ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
អង្គការបដិវត្តន៍ (ក)
វិទ្យុអាស៊ីសេរី 20070715 ដោយ ឡេង ម៉ាលី
ថ្ងៃសៅរ៍ ទី8.មេសា 2023.ម៉ោង 7:32
នៅក្នុងអំឡុងសម័យកាល នៃ របបខែ្មរក្រហមទាំងមូល រឺ ក៏យ៉ាងហោចណាស់ នៅប៉ុន្មានខែចុងក្រោយ គឺនៅឆ្នាំ 1977 ក្រៅពីសមាជិក របស់បក្សកុម្មុយនីស្តកម្ពុជា មិនមាននរណាម្នាក់ ដឹងថា មានគណបក្សទេ ផ្ទុយមកវិញ ចំពោះប្រជាជន បានត្រឹមតែគេប្រាប់ថា អង្គការ កំពុងគ្រប់គ្រងប្រទេសតែប៉ុណ្ណោះ ជួនកាលពាក្យថា "អង្គការបដិវត្តន៍" ត្រូវបានប្រើជំនួស ប៉ុនែ្តអត្ថន័យ របស់ពាក្យនេះ គឺមានភាពអាថ៌កំបាំង និង ពិបាកយល់ ដូចគ្នា នឹង ពាក្យ អង្គការលើ ដែលគេមិនសូវប្រើ ដូច្នោះដែរ ជាទូទៅប្រជាជន មានការយល់បែ្លកៗគ្នា អំពីអង្គការនៅសម័យនោះ។
អ្នកស្រី ជុំ ឆេងលាង បានបព្ចោញការយល់ឃើញ របស់គាត់ ចំពោះអង្គការដូចេ្នះ ពាក្យអង្គការហ្នឹងដែលលឺ អង្គការ មិនដឹងស្អីដែរ គេឲ្យគោរព អ៊ីចឹងតែម្តង ឲ្យតែលឺថា គេធំៗមក គឺអង្គការ មកហើយៗ អង្គការ ចុះមកហើយ ឥឡូវយើងប្រុងបៀ្របប្រយ័ត្ន គេស្លៀកខ្មៅ ពាក់ខ្មៅ មិនដឹងមកពីណា ថាគេថ្នាក់លើ គេមកអ៊ីចឹងទៅ យើងធ្វើអីអ៊ីចឹង ឃើញគេមកអ៊ីចឹង យើងខំប្រឹងហើយ។
អ្នកស្រី សេន ឧត្ថារី ដែលកាលណោះ នៅជាវ័យកុមារនៅឡើយ បានរំលឺកឡើងវិញថា យើងអត់បានដឹងថា អង្គការហ្នឹងយ៉ាងម៉េចទេ គ្រាន់តែថា ឲ្យតែថា គេជាមេយើង យើងហៅគេថា អង្គការតែម្តង គេហ្នឹងជាប្រធានក្រុម រឺ ក៏ប្រធានកង អីអ៊ីចឹង ហៅគេហ្នឹងជាអង្គការតែម្តង។
រីឯលោក អេង ប៊ុនហៃ បានបញ្ជាក់បនែ្ថម ការយល់ឃើញរបស់គាត់ដូចេ្នះ អង្គការគេហៅថា អង្គការថ្នាក់លើគេ អំណាចប្រមូលផ្តុំលើគេ អង្គការគេ ហើយអាហ្នឹង អង្គការហ្នឹង ប្រធានភូមិ ប្រធានក្រុម សុទ្ធតែអង្គការហើយ អ្នកដែលធ្វើការរាជការ ជំនាន់ហ្នឹងគេហៅ អង្គការហើយ។
ចំពោះលោក យិន សែម បានអះអាងថា លោកយល់អំពី ពាក្យអង្គការនេះច្បាស់ណាស់ កាលពីពេល ដែលលោកធ្វើការជាមេភូមិ នៅក្នុងតំបន់រំដោះ ក្រោមការត្រួតត្រារបស់ខែ្មរក្រហម នៅខេត្តកំពង់ចាម ក្នុងអំឡុងឆ្នាំ 1972។ លោក បានឲ្យដឹងថា មិនមែន អីលូវអីឡាទេ អង្គការហ្នឹង ខ្ញុំតែងតែតាមដានសួរថា ចុះអង្គការហ្នឹង កើតមកពីណា ដល់សួររក វាមិនឃើញសោះ ខ្ញុំធ្វើការវិភាគខ្លួនឯង សព្វគ្រប់ មានមិត្តខ្ញុំម្នាក់ឈ្មោះ ភូ ហើយ និង ព្រឹម និយាយទៅត្រូវគ្នា ខ្ញុំថាយួនជាអ្នកបង្កើតពាក្យអង្គការហ្នឹង សម្រាប់បញ្ជាមកលើខែ្មរ យកពាក្យហ្នឹង បញ្ជាមកលើខែ្មរ ឧបមាថា គណស្រុក បញ្ជាមកលើខ្ញុំ ហើយ ចង់សម្លាប់នរណា ហើយចង់ធ្វើបាបនរណា គេបញ្ជាមកលើខ្ញុំដោយមិនចេញមុខ គឺថា គេថា អង្គការបញ្ជា។
នៅក្នុងវេទិកាសាធារណមួយ ស្តីពីប្រវត្តិសាស្រ្តខែ្មរក្រហម ដែលរៀបចំឡើងដោយ អង្គការសិទ្ធិមនុស្ស អាដហុក និង មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម លោក ហ្វីលីព សត ប្រវត្តិវិទូ នៃ ប្រវត្តិសាស្រ្ត ខែ្មរក្រហម បានឲ្យដឹងថា ពួកកុម្មុយនីស្តកម្ពុជា នាំយកពាក្យ អង្គការនេះ មកប្រើតាំងពី មុនពេលពួកគេឡើងកាន់អំណាចនៅឆ្នាំ 1975 ម៉េ្លះ។
លោក ហ្វីលីព សត បានមានប្រសាសន៍ថា ពាក្យថាអង្គការ ត្រូវបាននាំយកមកប្រើប្រាស់ ជាលើកដំបូង នៅក្នុងទសវត្សរ៍ ឆ្នាំ 1950 មិនមែនជាពាក្យ ទើប នឹង ប្រើ នៅពេលចាប់ផ្តើមរបបខែ្មរក្រហមនោះទេ គេប្រើពាក្យនេះ តាំងពី 20ឆ្នាំមុន របបហ្នឹងទៅទៀត ហេតុផលមួយ ដែលពួកកុម្មុយនីស្ត ក្នុងប្រទេសកម្ពុជា ចាប់ផ្តើម ហៅខ្លួនឯងថា "អង្គការ" ក្នុងទសវត្សរ៍ ឆ្នាំ 1950 នោះ ពីព្រោះ អង្គការកុម្មុយនីស្ត គឺជាស្ថាប័នខុសច្បាប់ ពួកគេត្រូវធ្វើការ ដោយលួចលាក់ ហើយដើម្បីរក្សា ការសម្ងាត់នេះ ពួកកុម្មុយនីស្ត ទាំងអស់នោះ ក៏បានហៅខ្លួនឯងថា ជា "អង្គការ" ពួកគេ ប្រឈមមុខ នឹង ការចាប់ខ្លួន គ្រប់ពេលវេលា ពីព្រោះ នៅពេលនោះ មានការគាបសង្កត់ ពីអាជ្ញាធរ យ៉ាងធ្ងន់ធ្ងរ ដូចេ្នះ ការហៅខ្លួនឯងថា ជា "អង្គការ" នេះ គឺជារឿងមួយ ដែលត្រូវធ្វើដើម្បី ការពារសុវត្តិភាព។ រយៈពេលយ៉ាងយូរ មុនពេលឡើងកាន់អំណាច ចលនាកុម្មុយនីស្ត នៅក្នុងប្រទេសកម្ពុជា បានតស៊ូជាសម្ងាត់ និង ប្រកបដោយ ឧបាយកល រំដោះខ្លួន ពួកមេដឹកនាំ នៃ ចលនានេះ ដែលទំនងជា សាំ នឹង ការរស់នៅក្នុងភពស្រមោលទៅហើយនោះ បានទទួល បទពិសោធន៍មកថា ជោគជ័យជាហូរហែ របស់ពួកគេ គឺតែងតែបានមកពី ការលាក់ការណ៍ មិនបង្ហាញមុខមាត់ពិត។
