ជោគវាសនា របស់សមេ្តច សីហនុ 1976 (ក)
វិទ្យុអាស៊ីសេរី 20070729 ដោយ ដោយ ជីវិតា

ថ្ងៃសៅរ៍ ទី20.ឧសភា 2023.ម៉ោង 8:17

សមេ្តច​ព្រះ នរោត្តម សីហនុ ដែល​មាន​តួ​នាទី ជា​ប្រ​មុខ​រដ្ឋ​ នៃ រដ្ឋា​ភិបាល​និរទេស​ ដែល​មាន​ឈ្មោះ​ថា រាជ​រដ្ឋា​ភិបាល​ រួប​រួម​ជាតិ​កម្ពុជា​ ដែល​មាន​ខែ្មរ​ក្រហម​ ជា​ភាគី​មួយ​នោះ​ បាន​ស្វាគមន៍​ជ័យ​ជំនះ​ ថៃ្ង​ទី 17 មេសា ឆ្នាំ 1975 ពី​ទី​ក្រុង​​ប៉េ​កាំង​ ជា​ទី​ដែល​ព្រះ​អង្គ​ គង់​នៅ​ជា​ភ្ញៀវ របស់​រដ្ឋា​ភិបាល​ចិន​។ ប៉ុនែ្ត​ពួក​មេ​ដឹក​នាំ ​ខែ្មរ​ក្រហម ​បាន​ពន្យារ​ពេល​ នៃ ការ​យាង​ព្រះ​អង្គ​ ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ រហូត​ដល់​ ខែ​កញ្ញា ឆ្នាំ 1975 បន្ទាប់​ពី​មាន​បទ​អន្ត​រា​គមន៍​ ពី​លោក ម៉ៅ សេទុង មេ​ដឹក​នាំ​​បក្ស​កុម្មុយ​នីស្ត​​ចិន​។ បើ​តាម​លោក​ ណា​យ៉ាន ចាន់​ដា អ្នក​និពន្ធ​សៀវ​ភៅ​ ប្រ​វត្តិ​សាស្រ្ត​ខែ្មរ​ក្រហម​ ឈ្មោះ "បង​ប្អូន​ដែល​ជា​សត្រូវ​" "សង្រ្គាម​ក្រោយ​ពេល​សង្រ្គាម​" សមេ្តច​ព្រះ​ នរោត្តម សីហនុ នៅ​មុន​ថៃ្ង​ជ័យ​ជំនះ​ របស់​ខែ្មរ​ក្រហម​ ខែ​មេសា ឆ្នាំ 1975 ខណ​គង់​នៅ​ក្នុង​ទី​ក្រុង​ ប៉េកាំង​ ព្រះ​អង្គ​ធ្លាប់​មាន​ ព្រះ​រាជ​បន្ទូល​ ប្រាប់​ទៅ​លោក​ ម៉ៅ សេទុង មេ​ដឹក​នាំ​ចិន​ថា​ ព្រះ​អង្គ​ នឹង ចូល​និវត្តន៍​ នៅ​ពេល​ខែ្មរ​ក្រហម​​ដណ្តើម​បាន​ ទី​ក្រុង​ភ្នំ​ពេញ​ ពី​ព្រោះ​ ព្រះ​អង្គ​មិន​អាច​ធ្វើ​ការ​ងារ​ ជា​មួយ​ពួក​ខែ្មរ​ក្រហម​​បាន​ទេ​។ ពេល​នោះ​ លោក​ប្រធាន​ ម៉ៅ សេទុង បាន​ជំទាស់​ទៅ​ នឹង ព្រះ​រាជ​បំណង​​របស់​ព្រះ​អង្គ​ យ៉ាង​ខ្លាំង​ក្លា​។

លោក​​ប្រ​ធាន​ ម៉ៅ បាន​​ពោល​​ទៅ​កាន់​ សមេ្តច​ព្រះ នរោត្តម សីហនុ ដូចេ្នះ​ថា ព្រះ​​អង្គ​​គួរ​​តែ​​ជួយ​ជ្រោម​ជ្រែង​​ពួក​ខែ្មរ​ក្រហម​។ ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ ព្រះ​អង្គ​ និង ពួក​គេ​ គឺ​មាន​តែ​ចំនួន​ 20​ភាគ​រយ​ប៉ុណ្ណោះ ​ចំណែក​នៅ​សល់​ ចំនួ​ន 80​ភាគ​រយ​ទៀត​នោះ​ គឺ​ជា​​ការ​យោគ​យល់​គ្នា​ ទៅ​វិញ​ទៅ​មក​។ ដូចេ្នះ​ ត្រូវ​បំភេ្លច​​អា​ចំនួន​ 20​ភាគ​រយ​នោះ​​ចោល​ទៅ​"​។​

ពេល​នោះ​សមេ្តច​ព្រះ​ នរោត្តម​ សីហនុ បាន​មាន​ព្រះ​រាជ​បន្ទូល​​តប​ទៅ​ថា​ មិន​អាច​ទៅ​រួច​ទេ​ ប៉ុនែ្ត​ព្រះ​អង្គ​ ក៏ មិន​ប្រ​កែក​​ជា​មួយ​លោក​ប្រធាន​ ម៉ៅ សេទុង ដែល​កំពុង​តែ​មាន​ជំងឺ​​នោះ​ដែរ​​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​យាង​និវត្តន៍​ ចូល​មក​ដល់​​ប្រ​ទេស​កម្ពុជា​វិញ​ ព្រះ​អង្គ​បាន​ឈេ្វង​យល់​ថា​ ការ​មិន​ចុះ​សម្រុង​គ្នា​ រវាង​ព្រះ​អង្គ និង ពួក​ខែ្មរ​ក្រហម​ មិន​មែន​មាន​ត្រឹម​តែ​ 20​ភាគ​រយ​ ដូច​លោក​ ម៉ៅ សេទុង បាន​អះ​អាង​នោះ​ទេ​ ប៉ុនែ្ត​វា​មាន​ពេញ​រហូត​ដល់​ 100​ភាគ​រយ​​តែម្តង​​។​

