ការជម្លៀស ប្រជាជន លើកទី2 (ក)
វិទ្យុអាស៊ីសេរី 20070711 ដោយ ឡេង ម៉ាលី

ថ្ងៃសៅរ៍ ទី1.មេសា 2023.ម៉ោង 8:15

ក្រោយ​ពេល​ដែល​ ពួក​កុម្មុយ​នីស្ត​ ខែ្មរ​ក្រហម​ ដឹក​នាំ​ដោយ ប៉ុល ពត បាន​ទទួល​​ជ័យ​ជម្នះ​ លើ​របប​សាធា​រណ​រដ្ឋ​ខែ្មរ​ របស់​លោក​​សេនា​ប្រ​មុខ​ លន់ នល់ នៅ​ថៃ្ង​ទី 17 មេសា ឆ្នាំ 1975 ភ្លាម​ ពួក​គេ​បាន​ជម្លៀស​ ប្រ​ជា​ជន​ជា​ទ្រង់​ទ្រាយ​ធំ​ លើក​ទី​មួយ​ ចេញ​ពី​ទី​ក្រុង​ទាំង​អស់​ របស់​ប្រ​ទេស​កម្ពុជា​ ឲ្យ​ទៅ​រស់​នៅ ​និង ធ្វើ​ការ​ងារ​កសិ​កម្ម ជា​ទម្ងន់​នៅ​តាម​ជន​បទ​ និង ព្រៃ​ភ្នំ​ ដែល​សំបូរ​ដោយ​ ជំងឺ​គ្រុន​ចាញ់​ ហើយ​បណ្តាល​ឲ្យ​ប្រ​ជា​ជន​ខែ្មរ​ រាប់​សែន​នាក់​ ស្លាប់​បាត់​បង​ជីវិត​ ការ​ជម្លៀស​ប្រ​ជា​ជន​ ចេញ​ពី​ទី​ក្រុង​ មិន​មែន​ជា​​ការ​ចៃ​ដន្យ​ ដូច​ពួក​ខែ្មរ​ក្រហម​​ បាន​ប្រ​កាស​ប្រាប់​ ប្រ​ជា​ជន​ កាល​ពី​ថៃ្ង​ 17​ មេសា​ ឆ្នាំ​ 1975 ថា​ ការ​ជម្លៀស​​ប្រ​ជា​ជន​ ពី​ព្រោះ​ទី​ក្រុង​ នឹង ត្រូវ​ពួក​អា​មេ​រិក ទម្លាក់​គ្រាប់​បែក​​នោះ​ទេ​។ តាម​ពិត​ ការ​ជម្លៀស​ប្រ​ជា​ជន​ គឺ​ជា​គោល​ន​យោ​បាយ​ ជាក់​លាក់​ របស់​ពួក​កុម្មុយ​នីស្ត​ ខែ្មរ​ក្រហ​ម​ ដូច​ដែល​គេ​ ធ្លាប់​ធ្វើ​​តាំង​ពី​ក្នុង​​អំឡុង​ពេល​តស៊ូ​​មក​ម៉េ្លះ​ ​ជាក់​សែ្តង​ គឺ​គេ​តែង​ជម្លៀស​ ឬ កៀរ​ប្រ​ជា​ជន​ ឲ្យ​ទៅ​រស់​នៅ​ ក្នុង​តំបន់​ ដែល​គេ​កាន់​កាប់​ ឬ​ហៅ​ថា​តំបន់​រំដោះ​ ដូច​ជា​​ខេត្ត​រតន​គិរី​ នៅ​ចុង​ទស​វត្សរ៍ ឆ្នាំ 1960 ហើយ​ ខេត្ត​ក្រចេះ​ កំពង់​ចាម​ ស្រុក​ឧដុង្គ​ ខេត្ត​កណ្តាល​ នៅ​ដើម​ទស​វត្សរ៍​ ឆ្នាំ 1970​។​

តាម​មតិ​ខ្លះ បាន​ឲ្យ​ដឹង​ថា​ ការ​ដែល​ពួក​កុម្មុយ​នីស្ត​ ខែ្មរ​ក្រហម​ ជម្លៀស​ប្រ​ជា​ជន ចេញ​ពី​ទី​ក្រុង​ នៅថៃ្ង 17 មេសា​នោះ​ គឺ​ដើម្បី​ឲ្យ​ពួក​គេ​ ងាយ​ស្រួល​គ្រប់​គ្រង​​ប្រ​ជា​ជន​ និង បោស​សម្អាត​ សត្រូវ​ ដែល​នៅ​លាក់​ខ្លួន​។

អ្នក​ស្រី វ៉ែន រ៉ា អតីត​យុទ្ធ​នារី​ពេទ្យ​ នៅ​ភូមិ​ភាគ​និរតី​ ធ្លាប់​បាន​និយាយ​ ឲ្យ​ដឹង​ដូចេ្នះ​ថា មែន 17 មេសា​ ឆ្នាំ 75 ខែ្មរ​ក្រហម​ ធ្វើ​ខុស​ នូវ ការ​ដេញ​ ប្រ​ជា​ពល​រដ្ឋ​ ឲ្យ​ចេញ​ពី​ផ្ទះ ​ប៉ុនែ្ត​ បើ​កាល​ណា​មិន​ដេញ​ មិន​ឲ្យ​គាត់​ចេញ​ មិន​ដឹង​ថា នរ​ណា​ជា​ខ្មាំង​ នរ​ណា​ជា​អ្នក​តស៊ូ​​ពិត​ប្រា​កដ​ គឺ​ថា​ពេល​ហ្នឹង​ វា​ច្រ​បូក​ច្រ​បល់ អ៊ីចឹង​ ពេល​ហ្នឹង​ បើ​ថា​ មិន​ជម្លៀស​ចេញ​ មិន​ដឹង​ថា នរណា​ជា​ ដឺ,បេ អា​មេរិ​កាំង​ទេ​។

យោង​តាម​ឯក​សារ​ របស់​មជ្ឈ​មណ្ឌល​​ឯក​សារ​កម្ពុជា​ បាន​ដក​ស្រង់​សម្តី​ ប៉ុល ពត ក្នុង​ពេល​ធ្វើ​ទស្សន​កិច្ច​​នៅ​ចិន​ ក្នុងឆ្នាំ 1977 ថា​ "ការ​ជម្លៀស​ប្រ​ជា​ជន​ គឺ​ដើម្បី​បំបែក​ អង្គ​ការ​ចារ​កិច្ច​ របស់​ខ្មាំង​"។ ​ទំនង​ជា​ផែ្នក​មួយ​ នៃ ហេតុ​ផល​នេះ​ហើយ​ ទើប​មាន​ការ​ជម្លៀស​ ប្រជា​ជន​ជា​រឿយ​ៗ​ នៅ​ក្នុង​របប​​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ ​ចំណែក​ឯ អៀង សារី ឧប​នាយក​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​ កិច្ច​ការ​បរ​ទេស​ នៃ​របប​​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ក្រោយ​មក​ បាន​លើក​ហេតុ​ផល​ សម្រាប់​ការ​ជម្លៀស​​ប្រជា​ជន​នោះ​​ថា​ "ដោយ​សារ​តែ​ខ្វះ​​មធ្យោ​បាយ​ ដឹក​ជញ្ជូន​ស្បៀង​ចូល​មក​ទី​ក្រុង​"​។​

