កម្ពុជាប្រជាធិបតេយ្យ លេចចេញជារូបរាង (គ)
វិទ្យុអាស៊ីសេរី 20070724 ដោយ ដោយ ជីវិតា

ថ្ងៃសៅរ៍ ទី13.ឧសភា 2023.ម៉ោង 8:04

ក្នុង​ការ​រៀប​ចំ​រដ្ឋា​ភិបាល​ថ្មី​​ឡើង​វិញ​ ក្រោយ​ពី​បាន​ផ្តួល​រំលំ​ របប​សាធា​រណ​រដ្ឋ នៅ​ខែ​មេ​សា ឆ្នាំ 1975 ថ្នាក់​ដឹក​នាំ​ ខែ្មរ​ក្រ​ហម​ បាន​តាក់​តែង​ រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​មួយ ពួក​គេ​ បាន​ជួប​ប្រ​ជុំ​គ្នា​ អស់​រយ​ពេ​ល​ប្រាំ​​ថៃ្ង នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 1975 ដើម្បី​ព្រាង​ ច្បាប់​កំពូល​នេះ​ ដែល​ជា​រដ្ឋ​ធម្ម​នុញ្ញ​ លើក​ទីបី​ នៃ ប្រ​ទេស​កម្ពុជា ​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​នេះ​ មាន​ 16 ជំពូក​ និង​ 21 មាត្រា​ ត្រូវ​បាន​ចូល​ជា​ធរ​មាន​ នៅ​ថៃ្ង​ទី ​5 ​ខែ​មករា​ ឆ្នាំ 1976​។

បំណង​ធំ​ នៃ ការ​តាក់​តែង​រដ្ឋ​ធម្ម​នុញ្ញ របស់​ថ្នាក់​ដឹក​នាំ​ ខែ្មរ​ក្រហម​ គឺ​ដើម្បី​ផ្តល់​ឲ្យ​ រដ្ឋា​ភិបាល​ថី្ម​ ដែល​ដឹក​នាំ​ ដោយ ​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ នូវ​ ភាព​ស្រប​ច្បាប់​ របប​ថ្មី​នេះ​ បាន​ហៅ​ខ្លួន​ឯង​​ថា​ កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​។

ជំពូក​ទីប្រាំ​ នៃ រដ្ឋ​ធម្ម​នុញ្ញ ចែង​អំពី​អង្គ​នីតិ​បញ្ញត្តិ​ ឬ រដ្ឋ​សភា​ ជា​ស្ថា​ប័ន​​តាក់​តែង​ច្បាប់​ ដែល​តម្រូវ​​ឲ្យ​មាន​​អ្នក​តំណាង​រាស្រ្ត​ ចំនួន 250​រូប​ ក្នុង​នោះ បាន​បែង​ចែក​ថា​ 150​រូប​ តំណាង​ឲ្យ​កសិ​ករ​ 50​រូប​ តំណាង​ឲ្យ​កម្មករ​ និង 50​ រូប​ទៀត តំណាង​ឲ្យ​កង​ទ័ព​បដិ​វត្តន៍​ ហើយ​ត្រូវ​បោះ​ឆ្នោត​​រៀង​រាល់​ ៥​ឆ្នាំ​ម្តង ​ក៏​ប៉ុនែ្ត​ ចាប់​តាំង​ពី​​ពាក់​កណ្តាល​ឆ្នាំ​ 1976 រហូត​ដល់​ការ​ដួល​រលំ​ នៅ​ខែ​មករា​ ឆ្នាំ​ 1979​ រដ្ឋ​សភា​ថ្មី​នេះ​ បាន​បើក​សម័យ​ប្រ​ជុំ​ បាន​តែ​មួយ​ដង​​​ប៉ុណ្ណោះ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នួន ជា ដែល​ជា​​ប្រ​ធាន​រដ្ឋ​សភា​ នៅ​គ្រា​នោះ​ បាន​និយាយ​​ការ​ពារ​ អ្នក​តំណាង​រាស្រ្ត​ នៅ​ក្នុង​របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ ដូចេ្នះ​ថា ​សភា​​សម័យ​ហ្នឹង​ សភា​ ទៅ​ប្រ​ជុំ​នៅ​វាល​ស្រែ​ឯណោះ​ ចុះ​ទៅ​ធ្វើ​ការ​​ជា​មួយ​សហ​ករណ៍​​ឯ​ណោះ មិន​មែន​ប្រជុំ​​នៅ​ក្នុង​រដ្ឋ​សភា​អី​ គ្រាន់​តែ​ប្រកែក​គ្នា​ អភិ​ប្រាយ​​ទៅ​វិញ​ទៅ​មក​​អី​ប៉ុណ្ណឹង​ទេ​ ហើយ​សរ​សេរ​ ជា​ច្បាប់​អី​ ប៉ុណ្ណឹង​ទេ​ អត់​ទេ​ គឺ​ថា​ ទៅ​យក​សភាព​ការណ៍​ ពី​សហ​ករណ៍​មក​ ទៅ​យក​សភាព​ការណ៍​ ពី​ជីវ​ភាព​ប្រ​ជា​ជន​​នោះ​មក​​។ នេះ​ហើយ​គឺ​ថា​ ក្នុង​រយ​បី​ឆ្នាំ​​ហ្នឹង​ ខំ​ធ្វើ​ប៉ុណ្ណឹង​​​ ប៉ុនែ្ត​ទាំង​អស់​គ្នា​ វា​មិន​មែន​ស្រុះ​គ្នា​ ទាំង​អស់​គ្នា​ទេ ​ប៉ុនែ្ត​ ខ្លះ​ក៏​គ្នា​​​ថ្មី​ថ្មោង​ ហើយ​ក្រៅ​ពី​នេះ​ ខ្លះ​ក៏​ ដូច​ជម្រាប​​អ៊ី​ចឹង​ហើយ​ វា​មាន​អំណាច​ខ្លះ​​ អី​ខ្លះ...។

