្បត្ដិដែលនៅ មានច្រើននោះឡើយ
ក្រែងអិតនឹងម៉ែ នឹងអូវទៅហើយ ខ្លួនខ្លៅឆោតឆើយ
ល្ងិតល្ងង់មោហា។
ក្រែងអស់ទាំងទ្រព្យ នោះវាមិនខ្ជាប់ នៅនឹងអាត្មា
ខ្លួនអែងឆោតឆៅ កំឡៅមោហា មិនចេះរក្សា
មិនបានគង់ទេ។
ខូចខាតមិនខាន គំនិតមិនបាន ប្រហែលខ្ញុំគេ
គេវាយគេធាក់ គេប្រើគេជេរ មិនអោយទំនេរ
ខ្មាស់គេតិចអ្វី។
ដូច្នេះគួរគិត គួរឃើញគំនិត គួរគិតសេចក្ដី
ជាមនុស្សដូចគេ គួរតែឃ្មាតឃ្មី រំលឹកស្មារតី
ស្រលាញ់របៀន។
កុំគិតខ្ជិលពេក កុំគិតពួនដេក កុំគិតវេះរៀន
កុំគិតមានពុត រមត់កិចកៀន កុំគិតអៀនប្រៀន
វេះវៀនចិត្ដកាច។
២៥ អោយរៀនចិត្ដល្អ ដឹងធម៌អក្សរ គួរគិតកោតខ្លាច
ការកេរ្ដិ៍ប្រយ័ត្ន គួរកាត់ចោលកាច គួរអោយខ្លួនខ្លាច
កុំអោយគ្រូទាយ។
ពាក្យគ្រូធ្ងន់ណាស់ ដំនៀលដល់ចាស់ ពីព្រេងមុខនាយ
អែត្រង់ពាក្យម្ដាយ ទំនាយគ្រូទាយ នេះអែងមិនងាយ
អាក្រក់ណាស់ណា។
អោយប្រុងប្រយ័ត្ន បំរើប្រណិប័តន៍ កាន់ចិត្ដស្នេហា
កុំអោយអន់អាក់ ថ្នាំងថ្នាក់ចិន្ដា គ្រូទាយហើយណា
ឆុតឆាប់ណាស់ហោង។
អោយដឹងបាបបុណ្យ ស្គាល់ទោសនិងគុណ ជាទុនទៅមុខ
គុណគ្រូបាធ្យាយ គុណម្ដាយអូវពុក រៀបច្បងទំនុក
អោយសុខអនុកូល។
គ្រូមួយផងគ្នា រួមរក្សចិត្ដជា ស្នេហាមិត្រមូល
កុំនាំអុជហេតុ បំបែកចេញចូល កាច់កិនត្រកូល
បង្កើតមាត់ក។
៣០ កុំធ្វើមាក់ងាយ នឹងគ្រូបាធ្យាយ រៀនចិត្ដអោយល្អ
ទោះអ្នកអែណា ណែផ្លូវអក្សរ អ្នកនោះអែងអរ
អោយចិត្ដមេត្រី។
កុំអោយសៅហ្មង លើលោកកន្លង ពោលពាក្យស្រដី
រឹងរូសទ្រគោះ ឈ្លាសឈ្លោះសេចក្ដី កើតទោសអប្រិយ
ជេរពោលប្រមាថ។
អ្នកនោះស្មើគ្រូ បង្កើតអភិរូហ៍ គុណគេអោវាទ
គេជួយប្រដៅ គេហៅអោហាត ដាស់តឿនសង្វាត
អោយអែងចេះឆាប់។
បើអែងចេះហើយ កុំភ្លេចគុណឡើយ អោយដឹងដោយច្បាប់
គួរគិតកោតខ្លាច ដើរតាមសណ្ដាប់ គន្លងធម៌ច្បាប់
កុំអោយមាក់ងាយ។
នេះអែងគន្លង ត្រឹមត្រូវទំនង អំពីព្រេងនាយ
អែរាជ្យអិលូវ ច្រើនតែមាក់ងាយ ចេះហើយជេរម្ដាយ
ប្រមាថគ្រូវិញ។
៣៥ ហេតុដូច្នេះអែង លោកិយយល់ស្ដែង តែងឃើញម្ដេចមិញ
ហិនហោចសូន្យសុង លិចលង់ទៅវិញ ទោសនោះអែងមិញ
កើតពីអែងណា។
កើតពីចិត្ដអែង បង្កើតស្វះស្វែង បំផ្លាញអាត្មា
រោលរាលក្នុងពោះ ឆេះក្នុងអោរា បង្កើតទោសា
អោយទុក្ខរូបអែង។
ចេះតែបន្ដិច លើខ្លួនកំប៉ិច កំប៉ោងអិតក្រែង
តែងឃើញរៀងមក យ៉ាងដូច្នេះអែង ម្លោះហើយវាតែង
ខុសនឹងទេព្ដា។
រីអ្នកចិត្ដល្អ ដឹងធម៌អក្សរ ចេះពិចារណា
ស្គាល់គុណនិងទោស សណ្ដោសអាត្មា អត់អោនចិន្ដា
ពុំដែលសៅហ្មង។
អ្នកនោះអែងនៃ សោតសឹងប្រពៃ សួស្ដីកន្លង
បរលោកលោកិយ អិតបីសៅហ្មង ទាំងទេព្ដាផង
ចំរើនអោយសុខ។
៤០ ដរាបរៀងទៅ សុខពីអិលូវ រៀងទៅអែមុន
ចៀសចាកប្រាសប្រាណ ពីស្ថាននរក រៀងរួចបានសុខ
ដល់សួគ៌ាល័យ។
អរិយសត្ថា គន់គិតចែងចារ ចែងចងសេចក្ដី
តំរង់តំរាប់ ជាច្បាប់យ៉ាងថ្មី ដាស់តឿនស្រដី
សិស្សសព្វប្រការ។
គួរគិតរករៀន កិច្ចការរបៀន របបសាស្រ្ដា
តាមច្បាប់និទាន ទូន្មានអាត្មា រៀនរាល់រូបា
សូរេចចប់ហោង។