ជ័យជម្នះ ដែលមិនបាន រំពឹងទុក
វិទ្យុអាស៊ីសេរី 20070705 ដោយ ឡេង ម៉ាលី

ថ្ងៃសៅរ៍ ទី25.មីនា 2023.ម៉ោង 8:27

 នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ 1975 របប​សាធា​រ​ណ​រដ្ឋ​ខែ្មរ​ ដែល​ដឹក​នាំ​ ដោយ​លោក​សេនា​ប្រ​មុខ លន់ នល់ បាន​ឈាន​ដល់​ ការ​ដួល​រលំ​ ហើយ​របប​​និយម​អា​មេរិក​​មួយ​នេះ​ ត្រួត​​ត្រា​​​បាន​តែ​ភ្នំ​ពេញ​ និង​ ទី​ក្រុង​ធំ​ៗ​ ពីរ​ ឬ​ បី​ប៉ុណ្ណោះ កង​ទ័ព​របស់​របប​នេះ​ បាន​ថម​ថយ​ខ្សោះ​កម្លាំង​ ក្រោយ​ពី​ការ​ប្រយុទ្ធ​ បង្ហូរ​ឈាម​គ្នា​ ជា​មួយ ​កង​ទ័ព​ខែ្មរ​ក្រហម​ អស់​រយ​ពេល​ ប្រាំ​ឆ្នាំ​កន្លង​មក ​ក្នុង​សង្រ្គាម​ប្រាំ​ឆ្នាំ​នេះ​ បាន​បណ្តាល​ឲ្យ​​មនុស្ស​រាប់​សែន​នាក់​ ស្លាប់​បាត់​បង់​ជីវិត​។

នៅ​មិន​យូរ​ប៉ុន្មាន​ មុន​ថៃ្ង​ដួល​រលំ​ ច្រក​ចូល​ទី​ក្រុង​ភ្នំ​ពេញ​ ទាំង​ផ្លូវ​គោក​ និង ផ្លូវ​ទឹក​ បាន​ត្រូវ​កាត់​ផ្តាច់​ ឬ ស្ថិត​នៅ​ក្រោម​​ការ​ត្រួត​ត្រា​ របស់​កង​ទ័ព​ខែ្មរ​ក្រហម​ ​គ្រាប់​មីន​ ដែល​កង​ទ័ព​​ខែ្មរ​ក្រហម​ ដាក់​នៅ​ក្នុង​ ទនេ្ល​មេ​គង្គ​ បាន​ទប់​ស្កាត់​ ការ​ផ្គត់​ផ្គង់​ ស្បៀង​អាហារ​ ពី​ខាង​ក្រៅ ​ចូល​មក​ទី​ក្រុង​ភ្នំ​ពេញ​ ​មធ្យោ​បាយ​តែ​មួយ​គត់​ ដែល​អាច​នាំ​ស្បៀង​​ចូល​មក​ ទី​ក្រុង​ភ្នំ​ពេញ​បាន​ នា​ពេល​នោះ​ គឺ​មាន​តែ​តាម​រយ​ផ្លូ​វអាកាស​ប៉ុណ្ណោះ​។

ការ​បញ្ជូន​ស្បៀង តាម​ផ្លូវ​អាកាស​ អាច​ជួយ​បន្ធូរ​បន្ថយ​ ទុក្ខ​វេទ​នា​របស់់​មនុស្ស​ ជាង​ 2លាន 5​សែន​នាក់​ បាន​តែ​បន្តិច​បន្តួច​​ប៉ុណ្ណោះ​ ហើយ​ មនុស្ស​ជាង​ 2​លាន​នាក់​នោះ​ ជាង​ពាក់​កណ្តាល​ ជា​ជន​ភៀស​ខ្លួន​ ដែល​ហូរ​ចូល​មក​​ទី​ក្រុង​ភ្នំ​ពេញ​។

ក្នុង​ខណ​ដែល​ភ្លើង​សង្រ្គាម​ ឆាប​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ និង ខិត​ជិត​ដល់​​ទី​បញ្ចប់​ ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​ រាប់​សែន​នាក់​ នៅ​តាម​ជន​បទ​ និង​ តាម​បណ្តា​ខែត្រ​នា​នា​ បាន​ភៀស​ខ្លួន​​ចាក​ចេញ​ពី​​ស្រុក​កំណើត​ ស្រែ​ចំការ ផ្ទះ​សមែ្បង​របស់​ខ្លួន​ សម្រុក​ចូល​មក​ ទី​ក្រុង​ភ្នំ​ពេញ​ យ៉ាង​ណែន​ណាន់​​តាន់​តាប់​ ហើយ​រស់​នៅ​​ក្នុង​ស្ថាន​ភាព​ ដ៏​សែន​អា​ក្រក់​​ក្រៃ​លែង​។ លោក ម៉ី សុវណ្ណរ៉ា បាន​ឲ្យ​ដឹង​អំពី​ស្ថាន​ភាព​ ជន​ភៀស​ខ្លួន​​នៅ​ពេល​នោះ​​ដូចេ្នះ​ថា ខ្ញុំ​មាន​បង​ប្អូន​ ដែល​រត់​ពី​ខាង​​កំពង់​ស្ពឺ​ ពី​ខាង​ស្រុក​កណ្តាល​ស្ទឹង​ រដ្ឋា​ភិ​បាល​ លន់ នល់ គេ​ពេល​ហ្នឹង​ គេ​រៀប​ចំ​តំបន់​មួយ​ សំរាប់​ឲ្យ​ ជន​ភៀស​ខ្លួន​ហ្នឹង​​នៅ​។ ដូច​ជា​ នៅ​ខាង​យើង​ អូរ​បែក​ក្អម​នេះ​ ខាង​មុខ​ពេទ្យ​លោក​សង្ឃ​ គឺ​ថា​ មួយ​វាល​ធំ​ហ្នឹង​ គឺ​សំរាប់​គេ​ដាក់​ ជន​ភៀស​ខ្លួន គឺ​ថា​ គេ​ឲ្យ​មក​នៅ​ហ្នឹង​ ដើម្បី​គេច​ពី​​ការ​ប្រយុទ្ធ​គ្នា​ នៅ​តាម​ជន​បទ​ហ្នឹង​ ព្រោះ​ខែ្មរ​ក្រហម​ មក​គៀក​ៗ​ មែន​ទែន​ហើយ​ តំបន់​អស់​ហ្នឹង​។ ការ​ឧបត្ថម្ភ​ ពី​រដ្ឋា​ភិបាល​ លន់ នល់ ពី​ខាង​កាក​បាទ​ក្រហម​ គឺ​ថា​​កាល​ហ្នឹង​មិន​ គ្រប់​គ្រាន់​ទេ​ គឺ​ថា មាន​ការ​លំបាក​​មែន​ទែន​។