បន្ទាប់ពីទទួលជ័យជម្នះ នៅក្នុងខែមេសា ឆ្នាំ 1975 មេដឹកនាំប្រុសស្រីទាំងនោះ យល់ថា គ្មានប្រយោជន៍អ្វីសោះ ក្នុងការចេញមុខមាត់ ដោយចំហ ពីព្រោះការបើកចំហមុខមាត់ពិត សត្រូវរបស់ពួកគេ អាចសងេ្កតតាមដាន កត់សម្គាល់ ហើយរកផ្លូវផ្តួលរំលំពួកគេបាន ពួកគេជឿថា វាជាការប្រសើរ សម្រាប់បក្សកុម្មុយនីស្តកម្ពុជា និង មេដឹកនាំបក្សនេះ នៅលាក់មុខដដែល ដរាបណា មេដឹកនាំបក្ស បិទបាំងមិនឲ្យសត្រូវ អាចមើលឃើញខ្លួនហើយនោះ ពួកគេក៏មិននៅឲ្យនរណាម្នាក់ អាចហៅមកពន្យល់ អំពីហេតុផល អ្វីមួយបានដែរ។
ដូចគ្នានេះដែរ កម្មាភិបាលថ្នាក់ក្រោម អាចទម្លាក់ការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ពួកគេ រួមទាំងការសម្លាប់រង្គៀលផងនោះ ទៅលើអង្គការដោយសារតែ អង្គការនោះ មានអំណាច ហើយតែងតែ អះអាងថា មហាភ្លឺស្វាង និង ត្រឹមត្រូវជានិច្ច។
លោក យិន សែម បានបនែ្ថមឲ្យដឹងដូចេ្នះ ខ្ញុំចង់បញ្ជាទៅមេក្រុមថា អីលូវ អង្គការបញ្ជាឲ្យមេក្រុមឯង ទៅចាប់នរណាមួយ ឈ្មោះអីៗមួយ ចង់យកទៅសម្លាប់ទៅអី អាហ្នឹងនៅលើខ្ញុំ បានសេចក្តីថា អង្គការហ្នឹង គឺថា អត់មានរូបរាងទេ គឺថា គ្រាន់តែបង្កើតពាក្យអង្គការហ្នឹង សម្រាប់គោរព។
ហេតុផលមួយទៀត ដែលត្រូវលាក់បាំងឈ្មោះ របស់បក្សកុម្មុយនីស្តកម្ពុជា គឺដើម្បីកាត់ផ្តាច់ទំនាក់ទំនង ក្នុងផ្នត់គំនិតរបស់ប្រជាជន រវាងបក្សកុម្មុយនីស្តកម្ពុជា និង បក្សកុម្មុយនីស្តផេ្សងទៀត ជាពិសេស បក្សកុម្មុយនីស្ត ដែលគ្រប់គ្រងត្រួតត្រា ដោយប្រទេសវៀតណាម ដែលនៅជិតខាង មេដឹកនាំ បក្សកុម្មុយនីស្តកម្ពុជា បានអួតអាងថា ពួកបដិវត្តន៍កម្ពុជា គឺជាខែ្មរសុទ្ធសាធ គឺគ្មាន ការពាក់ព័ន្ធ នឹង ប្រទេសដទៃណាទៀតឡើយ ប៉ុនែ្ត លោក ដេវីត ឆេនល័រ ដែលបានស្រាវជ្រាវរបបខែ្មរក្រហម ជាច្រើនឆ្នាំ បានឲ្យដឹងដូចេ្នះថា ចលនាតស៊ូ របស់ភាគីកម្ពុជា ក្នុងគ្រាដំបូងៗ បានពឹងពាក់ និងទទួល ការឧបត្ថម្ភ ពីភាគីវៀតណាមយ៉ាងច្រើន ការពឹងពាក់នោះ មានជាប់រហូត នៅក្នុងសវត្សរ៍ឆ្នាំ 1950 គឺនៅពេលដែល ភាគីខាងកម្ពុជាចុះខ្សោយ តាមដែលដឹង នៅក្នុងទសវត្សរ៍ ឆ្នាំ 1960 ភាគីវៀតណាម បានស្នើឲ្យមេដឹកនាំចលនាតស៊ូ ខាងកម្ពុជា ពង្រឹងចលនារបស់ខ្លួន ដោយប្តូរពីចលនា ទៅជាបក្សវិញ ពេលនោះ ខាងកម្ពុជា ក៏ធ្វើតាម ហើយ បង្កើតបានជា "គណបក្សពលករកម្ពុជា" មួយឡើង ហើយ ប៉ុល ពត រឺ សាឡុត ស ត្រូវបានវៀតណាម