ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
ស្ថានភាពរស់នៅ របស់ប្រជាជន នៅតាមភូមិភាគ (ក)
វិទ្យុអាស៊ីសេរី 20070719 ដោយ ឡេង ម៉ាលី
ថ្ងៃសៅរ៍ ទី29.មេសា 2023.ម៉ោង 18:30
នៅក្នុងការគ្រប់គ្រង ផែ្នករដ្ឋបាល នៃ របបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជា ត្រូវបានបែងចែកទៅជា 7ភូមិភាគ ស្រប នឹង តំបន់យុទ្ធសាស្រ្តកងទ័ព ដែលខែ្មរក្រហមបង្កើតឡើង នៅក្នុងអំឡុង សង្រ្គាមស៊ីវិល ក្នុងនោះរួមមាន ភូមិភាគកណ្តាល បូព៌ា និរតី បស្ចិម ពាយ័ព្យ ឧត្តរ និង ឦ សាន។ ភូមិភាគនីមួយៗ ត្រូវបានបែងចែក ទៅជាតំបន់ ស្រុក និង ឃុំ ដែលសម្គាល់ដោយលេខកូដ។ បន្ទាប់ពីឃុំ ត្រូវបានបែងចែកទៅជាសហករណ៍ និង ផ្ទះបាយ ឬ ហៅថា គូស៊ីនបាយ យាងតាមការសិក្សា របស់លោក ម៉ៃឃើល វីកឃើរី និង អ្នកស្រាវជ្រាវដទៃទៀត បានបង្ហាញថា នៅក្នុងរបប កម្ពុជា ប្រជាធិបតេយ្យ លក្ខខណ្ឌជីវិតរស់នៅ តាមភូមិភាគ និង តំបន់នីមួយៗ មានលក្ខណខុសៗគ្នា។
លោក ហ្វីលីព សត បានសិក្សាឃើញថា លក្ខណខុសៗគ្នានេះ អាស្រ័យដោយ កម្មាភិបាល ថ្នាក់មូលដ្ឋាន ជ្រើសរើសយកផ្លូវធូរ ឬ តឹង ក្នុងការអនុវត្ត សេចក្តីសម្រេច និង គោលនយោបាយ របស់ គណកម្មាធិការអចិន្រៃ្តយ៍។ លោក ហ្វីលីព សត បានមានប្រសាសន៍ថា វាពិបាក នឹង សន្និដ្ឋានជារួមណាស់ អំពីរបបកម្ពុជាប្រជាធិបតេយ្យ លក្ខខណ្ឌរស់នៅ វាខុសគ្នា ពីកនែ្លងមួយ ទៅកនែ្លងមួយទៀត បញ្ហាត្រង់នេះ ខ្ញុំគិតថា វាក៏មិនអាចទៅរួចទេ ដែលកម្មាភិបាលខ្លះ ដោះសារថា ខ្លួនគ្រាន់តែទទួលបញ្ជា ពីថ្នាក់លើនោះ ពីព្រោះយើងដឹងថា នៅកនែ្លងខ្លះ កម្មាភិបាល អាចធ្វើអោយ គោលនយោបាយនោះ មិនសូវតឹងពេក ហើយ អនុវត្តការណែនាំ ធូរជាងបន្តិច ហើយ នៅកនែ្លងផេ្សងទៀត កម្មាភិបាលនៅទីនោះ ជ្រើសរើសយក ការអនុវត្តការណែនាំ តឹងតែង ខ្លាំងមែនទែន។
បនែ្ថមលើការអះអាង របស់លោក ហ្វីលីព សត អ្នកស្រី អ៊ឹម សារ៉ន នៅភូមិភាគឧត្តរ ក្នុងខែត្រព្រះវិហារ បាននិយាយថា នៅតំបន់ របស់អ្នកស្រី ការហូបចុក មិនសូវជាបញ្ហាទេ ខណដែលប្រជាជន នៅតំបន់ជាច្រើន និយាយថា ពួកគេអត់បាយនោះ អ្នកភូមិហ្នឹងវាចេះ ពេលគេមកមើលអ៊ីចឹង យើងដាំបបរមួយឆ្នាំងទៅ បើមានអ្នកផេ្សងដទៃ គេមកមើលតាមដានអ៊ីចឹង លើកបបរហ្នឹង យកមកហូប ទាំងអស់គ្នា អ៊ីចឹងទៅ រួចហើយ ពេលគេទៅបាត់ យើងលើកបាយហ្នឹងមកហូបទៅ។ ប្រធានភូមិហ្នឹង គណឃុំគេហ្នឹង គាត់អោយហូបចុកហើយ អត់មានថាំទេ។ គាត់ថា ទាល់តែហូបឆែ្អត បានមានកម្លាំងធ្វើការ។