កម្មា​ភិបាល​ដែល​ធ្លាប់​បាន​​តស៊ូ​បដិ​វត្តន៍​ជា​មួយ​ក្រុម​ឧទ្ទាម​ ខែ្មរ​ក្រ​ហម បាន​បង្ហើប​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​ខែ្មរ​ក្រ​ហម​ បាន​អប់​រំ​កម្មា​ភិបាល​ របស់​ពួក​គេ​ កុំ​ឲ្យ​ជឿ​លើ​សមេ្តច​ព្រះ​ នរោត្តម សីហនុ​ ប៉ុនែ្ត​ទុក​ឲ្យ​មហា​ជន​ មាន​ជំនឿ​លើ​ព្រះ​អង្គ​ចុះ​។ នៅ​ក្នុង​ពេល​នោះ​ ការ​អប់​រំ​មាន​លក្ខណ​ពីរ​បែប​ គឺ​លក្ខណ​ចំហ​ និង សម្ងាត់​។ តាម​លក្ខណ​សម្ងាត់​ គេ​អប់​រំ​ថា​ បើ​យើង​មាន​ស្វាមី​ភក្តិ​ចំពោះ​សមេ្តច​ព្រះ​នរោត្តម​ សីហនុ គឺ​គ្មាន​ប្រ​យោជន៍​អ្វី​ទេ​ សម្រាប់​យើង​មក​តស៊ូ​ ធ្វើ​បដិ​វត្តន៍​នោះ​ ពួក​យើង​ត្រូវ​ការ​ព្រះ​អង្គ​ ឲ្យ​នៅ​ពី​មុខ​យើង​​ពី​ព្រោះ​ប្រ​ជា​ជន​ គោរព​ស្រឡាញ់​ព្រះ​អង្គ​ ដូចេ្នះ​ យើង​ត្រូវ​ការ​ព្រះ​អង្គ​ ដើម្បី​បាន​កម្លាំង​គាំ​ទ្រ​ ពី​ប្រ​ជា​ជន ប៉ុនែ្ត​ជា​សម្ងាត់​ សមេ្តច​ព្រះ​ នរោត្តម សីហនុ ជា​សត្រូវ​របស់​យើង​​។​ លោក​បណ្ឌិត​ សេ្តហ្វិន ម៉រីស អ្នក​ស្រាវ​ជ្រាវ​ប្រ​វត្តិ​សាស្រ្ត​ខែ្មរ​ និង ជា​អ្នក​និពន្ធ​​សៀវ​ភៅ​មួយ​ ដែល​មាន​ចំណង​ជើង​ថា​ "ហេតុ​អ្វី​បាន​វៀត​ណាម​ ឈ្លាន​ពាន​កម្ពុជា​" បាន​មាន​ប្រសាសន៍​ ប្រាប់​ អ្នក​ចូល​រួម​សិក្ខា​សាលា​ នៅ​សណ្ឋា​គារ​សាន់​វ៉េ នៅ​ក្នុង​ទី​ក្រុង​​ភ្នំ​ពេញ​ថា​ សមេ្តច​ព្រះ​នរោត្តម សី​ហនុ មាន​កំហុស​ ដែល​បាន​គាំ​ទ្រ​ខែ្មរ​ក្រហម​​នៅ​ឆ្នាំ ​1970​។

លោក​បណ្ឌិត សេ្តហ្វិន ម៉រីស មាន​ប្រសាសន៍​ដូចេ្នះ ខ្ញុំ​ជឿ​ថា មាន​មនុស្ស​ជា​ច្រើន​ទៀត​ ប្រាកដ​ជា​យល់​ឃើញ​ដូច​​ដែល​ថា​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហនុ មាន​កំហុស​មួយ​​នៅ​ឆ្នាំ ​1970​ គឺ​ពេល​ដែល​​ព្រះ​អង្គ​បាន​គាំ​ទ្រ​ខែ្មរ​ក្រហម ខ្ញុំ​គិត​ថា​សូម្បី​តែ​ព្រះ​អង្គ​ឯង​ ក៏​យល់​ស្រប​ដូច​ដែរ​ បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​​ទូល​សួរ​ព្រះ​អង្គ​ អំពី​រឿង​នោះ​ក៏​ដោយ​ ​ខ្ញុំ​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​​ធ្វើ​ដូច្នោះ​ ពី​ព្រោះ​ព្រះ​អង្គ​ ត្រូវ​បាន​ឧត្តម​​សេនីយ៍ របស់​ព្រះ​អង្គ​ ប្រ​ព្រឹត្ត​អំពើ​ក្បត់​ ទម្លាក់​ព្រះ​អង្គ​​ពី​អំណាច​ ហើយ​ព្រះ​អង្គ​មាន​ការ​ឈឺ​ចាប់​ និង មាន​ភាព​អាម៉ាស់​​ខ្លាំង​ក្រៃ​លែង​ ​ដូចេ្នះ​ ព្រះ​អង្គ​ចង់​ធ្វើ​ការ​សង​សឹក​ បែប​ណា​មួយ​បក​ទៅ​វិញ​ ប៉ុនែ្ត​បើ​សិន​ជា​ ព្រះ​អង្គ​ អាច​ដឹង​មុន​ថា​ នឹង មាន​អព្ភូត​ហេតុ​មិន​ល្អ​កើត​ឡើង​នោះ​ ខ្ញុំ​ជឿ​ជាក់​ថា​ ព្រះ​អង្គ​ប្រាកដ​ជា​​មិន​ចូល​រួម​ និង​គាំ​ទ្រ​ ពួក​ខែ្មរ​ក្រហម​នោះ​ទេ​។​

