ទស្សនកិច្ច ប៉ុល ពត ទៅវៀតណាម និងចិន
វិទ្យុអាស៊ីសេរី 20070704 ដោយ ឡេង ម៉ាលី

ថ្ងៃសៅរ៍ ទី18.មីនា 2023.ម៉ោង 7:57

នៅក្នុង​ខែ​មីនា​ និង​ខែ​មេសា ឆ្នាំ 1963 សា​ឡុត ស, អៀង​សារី​ និង​ សុន សេន មេ​ដឹក​នាំ​ ខែ្មរ​ក្រហម​ កំពូល​ៗ ទាំង​អស់​ បាន​ភៀស​ខ្លួន​​ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​ ដោយ​សារ​ ការ​ភ័យ​ខ្លាច​ អំពី​ការ​ចាប់​ខ្លួន​ ពី​សំណាក់​ប៉ូលិស​ របស់​សមេ្តច​ សីហនុ​។ លោក​អាចារ្យ​រ៉ូម៉ាំង​កាតូ​លិក​ ហ្រ្វង់​ស្វ័រ​ ប៉ុងសូ ដែល​រស់​នៅ​ក្នុង​​ប្រ​ទេស​កម្ពុជា​ រយៈ​ពេល​ 40​ឆ្នាំ​ និង​ ជា​ អ្នក​និពន្ធ​សៀវ​ភៅ ស្តី​អំពី​ ប្រ​វត្តិ​សាស្រ្ត​ខែ្មរ​ក្រហ​ម​ ក្រោម​ចំណង​ជើង​ថា កម្ពុជា​ឆ្នាំ​សូន្យ​ បាន​មាន​ប្រ​សា​សន៍ បនែ្ថម​ដូចេ្នះ​ នៅ​ឆ្នាំ ​1963 កាល​សមេ្តច​ សីហនុ ដេញ​ខែ្មរ​ក្រហម​ គឺ​និស្សិត​ ដែល​ធ្លាប់​មក​ពី​​បារាំង​ មាន​ ប៉ុល ពត, អៀង សារី រ័ត្ន សាមឿន រត់​ទៅ​អណ្តូង​មាស​ នៅ​រតន​គិរី​។​

មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ទាំង​នោះ​ បាន​រត់​ទៅ​ជ្រក​កោន​ នៅ​ក្នុង​​​មូល​ដ្ឋាន​យោធា​ កុម្មុយ​នីស្ត​វៀត​ណាម​ មួយ​កនែ្លង​ ហៅ​ថា​មន្ទីរ 100 ដែល​ស្ថិត​នៅ​ក្នុង​​ប្រ​ទេស​វៀត​ណាម​ ជាប់​ព្រំ​ប្រ​ទល់​ ខេត្ត​កំពង់​ចាម​ នៃ ប្រ​ទេស​កម្ពុជា​។ ពួកគេ បាន​ជ្រក​កោន​ នៅ​ទី​នោះ​ រហូត​ដល់​ចុង​ឆ្នាំ ​1965 ដោយ​មាន​ ការ​យាម​ការ​ពារ​ ដោយ​កង​ទ័ព​ វៀត​ណាម​ផង​។​ នៅ​ពេល​ដែល​មាន​ ការ​គំរាម​កំហែង​ ទម្លាក់​គ្រាប់​បែក​ ពី​សហ​រដ្ឋ​អា​មេរិក​ មូល​ដ្ឋាន​នេះ​ បាន​រើ​ទី​តាំង​ ទៅ​ដាក់​នៅ​ក្នុង​​ស្រុក​មេ​មត់​ ខេត្ត​កំពង់​ចាម​​វិញ​។​ ជា​យថា​ហេតុ​ មាន​ជន​កុម្មុយ​នីស្ត​ កម្ពុជា​ 25​នាក់​ រាប់​ទាំង​ មេ​ដឹក​នាំ​បក្ស​ផង​ ស្នាក់​នៅ​ក្នុង​មូល​ដ្ឋាន​នោះ​។​

​នៅ​ក្នុង​ឆ្នាំ​ 1965 សង្រ្គាម​ឥណ្ឌូ​ចិន​ បាន​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ ប្រ​វត្តិ​វិទូ​ នៃ ប្រ​វត្តិ​សាស្រ្ត​ខែ្មរ លោក ដេវីត ឆេនល័រ បាន​ឲ្យ​ដឹង​ថា នៅ​ខែ​មេសា ឆ្នាំ 1965 ដ​ដែល សាឡុត​ ស ជា​មួយ​ និង សហ​ការី​ពីរ​នាក់​ទៀត​ បាន​ធ្វើ​ដំណើរ​តាម​ការ​អញ្ជើញ​មួយ​ ទៅ​ទី​ក្រុង​ហា​ណូយ ដើម្បី​ពិ​ភាក្សា​​ជា​មួយ​មន្រ្តី​ នៃ គណ​បក្ស​កុម្មុយ​នីស្ត​​វៀត​ណាម​ ដឹក​នាំ​ដោយ​ ឡេ​ យន់​ ដែល​កាល​ណោះ​ ជា​លេខា នៃ គណ​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ ការ​ធ្វើ​ដំណើរ​​ភាគ​​ច្រើន​​ ដោយ​​ថ្មើរ​ជើង​ និង​ ចំណាយ​ពេល​​ជាង​ពីរ​ខែ​។​ សាឡុត ស ស្នាក់​នៅ​ក្នុង​ ប្រ​ទេស​វៀត​ណាម​ រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ 1965​។​