អញ្ជើញឲ្យទៅធ្វើទស្សនកិច្ច នៅទីក្រុងហាណូយ គាត់បានធ្វើដំណើរដោយថ្មើរជើង ទៅទទួលឱវាទ ពីភាគីវៀតណាម នៅទីនោះ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម គឺលោក ឡេ យន់ បានរិះគន់ កម្មវិធីនយោបាយ របស់ ប៉ុល ពត ថា ពុំបាននិយាយយោងអ្វីបន្តិចសោះ ដល់សង្រ្គាមតស៊ូរបស់វៀតណាម និង ចលនាកុម្មុយនីស្ត អន្តរជាតិ ប៉ុនែ្តបែរជា និយាយអំពី តែបញ្ហាផៃ្ទក្នុង របស់កម្ពុជា បញ្ហាសង្រ្គាមវណ្ណៈ និង ការប្រឆាំង នឹង សក្តិភូមិនិយម ទៅវិញ។ ប៉ុល ពត ពេលនោះ មានការអាក់អន់ចិត្ត យ៉ាងខ្លាំង ជាមួយនឹង ភាគីវៀតណាម ប៉ុនែ្ត ពុំបានតបតអ្វីទេ បន្ទាប់មក ប៉ុល ពត ក៏ធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន ដោយមានការអនុញ្ញាត ពីភាគីវៀតណាម ការមកដល់ប្រទេសចិន របស់ ប៉ុល ពត គឺចំពេលដែល បដិវត្តន៍វប្បធម៌ របស់ចិន ជិត នឹង ផ្ទុះឡើង ក្នុងគ្រានោះហើយ ដែល ប៉ុល ពត បានសម្រេចចិត្តថា នឹង យកចិនធ្វើជាចៅហ្វាយ របស់ខ្លួន ហើយ ប៉ុល ពត បានចាប់ផ្តើមបងែ្វរ មនោគមន៍វិជ្ជា របស់បក្ស បន្តិចម្តងៗ ចេញពីភាគីវៀតណាម ហើយងាកទៅរកចិនវិញ។
អស់រយៈពេលជាងបីឆ្នាំ ប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលជ្រុលនិយមមួយ ដែលលុកលុយបំពានលើអ្វីៗ គ្រប់យ៉ាងទាំងអស់ ប៉ុនែ្ត ជារដ្ឋាភិបាល ដែលគ្មានចេញមុខមាត់ ជាមនុស្សពេញលេញ ចំពោះ ប្រជាជនកម្ពុជា ភាគច្រើន គិតថា អង្គការ គឺជាប្រផ្នូលមួយ ដែលមើលឃើញអ្វីៗ គ្រប់យ៉ាង ជាថាមពលមិនអាច មើលឃើញ និងជ្រាបក្នុងខ្យល់ គេដកដង្ហើម ចេញចូល ដើម្បីបំបាក់ស្មារតី ប្រជាជនឲ្យរឹតតែបាក់ស្បាតទៀតនោះ គេថែមទាំងប្រើពាក្យមួយទៀតថា "អង្គការភែ្នកម្នាស់" មានន័យថា អង្គការមានភែ្នកច្រើនដូចផែ្លម្នាស់ ទោះជាអ្នកណាធ្វើអ្វី ក៏អង្គការ ដឹងទាំអស់។ រីឯអ្នកខ្លះទៀត បានលើកឡើងថា "អង្គការសម្លាប់ មិនដែលពន្យល់ប្រាប់" ហើយពាក្យថា "អង្គការជាខួរក្បាលរបស់ប្រជាជន" ក៏ត្រូវបានគេលើក យកមកនិយាយដែរ។
ន័យស្រដៀងគ្នានេះ អ្នកស្រី ជុំ ឆេងលាង មានប្រសាសន៍ ដូចេ្នះ ខ្ញុំ វាប្រដៅ វាអីលើវាហើយ អាទទឹងអីណា ដូចជាឯងហ្នឹង វាអត់ចេះដឹងអីសោះ ឲ្យទៅដាំពោត ហើយឲ្យខ្ញុំធ្វើមេ ធ្វើអ្នកវាស់ វាស់ទៅ ដឹងទេ បណ្តោយ វាវែងជាង ទទឹង តិចលោទទឹង វែងជាងបណ្តោយអី! និយាយប្រដៅខ្ញុំ អ៊ីចឹង គាត់អត់ចេះអក្សរផង អាឯងចេះអក្សរឲ្យស្តាប់ វាស់ផង ថាអ៊ីចឹង ឲ្យបណ្តោយវែងជាងទទឹង តិចឡូច្រឡំ មីងវីនហ្នឹងៗ ប្រធាន "ខ" តែម្តង ប្រដៅហ្នឹង។