ក្រោយ​ពី​បាន​ឡើង​កាន់​កាប់​ ប្រ​ទេស​កម្ពុជា​​ទាំង​ស្រុង​​នៅ​ថៃ្ង​ទី​17 ខែ​មេសា ឆ្នាំ 1975 មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ មិន​ទាន់​ហ៊ាន​ផ្លាស់​ប្តូរ​​មុខ​តំណែង​របស់​ព្រះ​អង្គ​ ភ្លាម​ៗ​ទេ​ ដោយ​សារ​ ព្រះ​អង្គ​មាន​ការ​គាំ​ទ្រ​ ពី​មេ​ដឹក​នាំ​កំពូល​ នៃ ប្រ​ទេស​ចិន​ គឺ​លោក​ ម៉ៅ សេទុង និង​ លោក ជូ អេនឡា​យ ដែល​បាន​ធ្លាប់​ធ្វើ​ជា​មិត្ត​ របស់​ព្រះ​អង្គ​ ក្នុង​ទស​វត្សរ៍​ឆ្នាំ​ 1950 កំពុង​មាន​ជំងឺ​។​

ក្រោយ​យាង​មក​ដល់​កម្ពុជា​ នៅ​ខែ​កញ្ញា​ ឆ្នាំ 1975 ពួក​គេ​បាន​បញ្ជូន​ព្រះ​អង្គ​ សឹង​តែ​ភ្លាម​ៗ ទៅ​បរ​ទេស​ ដើម្បី​ថែ្លង​សុន្ទ​រ​កថា​ នៅ​ឯ​អង្គ​ការ​សហ​ប្រជា​ជាតិ​ នាទី​ក្រុង​ ញូវ​យ៉ក​ និង ធ្វើ​ទស្សន​កិច្ច​ ទៅ​រដ្ឋ​ចំនួន​ 15​ទៀត​ ដែល​ពួក​គេ​សន្មត់​ថា​ ជា​រដ្ឋ​ដែល​​មាន​​សមាន​ចិត្ត​ចំពោះ​ប្រ​ទេស​កម្ពុជា​ នា​ពេល​នោះ​ ​នៅ​ពេល​ដែល​ព្រះ​អង្គ​ យាង​ត្រឡប់​មក​​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ ក្នុង​ខែ​ធ្នូ ​ឆ្នាំ 1975​ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ ឈេ្វង​យល់​ថា​ កិច្ច​ស្វា​គមន៍ របស់​ខែ្មរ​ក្រហម​ ចំពោះ​ព្រះ​អង្គ​ មាន​ការ​ថយ​ចុះ​​ជាង​ពេល​មុន​ៗ​។​ ក្នុង​ខែ​មករា​ ឆ្នាំ​1976​ មេ​ដឹក​នាំ​ចិន​ គឺ​លោក​ ជូ អេន​ឡាយ ដែល​ជា​អ្នក​គាំ​ទ្រ ដ៏​សំខាន់​ម្នាក់​ របស់​សមេ្តច​ព្រះ​ នរោ​ត្តម សីហនុ បាន​ទទួល​មរណ​ភាព​​នៅ​ក្នុង​ទី​ក្រុង​ ប៉េ​កាំង ​ពេល​នោះ​ហើយ​ ដែល​ ប៉ុល​ ពត និង​ សហ​សេ​វិក​ របស់​គាត់​ ក្នុង​ជួរ​​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ មាន​អា​រម្មណ៍​ថា​ ឥឡូ​វ​នេះ​ ពួក​គេ​អាច​ដក​ព្រះ​អង្គ​ ឲ្យ​នៅ​ក្រៅ​សង្វៀន​បាន​ហើយ មុន​ដល់​វេន​ព្រះ​អង្គ​ ពួក​អ្នក​គាំ​ទ្រ​ ព្រះ​អង្គ​ ឬ​ហៅ​ថា​ ពួក​សីហនុ​និយម​ជា​ច្រើន​នាក់​ ត្រូវ​មេ​ដឹក​នាំ​​ខែ្មរ​ក្រហម​ បាន​ដក​ហូត​ និង​ កមេ្ទច​ចោល​​ជា​បន្ត​បន្ទាប់​។

លោក គួច ធាវី សាស្រ្តា​ចារ្យ​ផែ្នក​ វិទ្យា​សាស្រ្ត​នយោ​បាយ​ បាន​បនែ្ថម​ថា សមេ្តច​ឪ​របស់​គេ​ អត់​បាន​ឡើង​ បែរ​ជា​ ប៉ុល ពត ឡើង​ អ៊ីី​ចឹង​គេ​ នឹង ប្រតិ​កម្ម​ អ៊ីចឹង​ ក្រុម​ហ្នឹង​​ជា​មុ​​ខ​សញ្ញា​ដែល​ ប៉ុល​ ពត​ ត្រូវ​កមេ្ទច​ចោល​។​

លោក​បណ្ឌិត​ សេ្តហ្វិន ម៉រីស បាន​បនែ្ថម​ថា ខ្ញុំ​ជឿ​ថា​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហនុ បាន​ដឹង​អំពី​រឿង​ទាំង​នោះ​ ក្រោយ​ពេល​ព្រះ​អង្គ​​យាង​និវត្តន៍​ចូល​មក​​កម្ពុជា​ នៅ​ខែ​កញ្ញា​ ឆ្នាំ 1975​​ អ្នក​ហែ​ហម​ព្រះ​អង្គ​ ក៏​បាន​ចូល​ទៅ​ជា​មួយ​ដែរ​ ហើយ​ពួក​គេ​ឃើញ​ហេតុ​ការណ៍​​ទាំង​អស់​នោះ អ្នក​គាំ​ទ្រ​ព្រះ​អង្គ​ ឬ អ្នក​សីហនុ​និយម​ ជា​ច្រើន​នាក់​ ដែល​គាំ​ទ្រ​រាជ​រដ្ឋា​ភិបាល​ រួប​រួម​ជាតិ​កម្ពុជា​ ក្នុង​អំឡុង​ពេល​ឆ្នាំ 1970 ដល់​ឆ្នាំ 1975 ត្រូវ​បាន​ ប៉ុល ពត សម្លាប់​ចោល​ ហើយ​ព្រះ​អង្គ​ ក៏​បាន​ដឹង​អំពី​រឿង​នោះ ប៉ុនែ្ត​ពី​ចុង​ឆ្នាំ 1975 ឡើង​ទៅ​ ព្រះ​អង្គ​​ជា​អ្នក​ទោស​ របស់​ខែ្មរ​ក្រហម​ ដូចេ្នះ​ហើយ​ ព្រះ​អង្គ​មិន​អាច​ធ្វើ​អ្វី​​បាន​ច្រើន​ទេ​ សម្រាប់​មាតុ​ភូមិ​​របស់​ព្រះ​អង្គ​។​