​ ចាប់​ផ្តើម​នៅ​ម៉ោង​ 9​ព្រឹក​ នា​ថៃ្ង​ទី 17 មេសា​ ឆ្នាំ 1975 កង​ទ័ព​ឈុត​ខ្មៅ​ ខែ្មរ​ក្រហម​ បាន​ដើរ​ចូល​​ទី​ក្រុង​ភ្នំ​ពេញ​ ពី​គ្រប់​ទិស​​តាម​មុខ​ព្រួញ​ប្រ​យុទ្ធ​​របស់​ពួក​គេ​។ នៅ​ពេល​ឃើញ​ពួក​ខែ្មរ​ក្រ​ហម ចូល​មក​ដល់​ អ្នក​ទី​ក្រុង​​បាន​ធូរ​​ស្បើយ​​ក្នុង​ចិត្ត​ ដោយ​គិត​ថា​ សង្រ្គាម​ចប់​ ជា​ស្ថា​ពរ​ហើយ​ ហើយ​អ្នក​ខ្លះ​ បាន​និយាយ​ប្រាប់​គ្នា​ថា​ "ស្រុក​យើង​បាន​សុខ​ សាន្ត​ត្រាណ​ហើយ​"​ ។​ ពួក​គេ​ទាំង​ចាស់​ ទាំង​កេ្មង​ ប្រុស​ស្រី​ នាំ​គ្នា​​ចេញ​ម​ក​ស្វា​គមន៍​ កង​ទ័ព​ខែ្មរ​ក្រហម​ ឬ​ហៅ​ថា កង​ទ័ព​រំដោះ​ ដោយ​អំណរ​។

លោក វង្ស ម៉ាច អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ នា​ពេល​នោះ​ បាន​រៀប​រាប់​ដូចេ្នះ​ ថៃ្ង 17 មេសា ខែ្មរ​ក្រហម​​ចូល​មក​ភ្នំ​ពេញ​ហ្នឹង​ ឃើញ​ពួក​គេ​​ចូល​មក​ហ្នឹង​ ដើរ​ទាំង​ជួរ​ៗ​ យក​តែ​ម្តង​មក​​។ មក​ហ្នឹង​ ស្លៀក​ខ្មៅ​ពាក់​ខ្មៅ​។ ប្រ​ជា​ជន​យើង​ នៅ​ក្នុង​ក្រុង​ហ្នឹង​ នាំ​គ្នា​ឈរ​អម​ សង​ខាង​ផ្លូវ​ហ្នឹង​ ទ​ដៃ​អប​អរ​ ជា​មួយ​គេ​​ថា បាន​ជោគ​ជ័យ​ បាន​សុខ​សន្តិ​ភាព​ហ្នឹង​។​ មក​មួយ​សា​ហ្នឹង​ ដូច​ជា​​ញញឹម​ញញែម​ ហើយ​គេ​ មិន​ទាន់​ជា​ ធ្វើ​ស្អី​យើង​ យើង​ដូច​ជា​​មាន​ការ​ទុក​ចិត្ត​ច្រើន​។

លោក យិន សែម ជា​អ្នក​ក្រុង​ភ្នំ​ពេញ​ដែរ​ ហើយ​សព្វ​ថៃ្ង​ រស់​នៅ​​ឯ​ស្រុក​បារាំង​ បាន​ឲ្យ​ដឹង​ អំពី​ហេតុ​កា​រណ៍ នៅ​ថៃ្ង 17 មេសា​នោះ​ថា ថៃ្ង 17 មេសា ឆ្នាំ 1975 ហ្នឹង​ ចូល​ម៉ោង​ប្រ​ហែល​ជា​ 10​ ឬ​ 11​ អី​ហ្នឹង​​។ ដល់​ពេល​ចូល​​ទៅ​ដល់​ហ្នឹង​ ក៏​គេ​ហ៊ោកញ្ជ្រៀវ នាយ​អាយ នៅ​ក្នុង​វិទ្យុ​ជាតិ​ហ្នឹង​ ក៏​ចាក់​សំលេង ចៀ្រង​ជោគ​ជ័យ​ អីណា កង​ទ័ព​ វ៉ៃ​ពី​ទិស​ណា កង​ទ័ព​ណា វ៉ៃ​ពី​ទិស​ណា​។​ អ្នក​ដែល​មិន​ដឹង​អ្វី​សោះ មាន​ជំនឿ​ថា​ គេ​អាច​ធ្វើ​ការ​ជា​មួយ​ ខែ្មរ​ក្រហម​បាន​ ដើម្បី​កសាង​​ប្រ​ទេស​ជាតិ​​ឡើង​វិញ​​។ ពួក​គេ​យល់​ថា​ ចលនា​ខែ្មរ​ក្រ​ហម​ មាន​​ការ​គាំ​ទ្រ​ ដោយ​សមេ្តច​ សីហនុ​ ហើយ​ថា​ កម្ម​វិធី​ របស់​ខែ្មរ​ក្រហម​ គឺ​សង្កត់​ធ្ងន់​លើ​យុត្តិ​ធម៌‌​សង្គម​ ដែល​កម្ពុជា​ ត្រូវ​ការ​ជា​ចាំ​បាច់​។​