ការ​ជម្លៀស​ប្រ​ជា​ជន នៅថៃ្ង 17 មេសា ឆ្នាំ 1975 ​គឺ​ជា​ការ​ជម្លៀស​ នៅ​ក្នុង​​ដំណាក់​កាល​ បដិ​វត្តន៍​មួយ​ ដែល​ត្រូវ​ផ្លាស់​ប្តូរ​​វណ្ណ​ប្រ​ជា​ជន​ ទាំង​អស់​ ឲ្យ​ទៅ​ជា​​វណ្ណ​កសិ​ករ កម្ម​ក​រ តែ​មួយ​ ដោយ​ឲ្យ​ប្រ​ជា​ជន​ ទៅ​ធ្វើ​ការ​ងារ​​កសិ​កម្ម​ ទាំង​អស់​គ្នា​ ក្រោម​ទ្រឹស្តី​ ស្មើ​ភាព​គ្នា​ គ្មាន​អ្នក​មាន​ គ្មាន​អ្នក​ក្រ​ គ្មាន​ផ្សារ​ គ្មាន​ការ​ចាយ​លុយ​ គ្មាន​សាលា​រៀន​ គ្មាន​ផ្ទះ​វីឡា​ គ្មាន​ឡាន​ គ្មាន​គឿ្រង​សង្ហា​រិម​ ឬ​ របស់​របរ​ ប្រើ​ប្រាស់​ ទំនើប​ៗ​ ដូច​សម័​យ​ មុន​បដិវត្តន៍​ឡើយ​ ពី​ព្រោះ​ ពួក​កុម្មុយ​នីស្ត​ ខែ្មរ​ក្រហម​ បាន​ចាត់​ទុក​ របស់​អស់​ទាំង​នោះ​​ថា ជា​សម្ភារ​ប្រើ​ប្រាស់​ របស់​ពួក​វណ្ណ​សក្តិ​ភូមិ​ នាយ​ទុន​ និង ជា​ពិសេស​ ពួក​ចក្រ​ពត្តិ​អាមេ​រិក​ ដែល​ពង្វក់​ស្មា​រតី​ ប្រ​ជា​ជន​កម្ពុ​ជា​ ឲ្យ​ឃ្លាត​ចាក​​ឆ្ងាយ​ ពី​លក្ខណ​​ដើម​របស់​ខែ្មរ​។​

បើ​យោង​តាម​ការ​វិភាគ​ របស់​លោក​ ហ្រ្វង់​ស្វ័រ ប៉ុង​សូដ៍ អ្នក​និពន្ធ​សៀវ​ភៅ​ "កម្ពុជា​ឆ្នាំ​​​សូន្យ​" បាន​ឲ្យ​ដឹង​ថា​ ការ​ដែល​​ពួក​កុម្មុយ​នីស្ត​ ខែ្មរ​ក្រ​ហម​ជម្លៀស​ប្រ​ជា​ជន​ ជា​ទ្រង់​ទ្រាយ​ធំ​ លើក​ទី​មួយ​ នៅ​ថៃ្ង​ទី 17​ មេសា​ ឆ្នាំ​ 1975 ឲ្យ​ទៅ​រស់​នៅ​ ធ្វើ​ស្រែ​ចំការ ឯក​ជន​បទ​ និង​ ព្រៃ​ភ្នំ ចុង​កាត់​មាត់​ញក​នោះ​ គឺ​ជា​គំនិត​​របស់​ពួក​គេ​ ចង់​អូស​ទាញ​ខែ្មរ​ ឲ្យ​ត្រឡប់​ទៅ​រក​ លក្ខណ​ខែ្មរ​ នា​សម័យ​ដើម​វិញ​។​

លោក ហ្រ្វង់​ស្វ័រ ប៉ុង​សូដ៍ មាន​ប្រ​សាសន៍​ថា កុំ​និយាយ​ថា​គេ​ជា​មនុស្ស​​ឃោរ​ឃៅ ​មនុស្ស​អា​ក្រក់​ គេ​ចង់​ឲ្យ​ខែ្ម​រ​ ទៅ​ជា​ខែ្មរ​វិញ​​តាម​យោបល់​ខ្ញុំ​។ គេ​ចង់​បង្កើត​​សង្គម​​មុន​អង្គរ​​ទៅ​ទៀត​​។ គេ​ជម្លៀ​ស​ប្រ​ជា​ជន​ ពី​ភ្នំ​ពេញ​​ទៅ​នៅ​ក្នុង​ព្រៃ​ មិន​មែន​ជា​​ការ​សង​សឹក​ មក​ពី​មនោ​គមន៍​វិជ្ជា​ របស់​ខែ្មរ​ក្រហម​ គេ​មិន​ចង់​ឲ្យ​​ប្រ​ជា​ជន​កម្ពុជា​ ដែល​នៅ​ទី​ក្រុង​ ប្រ​ជា​ជន​ទាំង​នោះ​ ខូច​សតិ​អា​រម្មណ៍​ ដោយ​ភាព​សំបូរ​បែប​ ដោយ​សារ​​នៅ​​ទី​​ក្រុង​ មាន​ចិន​ មាន​វៀត​ណាម​ អត់​សូវ​មាន​ខែ្មរ​​ប៉ុន្មានទេ​​ ហើយ​ខែ្មរ​​នៅ​​​ទី​​​នោះ​​ ខូច​សតិ​អា​រម្មណ៍​ ដោយ​សារ​ កុម​ប្រា​ឌ័រ​ Comprador គឺ​គេ​មាន​លុយ​ គេ​ពុក​រលួយ​ ដូចេ្នះ​ ត្រូវ​ត្រ​ឡប់​ទៅ​ព្រៃ​ ទៅ​ឆ្ការ​ព្រៃ​ សង់​ផ្ទះ​ ភ្ជួរ​រាស់​ដាំ​ស្រូវ​ គេ​ត្រ​ឡប់​ទៅ​ជា​ ជន​ជាតិ​ខែ្មរ​ សុទ្ធ​សាធ នេះជា​​មនោ​គមន៍​វិជ្ជា​​របស់​គេ​។