ក្នុង​ចំណោម​មន្រ្តី​ជាន់​ខ្ពស់​ ដែល​ជា​អ្នក​គាំ​ទ្រ​ សមេ្តច​ព្រះ​ នរោត្តម សីហនុ ហើយ​គេ​ជឿ​ថា​ ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​របប​​ខែ្មរ​ក្រហម​ដែរ​នោះ​ មាន​លោក​ សារិន ឆា​។ លោក​ស្រី​ ឡូ​រ៉ង់ ពិច​ ជន​ជាតិ​បារាំង​ ដែល​ស្រឡាញ់​ បដិ​វត្តន៍​កុម្មុយ​នីស្ត​ បាន​រៀប​ការ​ជា​មួយ​អតីត​និស្សិត​ ស្រុក​បារាំង​ ឈ្មោះ​ សួង ស៊ី​គឿន​ ដែល​ជា​មន្រ្តី​​ខែ្មរ​ក្រហម​ជំនិត​ម្នាក់​ របស់​ អៀង សារី រដ្ឋ​មន្រ្តី​ ក្រសួង​ការ​បរ​ទេស​ នៃ របប​កម្ពុជា​​ប្រ​ជា​ធិប​តេយ្យ លោក​ស្រី ឡូរ៉ង់​ ពិច បាន​តាម​ស្វាមី​ របស់​លោក​ស្រី ​គឺលោក​ សួង ស៊ី​គឿន​ មក​រស់​នៅ​ និង ធ្វើ​ការ​ជា​មួយ​គ្នា​នៅក្នុង​​ក្រសួង​ការ​បរ​ទេស​ ក្រោម​របប​កម្ពុជា​​ប្រ​ជា​ធិប​តេយ្យ​ខែ្មរ​ក្រហម​។​

នៅ​ក្នុង​សៀវ​ភៅ​មួយ​ ដែល​លោក​ស្រី ឡូរ៉ង់​ ពិច និពន្ធ មាន​ចំណង​ជើង​ថា​ "ឆ្ងាយ​ហួស​ពី​ជើង​មេឃ"​ លោក​ស្រី បាន​រៀប​រាប់​ អំពី​វាសនា​របស់​លោក​​ សារិន​ឆាក​ និង គ្រួសារ​ ដូចេ្នះ​ថា​ ខ្ញុំ​បាន​ឃើញ​ប្រពន្ធ​ របស់​លោក​ សារិន ឆាក កាន់ បាឡូ ឡើង​លើ​រថ​យន្ត​ហ្ស៊ីប​ ដែល​បពោ្ឆះ​​ហើយ​ បើក​ចេញ​ភ្លាម​ទៅ​ ពេល​ល្ងាច​ ខ្ញុំ​បាន​សាក​សួរ​​ស៊ី​គឿន គាត់​បាន​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា សារិន ឆាក និង​ ដួង​ សំអុល​ ចាស់​ជរា​ហើយ​ ។ ពួក​គាត់​នេះ​ តាម​គេ​ក៏​មិន​ទាន់​ ហើយ​ក៏​មិន​អាច​ យល់​ការ​បាន​ដែរ ​ល្អ​បំផុត​ គួរ​តែ​ដក​គាត់​ចេញ​ ដើម្បី​កុំ​ឲ្យ​គាត់​ ក្លាយ​ទៅ​ជាជ​ន​ក្បត់​។ នៅ​ដើម​ខែ​មីនា​ ឆ្នាំ 1976​ សមេ្តច​ព្រះ​ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ដាក់​លិខិត​ លា​លែង​ឈប់​ពី ​តំណែង​ប្រមុខ​រដ្ឋ​ ហើយ​សង្ឃឹម​ថា​ ការ​លា​លែង​នោះ​ នឹង ត្រូវ​ចិត្ត​មេ​ដឹក​នាំ​​របស់​បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​។

14, ជោគវាសនា របស់សមេ្តច សីហនុ ក្នុងឆ្នាំ 1976 (ខ)
20070730
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី

នៅដើមខែមីនា ឆ្នាំ1976 សមេ្តចព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ដាក់​លិខិត​​លា​លែង​ឈប់​ពី​ តំណែង​ប្រ​មុខ​រដ្ឋ​ នៃ របប​​កម្ពុជា​ប្រជា​ធិប​តេយ្យ​​ខែ្មរ​ក្រហម​ ហើយ​ សង្ឃឹម​ថា​ ការ​លា​លែង​នោះ ​នឹង ត្រូវ​ចិត្ត​​មេ​ដឹក​នាំ​របស់​​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​។