លោក ដេវីត ឆេន​ល័រ បាន​មាន​ប្រ​សា​សន៍​ថា នៅ​ក្នុង​អត្ថ​បទ​ ជីវ​ប្រ​វត្តិ​របស់​ ប៉ុល ពត លោក ហ្វី​លីព សត បាន​និយាយ​ថា​ ការ​ធ្វើ​ដំណើរ​​ទៅ​ទី​ក្រុង​ហា​ណូយ​ ជា​គំនិត​របស់​ ប៉ុល​ ពត ខ្លួន​ឯង​ផ្ទាល់​​ទៅ​វិញ​ទេ​ ខ្ញុំ​មិន​បាន​យល់​ស្រប តាម​ការ​លើក​ឡើង​នេះ​ឡើយ​ ប៉ុនែ្ត​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ ប៉ុល ពត ពិត​ជា​បាន​ធ្វើ​ដំណើរ​ ដោយ​ថ្មើរ​ជើង​ ទៅ​កាន់​ទី​ក្រុង​ ហា​ណូយ​ ដើម្បី​សុំ​យោ​បល់ និង ការ​ទូន្មាន​ ពី​ប្រ​ទេស​វៀត​ណាម​។​​

លោក ដេ​វីត ឆេន​ល័រ​ បាន​បញ្ជាក់​បនែ្ថម​ទៀត​ថា​ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ ឯ​ទី​ក្រុង​ហា​ណូយ​ សាឡុត ស បាន​ជួប​ជា​ញឹក​ញាប់​ ជា​មួយ​ ឡេ យន់ និង មនុស្ស​ដទៃ​ទៀត​ ដើម្បី​ពិភា​ក្សា អំពី​អនា​គត​ នៃ ចលនា​​បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​ និង អំពី​ទំនាក់​ទំនង​ របស់​ចលនា​នេះ​ ជា​មួយ​​វៀត​ណាម​ ក៏​ប៉ុនែ្ត​​នៅ​ទី​នោះ​ ឡេ​ យន់ ​បាន​រិះ​គន់​ ឯក​សារ​ន​យោ​បាយ​ ដែល​ សាឡុត ស យក​​ទៅ​ជា​មួយ​​ថា មិន​បាន​និយាយ​អ្វី​ អំពី​សង្រ្គាម​ឥណ្ឌូ​ចិន​សោះ​​។​​

​ លោក​ ដេវីត ឆេន​ល័រ​ មាន​ប្រសា​សន៍​ដូចេ្នះ នៅ​ពេល​នោះ​ មេ​ដឹក​នាំ នៃ បក្ស​កុម្មុយ​នីស្ត​​វៀត​ណាម​ លោក ឡេ យន់ បាន​រិះ​គន់​​គោល​នយោ​បាយ​​បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​ ថា​ គោល​ន​យោ​បាយ​នោះ​ វា​គ្រាន់​តែ​និយាយ​ អំពី​បញ្ហា​ផៃ្ទ​ក្នុង​​របស់​កម្ពុជា​ និង​ សង្រ្គាម វណ្ណ​សក្តិ​ភូមិ​​ទៅ​វិញ​ មិន​បាន​និយាយ​អ្វី​​ទាក់​ទង​ នឹង សង្រ្គាម​វៀត​ណាមឡើយ​។ ឡេ យន់ ក៏​បាន​ទទូច​ផង​ដែរ​ ឲ្យ​ សាឡុត ស ទទួល​យក​​ការ​ណែ​នាំ​ ពី​វៀត​ណាម​ ក្នុង​ការ​ពន្យារ​ពេល​​តស៊ូ​ប្រដាប់​អាវុធ​ ប្រ​ឆាំង​ នឹង សមេ្តច សីហនុ ហើយ​ងាក​មក​ជួយ​​វៀត​ណាម​ ក្នុង​ការ​ធ្វើ​សង្រ្គាម​​ ប្រ​ឆាំង នឹង អា​មេ​រិក​ សិន ឡេ យន់ មិន​បាន​ប្រ​ព្រឹត្ត​ ចំពោះ​ សាឡុត ស ក្នុង​នាម​ជា​មេ​ដឹក​នាំ​ បក្ស​កុម្មុយ​នីស្ត​ជាតិ​​ម្នាក់​ទេ​ ក៏​ប៉ុនែ្ត​​ក្នុង​របៀប​ជា​ អ្នក​នៅ​ក្រោម​បង្គាប់​​វៀត​ណាម​​ម្នាក់​ទៅ​វិញ​។​​

ប៉ុល ពត ធ្លាប់​និយាយ​ថា វៀត​ណាម​​ភាគ​ច្រើន​វា​ល្អ​ ប៉ុនែ្ត​ អ្នក​ដឹក​នាំ​យួន​​អា​ក្រក់​ណាស់ វា​មាន​យុទ្ធ​សាស្រ្ត​​យក​កម្ពុជា​ ហើយ​វា​ស្អប់​ខ្ញុំ​ណាស់​ ពី​ព្រោះ​ ខ្ញុំ​ទប់​ទល់​ នឹង វា អាឡេ យន់​។ សាឡុត ស មិន​យល់​ស្រប​ នឹង ការ​រិះ​គន់​​របស់​ ឡេ យន់ ទេ ក៏​ប៉ុនែ្ត​ ក៏​ប្រ​យ័ត្ន​ប្រ​យែង​ដែរ​ ដោយ​មិន​ងាក​ចេញ​ ពី​មេ​ដឹក​នាំ​វៀត​ណាម​​ឡើយ​ ព្រោះ​តែ​ខ្លួន​ នៅ​ត្រូវ​ការ​ជំនួយ​ពី​ វៀត​ណាម​ ដើម្បី​ចាប់​ផ្តើម​​ធ្វើ​បដិ​វត្តន៍​មួយ​​នៅ​កម្ពុជា​។​​

លោក ដេវីត ឆេនល័រ បាន​បនែ្ថម​ថា សាឡុត ស បាន​ទទួល​មក​វិញ​ នូវ ពាក្យ​វាយ​ប្រហារ​ រយ​ពេល​​មួយ​ម៉ោង​កន្លះ​ ប្រា​កដ​ណាស់​ សាឡុត ស មាន​ការ​តូច​ចិត្ត​ ចំពោះ​ ពាក្យ​រិះ​គន់​ ទាំង​នោះ​ ប៉ុនែ្ត​យើង​មិន​ដឹង​ថា​ គាត់​មាន​ប្រ​តិ​កម្ម​ យ៉ាង​ណា​នោះ​ឡើយ​ ពី​ព្រោះ​ តាម​ការ​កត់​ត្រា​ទុក​ បាន​បង្ហាញ​ថា​ គាត់​មិន​បាន​និយាយ​អ្វី​​ទាល់​តែ​សោះ​។​​

នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 1965 សាឡុត ស បាន​ធ្វើ​ដំណើរ​ តាម​យន្ត​ហោះ​ ពី​ហា​ណូយ​ ទៅ​ចិន​ ដែល​ជិត​ នឹង មាន​​បដិ​វត្តន៍​វប្ប​ធម៌‌ ដំណើរ​ទស្សន​កិច្ច​ ទៅ​ចិន​នោះ គឺ​ជា​ការ​សម្ងាត់​ ពី​ព្រោះ​ ជា​ផ្លូវ​ការ​ ចិន មាន​សម្ព័ន្ធ​ភាព​ ជា​មួយ​រដ្ឋា​ភិបាល​ សង្គម​រាស្រ្ត​និយម​ របស់​សមេ្តច​ សីហនុ​។​ លោក ដេវីត ឆេនល័រ បាន​ឲ្យ​ដឹង​ដូចេ្នះ​ថា បន្ទាប់​មក​ សាឡុត ស បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ ប្រ​ទេស​ចិន​ ជា​បន្ត​ទៀត​ ដោយ​មាន​​ការ​អនុញ្ញាត​ ពី​ប្រ​ទេស​វៀត​ណាម​​ផង​ដែរ​​។​ នៅ​ឯ​ប្រ​ទេស​ ចិន ឯ​ណោះ​វិញ​ មាន​មនុស្ស​ផេ្សង​ៗ​គ្នា​ ជា​ច្រើន​ បាន​មក​ប្រាប់​ សាឡុត ស ថា របៀប​របប​ ធ្វើ​បដិ​វត្តន៍​ របស់​គាត់​ គឺ​មាន​លក្ខណ​ពិត​ប្រាកដ​ និង បរិ​សុទ្ធ​ ជាង​បដិ​វត្តន៍​វៀត​ណាម​ ម្យ៉ាង​វិញ​ទៀត​ សាឡុត ស កំពុង​តែ​ចាប់​យក​ផ្លូវ​ ដែល​ប្រ​ទេស​ចិន​ កំពុង​ដើរ ដូច​ទៅ នឹង ផ្លូវ នៃ ការ​ប្រ​ឆាំង​​របស់​លោក ស្តា​លីន​ ទៅ​ នឹង លោក​ គ្រូ​សឆូវ។​

សា​ឡុត ស មិន​ដែល​បាន​ជួប លោក ម៉ៅ សេទុង ​ទេ ក៏​ប៉ុនែ្ត​ មាន​មន្រ្តី​ជាន់​ខ្ពស់​ចិន​ ជា​ច្រើន​រូប​ទៀត​ រាប់​ទាំង តេង ស៊ាវ​ពីង​ផង​ បាន​ស្វា​គមន៍​គាត់ ពួក​គេ​សង្ឃឹម​ថា​ កុម្មុយ​នីស្ត​កម្ពុជា​ និង ចលនា​ដែល​សាឡុត ស ដឹក​នាំ​នៅ​ក្នុង​អនា​គត​ អាច​ នឹង មាន​ប្រ​យោជន៍​ ចំ​ពោះ​ការ​ប្រ​ឈម​មុខ​ដាក់​គ្នា​ រវាង​ចិន​ និង សហ​ភាព​សូ​វៀត​។​ ពួក​មន្រ្តី​ជ្រុល​និយម​​ចិ​ន ជា​ច្រើន​ ដែល​ក្រោយ​មក​ ក្លាយ​ជា​បង​ធំ​ ទាំង​បួន​នោះ​ ក៏​បាន​សរ​សើរ​ ដល់​ជំហរ​ឯក​រាជ្យ​ របស់​ សាឡុត ស ដែរ​។ របស់​ខ្លួន​ ថា "​ប្រសិន​បើ​យើង​​ចង់​រក្សា​ជំហរ​ របស់​យើង​ ឲ្យ​នៅ​ឆ្ងាយ​ពី​វៀត​ណាម​​នោះ​ យើង​ នឹង ត្រូវ​​ពឹង​ពាក់​ចិន"​។​ ក៏ប៉ុនែ្ត សាឡុត ស នៅ​តែ​រក្សា​​ភាព​រម្យ​ទម​ ជា​មួយ​​ម្ចាស់​ទី​ពុំ​នាក់​វៀត​ណាម​​របស់​ខ្លួន​ដដែល​​។​​

ការ​វិល​ត្រឡប់​មក​​មន្ទីរ​100 វិញ ស៊ី​ពេល​អស់​ជាង​ 4​ខែ​ គឺ​ចំ​ពេល​ដែល​​ផ្លូវ​លំ ហូ​ជី​មិញ​ ស្ថិត​នៅ​ក្រោម​ ទិស​ដៅ​ទម្លាក់​គ្រាប់​បែក​ របស់​សហ​រដ្ឋ​អា​មេរិក​ កាន់​តែ​ខ្លាំង​ឡើង​។​ ការ​ធ្វើ​ដំ​ណើរ​ទៅ​ វៀត​ណាម​ និង​ ចិន​ គឺ​ជា​ចំណុច​ផ្លូវ​បត់​មួយ​ នៅ​ក្នុង​ជីវិត​​របស់​ សាឡុត ស ក៏​ដូច​ជា​ប្រ​វត្តិ​សាស្រ្ត នៃ ប្រ​ទេស​កម្ពុជា​ដែរ ទោះ​ជា​ខែ្មរ​ក្រហម​ បន្ត​ពឹង​ពាក់​លើ​ ជំនួយ​វៀត​ណាម​ រហូត​ដល់​ឆ្នាំ​ 1973 ក៏​ដោយ​ ក៏​ប្រ​ហែល​ជា​ នៅ​ក្នុង​អំឡុង​ពេល​​ធ្វើ​ដំណើរ​ ទៅ​ទស្សន​កិច្ច​​នៅ​ប៉េ​កាំង​​នោះ​ហើយ​ ដែល​ សាឡុត ស សំរេចថា ចិន នឹង ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​ជាង​វៀត​ណាម​។​​