ភូមិភាគបូព៌ា នៅប៉ែកខាងកើតទនេ្លមេគង្គ ហើយលាតសន្ធឹង ដល់ផែ្នកខ្លះ នៃ ខេត្តកណ្តាល និង កំពង់ចាម។ ហើយភូមិភាគនេះមានប្រជាជនថ្មី រស់នៅ តិចតួចណាស់។ ពួកកុម្មុយនីស្តខែ្មរក្រហម បានគ្រប់គ្រង ភូមិសាស្រ្តនេះ អស់រយកាល ជាច្រើនឆ្នាំមកហើយ ហើយមជ្ឈិមបក្ស ក៏មិនសូវទាមទារអោយភូមិភាគនេះ បង្កបង្កើនផលអោយបានច្រើនដែរ។ ស្ថានភាពរស់នៅ របស់ប្រជាជន មិនទាន់ មានសភាពតឹងរ៊ឹងនៅឡើយទេ នៅមុនការសម្លាប់រង្គាល ចាប់ផ្តើមនៅក្នុងឆ្នាំ 1978។
ស្ថានភាពនៅឯភូមិភាគនិរតី ក្នុងទឹកដីខេត្តកំពត តាកែវ និង ផែ្នកខ្លះ នៃ ខេត្តកណ្តាល ជាភូមិសាស្រ្ត ដែលលោក ម៉ៃឃើល វីកឃើរី ហៅថាជា តំបន់គាំទ្រ ប៉ុល ពត ខ្លាំងបំផុតនោះ មានលក្ខខណ្ឌតឹងរ៊ឹង ប្រហែលជា ដោយសារ គណគ្រប់គ្រងភូមិសាស្រ្តនោះ គឺជា មនុស្សច្បាស់លាស់។
នៅក្រោយឆ្នាំ 1975 ភូមិភាគនិរតី មានប្រជាជនថ្មី រស់នៅ តិចតួចបំផុត ដែលស្ថិតនៅក្រោម ការគ្រប់គ្រង យ៉ាងមានប្រសិទ្ធភាព របស់តាម៉ុក ទោះជារឿយៗ មានភាពឃោរឃៅ ក៏ដោយ។ តាម៉ុក ជាសមាជិកសំខាន់ម្នាក់ នៅក្នុងមជិ្ឈមបក្ស និង ជាប្រធាន ភូមិភាគនិរតី។
សាក្សីដែលធ្លាប់រស់នៅ ក្នុងភូមិភាគនេះ បាននិយាយអោយដឹង អំពី ការរស់នៅ នាពេលនោះ ដូចេ្នះថា ជំនាន់ ប៉ុល ពត ខ្ញុំនៅខែត្រតាកែវ ស្រុកព្រៃកប្បាស ឃុំព្រៃល្វា តំបន់ 33 ហ្នឹង ចាប់សម្លាប់យ៉ាប់ជាង 25 ឆ្ងាយណាស់ 33 ។ ប្រជាជនថ្មី ទាំងស្រី ទាំងប្រុសសល់ តិចណាស់ ។ អត់មានបាយទេ ប្រមូលស្រូវហើយ គឺហូបបបរ ទាំងអស់ តែម្តង ។ ផែនការ គ្រប់មួយពេលហ្នឹង មួយខ្ទះ ដាក់អង្ករ តែបីកំប៉ុងទេ ។ ស្រែវាអោយធ្វើ មួយហិកតា បីតោន បានមែនណា៎ ។ មួយឆ្នាំធ្វើបីដង ។ ទឹកប្រឡាយ ជីកហ្នឹង កម្លាំងមនុស្ស ដែរហ្នឹង ។ ជីក វៃុលិច ក្រឡាចក្រត្រង្គ អ៊ីចឹង។
កាលនៅរស់ តាម៉ុក បានអួតប្រាប់លោក ណេត ថេយ័រ អ្នកឆ្លើយឆ្លងព័ត៌មាន អោយទស្សនាវដ្តី សេដ្ឋកិច្ចចុងបូព៌ា ដូចេ្នះថា ខ្ញុំលើកឧទាហរណ៍ 1970 មិនគួរណាអី ខ្ញុំទៅរៀបចំ ទំនប់ប្រឡាយអី បានអ៊ីចឹងទេ។ លោកធ្លាប់ទៅភ្នំពេញ ហួសទៅមើល ភាគនិរតី តើទំនប់ប្រឡាយយ៉ាងម៉េច? ហើយអ្នកណាធ្វើ? ជំនាន់ហ៊ុន សែន ឬ ក៏ជំនាន់ពួក? បីឆ្នាំកសាងប្រហែល នឹង មួយរយឆ្នាំ ជំនាន់ចាស់។ ក្រៅពីនេះ ឃ្លាមួយ នៃ ចមៀ្រងបដិវដ្តន៍ បានចៀ្រងអួតសរសើរ ប្រជាជន និង កម្មាភិបាល ភាគនិរតីដូចេ្នះ ក្រោយថៃ្ង 17 មេសា ជោគជ័យភូមិភាគនិរតី វាយសម្រុកបន្ត បងប្អូនប្រយុទ្ធ រួមសាងនគរ កម្ពុជា បវរ ប្រជាធិបតេយ្យ។