ចំណែកឯអ្នកស្រី ឆាយ ឆេងលាង អតីតយុទ្ធនារី ដាច់ខាតម្នាក់ នៅភូមិភាគបូព៌ា ដែលបានចូលរួមតស៊ូជាមួយ ចលនាខែ្មរក្រហម តាំងពីឆ្នាំ 1970 បានមានប្រសាសន៍ថា អ្នកស្រីមិនដែលលឺទេ ពាក្យថា អង្គការ ជាខួរក្បាលរបស់ប្រជាជននោះ អត់មានដូចថា អង្គការ ខួរក្បាលប្រជាជន គឺគ្មានទេ ខ្ញុំអត់ដែលលឺ ដូចថា អង្គការ ជាម៉ែឪហ្នឹង តែប៉ុណ្ណឹង អានេះស្រេចលើប្រជាជនយើង ភ្ញាក់រលឹក រៀងខ្លួនតើ។
ភាគ 11, អង្គការបដិវត្តន៍ (ខ)
វិទ្យុ អាស៊ីសេរី 20070716
ដោយ ឡេង ម៉ាលី
ក្នុងសម័យកាល នៃ របបកម្ពុជាប្រជាធិបតេយ្យ ពួកខែ្មរក្រហម តែងតែលើកសរសើរ ដល់អង្គការបដិវត្តន៍ថា មានភាពមហាភ្លឺស្វាង មហាត្រឹមត្រូវ និង មហាអស្ចារ្យ ស្របពេលនោះដែរ ក៏មានការខ្សឹបខ្សៀវ ពាក្យប្រឆាំង នឹង បដិវត្តន៍មួយបានលើកឡើងថា "អង្គការមានភែ្នក ដូចម្នាស់" អ៊ីចឹងហើយ បានជាមើលមិនឃើញ ការឈឺចាប់ និង ទុក្ខវេទនារបស់ប្រជាជនសោះ។ កម្មាភិបាលបក្សកុម្មុយនីស្តកម្ពុជា ក៏បាននិយាយសំដៅ ដល់អង្គការថា ជាម៉ែជាឪ របស់កុមារា កុមារី និង យុវជន យុវនារីទាំងអស់។ អ្នកស្រី សេន ឧត្តរ៊ី ដែលកាលនោះ នៅជាកុមារ នៅខេត្តកណ្តាល បានរំលឹកឡើងវិញថា គេប្រដៅថា អង្គការជាម៉ែឪយើង ថាអ៊ីចឹង ប៉ុនែ្ត ដល់ពេលគេថា អង្គការ ជាម៉ែឪយើង គឺគេឲ្យគោរព អង្គការហ្នឹងខ្លាំង ប៉ុនែ្តដល់ពេល ម៉ែឪបង្កើត ដូចជា គេមិនបង្គាប់ថា ឲ្យគោរពឲ្យខ្លាំងសោះ វាទៅជាធ្វើឲ្យយើង បាក់ស្បាត ជាមួយអង្គការហ្នឹងតែម្តង ខ្លាចតែម្តង ខ្លាចជាងម៉ែ ជាងឪយើង ទៅទៀតណា។ ក្នុងការប្រកាសបែបនេះ បក្សកុម្មុយនីស្តកម្ពុជា បានតម្រូវ ឲ្យមានការគោរពចំពោះខ្លួន ស្មើ នឹង ការគោរព ដែលប្រជាជនកម្ពុជា មានចំពោះឪពុកម្តាយ របស់គេដែរ ហើយ លើកតម្កើងបក្ស ឲ្យខ្ពស់ជាងគ្រួសារ ដែលពីមុនមក គ្រួសារ ធ្លាប់ជាកត្តាស្នូលក្នុងសង្គមកម្ពុជា។