ពីរ​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ឆ្នាំ 1978 របប​កម្ពុ​ជា​ប្រ​ជា​ធិប​តេយ្យ ​បាន​ជម្លៀស​ ប្រ​ជា​ជន​ ជា​ទ្រង់​ទ្រាយ​ធំ​ ម្តង​ទៀត​ ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​ បោស​សម្អាត​ខ្មាំង​ របស់​អង្គ​កា​រ​​នៅ​ទូ​ទាំង​ប្រ​ទេស​ ជា​ពិសេស​ ការ​បោស​សម្អាត​ ការ​បះ​បោរ​​របស់​កង​ទ័ព​ និង ប្រ​ជា​ជន​​នៅ​ភូមិ​ភាគ​បូព៌‌ា​ ក្រោម​ការ​ក្តោប​ក្តាប់​​របស់ ​សោ ភឹម ដែល​ជា​ប្រ​ធាន​ ភូមិ​ភាគ​នោះ​ គាប់​ជួន​ នឹង ការ​ប៉ះ​ប្រ​យុទ្ធ​គ្នា​ខ្លះ​ៗ​ ជា​មួយ​វៀត​ណាម​ រួច​មក​ប្រ​ជា​ជន​ នៅ​ភូមិ​ភាគ​បូព៌‌ា​ ដែល​មាន​ព្រំ​ប្រទល់​​ជាប់​ នឹង ប្រ​ទេស​វៀត​ណាម​ មួយ​ចំនួន​ ត្រួវ​ពួក​កុម្មុយ​នីស្ត​ ខែ្មរ​ក្រហម​ ជម្លៀស​ឲ្យ​ទៅ​នៅ​​ខេត្ត​កំពង់​ចាម​ ត្រើយ​ខាង​លិច​ ទនេ្ល​មេ​គង្គ​ ក៏​ប៉ុនែ្ត​​ប្រ​ជា​ជន​ ភាគ​ច្រើន​បំផុត​ ជា​ពិសេស​ ប្រ​ជា​ជន​នៅ​ខេត្ត​ព្រៃ​វែង​ និង ស្វាយ​រៀង​ ត្រួវ​ពួក​កុម្មុយ​នីស្ត​ខែ្មរ​ក្រហម​ ជម្លៀស​ឲ្យ​ទៅ​នៅ​ ភូមិ​ភាគ​ពា​យ័ព្យ ក្នុង​ទឹក​ដី​ខេត្ត​ពោធិ​សាត់​ និង​ បាត់​ដំបង​។​

អ្នក​ស្រី ហែម រដ្ឋា ដែល​បាន​ជម្លៀស​ ពី​ខេត្ត​ស្វាយ​រៀង​ទៅ​ដល់ ខេត្ត​ពោធិ៍​សាត់ និង បាត់​ដំបង​​ដែរ​នោះ​ បាន​និយាយ​ឲ្យ​ដឹង​​ដូចេ្នះ​ កាល​ជំនាន់​ ប៉ុល ពត នៅ​​ស្វាយ​រៀង​ទេ​ ហើយ​ផ្លាស់​បណ្តើរ​ៗ​ មក​ពី​ខាង​កើត​ ហើយ​អា​ហ្នឹង​ គេ​ចេះ​តែ​ដេញ​ ឧប​មា​ថា យួន​ មក​ដល់​​វាល​ឯ​កើត​ អ៊ី​ចឹង​​យើង​គេ​ឲ្យ​ទៅ​​ឯ​នាយ​បន្តិច​ទៅ​ យួន​​មក​ដល់​ត្រង់​ហ្នឹង​ យើង​គេ​ដេញ​ឲ្យ​ទៅ​នាយ​បន្តិច​ទៀត​ទៅ​ គេ​ចេះ​តែ​បន្ត​ៗ​ ទៅ​ ទៅ​រហូត​ទាល់​តែ​ ដល់​ពោធិ៍​សាត់​ ទៅ​​នៅ​ពោធិ៍​សាត់​។​

អ្នក​ស្រី ចាន់ ទូច អាយុ 66 ឆ្នាំ នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយ​រៀង​ ដែល​បាន​ជម្លៀស​ទៅ​ដល់​​ខេត្ត​បាត់​ដំបង​ បាន​រំលឹក​ឡើង​វិញ​ អំពី​រឿង​រ៉ាវ​​រន្ធត់​តក់​ស្លុត​​ជា​ច្រើន​ ដែល​អ្នក​ស្រី​ ក៏​ដូច​ជា​ប្រ​ជា​ជន​ដទៃ​ទៀត​ បាន​ជួប​ប្រទះ​ នៅ​ពេល​ជម្លៀស​​ទៅដ​ល់​ទី​នោះ​។​ អ្នកស្រី ចាន់ ទូច បាន​ឲ្យ​ដឹង​ថា ទៅ​ដល់​រឺស្សី​ក្រាំង​ កនែ្លង​លត់​ដំ​ កនែ្លង​វ៉ៃ បា​ន​អស់​កូន​អស់​ចៅ​។ មួយ​គ្រួសារ​ ទៅ​គ្នា 9​នាក់​ ដល់​ពេល​មក​វិញ​ បាន​តែ​ពីរ​នាក់​​ កូន​ប្រុស​មួយ​ រត់​ចូល​ព្រៃ​ បាន 3 មក​ដល់​ស្រុក​វិញ​​។ ស្លាប់​ទាំង​អស់​ ខ្លះ​ផុត​ពូជ បើ​ឪ​កេ្មក​​គ្រួសា​រ​ហ្នឹង​ អស់​រលីង​ ហើយ​បង​ប្អូន​ហ្នឹង​ អស់​រលីង​ ហើ​យ ដែល​មក​វិញ​ បាន​គ្នា​តែ​ បួន​នាក់​ទេ​ សុទ្ធ​តែ​មេ​ម៉ាយ​ៗ កូន​ៗ​គ្មាន​ទេ​ គេ​យក​ទៅ​ វ៉ៃ​ចោល​​អស់​ហើយ ខ្ញុំ​បាន​នៅ​រស់​​កូន​ពីរ​នាក់​ នៅ​ពីរ​ អា​មួយ​​វា​រត់​ចូល​ព្រៃ ប្រុស​ រត់​ 3-​4​នាក់​ គ្នា​វា​ហ្នឹង វា​ដឹង​ថា​ គេ​សម្លាប់​ វា​រត់​ នៅ​រោង​បាយ​ហ្នឹង កូន​អា​បង វា​រត់​ចោល​​ប្រ​ពន្ធ​កូន​ វា​អត់​រួច​ អ៊ី​ចឹង​វា​នៅ​ទៅ​ រត់​បាន​គ្នា 5​នាក់​ រត់​មក​រួច​ កូន​បង​គេ​សម្លាប់​ មាន​ចៅ​អាយុ​​បី​ឆ្នាំ​​ហើយ គេ​សម្លាប់​ទាំង​ឪ​ ទាំង​កូន​ ងាប់​ទាំង​ប្អូន​ពីរ​ទៀត​ ងាប់​ទាំង​វា​ ទាំង​ប្តី​ ទាំង​ប្រ​ពន្ធ​ ទាំង​កូន​ទៀត​ ។ ទៅ​ឯ​ហ្នឹង​ មិន​សូវ​មាន​ស្លាប់​ ដោយ​សារ​​អត់​បាយ​ទេ​ គឺ​ស្លាប់​ នឹង គេ​វ៉ៃ​​តែ​ម្តង​ គេ​យក​ទៅ​វ៉ៃ​ចោល​។ ចង​មួយ​ខែ្ស​ទៅ​​អ៊ី​ចឹង​ វា​បណ្តើរ​ យក​ទៅ​វ៉ៃ​ចោល​ទៅ​ ល្ងាច​ក៏​មាន​ យប់​ក៏​មាន​ដែរ​ ជួន​កាល​អី​ ថៃ្ង​អ៊ី​ចឹង ស្លាប់​អស់​ គ្រាន់​តែ​គ្រួសារ​ កូន​ ហើយ​​និង ចៅ​ខ្ញុំ​ហ្នឹង​ ហើយ​ និង ប្តី​ខ្ញុំ​ហ្នឹង​ វា​ 7​នាក់ ហ្នឹង​គ្រាន់​មុខ​ស្លាប់​ ទៅ​ទី​នោះ​ រឿង​បង​ប្អូន​ យើង​កុំ​និយាយ​ ស្លាប់​អស់​ផុត​ៗ​ពូជ ​ស្លាប់​អស់​ តែ​ម្តុំ​ខ្ញុំ​ទេ​ គេ​ហៅ​ ឡអូរ​គៀ្រត​ៗ​ នៅ​រឺស្សី​ក្រាំង​នោះ​។​