នៅអំឡុងឆ្នាំ 1977 និង 1978 យុទ្ធជន និងកម្មាភិបាល ភូមិភាគនិរតីជាច្រើន ត្រូវបានបញ្ជូនទៅកាន់ភូមិសាស្រ្ត ដែលមានបញ្ហាស្មុគស្មាញនានា ហើយជារឿយៗ តែងតែប្រព្រឹត្ត អំពើព្រៃផៃ្ស ចំពោះប្រជាជន នៅក្នុងមូលដ្ឋាននោះ ជាពិសេស នៅភូមិភាគបូព៌ា បន្ទាប់ពីកើតមានការវាយប្រយុទ្ធគ្នា ជាមួយវៀតណាមរួចមក។
កាលនៅរស់ តា ម៉ុក បានបញ្ជាក់ប្រាប់លោក ណេត ថេយ័រ បន្តទៀតថា ប៉ុល ពត បានតម្រូវអោយ គាត់ដឹកនាំកម្លាំងទ័ព និង កម្មាភិបាល ភូមិភាគនិរតីរបស់គាត់ ដាក់ពង្រាយ តាមភូមិភាគនានា ពេញផៃ្ទប្រទេស ដើម្បីបង្រ្កាប និង បោសសម្អាតពួកដែល ប៉ុល ពត សង្ស័យថា ជាជនក្បត់ អ្នកភូមិភាគ និរតី ប៉ុល ពត សុំទៅពង្រាយពេញកម្ពុជា។ ស្ថានភាពរស់នៅជាទូទៅ ដែលមានសភាពយ៉ាប់យ៊ឺន ខ្លាំងនោះ គឺចាប់ផ្តើមមុនគេ នៅភូមិភាគពាយ័ព្យ ក្នុងទឹកដី ខែត្រពោធិ៍សាត់ និង បាត់ដំបង ភូមិភាគពាយ័ព្យ គឺជាភូមិភាគសំបូរទៅដោយប្រជាជនថ្មី ដែលជម្លៀសចេញពីទីក្រុងភ្នំពេញ និង បាត់ដំបង ។ ជាមួយ នឹង កម្មាភិបាល ដែលគ្មានបទពិសោធន៍ ភូមិភាគពាយ័ព្យ ជាភូមិសាស្រ្តបងែ្អក ផលិតកម្មកសិកម្ម យ៉ាងសំខាន់ ដែលអង្គការដាក់ទិសកំណត់ អោយបង្កបង្កើន ផលស្រូវអោយបានច្រើនបំផុត។
តទៅនេះ ជាចមៀ្រងបដិវដ្តន៍ជូនពរកសិករ នៅភូមិភាគពាយ័ព្យ ភូមិភាគពាយ័ព្យ ជាប់ព្រំដែនថៃ កម្ពុជាសម័យចម្រើន លោកជន ពាយ័ព្យញញឹម ប៉ប្រឹមថ្លាស្រស់ មានភ្លឺស្រែខ្ពស់ ក្រឡាឈើត្រង្គ។ ទោះជាមានចមៀ្រងជូនពរ និង សរសើរដល់ ភូមិភាគពាយ័ព្យ ដូចេ្នះក្តី ក៏នៅមិនយូរប៉ុន្មាន កម្មាភិបាលមកពីភូមិភាគនិរតី ក៏បានដាក់ទណ្ឌកម្មប្រជាជន នៅភូមិភាគពាយ័ព្យ យ៉ាងធ្ងន់ធ្ងរ ដោយសារតែ ការប្រមូលផលស្រូវ របស់ពួកគេ មិនបានគ្រប់តាមការដាក់ទិស របស់មជ្ឈិមបក្ស។ ចំណែក ឯកម្មាភិបាលនៅមូលដ្ឋាននោះ ក៏ទទួលរងការស្តីបន្ទោស និង ទិតៀនចំពោះហេតុការណ៍នោះដែរ។ ទីបំផុត កម្មាភិបាលទាំងនោះ ត្រូវកម្មាភិបាល ភូមិភាគនិរតី កមេ្ទចចោលស្ទើរអស់ លើកលែងតែ មួយចំនួនតូចប៉ុណ្ណោះ បានរួចជីវិត ដោយសារការគេចខ្លួនចូលព្រៃ ទម្រាំ កងទ័ពវៀតណាមមកដល់។