ដូចគ្នានេះដែរ គំនិតរបស់ សាឡុត ស ស្តីពី ការធ្វើបដិវត្តន៍ កម្ពុជាមួយ ឯករាជ្យ ដែលសង្កត់ធ្ងន់លើ "ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួននោះ" បានធ្វើឲ្យ សាឡុត ស ជាទីចាប់អារម្មណ៍ ចំពោះប្រជាជនចិន ក្នុងខណៈដែលចិន ខិតទៅរកបដិវត្តន៍ វប្បធម៌‌ ។

នៅ​ក្នុង​ភាព​យន្ត​ឯក​សារ​ ឈ្មោះ 0Cambodia Year Zero លោក ខិន​ណិត ឃ្វិន​ អតីត ឯ​ក​អគ្គ​រដ្ឋ​ទូត​ នៃ សហ​រដ្ឋ​អា​មេរិក​ ប្រ​ចាំ​នៅ​កម្ពុជា​ បាន​បពោ្ចញ​ទស្សន​ របស់​លោក​ថា​ បដិ​វត្តន៍​វប្បធម៌‌​ របស់​ចិន​ នៅ​ចន្លោះ​ឆ្នាំ​ 1966 និង 1968 អាច​ជា​ឥទ្ធិ​ពល​ លើ​ន​យោបាយ​​ចាប់​ផ្តើម​ដឹក​នាំ​ប្រ​ទេស​កម្ពុជា​ របស់​ សាឡុត ស​។​ លោក ខិន​ណិត ឃ្វិន បា​នមាន​ប្រសា​សន៍​ថា​ បដិ​វត្តន៍​វប្ប​ធម៌‌​ របស់​ចិន​​ពី​ឆ្នាំ 1966 ដល់​ 1968​ អាច​មាន​ឥទ្ធិ​ពល​ លើ​គោល​ន​យោ​បាយ ក្នុង​ការ​ចាប់​ផ្តើម​ដឹក​នាំ​ ប្រ​ទេស​កម្ពុជា​ របស់ សាឡុត ស​។ សាឡុត ស ឬ ប៉ុល ពត បាន​ទទួល​ឥទ្ធិ​ពល​ ពី​បដិ​វត្តន៍​វប្ប​ធម៍​​ចិន​ ដែល​ធ្វើ​ឲ្យ​មាន​ ភាព​រំជើប​រំជួល​ខ្លាំង​ នៅ​ក្នុង​ប្រ​ទេស​ចិន​ កាល​ពី​ឆ្នាំ ​1966​។ គាត់​មាន​ចិត្ត​រំភើប​ ចំពោះ​ចលនា​​របស់​និសិ្សត​ចិន​ ឆ្មាំ​ក្រ​ហម​ ពល​កម្ម​ការ​ងារ​ នៅ​តាម​ជន​បទ​ ការ​សាង​​សង់​ប្រព័ន្ធ​ធារា​សាស្រ្ត​ អាង​ស្តុក​ទឹក​ ការ​គ្រោង​ធ្វើ​ សមូហ​ភាព​និយម​ និង​ ការ​ជម្លៀស​ ប្រ​ជា​ជន​ខ្លះ​ ចេញ​ពី​ទី​ក្រុង​ ឲ្យ​ទៅ​នៅ​ជន​បទ​​។​ ដូចេ្នះ​ ខ្ញុំ​គិត​ថា​ លែ្បង​ប្រែ​ប្រួល​ នៅ​ក្នុង​ប្រ​ទេស​ចិន​ ទាំង​អស់​នេះ​ហើយ​ ដែល​បាន​ជះ​ឥទ្ធិ​ពល​ មក​លើ​ ប៉ុល ពត​។

នៅ​ចុង​ឆ្នាំ 1966 បន្ទាប់​ពី​ សាឡុត​ ស ឬ ប៉ុល​ ពត ត្រ​ឡប់​មក​ មាតុ​ភូម​វិញ​ មន្ទីរ​100​ បាន​ផ្លាស់​ប្តូរ​ទី​តាំង​ ពី​កំពង់​ចាម​ ទៅ​តំបន់​ព្រៃ​ជ្រៅ​ ក្នុង​ខេត្ត​រតន​គីរី​​វិញ​ ហើយ​ទី​តាំង​ ក្នុង​ព្រៃ​ជ្រៅ​នោះ​ហើយ​ ដែល​បាន​ក្លាយ​ជា​​ទី​បញ្ជា​ការ​ធំ​ របស់​ខែ្មរ​ក្រហម​ រហូត​ដល់​ឆ្នាំ​ 1970​ លោក ខិន​ណិត ឃ្វិន បាន​មាន​ប្រ​សាសន៍​​ឲ្យ​ដឹង​ទៀត​ថា​ សា​ឡុត ស បាន​រក​ឃើញ​ថា​ ​មនុស្ស​ដែល​រស់​នៅ​​តាម​តំបន់​ព្រៃ​ភ្នំ​​ទាំង​នោះ​ អាច​ធ្វើ​ជា​ ជន​បដិ​វត្តន៍​ ដ៏​ល្អ​ឥត​ខ្ចោះ​។ ពួក​គេ​មិន​ទាំង​បាន​សួរ​ សាឡុត ស ថា តើ​គាត់​ចង់​​ធ្វើ​អ្វី​ផង​ទេ​។ ស្រាប់​តែ​ គេ​ស្ម័គ្រ​ចិត្ត​ ហើយ​តៀ្រម​ខ្លួន​ ធ្វើ​សកម្ម​ភាព​ ជា​មួយ​គាត់​​តែ​ម្តង​។​ ពួក​គេ​ ក៏​ក្លាយ​ទៅ​ជា​ កម្លាំង​វេញ​ចូល​គ្នា​ ជា​ធ្លុង​មួយ​​។ វា​ជា​កម្លាំង​មួយ ដែល​ សាឡុត ស អាច​ចាក់​បញ្ចូល​ មនោ​គមន៍​វិជ្ជា​បាន​។​ វា​ជា​វិធី​ថ្មី​ ក្នុង​ការ​ធ្វើ​ចល​នា​តស៊ូ​ ហើយ​ សាឡុត ស បាន​រក​ឃើញ​ថា​ ពួក​អ្នក​ព្រៃ​ភ្នំ​​ទាំង​នោះ​ មាន​ទាំង​ឆន្ទ មាន​ទាំង​​ភាព​រំភើប​រីក​រាយ​ ក្នុង​ការ​ចូល​រួម​​ធ្វើ​បដិ​វត្តន៍​​ជា​មួយ​គាត់​។​