សាក្សី​ខ្លះ​បាន​និយាយ​ ឲ្យ​ដឹង​ថា​ ការ​សម្លាប់​នោះ​ ដោយ​សារ​តែ​​គេ​ចោទ​ អ្នក​ទាំង​នោះ​​ថា ជា​អ្នក​ចូល​ដៃ​ ចូល​ជើង​​ជា​មួយ​​វៀត​ណាម​ ឬ ក៏​ដាក់​ឈ្មោះ​​អ្នក​ទាំង​នោះ​​ថា ជា​ពួក ​"ក្បាល​យួន ​ខ្លួន​ខែ្មរ​"​។​ លោក​ ដួង​ សំអាត​ ជា​អ្នក​ស្រុក​ក្រ​វាញ​​ខេត្ត​ពោធិ៍​សាត់​ និយាយ​ថា លោក​បាន​ឃើញ​ ផ្ទាល់​ភែ្នក​ នៅ​ពេល​ដែល​ពួក​​ខែ្មរ​ក្រ​ហម​ សម្លាប់​អ្នក​ស្វាយ​រៀង​ កាល​ដែល​គេ​​សម្លាប់​ ក្រុម​អ្នក​ស្វាយ​រៀង​ខ្លាំង​ នៅ​ក្នុង​អំឡុង​ឆ្នាំ​ ពាក់​កណ្តាល​ 78 ដែល​គេ​ សម្លាប់​ខ្លាំង​នោះ​ គឺ​វៀត​ណាម​ ចង់​ចូល​មក​ហើយ​ កាល​នោះ​ គេ​សម្លាប់​ ខ្លាំង​មែន​ទែន​ អ្នក​ស្វាយ​រៀង​ គេ​ថា​ អ្នក​ស្វាយ​រៀង​ គឺ​សុទ្ធ​តែ​ពួក​ ចូល​ជា​មួយ​ យួន​ ដែល​ លឺហ្នឹង​ ខ្ញុំ​លឺ​គេ​ថា​ទេ​ គេ​ថា​ជា​កម្លាំង​​របស់​យួន​ គេ​ថា​​អ៊ី​ចឹង​។ លឺ​គេ​និយាយ​ថា​ ក្បាល​យួន​ខ្លួន​ខែ្មរ​ សូម្បី​តែ​ខ្ញុំ​ហ្នឹង​ ជម្រះ​តែ​ពោត​ ដាច់​មួយ​ហ្នឹង​ គេ​ថា អា​ហ្នឹង​យួន​ដែរ​ កាល​នោះ​ គេ​បាន​ជម្លៀស​ អ្នក​ស្វាយ​រៀង​ មក​ច្រើន​ណាស់​ រួច​ហើយ​ គេ​សម្លាប់​ អ្នក​ស្វាយ​រៀង​ ទាំង​អស់​ហ្នឹង​​។ ពេល​កំពុង​បោក​ស្រូវ​ ពេល​យប់ គេ​ថា​គេ​ផ្លាស់​សម​រភូមិ ដំបូង​ គេ​បោក​គ្នា​ច្រើន​ណាស់​ គ្នា​មួយ​រយ​នាក់​​អ៊ី​ចឹង​ទៅ​ ប៉ុនែ្ត​ ដល់​ចុង​ក្រោយ​ យប់​ជ្រៅ​បន្តិច​ ស្ងាត់​អស់​ ហើយ​ដឹង​​ហេតុ​កា​រណ៍​ហ្នឹង​ គេ​បាន​ចង​ អ្នក​ស្វាយ​រៀង​ហ្នឹង​ ប្រុង​សម្លាប់​ ប៉ុនែ្ត​ពេល​នោះ​ ក៏​មាន​អ្នក​ខ្លះ​រត់​ៗ​ ទៅ​ក៏​បាញ់​ត្រូវ​ និរ​សារ​ម្នាក់ គាត់​ជា​និរ​សារ​ អូស​ខែ្ស​ អូស​អី​ទៅ​ចង​ហ្នឹង ខ្ញុំ​បាន​ទាន់​​ហេតុ​កា​រណ៍​មួយ​ កាល​នោះ​ ខ្ញុំ​កាត់​ស្មាន​ទៅ​ ប្រ​ហែល​ជា​ ម៉ោងប្រាំជាង ប្រាំ​ល្ងាច​ ដែល​ដើរ​ៗ​មក​ ខ្ញុំ​ឡើង​យក​កូន​សេក​ យក​ទៅ​អាំង​ហូប​ កាល​នោះ​មាន​សេក​ ​ខ្ញុំ​ឃើញ​គេ​សម្លាប់​ អ្នក​ស្វាយ​រៀង​ គឺ​ឃើញ​គេ​វ៉ៃ ហើយ​អារ​ក​ នៅ​ម្តុំ​​កៀន​ផ្ទះ​ខ្ញុំ​ហ្នឹង​ ងាប់​រាប់​រយ​ រាប់​សិប​នាក់​។​

តាម​សាក្សី​ជា​ច្រើន​ ដែល​ជា​អ្នក​រង​គ្រោះ​ បាន​យល់​ស្រប​ថា​ នៅ​ក្នុង​ អំឡុង​ពេល​​ចុង​ក្រោយ​ នៃ​ការ​គ្រប់​គ្រង​អំណាច​ របស់​របប​​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ និង​ ក្នុង​ពេល​​ជម្លៀស​ប្រ​ជា​ជន​ លើក​ទីពីរ​ គឺ​ជា​ដំណាក់​កាល​មួយ​ ដែល​មាន​ ការ​សម្លាប់​រង្គៀល នៅ​ទូ​ទាំង​ប្រទេស​ បន្ទាប់​ពី​យុទ្ធ​នា​ការ​ បោស​សម្អាត​ខ្មាំង​ យ៉ាង​ខ្លាំង​ក្លា​មួយ​ នៅ​ក្នុង​ជួរ​​បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ 1977 ហើយ​ ប្រ​ជា​ជន​នៅ​ខេត្ត​ កំពង់​ចាម​ ព្រៃ​វែង​ និង ស្វាយ​រៀង​ បាន​ប្រឈម​មុខ​ នឹង​ គ្រោះ​ថ្នាក់​នោះ​ ខ្លាំង​ជាង​គេ​ទី​​បំ​ផុត​។​

