ជោគវាសនា របស់សមេ្តច សីហនុ 1976 (ត)
វិទ្យុអាស៊ីសេរី 20070801 ដោយ ដោយ ជីវិតា

ថ្ងៃសៅរ៍ ទី27.ឧសភា 2023.ម៉ោង 8:17

ថៃ្ងទី 2 ខែមករា ឆ្នាំ1979 ខណ​កង​ទ័ព​វៀត​ណាម​ ចំនួន​ 12 កង​ពល​ធំ​ វាយ​សម្រុក​ យ៉ាង​ខ្លាំង​ក្លា​ ពី​គ្រប់​ទិស​ទី​ តម្រង់​មក​ទី​ក្រុង​ភ្នំ​ពេញ​ មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ បាន​ជម្លៀស​ សមេ្តច​ព្រះ​​នរោត្តម សីហនុ និង សមា​ជិក​ រាជ​វង្សា​នុវង្ស​​ទៅ​កាន់​​ស្រុក​ស៊ី​សូផុន​ ខែត្រ​បន្ទាយ​មាន​ជ័យ​ ជិត​ព្រំដែន​ថៃ​។​ បី​ថៃ្ង​ក្រោយ​មក​ គឺ​នៅ​ថៃ្ង​ទី ​5 ខែមករា នៅ​សល់​តែ​ 2​ថៃ្ង​ទៀត​​ប៉ុណ្ណោះ មុន​ពេល​​កង​ទ័ព​វៀត​ណាម​ ដណ្តើម​បាន​ ទី​ក្រុង​ភ្នំ​ពេញ​ សមេ្តច​ព្រះ​នរោត្តម​ សីហនុ និង ព្រះ​ញាតិ​វង្ស​ ត្រូវ​បាន​​ខែ្មរ​ក្រហម​ ដឹក​ត្រឡប់​ពី​ភូមិ​ភាគ​ពាយ័ព្យ​ មក​កាន់​​ទី​ក្រុង​ភ្នំ​ពេញ​វិញ​។​

ខៀវ សំផន ប្រធាន​គណ​ប្រធាន​រដ្ឋ​ នៃ របប​ កម្ពុជា​ប្រជា​ធិប​តេយ្យ​ បាន​ទូល​ថ្វាយ​ សមេ្តច​ព្រះ​នរោត្តម​ សីហនុ ថា​ កង​ទ័ព​កម្ពុជា​ បាន​រុញ​ច្រាន​ កង​ទ័ព​វៀត​ណាម​ ឲ្យ​ថយ​ក្រោយ​​វិញ​ហើយ​។ ការ​លួង​លោម​របស់​ ខៀវ សំផន ពុំ​បាន​ធ្វើ​ឲ្យ​​ព្រះ​ហឫ​ទ័យ របស់​ព្រះ​អង្គ​​បាន​ធូស្រាល​ឡើយ​​។​ ព្រះ​អង្គ​ បាន​ឈេ្វង​យល់​ថា​ ការ​ទូល​ថ្វាយ​នោះ​ មិន​ពិត​ទេ​ ពី​ព្រោះ​ព្រះ​អង្គ​ បាន​ឮ​ស្នូរ​អាវុធ​ ប៉ះ​ទង្គិច​គ្នា​ ខិត​ចូល​មក​​កាន់​តែ​ជិត​ហើយ​​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​យាង​មក​ដល់​ ទី​ក្រុង​ភ្នំ​ពេញ​ នា​ល្ងាច​ថៃ្ង​ ទី 5 ខែ​មករា ឆ្នាំ 1979 នោះ​ ព្រះ​អង្គ​ ត្រូវ​បាន​យាង​ ឲ្យ​ចូល​ជួប​ ជា​មួយ​ ប៉ុល ពត ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ នៃ​របប​ កម្ពុជា​ប្រជា​ធិប​តេយ្យ​។ នោះ​ជា​ លើក​ទី​មួយ​ហើយ​ ដែល​សមេ្តច​ព្រះ​នរោត្តម​ សីហនុ បាន​ជួប​ជា​មួយ​ ប៉ុល ពត​។ តាម​ពិត​ទៅ​ កាល​ពី​ឆ្នាំ 1973 ខណ​ដែល​ព្រះ​អង្គ​ យាង​ទៅ​ទត​មើល​ តំបន់​រំដោះ​ របស់​ខែ្មរ​ក្រហ​ម​ ព្រះ​អង្គ​​ធ្លាប់​បាន​ជួប​ មេ​ដឹក​នាំ​ខែ្មរ​ក្រហ​ មួយ​រូប​ដែរ​ ឈ្មោះ សាឡុត ស ដែល​ជា​ មនុស្ស​តែ​មួយ​ ដែល​ព្រះ​អង្គ​បាន​ជួប​នៅ​ពេល​នេះ​។​

ក្នុង​ជំនួប​ជា​មួយ​ ប៉ុល ពត លើក​នេះ​ សមេ្តច​ព្រះ​នរោត្តម​ សីហនុ មាន​ការ​ភ្ញាក់​ផ្អើល​ ចំពោះ​ ភាព​គួរ​សម​របស់​ ប៉ុល ពត និង ការ​ប្រើ​រាជ​ស័ព្ទ​ ជា​មួយ​ព្រះ​អង្គ​។

បើ​តាម​លោក​ ណាយ៉ាន ចាន់ដា អ្នក​និពន្ធ​សៀវ​ភៅ ​ឈ្មោះ "បង​ប្អូន​ ដែល​ជា​សត្រូវ"​ ព្រះ​អង្គ​ បាន​មាន​បន្ទូល​រំលឹក​​ថា ប៉ុល ពត គឺ​ជា​មនុស្ស​ គំរោះ​គំរើយ​ម្នាក់​ ប៉ុនែ្ត​ គាត់​ហាក់​ដូច​ជា​​គ្មាន​ចំណុច​ណា​មួយ​ ស្អប់​ខ្ពើម​​មក​លើ​រូបខ្ញុំ​ឡើយ គាត់​ចេះ​សមែ្តង​​អាកប្ប​កិរិ​យា​យ៉ាង​សុភាព​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ ទន់​ចិត្ត​ ​ល្ងាច​នោះ​ ខ្ញុំ​ហាក់​ដូច​ជា​​មិន​ជឿ​ ព្រះ​នេត្រ​ឡើយ​ គឺ​ជា​រឿង​​មិន​គួរ​ឲ្យ​ជឿ​សោះ​។​