ពី​មុន​មក​ អ្នក​​ទី​ក្រុង​ភាគ​ច្រើន​ មិន​សូវ​ជា​បាន​ឃើញ​ ជន​ក្រី​ក្រ​កម្ពុជា​ មក​ពី​តំបន់​​ចុង​​កាត់​មាត់​ញក​ទេ​ ​ដូចេ្នះ ​កង​ទ័ព​ខែ្មរ​ក្រហម​ ដែល​មាន​សម្បុរ​ខ្មៅ​ស្ងៀម​ស្ងាត់​ និង បំពាក់​អាវុធ​ ជ្រែក​ខ្លួន​ ដែល​​ភាគ​ច្រើន​ មាន​អាយុ​ត្រឹម​តែ​ 12 ឬ 13 ឆ្នាំ​នោះ​ គឺ​ជា​ទិដ្ឋ​ភាព​ ចមែ្លក​ភែ្នក​ សំរាប់​អ្នក​ទី​ក្រុង​​នៅ​ថៃ្ង​ទី​ 17 មេសា ឆ្នាំ 1975​។

នៅ​ក្នុង​រយ​ពេល​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ភាព​សប្បាយ​រីក​រាយ​ និង សេច​ក្តី​សង្ឃឹម​​ទាំង​ប៉ុន្មាន​ របស់​អ្នក​ទី​ក្រុង​ បាន​រលាយ​បាត់​អស់​ ហើយ​ជំនួស​មក​វិញ​ នូវ​ ការ​ភ្ញាក់​ផ្អើល​ និង​ ភាព​ស្អប់​ខ្ពើម ដែល​កង​ទ័ព​ខែ្មរ​ក្រហម​ បង្ហាញ​ឡើង​ ចំពោះ​ពួក​គេ​ ក៏​ដូច​ជា​​ទី​ក្រុង​ទាំង​មូល​​។ យោធា​ខែ្មរ​ក្រហម​​មួយ​រូប​ បាន​ប្រាប់​​ស្ថាន​​ទូត​​បារាំង​ម្នាក់​ នៅ​ថៃ្ង​ទី 17 មេសា ថា "​ទី​ក្រុង​មិន​ល្អ​ទេ​ ពី​ព្រោះ ទី​ក្រុង​ ចាយ​លុយ​"​។ គេ​បាន​អប់​រំ​យោធា​ រូប​នោះ​ថា អ្នក​ទី​ក្រុង សុទ្ធ​តែ​ជា​ខ្មាំង​​របស់​បដិ​វត្តន៍​។​ នៅ​ពេល​រសៀល​ អ្នក​ក្រុង​ភ្នំ​ពេញ មាន​ភាព​ស្រឡាំង​កាំង​ និង ភ័យ​ចលា​ចល​ នៅ​ពេល​ដែល​ យោធា​ខែ្មរ​ក្រហម​ ចាប់​ផ្តើម​ បញ្ជា​ពួក​គេ​ ឲ្យ​ចាក​ចេញ​ពី​ ទី​ក្រុង​ភ្នំ​ពេញ​ ចំនួន​ពីរ​ ឬ បី​ថៃ្ង​ ដោយ​អះ​អាង​ថា ការ​ចាក​ចេញ​បែប​នេះ​ គឺ​ងាយ​ស្រួល​ សំរាប់​អង្គ​ការ​ បោស​សម្អាត​ខ្មាំង​ ដែល​នៅ​លាក់​ខ្លួន​ ហើយ​ម៉្យាង​ទៀត​ ពួក​អាមេរិក​ នឹង ទម្លាក់​គ្រាប់​បែក​ មក​លើ​ទី​ក្រុង​នេះ​​។​

លោក វង្ស ម៉ាច បាន​បញ្ជាក់​បនែ្ថម​ថា ផុត​ពី​ហ្នឹង​មក​ ចាប់​ផ្តើម​ដេញ​​តែ​ម្តង​ ដេញ​ចេញ​ ចេញ​ពី​កនែ្លង​​ក្រុង​ហ្នឹង​​។ លោក​ ជុំ ម៊ី អតី​ត​អ្នក​ទោស​គុក​ទួល​សែ្លង​ ដែល​នៅ​រស់​ មាន​ប្រសា​សន៍​បញ្ជាក់​ ស្រ​ដៀង​គ្នា​​ដូចេ្នះ​ថា ថៃ្ង 17 មេសា​ហ្នឹង​ ពេល​ល្ងាច​ថ្មើរ​ហ្នឹង​ វា​ចាប់​ដេញ​ ប្រ​ជា​ជន​​ចេញ​ពី​ទី​ក្រុង​ ភ្នំ​ពេញ​ហើយ​ទាំង​គេ​ ទាំងអែង​ ស្អី​ៗ​ហ្នឹង​ មុន​ដំបូង​ យើង​លើក​​ទង់​ជ័យ​ស ដល់​ពេល​ លើក​ទង់​ជ័យ​ស អ៊ី​ចឹង​ទៅ​ វាថាឥឡូវ​ ពុក​ម៉ែ​ទាំង​អស់​ អង្គ​ការ​​ឲ្យ​ចេញ​ពី​​ភ្នំ​ពេញ​ ចំនួន​ប្រ​ហែល​ជា​ 5​ថៃ្ង​ កាល​ណា​យើង​នៅ​ ទី​ក្រុង​ភ្នំ​ពេញ​ហ្នឹង​ ខ្លាច​អា​មេរិ​កាំង​​ វា​ទម្លាក់​គ្រាប់​បែក​ ម៉្លោះ​ហើយ​ឲ្យ​ចេញ​ ប្រ​ហែល​ជា​ 5​ថៃ្ង​ មិន​បាច់​យក​ស្អី​ៗ​ ទៅ​ទេ​ ទៅ​តែ​ខ្លួន​បន្តិច​បន្តួច​ អង្ករ​ទឹក​ត្រី​អី​ បន្តិច​បន្តួច​បាន​ហើយ​ ​ខ្លះ​ក៏​គេ​រៀប​ចំ​ ចេញ​ទៅ​ ខ្លះ​ក៏​មិន​បាន​រៀប​ចំ​ ចេញ​ទៅ​ ក៏​អាណា​ ដែល​វា​រឹង​ទទឹង​ហ្នឹង​ វា​ក៏​បាញ់​សម្លាប់​ នៅ​ទី​នោះ​ទៅ​​។ កាំ​ភ្លើង​វា​អាម៉េ​ជាប់​រហូត​ ហើយ​វា​ រេ​ចុះ​រេ​ឡើង​ៗ​ ដេញ​ប្រ​ជា​ជន​ ត្រង់​ផ្សារ​ដេប៉ូ​ហ្នឹង​ ហើយ​ទាំង​គេ​ ទាំង​យើង​ ក៏​រៀប​ចំ​ ពី​ថ្មើរ​ហ្នឹង​ ទៅ​​ដល់ម៉ោង​ 7, 8 យប់ បានអ៊ំ​ចេញ​ទៅ។

