ច្បាប់កេរ្ដិ៍កាល

កេរ្ដិ៍កាលពីព្រេងព្រឹទ្ធ សាងសុចរិតទុកទៀងនៅ សេដ្ឋីផ្ដាំប្រដៅ បុត្រសង្សារទុកក្រោយហោង។
កូនអើយកេរ្ដិ៍មេបា ចូររក្សាគន់គិតគ្រង ថែទាំចាំរួសរង ប្រុងប្រយ័ត្នប្រយោជន៍យូរ។
ធម្មតាអ្នកជាជាតិ ការគេអាទិ៍ឲ្យគិតគូរ កុំខ្ជិលដេកទទូរ ដល់ថ្ងៃរះពេញពន្លឺ។
តាក់តែងខ្ញុំកំដរ ចេញទៅរកធ្វើស្រែភ្លឺ ចិញ្ចឹមគោក្របី រកខ្សែវល្លិបោះក្រោលឃ្នង។
ធ្វើស្រែទិសប្រាំបី ខ្ញុំប្រុសស្រីចេញជួយផង មើលផ្ទះស្រះរបង វាំងចំណារគួររក្សា។
ឲ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចំការ ដឹងដែកកាំបិតព្រា ទុកអោយជាកុំឲ្យបាត់។
ដេកយប់អោយរាំងទ្វារ ទ្រព្យសម្រាលរៀបប្រយ័ត្ន ចងទូកកុំឲ្យសាត់ ផ្ទះបាក់បែកឆាប់ទល់ទ្រ។
សារពើទ្រព្យអ្វីៗ ប្រុងស្មារតីទុកអោយល្អ អុសទឹកស្រូវអង្ករ យកចេញចាយមានកំណត់។
កុំអាងមានទ្រព្យច្រើន ពុំក្រវើនរកផ្គត់ផ្គង់ យកចាយចាយដោយបទ ទោះនឹងទុក ៗដោយខ្នាត​។
១០ រទេះសេះដំរី រាប់បញ្ជីកុំឲ្យឃ្លាត ខ្ញុំណាមានមាយាទ ទុកដាក់ដៃឲ្យរក្សា។
សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា កំណាញ់ក្រៅតំរា សោតសឹងអាប់ប្រយោជន៍យស។
រក្សាខ្លួនឲ្យរុង រឿងឧតុង្គឧត្តមខ្ពស់ ប្រដាប់ដោយស័ក្ដិយស ខ្លួនជាធំឲ្យថែថួន។
អោយទានតាំងចិត្ដស្មោះ កុំអាឡោះអាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោកពុំសោះសូន្យ។
ទ្រព្យធនទោះថោកថ្លៃ កុំដាក់ដៃអោយតែកូន នូវអស់ទាំងបងប្អូន អ្នកដទៃរក្សាតាង។
១៥ ទុកចិត្ដខ្ញុំមើលដាក់ ស្មើភ្នែកខ្វាក់ទាំងសងខាង អោយកូនគន់មើលតាង ស្មើភ្នែកម្ខាងពុំពេញពីរ។
ធ្វើអ្វីធ្វើអោយហើយ កុំទុកឡើយបង្កើតកិរ សំអាតអស់សរិល កុំអោយមានក្ដីមន្ទិល។
ដំណេកដេកជាខ្នាត អោយសំអាតសំអាងជា ទើបទេវតារក្សា ចំរើនសុខស្រីសួស្ដី។
គ្រឹះហារអោយផ្ខិតផ្ខង់ កុំឲ្យផង់ផុយធូលី ជំរះបារបោសដី អោយហ្មត់ហ្មងកើតសុខា។
អញ្ជុលទុកអោយគង់ ប្រាក់ក្នុងថង់ទុកអោយជា ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យស្ដែង​។
២០ សារពើរួសរៀនរិះ អោយចាំចេះ ៗចាចែង ចង់គាប់ប្រើស្វះស្វែង រករៀនរិះសារពើក្ដី​។
សប្បុរសពេកចាញ់ធន នាទុជ៌នចាញ់ឥន្ទ្រិយ ប្រពន្ធល្អច្រើនចាញ់ប្ដី ពាក្យច្រើនភូតចាញ់អាត្មា​។
ឈើផ្លែច្រើនចាញ់ស្លឹក ត្រីច្រើនទឹកល្អក់ពុំជា ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះគិត។
ដេកយប់កុំដំអក់ អោយលង់លក់ក្រៅសុចរិត ខ្ញុំណាមានគំនិត គួរអោយគិតប្រណីវា។
ចងទូកបោះបង្គោល រិះរកថ្នោលពួរយុថ្កា ការខ្យល់កាចពុំជា ក្រែងពានពារបោកបែកបាត់។
២៥ រៀនរិះសារពើក្ដី ទោះស្រដីកាន់ពាក្យស័ត្យ ចាំក្បួនចាំអោយស្ទាត់ កុំអៀនព្រៀនសមពាក្យពោល។
ការក្រកុំគិតងាយ ការសម្ចាយជាកំរោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា។
រៀនរិះរួសរវាំង ធ្វើស្រែប្រាំងស្រែវស្សា ធ្វើស្រែមានចំណារ ធ្វើចំការចាររបង។
ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង ដើរដោយផ្លូវគន្លង តំរាយអ្នកចាស់បុរាណ។
ឆ្កែជាឲ្យបាយឆី ដេកនៅដីចាំធនធាន គ្រឿងសឹកទុកទាហាន កេរ្ដី៍គម្ពីរទុកប្រាជ្ញប្រាយ។
៣០ យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ គិតក្ដីកុំគិតងាយ មើពិនិត្យពិនិស្ច័យ។
កូនអើយកេរ្ដិ៍មេបា ចូររក្សាចាំសព្វថ្ងៃ ទ្រព្យធនទោះថោកថ្លៃ គួររក្សាកុំបីធ្លោយ។
ពាក្យនេះជាត្រកាល ជាខ្លឹមសារទៀងទុកអោយ កូនចៅនៅឯក្រោយ តែងទូន្មានអង្គអាត្មា។
ថែទាំទើបគង់ទ្រព្យ រៀបរណ្ដាប់ទុកទើបជា ចាយវាយក្រៅតំរា សឹងវិនាសធនធានផង។
បានមកទុកអោយគង់ កុំអោយបង់បាត់បំណង រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
៣៥ ដឹងហាប​ឲ្យដឹងតុល ភ្នែកឲ្យយល់ទៀងត្រាជូ គិតត្រង់សព្វដោយផ្លូវ ក្ដីចន្លោះកុំបីមាន
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ អស់អាថ៌ឱវាទទាន ជាសូរេចបណ្ដាំហោង។