ការជម្លៀស ប្រជាជន លើកទី2 (ខ)
វិទ្យុអាស៊ីសេរី 20070712 ដោយ ជីវិតា

គេ​នៅ​មិន​ទាន់​ដឹង​ទេ​​ថា មាន​មនុស្ស​​ចំនួន​ប៉ុន្មាន​នាក់​ ដែល​បាន​ស្លាប់​ បាត់​បង់​ជីវិត​ ដោយ​សារ​​ការ​ជម្លៀស​​ប្រ​ជា​ជន​រាប់​លាន​នាក់​ ចេញ​ពី​ទី​ក្រុង​នានា​ នៅ​ទូ​ទាំង​ប្រទេស​ ខណ​ដែល​ កង​ទ័ព​ខែ្មរ​ក្រហម​ ដណ្តើម​បាន​ទី​ក្រុង​ភ្នំ​ពេញ​ កាល​ពី​ថៃ្ង​ទី​ 17 មេសា ឆ្នាំ 1975 ​នោះ​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ជម្លៀស​ចេញ​ ដោយ​គំហុក​ ដោយ​គ្មាន​ផែន​ការ​ ទ្រ​ទ្រង់​ជីវិត​ តាម​បែប​មនុស្ស​ធម៌‌​នោះ​ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ បណ្តាល​ឲ្យ​ស្លាប់​ ជីវិត​មនុស្ស​​រហូត​ទៅ​ដល់​ 30000​នាក់​ ដោយ​មិន​ទាន់​ទាំង​បាន​ ធ្វើ​ដំណើរ​ ទៅ​ដល់​គោល​ដៅ នៅ​ឯ​​ទី​ជន​បទ​នោះ​​នៅ​ឡើយ​ផង​។ អ្នក​ដែល​បាន​ស្លាប់​នោះ​ រួម​មាន​ទា​ហាន​ លន់ នល់ ដែល​ត្រូវ​បាន​ គេ​សម្លាប់​ភ្លាម​ៗ​ នៅ នឹង កនែ្លង​ មាន​ទាំង​ មនុស្ស​ចាស់​ជរា​ កូន​កេ្មង​ និង​ អ្នក​ជំងឺ​ ដែល​ត្រូវ​បាន​បង្ខំ​ ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ដោយ​មិន​គិត​​អំពី​ស្ថាន​ភាព​ អាការៈ​ជំងឺ​ របស់​ពួក​គេ​ឡើយ​​។​ អ្នក​ទាំង​នោះ​ ស្ថិត​នៅ​ក្នុង​ សម្លៀក​បំពាក់​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ មិន​អាច​ធ្វើ​ដំណើរ​​បាន​ឆ្ងាយ​ ហើយ​ ងាយ​ស្រួល​ នឹង​ មើល​ស្គាល់​ថា​ ជា​មនុស្ស​របស់​របប​ ដែល​បាន​ចាញ់​សង្រ្គាម​។​ ការ​ជម្លៀស​នោះ​ បាន​ប្រ​ព្រឹត្ត​ទៅ​​យ៉ាង​លឿន​ ដោយ​គ្មាន​ធម៌‌​មេត្តា​ និង អនុ​គ្រោះ​ នៅ​ក្រោម​កម្តៅ​ថៃ្ង​​ហួត​ហែង​បំផុត​ នារ​ដូវ​ចូល​ឆ្នាំ​​ខែ្មរ​។​

លោក វង្ស ម៉ាច ជា​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ នា​ពេល​នោះ​ បាន​​រំលឹក​ឡើង​ថា​ កាល​ហ្នុង​ ខែ្មរ​ក្រហម​​ចូល​ដល់​ យើង​ម្នាក់​ៗ​ ដូច​ថា​ អើ​យើង​ចេះ​តែ​​នឹក​ឃើញ​ថា​ បែប​គេ​​ចូល​មក​ស្រួល​ហើយ​​។​ ម្នាក់​ៗ​ ទៅ​ជា​ អប​អរ​សា​ទរ​វិញ​ ដោយ​គិត​ថា​ បាន​សុខ​សប្បាយ​​។​ ហើយ​យើង​ទៅ​ទទួល​គេ​ ឲ្យ​បារី​​ឲ្យ​ជក់​ តាម​ផ្លូវ​ដែរ​ ប៉ុនែ្ត​​ដូច​ខ្លាច​ដែរ​ ពួក​ហ្នឹង​​លេង​មូរ​ជើង​ខោ​តែ​ម្តង​ ស្ពាយ​កាំ​ភ្លើង​​ដូច​ខ្លាច​ដែរ​។​ ឲ្យ​បារី​ កាល​ហ្នុង​​គេ​យក​ដែរ​ ហើយ​និយាយ​ល្អ​ ជា​មួយ​យើង​ ហៅ​ថា​ ពុក​ម៉ែ​ៗ​អ៊ី​ចឹង​ កាល​ហ្នឹង​ វា​ចូល​មក​ភ្លាម​ វា​មិន​ទាន់​ដេញ​​ភ្លាម​ទេ​ នៅ​ផ្សារ​ដេប៉ូ​ហ្នឹង​ យើង​ដេក​​បាន​មួយ​យប់​​ វា​ឲ្យ​យើង​ចេញ​តែ​ម្តង​ កាល​ហ្នឹង​​​បើសិន​ យើង​មិន​ចេញ​ យើង​ក៏​ពិបាក​ដែរ​ ប៉ុនែ្ត​​គេនិ​យាយ​ល្អ ជា​មួយ​យើង​ដែរ​ទេ​ ស្រាប់​តែ​​គ្រាន់​តែ​ចេញ​ ប្រ​ហែល​ជា​ 10​ ឬ 20​ម៉ែត្រ​ អា​នោះ​ តម្រង់​កាំ​ភ្លើង​ តាម​តែ​ម្តង​ អត់​ឲ្យ​បក​ក្រោយ​វិញ​ ទៅ​រហូត​។

លោក យិន សែម ដែល​ត្រូវ​បាន​ជម្លៀស​ ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ នៅ​ក្នុង​គ្រា​នោះ​ បាន​រំលឹក​អំពី​​ទិដ្ឋ​​ភាព​ ដែល​លោក​​បាន​មើល​​ឃើញ​​ដូចេ្នះ​ថា ពេល​​យើង​ ដើរ​ទៅ​ហ្នឹង​ យើង​ជួប​ឃើញ​ខ្មោច​ ឃើញ​ស្អី​ហ្នឹង​ ពេញ​ទឹក​ពេញ​ដី​ហ្នឹង​។​