ភ្លាម​ៗ​ក្រោយ​ពេល​ព្រះ​អង្គ​ ដាក់​ពាក្យ​លា​ឈប់​ មេ​ដឹក​នាំ​បក្ស​កម្មុយ​នីស្ត​​កម្ពុជា បាន​ជួប​ប្រ​ជុំ​គ្នា​ ដើម្បី​សម្រេច​ អំពី​អនា​គត​​របស់​ព្រះ​អង្គ​។​ ការ​សម្រេច​ព្រះ​ទ័យ​ ដោយ​ឯក​ឯង​​របស់​ព្រះ​អង្គ​ បាន​បង្ក​កំហឹង​ដល់​ ប៉ុល ពត ដែល​មាន​អា​រម្មណ៍​ថា​ ព្រះ​អង្គ​កំពុង​តែ​ព្យា​យាម​ពាំង​មុខ​គាត់​។​ ​នៅចំណុច​នេះ​ ប៉ុល ពត មើល​ឃើញ​ហេតុ​ផល​ ពីរ​យ៉ាង​ ក្នុង​ការ​ដក​សមេ្តច​ព្រះ​​នរោត្តម​ សីហនុ​ ចេញ​ពី​មុខ​តំណែង​ ប្រមុខ​រដ្ឋ​ ដែល​មុខ​តំណែង​នេះ​ មើល​ទៅ​​ដូច​ជា​ធំ​ដុំ​ និង លេច​ធ្លោ ប៉ុនែ្ត ​គ្រាន់​តែ​ជា​តំណែង​ សម្រាប់​ពិធី​ការ​​តែ​ប៉ុណ្ណោះ​។ ប៉ុល ពត បាន​លើក​ហេតុ​ផល​ ក្នុង​ការ​សម្រេច​ ដក​ព្រះ​អង្គ​ចេញ​​ថា​ ទី​មួយ "ភាព​ផ្ទុយ​គ្នា រវាង​វណ្ណៈ​ របស់​ព្រះ​អង្គ ជា​មួយ​នឹង បដិ​វត្តន៍"​ រី​ឯ​​ហេតុ​ផល​​មួយ​ទៀត​ គឺ​ព្រះ​អង្គ​ ជា​អ្នក​តំណាង​ឲ្យ​វណ្ណៈ​សក្តិ​ភូមិ​ ពី​អតីត​កាល​ នៃ កម្ពុជា​។ ហើយ​ឋានៈ​ និង ​វណ្ណ​សក្តិ​ភូមិ​នោះ​ឯង​ នឹង នាំ​មក​នូវ​ ភាព​អាម៉ាស់​ដល់​​របប​កុម្មុយ​នីស្ត​និយម​។

បើ​តាម​ការ​ស្រាវ​ជ្រាវ​ របស់​លោក​ ដេវីត ឆេនល័រ ក្នុង​ការ​សម្រេច​ ដក​ព្រះ​អង្គ​ចេញ​ពី​​តំណែង​ប្រមុខ​រដ្ឋ​នោះ​ ប៉ុល ពត បាន​ប្រាប់​ទៅ​សហ​សេ​វិក របស់​គាត់​ថា​ ប្រ​សិន​បើ​ឲ្យ​ សមេ្តច​ព្រះ​ នរោត្តម​ សីហនុ ចាក​ចេញ​ពី​ប្រ​ទេស​ វា​អាច​ នឹង ធ្វើ​ឲ្យ​ប្រ​ទេស​ចិន​ មាន​ការ​យល់​ច្រឡំ​ និង មិន​សប្បាយ​ចិត្ត​ ពី​ព្រោះ​​មេដឹក​នាំ​ចិន​ ដូច​ជា ម៉ៅ សេទុង និង ជូ អេន​ឡាយ មាន​ទំនាក់​ទំនង​ល្អ​ ជា​មួយ​ព្រះ​អង្គ ក្នុង​ពេល​នោះ​ ប៉ុល ពត បាន​ប្រាប់​ទៅ​ ខៀវ សំផន ឲ្យ​ទូល​ថ្វាយ​ព្រះ​អង្គ​ថា​ ឲ្យ​ដក​ពាក្យ​លា​ឈប់​​របស់​​ព្រះ​អង្គ​វិញ​ ហើយ​រង់​ចាំ​រហូត​ដល់​​ក្រោយ​​ពេល​បោះ​ឆ្នោត​ជាតិ​រួច​ ទើប​មេ​ដឹក​នាំ​ របប​ថ្មី​ ស្នើ​ឲ្យ​ព្រះ​អង្គ​លា​ឈប់​។

រយ​ពេល​ពីរ​ថៃ្ង​ក្រោយ​មក​ ខៀវ សំផន បាន​រាយ​ការណ៍​ ទៅ​ថ្នាក់​លើ​ថា​ សមេ្តច​ព្រះ​ នរោត្តម សីហនុ បាន "លន់​តួ​អង្វរ"​ សុំ​សេច​ក្តី​អនុញ្ញាត​​ឲ្យ​ព្រះ​អង្គ​ បាន​លា​លែង​ចេញ​ពី​តំណែង​ ប្រមុខ​រដ្ឋ​ទៅចុះ​ ។ ក្នុង​គ្រា​នោះ​ ព្រះ​អង្គ​ពិត​ជា​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង​ ប៉ុនែ្ត​ គណ​កម្មា​ធិការ​អចិន្រៃ្តយ៍ ​របស់​​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ បាន​រង់​ចាំ​រហូត​ដល់​​ក្រោយ​ការបោះ​ឆ្នោត​ជាតិ​ ទើប​បក្ស​ស្នើ​ឲ្យ​ព្រះ​អង្គ​ ដាក់​លិខិត​លា​លែង​​របស់​ព្រះ​អង្គ​ម្តង​ទៀត​។ ការ​លា​លែង​របស់​ព្រះ​អង្គ​ ត្រូវ​បាន​ទទួ​ល​យល់​ព្រម​ នៅ​ថៃ្ងទី 2 ខែ មេសា ឆ្នាំ 1976​។