ចាប់​ផ្តើម​ពី​ខែ​មេសា​ ឆ្នាំ 1975 មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ បាន​អនុវត្ត​ ផែន​ការ​បដិវត្តន៍​ សង្គម​និយម​ ដែល​មាន​បំណង​ បង្កើត​សង្គម​ខែ្មរ​មួយ​ ដែល​តម្រូវ​ឲ្យ​​មនុស្ស​រស់​នៅ​ ស្មើ​ភាព​គ្នា​ គ្មាន​វណ្ណ​ជិះ​ជាន់​គេ និង គ្មាន​វណ្ណ​ត្រូវ​គេ​ជិះ​ជាន់​​។ ដើម្បី​សម្រេច​ គោល​ដៅ​នេះ​ ភ្លាម​ៗ​ បន្ទាប់​ពី​ឡើង​កាន់​អំណាច​ ខែ្មរ​ក្រហម​ មិន​អនុញ្ញត​ឲ្យ ប្រជា​ជន​​រស់​នៅ​ ក្នុង​ទី​ក្រុង​ បំបាត់​ការ​ចាយ​លុយ​ វាយ​កមេ្ទច​ធនាគារ​ជាតិ​ និង ដក​ហូត​ ទ្រព្យ​សម្បតិ​ឯក​ជន​ ដែល​មេ​ខែ្មរ​ក្រហម​ យល់​ថា ទាំង​អស់​នេះ​ ជា​និមិត្ត​រូប​ នៃ របប​មូល​ធន​និយម​​។

លោក​ គួច ធាវី សាស្រ្តា​ចារ្យ​វិទ្យា​សាស្រ្ត​នយោ​បាយ​ និង ប្រវត្តិ​សាស្រ្ត​ខែ្មរ​ បាន​បនែ្ថម​ថា បដិ​វត្តន៍​ ប៉ុល ពត គឺ​ជា​បដិ​វត្តន៍ ផ្តួល​រំលំ​វណ្ណ​ អ្នក​មាន​ វណ្ណ​រាជា​ធិប​តេយ្យ​ អូស​រដ្ឋ​យក​ គឺ​ដើម្បី​វណ្ណ​ប្រជា​កសិករ​។ ដូចេ្នះ នៅ​ពេល​ដែល​គាត់​ រឹប​អូស​យក​ គាត់​ធ្វើ​ជា​ តូប​នីយ​កម្ម សង្គម​និយម​ គឺ​ប្រមូល​ដាក់​រដ្ឋ​។​ ពេល​ដែល​គាត់​ វ៉ៃ​ផ្តួល​ វណ្ណ​មួយ​ វណ្ណ​អ្នក​មាន​ ហើយ​រឹប​អូស​ទ្រព្យ​គេ​ គេ​ប្រឆាំង​ ប្រតិ​កម្ម​ នឹង របប​ហ្នឹង​ ព្រោះ​​នយោ​បាយ​ សង្គម​និយម​ គឺ​ប្រមូល​ទ្រព្យ​ទាំង​អស់​ ដាក់​ជា​ របស់​រដ្ឋ​។ នៅ​ស្រុក​ សង្គម​និយម​ទូ​ទៅ​ អ៊ី​ចឹង​។ ហើយ​វណ្ណ​ដែល​ត្រូវ​គេ​ រឹប​អូស​យក​ ទ្រព្យ​ហើយ​ វណ្ណ​ហ្នឹង​ ប្រឆាំង​​អ៊ី​ចឹង​ ត្រូវ​កមេ្ទច​មនុស្ស​ ចេញ​ពី​វណ្ណ​ហ្នឹង​ចោល​។

ដើម្បី​ធ្វើ​ឲ្យ​ បដិ​វត្តន៍​សង្គម​និយម​មួយ​ កាន់​តែ​បរិសុទ្ធ​ ផូរ​ផង់​នោះ​ ខែ្មរ​ក្រហម​ តម្រូវ​ឲ្យ​ជម្រុះ​ចោល​ នូវ ពាក្យ​ពេចន៍​ ភាសា​និយាយ​ស្តី​ ដែល​បាន​ប្រើ​ប្រាស់​ ដោយ​របប​​មុន​ៗ​។ ចមៀ្រង​ តូរ្យ​តន្រ្តី និង វប្ប​ធម៌‌ ដែល​បាន​ បង្កើត​ឡើង​ នៅ​ក្នុង​សម័យ​មុន​ ត្រូវ​ខែ្មរ​ក្រហម​ ហៅ​ថា​ ជា​កមែ្អល​ នៃ ពួក​ប្រតិ​កិរិយា​ នៃ សង្គម​ចាស់ ត្រូវ​បាន​ហាម​ឃាត់​ជា​ដាច់់​ខាត​។

ខែ្មរ​ក្រហម​ បាន​ដាក់​ចេញ​ពាក្យ​ស្លោក​មួយ​ថា "លុប​បំបាត់​ចោល​ កំអែល ពួក​ចក្រពត្តិ​ សក្តិ​ភូមិ ប្រតិ​កិរិយា" "ត្រូវ​ជម្រុះ​​ពាក្យ​ចក្រពត្តិ​ចោល​"​ "បេ្តជ្ញា​ជម្រុះ​ និង កមេ្ទច​ របប​ចក្រពតិ្ត​ សក្តិ​ភូមិ និង អភិ​ជន ដែល​សុទ្ធ​តែ​ជា​ ប្រតិ​កិរិយា"​ ជា​ដើម​។

ពាក្យ​ពេចន៍​ដែល​ឆ្លុះ​បញ្ចាំង​ អំពី​ការ​រស់​នៅ​ ស្មើ​ភាព​គ្នា​​នៅ​ក្នុង​​សង្គម​ ត្រូវ​បាន​ដាក់​បង្ខំ​ ឲ្យ​ប្រើ​​ដូច​ជា​ពាក្យ​​មិត្ត​ ឬ​ សម​មិត្ត​ ជា​ដើម​ ដែល​​ត្រូវ​តែ​ប្រើ​ សូម្បី​តែ​ នៅ​ក្នុង​ រង្វង់​គ្រួសារ​ ក៏​ដោយ​ចុះ​ ដូច​ជា មិត្ត​ពុក មិត្ត​ម៉ែ មិត្ត​បង​ មិត្ត​ប្អូន​ និង សម​មិត្ត​បង​ សម​មិត្ត​ប្អូន ជា​ដើម​។​ អៀង សារី ឧប​នាយក​រដ្ឋ​មន្រ្តី និង ជា​រដ្ឋ​មន្រ្តី ក្រសួង​ការ​បរទេស​ នៃ របប​​កម្ពុជា​ ប្រជា​ធិប​តេយ្យ​ ដែល​បាន​ ថ្កោល​ទោស​ វណ្ណ​សក្តិ​ភូមិ​ ដែល​ជា​វណ្ណ​តំណាង​ឲ្យ​ រាជា​និយម​​ផង​ដែរ​នោះ​ តែង​ហៅ​ ប៉ុល ពត ថា សមមិត្ត​។​