លោក ហ្រ្វង់​ស្វ័រ​ ប៉ុងសូ បាន​បនែ្ថម​ទៀត​ថា​ អ្វី​ដែល​មាន​ ឥទ្ធិ​ពល​ លើ ប៉ុល ពត គឺ​អ្នក​ព្រៃ​ភ្នំ​។ លោក​បាន​និយាយ​ថា​ អ្នក​ស្រុក​ព្រៃ​ភ្នំ​ទាំង​នោះ​ រស់​នៅ​​តាម​របៀប​បូរាណ​ និង តាម​របៀប​​សមូ​ហភាព​លោក​ ហ្រ្វង់​ស្វ័រ​ ប៉ុងសូ​ បាន​មាន​ប្រសា​សន៍​ថា ហើយ​នៅ​ទី​នោះ​ គេ​ឃើញ​ជន​ជាតិ​ ភាគ​តិច​ រស់​នៅ​តាម​ ឧត្តម​គតិ​របស់​គេ​ តាម​មនុស្ស​ព្រៃ​ ដ៏​ប្រ​សើរ​។ គឺ​នៅ​សម័យ​នោះ​ ជន​ភាគ​តិច​ គេ​រស់​នៅ​ ដោយ​បរ​បាញ់ និង បេះ​ផែ្ល​ឈើ​ ហើយ​ទាំង​អស់​ ជា​សមូ​ហ​ភាព​ រស់​នៅ​ជា​សម​ភាព​។​ អៀង សារី​ នៅ​ឆ្នាំ 1979 លោក​សរ​សេរ​ថា​ នៅ​តំ​បន់​​ជន​ភាគ​តិច​ ពេល​យើង​រស់​នៅ​​ជា​មួយ​​ជន​ជាតិ​ភាគ​តិច​ យើង​បាន​រៀន​​ទ្រឹ​ស្តី​ ដែល​យើង​បាន​រៀន​ នៅ​ប៉ារីស​ សារ​ជា​ថ្មី​ តាម​របៀប​ ម៉ា​កឡេ​​​នីន​ សមូហ​ភាព​និយម​​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ប៉ុល ពត ធ្លាប់​និយាយ​ប្រាប់​ លោក ណេត ថេយ័រ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌‌​មាន​ សំរាប់​​ទស្ស​នា​វដ្តី​ សេដ្ឋ​កិច្ច​ចុង​បូព៌ា​ថា អ្វី​ដែល​ជា​ឥទ្ធិ​ពល​ មក​លើ​រូប​គាត់​នោះ​ គឺ​ភាព​ក្រី​ក្រ​ របស់​ប្រ​ជា​ជន​ ទៅ​វិញ​ទេ ​សំណួរ​លោក​ថា​ ស្អី​ដែល​នាំ​ឲ្យ​ខ្ញុំ​​រៀន​គម្រូ​ រៀន​ស្អី​​វា​ចម្រុះ ​ប៉ុនែ្ត​​ក្នុង​ស្រុក​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អា​រម្មណ៍​​ច្រើន​ណាស់​​។​ នេះ​ហើយ​​ដែល​សរ​សេរ​ថា​ ខ្ញុំ​មាន​ទូរ​គត​ភា​វូប​នី​យ​កម្ម​មុន​ស្លាប់​។ នៅ​ចុង​ឆ្នាំ 1966 ពេល​មក​ដល់​រតន​គិរី​ភ្លាម​ ខែ្មរ​ក្រហម​ បាន​ប្តូរ​ឈ្មោះ​បក្ស​​របស់​ខ្លួន​ស្ងាត់​ៗ​ ទៅ​ជា​ បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​ ដែល​លើក​តម្កើង​​បក្ស​នេះ​ ឲ្យ​នៅ​ខ្ពស់​ជាង​​បក្ស​ពល​ករ​វៀត​ណាម​ និង​ ឲ្យ​នៅ​ស្មើ​ នឹង អ្នក​ឧបត្ថម្ភ​ថ្មី​​ របស់​ខ្លួន​នៅ​ចិន​។