ជំពូក​ទីប្រាំ​មួយ​ ចែង​អំពី​អង្គ​នីតិ​ប្រតិ​បត្តិ​ ឬ​រដ្ឋា​ភិបាល​ ដែល​កើត​ចេញ​មក​ពី​ ការ​ប្រសូត្រ​ឡើង​ នៃ រដ្ឋ​សភា ​ជំពូក​នេះ​ បាន​កំណត់​ថា​ រដ្ឋា​ភិបាល​ ត្រូវ​ទទួល​ខុស​ត្រូវ​ ចំពោះ​​មុខ​រដ្ឋ​សភា​ មាន​ភារ​​កិច្ច​អនុ​វត្ត​ច្បាប់​ និង បន្ទាត់​ន​យោ​បាយ​ ដែល​បាន​អនុ​ម័ត​ដោយ​រដ្ឋ​សភា ​ប៉ុនែ្ត នៅ​ក្នុង​​ស្ថាន​ភាព​ជាក់់​សែ្តង​ ការ​យក​ច្បាប់​ជា​ធំ​ គេ​ពុំ​ឃើញ​មាន​ទេ មេ​ខែ្មរ​ក្រហម​ បាន​អនុ​វត្ត​របៀប​ ដែល​គេ​បាន​ធ្វើ​​កន្លង​មក​ ជា​យូរ​ឆ្នាំ​​នៅ​ក្នុង​រង្វង់​​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ ដោយ​សមា​ជិក​ សមា​ជិកា​ លាក់​មុខ​មាត់​ ក្នុង​មជ្ឈិម​បក្ស​។​

ដូច នួន ជា ដែល​ជា​ប្រធាន​រដ្ឋ​សភា​នា​​គ្រា​នោះ​ និង ជា​អនុ​លេខា​ធិការ​​បក្ស​​កុម្មុយ​នីស្ត​កម្ពុជា​​ផង​ដែរ​នោះ​ ពុំ​បាន​ផ្តល់​​សារ​សំខាន់​ ចំពោះ​ច្បាប់​ទេ ​ខ្ញុំ​មិន​សូវ​​និយាយ​ពី​​រឿង​ច្បាប់​ទេ​​ ច្បាប់​គ្រាន់​តែ​ជា​ ជំនួយ​ទេ​ ហើ​យ​ជឿ​ជាក់​ថា​ មិន​អាច​ពឹង​ផែ្អក​​លើ​ច្បាប់​​តែ​ម្យ៉ាង​ទេ​ ដើម្បី​ នឹង ដោះ​ស្រាយ​ ដូច្នោះ​​ក្នុង​ទស្សន​ខ្ញុំ​ ខ្ញុំ​ផែ្អក​លើ​​សីល​ធម៌‌​ខ្លាំង​ណាស់​​។

ជំពូក​ទី​ប្រាំ​ពីរ​ ចែង​អំពី​តុលា​ការ​ប្រ​ជាជន ។ បើ​ទោះ​ជា​ ពុំ​បាន​ចែង​ច្បាស់​ អំពី​ចំនួន​ ជាន់​ថ្នាក់​ នៃ តុលា​ការ​នា​ពេល​នោះ​ក៏​ដោយ​ ជំពូក​នេះ​បាន​កំណត់​ថា​ ចៅ​ក្រម​​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​បាន​ជ្រើស​រើស​ និង តែង​តាំង​​ដោយ​រដ្ឋ​សភា​ នៃ ប្រ​ជា​ជន​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តាម​រយៈ​បទ​ពិសោធន៍​ អ្នក​ដែល​បាន​​រស់​រាន​មាន​ជីវិត​ ពី​របប​ខែ្មរ​ក្រហម​ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ មិន​ដែល​ជួប​ប្រទះ​ ឬ ដឹង​ថា​ មាន​ស្ថាន​ប័ន​តុលា​ការ​ទេ ​ពួក​គេ​ ត្រឹម​តែ​ដឹង​ថា​ នៅ​ពេល​មាន​ បុគ្គល​ណា​ម្នាក់​ ជាប់​សង្ស័យ​ថា​ មាន​កំហុស​អ្វី​មួយ​ អាជ្ញា​ធរ​ខែ្មរ​ក្រហម​ បាន​ចាប់​យក​ទៅ​ដាក់​គុក​ ឬ​ ប្រ​ហារ​ជីវិត​​តែ​ម្តង​។​

សម​មិត្ត ឌុច ឈ្មោះ​ដើម កាំង​ ហ្កិច​​អ៊ៀវ​ ជា​អតីត​ប្រធាន​ មន្ទីរ​ស-21​ ឬ​ គុក​ទួល​សែ្លង​ បាន​ប្រាប់​លោក​ ណេត ថេ​យ័រ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌‌​មាន​ ឲ្យ​ទស្ស​នា​វដ្តី​សេដ្ឋ​កិច្ច​ចុង​បូព៌‌ា​​ថា​ សូម្បី​តែ​ ប្រ​ធាន​តុលា​ការ​ជាន់​ខ្ពស់​ ឈ្មោះ កង ចាប ក៏​ត្រូវ​បាន​​ប្រ​ហារ​ជីវិត​ នៅ​គុក​​ទួល​សែ្លង​ ដោយ​មិន​បាន​ វិនិច្ឆ័យ​ទោស​​ផង​ដែរ​។

ឌុច បាន​ឲ្យ​ដឹង​ថា កង ចាប ប្រ​ធាន​តុលា​ការ​ជាន់​ខ្ពស់​ ក៏​ត្រូវ​ចាប់​មក​ ស-21 ដែរ​ គ្មាន​តុលា​ការ​ គ្មាន​រដ្ឋ​មន្រ្តី​ ក្រ​សួង​យុត្តិ​ធម៌‌​។ ជំពូក​ទី​ប្រាំ​បួន នៃ រដ្ឋ​ធម្ម​នុញ្ញ ចែង​អំពី​សិទិ្ធ​ធ្វើ​ការ​ងារ​ ដែល​ធា​នា​ថា​ កម្ម​ករ​ទាំង​អស់​ ជា​ម្ចាស់​រោង​ចក្រ​ និង កសិ​ករ​ទាំងអស់​ គឺ​ជា​ម្ចាស់​ស្រែ​។​

លោក​ ពិន យ៉ាថៃ អតីត​វិស្វករ​ ដែល​បាន​រត់​គេច​ ពី​របប​ខែ្មរ​ក្រហម​ ទៅ​ក្រៅ​ប្រ​ទេស​ នៅឆ្នាំ 1977 បាន​រំលឹក​​អំពី​ការ​​ងារ​នា​ពេល​នោះ​​ដូចេ្នះ តាំង​ពី​​ថៃ្ង​ដំបូង​ម៉េ្លះ​ ប្រ​ជា​ជន​ទាំង​មូល​ ត្រូវ​ក្លាយ​ជា​ពល​ករ​ និង កម្ម​ករ​កសិ​កម្ម​ ដែល​គ្មាន​ប្រាក់​ខែ កិច្ច​ការ​ទាំង​ឡាយ​​បាន​ត្រូវ​ចែក​ជា​ពីរ​ផែ្នក​ ការ​ងារ​ធំ​ៗ​ ដូច​ជា​​ការ​ជីក​ប្រឡាយ​ទឹក​ លើក​ដី​ធ្វើ​ផ្លូវ​ ធ្វើ​ទំនប់​ ត្រូវ​ការ​ពល​ករ​ ជា​ច្រើន​រយ​នាក់​ ដែល​គេ​កេណ្ឌ​ ជា​ច្រើន​ភូមិ​ កិច្ច​ការ​​មួយ​ផែ្នក​ទៀត​ គឺ​ការ​ដូច​ដំបូង​ ដូច​ជា​ការ​ចាប់​អារម្មណ៍​។​

