ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
មន្ទីរសន្តិសុខ ស-21 ឬ គុក ទួលសែ្លង (ខ)
220070808
ដោយ ជីវិតា វិទ្យុអាស៊ីសេរី
ថ្ងៃសៅរ៍ ទី17.មិថុនា 2023.ម៉ោង 8:04
ខ្ញុំបានឃើញផ្នូរខ្មោច 14 របស់ជនរងគ្រោះ ។ ឃើញរូបភាព ធ្វើទណ្ឌកម្ម គួរឲ្យ អាណោចអាធ័ម ហើយមិនចង់ឲ្យ ប្រទេសយើង ធ្លាក់ដុនដាប ដូចជំនាន់នោះទៀត នេះជាការរៀបរាប់ របស់យុវតី យ៉ា រី ខណៈដែលនាង កំពុងទស្សនា សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ ទួលសែ្លង ដូចគ្នានឹង យុវជន យុវនារីខែ្មរ រាប់លាននាក់ ផេ្សងទៀតដែរ កញ្ញា យ៉ារី ពុំបានកើតទាន់ ឬរស់ឆ្លងកាត់ ជំនាន់ខែ្មរក្រហមទេ ។
សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលសែ្លង ដែលបច្ចុប្បន្ន មានទីតាំង នៅកណ្តាល ទីក្រុងភ្នំពេញ ធ្លាប់ជាកនែ្លងធ្វើទារុណកម្ម នៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ឬ ខែ្មរក្រហម មន្ទីរធ្វើទារុណកម្មនេះ មានឈ្មោះសម្ងាត់ថា មន្ទីរស-21 ឬ និយាយ ឲ្យងាយស្តាប់ទៅ គឺគុកទួលសែ្លង។
បើទោះជា នួន ជា មេដឹកនាំខែ្មរក្រហម មួយរូប ធ្លាប់កោតសរសើរ វីរភាព អង់អាចក្លាហាន របស់កងទ័ព ខែ្មរក្រហម ដែលបានបូជាឈាមស្រស់ របស់ខ្លួន រហូតដល់ បានសម្រេចជោគជ័យ ថៃ្ងទី 17 មេសា ឆ្នាំ 1975 ក៏ដោយ ភាគច្រើន នៃអ្នកទោស ក្នុងគុកទួលសែ្លង គឺជាយុទ្ធជន ដែលធ្លាប់បម្រើ និងមានភក្តីភាព ចំពោះ ចលនាបដិវត្តន៍ ខែ្មរក្រហម ។ ពួកគេ ត្រូវបាននាំទៅកាន់ទីនោះ ដោយជាប់សង្ស័យថា ជាជនក្បត់បដិវត្តន៍។
យោធាខែ្មរក្រហម ជាច្រើនពាន់នាក់ ក៏ត្រូវបានចាប់ខ្លួន ទៅកាន់ទីនោះ ដោយសារតែ មេបញ្ជាការ របស់ពួកគេ ជាប់ចោទថា ជាជនក្បត់។ ក្នុងនោះ ក៏មានកម្មាភិបាល ជាន់ខ្ពស់ អ្នកការទូត និងកម្មកររោងចក្រ ជាច្រើននាក់ទៀត ។ ញ៉ែម អេន ដែលធ្វើការជាអ្នកថតរូបអ្នកទោស នៅក្នុងគុក ទួលសែ្លង បានឲ្យដឹង ដូចេ្នះថា ចៅហ្វាយស្រុក ក៏មាន ចៅហ្វាយខេត្ត កងទ័ព នាយទាហាន កូនទាហាន រោងចក្រ ទាំងអស់ ដូចជា តាស៊ី ភូមិភាគបស្ចិម។ និយាយរួម 24 ខេត្តក្រុង ចម្រុះតែម្តង ។ ដូចដឹងហើយ ហ៊ុន នឹម ក៏ជាន់ខ្ពស់ ប្រធានភូមិភាគ ដូច អន ស៊ី, តា ឃុន ចក្រី, តា សុតិយ៉ា,,,។