ការតស៊ូប្រដាប់អាវុធ និង សង្រ្គាមស៊ីវិល
ដោយ ឡេង ម៉ាលី វិទ្យុ អាស៊ីសេរី

នៅឆ្នាំ 1967 មេដឹក​នាំ បក្ស​កុម្មុយ​នីស្តក​ម្ពុជា​ សំរេច​ចាប់​ផ្តើម​​ការ​តស៊ូ​​ប្រ​ដាប់​អាវុធ​ ប្រ​ឆាំង​របប​​សមេ្តច​ សីហនុ ​ក៏​ប៉ុនែ្ត​ គេ​ពុំ​បាន​ធ្វើ​ស​កម្ម​ភាព​អ្វី​ រហូត​ដល់​ថៃ្ងទី​ 18​ ខែ​មករា​ ឆ្នាំ ​1968​ គឺ​ពេល​ដែល​គេ​ ធ្វើ​ការ​វាយ​លុក​លើ​ មូល​ដ្ឋាន​ទ័ព​ មិន​សូវ​ជា​សំខាន់​​មួយ​កនែ្លង​ នៅ​បាយ​ដម្រាំ​ ប៉ែក​ខា​ងត្បូង​ ក្រុង​បាត់​ដំបង​។​ នួន ជា ដែល​ជា​មេ​ដឹក​នាំ​កំពូល​ នៃ កង​ឧទ្ទាម​ ខែ្មរ​ក្រហម​ម្នាក់​ នៅ​ពេល​នោះ​ បាន​រំលឹក​ បញ្ជាក់​ឡើង​វិញ​ថា​ គេ​ធ្វើ​បាប​ខ្លាំង​ពេក​ ក៏​ប្រ​ជា​ជន​បំពាក់​អាវុធ​ បន្ទាប់​មក​ពួក​គេ​ ប្រារព្វ​ពិ​ធី​អប​អរ​សារ​ទរ​ ចំពោះ​ ការ​វាយ​ប្រ​ហារ​នេះ​​ថា​ ជា​សកម្ម​ភាព​​លើក​ទី​មួយ​ របស់​​កង​ទ័ព​បដិ​វត្តន៍​ របស់​ពួក​គេ​។​

រវាង​ខែ​មករា​ ឆ្នាំ 1968 និង​ រដ្ឋ​ប្រ​ហារ​ទម្លាក់​ សមេ្តច​ សីហនុ ចេញ​ពី​អំ​ណាច​ នៅ​ក្នុង​ ខែមីនា ឆ្នាំ 1970 ក្រុម​ឧទ្ទាម​ខែ្មរ​ក្រហម​ បាន​តស៊ូ​ប្រ​ឆាំង​ នឹង​ កង​កម្លាំង​ រដ្ឋា​ភិបាល​​ ជា​ពិសេស​ នៅ​ភាគ​ឦ​សាន​ និង​ ភាគ​ខាង​ត្បូង​ ក្រុង​បាត់​ដំបង​ គេ​បង្ក​ នូវ ​ការ​ខូច​ខាត​ខ្លះ​ៗ និង ទទួល​បាន​​បទ​ពិ​សោធន៍​ យ៉ាង​ថៃ្ល​ថ្លា​ ហើយ​ដណ្តើម​បាន​​អា​វុធ​រាប់​រយ​ដើម​ ក៏​ប៉ុនែ្ត​ គេ​មិន​ទទួល​​បាន​​ជ័យ​ជម្នះ​ លើ​សម​រ​ភូមិ​ធំ​ៗ​ ទេ​ ហើយ​ក៏​មិន​ដែល​បាន​ កាន់​កាប់​​ត្រួត​ត្រា​ តំបន់​ប្រ​ជុំ​ជន​ធំ​ៗ​ របស់​ប្រ​ទេស​ដែរ​។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ នៅ​ចន្លោះ​ឆ្នាំ 1968 និង ឆ្នាំ 1970 ការ​មិន​ពេញ​ចិត្ត​ នឹង របប​​សមេ្តច សីហនុ ចេះ​តែ​រីក​ដុះ​ដាល​ ហើយ​ការ​វាយ​ប្រ​ហារ​ ដោយ​យោ​ធា​​ហួស​ហេតុ​​​​ប្រ​ឆាំង​ នឹង ​ពួក​ឧទ្ទាម​ បាន​នាំ​ឲ្យ​មាន​​ការ​ជ្រើស​រើស​កម្លាំង​ថ្មី​ៗ​ រាប់​រយ​នាក់​ ចូល​ទៅ​ក្នុង​ជួរ​បដិ​វត្តន៍​​ ឧទា​ហរណ៍​ ជាក់​សែ្តង​ គឺ ការ​ប្រើ​កម្លាំង​យោ​ធា​ បង្រ្កាប​កសិករ​ ដែល​បះ​បោរ​​ដើ​ម្បី​ការ​ពារ​ដី​ធ្លី​ របស់​ខ្លួន​​នៅ​ស្រុក​សំឡូត​​។​

ព្រឹត្តិ​ការ​ណ៍​រដ្ឋ​ប្រ​ហារ​ នៅ​ខែ​មីនា​ ឆ្នាំ 1970 បាន​នាំ​ឲ្យ​ខែ្មរ​ក្រហ​ម​ ចង​​សម្ព័ន្ធ​ភាព​ ជា​ផ្លូវ​ការ​ មិន​ត្រឹម​តែ​ជា​មួយ​បក្ស​​កុម្មុយ​និស្ត​វៀត​ណាម​ ដែល​សន្យា​នាំ​សមេ្តច​ សីហនុ​ មក​កាន់​អំណាច​វិញ​ ប៉ុណ្ណោះ​ទេ​ ប៉ុនែ្ត​ ក៏​ចង​សម្ព័ន្ធ​ភាព​ ជា​មួយ​សមេ្តច​ សីហនុ ផ្ទាល់​ ដែល​ធ្លាប់​ជា​ សត្រូវ​ទី​មួយ​​របស់​ចល​នា​បដិ​វត្តន៍​ ខែ្មរ​ក្រហម​​ផង​ដែរ​​។​ មេ​ដឹក​នាំ​ខែ្មរ​ក្រ​ហម​កំពូល​ នួន​ ជា បាន​រំលឹក​អំពី​ព្រឹតិ្ត​ការ​ណ៍​នោះ​ ដូ​ចេ្នះ​ថា ​ពេល​ដែល​ លន់ នល់ ធ្វើ​រដ្ឋ​ប្រ​ហារ​​ទម្លាក់​ព្រះ​ករុណា​ ពេល​នោះ​ ព្រះ​អង្គ​នៅ​រុស្ស៊ី​។​ កាល​ណោះ​ ចិន​ វៀត​ណាម​អី​ គេ​ទាក់​ទង​ភ្លាម​​។​ ផាម វ៉ាន់​ដុង​ ទៅ​ជួប​ ជូ អេន ឡាយ នៅ​ប៉េ​កាំង​ឯ​ណោះ ជួប​ព្រះ​ករុណា​ ប្រ​ជុំ​ប្រឹក្សា​គ្នា​ទៅ​ថា​ ត្រូវ​តែ​តស៊ូ​ ហើយ​ព្រះ​អង្គ​ ធ្វើ​ជា​ប្រ​ធាន​ ហើយ​ពេល​នោះ​ ព្រះ​អង្គ​អំពាវ​នាវ​ ឲ្យ​ជាតិ​ប្រ​ជា​ជន​ ចេញ​ម៉ាគី​ តស៊ូ​ជា​មួយ​ ពួក លន់ នល់​។ ដូចេ្នះ​ ចលនា​យើង​ ធំ​ណាស់​។​ នៅ​ខាង​ក្រោម​ មាន​កម្ម​ករ​​កសិករ​ ប្រ​ជា​ពល​ករ​ ព្រះ​សង្ឃ​ ក៏​សំខាន់​ណាស់​ដែរ​​។​ នោះ​គឺ​ជា​ ចលនា​ជាតិ​ទាំង​មូល​ មិន​មែន​ជា​ ចលនា​កម្ពុជា​ប្រ​ជាធិប​តេយ្យ​ទេ​។