ជំពូក​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ នៅ​ក្រោម​របប​ កម្ពុជា​ប្រ​ជា​ធិប​តេយ្យ ​អត្រា​អត់​ការ​ងារ​ធ្វើ​ មិន​ត្រូវ​មាន​​ជា​ដាច់​ខាត​ ចំណុច​នេះ​ រដ្ឋា​ភិបាល​ខែ្មរ​ក្រហម​ អនុ​វត្ត​បាន​សម្រេច​​ប្រាកដ​មែន​ ព្រោះ​ថា​ នៅ​ក្នុង​​ស្ថាន​ភាព​ជាក់​សែ្តង​ នៅ​គ្រា​នោះ​ ពុំ​មាន​បុគ្គល​ណា​ម្នាក់​​អត់​ការ​ងារ​ធ្វើ​ទេ​ ប៉ុនែ្ត​ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ ការ​ងារ​​ទាំង​​នោះ​សុទ្ធ​តែ​ជា​ការ​ងារ​ ចាប់​បង្ខំ​ឲ្យ​ធ្វើ​ការ​ ហួស​កម្លាំង​ និង ហូប​ចុក​ រួម​ជា​សហក​រណ៍​។

ប្រការ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​របាយ​ការណ៍​ របស់​ អៀង សារី ឧប​នា​យក​រដ្ឋ​មន្រ្តី និង ជា​រដ្ឋ​មន្រ្តី​​ក្រ​សួង​ការ​បរ​ទេស​ នៃ របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ នៅ​ឯ​អង្គ​ការ​​សហ​ប្រ​ជា​ជាតិ​ នា​ខែ​តុលា​ ឆ្នាំ​ 1978 ដូចេ្នះ​ថា សង្គម​កម្ពុជា​ថ្មី​ ស្មើ​ភាព​ គ្មាន​អ្នក​មាន​ គ្មាន​អ្នក​ក្រ​ គ្មាន​វណ្ណៈ​ជិះ​ជាន់​គេ​ គ្មាន​វណ្ណៈ ត្រូវ​គេ​ជិះ​ជាន់​។​ ស្អាត​ស្អំ​ សម​រម្យ​ តាម​ប្រពៃ​ណី​របស់​ជាតិ​។

ជំពូកទី 15 នៃ​រដ្ឋ​ធម្មនុញ្ញ​ បាន​ចែង​អំពី​សេរី​ភាព​​ខាង​ជំនឿ​សាសនា​ ដែល​ក្នុង​នោះ​ បាន​អនុញ្ញាត​ឲ្យ​​ប្រ​ជា​ជន​ខែ្មរ​គ្រប់​រូប​ មាន​សេរី​ភាព​​គោរព​ និង មិន​គោរព​​សាសនា​ តាម​បំណង​ប្រាថ្នា​​របស់​ខ្លួន​។​ ប៉ុនែ្ត​ ជំពូក​ដដែល​នេះ​ បាន​កំណត់​ដែរ​ថា សាសនា​បែប​ប្រតិ​កិរិយា​​ទាំង​ឡាយ​ណា​ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ ខូច​ប្រ​យោជន៍​​ដល់​កម្ពុ​ជា​ប្រ​ជា​ធិប​តេយ្យ និង​ ប្រ​ជា​ជន​កម្ពុជា​ ត្រូវ​បាន​ហាម​ឃាត់​ ជា​ដាច់​ខាត​។
បើ​ទោះ​ជា​មាន​ចែង​ នៅ​ក្នុង​​រដ្ឋ​ធម្ម​នុញ្ញ​បែប​នេះ​ក៏​ដោយ​ ក្នុង​ស្ថាន​ភាព​ជាក់​សែ្តង​ ការ​គោរព​ប្រតិ​បត្តិ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ប្រ​ជា​ជន​ខែ្មរ​​ភាគ​ច្រើន​ តែង​គោរព​បូជា​​ជា​យូរ​លង់​ មក​ហើយ​នោះ​ ត្រូវ​បាន​ហាម​ឃាត់​។​ ព្រះ​សង្ឃ​​ត្រូវ​បាន​បង្ខំ​​ឲ្យ​សឹក​ វត្ត​អា​រាម​ត្រូវ​បាន​ប្រើ​ប្រាស់​​ជា​ឃ្លាំង​ ឬ មន្ទីរ​ឃុំ​ឃាំង​។ នួន ជា ដែល​ទទួល​ខុស​ត្រូវ​ ផែ្នក​អប់​រំ​ផង​ នៅ​ក្នុង​របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ ខែ្មរ​ក្រហម​ បាន​ឲ្យ​ដឹង​ដូចេ្នះ​ថា ឯ​​សង្គម​ពេល​នោះ​ វា​ប្រែ​ប្រួល​ជា​​សង្គម​សហ​ករណ៍​ សង្គម​អី ​លោក​ក៏​ត្រូវ​សម្រួល​ជីវិត​ របស់​ព្រះ​អង្គ​​ទៅអ៊ី​ចឹង​​ដែរ​ទៅ​​ អា​នេះ​ មិន​មែន​​​ថា​​ យើង​មាន​ទៅ​ ចេញ​ច្បាប់​ មិន​ឲ្យ​បួស​មិន​ឲ្យ​អី​ទេ​ ឯ​ព្រះ​វិហារ​ កាល​ណោះ​ពិភាក្សា​គ្នា​ដែរ​ ថា​យើង​​កំពុង​សង្រ្គាម​ យើង​កុំ​ទាន់​​ធ្វើ​អី​ប៉ុន្មាន ​យើង​គិត​ពី​រឿង​ស្រែ​សិន​។

របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ ក៏​បាន​បង្កើត​ ទង់​ជាតិ​ថ្មី​ ដែល​មាន​​ពណ៌‌​សណ្ឋាន​​ជា កម្មុយ​នីស្ត​និយម​ មាន​រូប​អង្គរ​វត្ត​​កំពូល​បី​ ពណ៌‌​លឿង​​លើ​ផៃ្ទ​ក្រហម​ ចំណែក​ និមិត្ត​រូប​​របស់​ជាតិ​ គឺ​បង្ហាញ​ពី​រោង​ចក្រ​ និង វាល​ស្រែ​។

ក្រោយ​មក​បន្តិច​ គេ​បាន​នាំ​មក​ នូវ ភេ្លង​ជាតិ​ ដ៏គួ​រ​​ឲ្យ​រន្ធត់​មួយ​ ដែល​ប៉ុល ពត ជា​អ្នក​និពន្ធ​ ដោយ​ផ្ទាល់​ដៃ​ "ឈាម​ក្រហម​ច្រាល​ ស្រោច​ស្រព​ ក្រុង​វាល​កម្ពុជា មាតុ​ភូមិ​ ឈាម​កម្មករ​ កសិករ​ ដ៏​ឧត្តម​ ឈាម​យុទ្ធ​ជន​ យុទ្ធ​នារី​បដិ​វដ្តន៍ ឈាម​ប្រែ​ក្លាយ​ជា​ កម្លាំង​ខ្លាំង​ក្លា​ តស៊ូ​ មោះមុត 17 មេសា ក្រោម​ទង់​បដិ​វដ្តន៍​ ឈាម​រំដោះ​ អំពី​ភាព​គេ ជយោ ! ជយោ ! 17 មេសា ជោគ​ជ័យ​ មហា​អស្ចារ្យ​ មាន​ន័យ​ធំ​ធេង​ លើស​សម័យ​អង្គរ យើង​រួប​រួម​គ្នា កសាង​កម្ពុជា​ និង​ សង្គម​ថ្មី​បវរ " ។

ក្នុង​ការ​បន្ត​រៀប​ចំ​ប្រទេស​ នៅ​ក្នុង​រយ​ពេល​ពីរ​បី​ខែ​ បន្ទាប់​ពី​ ជ័យ​ជម្នះ​ ក្នុង​ខែ​មេសា​ ឆ្នាំ​ 1975 គេ​បាន​ជម្លៀស​ ប្រ​ជាជន​ថ្មី​ ដែល​គេ​បាន​បណេ្តញ​ចេញ​ពី​​ទី​ក្រុង​ រាប់​សែន​នាក់​ ពី​ទី​កនែ្លង​ស្នាក់​នៅ​ បណ្តោះ​អាសន្ន​ របស់​គេ​ ទៅ​កាន់​​ភូមិ​ភាគ​ឧត្តរ​ និង ពាយ័ព្យ​ប្រ​ទេស​ ដើម្បី​ចូល​រួម​​ក្នុង​ការ​ងារ​ កសិ​កម្ម សមូ​ហភាព​ ជា​ផែ្នក​មួយ​ នៃ កម្ម​វិធី​ ដ៏​មាន​មហិ​ច្ឆិតា​​របស់​​កម្ពុ​ជា​ប្រ​ជា​ធិប​តេយ្យ​ ដែល​មាន​ទិស​ដៅ​ បង្កើន​​ផលិត​ផល​ស្រូវ​ ឲ្យ​បាន​បី​ដង​​សឹង​តែ​ភ្លាម​ៗ​​។

លោកស្រី អ៊ីត សុទ្ធ ដែល​ត្រូវ​បាន​ជម្លៀស​ ចេញ​ពី​ខែត្រ​កណ្តាល​ បាន​មាន​ប្រសាសន៍​ ដូចេ្នះ​ថា កូន​មួយ​ស្លាប់​នៅ​​ព្រែក​តា​មាក់​ ហើយ​ប្តី​ខ្ញុំ​ ក៏​គេ​យក​វាយ​ចោល​ នៅ​ព្រែក​តា​មាក់​ដែរ​។​ ដល់​ថៃ្ង​មួយ​ គេ​បញ្ជូន​ឲ្យ​ឡើង​កាណូត​ គេ​ដឹក​រទេះ​ភ្លើង​​ គេ​យក​យើង​​ទៅ​ពោធិ៍សាត់​ គ្រាន់​តែ​​ចុះ​មក​ភ្លាម​ គេ​ថា​​មិត្ត​នារី​ អី​វ៉ាន់​ហ្នឹង​​ត្រូវ​ដាក់​សមូ​ហ​ភាព​។​ គ្មាន​នរ​ណា​ម្នាក់​ បាន​ដឹង​អំពី​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​ទេ​ ហើយ​មាន​ មនុស្ស​​តិច​តួច​ណាស់​ ដែល​បាន​ដឹង​ អំពី​កាបោះ​​ឆ្នោត​ជាតិ​ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​​ទូ​ទាំង​ប្រទេស​ ក្នុង​ខែ​មេសា​ ឆ្នាំ 1976​។ ដូច​គ្នា​ទៅ​ នឹង រដ្ឋ​ធម្មនុញ្ញ​ដែរ​ ការបោះ​​ឆ្នោត​ បាន​ផ្តល់​​ភាព​ស្រប​ច្បាប់​ ឲ្យ​ទៅ​របប​មួយ​ ដែល​ត្រូវ​បាន​គ្រប់​គ្រង ក្នុង​ភាព​អាថ៌‌​កំបាំង​ដោយ​មេ​ដឹក​នាំ​ ជិត​ស្និទ្ធ​ នឹង គ្នា​ មួយ​ក្តាប់​តូច​ ហើយ​នៅ​តាម​ជន​បទ​វិញ​ គ្រប់​គ្រង​ដោយ​​មេ​ដឹក​នាំ​ ភូមិ​ភាគ​ ដែល​បាន​តែង​តាំង​ ពី​ទី​​ក្រុង​ភ្នំ​ពេញ​ទៅ​។

ភាគ 13, កម្ពុជាប្រជាធិបតេយ្យ លេចចេញជារូបរាង (ឃ)
20070725
ដោយ ជីវិតា វិទ្យុ អាស៊ីសេរី