នៅពេលណាយុទ្ធជន និងកម្មាភិបាលខែ្មរក្រហម ត្រូវចាប់ខ្លួន ជាប់ចោទថា ជាជនក្បត់ ប្រពន្ធកូន របស់ពួកគេ ដែលមិនដឹង អ្វីសោះនោះ ក៏ត្រូវចាប់ខ្លួនផងដែរ។ ញ៉ែម អេន បានឲ្យដឹងថា ទោះគាត់ មិនមានរឿង ទាក់ទិន បញ្ហានយោបាយ ក៏ចំណោម ក្រុមគ្រួសារហ្នឹង វាត្រូវ យកមក ទាំងអស់។ និយាយរួម គេចោទថា ខ្មាំង។
លោក ជុំ ម៊ី ជាជនរងគ្រោះម្នាក់ ក្នុងចំណោម ជនរងគ្រោះទាំង 7 នាក់ ដែលបាន រស់ជីវិត ពីគុកទួលសែ្លង បានឲ្យ មជ្ឈមណ្ឌល ឯកសារកម្ពុជា ដឹងថា បើទោះជា លោកមានសំណាង បានរស់ ដោយសារ មេគុកទួលសែ្លង ទុកជីវិតឲ្យលោក ដើម្បីបម្រើកិច្ចការ ផែ្នកម៉ាស៊ីនភ្លើង ក៏ដោយ ប៉ុនែ្តប្រពន្ធកូន របស់លោក មិនមានភ័ព្វសំណាងល្អ ដូចលោកទេ គ្រួសារ្ត មានកំហុសអី បានយកគ្រួសារ្ត ទៅសម្លាប់ចោល ទាំងម្តាយ ទាំងកូនហ្នឹង។
ទាក់ទងទៅនឹងការធ្វើទារុណកម្ម មកលើរូបលោក នៅក្នុងគុក ទួលសែ្លង លោក ជុំ ម៊ី បានឲ្យដឹងដូចេ្នះថា វាសួរយើង គ្នាអែ្ហងប៉ុន្មាននាក់ ? ចូល សេ,អ៊ី,អា ពីឆ្នាំណា ? អ្នកណា នាំឯងចូល ? ដល់យើងប្រាប់វាថា អត់ដែលស្គាល់ សេ,អ៊ី,អា យ៉ាងម៉េច អីយ៉ាងម៉េច អ៊ ចឹង វាដាក់យើងតែម្តង ផាំងៗៗ វាយអ៊ុ ហ្នឹង 12ថៃ្ង 12យប់។ ខ្ញុំសម្រេចចិត្តថា ឆ្លើយតែម្តងថា ចូល សេ,អ៊ី,អា ពីឆ្នាំណេះៗ គ្រប់សព្វទៅ ។ បើឯង ឆ្លើយយូរណាស់ហើយ អញមិនមែនវ៉ៃឯង ដល់ម្ល៊ឹងទេ វានិយាយ អ៊ ចឹងទៀត អញមិនមែន ដាក់ខែ្សភ្លើងឯងទេ។ វ៉ៃបាក់ដៃ បាក់អី មើលឃើញទេនេះ ។ ក្រចកមេជើង ដកទាំងអស់។
បន្ទាប់ពីបានទៅពិនិត្យមើល ឯកសារនៅក្នុងគុកទួលសែ្លង ក្រោយពីរបប ប៉ុលពត ត្រូវបាន ផ្តួលរលំ ទើបលោក ជុំ ម៊ី ដឹងថា មូលហេតុ នៃការចាប់ខ្លួនលោក គឺដោយសារ លោកជាប់ចោទថា បានធ្វើឲ្យបាក់ ម្ជុលដេរជាច្រើនដើម និង ប្រើក្រណាត់ របស់រដ្ឋ ខ្ជះខ្ជាយ ពេលធ្វើការ នៅក្នុងរោងចក្រមួយ ក្នុងទីក្រុងភ្នំពេញ។ ស្ថិតក្នុងសភាពភ័យតក់ស្លុត និងឈឺចាប់ផ្លូវកាយ អ្នកទោស ភាគច្រើន មិនត្រឹមតែ បង្ខំចិត្ត ឆ្លើយទម្លាក់កំហុស ដាក់ខ្លួនឯង ប៉ុណ្ណោះទេ តែថែមទាំង ទម្លាក់កំហុស ដាក់អ្នកដទៃ ដែលខ្លះ មិនទាំងបានដឹងអ្វីសោះឡើយ។ ដូចលោក ជុំ ម៊ី បានសារភាពដូចេ្នះថា ខ្ញុំចេះតែថា ខ្ញុំចេះតែប្រឌិតទៅ ។ ខ្ញុំធ្វើ អ៊ ចឹងទៅ ដើម្បីឲ្យវារួចទៅណា កុំឲ្យគេវ៉ៃខ្ញុំ ។ អាបញ្ហាហ្នឹង វាមិនពិតទេ។