ក្រោយ​ពី​ព្រះ​អង្គ​លា​លែង​ ខៀវ សំផន បាន​ត្រូវ​ឡើង​ជំនួស​ ក្នុង​តំណែង​ជា​​ប្រធាន​ គណ​ប្រធាន​រដ្ឋ​។​ លោក ខៀវ សំផន មាន​ប្រសាសន៍​ថា គឺ​ខ្ញុំ​ការ​ពិត​ទៅ​ត្រូវ​ចាត់​តាំង​ជា​ ប្រធាន​គណ​ប្រធាន​រដ្ឋ​ នៅខែ​ មេសា 1976 អ៊ី​ចឹង​មែន​ហើយ តែ​ខ្ញុំ មាន​តែ​ឈ្មោះ​ទេ​។

ក្រោយ​ពី​សមេ្តច​ព្រះ​ នរោត្តម សីហនុ អស់​តមៃ្ល​ ក្នុង​ការ​ប្រើ​ប្រាស់​ហើយ​ ពួក​ខែ្មរ​ក្រហម​ បាន​ចាប់​ផ្តើម​ឃុំ​ឃាំង​ ព្រះ​កាយ​ព្រះ​អង្គ ការ​ឃុំ​ឃាំង​ព្រះ​អង្គ​ មិន​ឲ្យ​មាន​អំណាច​ និង​ សេរី​ភាព​ អ្វី​ទាំង​អស់​នោះ​ គឺ​ជា​មោទ​នភាព​ របស់​មេ​ដឹក​នាំ​​ខែ្មរ​ក្រហម ​ពួក​គេ​គិត​ថា​ គេ​បាន​បំបាត់​​វណ្ណ​សក្តិ​ភូមិ និង រាជា​និយម​ ដែល​ពួក​គេ​យល់​ថា​ ជា​វណ្ណ​ជិះ​ជាន់​សង្គម​ និង​ រាស្រ្ត​ប្រជា​។

ដូច​ជា​សម្តី​ របស់ អៀង សារី អតីត​ឧប​នា​យក​រដ្ឋ​មន្រ្តី​ និង ជា​រដ្ឋ​មន្រ្តី​ក្រសួង​​ការ​បរ​ទេស នៃ របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ ថែ្លង​យ៉ាង​មោ​ទន​ភាព​ ទៅ​កាន់​អង្គ​ការ​ សហ​ប្រជា​ជាតិ​ នា​ទី​ក្រុង​ញូវ​យ៉ក​ នៅ​ខែ​តុលា ឆ្នាំ​1978 ដូចេ្នះ​ថា សង្គម​កម្ពុជា​ថ្មី​ ស្មើ​ភាព​ គ្មាន​អ្នក​មាន​ គ្មាន​អ្នក​ក្រ​ គ្មាន​វណ្ណ​សក្តិ​ភូមិ​ ដែល​ជា​ សង្គម​ជិះ​ជាន់​​ប្រជា​ជន​ក្រី​ក្រ​ មាន​តែ​សិទ្ធិ​បម្រើ​គេ​ ធ្វើ​ខ្ញុំ​គេ​។​ សមេ្តច​ព្រះ​ នរោត្តម សីហនុ ត្រូវ​បាន​មេ​ដឹក​នាំ​ ខែ្មរ​ក្រហម​ ឃុំ​ឃាំង​ព្រះ​កាយ​ ឲ្យ​រស់​នៅ​​ក្នុង​ព្រះ​បរម​រាជ​វាំង​ អស់​រយ​ពេល 33​ខែ​។ នៅ​ជាប់​ជា​មួយ​ ព្រះ​អង្គ​នោះ​ដែរ​ មាន​ព្រះ​មហេសី​ អ្នក​ម្នាង​ម៉ូនិក និង បុត្រា​ពីរ​ព្រះ​អង្គ​ ដែល មួយ​ព្រះ​អង្គ​ គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម សីហមុនី បច្ចុប្បន្ន​ព្រះ​អង្គ​ជា​ ព្រះ​មហា​ក្សត្រ នៃ ព្រះ​រាជា​ណាចក្រ​​កម្ពុជា​។

ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ព្រះ​កាយ​ ជា​មួយ​គ្នា​ដែរ​ មាន​ព្រះ​មាតា​កេ្មក​ និង​ បង​ប្អូន​​ជីដូន​មួយ​របស់​ព្រះ​អង្គ ប៉ុនែ្ត​ ទោះ​ជា​យ៉ាង​ណា​​ក៏​​ដោយ​ នៅ​ពេល​ក្រោយ​មក​ ព្រះ​អង្គ​បាន​មាន​ ព្រះ​រាជ​បន្ទូល​អះ​អាង​ ប្រាប់​អ្នក​កាសែត​ បរ​ទេស​ថា​ បុត្រា​បុត្រី​ និង​ ចៅ​ៗ​ របស់​​ព្រះ​អង្គ​​ជា​ច្រើន​អង្គ​ទៀត​​ត្រូវ​បាន​ខែ្មរ​ក្រហម​ធ្វើ​គត់​។​ សមេ្តច​ព្រះ នរោត្តម សីហនុ មាន​បន្ទូល​ ដូចេ្នះ​ថា កូន​របស់​ខ្ញុំ ​5​នាក់ និង ចៅ​ៗ​ចំនួន​ 14​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ ឲ្យ​ទៅ​រស់​នៅ​​តាម​សហ​ករណ៍​។ តាម​ការ​ពិត​ គឺ​ជា​ជំរំ​ប្រមូល​ផ្តុំ​​ទៅ​វិញ​ទេ​ ហើយ​ ពួក​គេ​ទាំង​អស់​គ្នា​ ត្រូវ​បាន​​គេ​សម្លាប់​ចោល​។​