គុយ យ៉ន អតីតកម្មាភិបាលភូមិភាគពាយ័ព្យម្នាក់ ដែលបានរត់គេចខ្លួនចូលព្រៃ នៅបឹងទនេ្លសាប ក្នុងគ្រានោះបានរំលឹកឡើងវិញដូចេ្នះ គេយកវ៉ៃចោលអស់ហើយ ជីដូនជីតា ក៏ទៅដែរ មួយជួរខាងលិចនេះ ជីដូនជីតា ទៅទាំងអស់ ងាប់អស់ គេប្រមូលយកទៅវ៉ៃចោលអស់ វ៉ៃ ឆ្នាំពួកនិរតីចូលមក ចុង 77-78 ហ្នឹងហើយណ៎ា គេប្រមូលមូលដ្ឋាន អោយតែឈ្មោះមូលដ្ឋាន ប្រមូលយកទៅ វ៉ៃចោលអស់ គេនាំៗ យកទៅលើបាត់ៗ អ៊ីចឹងទៅ ខ្ញុំប្រមូលបាន បងប្អូនរត់ទៅជាមួយ មកដាក់ក្នុងព្រៃហ្នឹង បានមួយគុម្ពោត យប់ហ្នឹង មួយយប់ ឮតែចាប់ៗ ខ្ញុំនាំគ្នាតោងដៃគ្នាដើរកែ្បរៗមក ទៅដេកចម្ងាយ វាប្រហែលមួយរយម៉ែត្រ ឮតែមាត់ចាប់ៗ ព្រឹកឡើង បានពរកូនពរចៅ កាត់ទឹកទៅយើង ដំរីឆ្លង អត់បាយលេ្ហមល្ហាម ហើយអាងាប់ ឯណេះ មិនដឹងងាប់ប៉ុន្មាន អីប៉ុន្មាន និយាយពីអាអ្នកវ៉ៃ មួយខែ្សមុនគេហ្នឹង កូនអីហ្នឹង នៅសល់ម្នាក់ឈ្មោះ គ្រឿន គាត់ដឹងខ្លួន មើលវាមេមមើមៗ រត់ទៅពួន នៅដើមរាំងដង្គត់រាំង ដុះស៊ុបទ្រុប ដល់វាទៅបាត់ទៅ បានគាត់ទៅតាមគេរហូត ដល់សៀមរាបហ្នឹង។ តាមការអោយដឹង ពីអ្នកនៅរស់បាននិយាយថា ស្ថានភាពបែកបាក់ នយោបាយផៃ្ទក្នុង បក្សកុម្មុយនីស្តកម្ពុជា បានកើតមាន ចាប់តាំងពីឆ្នាំ 1976 ហើយការចាប់ខ្លួន និង សម្លាប់ ជាខែ្សរយៈ បានរីករាលដាល ពេញផៃ្ទប្រទេស ជាពិសេស មានសន្ទុះខ្លាំងនៅក្នុងឆ្នាំ 1977។
ទឹម ហុង អតីតមេបញ្ជាការកងទ័ព កម្ពុជាប្រជាធិបតេយ្យម្នាក់ បាននិយាយដូចេ្នះថា ពេលនោះ មានការកាប់សម្លាប់ 1977 ហ្នឹង ដូចជា យើងមានខែ្សរយៈទាក់ទង ដូចជា ខាងកំពង់ស្ពឺ អ៊ីចឹងចុះណា បងប្អូនយើងធ្វើធំ គេវ៉ៃចោល គេយកយើងពីហ្នុងមក យកមកវ៉ៃចោលដែរ អាហ្នឹងមាន អាហ្នឹងយើងដឹងច្បាស់ ហើយការភ័យខ្លាច គឺមានឆ្នាំ 1977 ហ្នឹងតែម្តង ។ 1976 និង 1977 ហ្នឹង គេចម្រាញ់យកតែម្តង ដើមដោយដើម ចុងដោយចុង ។ អ៊ីចឹង មហាបោសសម្អាត ធ្វើបាបពលរដ្ឋហ្នឹង តែមួយឆ្នាំទេ គឺចុងឆ្នាំ 1976 និង 1977 ។ អ៊ីចឹង វាបាត់បង់ អស់ច្រើនដែរ។ ការកាប់សម្លាប់ភាគច្រើន ត្រូវបានបន្ទោសទៅលើ កម្មាភិបាល និង កងទ័ពភូមិភាគនិរតី ក្រោមការគ្រប់គ្រង របស់តាម៉ុក។ នៅពេលលោក ណេត ថេយ័រ សួរថា តើការកាប់សម្លាប់នោះ ជាការទទួលខុសត្រូវ របស់គាត់ ឬទេ? តាម៉ុក បានបដិសេធ យ៉ាងខ្លីថា ខ្ញុំមិនទទួលខុសត្រូវ បញ្ហាហ្នឹង សម័យនោះ ខ្ញុំទទួល «ខុសត្រូវ» ខាងជនបទ ខ្ញុំស្រឡាញ់ជាតិណាស់ ខ្ញុំ មិនធ្វើអី អោយប៉ះពាល់ជាតិទេ។