ញ៉ែម អេន ដែលពេលនោះ មានតួនាទីជា អ្នកថតរូប អ្នកទោស យល់ឃើញថា មនុស្សភាគច្រើន ដែលត្រូវបាននាំមក គុកទួលសែ្លង គឺជាមនុស្សស្លូតត្រង់ ភាគច្រើន ចាប់នៅទួលសែ្លង គេចាប់ខុសវាច្រើន ត្រូវវាតិច ។ វាចាប់បាន វ៉ៃហើយ វ៉ៃសួរចម្លើយ ។ ទោះថា យើងមិនធ្វើចោរ ក៏ថាចោរ សិនដែរ ឲ្យគេបន្ធូរការវ៉ៃ។ ដូចេ្នះ ការឆ្លើយដាក់គ្នា បន្តៗ ការពិត គឺគ្មាន តិចណាស់។
អង្គភាពចាប់ចងតែងប្រើពាក្យ "អង្គការ" ដែលបង្កប់ អាថ៌កំបាំង ប៉ុនែ្ត តំណាងឲ្យ រដ្ឋអំណាច ខែ្មរក្រហម ចាប់ជនដែលគេ សង្ស័យថា ជាខ្មាំងស៊ីរូងផៃ្ទក្នុង របស់បដិវត្តន៍ ។ លោក វ៉ាន់ ណាត គឺជាជនរងគ្រោះ នៃគុកទួលសែ្លង ម្នាក់ទៀត ដែលបានរស់ជីវិត ដោយសារ មានទេពកោសល្យ ខាងគូរគំនូរ។ មុននឹង ត្រូវបញ្ជូនទៅកាន់ គុកទួលសែ្លង លោកត្រូវបាន ធ្វើទារុណកម្ម នៅក្នុងវត្តសំរោង ខែត្របាត់ដំបង។
លោកបានឲ្យដឹងដូចេ្នះថា ឥឡ ូវ រកនឹកមកមើល៍ ធ្វើអីខុស ។ ខ្ញុំមិនដឹង រកនឹកស្អី បើមួយថៃ្ងៗ ខំតែធ្វើការ។ ថា កុំនិយាយឆ្កួត តែផេ្តសតែផ្តាស មានទៅ អង្គការណា ចាប់មនុស្ស អត់ទោសមកទេ ។ នែ៎ កុំឲ្យឈឺសាច់ទាន់ណា៎។
ជាទូទៅបុគ្គលិកសួរចម្លើយ តែងសន្មត់ជាមុនថា អ្នកដែលពួកគេ ចាប់មក សុទ្ធតែ បានប្រព្រឹត្តអ្វីខុស បើមិនដូចេ្នះទេ អង្គការមិនចាប់មកទេ។ ដូចេ្នះ បើមិនព្រម សារភាព គេត្រូវតែ ធ្វើទារុណកម្ម ។ ក្រោយពីឆ្លើយថា មិនដឹងធ្វើអ្វីខុស លោក វ៉ាន់ ណាត ក៏ត្រូវ រងទារុណកម្ម ដោយការឆក់ខែ្សភ្លើង។
លោក វ៉ាន់ ណាត បានឲ្យដឹងថា ដល់ថា អត់ដឹងមែន វាភ្ជាប់ចរន្ត ដឹងប៉ុន្មានវ៉ុល ប៉ុន្មានវ៉ាត់ ក៏អត់ដឹងដែរ ប៉ុនែ្ត គ្រាន់តែពឹបហ្នឹង ខ្ញុំពីលើកៅអី ធ្លាក់តូង មកក្រោម បាត់ហើយ តូងៗ ។ ជះទឹក្តទេតើ បាន្តដឹងខ្លួនឡើង ។ ឮសូរ វាស្រែក ល្វើយៗ ខែ្សឯង អាណាខ្លះ ឯងក្បត់អង្គការ អាណាខ្លះ ? ប្រាប់ហើយថា អត់ដឹងទេ ខ្ញុំមិនដែល ទៅក្បត់អីទេ។ គេថា ឥឡ ូវ គេរាយការណ៍មកនែ៎ ឯងដើរបំផុសបំផុល ចលនា ប្រឆាំង អង្គការបក្ស អត់ធ្វើការធ្វើងារ។ ដោយសារការវាយធ្វើទារុណកម្ម គេពុំអាចដឹងទេថា តើអ្នកទោសណាខ្លះ ដែលត្រូវ បានសម្លាប់ ពិតជាបាន ប្រឆាំងនឹង គោលនយោបាយ ជ្រុលនិយម របស់របប កម្ពុជា ប្រជាធិបតេយ្យ ខែ្មរក្រហម ប្រាកដមែននោះ។