លោក សៀង សាក់ អតីត​យុទ្ធ​ជន​បដិវត្ត​ន៍​ ផែ្ន​ក​ជញ្ជូន​ ជ័យ​ភ័ណ្ឌ​ ដែល​បាន​ចូល​ទី​ក្រុង​ភ្នំ​ពេញ នៅ​ថៃ្ង​ជ័យ​ជម្នះ 17 មេសា​នោះ​ បាន​បញ្ជាក់​បនែ្ថម​ថា​ ការ​សម្លាប់​​មន្រ្តី​រាជ​ការ​ នៃ របប​មុន​ ប្រាកដ​ជា​កើត​មាន​មែន​ ហើយ​ការ​សម្លាប់​នោះ​ ត្រូវ​បាន​បញ្ឈប់​ ដោយ​សម​មិត្ត​ អៀង​ សារី។ លោក សៀង សាក់ បាន​មាន​ប្រសា​សន៍​ថា អៀង សារី មក​ឃាត់​ៗ​ អា​មេ​គេ​ មេ​គេ​ដែល​បញ្ជា​ថា​ ឲ្យ​យក​ទៅ​សម្លាប់​ហ្នឹង​​ទៅ​ជួប​ និយាយ​កាសែត​ ពីរ​ម៉ោង​ ប៉ុនែ្ត 24​ហ្នឹង​ ឈប់​សម្លាប់​ហើយ​ អស់​ហើយ​។​ យក​ទៅ​សម្លាប់​ហ្នឹង​​ដូច​ថា​ ធំ​ៗ​។ អ្នក​ដែល​គេ​ប្រាប់​មក​ ដូច​ថា ឡុង បូរ៉េត លន់ នល់​។ អត់​ដឹង​ អ្នក​ណា​ទៀត​ទេ​ អត់​ស្គាល់​ផង​ យើង​នៅ​ជន​បទ​ យើង​មិន​ដឹង​។​

វិទ្យុអា​ស៊ីសេរី ពុំ​ទាន់​អាច​រក​ប្រភព​ផេ្សង​ទៀត​ ដែល​អាច​ បញ្ជាក់​បាន​​ថា អៀង សារី ដែល​មាន​រហ័ស​នាម​​ថា បង​ធំ​ទី​បី​ នៃ​ ចលនា​ខែ្មរ​ក្រហម​​នា​ពេល​នោះ​ ប្រាកដ​ជា​ បាន​ទប់​ស្កាត់​ ការ​សម្លាប់​នោះ​ មែន​ដែរ​ឬ​ទេ? តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រយ​ពេលប្រាំ​ខែ​ ក្រោយ​មក​ គឺ​នៅ​ក្នុង​ ខែ​តុលា ឆ្នាំ 1975 អៀង សារី តំណាង​ឲ្យ​កម្ពុជា​ បាន​ទៅ​ចូល​រួម​​ក្នុង​មហា​សន្និ​បាត​ នៃ អង្គ​ការ​​សហ​ប្រ​ជា​ជាតិ​ នៅ​ក្នុង​បុរីញូវ​យ៉ក​ សហ​រដ្ឋ​អា​មេរិក​។

លោក​ស្រី​ អ៊ីលី​​សា​បែត​ បេក​កឺ​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌‌​មាន​ សម្រាប់​ការ​សែត​ វ៉ា​ស៊ីន​តុន​ ប៉ុស្ដិ៍​ ដែល​បាន​ជួប អៀង សារី នៅ​ទី​នោះ​ បាន​ឲ្យ​ដឹង​ថា អៀង សារី បាន​និយាយ​ទៅ​កាន់​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ថា​ ការ​ជម្លៀស​ ប្រ​ជា​ជន​កម្ពុជា​ ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​ កាល​ពី​​ខែ​មេសា កន្លង​ទៅ​ បាន​ធ្វើ​ឡើង​ ដោយ​គ្មាន​ប្រើ​​អំពើ​ហិង្សា​ និង ការ​បង្ហូរ​ឈាម​ទេ​។ លោក​ស្រី​ អ៊ី​លី​សា​បែត​ បេក​កឺ​ បាន​មាន​ប្រសា​សន៍​ថា​ នៅ​ពេល​នោះ​ អៀង សារី បាន​និយាយ​ថា​ ការ​ជម្លៀស​ប្រជា​ជន​ ចេញ​ពី​ទី​ក្រុង​ បាន​ធ្វើ​ឡើង​ ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​ អ្នក​ដឹង​ទេ​ នៅ​ពេល​នោះ​ ប្រ​ទេស​ប្រ​មាណ​ ពាក់​កណ្តាល​ពិភព​លោក​ បាន​ធ្លាក់​ទៅ​ក្នុង​ របប​កុម្មុយ​នីស្ត​​ទៅ​ហើយ​ ដូចេ្នះ​ មិន​សូវ​មាន​អ្នក​ណា ចាប់​អារម្មណ៍​ទេ​ ចំពោះ​​ការ​ជម្លៀស​​មនុស្ស​​ចេញ​ពី​ទី​ក្រុង​នោះ​​។ គេ​គ្រាន់​តែ​ ចាត់​ទុក​ថា​ នោះ​ជា​ចលនា​​ផ្លាស់​ប្តូ​រ​មួយ​ របស់​ពួក​កុម្មុយ​នីស្ត​​តែ​ប៉ុណ្ណោះ​។​ លោក​ស្រី អ៊ីល​លី​សា​បេត​ បេក​កឺ បាន​បន្ត​ទៀត​ថា​ បន្តិច​ក្រោយ​មក​ សមេ្តច​ ព្រះ​នរោត្ត្តម សីហនុ ដែល​បាន​យាង​​មក​ដល់​​ទី​ក្រុង​ញូ​វ​យ៉ក​ ក្រោយ​ អៀង សារី បន្តិច​ ក៏​បាន​មាន​ ព្រះ​រាជ​បន្ទូល​ ប្រាប់​ទៅ​ អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ដូច​គ្នា​ នឹង​ សេ​ច​ក្តី​រាយ​ការណ៍​ របស់ អៀង សារី ផង​ដែរ​ ពោល​ គឺ​ការ​ជម្លៀស​ប្រជា​ជន​​ចេញ​ពី​ទី​ក្រុង​ បាន​ប្រ​ព្រឹត្ត​ទៅ​ ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​។​