អៀង សារី បាន​និយាយ​ថា ក្នុង​សង្គម​ ចក្រ​ពត្តិ​និយម ពាក់​កណ្តាល​អាណា​និគម​និយម​ ពាក់​កណ្តាល​ សក្តិ​ភូមិ​ ដែល​ជា​ សង្គម​ជិះ​ជាន់​ ប្រ​ជា​ជន​ក្រី​ក្រ​ មាន​តែ​ សិទ្ធិ​បម្រើ​គេ​ ធ្វើ​ខ្ញុំ​គេ លក់​ខ្លួន​ និង​ លក់​កម្លាំង​ឲ្យ​គេ​​។ ក្នុង​ដំណាក់​កាល​ថ្មី​ នៃ បដិ​វត្តន៍​ របស់​ខ្លួន​ បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ កសាង​ប្រ​ទេស​ ដោយ​ឯក​រាជ្យ​ ម្ចាស់​ការ​ ខ្លួន​ទី​ពឹង​ខ្លួន​ ក្រោម​ការ​ដឹក​នាំ​ ដ៏​ត្រឹម​ត្រូវ​​របស់​សម​មិត្ត​លេខា​ ប៉ុល ពត​។

សមេ្តច​ព្រះ​នរោត្តម​ សីហនុ បាន​មាន​ព្រះ​រាជ​បន្ទូល​ប្រាប់​ លោក​ ណា​យ៉ាន ​ចាន់​ដា​ ថា អៀង សារី ពុំ​បាន​ប្រើ​រាជ​ស័ព្ទ​ ជា​មួយ​​ព្រះ​អង្គ​ទេ ​អៀង​ សារី​ បាន​បដិសេធ​ មិន​ប្រើ​ប្រាស់​រាជ​ស័ព្ទ​ ជា​មួយ​ខ្ញុំ​ទេ​។ សម្រាប់​គាត់​ ខ្ញុំ​គឺ​ជា​ប្រជា​រាស្រ្ត​ម្នាក់​ ដូច​គ្នា​ នឹង ប្រជា​រាស្រ្ត​ ដទៃ​ៗ​ទៀត​ដែរ​។

សមេ្តច​ព្រះ​នរោត្តម​ សីហនុ បាន​មាន​ព្រះ​រាជ​បន្ទូល​ ទៀត​ថា​ នៅ​ក្នុង​គ្រា​នោះ​ បើ​ទោះ​ជា​ ខៀវ សំផន ប្រ​កាន់​ជំហរ​ ស្មើ​ភាព​គ្នា​ ក៏​ដោយ​ ខៀវ​ សំផន​ តែង​ប្រើ​រាជ​ស័ព្ទ​ ជា​មួយ​ ព្រះ​អង្គ​ ជា​និច្ច​។ ហើយ​ដូច​គ្នា នឹង ខៀវ សំផន ដែរ ប៉ុល ពត បាន​ប្រើ​រាជ​ស័ព្ទ​ ក្នុង​ការ​សន្ទ្ទនា​ ជា​មួយ​ព្រះ​អង្គ​ នៅ​ក្នុង​ល្ងាច​ថៃ្ង​ទី​ 5 មករា​នោះ​។​

ព្រះ​អង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​ រំលឹក​អំពី​កិច្ច​សន្ទា ​បែប​លួង​លោម​ របស់ ប៉ុល ពត ជា​មួយ​ព្រះ​អង្គ​​ដូចេ្នះ​ថា ប៉ុល ពត បាន​ពោល​មក​កាន់​ខ្ញុំ​ថា​ "ព្រះ​ករុណា​ ជា​អម្ចាស់​ ខ្ញុំ​សូម​អភ័យ​ទោស​ ដែល​ទម្លាប់​ឲ្យ​តែ​ ខៀវ​ សំផន ធ្វើ​ជា​តំណាង​ ចូល​គាល់​ព្រះ​អង្គ​" គាត់​ឱន​គោ​រព ដៃ​ប្រណម្យ​ជាប់​ និង​បាន​ប្រើ​ប្រាស់​ពាក្យ "ខ្ញុំ" តែ​មួយ​ដង​គត់​ ប៉ុនែ្ត​ច្រើន​ប្រើ​ពាក្យ​ថា​ ខ្ញុំ​ព្រះ​ករុណា​ ដូច​គ្នា​នៅ​ក្នុង​ ព្រះ​រាជ​វាំង​​អង់​គេ្លស​ដែរ​​។ ទោះ​ជា​យ៉ាង​ណា​ ក៏​ដោយ​ ខ្ញុំ​ក៏​មាន​ ការ​ភ្ញាក់​ផ្អើល​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេល​វេលា​របស់​​មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ សម្រាប់​ប្រើ​ប្រាស់​ សមេ្តច​ព្រះ​នរោត្តម​ សីហនុ​ បាន​មក​ដល់​ ទៀត​ហើយ​​។​ ក្នុង​ខណ​ព្រះ​អង្គ​ ជួប​ជាមួយ​ ប៉ុល ពត នា​ល្ងាច​ថៃ្ង​ទី 5 ខែ​មករា​ ឆ្នាំ ​1979 នោះ​ កង​ទ័ព​វៀត​ណាម​ រាប់​ម៉ឺន​នាក់​ កំពុង​វាយ​លុក​​កាន់​តែ​​ខិត​ចូល​ជិត​ ទី​ក្រុង​ភ្នំ​ពេញ​។ ទោះ​ជា​យ៉ាង​នោះ​ក្តី ​ប៉ុល ពត បាន​ពោល​ អះ​អាង​ទៅ​កាន់​ព្រះ​អង្គ​ថា ជ័យ​ជម្នះ​របស់​ កម្ពុជា​ប្រជា​ធិប​តេយ្យ​ លើ​កង​ទ័ព​វៀត​ណាម​ ខិត​ជិត​​មក​ដល់​ហើយ​។​

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែ​រ​ ប៉ុល ពត ក៏​បាន​សុំ​ឲ្យ​​ព្រះ​អង្គ​យាង​ទៅ​កាន់​​ទី​ក្រុង​ញូវ​យ៉ក​ សហ​រដ្ឋ​អាមេ​រិក ដើម្បី​ចេញ​ ព្រះ​ភ័ក្រ្ត​​ការ​ពារ​ កម្ពុជា​ប្រជា​ធិប​តេយ្យ​ នៅ​ចំពោះ​មុខ​អង្គការ​ សហ​ប្រជា​ជាតិ​ ថ្កោល​ទោស​​អំពើ​ឈ្លាន​ពាន​ របស់​កង​ទ័ព​វៀត​ណាម​ មក​លើ​​ទឹក​ដី​កម្ពុជា​។​