ក្រោយពីប្រយុទ្ធគ្នា នៅតាមព្រំដែន អស់មួយរយៈមក កងទ័ពវៀតណាម ចំនួន 12 កងពលធំ បានផ្តើមវាយលុក ចូលប្រទេសកម្ពុជា នៅថៃ្ងបុណ្យណូអែល 25 ធ្នូ ឆ្នាំ 1978។ ហើយ បានចូលកាន់កាប់ ទីក្រុងភ្នំពេញ នៅថៃ្ងទី នៅថៃ្ងទី 7 មករា ឆ្នាំ 1979 ។ ពីរថៃ្ងក្រោយមក គុកទួលសែ្លង ដែលជាមណ្ឌល ធ្វើទារុណកម្ម របស់ខែ្មរក្រហម ត្រូវបាន អ្នកកាសែតវៀតណាម ពីររូប រកឃើញ ។
លោក ប៊ុយ ទីន និពន្ធនាយករបស់កាសែត កងទ័ព ប្រជាជនវៀតណាម និង លោក អញ ង៉ុក កវីកំណាព្យ នៃព្រឹត្តិប័ត្រ កងទ័ពវៀតណាម បានឲ្យដឹងថា នៅពេលលោក កំពុងដើរសងេ្កតមើល ទីក្រុងភ្នំពេញ ដែលមានសភាព ស្ងាត់ជ្រងំ ដូចទីក្រុងខ្មោច នាពេលនោះ ស្រាប់តែមានក្លិន ស្អុយអសោចអ្វីម៉្យាង ហើរមក បុកច្រមុះ របស់ពួកគេ ទាំងពីរនាក់ ។ ក្លិនចមែ្លកនោះ បាននាំពួកគេទាំងពីរ ទៅដល់ សំណង់អគារមួយកនែ្លង ដែលមានទ្រង់ទ្រាយ ដូចជា សាលារៀន ។ ចូលទៅដល់ ខាងក្នុង នៅតាមបន្ទប់ ពួកគេទាំងពីរ ប្រទះឃើញ សាកសពមនុស្ស ស្អុយរលួយ ចំនួន 13នាក់។
លោក ប៊ុយ ទីន បានឲ្យដឹងដូចេ្នះថា គឺខ្ញុំ និងលោក អញ ង៉ុក អ្នកកវីកំណាព្យ នៃព្រឹត្តិប័ត្រ កងទ័ពវៀតណាម ជាអ្នករកឃើញ គុកទួលសែ្លង មុនគេ គឺនៅព្រឹកថៃ្ងទី 9 ខែមករា ។ នៅពេលនោះ បរិវេណទាំងមូល ហ៊ុមព័ទ្ធទៅដោយ ស្មៅខ្ពស់ៗ ដែលមិនអាច មើលឃើញ ពីចម្ងាយទេ ។ តាមពិតទៅ យើងអរគុណចំពោះ ក្លិនដ៏មហាស្អុយនោះ ទៅវិញទេ ព្រោះថា វាបាននាំយើងទៅ កាន់ទីនោះ ហើយ ប្រទះឃើញ សាកសព ស្អុយរលួយ ចំនួន 13នាក់ តែម្តង ។ សាកសព នីមួយៗ សុទ្ធតែ ជាប់ខ្នោះច្រវ៉ាក់ ស្តូកស្តឹង នៅលើគ្រែដែក ។ ហើយ យើងក៏ឃើញ ហ្វូងសត្វមាន់ កំពុងចឹក ឆឹ្កះស៊ីសត្វដង្កូវ ដែលកំពុងស៊ី ទម្លុះសាកសព ទាំងនោះផងដែរ ។ វាជាទិដ្ឋភាព ដ៏គួរឲ្យរន្ធត់ ខ្លាំងណាស់។