តាមរយៈការសម្ភាសន៍ ជាមួយសាក្សីជាច្រើន បានបង្ហាញ អោយឃើញថា ជាទូទៅ ស្ថានភាពរស់នៅ នៅទូទាំងប្រទេស កាន់តែលំបាកទៅពីមួយឆ្នាំទៅមួយឆ្នាំ ហើយ រឹតតែធ្ងន់ធ្ងរបំផុតនៅចុងឆ្នាំ 1978 គឺមុនពេលដែលរបបកម្ពុជា ប្រជាធិបតេយ្យ ដួលរលំបន្តិច។
ស្ថានភាពរស់នៅ របស់ប្រជាជន នៅតាមភូមិភាគ (ខ)
20070721
កាលពីខែមេសា ឆ្នាំ1975 ប្រជាជនថ្មី រាប់ម៉ឺនរាប់សែននាក់ បានជម្លៀសចេញពីក្រុងភ្នំពេញ ហើយមកស្នាក់អាស្រ័យ ជាមួយសាច់ញាតិ របស់គេនៅតាមស្រុក ខេត្តនានា ដែលនៅជិតៗ ទីក្រុងនេះ ដោយក្តីរំពឹងថា គេ នឹង បានវិលត្រឡប់ទៅផ្ទះសមែ្បង របស់ពួកគេវិញ ក្នុងរយពេលបីថៃ្ង ឬ មួយសបា្តហ៍ តាមពាក្យសន្យារបស់កងទ័ពខែ្មរក្រហម។
លោក ដួង សមុទ្រ ជាអ្នកភ្នំពេញម្នាក់ ដែលកាលណោះ បានជម្លៀសទៅដល់ខេត្តតាកែវ មានប្រសាសន៍ដូចេ្នះ កាលពី (ឆ្នាំ 75 ចេញពីភ្នំពេញ ធ្វើដំណើរទៅហ្នឹង គឺយើងធ្វើដំណើរទៅស្រុក ឯខេត្តតាកែវឯណោះ។ តាមម្តាយធំខ្ញុំ គាត់ត្រូវទៅហ្នឹង ថាស្រុកខាងប្តីគាត់ ទៅខេត្តតាកែវ នៅម្តុំអង្គតាសោម។ ពេលទៅដល់ហ្នឹង ទៅគេឃាត់ថា មិនបាច់ឲ្យទៅឯហ្នុងទៀតទេ ឲ្យនៅត្រឹមហ្នឹងសិន ព្រោះគេកំពុងរៀបចំ ភូមិឃុំ ទីតាំងឲ្យយើងនៅ។ អ៊ីចឹង យើងក៏ស្នាក់នៅ ឯកោះធំហ្នឹង មួយរយសិនទៅ។
រយពេលបីថៃ្ង ដែលកងទ័ពខែ្មរក្រហម សន្យាជាមួយ ប្រជាជនថ្មីនោះ បានកន្លងហួសទៅ រាប់សិបដង។ ប៉ុន្មានខែក្រោយមក គឺនៅចុងឆ្នាំ 1975 និង ដើមឆ្នាំ 1976 ប្រជាជនថ្មីទាំងនោះ ត្រូវពួកខែ្មរក្រហម ជម្លៀសម្តងទៀត ទៅកាន់ភូមិភាគពាយ័ព្យ នៃ ប្រទេសកម្ពុជា ពួកគេធ្វើដំណើរ តាមខែ្សរថភ្លើង និង រថយន្ត ក្រោមការរៀបចំរបស់អង្គការ។ ប្រជាជនដែលបានជម្លៀស នៅពេលនោះ បាននិយាយឲ្យដឹងដូចេ្នះ [ដួង សមុទ្រ] ដល់រដូវច្រូតកាត់ គេថាត្រូវនាំទៅជួយច្រូតស្រូវនៅខេត្តបាត់ដំបង ព្រោះខ្វះកម្លាំងជួយច្រូត។ រទេះភ្លើងមកដល់ នាំគ្នាឡើងរទេះភ្លើងមក រទេះភ្លើងធ្វើដំណើរមកឈប់នៅភ្នំពេញបន្តិច គេចែកនំប៉័ង ទឹកស៊ីអ៊ីវ តាមគ្រួសារ ពីរនាក់គេឲ្យពីរ បួននាក់គេឲ្យបួន ទឹកស៊ីអ៊ីវមួយដបមក ហើយ យើងក៏ធ្វើដំណើរ បន្តទៅទៀត រហូតដល់ស្វាយស៊ីសុផុន រទេះភ្លើងឈប់។