លោក អេង ប៊ុនហៃ អតីតកុមារាម្នាក់ ក៏បានបញ្ជាក់ឲ្យដឹង បនែ្ថមដូចេ្នះ គេថាអង្គការ ជាម៉ែជាឪយើង ហើយឲ្យយើងគោរព អង្គការហ្នឹងឲ្យត្រង់ ឲ្យស្មោះត្រង់ កុំឲ្យមានការលាក់លៀមអី ដូចថា មានរបស់ប្រើប្រាស់ ជំនាន់ លន់ នល់ ដែលសល់មកហ្នឹង គេឲ្យប្រមូលឲ្យគេទាំងអស់ មិនឲ្យទុកទេ ម៉ែឪយើង គេមិនដែលប្រាប់ឲ្យគោរពម៉ែឪយើងទេ គេឲ្យតែរាយការណ៍ ម៉ែឪយើងធ្វើខុស ក៏យើងត្រូវរាយការណ៍ប្រាប់គេដែរ។ គេថា ស្រលាញ់អង្គការ ដូចជាម៉ែជាឪ ព្រោះគេឲ្យយើង ស៊ីបាយរួមគ្នា អ៊ីចឹង អង្គការហ្នឹង ជាម៉ែឪយើងហើយ។
លោក Francois Bizot ដែលធ្លាប់បានសិក្សា សាសនាព្រះពុទ្ធជាច្រើនឆ្នាំ និង ជាអ្នកនិពន្ធសៀវភៅមួយ ស្តីពីរឿងខែ្មរឈ្មោះ The Gate បានលើកឡើងថា បក្សកុម្មុយនីស្តកម្ពុជា ចង់យកអង្គការ មកជំនួស ទស្សនធម៌របស់សាសនាព្រះពុទ្ធ ដែលជាច្បាប់សម្រាប់គ្រប់គ្រង រាល់ការប្រព្រឹត្តរបស់មនុស្ស លោកថា ព្រះធម៌មានភាពស្រដៀងគ្នា នឹង អង្គការ ព្រោះថា មិនអាចឈោងចាប់បាន ប៉ុនែ្ត មានអំណាចខ្លាំងក្លា។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនខែ្មរ ត្រូវគេបង្ខំឲ្យគោរពតែអង្គការមួយប៉ុណ្ណោះ។ លើសពីនេះទៀត ដើម្បីដើរតាមអង្គការ ប្រជាជនចាំបាច់ ត្រូវគោរពវិន័យ របស់អង្គការ ដូចគ្នា នឹង ព្រះសង្ឃ ដែលត្រូវប្រតិបត្តិ តាមធម៌វិន័យ របស់ពុទ្ធសាសនាដូច្នោះដែរ ការពិតអ្វីដែលជា ចំណុចខុសគ្នា រវាង ការគោរពអង្គការ និង ការគោរពពុទ្ធសាសនានោះ គឺថាវិន័យរបស់អង្គការ មិនសូវសរសេរជាលាយលក្ខណ៍អក្សរទេ មិនដូចធម៌វិន័យ ពុទ្ធសាសនាឡើយ ហើយជារឿយៗ វិន័យរបស់អង្គការ មានការផ្លាស់ប្តូរ ពីមួយថៃ្ងទៅមួយថៃ្ង។ ក្នុងន័យម៉្យាងទៀត អង្គការ បានធ្វើឲ្យប្រជាជន គ្មានលំនឹងក្នុងជីវិត ភ័យខ្លាច ដូចជារស់នៅក្នុងភាពងងឹតសូន្យសុង ដោយសារតែភាពសាហាវឃោរឃៅ របស់អង្គការ មនុស្សជាច្រើន បានយល់ថា អង្គការ មិនមែនមានន័យស្មើ នឹង វិន័យ ប៉ុណ្ណោះទេ ប៉ុនែ្ត ក៏ស្មើ នឹង សេចក្តីស្លាប់ផងដែរ ដែលពិតទៅជាអាទិទេពគួរឲ្យខ្លាច។
អ្នកស្រី សេង ឧត្តរ៊ី មានប្រសាសន៍ដូចេ្នះ ឲ្យតែឃើញពួកហ្នឹង ខ្លាចតែម្តង។ ឲ្យតែឃើញខ្លាចហើយ ឲ្យតែថាគេហ្នឹង មានស្លៀកខ្មៅ ពាក់ខ្មៅ ហើយជាអ្នកគ្រប់គ្រងយើង រឺ ក៏ជាប្រធាន ក្រុមណាក៏ដោយ ឲ្យតែមើលទៅរាងបែ្លក ច្បាស់ជាអង្គការហើយហ្នឹង ឲ្យតែឃើញគេដើរមក យើងភ័យ យើងខ្លាចថា អូ! អង្គការមកហើយ អ៊ីចឹងយើងខ្លាចគេហៅគេថា អង្គការរហូត មិនដឹងថា គេជាប្រធានក្រុម រឺ ជាមេរបៀបម៉េចៗទេ គឺឲ្យយើងគោរព អង្គការហ្នឹង ឲ្យយើងកោតខ្លាច អង្គការហ្នឹង ឲ្យតែថា យើងធ្វើអីមួយ រាងខុសឆ្គង អីហ្នឹង គឺភែ្នកយើង អារម្មណ៍យើងហ្នឹង ចាំៗតែមើលអង្គការហ្នឹង។