អ្នក​ស្រី លឹម គៀង អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ បាន​រំលឹក​ ផង​ដែរ​ថា ​ទាហាន​​លើក​ទង់​ជ័យ​ស ខែ្មរ​ក្រហម​ ឃើញ​តែ​ចូល​មក​ ខោ​អាវ​ខ្មៅ​ៗ​ ឲ្យ​ចេញ​ពី​ក្រុង​សិ​ន​ មួយ​រយ​សិន​​។ ហើយ​ផុត​ពី​ទី​ក្រុង​ ទៅ​ដល់​ពេទ្យ​លោក​សង្ឃ​ វា​ដេញ​ត​ទៅ​ទៀត​ ដល់​ពោធិ៍​ចិន​តុង​ វា​ដេញ​ត​ទៅ​ទៀត​​។ ដេញ​លើក​កាំ​ភ្លើង​ លើក​ស្អី​ រក​បាញ់​យើង​។​ អត់​ងាក​ក្រោយ​ទេ​ ទៅ​រហូត មនុស្ស​ច្រើន​ណាស់​ ទៅ​ហូរ​ហែរ​ រទេះ​ក៏​មាន​ ឡាន​ក៏​មាន​ កង់​ក៏​មាន​ ចេះ​តែ​ទៅ​ហើយ​ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ វា​យក​អស់​វិញ​​​ដដែល​ ផ្លូវ​សំរោង​ ងាប់​រដូក​តាម​ភ្លឺ​ស្រែ​ មិន​ដឹង​ងាប់​​ដោយ​សារ​ស្អី​។​

នៅ​ក្នុង​ចម្បាំង​ លើក​ចុង​ក្រោយ​នេះ​ ពួក​កុម្មុយ​នីស្ត​ ខែ្មរ​ក្រហម​ បាន​ព្យា​យាម​បំបាត់​​ទី​​ក្រុង​ចោល​​ភ្លាម​​ៗ​ ពី​ព្រោះ​ពួក​គេ មើល​ឃើញ​ថា​ ពួក​អ្នក​កេង​ប្រ​វ័ញ្ច​ គឺ​ជា​បក្ស​ពួក​ របស់​ឥស្សរ​ជន​ ដែល​រស់​នៅ​ ក្នុង​ទី​ក្រុង​ ដូចេ្នះ​ គេ​ត្រូវ​តែ​ជម្លៀស​​មនុស្ស​ទាំង​នោះ​​ចេញ​ ដើម្បី​ឲ្យ​ទៅ​បំ​ពេញ​​ការ​ងារ​កសិ​កម្ម​ នៅ​ឯ​ជន​បទ​ ហាត់​ពត់​លត់​ដំ​ ឲ្យ​ស្គាល់​អំពី​ ទុក្ខ​លំ​បាក​របស់​កសិ​ករ​។​

នៅ​ក្នុង​គ្រា​នោះ​ ទាំង​ប្រ​ជា​ជន​ ដែល​ត្រូវ​បាន​ជម្លៀស​ និង​ ក្នុង​ចំណោម​​ទាហាន​ និង កម្មា​ភិបាល​​ខែ្មរ​​ក្រហម​​ខ្លួន​ឯង​ មួយ​ចំនួន​ធំ​ សុទ្ធ​តែ​មាន​​ការ​យល់​ច្រឡំ​ អំពី​ហេតុ​ផល​ នៃ ការ​ជម្លៀស​ទាំង​នោះ​។ ខែ្មរ​ក្រហម​ភាគ​ច្រើន​ មិន​បាន​ទាំង​ដឹង​ អំពី​​ផែន​ការ​ជម្លៀស​​ផង​ទេ​ រហូត​ដល់​​នាទី​ចុង​ក្រោយ​ ក្នុង​ចំណោម​នោះ​ មាន​លោក សៀង សាក់ ស្រាប់​ព្រឹក​ឡើង​ វា​លឺ "កុំ​នៅ​ៗ ចេញ​ៗ​ៗ​" អាណា​មុខ​ទៅ​ណា​ ទៅ​ហ្នឹង​ហើយ​ កប៉ាល់​ហោះ ទម្លាក់​ងាប់​ឥឡូ​វ​ហើយ អ៊ី​​ចឹង​ឈុល​ទៅ​ អា​ផែន​ការ​ វា​អត់​លឺ​ថា​ ត្រូវ​ជម្លៀស​ស្អី​ទេ​ មិន​ដែល​លឺ​ទេ​ រឺ គ្រាន់​តែ​ជា​ គម្រោង​គេ​ថ្នាក់​លើ​ ដែល​យើង​អត់​ដឹង​ យើង​ដឹង​មិន​ដល់​ដែរ​។

ខណៈដែល កម្មាភិបាលខែ្មរក្រហម បំភ័យឲ្យប្រជាជន ចេញពីីទីក្រុង ដោយប្រាប់ថា យន្តហោះ របស់សហរដ្ឋអាមេរិក នឹងទម្លាក់គ្រាប់បែក ចមៀ្រងបដិវត្តន៍ របស់កងទ័ព ខែ្មរក្រហម ដែលបានតាក់តែង តៀ្រមទុក សម្រាប់ថៃ្ងជ័យជម្នះនេះ ក៏បានចាក់ផ្សាយ លាន់លឺកងរំពង ផងដែរ​។ លោក សៀង សាក់ នៅ​ចាំ​បាន​ថា ចមៀ្រង​ គេ​តែង​តាំង​ពី​ មិន​ទាន់​បែក​ម៉េ្លះ​ គ្រាន់​តែ​ស្រែក​ថា​ ទី​នេះ​ភ្នំ​ពេញ​ ស្ថា​នីយ​វិទ្យុ​​ផ្សាយ​សំលេង រណ​សិរ្ស​រួប​រួម​ជាតិ​​កម្ពុជា​ ប៉ុនែ្ត​មិន​មែន​ទេ​ ឡាន​នៅ​ក្នុង​ព្រៃ​ឯ​ណោះ​។​ ចមៀ្រង​គេ​មាន​ ហើយ​ស្រេច​ៗ​​ទេតើ​។ ក្រុម​អ្នក​តែ​ង​ហ្នឹង​ ក្រុម​ កុយ​ ធួន​។ ដល់​បែក​ភ្លាម​ ចាក់​ភ្លាម​ព្រឹប​ៗ​ៗ​ ភ្លាម​ដូច​ជា​បទ​ "ទង់​បក់​រវិច​ នៅ​ទនេ្ល​បួន​មុខ​" អី​ គេ​តែង​តាំង​ ពី​មុន​មក​ហើយ​។​

ទោះ​បី​ជា កម្មា​ភិបាល​ខែ្មរ​ក្រហ​ម ប្រ​ហែល​ជា​ បាន​ដឹង​ហើយ​ថា យុទ្ធ​នា​ការ​ ទម្លាក់​គ្រាប់​បែក​ របស់​សហ​រដ្ឋ​អា​មេរិក​ មក​លើ​ទី​ក្រុង​ មិន​អាច​កើត​មាន​ ក៏​ដោយ​ចុះ​ ការ​ពន្យល់​​ផេ្សង​ទៀត​ ពី​មូល​ហេតុ​ នៃ​ ការ​ជម្លៀស​នោះ​ ទំនង​ជា​​អាច​ជឿ​បាន​ដែរ​។