ក្រោយ​ព្រឹត្តិ​ការ​ណ៍​រដ្ឋ​ប្រ​ហារ មាន​ប្រ​ជា​ជន​​រាប់​ពាន់​នាក់​ ដែល​ភាគ​ច្រើន​​ជា​កសិ​ករ​ មាន​ភក្តី​ភាព​ ចំពោះ​សមេ្តច​សី​ហនុ បាន​ចូល​រួម​ជា​មួយ​ ខែ្មរ​ក្រហម​​។​ អ្នក​ស្រី​ អ៊ី រុំ​បាន​ប្រាប់​ឲ្យ​ដឹង​អំ​ពី​មូល​ហេតុ​ ដែល​គាត់​ចូល​តស៊ូ​ ជា​មួយ​ខែ្មរ​ក្រ​ហម​​ដូចេ្នះ ខ្ញុំ​បាន​ទៅ​តស៊ូ​​នៅ​ឆ្នាំ 70​គត់​ កាល​ហ្នឹង​​គេ​រដ្ឋ​ប្រ​ហារ​សមេ្តច​ សមេ្តច​ឪ​​ស្រែក​ថា​ សុំ​ឲ្យ​​កូន​ទាំង​អស់​គ្នា​ហ្នឹង​ គឺ​ចូល​ព្រៃ​ម៉ាគី​ ដើម្បី​រំដោះ​ឪ​ យក​មក​​វិញ​ ម៉ោះ​ហើយ​ហ្នឹង​ ក៏​នាំ​បង​ប្អូន​ហ្នឹង​ តស៊ូ​ដើម្បី​វាយ​ លន់ នល់ ហ្នឹង​ឲ្យ​ចេញ​​ឲ្យ​បាន​​ សមេ្តច​​យើង​បាន​មក​នៅ​​ប្រ​ទេស​ជាតិ​យើង​​វិញ សូម្បី​តែ​កូន​ស្រី​ ក៏​ឲ្យ​ធ្វើ​យោធា​ដែរ​។ រយ​ពេល​ពីរ​ឆ្នាំ​បន្ទាប់​មក​ កង​កម្លាំង​វៀត​ណាម​ និង ខែ្មរ​ក្រហម​ បាន​រួម​ដៃ​គ្នា​​ប្រ​យុទ្ធ​​ត​ទល់​ នឹង កង​ទ័ព​ ដែល​ខ្វះ​ការ​ហ្វឹក​ហ្វឺន​ និង​ មាន​ការ​ដឹក​នាំ​មិន​ល្អ​​ដោយ​របប​ លន់ នល់​​និយម​អា​មេរិក​។​ ពេលនោះសេ្ដចសីហនុ គឺជាកុក្កតាចូលរូប ដោយមានព្រលឹងខ្មោចបីសាចអសុរកាយចូលសន្ថិត ស្ដេចសីហនុ ដែលចាត់ទុកខ្មែរក្រហម ដល់ចុងឆ្នាំ 1971 រដ្ឋាភិបាលភ្នំពេញ លែងមានលទ្ធភាព បង្កើន ការវាយប្រហារធំៗ ហើយ ខែ្មរក្រហម បានគ្រប់គ្រង តំបន់ភាគច្រើន របស់ប្រទេស លើកលែងតែ ទីក្រុងធំៗ ប៉ុណ្ណោះ ។ ខែ្មរក្រហម បានចំណេញ ការហ្វឹកហ្វឺន ផែ្នកសឹកសង្រ្គាម អាវុធយុទ្ធភណ្ឌ និង ជំនួយឧបត្ថម្ភផេ្សងៗ ទៀតពីវៀតណាម ។ ទោះបីជា មេដឹកនាំខែ្មរក្រហម មិនដែល សារភាពថា ខ្លួនបានទទួល ជំនួយទាំងនោះ ក៏ដោយ ក៏ប៉ុនែ្ត នោះជាការពិត ។

លោក សាលឿន អតីត​យោ​ធា​ខែ្មរ​ក្រហម​ម្នាក់​ នៅ​ស្រុក​សម្លូត​ បាន​ឲ្យ​ដឹង​ដូចេ្នះ នៅ​កង​ពល 227 ហាត់​រៀន​​បចេ្ចក​ទេស​ហ្នឹង​​អស់​រយ 6​ខែ​ គ្រូ​ដែល​ហ្វឹក​ហ្វឺន​ ក្នុង​កង​ពល​ហ្នឹង​ គឺ​វៀត​ណាម​បាទ។​ លោក​សាស្រ្តា​ចារ្យ​ ដេវីត ឆេនល័រ ប្រ​វត្តិ​វិទូ​ នៃ ប្រ​វត្តិ​សាស្រ្ត​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នា​ពេល​នោះ​ បើ​គ្មាន​​ការ​ជួយ​ជ្រោម​ជ្រែង​​យ៉ាង​ខ្លាំង​ក្លា​ ពី​វៀត​ណាម​ទេ​ ពួក​ខែ្មរ​ក្រហម​ ប្រាកដ​ជា​មិន​អាច​ យក​ជ័យ​ជម្នះ​ លើ​របប​ភ្នំ​ពេញ​​បាន​ឡើយ​​។​