រំពេច​នោះ អៀង សារី ដែល​មាន​វត្ត​មាន​ នៅ​ក្នុង​អង្គ​ប្រជុំ​​នោះ​ដែរ​ បាន​ពោល​កាត់​​ថា ដោយ​សារ​តែ​​យន្ត​ហោះ​ ដែល​ត្រូវ​ដឹក​ព្រះ​អង្គ​​ចេញ​ទៅ​ មិន​មាន​​កៅ​​អី​ទំនេរ​ច្រើន​ មាន​តែ​ ព្រះ​មហេសី​ គឺ​អ្នក​ម្នាង ម៉ូនិច តែ​ប៉ុណ្ណោះ ដែល​អាច​រួម​ដំណើរ​ជា​មួយ​ ព្រះ​អង្គ​បាន​​។ សម្តី​របស់ អៀង សារី​ បាន​បង្ក​ឲ្យ​មាន​​ការ​ភ័យ​ព្រួយ​ នៅ​ក្នុង​ព្រះ​ហ​ឫទ័យ​ របស់​សមេ្តច​ព្រះ​នរោត្តម​ សីហនុ​។ ព្រះ​អង្គ​ក៏​មាន​ព្រះ​រាជ​បន្ទូល​ ដោយ​ក្តី​កង្វល់​ទៅ​កាន់​ ប៉ុល​ ពត​ ថា​ ឯក​ឧត្តម សូម​អនុញ្ញាត​ឲ្យ​ បណ្តា​សមា​ជិក​រាជ​វង្ស​ និង សហ​ការី​របស់​ខ្ញុំ​ បាន​ចេញ​ទៅ​ ជា​មួយ​ផង​។​

បើ​តាម​លោក ណាយ៉ាន ចាន់ដា រំពេច​នោះ ប៉ុល ពត បាន​ងាក​ ទៅ​កាន់ អៀង សារី ហើយ​ពោល​ថា​ ចូរ​សម្រួល​​ថ្វាយ​ព្រះ​អង្គ​ផង​។​ ពេល​នោះ​ហើយ​ ដែល​សមេ្តច​ព្រះ​ នរោត្តម​ សីហនុ មាន​ព្រះ​ហ​ឫទ័យ​ ត្រេក​អរ​យ៉ាង​ក្រៃ​លែង​ ហើយ​ មាន​ព្រះ​រាជ​បន្ទូល​ ថែ្លង​អំណរ​គុណ​ ដល់​ ប៉ុល ពត យ៉ាង​ញាប់​ព្រះ​ឱស្ថ ឬ​ ញាប់​មាត់​។

សមេ្តច​ព្រះ​នរោត្តម​ សីហនុ និង​សមា​ជិក រាជ​វង្សា​នុវង្ស​ ដែល​នៅ​ជុំ​ជា​មួយ​ ព្រះ​អង្គ​ ត្រូវ​បាន​បញ្ជូន​​ចេញ​ពី​​ប្រ​ទេស​កម្ពុជា​ នៅ​ថៃ្ង​ទី​ 6 ខែ​មករា​ ឆ្នាំ​ 1979 តាម​ជើង​យន្ត​ហោះ​មួយ​ ជា​មួយ​បុគ្គ​លិក​ស្ថាន​ទូត​ចិន​។

ទំនាក់​ទំនង​ និង​ មិត្ត​ភាព​ដ៏​ល្អ​ផ្ទាល់​ខ្លួន​ របស់​សមេ្តច​ព្រះ​ នរោត្តម សីហនុ ជា​មួយ​មេ​ដឹក​នាំ​ ប្រ​ទេស​កុម្មុយ​នីស្ត​ មាន​ចិន​ក្រហម​ និង​ កូរ៉េ​ខាង​ជើង​ ទំនង​ជា​ បាន​ជួយ​សសង្គ្រោះ​ជីវិត​របស់​ព្រះ​អង្គ​ ពី​ការ​ធ្វើ​គត់​ របស់​មេ​ដឹក​នាំ​ខែ្មរ​ក្រហម​។

ក្រោយ​មក ព្រះ​អង្គ​ធ្លាប់​បាន​រំលឹក​ លើក​សរ​សើរ​​ដល់​ប្រ​ទេស​ចិន​ និង ប្រ​ទេស​កូរ៉េ​ខាង​ជើង​ ដូចេ្នះ​ថា មាន​ប្រ​ទេស​បី ដែល​ខ្ញុំ​ស្រឡាញ់ ទី​មួយ​ កូរ៉េ​ខាង​ជើង​ ទីពីរ​ ចិន ចិន​ប្រជា​មា​និត មិន​មែន​តៃ​វ៉ាន់​ទេ​ ទីបី ខ្ញុំ​ស្រឡាញ់​ បារាំង​សែស​។ ប៉ុនែ្ត​ ខ្ញុំ​ជា​មួយ នឹង កូរ៉េ​ ក៏​ដោយ​ ជា​មួយ​ នឹង ចិន​ ក៏​ដោយ​ ជា​មួយ​បារាំង​ ក៏​ដោយ​ ខ្ញុំ​មិន​បម្រើ​ប្រយោជន៍​ខ្លួន​ ជា​ដាច់​ខាត​​។ ខ្ញុំ​ស្រឡាញ់​លោក​ គីម​ អ៊ីល​ស៊ុង ជាង​គេ​ ពី​ព្រោះ​លោក​ គីម អ៊ីល​ស៊ុង​ គ្មាន​ប្រយោជន៍​ យុទ្ធ​សាស្រ្ត​ គ្មាន​ប្រយោជន៍​ សេដ្ឋ​កិច្ច​ គ្មាន​ប្រយោជន៍​អ្វី​ទេ​ នៅ​ស្រុក​ខែ្មរ​។

វា​ទំនង​ជា​គ្មាន​ផ្លូវ​សោះ​ឡើយ​ ដែល​ថា​ ពួក​ខែ្មរ​ក្រហម​ ធ្លាប់​គិត​ដោះ​លែង​​ព្រះ​អង្គ​​ចេញ​ពី​ ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ ឬ​ក៏ អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ មាន​តួ​នាទី​នយោ​បាយ​ ណា​មួយ​នោះ​។

ថៃ្ងទី 7 មករា ឆ្នាំ 1979 គឺ​មួយ​ថៃ្ង ​ក្រោយ​ពី​ព្រះ​អង្គ​ ចាក​ចេញ​ពី​ ប្រទេស​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​​ទីក្រុង​ញូវ​យ៉ក កង​ទ័ព​វៀត​ណាម​ អម​ទៅ​ដោយ​ កង​ទ័ព​រណ​សិរ្ស​សាមគ្គី​ សង្គ្រោះ​ជាតិ​កម្ពុជា​ បាន​ចូល​កាន់​កាប់​ ទី​ក្រុង​ភ្នំ​ពេញ​។ ពួក​មេ​ដឹក​នាំ​ ខែ្មរ​ក្រហម​ និង​ ពល​ទាហាន​ បាន​គេច​ទៅ​បោះ​ជំរុំ​ នៅ​តាម​ព្រំដែន​ ខែ្មរ-ថៃ​។