ប្រាក់ សឿន អតីត​យុទ្ធ​ជន​ខែ្មរ​ក្រហម​ ដែល​បាន​វាយ​ចូល​​ទី​ក្រុង​ភ្នំ​ពេញ​ តាម​ផ្លូវ​ជាតិ​ លេខ​2​ ច្រក​ក្រុង​តា​ខ្មៅ​ និយាយ​ឲ្យ​ដឹង​ថា​ ថ្នាក់​លើ​បញ្ជា​​ ដេញ​ប្រ​ជា​ជន​ ឲ្យ​អស់​ពី​ទី​ក្រុង​ ដើម្បី​គេ​ រៀប​ចំ​ក្រុង​សាជា​ថ្មី ពេល 17 ភ្លាម​កង​ទ័ព​រំដោះ​ ចូល​ទៅ​ ​ក៏​ចាប់​ផ្តើម​ ជម្លៀស​ប្រ​ជា​ជន ចេញ​ពី​ទី​ក្រុង​។​ ខាង​កង​ទ័​ព​ ចេះ​តែ​ចាប់​ពួក​ទា​ហាន​ ពួក​អី​ ជា​បន្ត​បន្ទាប់​ទៅ​ ហើយ​ប្រ​ជា​ជន​ហ្នឹង​ អ្នក​មាន​ឡាន​ មាន​ម៉ូតូ​អី​ គឺ​អត់​មាន​ឲ្យ​បើក​ ឲ្យ​បពោ្ឆះ​ម៉ា​ស៊ីន​ទេ​ គឺ​ឲ្យ​រុញ​​អូស​ តាម​ផ្លូវ​ហ្នឹង​រហូត​ទៅ​ អត់​ឲ្យ​បពោ្ឆះ​ម៉ា​ស៊ីន​ អត់​ឲ្យ​បើក​បរ​ ដូច​ឥឡូ​វទេ​​។​ បើក​ទ្វារ​ កាន់​ចង្កូត​រុញ​ម្ខាង​ អត់​ឲ្យ​តៃ​កុង​ អង្គុយ​ក្នុង​ហ្នឹង​ទេ​ ដាក់​តែ​ខោ​អាវ​ ហើយ​ និង អង្ករ​ហ្នឹង ការ​ជម្លៀស​ហ្នឹង​ ខាង​លើ​ គេ​បញ្ជា​មក​ ឲ្យ​ជម្លៀស​ ឲ្យ​យក​ចេញ​ឲ្យ​អស់​ ពី​ទី​ក្រុង​ភ្នំ​ពេញ​​។​ កាល​នោះ​ គេ​ឃោសនា​ថា​ ឲ្យ​ប្រជា​ជន​ ចេញ​អស់​ពី​ទី​ក្រុង​ ភ្នំ​ពេញ​ ដើម្បី​គេ​រៀប​ចំ​ ទី​ក្រុង​សា​ថ្មី ​ អ៊ីចឹង​ប្រជា​ជន​ អត់​មាន​ឲ្យ​នៅ​​ម្នាក់​ទេ​ កាល​ណា​ អ្នក​ណា​នៅ​ អ្នក​ហ្នឹង​​ខ្មាំង​ ហើយ គេ​និយាយ​អ៊ី​ចឹង​ ​ស្ថាន​ភាព​ ប្រ​ជា​ជន​កាល​ហ្នឹង​​ភ័យ​រន្ធត់​ ម្នាក់​ៗ​ គិត​តែ​ឱប​កូន​ ជញ្ជូន​ចៅ​ ជញ្ជូន​អី​វ៉ាន់​ ដើរ​មក​ព្រោង​ព្រាត​ ខ្លះ​យំ​ខ្លះ​ស្រែក​ បាត់​កូន​បាត់​ប្តី​ បាត់​ប្រពន្ធ​ មក​តាម​ផ្លូវ​ហ្នឹង​ ដល់​ច្រ​បូក​ច្របល់​ អ៊ី​ចឹង​ មិន​ដឹង​​ទៅ​រក​ឯណា​ ហើយ​អត់​ឲ្យ​មាន​ ដើរ​រក​គ្នា​ បាន​ដូច​យើង​ ដើរ​រក​គ្នា​សេរី​ ដូច​ឥឡូ​វ​ឯ​ណា ព្រោះ​កាំ​ភ្លើង​​នៅ​ក្ឌុង​ក្ឌាំង​ ច្រក​នេះ មិន​អាច​មាន​ឃើញ​ទេ​ ប៉ុនែ្ត​ នៅ​ខាង​ក្នុង​ៗ ខ្ញុំ​ឮ​ពួក​ទ័ព​ និយាយ​ថា​ ខ្លះ​អត់​ព្រម​​ចេញ​ពី​ផ្ទះ​ ពី​អី​អ៊ី​ចឹង​ បិទ​សោ​កឹប​សោ​ ពី​ក្នុង​អ៊ី​ចឹង​ កង​ទ័ព​ហ្នឹង​ បាញ់​ទម្លាយ​ផ្ទះ​​។​ ជួន​កាល​ក៏​ត្រូវ​ ខ្លះ​អត់​ត្រូវ​ ក៏​អូស​ចេញ​មក​ បញ្ជូន​ឲ្យ​មក​ តាម​ផ្លូវ​ហ្នឹង​ មក​សហ​ករ​ណ៍ ក្រោយ​ៗ​មក។ អ្នក​ស្រី វ៉ែន រ៉ា អតីត​យុទ្ធ​នារី​ពេទ្យ​ នៅ​ភូមិ​ភាគ​និរតី​ បាន​បពោ្ជញ​ទស្សន​ អំពី​ ការ​ជម្លៀស​ប្រ​ជា​ជន​ ចេញ​ពី​​ទី​ក្រុង​ភ្នំ​ពេញ​​ដូចេ្នះ​ថា ខែ្មរ​ក្រហម​ធ្វើ​ខុស​ នូវ ការ​ដេញ​​ប្រ​ជា​ពល​រដ្ឋ​ ឲ្យ​ចេញ​ពី​ផ្ទះ​អី​ ទទួល​ថា​ វា​ខុស​ដែរ​ពេល​ហ្នឹង ប៉ុនែ្ត​ កាល​ណា​មិន​ដេញ​ មិន​ឲ្យ​គាត់​ចេញ​ មិន​ដឹង​ថា​ នរ​ណា​ជា​ខ្មាំង​ នរ​ណា​ជា​អ្នក​តស៊ូ​ ពិត​ប្រាកដ​អី​ គឺ​ថា​ ពេល​ហ្នឹង​​វា​ច្របូក​ច្របល់​។​