អ្នកស្រី សុខ អេង បាននិយាយថា នៅពេលក្រោយ លឺថាអង្គការ ខ្លាចអ៊ីចឹង ខ្លាចដល់ប៉ុណ្ណឹង គ្រាន់តែលឺថា អង្គការខ្លាចប៉ុណ្ណឹង ខ្លាចវា ខ្លាចពេកតែម្តង លោកអើយគ្រាន់តែឃើញ ខ្លាចតែម្តង ហើយបើខុស យកទៅសម្លាប់តែម្តង អត់មានទៅតវ៉ាវាថា ខ្ញុំសុំវិញ ខ្ញុំយកវិញ អត់ទេ គឺវាយកៗហើយ អត់បានទេ យកទៅរៀនសូត្រ ហៅទៅរៀនសូត្រ មិនមែនហៅទៅសម្លាប់ទេ ថាយកទៅរៀនសូត្រ ហើយយកទៅរៀនសូត្រ យកទៅបាត់ហើយ។ អ្នកស្រី សុខ អេង បញ្ជាក់បនែ្ថមថា អង្គការមក ត្រូវតែខ្លាចអ៊ីចឹងតែម្តង រឿងអីក៏មិននិយាយ ធ្វើការកំពុងតែនាំគ្នា សម្រាកអ៊ីចឹង ស្ទុះស្ទាធ្វើការហើយ ខ្លាចអង្គការ។ [ម៉ាលី ម៉េចបានខ្លាចអង្គការ?] យី! អង្គការយកទៅសម្លាប់ចោលណា ដូចប្អូនជីដូនមួយគ្រាន់តែខុសបន្តិច មកហៅទាំងយប់ យកទៅជួយជញ្ជូនអំបិល មិនជញ្ជូនអំបិល យកគ្នាទៅបាត់ យកទៅសម្លាប់ចោលបាត់។ ខុសហ្នឹងទៅរកត្រី ទៅលួចរកត្រី គេចាប់បាន ចាប់បានទាំងមង ទាំងអីអ៊ីចឹងទៅ គេយកទៅសម្លាប់ចោលបាត់ទៅ មួយទៅ ខ្លាចណាស់អង្គការ ខ្លាចសម្លាប់ចោលហ្នុង។
នៅក្នុងខែកក្កដា ឆ្នាំ 1977 តាមរយការផ្សាយក្នុងវិទ្យុយ៉ាងវែងមួយ ស្តីពីការធ្វើទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន ប៉ុល ពត បានទទួលស្គាល់ថា មានបក្សកុម្មុយនីស្តកម្ពុជា។ មុនពេលនោះបន្តិច ប៉ុល ពត និង សុន សេន បានចេញសេចក្តីបង្គាប់សម្ងាត់មួយ ដែលកំណត់ថា ពាក្យថាអង្គការ មិនត្រូវប្រើប្រាស់ ដើម្បីសម្គាល់បុគ្គលឡើយ ប៉ុនែ្តពាក្យថា អង្គការ មានន័យស្មើ នឹង បក្ស បើទោះជា ក្នុងពេលនោះ ពាក្យថា "បក្ស" នៅមិនទាន់បានប្រើ ដោយមនុស្សនៅក្រៅ បក្សកុម្មុយនីស្តកម្ពុជាក៏ដោយ។ ទោះជាយ៉ាងហ្នឹងក្តី សេចក្តីបង្គាប់នោះ មិនបានបញ្ជាក់ទេថា ហេតុអ្វីបានជា ឈ្មោះរបស់បក្សកុម្មុយនីស្តកម្ពុជា ចាំបាច់ត្រូវតែរក្សា ឲ្យនៅជាសម្ងាត់ដដែល។