ក្រោយ​ពី​បាន​ឡើង​ក្តាប់​​អំណាច​ បាន​រយ​ពេល​មួយ​ឆ្នាំ​ នៅ​ខែ​មេសា ឆ្នាំ 1976 រដ្ឋា​ភិបាល​ កម្ពុជា​ប្រ​ជាធិប​តេយ្យ​ ឬ ខែ្មរ​ក្រហម​​បាន​រៀប​ចំ​ការបោះ​ឆ្នោត​សភា​ តំណាង​រាស្រ្ត​ ការ​បោះ​ឆ្នោត​ ដែល​ប្រជា​ជន​ថ្មី ក៏​ត្រូវ​បាន​អនុញ្ញាត​ អោយ​បោះ​ដែរ​នោះ​ មាន​ឈ្មោះ​បេក្ខ​ជន​ តំណាង​រាស្រ្ត​ចំនួន​ 25​0​រូប សម្រាប់​រដ្ឋ​សភា​ នីតិ​កាល​ទី​មួយ​​ នៃ គ្រា​នោះ​។​

ឈ្មោះ​បេក្ខ​ជន​ 250​រូប​ ដែល​បាន​ជាប់​ឆ្នោត​ ដោយ​គ្មាន​សំលេង​​ប្រឆាំង​នោះ​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីបោះ​ឆ្នោត​​ថា ជា​អ្នក​តំណាង​ឲ្យ​កសិ​ករ កង​ទ័ព​បដិ​វត្តន៍ និង កម្ម​ករ​។ ប៉ុនែ្ត​ អ្វី​ដែល​ចមែ្លក​នោះ​ គឺ​មុខ​ងារ​​របស់​បេក្ខ​ជ​ន​មួយ​ចំនួន​​ក្នុង​នោះ​ មាន​ភរិយា​របស់​ អៀង សារី ឧប​នាយក​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​ កិច្ច​ការ​បរ​ទេស ឈ្មោះ ខៀវ ធីរិទ្ធ និង ភរិយា​ របស់ សុន សេន រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​ពារ​ប្រទេស​ ឈ្មោះ យុន យ៉ាត បេក្ខ​នារី​ទាំង​ពីរ​ បាន​ពណ៌‌​នា​ខ្លួន​ឯង​ថា​ ជា​កម្ម​ករ​រោង​ចក្រ ចំណែក​បេក្ខ​ជន​ មួយ​រូប​ទៀត​ ឈ្មោះ ប៉ុល ពត បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ថា ជា​អ្នក​តំណាង​កម្ម​ករ​ ចំការ​កៅ​ស៊ូ​ ​។​ ហើយ​បុគ្គល​ ប៉ុល ពត នេះ​ឯង​ បាន​ក្លាយ​ទៅ​ជា​​នាយក​រដ្ឋ​មន្រ្តី​ នៃ រដ្ឋា​ភិបាល​កម្ពុជា​ប្រជា​ធិប​តេយ្យ នួន ជា ដែល​ជា​ អនុ​លេខា​​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ បាន​ក្លាយ​ជា​ប្រ​ធាន​រដ្ឋ​សភា​។​

រដ្ឋា​ភិបាល​ កម្ពុជា​ប្រ​ជា​ធិប​តេយ្យ ត្រូវ​បាន​ដឹក​នាំ​ដោយ​ មនុស្ស​មួយ​ក្តាប់​តូច​ ដែល​ជា​សមា​ជិក​​បក្ស​កុម្មុយ​​នីស្ត​​កម្ពុជា​ ដែល​មាន ប៉ុល ពត ជា​ប្រធាន នួន ជា ឬ បង​ធំ​ទី​2 ជា​ជំនួយ​ការ​ ស្និទ្ធ​ម្នាក់​ របស់​ ប៉ុល ពត តាំង​ពី​ឆ្នាំ​ 1963 មក​។​ អ្នក​ផេ្សង​ទៀត​ នៅ​ក្នុង​គណ​ដឹក​នាំ​ រួម​​មាន សុន សេន ត្រូវ​បាន​ចាត់​តាំង​ ឲ្យ​ត្រួត​ត្រា ​ក្រសួង​ការ​ពារ​ប្រ​ទេស អៀង សារី ទទួល​ខុស​ត្រូវ​ ក្រ​សួង​ការ​បរ​ទេស​ និង​ ខៀវ សំផន ជា​ប្រធាន​ គណ​ប្រ​ធាន​រដ្ឋ​។​

ខៀវ សំផន បាន​ឲ្យ​ដឹង​ដូចេ្នះ​ថា ​ខ្ញុំ​ការ​ពិត​ទៅ​ គេ​ត្រូវ​ចាត់​តាំង​​ជា​ប្រធាន​​គណ​ប្រ​ធាន​រដ្ឋ​ នៅ​ខែ​មេសា 1976 អ៊ី​ចឹង​មែន​ហើយ​ គឺ​ថា​ ខ្ញុំ​មាន​តែ​ឈ្មោះ​។​

ជន​បដិ​វត្តន៍​ទាំង​នោះ​ ហាក់​ដូច​ជា​បាន​បែង​ចែក​​ក្រសួង​មន្ទីរ​ សម្រាប់​ទទួល​ខុស​ត្រូវ​ តាម​ខែ្ស​រយៈ តាំង​ពី​មុន​ថៃ្ង​ជ័យ​ជម្នះ​ 17 មេសា មក​ម៉េ្លះ​។​ ហើយ​បើ​ទោះ​ជា​ រដ្ឋ​មន្រ្តី​ 8​រូប​ ក្នុង​ចំណោម​ 13​រូប​ នៅ​រស់​រាន​មាន​ជីវិត​ រហូត​មក​ដល់​ ទស​វត្សរ៍​​ឆ្នាំ​1990 ក៏​ដោយ​ ក៏ 5​រូប ត្រូវ​បាន​ប្រហារ​ជីវិត​ ពី​បទ​ជាប់​ចោទ​ថា​​ ក្បត់​បដិ​វត្តន៍​ នៅ​ក្នុង​ចន្លោះឆ្នាំ 1976 និង ឆ្នាំ​1978​។​ ភាគ​ច្រើន​ នៃ រដ្ឋ​មន្រ្តី​ទាំង​នោះ​ ត្រូវ​បាន​យក​ទៅ​ធ្វើ​ទារុណ​កម្ម​​នៅ​មន្ទីរ​ ស-21 ឬ គុក​ទួល​សែ្លង​ មុន នឹង យក​ទៅ​​សម្លាប់​ចោល​ នៅ​ឯ​បឹង​ជើង​ឯក​​ជាយ​ក្រុង​ភ្នំ​ពេញ​​។ ឌុច ឈ្មោះ​ដើម​ កាំង ហ្កិច​អៀវ ជា​ប្រ​ធាន​គ្រប់​គ្រង​​គុក​ទួល​សែ្លង​ នៅ​ពេល​នោះ​ ជា​អ្នក​ទទួល​បញ្ជា​ និង​ រាយ​ការណ៍​ទៅ​ សុន សេន ដោយ​ផ្ទាល់​។