បី​ថៃ្ង​ក្រោយ​មក​ ទី​ក្រុង​ទាំង​មូល​ មាន​សភាព​ទទេ​ស្អាត​ គ្មាន​អ្នក​រស់​នៅ​ ។ អ្នក​ជំងឺ​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ជា​ង​មួយ​ម៉ឺន​នាក់​ ហើយ​ភាគ​ច្រើន​ ជា​ទាហាន​ សាធា​រ​ណ​រដ្ឋ​ខែ្មរ​ ដែល​រង​របួស​​ធ្ងន់​​ ក៏​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ ពី​ទី​ក្រុង​ដែរ​។​ នៅ​តាម​ដង​ផ្លូវ​ ចេញ​ពី​ទី​ក្រុង​ ដែល​ណែន​ណាន់​ តាន់​តាប់​ និង​ នៅ​ក្រោម​ កម្តៅ​ថៃ្ង​ ក្តៅ​ហែង​ នា​ឆ្នាំ​នោះ​ ចំនួន​មនុស្ស​ស្លាប់​ អាច​កើន​ដល់​ ជា​ងពីរ​ម៉ឺន​នាក់​​។​

ភាគ 9, ជ័យជម្នះ ដែលមិនបានរំពឹងទុក (ខ)
វិទ្យុ អាស៊ីសេរី 20070710 ដោយ ឡេង ម៉ាលី

ចាប់ផ្តើមនៅ​ម៉ោង 9​ព្រឹក នា​ថៃ្ង​ទី 17 មេសា ឆ្នាំ 1975 កង​ទ័ព​ ឈុត​ខ្មៅ ខែ្មរ​ក្រហម​ បាន​ដើរ​ចូល​ទី​ក្រុង​​ភ្នំ​ពេញ ពី​គ្រប់​ទិស​ តាម​មុខ​ព្រួញ​ប្រ​យុទ្ធ​របស់​ពួក​គេ​។ នៅ​ពេល​ឃើញ​ពួក​ខែ្មរ​ក្រហម​ ចូល​មក​ដល់​ អ្នក​ទី​ក្រុង​​បាន​ធូរ​ស្បើយ​ ក្នុង​ចិត្ត​​ដោយ​គិត​ថា​ សង្រ្គាម​ចប់​​ជា​ស្ថា​ពរ​ហើយ​ ​នៅ​ពេល​រសៀល​ អ្នក​ក្រុង​ភ្នំ​ពេញ​ មាន​ភាព​ស្រឡាំង​កាំង​ និង​ ភ័យ​ចលា​ចល​ នៅ​ពេល​ដែល​ យោ​ធា​ខែ្មរ​ក្រហម​ ចាប់​ផ្តើម​បញ្ជា​ ពួក​គេ​​ឲ្យ​ចាក​ចេញ​ពី​ ទី​ក្រុង​ភ្នំ​ពេញ​ ចំនួន​ពីរ​ ឬ​ បី​ថៃ្ង​ ដោយ​អះ​អាង​ថា​ ការ​ចាក​ចេញ​បែប​នេះ​ គឺ​ងាយ​ស្រួល​​សំរាប់​​អង្គ​ការ​ បោស​សម្អាត​ខ្មាំង​ ដែល​នៅ​លាក់​ខ្លួន​ ហើយ​ម៉្យាង​ទៀត​ ពួក​អា​មេ​រិក នឹង ទម្លាក់​គ្រាប់​បែក​​មក​លើ​ទី​ក្រុង​នេះ​។​​

បី​ថៃ្ង​ក្រោយ​មក​ ទី​ក្រុង​ទាំង​មូល​ មានសភាពទទេស្អាត គ្មានអ្នករស់នៅ ។ អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ ជាងមួយម៊ឺននាក់ ហើយភាគច្រើន ជាទាហាន សាធារណរដ្ឋខែ្មរ ដែលរងរបួសធ្ងន់ ក៏ត្រូវបង្ខំឲ្យចាកចេញ ពីទីក្រុងដែរ ។ នៅតាមដងផ្លូវ ចេញពីទីក្រុង ដែលណែនណាន់តាន់តាប់ និង នៅក្រោមកម្តៅថៃ្ង ក្តៅហែង នាឆ្នាំនោះ ចំនួនមនុស្សស្លាប់ អាចកើនដល់ ជាងពីរម៊ឺននាក់ ។ លោក វង្ស ម៉ាច បាននិយាយឲ្យដឹងថា ទៅដល់ឆ្ងាយទៅ មានមនុស្សងាប់ តាមផ្លូវ ។ ខ្មោចហ្នឹង តាម្តមើលទៅ សុទ្ធតែខ្មោច ប្រជាជនយើងហ្នឹង តែម្តង ដូចជា ងាប់ថ្មីៗ ។