ភាគ 15, ផែនការ4ឆ្នាំ និង មហាលោតផ្លោះ របស់កម្ពុជា
20070802
អាស៊ីសេរី ដោយ ឡេង ម៉ាលី វិទ្យុ

ពាក្យពីរម៉ាត់ ដែល​ត្រូវ​បាន​ប្រើ​ជា​ញឹក​ញាប់​ ដោយ​របប​ កម្ពុជា​ ប្រជា​ធិប​តេយ្យ ខែ្មរ​ក្រហម គឺ​ពាក្យ "ឯក​រាជ្យ" និង "ម្ចាស់​ការ"​​។ "ឯក​រាជ្យ​" ប្រ​ហែល​ជា​មាន​ន័យ​ថា កម្ពុជា ប្រជា​ធិប​តេយ្យ មាន​ឯក​រាជ្យ​ ពី​ពួក​បរ​ទេស​ហើយ​ ជា​ពិសេស​ ឯក​រាជ្យ​​ពី​វៀត​ណាម​។ "ម្ចាស់​ការ" មាន​ន័យ​ថា​ ឥឡូវ​ ប្រជា​ជន​កម្ពុជា​សាមញ្ញ លែង​ត្រូវ​គេ​ជិះ​ជាន់​​កេង​ប្រវ័ញ្ច​ទៀត​ហើយ​ ហើយ​គេ​ជា​ម្ចាស់​ លើ​ជោគ​វាសនា​ និង ប្រ​ទេស​ជាតិ​ របស់​ខ្លួន​។​ គេ​អាច​ធ្វើ​ជា​ម្ចាស់​លើ​សេដ្ឋ​កិច្ច​ របស់​ជាតិ​ ដោយ​ការ​បងែ្វរ​ មហា​កម្លាំង​បដិ​វត្តន៍ និង​ ឆន្ទ​សមូហ​ភាព​ ឆ្ពោះ​ទៅ​រក​ កំណើន​ផលិត​កម្ម​កសិ​កម្ម​ ​។​

ការ​ដាក់​បញ្ចូល​គ្នា​នូវ​ពាក្យ​ "ឯក​​រាជ្យ-ម្ចាស់​ការ" បាន​សេច​ក្តី​ថា លះ​បង់​ចោល​ អតីត​កាល​ ហើយ​ត្រួត​ត្រា​លើ​អនាគត​ ដែល​ជា​របៀប​វារ​មួយ​ ទាក់​ទាញ​ សតិ​អារម្មណ៍​ យ៉ាង​ខ្លាំង​ ចំពោះ​ ប្រជា​ជន​កម្ពុជា​កេ្មង​ៗ ហើយ​ក្រី​ក្រ ក៏​ដូច​ជា​សមា​ជិក​ របស់​បក្ស​ កុម្មុយ​នីស្ត​កម្ពុជា​ ផ្ទាល់​ដែរ​​។​ កម្ម​វិធី​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ ដំណើរ​ការ​ ក្នុង​សហ​ភាព​សូវៀត​ នៅ​ក្នុង​ទស្ស​វត្សរ៍​​ឆ្នាំ 1930 និង​នៅ​ប្រទេស​ចិន​ ក្នុង​ទស្ស​វត្សរ៍ ​ឆ្នាំ​ 1960​។ កម្ម​វិធី​របស់​ចិន​ ដែល​ព្យា​យាម​ ដាក់​បញ្ចូល​ កសិ​កម្ម សមូ​ហ​ភាព​ ជា​មួយ​ការ​អភិវឌ្ឍ​ ឧស្សា​ហកម្ម​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ជំហាន​ "មហា​លោត​ផ្លោះ​ មហា​អស្ចារ្យ​"​។ កម្ពុជា​ ប្រជា​ធិប​តេយ្យ បាន​ខ្ចី​ឃ្លា​នេះ​ ពី​ប្រទេស​ចិន​ ដើម្បី​ពណ៌‌​នា​អំពី​ ផែន​ការ​ 4​ឆ្នាំ របស់​ខ្លួន​។​​

លោក តាន់ ងួន​អ៊ី ជា​អ្នក​រួច​ជីវិត​ពី​របប​កម្ពុជា ប្រជា​ធិប​តេយ្យ បាន​ចាប់​អារម្មណ៍​ ចំពោះ​ពាក្យ​ "មហា​លោត​ផ្លោះ​ មហា​អស្ចារ្យ​"​ កាល​ពី​សម័យ​នោះ​ ដូចេ្នះ​ថា មហា​លោត​ផ្លោះ ​មហា​អស្ចារ្យ​ មហា​រុង​រឿង​ គេថា​ របស់​គេ​ហ្នឹង​ វា​អស្ចារ្យ​ គ្មាន​នរណា​ដល់​ទេ​។ មហា​លោត​ផ្លោះ ​មហា​អស្ចារ្យ​ហ្នឹង​ វា​ធំ​ធេង​ណាស់​ ធំ​ជាង​ស្អី​ទាំង​អស់​។ គ្មាន​នរណា​ធំ​ គ្មាន​នរណា​ អស្ចារ្យ​ ដល់​គេ​ទេ​​។ អាហ្នឹង​ និយាយ​ ចង់​បៀ្រប​ថា​ របប​ របស់​គេ​ហ្នឹង​ គឺ​ខ្លាំង​ជាង​គេ​។ គ្មាន​របប​ណា​ ដូច​គេ​ទេ​ មហា​លោត​ផ្លោះ​ មហា​អស្ចារ្យ​ហ្នឹង​ លោត​ផ្លោះ​មែន​។ ធ្វើ​ការ​អី​ ទាល់​ដល់​ម៉ោង​ 11​ មក​វិញ​ បបរ​រាវ​កក្លូក​។ ដេក​តែ​​មួយ​ស្របក់​ ក្រោក​ឡើង​ទៅ​ទៀត​​។ យប់​ទាល់​តែ​ ម៉ោង 9 ម៉ោង 10 គ្មាន​ម៉ោង​សំរាក​ទេ​​។ សំរាក​តិច​តួច​ ទៅ​រើស​ជី​ តាម​វាល​ស្រែ​។ ថៃ្ង​ យប់​ ក៏​មាន​ ថៃ្ង​រហូត​ម៉ោង​ស្អី ម៉ោង​សង្គម​និយម​យើង​ ហ្នឹង​​ម៉ោង​ធ្វើ​ការ​យប់​ ដូច​បុក​អង្ករ​ បុក​អី​ហ្នឹង​។ ការ​ងារ​ហ្នឹង​ គេ​ឲ្យ​កាប់​ដី​ រែក​ដី​ គ្មាន​ទំនេរ​ទេ​ ជីក​ទាំង​ថៃ្ង ​ទាំង​យប់ ហើយ​គ្មាន​ឲ្យ​សំរាក​ទេ មហា​លោត​ផ្លោះ មហា​អស្ចារ្យ​គេ​ហ្នឹង​។​