ចំណែកឯលោក វង្ស ម៉ាច បានបនែ្ថមឲ្យដឹងដូចេ្នះ កាលហ្នុង គេដាក់ឡានទៅ គេឲ្យជិះឡានដែរ កាលហ្នុង ដាក់ឡានទៅដល់មោងឫស្សី ប៉ុនែ្ត ទម្រាំទៅដល់ហ្នឹង ដេកប៉ុន្មានយប់ តាមផ្លូវដែរ។ សាក្សីមួយចំនួន ជាអ្នកមូលដ្ឋាននៅទីនោះ បាននិយាយឲ្យដឹងដូចេ្នះ ដឹកច្រើនណាស់ មកទាំងរទេះភ្លើង មកទាំងខែ្សៗ។ គ្រាន់តែពួកនៅចាំទទួល យកមកដាក់ភូមិនេះៗ មិនចេះតិចមនុស្ស។
នៅមុនសម័យបដិវត្តន៍ ភូមិភាគពាយ័ព្យ ធ្លាប់ល្បីឈ្មោះថា ជាតំបន់ជង្រុកស្រូវយ៉ាងសម្បើម ដែលអាចចិញ្ចឹមប្រជាជនកម្ពុជា ទូទាំងប្រទេស ហើយថែមទាំងអាចនាំចេញទៅលក់ នៅឯបរទេស បានយ៉ាងច្រើនទៀតផង។
លោក ដួង សមុទ្រ បានរំលឹកឡើងវិញ អំពីកេរ្ដិ៍ឈ្មោះ ខេត្តបាត់ដំបង នៅក្នុងសម័យមុនបដិវត្តន៍ដូចេ្នះ យើងរៀនជាទូទៅ យើងដឹងថា បាត់ដំបងជាប្រភពស្រូវ ជាប្រភពធនធាន ធម្មជាតិមួយ លើសគេ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីតំបន់ ដែលមានស្រូវច្រើនៗ នៅខាងប៉ែកកើត នៅកំពង់ចាម នៅអី។ ប៉ុនែ្ត បាត់ដំបង ជាជង្រុកស្រូវ ដ៏ល្បីល្បាញជាងគេ ប្រចាំសកលលោកហើយ ជំនាន់នោះ ជំនាន់ហ្នុង មានគេកត់ត្រាទុក នៅក្នុងសៀវភៅ ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត ក៏មានសរសេរថា អាចនាំចេញបានច្រើន ស្រូវអង្ករខែ្មរហ្នឹង។
ប្រជាជនថ្មី ដែលជម្លៀសចេញ ពីក្រុងបាត់ដំបង ក៏ត្រូវបានបញ្ជូន ទៅកាន់តំបន់នានា នៅក្នុងភូមិភាគពាយ័ព្យនេះដែរ ភូមិភាគពាយ័ព្យ ជាផែ្នកមួយ ដ៏សំខាន់ នៃ ផែនការបួនឆ្នាំ របស់របបកម្ពុជា ប្រជាធិបតេយ្យ ដែលតម្រូវឲ្យ បង្កបង្កើនផលស្រូវ ឲ្យបានបីតោន ក្នុងមួយហិកតា នៅទូទាំងប្រទេស។
បើតាមផែនការ ដូចបានគ្រោងទុកនេះ គេមើលឃើញថា នឹង អាចគ្រប់គ្រាន់ ឲ្យកម្ពុជា ឈរលើឯករាជ្យម្ចាស់ការ ខាងសេដ្ឋកិច្ច ហើយចាំបាច់ត្រូវតែមាន ការចូលរួមយ៉ាងសស្រាក់សស្រាំ ពីប្រជាជន នៅភូមិភាគពាយ័ព្យ។ តំបន់ភាគច្រើន នៅក្នុងភូមិភាគនេះ គឺជាតំបន់ព្រៃ និង ជាតំបន់គ្រុនចាញ់ ដែលមិនធ្លាប់បានប្រើប្រាស់ ជាកនែ្លងដាំស្រូវ ម្តងណាឡើយ។ ប្រជាជនថ្មី រាប់សែននាក់ ត្រូវពួកខែ្មរក្រហម បញ្ជូនទៅកាន់ទីនោះ ឲ្យកាប់ឆ្ការព្រៃ សង់ផ្ទះ និង ធ្វើស្រែចម្ការ។ ប្រជាជនខ្លះ នៅក្នុងចំណោម អ្នកទាំងនោះ មិនធ្លាប់ធ្វើការងារ ក្នុងស្ថានភាពបែបនេះ ទាល់តែសោះ។