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 1975 ប៉ុល ពត និង សហ​ការី បាន​ធ្វើ​ការ​សំរេច​ចិត្ត​ ឲ្យ​បណេ្តញ​ប្រជា​ជន​ ចេញ​ឲ្យ​អស់​ ពី​ទី​ក្រុង​នានា​ នៃ ប្រ​ទេស​កម្ពុជា ក៏​ប៉ុនែ្ត​ ជាក់​សែ្តង​​គេ​មិន​បាន​ឲ្យ​ដំណឹង​ អំពី​ការ​សំរេច​ចិត្ត​នេះ​ ដល់​មេ​បញ្ជា​ការ​​របស់​គេ​ឡើយ​ មេ​បញ្ជា​ការ​ដទៃ​ទៀត​ បាន​ឮ​សេ​ច​ក្តី​សំរេច​នេះ​ នៅ​នា​ទី​ចុង​ក្រោយ​ ហើយ​មិន​បាន​តៀ្រម​ខ្លួន​ស្រួល​បួល​ សំរាប់​ អនុ​វត្ត​​បទ​បញ្ជា​នេះ​ទេ​។​ កង​ទ័ព​ដែល​កាន់​កាប់​​នៅ​ភាគ​ខាង​ជើង​​ទី​​ក្រុង​ភ្នំ​ពេញ​ បាន​ដឹង​អំពី​​គោល​ន​យោ​បាយ​ ជម្លៀ​ស​ប្រ​ជា​ជន​​​រួច​ខ្លះ​ៗ​​មក​ហើយ​ ហើយ​គ្រប់​គ្រង​ ការ​ជម្លៀស​នោះ​ យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ក៏ប៉ុនែ្ត​ គ្មាន​ធម៌‌​មេត្តា​ ។ លោក វង្ស ម៉ាច បាន​រៀប​រាប់​ អំពី​ទិដ្ឋ​ភាព​ នៃ​ការ​ជម្លៀស​ប្រ​ជា​ជន​ ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​ដូចេ្នះ​ អា​ពេល​គេ​ឲ្យ​ចេញ​ទៅ​ អា​ហ្នឹង​គេ​ចាប់​ផ្តើម​កំញើញ​យើង​តែ​ម្តង​​ គេ​កំញើញ​យើង​ឲ្យ​ចេញ​ ដើរ​ទៅ​មុខ​ឲ្យ​ត្រង់​ អត់​ឲ្យ​មាន​ថយ​ក្រោយ​ទេ​ រួច​យើង​ ចង់​មក​ក្រោយ​វិញ​ មក​អត់​បាន​ទេ​ ទៅ​មុខ​រហូត​អ៊ី​ចឹង​។​

កង​ទ័ព​ភាគ​ឧត្តរ​ បាន​សម្លាប់​ អតីត​ទាហាន​ និង​ អ្នក​រដ្ឋ​ការ​​សាធា​រណ​រដ្ឋ​ខែ្មរ​ រាប់​រយ​នាក់​ នៅ​ក្នុង​ប៉ុន្មាន​ថៃ្ង​បន្ទាប់​មក​។ អ្នក​ស្រី លុយ ហ៊ី អតីត​ជា​បុគ្គ​លិក​ មន្ទីរ​ពេទ្យ​គន្ធ​បុបា្ផ​ រហូត​ដល់​ថៃ្ង​ទី​ 30​ មេសា​ ឆ្នាំ​ 1975 បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​ឃើញ​ទាហាន​ លន់ នល់ ដែល​របួស​ ត្រូវ​ពួក​ខែ្មរ​ក្រហម​ចាប់​ ហើយ​ដឹក​ចេញ​​ទាំង​ឡាន​ៗ​។​ អ្នកស្រី បាន​ឲ្យ​ដឹង​ដូចេ្នះ ដឹក​អ្នក​ពិការ​ទៅ​ មិន​ដឹង​ដឹក​យក​ទៅ​ណា ដឹក​ទៅ​ដាក់​អាឡាន​ យើង​ឡាន​ដី គឺ ឡាន​ចូក​ដី ដឹក​ទៅ​ៗ​ មិន​ដឹង​ដឹក​យក​ទៅ​ណា ឃើញ​តែ​ដឹក​យក​ចេញ​​ពី​មន្ទីរ​ពេទ្យ​ ដូច​ជា​អត់​បាន​ចង​អី​ទេ​ ខ្លះ​បាក់​ជើង​ ដើរ​មិន​ទាន់​រួច​​មែន​ទែន​ផង​ ចេះ​តែ​លើក​យក​ទៅ​ៗ​ អត់​មាន​ដឹក​​តាម​សំរួលទេ​ អា​នេះ​ដឹក​យក​ទៅ​ លើក​ចាប់​បោះៗ តែ​ម្តង​ មិន​លើក​តាម​​សំរួល​ទេ​ ត្រង់​គេ​យក​ទៅ​ណា​អី​ ខ្ញុំ​មិន​បាន​ដឹង​ទេ​ គ្រាន់​តែ​ឃើញ​អ៊ី​ចឹង​ ខ្ញុំ​ក៏​ចេញ​ពី​​មន្ទីរ​ពេទ្យ​មក ចេញ​មក​ មក​ទើ​នៅ​ ក្បាល​ថ្នល់​។​

លោក យិន សែម បាន​បញ្ជាក់​បនែ្ថម​ថា ខ្ញុំ​ប្រាប់​អស់​លោក​ទាហាន​ធំ​ៗ​ ខ្ញុំ​ថា​ ខ្លះ​ខ្ញុំ​ស្គាល់​ ខ្ញុំ​ហៅ​បង​ ហៅ​តេជ​គុណ​ អ៊ីចឹង​ ថា ឲ្យ​ប្រយ័ត្ន​ ពេល​ហ្នឹង​​ពួក​ខាង​គេ​​អត់​ទុក​ទេ​ គេ​សម្លាប់​​គេ​អត់​ជឿ​ខ្ញុំ​ទេ​គេ​ថា​ សមេ្តច​ចូល​មក​ស្រុក​ យើង​សុខ​សប្បាយ​ លោក​ឯង​​និយាយ​ឆ្កួត​ស្អី​​អី​ចឹង​ អ្នក​ចេះ​ដឹង​ ពួក​បញ្ញ​វ័ន្ត​ស្អី​ហ្នឹង​​ច្រើន​ដែរ​ គេ​សម្លាប់​អស់​​ច្រើន​ណាស់​​ ដល់​ពេល​យើង​ ដើរ​ទៅ​ហ្នឹង​ យើង​ជួប​ ឃើញ​ខ្មោច​ ឃើញ​ស្អី​ហ្នឹង​ ពេញ​ទឹ​ក​ពេញ​ដី​ហ្នឹង​។

ផែ្នក​ផេ្សង​ទៀត​ នៃ​ ទី​ក្រុង​ភ្នំ​ពេញ​ ការ​ជម្លៀស​ចេញ​ មាន​សភាព​យឺត​យ៉ាវ​ ហើយ​ច្រើន​មាន​​ភាព​មនុស្ស​ធម៌‌​ជាង​ ​ក៏ប៉ុនែ្ត​ គ្មាន​មេ​បញ្ជា​ការ​ណា ​មិន​គោរព​ គោល​នយោ​បាយ​នោះ​ទេ​ ​គ្មាន​មនុស្ស​ណា​ម្នាក់​ ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​​របស់​ខ្លួន​ឡើយ​​។​