បុគ្គលិកគុកទួលសែ្លង និងប្រធានរបស់ពួកគេ គឺ កាំង ហ្កិចអ៊ាវ ហៅសមមិត្ត ឌុច បានបន្សល់ទុក មិនត្រឹមតែ សាកសព ជនរងគ្រោះ ប៉ុណ្ណោះទេ ប៉ុនែ្តថែមទាំង ទុកឯកសារ ជាច្រើនសន្ធឹកសន្ធាប់ ទៀតផង ។ មុនពេល រដ្ឋាភិបាលកម្ពុជា ចាប់ខ្លួន នៅឆ្នាំ 1999 សមមិត្ត ឌុច អតីតប្រធាន គុកទួលសែ្លង បានសារភាពប្រាប់ លោក ណេត ថេយ័រ អ្នកឆ្លើយឆ្លង ទស្សនាវដ្តី សេដ្ឋកិច្ចចុងបូពា៌ (Far Eastern Economic Review)ថា បងធំទីពីរ នួន ជា មេដឹកនាំកំពូលទីពីរ របស់ កម្ពុជាប្រជាធិបតេយ្យ ខែ្មរក្រហម បានស្តីបន្ទោស ដល់គាត់យ៉ាងចាស់ដៃ ដោយសារគាត់ ពុំបានបំផ្លាញចោល ឯកសារផៃ្ទក្នុង រូបថត ចម្លើយសារភាព របស់ជនរងគ្រោះ រាប់ពាន់រាប់ សែនសន្លឹក និង វត្ថុតាងនានា នៅក្នុងគុក ទួលសែ្លង មុនពេលរត់ចេញ នៅថៃ្ងទី 7 មករា ឆ្នាំ 1979 បន្ទាប់ពី កងទ័ពវៀតណាម បានចូលមកដល់ ទីក្រុងភ្នំពេញ។
ឯកសារសារភាព មានសារសំខាន់ខ្លាំងណាស់ សម្រាប់ មេដឹកនាំ កម្ពុជា ប្រជាធិបតេយ្យ ឬ មេខែ្មរក្រហម ។ មនុស្សម្នា ដែលត្រូវគេចាប់មក គុកទួលសែ្លង មានផ្លូវតែមួយគត់ គឺស្លាប់។ ការសួរយកចម្លើយ ពីអ្នកទោស មិនមែនសម្រាប់បញ្ជូនទៅ តុលាការ ឲ្យកាត់សេចក្តី ដើម្បីជួយរក ខុសរកត្រូវ ឲ្យអ្នកទោស នោះទេ ប៉ុនែ្តសម្រាប់បញ្ជូន ទៅថ្នាក់លើ ដើម្បីពិនិត្យ ស្រាវជ្រាវ រកខែ្សក្បត់ ក្នុងគោលបំណង ចាប់ខ្លួន ជាបន្តបន្ទាប់ ថែមទៀត តែប៉ុណ្ណោះ។
មុនពេលរដ្ឋាភិបាល ចាប់ខ្លួននៅឆ្នាំ 1999 សមមិត្ត ឌុច អតីតប្រធាន គុកទួលសែ្លង បានប្រាប់លោក ណេត ថេយ័រ ដូចេ្នះថា ចម្លើយដែលអ្នកទោស សរសេរ មិនមែន សម្រាប់ឲ្យ គ្រប់កំណត់ហេតុ សម្រាប់កត់ទុកទេ ។ ដូចេ្នះ អ្នកទោស ដែលចូលមកនេះ បានចម្លើយតិច ឬច្រើន វែង ឬខ្លី អត់ចោទបញ្ហាទេ ។ ចម្លើយ សម្រាប់ផ្តល់ទៅឲ្យ ជាប្រភពព័ត៌មាន សម្រាប់ខាងលើ ពិចារណា ក្នុងការរកខែ្សក្បត់ តទៅទៀត គ្មានតុលាការ គ្មានគុក គ្មានរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ប្រធានតុលាការ ជាន់ខ្ពស់ ក៏ត្រូវចាប់យកមក ស-21 ដែរ ,,,ដូចេ្នះ មនុស្សម្នាក់ៗ ចូលក្នុង ស-21 ទោះបីមាន ចម្លើយសារភាព ឬអត់ អាចយកទៅ សម្លាប់បាន ដោយឥតមានបញ្ហា។ បច្ចុប្បន្នមានតែ ឌុច ម្នាក់គត់ ដែលស្ថិតនៅក្រោម ការឃុុំខ្លួន រង់ចាំ ការជំនុំជម្រះក្តី ពីអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា។
ភាគទី 17, មន្ទីរសន្តិសុខ ស-21 ឬ គុក ទួលសែ្លង (គ)
20070809
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី
មេដឹកនាំកំពូលៗ របស់ខែ្មរក្រហម បានដកពិសោធន៍ ឃើញថា ចំណែកមួយ ដែលធ្វើឲ្យ ចលនា របស់ពួកគេ បានជោគជ័យ ជាហូរហែ រហូតសម្រេចបាន ជោគជ័យថៃ្ងទី 17 មេសា ឆ្នាំ 1975 គឺការលាក់ការសម្ងាត់។
ដោយផែ្អកលើកត្តានេះ បើទោះជារំដោះបាន ទូទាំងប្រទេស ពួកគេនៅតែបន្ត ដឹកនាំប្រទេស បែបស្រមោល និងអាថ៌កំ្ឃាំង។ ក្រៅពីសមាជិក បក្សកុម្មុយនីស្ត មួយក្តាប់តូចចេញ ពុំមាន នរណាដឹង អំពីវត្តមាន របស់គុកទួលសែ្លងទេ ពីព្រោះ គោលដៅចម្បង នៃការបង្កើតគុកនេះ គឺសម្រាប់បោសសម្អាត ផៃ្ទក្នុងរបស់បក្ស ដែលត្រូវចាប់បាន មកពីភូមិភាគនានា ទូទាំងប្រទេស។
សមមិត្ត ឌុច ដែលមានឈ្មោះដើមថា កាំង ហ្កិចអៀវ អតីតប្រធាន គុកទួលសែ្លង បានប្រាប់លោក ណេត ថេយ័រ អ្នកឆ្លើយឆ្លងទស្សនាវដ្តី សេដ្ឋកិច្ចចុងបូពា៌ ថា គុកទួលសែ្លង ជាមណ្ឌលមរណៈ ដ៏សម្ងាត់បំផុត របស់បក្សកុម្មុយនីស្ត កម្ពុជា។ ដើម្បី លាក់ការសម្ងាត់ សូម្បីតែយុទ្ធជន ដែលធ្វើការនៅក្នុង គុកទួលសែ្លង ក៏មិនអាច ចេញទៅណាបានដែរ។ ពួកគេ មិនសូវជាខុសគ្នា ពីអ្នកទោសប៉ុន្មានទេ បើនិយាយអំពី សេរីភាពនោះ។
កាលពីឆ្នាំ 1999 មុនពេលរដ្ឋាភិបាលចាប់ខ្លួន ឌុច បានប្រាប់លោក ណេត ថេយ័រ នៅក្នុង រថយន្តមួយ កំពុងបរទៅមុខ ដូចេ្នះថាអត់ដែលឃើញ មាត់ទនេ្ល យ៉ាងម៉េច 3ឆ្នាំបា្លយ ដែលធ្វើការនៅភ្នំពេញ បុគ្គលិកសួរចម្លើយ របស់ស-21 មិនដែលឃើញ យ៉ាងម៉េច ហៅមាត់ទនេ្លចតុមុខ។ សៀកចិន ដែលគេមកសមែ្តង ប្រជាជន និង កម្មាភិបាល ទូទាំងប្រទេស បានឃើញ ក៏ប៉ុនែ្តបុគ្គលិក ស-21 មិនដែលឃើញ សៀកចិន យ៉ាងម៉េចសោះ ទាំងអស់ សូម្បីតែកុន ដែល ប៉ុល ពត គាត់ទៅទស្សនកិច្ច នៅប៉េកាំង និងព្យុងយ៉ាងហ្នឹង ក៏គ្នាគ្មានសិទ្ធិ ចេញក្រៅ ទៅមើលនឹងគេដែរ។ ខាងលើ សុខចិត្តឲ្យកុន គេទៅបញ្ចាំង នៅខាងក្នុងហ្នឹង ម៉ាស៊ីនខ្លួនឯង តិចនិចខ្លួនឯង។ ដូចេ្នះ ពួកនេះ រស់នៅ ក្នុងបន្ទប់បិទជិត ចេះតែធ្វើការ រង់ចាំទទួលបញ្ជា ឲ្យគេ ប៉ុន្មាននាក់ហ្នឹង មូលហេតុទីមួយ ការងារ។ ទីពីរ គឺមិនចង់ ឲ្យមានរឿង ទាក់ទងជាមួយនឹង អង្គភាពណា នាំស្មុគស្មាញ។ អ្នកសួរ បើទៅក្រៅ វាអាចភ្លាត់មាត់ និយាយប្រាប់គេ ពីចម្លើយ។ អ្នកការពារ បើទៅក្រៅ វាអាច និយាយប្រាប់គេ អំពី មនុស្សណាខ្លះ ដែលវាបានឃើញ ខ្ញុំខ្លួនឯង ក៏ដូចគ្នាដែរ។ គោលការណ៍សំខាន់ នៃគុកទួលសែ្លង គឺការស្រាវជ្រាវ រកខែ្សបណ្តាញក្បត់។ អ្នកទោស មិនត្រូវបានកមេ្ទចចោល ភ្លាមៗទេ។ ពួកគេ ត្រូវតែបានឆ្លងកាត់ ការសួរចម្លើយ ដ៏សែនទារុណ អស់មួយរយៈសិន។