បើ​ទោះ​ជា​សមេ្តច​ព្រះ​ នរោត្តម សីហនុ មិន​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​យាង​ចេញ​ពី​​ព្រះ​បរម​រាជ​វាំង​ រឺ ក៏​ទទួល​ភ្ញៀវ​ក៏​ដោយ​ មួយ​ដង​ម្កាល​ ខៀវ សំផន បាន​យាង​ព្រះ​អង្គ​ ចេញ​ទៅ​ទត​ មើល​តាម​ជន​បទ​។​ សមេ្តច នរោត្តម សីហនុ បន្ត​ដូចេ្នះ​ថា យូរ​ៗ​ម្តង​ ខៀវ សំផន អម​ដំណើរ​ខ្ញុំ​ ទៅ​មើល​ប្រ​ជា​រាស្រ្ត សាង​សង់​ប្រព័ន្ធ​ធារា​សាស្រ្ត​ នៅ​តាម​ជន​បទ​​ ប៉ុនែ្ត​ ខ្ញុំ​មាន​ការ​ខក​ចិត្ត​ និង អស់​សង្ឃឹម​​ខ្លាំង​ណាស់​ នៅ​ពេល​ខ្ញុំ​ឃើញ​សភាព​ការណ៍​ជាក់​សែ្តង​ រយ​ពេល​ក្រោយ​សម័យ​ ខែ្មរ​ក្រហម​ ជន​ភៀស​ខ្លួន​ បាន​ប្រាប់​ខ្ញុំ​ថា​ អ្នក​ដែល​បាន​យំ​ នៅ​ពេល​បាន​ជួប​ខ្ញុំ​ និង ស្រែក​ជូន​ពរ​ខ្ញុំ​ថា សូម​ឲ្យ​ព្រះ​ករុណា ជា​អម្ចាស់​សមេ្តច​ឪ មាន​ព្រះ​ជន្មាយុ​យឺន​យូរ​ នោះ​ ត្រូវ​ខែ្មរ​ក្រហម​ យក​ទៅ​សម្លាប់​ចោល​ អស់​ហើយ​។ ឃើញ​ទេ​ គ្រាន់​តែ​គាំ​ទ្រ រឺ និយម​សីហនុ ត្រូវ​មាន​ទោស​ប្រហារ​ជីវិត​ ដោយ​ពួក​ខែ្មរ​ក្រហ​ម​ដែរ​។

នៅ​ក្នុង​គ្រា​នោះ ព្រះ​អង្គ​មិន​បាន​ដឹង​ថា​ មាន​អ្វី​កំពុង​កើត​ឡើង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ក្រៅ​ពី​តាម​ដាន​ព្រឹត្តិ​ការណ៍​ពិភព​លោក​ តាម​វិទ្យុ​​រលក​ធាតុ​អាកាស​ខ្លី​ ។​ ចំណែក ព្រះ​សុខ​ភាព​របស់​ព្រះ​អង្គ​ មិន​ដែល​មាន​ គ្រោះ​ថ្នាក់​អ្វី​ទេ​។ ព្រះ​អង្គ និង សហ​ជីវិន​ សហ​ជីវិនី​ របស់​ព្រះ​អង្គ​ផេ្សង​ទៀត​ មាន​ស្បៀង​អាហារ​ និង​ ក្រយា​ស្ងោយ​បរិ​បូណ៍​។

ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​ របស់​មេ​ដឹក​នាំ​កម្ពុជា​ ប្រជា​ធិប​តេយ្យ​ខែ្មរ​ក្រហម​ សមេ្តច​ព្រះ​ នរោត្តម សីហនុ មាន​ពេល​សាក​ល្បង​ ទេព​កោ​សល្យ​របស់​ព្រះ​អង្គ​ ជា​ចុង​ភៅ​ ក្នុង​ការ​ចម្អិន​អាហារ​ ផ្ទុយ​ស្រឡះ​ពី​ ប្រជា​រាស្រ្ត​ខែ្មរ​ ស្ទើរ​តែ​ទាំង​អស់​ ដែល​ស្រក​ទម្ងន់​ និង មាន​រាង​កាយ​ស្គាំង​ស្គម​ ព្រះ​អង្គ​ មិន​ត្រឹម​តែ​​មិន​ស្រក​ទេ​ ប៉ុនែ្ត​ ថែម​ទាំង​​ឡើង​ទម្ងន់​​ទៀត​ផង​ ដែល​ព្រះ​អង្គ​ហៅ​ថា​ ជា​ការ​រស់​នៅ​ក្នុង "ទ្រុងមាស"​។