លោក វង្ស ម៉ាច បាន​ឲ្យ​ដឹង​ បនែ្ថម​ដែរ​ថា មាន​ក្រាញ​ននៀល​ ក៏​ច្រើន​ដែរ​ ខ្ញុំ​ក៏​ក្រាញ​ នឹង គេ​ដែរ​ ប៉ុនែ្ត​ក្រាញ​នៅ​មិន​បាន គេ​ថា អត់​បាន​ទេ​ ត្រូវ​តែ​ចេញ​ តែ​យើង​មិន​ចេញ​ហ្នឹង​ គេ​មាន​ធម៌‌​ក្តៅ​ ជា​មួយ​យើង​ហើយ​ ពេល​ហ្នឹង​ ​ខ្ញុំ​ដើរ​ទៅ​ ឃើញ​តែ​ម្តង​ អ្នក​ណា ​ដែល​បក​ក្រោយ​ វាយ​តែ​ម្តង ​បក​ក្រោយ​អត់​បាន​ទេ​ តែ​បក​ក្រោយ​​ត្រូវ​ហើយ​ វាយ​តែ​ម្តង​។​

លោក ​ញ៊ឹក ឡៃ​ អតីត​យោធា​​ខែ្មរ​ក្រហម​ បាន​បន្ទរ​ដូចេ្នះ​ថា ខ្លះ​ក៏​នៅ​សម្ងំ​ហ្នឹង​ទៅ​ អ្នក​ដែល​នៅ​សម្ងំ​ មួយ​ពីរ​ហ្នឹង​ គេ​ធ្វើ​ទារុណ​កម្ម​ ជួន​ណា​គេ​ឃើញ​ គេ​ចាប់​បាញ់​ចោល​ អ៊ី​ចឹង​ទៅ​។​ ខ្លះ​រត់​ទៅ​លាក់​ខ្លួន​ ពួន​ក្នុង​លូ ក៏​មាន​ដែរ​ ខ្លះ​ក្នុង​ទឹក​ស្អុយ​ ក៏​នៅ​ដែរ​។ យប់​ឡើង​ លប​មក​ក្នុង​ផ្ទះ​ មក​លួច​ដាំ​បាយ​ស៊ី​ ជួន​កាល​គេ​ទៅ​ទាន់​ ធ្វើ​បាប​គេ​បាញ់​សម្លាប់​ អ៊ី​ចឹង​ទៅ​។

ការ​បណេ្តញ​មនុស្ស​ ឲ្យ​អស់​ពី​ទី​ក្រុង បាន​ស៊ី​ពេល​ស្ទើរ​តែ​មួយ​សបា្តហ៍​ ហើយ​ទី​ក្រុង​បាត់​ដំបង ដែល​កក​កុញ​ ដោយ​ជន​ភៀស​ខ្លួន​ ក៏​បាន​ប្រើ​រយ​ពេល​ ប្រ​ហាក់​ប្រ​ហែល​គ្នា​​នេះ​ដែរ​។ គោល​នយោ​បាយ​ ផ្លាស់​ប្តូរ​មនុស្ស​​គ្រប់​រូប​ នៅ​ក្នុង​ប្រ​ទេស​​កម្ពុ​ជា ឲ្យ​ទៅ​ជា​កសិ​ករ​ បាន​ឆ្លុះ​បញ្ចាំង​ នូវ អាទិ​ភាព​របស់​មេ​ដឹក​នាំ​​ខែ្មរ​ក្រហម​យ៉ាង​ជាក់​ច្បាស់​។​​ បើ​យោង​តាម​ការ​វិភាគ​ របស់​លោក​ ហ្រ្វង់​ស្វ័រ ប៉ុង​សូដ៍​ អ្នក​និពន្ធ​សៀវ​ភៅ "កម្ពុជា​ឆ្នាំ​សូន្យ"​ បាន​ឲ្យ​ដឹង​ថា​ ការ​ផ្លាស់​ប្តូរ​ ប្រ​ជា​ជន​កម្ពុជា​​គ្រប់​រូប​ ឲ្យ​ទៅ​ជា​កសិ​ករ​ ពី​ព្រោះ​ មនោ​គមន៍​វិជ្ជា​ របស់​ខែ្មរ​ក្រហ​ម​ ចង់​ឲ្យ​ខែ្មរ​​ត្រឡប់​ទៅ​ជា​ ខែ្មរ​ដើម​វិញ​ ដោយ​ហេតុ​ថា​ អ្នក​ទី​ក្រុង​ ខូច​សតិ​អារម្មណ៍​ ដោយ​សារ​តែ​សម្ភារ​​សំបូរ​បែប​។

លោក ហ្រ្វង់​ស្វ័រ ប៉ុង​សូដ៍ មាន​ប្រសាសន៍​ដូចេ្នះ​ ខែ្មរ​ក្រហម​ តាម​យោបល់​ខ្ញុំ​ គេ​ចង់​បង្កើត​​សង្គម​មុន​​អង្គរ​​ទៅ​ទៀត​ គេ​ជម្លៀស​ប្រ​ជា​ជន​ ពី​ភ្នំ​ពេញ​​ទៅនៅ​ក្នុង​ព្រៃ​ មិន​មែន​ជា​​ការ​សង​សឹក​​ មក​ពី​មនោ​គមន៍​វិជ្ជា​ របស់​ខែ្មរ​ក្រហម​ គេ​ចង់​ឲ្យ​​ប្រ​ជា​ជន​កម្ពុជា​ ដែល​នៅ​ទី​ក្រុង​ ប្រ​ជា​ជន​ទាំង​នោះ​ ខូច​សតិ​អា​រម្មណ៍ ដោយ​ភាព​សំបូរ​បែប​ ដោយ​សារ​​នៅ​ទី​ក្រុង​ មាន​ចិន​ មាន​យៀក​ណាម​ អត់​សូវ​មាន​ខែ្មរ​​ប៉ុន្មាន​ទេ​ ហើយ​ ខែ្មរ​នៅ​ទី​នោះ​ ខូច​សតិ​អា​រម្មណ៍​ ដោយ​សារ​​ កុមប្រាឌ័រ Comprador គឺ​គេ​មាន​លុយ​ គេ​ពុក​រលួយ​ ដូចេ្នះ​ ត្រូវ​ត្រឡប់​ទៅ​ព្រៃ​ ទៅ​ឆ្ការ​ព្រៃ​ សង់​ផ្ទះ​ ភ្ជួរ​រាស់​ ដាំ​ស្រូវ​ គេ​ត្រឡប់​ទៅ​​ជា​ជន​ជាតិ​​ខែ្មរ​សុទ្ធ​សាធ​ នេះ​ជា​មនោ​គមន៍​វិជ្ជា​ របស់​គេ គេ​ចង់​ឲ្យ​ខែ្មរ​​ទៅ​ជា​ខែ្មរ​វិញ​។