ប្រាក់ ខន អតីតបុគ្គលិកសួរចម្លើយ នៅក្នុងគុកទួលសែ្លង ធ្លាប់បានរៀបរាប់ អំពី បទពិសោធន៍ សួរចម្លើយ អ្នកទោសដូចេ្នះថាសំពះផង អង្វរគ្រប់សព្វហ្នឹង។ យំស្រែក រកម៉ែ រកឪ ជួយ អាខ្លះ រកអង្គការជួយ រកអ្នកមានគុណ គ្រប់សព្វហ្នឹង ដល់ពេលវ៉ៃទៅ នឹកឃើញអី ស្រែកហ្នឹងហើយ។ ប្រដាប់ធ្វើទារុណកម្ម វាមិនមានអី សំខាន់ មែកឈើ មែកអីហ្នឹង កាច់មកវ៉ៃ កែ្បរៗកនែ្លងហ្នឹង មែកត្របែក មែកមៀនអី អាកែ្បរៗហ្នឹង ទាញមកដាក់ តែម្តងទៅ។ វាអត់មានធ្វើ ជាឧបករណ៍ស្អី សម្រាប់ តៀ្រមទុកទេ ប៉ុនែ្តខែ្សភ្លើង អាហ្នឹងស្រាវទុក ប៉ុនែ្ត ស្រាវទុកផេ្សងទេ ដល់ពេល ត្រូវការហ្នឹង យកមកឆក់តែម្តងទៅ។ ហើយរំពាត់អីហ្នឹង កាច់តែមែកឈើ មកវ៉ៃតែម្តង អត់មានតៀ្រមជា ឧបករណ៍ រៀបចំស្អីអីណា ធំដុំ អត់ទេ ព្រោះអាដំបង វ៉ៃហ្នឹង រកតែមែកឈើ ប៉ុនៗនេះ អីហ្នឹង។ អាធំៗ ខ្លាចងាប់ តែងាប់ គេយកទោសវិញ អ៊ ចឹង វ៉ៃអាតូចៗ អត់ឲ្យងាប់ ប៉ុនែ្តផាំង បែកឈាមហើយ អាតូចៗហ្នឹង។
មនុស្សប្រមាណ 1ម៊ឺន 4ពាន់នាក់ ទៅ 2ម៊ឺននាក់ ភាគច្រើន ជាយោធា និងកម្មាភិបាល ខែ្មរក្រហម ជាប់ចោទថា ក្បត់បដិវត្តន៍ ត្រូវបានបញ្ជូន ពីតំបន់នានា នៅទូទាំងប្រទេស ទៅកាន់ទីនោះ។ អ្នកទោសទាំងអស់ លើកលែងតែចំនួន ប្រមាណក្រោម 10នាក់ចេញ ប៉ុណ្ណោះ ដែលមានសំណាងរួចផុត ពីការស្លាប់។
អ្នករងគ្រោះម្នាក់ ក្នុងចំណោមនោះ គឺលោក វ៉ាន់ ណាត អតីតវិចិត្រករ ដែល ឌុច ប្រធានគុក ទុកជីវិតលោក ឲ្យគូររូប បងធំទីមួយ ប៉ុល ពត មកដល់បន្ទប់ខ្ញុំ គេសួររក ឈ្មោះខ្ញុំហ្នឹង បាន្តលើកដៃទៅ គេឲ្យឆ្មាំគុក ដោះខ្នោះខ្ញុំ ចេញមក។ ហើយ្ត នៅគល់អានង 25នាក់ ខ្ញុំនៅអាគល់សោ។ យក្តចេញ ទាល់តែដោះ 24នាក់ ចេញសិន។ អ្នកឆ្មាំគុក គេថា អ្នកណានៅទីហ្នឹង មិនដែលរស់ទេ អាគល់អានងហ្នឹង ច្រើនតែងាប់ នៅហ្នឹង។ តាំងពី មកដល់ទួលសែ្លង គេអត់ដែល ធ្វើអីខ្ញុំសោះ គេអត់ដែលវ៉ៃ អីក៏អត់អី។ ប៉ុនែ្តក្រោយមក