មុន​ពេល​សរ​សេរ​ផែន​ការ​ 4​ឆ្នាំ​នេះ​ឡើង​ អ្នក​នាំ​ពាក្យ​របស់​បក្ស​​កុម្មុយ​នីស្ត​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រជា​ជន​កម្ពុជា ដែ​លរស់​នៅ​ក្នុង​ របប​ កម្ពុជា​ប្រជា​ធិប​តេយ្យ មុខ​ជា​ប្រមូល​ ផល​ស្រូវ​ 3​តោន ក្នុង​ 1​ហិកតា​ ជា​រៀង​រាល់​ឆ្នាំ​។ តួ​លេខ​នេះ​ មាន​ចំនួន​ប្រហែល​ 3​ដង​ លើស​ពី​ ទិន្ន​ផល​ជាតិ​ ជា​មធ្យម​ បើ​បៀ្រប​ធៀប​ នឹង របប​មុន​ៗ​ មុន​បដិ​វត្តន៍​។​

ក្នុង​ការ​ដាក់​ចេញ​ នូវ ផែន​ការ​នេះ​ អ្នក​នាំ​ពាក្យ​ មិន​បាន​គិត​ដល់​ កត្តា​បញ្ហា​នានា​ ដែល​អាច​ជា​ឧប​សគ្គ​ រា​រាំង​មិន​ឲ្យ​សំរេច​ ផែន​ការ​នោះ​ឡើយ​។​ បញ្ហា​ទាំង​នោះ​ រួម​មាន​កត្តា​ខុស​គ្នា​ រវាង​ជី​ជាតិ​ដី លទ្ធ​ភាព​ទឹក​ស្រោច​ស្រព​ និង តំបន់​ភូមិ​សាស្រ្ត​ផេ្សង​ៗ​គ្នា​ ឬ​ក៏​មិន​បាន​គិត​ថា​ ប្រទេស​កម្ពុជា​ ទើប​តែ​ងើប​ពី​​សង្រ្គាម​ស៊ីវិល​ ដ៏​ហិន​ហោច​ ខ្លោច​ផ្សារ​មួយ​ ដែល​បាន​បំផ្លាញ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ របស់​ប្រទេស​ខេ្ទច​ខ្ទី​ និង សំលាប់ ជីវិត​មនុស្ស​ ប្រមាណ​ 3​សែន​នាក់​ឡើយ​។​

ក្នុង​ខ្លឹម​សារ​សំខាន់​បំផុត​ នៃ ផែន​ការ​ 4​ឆ្នាំ ដែល​បាន​ ពៀ្រង​ឡើង​ ដោយ​គណ​មជ្ឈិម​បក្ស​ បាន​ព្យា​យាម ធ្វើ​យ៉ាង​ណា​ ឲ្យ​បាន​សំរេច​ ដល់​គោល​ដៅ​ សង្គម​និយម​ ដោយ​ធ្វើ​ សមូហ​ភា​វូប​នីយ​កម្ម​ សេដ្ឋ​កិច្ច​ទាំង​ស្រុង​ ដោយ​ចំណាយ​លុយ​ ដែល​បាន​មក​ពី​​ការ​នាំ​ចេញ​កសិ​ផល​ ទៅ​លើ​ការ​ពង្រីក​ វិស័យ​កសិ​កម្ម ឧស្សា​ហ​កម្ម​ ទាំង​ធុន​ស្រាល និង​ ឈាន​ឡើង​ទៅ​​ធុន​ធ្ងន់​។​​

ផែន​ការ 4​ឆ្នាំ​ តំណាង​ឲ្យ​គំនិត​ជាក់​លាក់​បួន​របស់​ ប៉ុល ពត គឺ​ សមូហ​ភាព​និយម​ ឆន្ទ​បដិ​វត្តន៍​ ឯក​រាជ្យ​អំណាច​ ពី​ខាង​ក្រៅ ​ហើយ​ផ្តល់​អំណាច​ ដល់​អ្នក​ក្រ​។ ក្នុង​ទស្សន​ របស់ ប៉ុល ពត ឯក​រាជ្យ-​ម្ចាស់​ការ​ នឹង លូត​លាស់​ចេញ​ពី​ ឯក​រាជ្យ​សេដ្ឋ​កិច្ច​ ដោយ​ផែ្អក​លើ​ ធន​ធាន​របស់​កម្ពុជា​ ដែល​គេ​ស្គាល់​ពីរ​ គឺ​កសិ​ផល និង​ កសិករ​។​

នួន ជា ឬបង​ធំទី​ពីរ​ មាន​តួនា​ទី​ជា​ប្រធាន​រដ្ឋ​សភា​ ក្នុង​របប​ កម្ពុជា​ប្រជា​ធិប​តេយ្យ​ បាន​ឲ្យ​ វិទ្យុ​អាស៊ី​សេរី​​ដឹង​ថា​ ការ​បង្ក​បង្កើន​​ផល​ស្រូវ​ ឯក​រាជ្យ​-​ម្ចាស់​ការ​ ជា​កិច្ច​ការ​សំខាន់​ និង បន្ទាន់​ របស់​រដ្ឋា​ភិបាល​ កម្ពុជា​ប្រជា​ធិប​តេយ្យ​ ដោយ​សង្កត់​ធ្ងន់​ថា ពេល​នោះ​ យើង​មាន​ទស្សន​ យ៉ាង​នេះ​ គឺ​ថា​ យើង​ខំ​​ខ្លួន​យើង​ ខ្លួន​ទីពឹង​ខ្លួន​។​ ជា​សំខាន់​ អ្វី​ដែល​យើង​ពឹង​ខ្លួន​ យើង​បាន​ យើង​ធ្វើ​។ បើ​ថា​យើង​ អស់​សមត្ថ​ភាព​ ធ្វើ​ហើយ​ សឹម​យើង​ពឹង​ផែ្អក​ លើ​បរ​ទេស​ សុំ​ជំនួយ​បរទេស​​។ ក៏​ប៉ុនែ្ត ​អ្វី​ដែល​យើង​​ធ្វើ​បាន​ យើង​ធ្វើ​ទៅ​ វា​ជា​កិត្តិ​យស របស់​ជាតិ​យើង​។​ ដូចេ្នះ​យើង​មាន​កសិករ​ 85% មាន​ដី​ជី​ជាតិ​ រាប់​លាន​ហិកតា​ ចុះ​​ប៉ុណ្ណឹង យើង​ខំ​ធ្វើ​ស្រែ​ ចិញ្ចឹម​ខ្លួន​មិន​រស់​ ឬ​យ៉ាង​ម៉េច​? មើល​ប្រ​ទេស​ខ្លះ​ ដូច​ជា​ ប្រ​ទេស​ជប៉ុន​ ប្រទេស​កូរ៉េ​អី​ហ្នឹង​ គេ​មាន​ដី​ អែ​​ណា​ប៉ុន្មាន​ ប៉ុនែ្ត គំ​និត​ដែល​គេ​ កសាង​ប្រ​ទេស​គេ​បាន​ទៅ​ មក​ពី​គេ ពឹង​ផែ្អក​ ខ្លួន​គេ​។ មែន​ហើយ​ មាន​ជំនួយ​ពី​បរទេស​ខ្លះ​ ក៏​ប៉ុនែ្ត​ ចំពោះ​ការ​ដែល​ចាំ​បាច់​។ មាគ៌‌ា​របស់​បក្ស​ កាល​ណោះ​ គឺ​ថា​ ពាក្យ​ស្លោក​គឺ​ថា​ "តស៊ូ​យូរ​អងែ្វង​ លំបាក​វេទ​នា​ ខ្លួន​ទី​ពឹង​ខ្លួន​ ប្រាកដ​ជា​​មាន​ជ័យ​ជម្នះ"​​ ក៏​ប៉ុនែ្ត​ រយ​វា​ខ្លី​ពេក​ យើង​បាន​បី​ឆ្នាំ​។​