លោក​ញ៉ម អេន អតីត​យោធា​ ខែ្មរ​ក្រហម​ និង ជា​អ្នក​ថត​រូប​​ជន​រង​គ្រោះ​ នៅ​គុក​ទួល​សែ្លង​ បាន​កោត​សសើរ​ដល់​ ប៉ុល ពត ចំពោះ​ការ​ជម្លៀស​ប្រ​ជា​ជន​ ចេញ​ពី​ទី​ក្រុង​ ដូចេ្នះ​ថា គម្រោង​ការ​ គឺ​ដេញ​ចេញ​ឲ្យ​អស់​ ពី​ទី​ក្រុង​ ទី​រួម​ខែត្រ ​បើ​សិន​ណា​ទុក​ប្រ​ជា​ជន​ នៅ​ក្នុង​ទី​រួម​ខែត្រ​ ទី​រួម​ស្រុក​ ត​ទៅ​ទៀត​ របប​ខែ្មរ​ក្រហម​ នឹង ដួល​រលំ​វិញ​ហើយ ម៉េច​បាន​ថា​ ដួល​រលំ​? ព្រោះ​នៅ​ក្នុង​ហ្នឹង​ មាន​ភ្នាក់​ងារ​ សេ,អ៊ី,អា,, កា,ហេ្ស,បេ ភ្នាក់​ងារ​ទាំង​អស់​ ដើម្បី​តាម​ដាន​ រាល់​បញ្ហា​ទាំង​អស់ ​ដូចេ្នះ ​ប៉ុល ពត គាត់​មាន​គំនិត​មួយ​ គាត់​ឆ្លាត​ត្រង់​ថា បើ​សិន​ណា ទុក​ប្រ​ជា​ជន​​នៅ​តាម​ទី​ក្រុង​ទៀត​ ប្រ​ទេស​កម្ពុជា​ នឹង ក្រឡាប់​ចាក់​ ដោយ​សារ​​អា​មេ​រិកាំង វ៉ៃ​មិន​ខាន​ ពី​ព្រោះ​កាល​ហ្នឹង​ កាល​នៅ​ ព្រោះ​របប​ខែ្មរ​ក្រហម​ ព្រោះ​កាល​ចូល​ទៅ​កង​ទ័ព​រំដោះ​ ខែ្មរ​ក្រហម​ ភាគ​ច្រើន​ភ្លើត​ភ្លើន​ ភ្លើត​ភ្លើន​ នឹង​ ការ​ ប្រើ​សម្ភារ​ ភ្លើត​ភ្លើន​​ស្អី អ៊ី​ចឹង​ៗ ធម្មតា​នេះ​ គឺ​ខ្ញុំ​វិភាគ​អ៊ី​ចឹង​​តែ​ម្តង​ ព្រោះ​វិភាគ​អ៊ីចឹង​ ឃើញ​ជាក់​សែ្តង​ អ៊ី​ចឹង​ផង​​។ ​គឺ​ត្រូវ​តែ​ជម្លៀស​ ប្រ​ជា​ជន​ចេញ​ពី​​ក្រុង​ភ្នំ​ពេញ​​ទាំង​អស់​ ទូ​ទាំ​ង​ប្រទេស​ ឲ្យ​​ប្រជា​ជន​ នៅ​តាម​ជន​បទ​ទៅ​ ដាច់​ខែ្ស​រយ​អស់​ គ្មាន​ខែ្ស​រយ សេ,អ៊ី,អា, គ្មាន​ខែ្ស​រយ​ផេ្សង​ៗ​ទៀត​ សំរាប់​ទាក់​ទង​គ្នា​​។​

ទី​ក្រុង​ នឹង មិន​មាន​លទ្ធ​ភាព​ ចិញ្ចឹម និង គ្រប់​គ្រង​ ប្រជា​ជន​បាន​ ហើយ​ម៉្យាង​ទៀត​ គ្មាន​មេ​ដឹក​នាំ​​កុម្មុយ​នីស្ត​ណា​មួយ​ មាន​ចំណេះ​ដឹង​ច្រើន​ ខាង​រដ្ឋ​បាល​ដែរ​។​ ក្នុង​ចិត្ត​ របស់​ពួក​គេ​ គឺ​គេ​ឈ្នះ​សង្រ្គាម​។​ មុន​ថៃ្ង​ជ័យ​ជម្នះ 17 មេសា អ្នក​ទី​ក្រុង​ បាន​ប្រ​កែក​មិន​ចូល​រួម​ ក្នុង​ការ​ធ្វើ​បដិវត្តន៍​ ​ដូចេ្នះ​ បញ្ហា​នេះ​​មាន​ន័យ​ថា​ ពួក​គេ​គឺ​ជា​ខ្មាំង​​របស់​អ្នក​ឈ្នះ ​ហើយ​មិន​សម​ នឹង ទទួល​បាន​ ការ​អាណិត​មេត្តា​ ពី​ខែ្មរ​ក្រហម​ឡើយ​។​

សង្រ្គាម​ស៊ីវិល​ បាន​បញ្ចប់​ហើយ​ នៅ​ថៃ្ង ​17 មេសា ឆ្នាំ 1975 ក៏​ប៉ុនែ្ត ​សង្រ្គាម​ រវា​ងអ្នក​ឈ្នះ និង អ្នក​ចាញ់ ទើប​តែ​ចាប់​ផ្តើម​ទេ​។