បន្ទាប់​ពី​ព្រះ​អង្គ​ ត្រូវ​បាន​ដោះ​លែង នៅ​ក្នុង​ឆ្នាំ 1979 ព្រះ​អង្គ​ថែម​ទាំង​មាន​​ព្រះ​រាជ​បន្ទូល​ ទាំង​អំនួត​ថា​ ព្រះ​អង្គ​សោយ​ព្រះ​ស្ងោយ​បាន​ល្អ​ណាស់​ នៅ​ក្រោម​របប​ កម្ពុជា​ប្រជា​ធិប​តេយ្យ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ ព្រះ​អង្គ​ពិត​ជា​មិន​យល់​ មិន​ដឹង​ ទាល់​តែ​សោះ​ថា តើ​ព្រះ​អង្គ​ជា​អ្វី​ នៅ​ក្នុង​ចិត្ត​របស់ ប៉ុល ពត​។​ ព្រះ​អង្គ​ត្រឹម​តែ​ ឈេ្វង​យល់​ថា​ ព្រះ​អង្គ​ និង ព្រះ​ញាតិ​វង្ស​ផ្ទាល់​ របស់​ព្រះ​អង្គ​ អាច​ នឹង ត្រូវ​​​គេ​​ធ្វើ​គត់​ ដូច​បុត្រ​​របស់​ព្រះ​អង្គ​ ជា​ច្រើន​អង្គ​ទៀត​ ដែល​ត្រូវ​បាន​ គេ​ធ្វើ​គត់​ បន្ទាប់​ពី​ ត្រូវ​បាន​បញ្ជូន​ចេញ​ ពី​ទី​ក្រុង​ភ្នំ​ពេញ​ទៅ​តំបន់​ផេ្សង​ៗ​ នៅ​ក្នុង​ប្រទេស។​ អំឡុង​ពេល​​ស្ថិត​នៅ​ក្នុង​​ការ​ឃុំ​ព្រះ​កាយ​នោះ​ដែរ​ ក្នុង​ចំណោម​ មេ​ដឹក​នាំ​កំពូល​ របស់​​ខែ្មរ​ក្រហម​ មាន​តែ​ ខៀវ សំផន ម្នាក់​ប៉ុណ្ណោះ ​ដែល​បាន​ ចូល​គាល់​​ព្រះ​អង្គ​។ សមេ្តច​ព្រះ​ នរោត្តម សីហនុ មាន​បន្ទូល​​ដូចេ្នះ ខ្ញុំ​ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​ឯកោ​ និង ផ្តាច់​ទំនាក់​ទំនង​​ទាំង​ស្រុង​​។ ខ្ញុំ​ឃើញ​តែ​បុរស​ម្នាក់​​ប៉ុណ្ណោះ នោះ​គឺ​ ខៀវ សំផន​។​ យូរ​ៗ​ម្តង​ គាត់​មក​ព្រះ​បរម​រាជ​វាំង​ គ្រាន់​សួរ​សុខ​ទុក្ខ​ខ្ញុំ​ តែ​ប៉ុណ្ណោះ​។ ហើយ​ខ្ញុំ​បាន​ព្យា​យាម​ស្នើ​សុំ​ការ​អនុញ្ញត​ ពី​គាត់​ និង ពី​ ប៉ុល ពត ដើម្បី​ឲ្យ​ខ្ញុំ​ យូរ​ៗ​ម្តង​ អាច​ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​នានា​ ដូច​ជា​ បុណ្យ​ឆ្លង​ខួប​កំណើត​ របស់​ខ្ញុំ​ជា​ដើម​​។ ហើយ​ក្នុង​នោះ​ ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ ឲ្យ​កូន​ចៅ​របស់​ខ្ញុំ​ មក​ជួប​ជុំ​គ្នា​ មួយ​ដង​ម្កាល​ ផង​ដែរ​។ ប៉ុនែ្ត គាត់​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា​ អត់​បាន​ទេ​ៗ​ ហើយ​បន្ត​ថា​ កូន​ចៅ​របស់​ខ្ញុំ​ កំពុង​រស់​នៅ​ឆ្ងាយ​ ពីទី​ក្រុង​ភ្នំ​ពេញ​ ហើយ​មាន​សុខ​ភាព​​មាំ​មួន​ល្អ​ណាស់​​។ សូម​មេត្តា​ ឈប់​គិត​ អំពី​ជីវ​ភាព​គ្រួសារ​​អី​ទៀត​ទៅ​​។ ពី​ព្រោះ​ថា​ ឥឡូ​វនេះ​ ក្រោម​របប​កុម្មុយ​នីស្ត ដ៏​ថ្មី​ស្រឡាង​​របស់​យើង​ យើង​ត្រូវ​តែ​គិត​គូរ​ អំពី​ប្រទេស​ជាតិ​ និង មាតុ​ភូមិ​របស់​យើង​ជា​ធំ​។ មិន​ត្រូវ​ខ្វល់​ខ្វាយ​ អំពី​ជីវ​ភាព​គ្រួសារ​ ត​ទៅ​ទៀត​ទេ​។

នៅ​ក្នុង​សៀវ​ភៅ ​ប្រវត្តិ​សាស្រ្ត​ខែ្មរ​ឈ្មោះ Brother Enemy ដែល​មាន​ន័យ​ថា​ "បង​ប្អូន ដែល​ជា​សត្រូវ​" និពន្ធ​ដោយ​លោក​ ណា​យ៉ាន ចាន់ដា បាន​ពណ៌‌​នា​ថា​ នៅ​ថៃ្ង​ទី ​2 ខែ​មករា ឆ្នាំ1979 នៅ​ពេល​ដែល​ កង​ទ័ព​វៀត​ណាម​ ​កាន់​តែ​រុល​ចូល​ជ្រៅ​មក​លើ​ទឹក​ដី​កម្ពុជា​ មាន​កម្មា​ភិបាល​​ខែ្មរ​ក្រហម​ម្នាក់​ បាន​ចូល​មក​​ទូល​ថ្វាយ​ សមេ្តច​ព្រះ​ នរោត្តម សីហនុ ឲ្យ​រៀប​ចំ​ព្រះ​កាយ​​ដើម្បី​ចេញ​ដំណើរ​ ហើយ​ ព្រះ​អង្គ​ មាន​ពេល​តែ​ 15​នាទី​​ប៉ុណ្ណោះ​។​

នៅ​ខណ​នោះ​ហើយ​ ដែល​ព្រះ​អង្គ​​ឈេ្វង​យល់​ថា​ ខែ្មរ​ក្រហម​ អាច​ នឹង យក​ព្រះ​អង្គ​ និង សមាជិក រាជ​វង្សា​នុវង្ស​ទៅ​ធ្វើ​គត់​។ បន្តិច​ក្រោយ​មក​ ខៀវ សំផន​ បាន​ចូល​មក​ ទូល​ថ្វាយ​ថា​ ព្រះ​អង្គ​ត្រូវ​តែ​ ភៀស​ព្រះ​កាយ​​ទៅ​ទី​សុវត្ថិ​ភាព​មួយ​រយ​សិន​ ពី​ព្រោះ​​កង​ទ័ព​វៀត​ណាម​ កំពុង​តែ​វាយ​លុក​​ចូល​មក​ជិត​ហើយ​។ ​នៅ​ព្រលប់​ថៃ្ង​នោះ​ ព្រះ​អង្គ និង សមាជិក​រាជ​វង្សា​នុវង្ស​ ត្រូវ​បាន​ដឹក​តាម​​ក្បួន​រថ​យន្ត​មួយ​​ទៅ​គង់​នៅ​ស្រុក​ ស៊ីសុផុន ខែត្រ​បន្ទាយ​មាន​ជ័យ​ ជិត​ព្រំដែន​ថៃ​។