ទាក់​ទង​នឹង​បញ្ហា​ ឯក​រាជ្យ​អំណាច​ពី​ខាង​ក្រៅ​ បង​ធំ​ទីពីរ​ នួន ជា បានប​ញ្ជាក់​ដូចេ្នះ ប្រទេស​ជិត​ខា​ង​ ដែល​គេ​ មិន​ចង់​ឲ្យ​យើង​ យើង​សុំ​តែ​ត្រឹម​ ឯក​រាជ្យ សន្តិ​ភាព​ អព្យា​ក្រឹត្យ​ មិន​ចូល​បក្ស​សម្ព័ន្ធ​ ទាក់​ទង​ រវាង​ប្រទេស​ស្មើ​ភាព​គ្នា​ បាន​ផល​ប្រ​យោជន៍​គ្នា​ ទៅ​វិញ​ទៅ​មក​ មិន​មើល​ងាយ​ មើល​ថោ​ក​គ្នា​ មិន​ឈ្លាន​ពាន​គ្នា​។ ប៉ុណ្ណឹង​ គេ​មិន​ឲ្យ​យើង​ផង​។ គេ​មិន​ឲ្យ​យើង​ទេ​ណា​ ទាល់​តែ​ កាល​ណាយើង​សុខ​ចិត្ត​ ធ្វើ​ប្អូន​ធម៌‌​គេ​ ឬ​ ធ្វើ​ប្អូន​ចិញ្ចឹម​គេ​។ យើង​សុខ​ចិត្ត​ទេ​ យើង​ជាតិ​មួយ​ដែរ​ យើង​ជាតិ​មួយ​ណា​។ មោ​ទន​ភាព​ របស់​ជាតិ​ ពង្រឹង​ជាតិ​យើង​ យ៉ាង​ម៉េច​?​។​ ការ​នាំ​ស្រូវ​ចេញ​ ក្លាយ​ជា​កត្តា​សំខាន់​មួយ​ នៅ​ក្នុង​ផែន​ការ​ 4​ឆ្នាំ​ ដែល​បាន​ដាក់​ចេញ​ ដើម្បី​កេង​យក​ចំណេញ​ លើ​មហា​ កម្លាំង​បដិវត្តន៍​ ដែល​ទើប​តែ​ រក​ឃើញ​ថ្មី​ៗ​ របស់​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​ផលិត​ផល​កសិ​កម្ម ឲ្យ​បាន​បី​ដង​ នៅ​ទូ​ទាំង​ប្រទេស​។ ការ​ងារ​នេះ​ ត្រូវ​តែ​សំរេច​ឲ្យ​បាន​ ក្នុង​រយ​ពេល​ យ៉ាង​ឆាប់​បំផុត​ ទោះ​តិច​កី្ត​ច្រើន​ក្តី​ ដោយ​គ្មាន​បចេ្ចក​វិជ្ជា​ និង ឧប​ករណ៍​ទំនើប​ ឬ​ រង្វាន់​ លើក​ទឹក​ចិត្ត​ក្តី​។​ ​

ចំពោះ​លុយ​កាក់​ និង ទ្រព្យ​សម្បត្តិ​ឯក​ជន​ ត្រូវ​របប​​កម្ពុជា​ប្រជា​ធិប​តេយ្យ​ បំបាត់​ចោល​។​ ក្នុង​សុន្ទរ​កថា​មួយ​ ដែល​ពណ៌‌នា​អំពី​ផែន​ការ 4​ឆ្នាំ ប៉ុល ពត បាន​និយាយ​ថា "តើ​យើង​ អាច​សំរេច​ ផែន​ការ​ បាន​ឬ​អត់​ ?" ចម្លើយ​បាន​ឆ្លើយ​ថា​ "យើង​អាច​សំរេច​ ផែន​ការ​​បាន​គ្រប់​កនែ្លង​ ទាំង​អស់​ ហើយ​ភស្តុ​តាង​ នៃ ការ​សំរេច​នេះ​ គឺ​តាម​រយ​ ចលនា​នយោ​បាយ​ របស់​យើង"​។​

តាម​​ពិត​​ទៅ​ ចលនា មិន​បាន​សែ្តង​ចេញ​ជា​ ភស្តុ​តាង​ ជាក់​សែ្តង​ឡើយ​។ ភាគ​ពា​យ័ព្យ នៃ ប្រ​ទេស​កម្ពុជា​ ដែល​នៅ​មុន​​សម័យ​បដិ​វត្តន៍​ ប្រជា​កសិករ​ ប្រមូល​ផល​ស្រូវ​ បាន​យ៉ាង​សំបើម​នោះ​ ត្រូវ​បាន​អង្គ​ការ​បដិវត្តន៍​ ព្យា​ករណ៍​ និង រំពឹ​ង​ទុក​ថា​ នឹង អាច​ផ្តល់​ផល​ស្រូវ​ 60% លើស​ផែន​ការ​ ​។ ការ​ងារ​ភាគ​ច្រើន​ នៅ​ក្នុង​ ភូមិ​ភាគ​ពាយ័ព្យ​ នឹង ត្រូវ​ធ្វើ​ឲ្យ​​សំរេច​បាន​ ដោយ​ប្រជា​ជន​ថ្មី​ ជាង​មួយ​លាន​នាក់​ ដែល​ត្រូវ​គេ​ជម្លៀស​ ដោយ​បង្ខំ​ ចេញ​ពី​​ទី​ក្រុង​ ក្នុង​ខែ​មេសា​ ឆ្នាំ 1975​។ ក្នុង​រយ​ពេល​ ជាង​ពីរ​ឆ្នាំ​ ក្រោយ​ពី​ការ​ជម្លៀស​ ប្រ​ជាជន​ទាំង​នោះ​ ទាំង​ប្រុស​ទាំង​ស្រី ​ត្រូវ​បាន​បង្ខំ​ ឲ្យ​កាប់​ឆ្កា​ព្រៃ​ ដី​ស្រែ​ លើក​ទំនប់​ ជីក​ប្រឡាយ​ និង ឲ្យ​ទៅ​រស់​នៅ​​ក្នុង​ព្រៃ​ ដែល​សំបូរ​ទៅ​ដោយ​ ជំងឺ​គ្រុន​ចាញ់​​។