សាក្សីមួយចំនួន បាននិយាយឲ្យដឹងដូចេ្នះ ខ្លះអត់ស្គាល់ស្រូវផង ឃើញស្រូវ ដឹកគោយកទៅចងឲ្យស៊ីក៏មានដែរ។ គេថាយើងក្បត់ យើងបំផ្លាញអង្គការ បំផ្លាញអីហ្នឹង គេយកទៅធ្វើទារុណកម្ម។ ដូចកូនឯងអ៊ីចឹង ភ្ជួរមិនដែលភ្ជួរអី មកដល់វាឲ្យកាន់គោ កាន់នង្គ័លភ្ជួរ ដល់ពេលយើងភ្ជួរមិនកើត ថាយើងខ្មាំងទៀត ជ្រុះផាលខ្មាំង។
ពីមួយថៃ្ងទៅមួយថៃ្ង ស្ថានភាពរស់នៅទីនោះ កាន់តែយ៉ាប់យឺនទៅៗ ជាពិសេស នៅតំបន់1 និង តំបន់5 ប៉ែកខាងត្បូង និង ខាងជើង ខេត្តបាត់តំបង និង នៅតំបន់ 6 និង តំបន់ 7 រហូតដល់ភាគខាងត្បូង ខេត្តពោធិ៍សាត់ ចំណែកឯនៅតំបន់ 3 ស្ថិតនៅរវាង ខេត្តបាត់ដំបង និង ព្រំប្រទល់ ប្រទេសថៃ ត្រូវបានរាយការណ៍ថា ស្ថានភាពរស់នៅ និងការងារនៅទីនោះ មានលក្ខណធូរស្រាល ជាងកនែ្លង ដទៃៗទៀត ដែលនៅក្នុង ភូមិភាគពាយ័ព្យដូចគ្នា។
ការកត់សម្គាល់ជាទូទៅឃើញថា ប្រជាជនថ្មី ជាច្រើននាក់ មិនសាំ នឹង ការរស់នៅតាមជនបទ ចុងកាត់មាត់ញកឡើយ។ កម្មាភិបាលភាគច្រើន ដែលចេញមក ពីជួរកងទ័ព មិនបានទទួលការបណ្តុះបណ្តាល ផែ្នកកិច្ចការរដ្ឋបាលទេ ហើយក៏ដូចជាអ្នកមូលដ្ឋាន នៅទីនោះដែរ ច្រើនមិនសូវ មានការអាណិតអាសូរ និង ជួយយកអាសាប្រជាជនថ្មីឡើយ ពីព្រោះពួកគេគិតថា កាលពីសង្គមចាស់ អ្នកទាំងនោះ ធ្លាប់តែមានសំណាង រស់នៅសុខស្រួល ជាងពួកគេ។ នៅកនែ្លងជាច្រើនទៀត ការអត់បាយ មានចាប់តាំងពីពេល ដែលពួកគេ បានទៅដល់ភ្លាមម៉េ្លះ។
ការរស់នៅក្រោមសម្ពាធទាំងនោះ បានធ្វើឲ្យប្រជាជនថ្មី ដែលជាអ្នកទីក្រុង រាប់ម៉ឺនរាប់សែននាក់ ស្លាប់ជាបន្តបន្ទាប់ ក្នុងរយពេលដ៏ខ្លី ដោយសារតែការបង្ខំ ឲ្យធ្វើការហួសកម្លាំង និង ខ្វះជីវជាតិអាហារ អ្នកទាំងឡាយណា ដែលមិនចេះ ឬមិនប្រសប់ធ្វើការ តែងត្រូវគេចាប់ យកទៅឃុំឃាំង និង សម្លាប់ចោល ដោយចោទថា ជាខ្មាំង ឬជាជនក្បត់ជាតិ។
លោក ដាច់ ហុន នៅខេត្តពោធិសាត់ បានរំលឹកដូចេ្នះថា ព្រលឹមទល់ព្រលប់ហ្នឹង គឺពលកម្ម រហូតល្ងាចឡើង ប្រជុំជីវភាព ហើយសម្រាក។ បើនិយាយទៅ នៅសល់តែខ្ញុំ ពីរនាក់ទេ ដែលអ្នកនៅ ក្រុមជាមួយ។ គេចេះតែដកទៅណេះទៅណោះ ចេះតែដាច់គ្នាទៅ ខ្លះងាប់ ខ្លះក៏មិនដឹងបាត់ទៅណាទៅណី ចេះតែដកគ្នាជ្រែ មួយខែពីរខែអ៊ីចឹង គេដកទៅដាក់កងនោះ មួយខែពីរខែទៅណេះ តាមអ្នកណា ធ្វើការសកម្ម ឬ មិនសកម្ម បើអ្នកណាគេខ្ចិល គេបន្ថយចូលទៅគុក អ៊ីចឹងទៅ ហ្នឹងចូលមន្ទីរអប់រំហើយ។ កសាងអីណែនាំ បើថាមិនបានហ្នឹង គេច្រើនប្រើ ទៅកាច់ពោត បើថា ទៅកាច់ពោតហ្នឹង សង្ឃឹមតិចណាស់ ព្រោះឲ្យតែកាច់ពោតហ្នឹង គឺគេយកទៅសម្លាប់ហើយ គេប្រើភាសាហ្នឹង "កាច់ពោត"។