លោក​សាស្រ្តា​ចារ្យ​ ដេវីត ឆេនល័រ ប្រ​វត្តិ​វិទូ​ នៃ ប្រវត្តិ​សាស្រ្ត​ខែ្មរ​ បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ ដែល​ទំនង​​អាច​ជឿ​បាន​ទាំង​នោះ​ រួម​មាន​ការ​ពិបាក​ ក្នុង​ការ​គ្រប់​គ្រង​​មនុស្ស​ និង​ ការ​ផ្តល់​អាហារ​ ដល់​ប្រ​ជា​ពល​រដ្ឋ​ ក្នុង​ទី​ក្រុង ចំនួន​ 2​លាន​ 5​សែន​នាក់​ ការ​ពិបាក​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​ ពួក​អ្នក​ទី​ក្រុង​ ឲ្យ​ចូល​រួម​ក្នុង​ការ​ធ្វើ​បដិ​វត្តន៍​ និង ការ​ប្រ​ឆាំង​ ត​បត​វិញ​ មិន​ថា​ រៀ​ប​ចំ​ ដោយ​ពួក​បរ​ទេស​ ឬ​ក៏​ ខែ្មរ​នោះ​ទេ​ គឺ​ពិត​ជា​អាច​ នឹង កើត​មាន​បាន​ផង​ដែរ​។​

ញ៉ែម អេន អតីត​យុទ្ធ​ជន​ខែ្មរ​ក្រហម​ បាន​ឲ្យ​ដឹង​ថា​ ​គេ​ត្រូវ​តែ​ជម្លៀស​ ប្រ​ជា​ជន​​ចេញ​ពី​​ក្រុង​ភ្នំ​ពេញ​ទាំង​អស់​ ទូ​ទាំង​ប្រ​ទេស​ ឲ្យ​ប្រ​ជា​ជន​ នៅ​តាម​ជន​បទ​ទៅ​ ដាច់​ខែ្ស​រយៈ​អស់​ គ្មាន​ខែ្ស​រយៈ សេ,អ៊ី,អា គ្មាន​ខែ្ស​រយៈ ​ផេ្សង​ៗ​ទៀត​។

បើ​តាម​លោក​សាស្រ្តា​ចារ្យ ដេវីត​ ឆេន​ល័រ​ ដ​ដែល​ តាម​ពិត​ទៅ​ រាល់​ការ​បក​ស្រាយ​​ខាង​លើ ​សុទ្ធ​តែ​បាន​លាក់​បំបាំង​ការ​ពិត​មួយ​ គឺ​ថា​ ការ​ជម្លៀស​នេះ​ គឺ​ជា​ការ​សម្រេច​​ចិត្ត​មួយ​ បែប​នយោ​បាយ​ ដែល​បាន​សម្រេច​ ដោយ​ថ្នាក់​លើ នៃ គណ​បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​ នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ 1975 ដែល​មាន​បំណង​ បងែ្វរ​ផ្លាស់​ប្តូរ​ វប្ប​ធម៌‌​ និង​ ស្ថា​ប័ន​កម្ពុជា​ ក្នុង​ប្រ​ទេស​​ទាំង​មូល​តែ​ម្តង​។​ របៀប​វារៈ​បដិ​វត្តន៍​នេះ​ ត្រូវ​បាន​ពន្យល់​ដល់​ សមា​ជិក​បក្ស នៅ​ឯ​កិច្ច​ប្រ​ជុំ​ធំ​មួយ​ នៅ​ក្នុង​​ទី​ក្រុង​ភ្នំ​ពេញ កាល​ពី​ថៃ្ង​ទី 20 ដល់​ថៃ្ង​ទី 24 ខែ​ឧស​ភា ហើយ​ បាន​លើក​ឡើង​ អំពី​ផែន​ការ​​ផេ្សង​ៗ​ ក្នុង​នោះ​មាន​ ការ​ផ្សឹក​ព្រះ​សង្ឃ​ លុប​បំបាត់​ចោល​ ទី​ផ្សារ​ រូបិយ​ប័ណ្ណ​ និង​ ទ្រព្យ​សម្បត្តិ​ឯក​ជន​ ការ​សម្លាប់​ នាយ​ទាហាន​ និង មន្រ្តី​ជាន់​ខ្ពស់​ របស់​របប​ លន់​ នល់ ការ​បញ្ជូន​ជន​ជាតិ​ វៀត​ណាម​ ទាំង​អស់​ត្រឡប់​ទៅ​ វៀត​ណាម​វិញ​ និង ការ​បង្កើត​ សហ​ករណ៍​ កសិ​កម្ម ទូ​ទាំង​ប្រ​ទេស​។​

អ្នកស្រី លឹម គៀង អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ ត្រូវ​បាន​ ខែ្មរ​ក្រហម​ ជម្លៀស​ទៅ​​បំពេញ​ ការ​ងារ​កសិ​កម្ម នៅ​ឯ​ខែត្រ​បាត់​ដំបង​ នៅ​​ខែត្រ​កំពង់​ស្ពឺ នៅ​ពីរ​ខែ បី​ខែ​ដែរ​។ ទៅ​បាត់​ដំបង​ ជិះ​រទេះ​ភ្លើង​ មួយ​យប់​មួយ​ថៃ្ង​ ទម្រាំ​ដល់​​ខ្វិន​ ទៅ​ដល់​​ហើម​ខ្លួន​ ហើម​​ស្អី​ អស់​ហើយ​។ គេ​ថា​ ទៅ​កនែ្លង​សំបូរ​ហូប​។

បដិវត្តន៍​កុម្មុយ​នីស្ត​​កម្ពុជា ដែល​ផ្តើម​ដំបូង​ ដោយ​ការ​ជម្លៀស​​មនុស្ស ចេញ​ពី​ទី​ក្រុង​ ឡើង​ទៅ​ គឺ​ជា​ការ​ចាប់​ផ្តើម​ ធ្វើ​បដិ​វត្តន៍​ សង្គម​និយម​ ក្រោម​ការ​ដឹក​នាំ​ របស់​អង្គ​ការ​​បដិ​វត្តន៍​ ដែល​សំដៅ​ទៅ​ដល់​ បក្ស​កុម្មុយ​នីស្ត​ កម្ពុជា​ ដឹក​នាំ​ដោយ​ ប៉ុល ពត បាន​អះ​អាង​ថា​ នឹង ប្រែ​ក្លាយ​កម្ពុ​ជា​ តាម​រយៈ​ជំហាន​ មហា​លោត​ផ្លោះ មហា​អស្ចារ្យ​ ឲ្យ​ទៅ​ជា​ សង្គ​ម​មួយ​​​ស្មើ​ភាព​គ្នា​ គ្មាន​វណ្ណៈ​ជិះ​ជាន់​គេ​ និង​ គ្មាន​វណ្ណ​ ត្រូវ​គេ​ជិះ​ជាន់​។ ក្រោម​ការ​ដឹក​នាំ​ របស់​អង្គ​ការ​បដិ​វត្តន៍​ ប្រជា​ជន​កម្ពុជា​ ស្លាប់​បាត់​បង​ជីវិត​ ប្រមាណ​​ពីរ​លាន​នាក់​។