************************************
សមេ្តចក្រុមព្រះ និងព្រឹត្តិការណ៍ ចុងឆ្នាំ 1978
20070731
ដោយ សំ បូរិន្ទ វិទ្យុ អាស៊ីសេរី

ប្រវត្តិ​នៃ​ព្រឹត្តិ​ការណ៍​ ប៉ុន​ប៉ង​រំដោះ​សមេ្តច​ព្រះ​នរោត្តម​ សីហនុ អតីត​​ប្រមុខ​រដ្ឋ​ នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ចេញ​ពី​ក្នុង​រាជ​វាំង​ ដែល​របប​នេះ​ បាន​បង្ខាំង​ព្រះ​អង្គ​ ឲ្យ​រស់​នៅ​ទី​នោះ​ ក្រោយ​ដែល​ ព្រះ​អង្គ​បាន​ចុះ​ចេញ​ពី​​តំណែង​ប្រមុខ​រដ្ឋ​នោះ​ នៅ​តែ​ជា​​ប្រវត្តិ​ ដែល​ក្រុម​​អ្នក​ប្រ​វត្តិ​សាស្រ្ត​ មិន​ទាន់​យល់​ស្រប​គ្នា​នៅ​ឡើយ​​។

ទោះ​បី​យ៉ាង​ណា​ក្តី​ សមេ្តច​ក្រុម​ព្រះ​ នរោត្តម រណ​រិទ្ធិ​ ព្រះ​រាជ​បុត្រ​ អតីត​ព្រះ​មហា​ក្សត្រ ព្រះ​បាទ​ សមេ្តច​ព្រះ​ នរោត្តម សីហនុ បាន​មាន​បន្ទូល​ប្រាប់​ វិទ្យុ អាស៊ីសេរី កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថា ជា​ការ​ពិត​ណាស់​ ដែល​ប្រទេស​វៀត​ណាម​ បាន​មាន​ផែន​ការ​នេះ​។​

សមេ្តច​ក្រុម​ព្រះ បាន​មាន​បន្ទូល​ទៀត​ថា​ ព្រះ​អង្គ​​ក៏​ត្រូវ​ បេសក​ជន​វៀត​ណាម​ ទៅ​អន្ទង​ព្រះ​អង្គ​​កាល​ពី​ដើម​ខែ​វិច្ឆិកា និង ខែ​ធ្នូ នៃ​ ឆ្នាំ 1978​ ដើម្បី​ឲ្យ​ព្រះ​អង្គ​ ព្រម​ទទួល​ ដឹក​នាំ​ចលនា​​រណ​សិរ្ស​សា​មគ្គី​សង្គ្រោះ​ជាតិ​​កម្ពុជា​ ដែល​ពេល​នោះ​ មិន​ទាន់​មាន​ឈ្មោះ​​នៅ​ឡើយ​ ប៉ុនែ្ត​ ព្រះ​អង្គ​​បាន​ប្រកែក​ មិន​ព្រម​ទទួល​ ព្រោះ​ទ្រង់​បារម្ភ​​ចំពោះ​សុវត្ថិ​ភាព​ នៃ​ ព្រះ​រាជ​បិតា និង ​សមា​ជិក​​ក្រុម​រាជ​វង្សា​នុវង្ស​​ដទៃ​ទៀត​​។

សមេ្តច​ក្រុម​ព្រះ​ មាន​បន្ទូល​​យ៉ាង​ដូចេ្នះ​ថា ពេល​នោះ​ គេ​មិន​បាន​​ប្រាប់​ខ្ញុំ​ អំពី​​រណ​សិរ្ស​នោះ​ទេ​ គេ​គ្រាន់​តែ​ និយាយ​ថា​ វា​មាន​ចលនា​ ដើម្បី​​ប្រ​ឆាំង​ ក្រុម​ខែ្មរ​ក្រហម​ ដឹក​នាំ​ដោយ​ ប៉ុល ពត​។ ហើយ​​គេ​មាន​បំណង​ នឹង ទៅ​រំដោះ​ព្រះ​ករុណា​ និង​ សមេ្តច​ព្រះ​រាជ​ អគ្គ​មហេ​សី និង ព្រះ​រាជ​វង្សា​នុ​វង្ស​ ដែល​នៅ​ឯ​​ភ្នំ​ពេញ​។ ដូច​ជា ខ្ញុំ​ជម្រាប​អ៊ី​ចឹង​ ទី​មួយ ខ្ញុំ​ពុំ​ដឹង​ថា ព្រះ​ករុណា​​លោក​គង់​ព្រះ​ជន្ម​ ឬ យ៉ាង​ម៉េច​ ដូចេ្នះ ​យើង​ធ្វើ​អ្វី​ ចល​នា​អី​មួយ​ទៅ​ ខ្លាច​មាន​គ្រោះ​ថ្នាក់​ ដល់​ព្រះ​រាជ​សុវត្ថិ​ភាព​ ឬ ដល់​ព្រះ​ជន្ម​ ដល់​អាយុ​របស់​ព្រះ​អង្គ​ផង​ នេះ​ជា​ចំណុច​ទី​មួយ​​ធំ​ណាស់​​។ ហើយ​ ចំណុច​ទី​ពីរ​ ចំពោះ​ខ្លួន​ខ្ញុំ​យល់​ថា​ យើង​ឲ្យ​តែ​មាន​បញ្ហា​ ដើរ​ទៅ​ពឹង​គេ ប៉ុនែ្ត​ ខ្ញុំ​យល់​ថា​ ចំណុច​ដែល​ធំ​ ជាង​គេ​ទាំង​អស់​ គឺ​ ព្រះ​រាជ​សុខ​ភាព​​របស់​ឪពុក​ម្តាយ​​របស់​ខ្ញុំ​​។​