ឆ្នាំ 1978 នៅ​ពេល​សឹក​សង្រ្គាម​ ជា​មួយ​កង​ទ័ព​​វៀត​ណាម​ នៅ​តាម​ព្រំដែន​​កាន់​តែ​មាន​សភាព​​ធ្ងន់​ធ្ងរ​ឡើង​ សុន សេន ត្រូវ​បាន​ផ្លាស់​ឲ្យ​​ទៅ​ទទូល​ខុស​ត្រូវ​ លើ​ផែ្នក​កង​ទ័ព​។​ ពេល​នោះ​ហើយ​ ដែល​គុក​សម្ងាត់​ ទួល​សែ្លង​​ដ៏​ល្បី​ល្បាញ​ ដែល​បាន​ចូល​ហើយ​ មិន​ចេះ​ចេញ​នោះ​ ត្រូវ​បាន​ផេ្ទរ​ឲ្យ​ទៅ​នៅ​​ក្រោម​ការ​គ្រប់​គ្រង​របស់​ នួន ជា​។​

ឯក​សារ​មួយ​ចំនួ​ន​ ដែល​បាន​បន្សល់​ទុក​ ពី​គុក​ទួល​សែ្លង​ បាន​បញ្ជាក់​ថា បណ្តា​កម្មា​ភិបាល​​ជាន់​ខ្ពស់​ និង យោធា​ខែ្មរ​ក្រហម​​ជា​ច្រើន​នាក់​​ត្រូវ​បាន​ នួន ជា ចេញ​បញ្ជា​ឲ្យ​កមេ្ទច​ចោល​ ឬ ប្រ​ហារ​ជីវិត​ ក៏​ប៉ុនែ្ត​ នួន ជា តែង​តែ​​បដិ​សេធ​ចំពោះ​​ការ​ចោទ​ប្រកាន់​​ទាំង​ឡាយ​នោះ​។​

នួន ជា បាន​ឲ្យ​ដឹង​ថា ព្រោះ​ខ្ញុំ​​ខាង​នីតិ​បញ្ញត្តិ​ មិន​មែន​ នីតិ​ប្រតិ​បត្តិ​ខាង​សភា ​ឲ្យ​សភា​​ទៅ​កាត់​ទោស​ មិន​មែន​ទេ ​ប៉ុនែ្ត​ថា ក្នុង​ឋាន​ខ្ញុំ​​ជា​អនុ​លេខា​ ខ្ញុំ​មាន​សិទ្ធិ​ ដើម្បី​មាន​មតិ​ស្នើ​ឲ្យ​គ្រាន់​តែ​ បណេ្តញ​ចេញ​ពី​បក្ស​ ឬ បន្ថយ​ឋាន​បក្ស ​ពី​ព្រោះ​បក្ស​ វា​គ្មាន​សិទ្ធិ​អី​​ទៅ​បញ្ជា​ឲ្យ​​សម្លាប់​អ្នក​នេះ​ សម្លាប់​អ្នក​នោះ​ គ្មាន​ទេ​ ខាង​ផ្លូវ​បក្ស ​ដូចេ្នះ​ ខ្ញុំ​ខាង​នីតិ​បញ្ញត្តិ​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អតីត​ប្រធាន​គុក​ទួល​សែ្លង​ គឺ​សម​មិត្ត​ ឌុច បាន​សារ​ភាព​ប្រាប់​ លោក ណេត ថេយ័រ អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌‌​មាន​ របស់​ទស្ស​នា​វដ្តី​ សេដ្ឋ​កិច្ច​ចុង​បូព៌‌ា​ នៅ​ក្នុង​រថ​យន្ត​មួយ​ កំពុង​បរ​ទៅ​មុខ​ នា​ឆ្នាំ 1999 ថា​ អតីត​ចៅ​ហ្វាយ​នាយ​របស់​គាត់​ គឺ​ នួន ជា បាន​បញ្ជា​ឲ្យ​សម្លាប់​ អ្នក​ទោស​ជា​ច្រើន​រយ​នាក់​ ក្នុង​នោះ​មាន​ទាំង​ វ៉ន វ៉េត ឧប​នាយក​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​ ផែ្នក​សេដ្ឋ​កិច្ច​ ផង​ដែរ​។​ ឌុច បាន​ឲ្យដឹង​ថា​ អ្នក​សួរ​ចម្លើយ​បាន​ធ្វើ​ទារុណ​កម្ម វ៉ន វ៉េត ដោយ​ឲ្យ​គាត់​ត្រាំ​នៅ​ក្នុង​ទឹក​កក​ មុន​ពេល​យក​ទៅ​​សម្លាប់​ចោល​ នៅ​ឯ​បឹង​ជើង​ឯក ​គឺ​យក​ទឹក​កក​​ទៅ​ត្រាំ​ទឹក​ ហើយ​ វ៉ន​ វ៉េត​ ដេក​ត្រាំ​ទឹក​កក​ហ្នឹង​។​ នៅ​ពេល​ដែល​គាត់​​មិន​ពេញ​ចិត្ត​ នឹង សេច​ក្តី​សារ​ភាព​ របស់ វ៉ន វ៉េត ក៏​យក​ទឹក​កក​ទៅ​ដាក់​។ វ៉ន វ៉េត គាត់​ចាស់​ហើយ​ គាត់​ត្រជាក់​​។