រឿងរ៉ាវជីវិត និង ការចងចាំក្នុងរបប ប៉ុល ពត របស់អ្នកនៅរស់ ដែលភាគច្រើនបោះពុម្ពផ្សាយ ជាភាសាអ៊ឺរ៉ុប អង់គេ្លស និង បារាំង នោះ ជារឿយៗ គឺសរសេរឡើង ដោយប្រជាជន ថ្នាក់កណ្តាល ដែលជាអ្នករងការឈឺចាប់ ដោយសារតែ ការពង្រាត់ពួកគេ ពីក្រុមគ្រួសារ ដែលធ្លាប់រស់នៅ ជួបជុំគ្នា យ៉ាងសុខសាន្ត នៅទីក្រុង ភ្នំពេញ ហើយយកពួកគេ មកឲ្យធ្វើការ ក្រោមលក្ខខណ្ឌ តឹងរ៊ឹង នៅតាមខេត្តនានា ក្នុងភូមិភាគពាយ័ព្យនេះ។
បទពិសោធន៍ផ្ទាល់ របស់អ្នកទាំងនោះ បានរួមចំណែក បង្កើតឯកសារជាតិមួយ ស្តីអំពីរបបកម្ពុជា ប្រជាធិបតេយ្យ ទោះបីជាឯកសារទាំងនោះ មិនគ្រប់គ្រាន់ តាមលក្ខណប្រវត្តិសាស្រ្ត ទាំងស្រុងក្តី ក៏ប៉ុនែ្ត វាអាចបំពេញបនែ្ថម នូវសេចក្តីត្រូវការ និង ការចង់ដឹងរបស់ប្រជាជន ដូចដែលលោក វីកឃើរី បានហៅថា ជាទិដ្ឋភាពរួម នៃ របបកម្ពុជា ប្រជាធិបតេយ្យ។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អាចបញ្ជាក់ច្បាស់ថា ប្រជាជនទាំងអស់ មិនត្រឹមតែមាន រឿងរ៉ាវជីវិត និង បទពិសោធន៍ ខុសៗគ្នា ពីភូមិភាគមួយទៅភូមិភាគមួយ និង ពីតំបន់មួយ ទៅតំបន់មួយទៀត ប៉ុណ្ណោះទេ ក៏ប៉ុនែ្តរឿងរ៉ាវ និង បទពិសោធន៍ទាំងនោះ មានការប្រែប្រួល និង ខុសបែ្លក ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ការប្រមូលចងក្រង រឿងរ៉ាវជីវិត នៅក្នុងរបបខែ្មរក្រហម សាក្សីម្នាក់ អាចរំលឹកឡើងវិញ នូវ រឿងរ៉ាវផ្ទាល់ខ្លួន របស់គេខុសៗគ្នា រាប់រយដង។
ជាទូទៅស្ថានភាពរស់នៅ នៅទូទាំងប្រទេស កាន់តែយ៉ាប់យើនទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ ការមិនទុកចិត្តគ្នា បានកើតមានឡើង រវាងថ្នាក់មជ្ឈិម និង ភូមិភាគ ជាពិសេសនៅពេលដែលមាន ការប្រមូលផលស្រូវ មិនបានគ្រប់គ្រាន់ តាមផែនការ សម្រាប់ផ្គត់ផ្គង់ប្រជាជន និង បន្ទាប់ពី បក្សកុម្មុយនីស្តកម្ពុជា ចាប់ផ្តើមបោសសម្អាត កម្មាភិបាលស្មោះត្រង់ និង អ្នកមានបទពិសោធន៍ មួយចំនួន នៅក្នុងឆ្នាំ 1976 និង បន្ទាប់ពីមាន ការវាយប្រយុទ្ធគ្នា ជាមួយវៀតណាម បានផ្ទុះឡើងនៅក្នុងឆ្នាំ 1977រួចមក។