ខ្ញុំឆែកមើល ឯកសារ្តហ្នឹង គេដាក់ដែរ គេដាក់ថា មិនទាន់សួរចម្លើយ។ នៅតែថៃ្ងណាមួយ គេសួរហើយ ប៉ុនែ្ត វាចៃដន្យ ដល់ពេល ព្រឹត្តិការណ៍ថៃ្ង 7 មករា មកដល់ ខ្ញុំក៏ឆ្លងផុតទៅ។ សួរម្តងៗ អស់ហើយខ្នង បែកខេ្ទចហើយ គ្មានសល់ទេ ។ បើទោះជាមានឯកសារ និងសាក្សីរស់ អមទៅដោយរូបថត របស់ជនរងគ្រោះ និង រណ្តៅសាកសព បានបញ្ជាក់អំពីវត្តមាន នៃគុកទួលសែ្លង និងវាលពិឃាត បឹងជើកឯក ក៏ដោយ ក៏ជិត 30ឆ្នាំ ក្រោយពីរបប ខែ្មរក្រហម បានដួលរលំ គ្មានមេខែ្មរក្រហម ណាម្នាក់ ហ៊ានចេញមុខ ទទួលខុសត្រូវ ចំពោះរឿងរ៉ាវ ដែលកើតឡើង នៅទីនោះទេ។ ពួកគេ បានបដិសេធថា មិនមាន ឬក៏និយាយថា មិនដឹងអ្វីសោះឡើយ។
កាលពីនៅរស់នៅក្នុងឆ្នាំ 1997 ប៉ុល ពត បានធ្លោយប្រាប់ លោក ណេត ថេយ័រ ថា គាត់ជាអ្នកសម្រេច អំពីជោគវាសនា របស់មន្រ្តីខែ្មរក្រហម ថ្នាក់ខ្ពស់ៗ ប៉ុនែ្ត បានបដិសេធ ចំពោះ វត្តមាន របស់គុកទួលសែ្លង ហើយថែមទាំង អះអាងថា លលាដ៍ក្បាល របស់ជនរងគ្រោះ ដែលដាក់តាំង នៅឯ វាលពិឃាត បឹងជើងឯក មិនមែនជា លលាដ៍៍ក្បាល របស់ ប្រជាពលរដ្ឋខែ្មរទេ។
ប៉ុល ពត បាននិយាយថាខ្ញុំសម្រេចតែចំពោះ អ្នកសំខាន់ៗ ទេ ខាងក្រោម ខ្ញុំមិនដឹងទេ ទីមួយ។ ទីពីរ តើអ្នកណា បង្កើតទួលសែ្លង។ មាន អ្នកកាសែតអន្តរជាតិ បាននិយាយថា គេនិយាយពី ទួលសែ្លងៗៗ ប៉ុនែ្ត គេមើលរូបថតទៅ វាដដែលៗៗៗ។ ខ្ញុំបានឮថា ពីស្រុកបារាំងមក ខ្ញុំស្តាប់ វិទ្យុសំេឡងអាមេរិក គឺមាន អ្នកស្រាវជ្រាវ អន្តរជាតិ ពីបញ្ហា ក្បាលមនុស្ស ជនជាតិ ស៊ុយអែត។ គាត់និយាយថា គាត់ទៅពិនិត្យ ក្បាលខ្មោច ក្បាលនោះ វាតូចជាងក្បាលខែ្មរ។ អ្នកស្រាវជ្រាវហ្នឹង និយាយ តទៅទៀត ថា ឆ្អឹងខ្មោចនោះ អាយុយ៉ាងតិច 10ឆ្នាំហើយ ។
ឆ្នាំ 1996 ថ្នាក់ដឹកនាំខែ្មរក្រហម ចាប់ផ្តើមមាន ការបែកបាក់គ្នា បន្ទាប់ពី អៀង សារី ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក កិច្ចការបរទេស នៃរបប កម្ពុជាប្រជាធិតេយ្យ បានដឹកនាំ កងទ័ពខែ្មរក្រហម រាប់ពាន់នាក់ ចុះចូលជាមួយ រដ្ឋាភិបាល កម្ពុជា ដើម្បី ដោះដូរនឹង ព្រះរាជក្រឹត្យ លើកលែងទោស ប្រហារជីវិត ដែលសម្រេចដោយ តុលាការ ប្រជាជនបដិវត្តន៍ កម្ពុជា នៅឆ្នាំ 1979 ពីបទ ប្រល័យពូជសាសន៍។