ឌុច បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បាន​ឃើញ​មនុស្ស​ ឬ កម្មា​ភិបាល​ស្និទ្ធ​ស្នាល​ របស់​គាត់​ ត្រូវ​បាន​ចាប់​យក​មក​​គុក​ទួល​សែ្លង​​ជា​បន្តប​ន្ទាប់​ ឌុច​ បាន​ចាប់​ផ្តើម​សង្ស័យ​ ទៅ​លើ​​ការ​សម្រេច​ចិត្ត​ របស់​បក្ស​ ក្នុង​ការ​ចាប់​មនុស្ស​។ មន្រ្តី​កម្មា​ភិបាល​​សំខាន់​ៗ​ ដែល ឌុច​ យល់​ថា មាន​ភក្តី​ភាព​ ចំពោះ​អង្គ​ការ​បដិវត្តន៍ ជា​រៀង​ដរាប​មក​នោះ​ រួម​មាន​ វ៉ន វ៉េត ដែល​ធ្លាប់​បាន​ឧទេ្ទស​នាម​ ផ្តល់​ការ​ងារ​ឲ្យ​គាត់​ នៅ​មន្ទីរ​ ម-13 ជា​គុក​សម្ងាត់​មួយ​ នៅ​ឯ​ អម​លាំង មុន​ថៃ្ង​រំដោះ​ ឆ្នាំ1975​។ ដោយ​យល់​ថា​ ឌុច ធ្លាប់​ជា​មនុស្ស​ស្និទ្ធ​ របស់​ វ៉ន វ៉េត ថ្នាក់​ដឹក​នាំ​ ក៏​មាន​ការ​សង្ស័យ​ ទៅ​លើ ឌុច នូវ​ភក្តី​ភាព​របស់​គាត់​​ចំពោះ​បក្ស​។ ពេល​នោះ​ហើយ​ ថ្នាក់​លើ​ដែល​មាន​ នួន ជា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ បាន​ចេញ​បញ្ជា​ឲ្យ​ ឌុច​ គាស់​រណ្តៅ​សព​ របស់​ វ៉ន វ៉េត ហើយ​ ថត​រូប​សាក​សព ដែល​ស្អុយ​រលួយ​​ទៅ​ហើយ​នោះ ​ដើម្បី​បញ្ជាក់​ថា វ៉ន វ៉េត ពិត​ជា​​ត្រូវ​បាន​សម្លាប់​ ប្រា​កដ​មែន​។​

កម្មា​ភិបាល​ស្និទ្ធ​ នឹង ឌុច ផេ្សង​ៗ​ទៀត​ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ គុក​ទួល​សែ្លង​ដែរ​នោះ​ មាន កែ គឹម​ហួត និង ឆាយ គឹមហួ​។ ពេល​នោះ​ហើយ​ ដែល ឌុច ចាប់​ផ្តើម​​មាន​ការ​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង​ចំពោះ​ សន្តិ​សុខ​របស់​ខ្លួន​ ព្រម​ទាំង​គិត​ថា​ ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ អាច​ នឹង ដល់​វេន​គាត់​​ម្តង​ហើយ​។​ ឌុច បាន​ឲ្យ​ដឹង​ដូចេ្នះ​ថា ​គេ​អត់​គិត​ពី​យុត្តិ​ធម៌‌ និង មិន​យុត្តិ​ធម៌‌​អី​ទៀត​ទេ​ ការណ៍​ជាក់​សែ្តង​ វា​មាន​រឿង​ចាប់​ ឆាយ គឹម ហួ វា​មាន​រឿង​ចាប់ កែ គឹមហួត វា​មាន​រឿង​ចាប់ វ៉ន វ៉េត ។ ខ្ញុំ​កាន់​តែ​ លែង​ធ្វើ​ការ​កើត​។ សមា​ជិក​គណ​រដ្ឋ​មន្រ្តី​ម្នាក់​ទៀត​ ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ នៅ​ឯ​គុក​ទួល​សែ្លង​ផង​នោះ គឺ ហ៊ូ នឹម ដែល​ជា​រដ្ឋ​មន្រ្តី ក្រសួង​ឃោ​សនា​ការ​ និង ជា​អតីត​និសិត្ស​ស្រុក​បារាំង​ ជា​បញ្ញវ​ន្ត​ខែ្មរ ដ៏​ឆ្នើម​មួយ​រូប​ ដែល​មាន​និន្នា​ការ​ឆេ្វង​និយម​។

ញ៉ែម អេន អតីត​អ្នក​ថត​រូប​នៅ​គុក​ទូល​សែ្លង​ ដែល​បាន​ឃើញ​ ហ៊ូ នឹម ត្រូវ​បាន​គេ​នាំ​ខ្លួន​​ទៅ​កាន់​ទី​នោះ បាន​រំលឹក​ដូចេ្នះ​ថា កាល​ហ្នឹង​​ខ្ញុំ​បាន​ឃើញ​គេ​​ដាក់​ខ្នោះ អ៊ំ ហ៊ូ នឹម​។ ឃើញ​មួយ​ភែ្លត​ ក្រោយ​មក​ គឺ​បាត់​រហូត​ មិន​ឃើញ​​ កាល​ហ្នឹង​ គេ​សម្រេច​យក​ទៅ​​វ៉ៃ​ចោល​​ក៏​មិន​ដឹង អ៊ំ ហ៊ូ នឹម បើ​និយាយ​ទៅ​ គាត់​គឺ​ប្រឆាំង​ ប៉ុល ពត តែ​ម្តង​។ គាត់​ប្រឆាំង​​ឲ្យ​កង​ទ័ព​ទាំង​អស់​ មាន​ប្រាក់​ខែ​ មាន​របប​ម៉ូតូ​ ជិះ​ឡាន ឲ្យ ​និយាយ​រួម​ មាន​ទី​ផ្សារ​ កុំ​ឲ្យ​ជម្លៀ​ស​ប្រជា​ជន​​ចេញ​ពី​ក្រុង ហូ ច្រើន​ណាស់​ បើ​និយាយ​គាត់​ ប្រ​ឆាំង​ ព្រោះ​ហ៊ូ នឹម​ គឺ​ជា​បញ្ញ​វ័ន្ត ឥស្សរ​ជន​មួយ​សំខាន់​ដែរ​។​