លោក Philip Short ប្រវត្តិវិទូ នៃ ប្រវត្តិសាស្រ្តខែ្មរក្រហម បានឲ្យដឹងថា អង្គការ គឺជារបបអំណាច នៅគ្រប់លំដាប់ថ្នាក់ ចាប់ពី ប៉ុល ពត និង គណកម្មាធិការអចិន្រៃ្តយ៍ រហូតដល់មនុស្ស នៅតាមមូលដ្ឋាន អង្គការបានឆ្លុះបញ្ចាំងននូវ អាថ៌កំបាំងនេះ ហើយក្លាយជាពាក្យសម្ងាត់ សម្រាប់សម្គាល់អំណាចផ្តាច់មុខ ក្តោបក្តាប់ដោយបក្យកុម្មុយនីស្តកម្ពុជា ជាអ្នកកាន់អំណាច គ្រប់លំដាប់ថ្នាក់ ចាប់ពីគណកម្មាធិការ អចិន្រៃ្តយ៍ ដែលជាថ្នាក់កំពូល រហូតដល់កងឈ្លប និង មនុស្សផេ្សងទៀត នៅតាមមូលដ្ឋាន ហើយអង្គការ ជាទម្រង់ នៃ អំណាចផ្តាច់ការ ដែល ធ្វើឲ្យមាន ការភ័យតក់ស្លុត សម្រាប់អ្នកដែលនៅក្រោម ការគ្រប់គ្រង បែបផ្តាច់ការនេះ។
លោក សៀង សាក់ អតីតយុទ្ធជនខែ្មរក្រហម ផែ្នកដឹកជញ្ជូន ជ័យភណ្ឌ បានបញ្ជាក់អះអាងបនែ្ថមថា ពាក្យថា "អង្គការ" ត្រូវបានចាប់ផ្តើមប្រើ នៅឆ្នាំ 1970 ដែលមានបង្កប់នូវ ឋានានុក្រមនៃ អំណាច របស់ថ្នាក់ដឹកនាំ ខែ្មរក្រហមផងដែរ។ លោក សៀង សាក់ មានប្រសាសន៍ដូចេ្នះ ពាក្យអង្គការហ្នឹង ចាប់ប្រើពីឆ្នាំ 1970 មក ពាក្យអង្គការហ្នឹង គេមានក្របខ័ណ្ឌរបស់គេ ឧទាហរណ៍ថា យើងនៅភូមិហ្នឹង អង្គការលើរបស់ភូមិ គឺឃុំ អង្គការលើរបស់ឃុំ គឺស្រុក ហើយ ដែលហៅថា អង្គការហ្នឹង គឺអ្នកដឹកនាំ យ៉ាងតិចបីនាក់ ដូចថាចៅសង្កាត់អ៊ីចឹង មិនអាចសម្រេច ស្អីមួយបានទេ ទាល់តែសម្រេច ឲ្យបានបីនាក់។ បីនាក់ចង់ធ្វើស្អីមួយ សម្រេចទាំង បីនាក់ហ្នឹងទៅ។ ទាំងបីហ្នឹង មតិទាំងបីហ្នឹង ហៅថាអង្គការ។ ហ្នឹងហើយអង្គការ គឺអ៊ីចឹង។ គេមិនយកចេញថា គណស្រុក មានយោបល់ទេ គេអត់យកពាក្យហ្នឹងទេ គេយកថា ឲ្យវាបានគំនិតច្រើននៅក្នុងហ្នឹង គេមិនចង់ឲ្យថា ដូចថា ខ្ញុំធ្វើគណស្រុកទៅ ខ្ញុំមិនចង់ថា គណស្រុក មានយោបល់ ឲ្យធ្វើអ៊ីចេះៗ គេមិនយកគំនិតហ្នឹងទេ គេឲ្យគណស្រុកហ្នឹង និង គ្នាបីនាក់ក្នុងហ្នឹង អ្នកធំៗបីនាក់ហ្នឹង អនុប្រធានអីហ្នឹង បីនាក់ហ្នឹង សម្រេចជាស្អីមួយ ហើយមតិហ្នឹង ហៅថាអង្គការ។
ចំពោះប្រជាជនកម្ពុជា គ្រប់រូប ដែលមានអាយុ ចាប់ពី 40ឆ្នាំឡើងទៅ ពាក្យថា "អង្គការ" នៅតែបន្តដក់ជាប់ក្នុងចិត្ត របស់គេជានិច្ច ថា ជាថាមពល អាថ៌កំបាំងមួយ ដែលថាមពល ដ៏ព្រឺព្រួចនោះ ស្ទើរតែបំផ្លាញ ប្រទេសកម្ពុជា ទៅជាផេះផង់ ទាំងស្រុងទៅហើយ នៅចន្លោះពីខែ មេសា ឆ្នាំ 1975 ដល់ខែ មករា ឆ្នាំ1979។