18 ឆ្នាំ ក្រោយ​ពី​របប​ខែ្មរ​ក្រហម​ បាន​ដួល​រលំ សុន សេន អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​ និង ជា​អតីត​អ្នក​គ្រប់​គ្រង​​គុក​ទួល​សែ្លង​ ត្រូវ​ប៉ុល​ ពត បញ្ជា​បាញ់​សម្លាប់​​ទាំង​ពូជ​ ដែល​ក្នុង​នោះ​ មាន​សមា​ជិក​គ្រួសារ​ប្រមាណ 14​នាក់ របស់ សុន សេន​។ ព្រឹត្តិ​ការណ៍​ឃាត​កម្ម​នោះ កើត​ឡើង​នៅ​ក្នុង​ ខែមិថុនា ឆ្នាំ 1997 ក្នុង​តំបន់​ អតីត​ផ្តាច់​ខ្លួន​​របស់​ខែ្មរ​ក្រហម​​ស្រុក​អន្លង់​វែង​។​ ប៉ុល ពត បាន​ចោទ​ សុន សេន ដែល​ធ្លាប់​ បាន​បាន​រួម​សុខ​ទុក្ខ​ ជា​មួយ​គាត់​​តាំង​ពី​ដើម​ទី នៃ ការ​តស៊ូ​បដិ​វត្តន៍​​មក​នោះ​ ថា​បាន​ក្បត់​ នឹង ចលនា​ដោយ​មាន​គម្រោង​ការ​​ចុះ​ចូល​ជា​មួយ​ លោក​នាយក​រដ្ឋ​មន្រ្តី​ទី​ពីរ​ ហ៊ុន សែន នៅ​ឆ្នាំ​នោះ​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ ជា​មួយ​លោក ណេត ថេយ័រ ប៉ុល ពត បាន​ចោទ​ សុន សេន​ ដូចេ្នះ​ថា ស៊ិន សេន ជា​យុទ្ធ​មិត្ត​​ជា​មួយ​​នេះ​ល្អ​ណាស់​ ច្រើន​ឆ្នាំ​មក​ហើយ ប៉ុនែ្ត ​ចាប់​ពី​មាន​ ការ​ផ្តាច់​ខ្លួន​នៅ​ខាង​លិច​ គឺ​នៅខែ 1 ឆ្នាំ 1997 ពួក​បាន​ចាប់​ឯក​សារ ប្អូន​ថៃ្ល ស៊ិន សេន ផ្ញើ​មក​ពី​កំពង់​ធំ បី​សំបុត្រ​។ ក្នុង​កំពង់​ធំ​នេះ​ វា​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ ហ៊ុន សែន​។ មួយ​គឺ ចលនា​បំបាក់​បំបែក​ កម្លាំង​កង​ទ័ព​យើង នៅ​ផ្លូវ​លេខ 12 ។ ទីពីរ មាន​ការ​ទាក់​ទង​​តាម​តេ​អូ របស់​ស៊ិន សេន សម្ងាត់​នៅ​ផ្ទះ​ ទាក់​ទង​ជា​មួយ​ភ្នំ​ពេញ​ ឆ្លង​កាត់​តាម​កំពង់​ធំ​។ ទីពីរ មាន​ប្អូន ស៊ិន សេន ឈ្មោះ ស៊ិន ឈុំ ទៅ​ភ្នំ​ពេញ​ ទៅ​នៅ​ជាមួយ​ពួក​ ហ៊ុន សែន ឲ្យ​កូន​ហ្នឹង​ ការ​ជា​មួយ​ក្មួយ​ ហ៊ុន សែន​។ ដល់​រួច​គេ​ទាក់​ទង​គ្នា​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ ស៊ិន​ សេន ធ្វើ​សកម្ម​ភាព ទី​មួយ​ គឺ​ថា​ កមេ្ទច្ត​ ទីពីរ​ កាន់​កាប់​ វិទ្យុ​ផ្សាយ​សមេ្លង​ កុំ​ឲ្យ​ជេរ ហ៊ុន សែន​។ ខ្ញុំ​មិន​សូវ​ជឿ​ទេ ឯក​សារ​នេះ​ ប៉ុនែ្ត​ វា​ចេះ​តែ​មាន​បរិ​យាកាស​ ឯក​សារ​ដែល​បាន​ចាប់​​។ នៅ​ហើយ​ បាន​ថា​ បើ​កមេ្ទច្ត​ វា​មាន​ហៅ​ថា​ត្រូវ​ការ​ពារ​ខ្លួន​។​ ឯ​ចំពោះ​អ្នក​ឯ​ទៀត​ ខ្ញុំ​អត់​មាន​ ប៉ះ​ពាល់​អី​ទេ​ ពី​ព្រោះ​ ជា​យុទ្ធ​មិត្ត​យូរ​ហើយ​។ ប៉ុល ពត បនែ្ថម​ថា គាត់​មិន​បាន​បញ្ជា​ឲ្យ​ សម្លាប់​កូន​ៗ​ របស់ ស៊ិន សេន​ទេ ខ្ញុំ​មាន​​ការ​សោក​ស្តាយ​ ដោយ​មិន​ស្អាត​ ខ្ញុំ​មាន​តែ​ឲ្យ​កមេ្ទច​ប្តី​ប្រពន្ធ​ទេ​ ពី​ព្រោះ​អ្នក​នេះ​ មិន​ល្អ​យូរ​ហើយ​​។ ឯ​អ្នក​ឯ​ទៀត​ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ ដោយ​ហួស​​​ក្នុង​ការ​ដែល​ទៅ​​អនុវត្ត​។

ទាក់​ទង​ទៅ​ នឹង ការ​បោះ​ឆ្នោត ​នៅ​ក្នុង​ឆ្នាំ 1976 ក្រោម​របប​ ប៉ុល ពត នៅ​ក្នុង​ពេល​ កាន់​កាប់​អំណាច​ បើ​តាម​តែ​ចំណូល​ចិត្ត​ របស់​ខ្លួន​នោះ​ ប៉ុល ពត លោក ដេវីត ឆេនល័រ ប្រវត្តិ​វិទូ​ នៃ​ ប្រវត្តិ​សាស្រ្ត​កម្ពុជា បាន​ឲ្យ​ដឹង​ថា បើ​តាម​តែ​ការ​ចង់បា​ន​​របស់​ខ្លួន​នោះ ប៉ុល ពត និង​សហ​សេ​វិក​ របស់​គាត់​ ទំនង​ជា​ពេល​ចិត្ត​ច្រើន​ជាង​ ក្នុង​ការ​គ្រប់​គ្រង​ ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ការ​បោះ​ឆ្នោត​ ឬ​ មិន​មាន​ច្បាប់​ រដ្ឋ​ធម្មនុញ្ញ ដើម្បី​ងាយ​ស្រួល​​ក្នុង​ការ​ប្រើ​ប្រាស់​ អំណាច​ផ្តាច់​ការ​របស់​ពួក​គេ​​។

ប៉ុនែ្ត​ដើម្បី​ភាព​ស្រប​ច្បាប់​ សម្រាប់​រដ្ឋា​ភិបាល​ថ្មី​ របស់​ខ្លួន ការ​ផ្សារ​ភ្ជាប់​ប្រទេស​កម្ពុជា​ ទៅ ​នឹង សហ​គមន៍​អន្តរ​ជាតិ ​ពួក​គេ​ត្រូវ​តែ​​ធ្វើ​កិច្ច​ការ​ខ្លះ​ៗ​ ដូច​ជា​ការ​បោះ​ឆ្នោត​ សភា​តំណាង​រាស្រ្ត ​បង្រ្គប់​កិច្ច​ ដើម្បី​ឲ្យ​ប្រ​ទេស​កម្ពុជា​ ក្លាយ​ទៅ​ជា​រដ្ឋ​មួយ ​ដែល​គេ​អាច​ទទ្អល​ស្គាល់​បាន​។​