នៅ​ដើម​ឆ្នាំ​ 1972 កង​ទ័ព​វៀត​ណាម​ភាគ​ច្រើន​ បាន​ដក​ចេញ​ពី​​ប្រ​ទេស​កម្ពុជា​ ដែល​ជា​ផែ្នក​មួយ​ នៃ កិច្ច​ព្រម​ពៀ្រង​ រវាង​វៀត​ណាម​ និង សហ​រដ្ឋ​អា​មេ​រិក​។​ លោក​ សាលឿន​ បាន​ឲ្យ​ដឹង​ថា កាល​ហ្នឹង​ គឺ​អង្គ​ការ​ហ្នឹង​ សុំ​ឲ្យ​វៀត​ណាម​ហ្នឹង​ ប្រមូ​ល​អា​វុធ​​ទុក​ឲ្យ​អស់​ ហើយ​បញ្ជូន​វៀត​ណាម​ ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​​។​ ហ្នឹង​វៀត​ណាម​សុទ្ធ​ គឺ​ចេញ​អស់​ហើយ​​។​ អ៊ី​ចឹង​ នៅ​ជំនាញ​​តាម​កង​ពល​មួយ​ៗ​ទៀត​​។ មួយ​វគ្គ​ទៀត​ហ្នឹង​ គឺ​ ចុង​ឆ្នាំ 72 ​គឺ​យើង​ចាប់​ផ្តើម​​ចំរាញ់​​ទាំង​អស់​តែ​ម្តង​ គេ​ហៅ​ថា​ ពួក​ភាគ​ឯ​ជើង​​នោះ​ណា​។ ដក​ចេញ​ទាំង​អស់​​តែ​ម្តង​ គឺ​នៅ​តែ​ ខែ្មរ​សុទ្ធ​ អត់​មាន​​វៀត​ណាម​ទេ​។​

បី​ឆ្នាំ​បន្ទាប់​មក​ទៀត​ ខែ្មរ​ច្បាំង​ជា​មួយ​ខែ្មរ​​គ្នា​ឯង​ ក្នុង​សង្រ្គាម​ស៊ី​វិល​​មួយ​ យ៉ាង​សា​ហាវ​ ដែល​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ រាប់​ពាន់​ រាប់​ម៉ឺន​ជំពូក​។ គ្មាន​ភាគី​ណា​មួយ​​រក្សា​ទុក​​ចំ​ណាប់​ខ្មាំង​ឡើយ​ គឺ​នៅ​ពេល​ណា​ ភា​គី​ណា​មួយ​ ចាប់​បា​ន​​ចំណាប់​ខ្មាំង​​ពួក​គេ​ តែង​តែ​សម្លាប់​ ចំណាប់​ខ្មាំង​នោះ​​ចោល​​។ ដល់​ឆ្នាំ​ 1973 យោធា​ខែ្មរ​ក្រហម​ បាន​ក្លាយ​ជា​​កង​ទ័ព​ប្រ​យុទ្ធ​​ស្វិត​ស្វាញ​ និង មាន​ជំនាញ​​។​

ការ​ទម្លាក់​គ្រាប់​បែក​ តាម​ផ្លូវ​អា​កាស​យ៉ាង​ខ្លាំង​ក្លា​ របស់​​សហ​រដ្ឋ​អា​មេរិ​ក​ នៅ​ក្នុង​ឆ្នាំ​នោះ​ បាន​ធ្វើ​ឲ្យ​​ខេ្ទច​ខ្ទាំ​ទេស​ភាព​​តំបន់​ជុំ​វិញ​ ទី​ក្រុង​ភ្នំ​ពេញ​ ជា​ការ​ពន្យារ​ពេល​​ជ័យ​ជម្នះ​ របស់​ខែ្មរ​ក្រហម​​។​ លោក​ ម៉ី សុវណ្ណរ៉ា អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ បាន​ឲ្យ​ដឹង​ថា ឆ្នាំ 1973 ​គឺ​ថា យើង​អាច​មើល​​ឃើញ​ពី​ភ្នំ​ពេញ​ទៅ​ យន្ត​ហោះ​ របស់​សហ​រដ្ឋ​អា​មេ​រិក​ ទម្លាក់​គ្រាប់​បែក​ ប៉ាន់​ស្មាន​ទៅ​ ឃើញ​ថា​ នៅ​ម្តុំ​ខេត្ត​កណ្តាល​ ខាង​ព្រំ​ប្រទល់​​ខាង​ខេត្ត​តា​កែវ​ កំពង់​ស្ពឺ​អី​ហ្នឹង​ ព្រំ​ប្រ​ទល់​អស់​ហ្នឹង​ ខ្ញុំ​ឡើង​ទៅ​លើ​​អា​ផ្ទះ​ដែល​ខ្ពស់​ យើង​អាច​មើល​ឃើញ​ ពន្លឺ​ភ្លើង​​ព្រាក​ៗ​អ៊ី​ចឹ​ង​​។នៅ​ថៃ្ង​ទី ​20 ខែ​ឧស​ភា ឆ្នាំ​1973 ខណ​ដែល​ ការ​ទម្លាក់​គ្រាប់​បែក​ ​កំពុង​តែ​បន្ត​ ខែ្មរ​ក្រហម​​បាន​នាំ​មក​នូវ​ គំនិត​សមូ​ហ​ភាព​និយម​​នៅ​ក្នុង​តំបន់​ ដែល​ខ្លួន​ត្រួត​ត្រា​។​

លោក​ស្រី​ សេង​ រឿន ដែល​ធ្លាប់​រស់​នៅ​ក្នុង​តំបន់​រំដោះ​ កាន់​កាប់​ដោយ​​ខែ្មរ​ក្រ​ហម​ មុន​ឆ្នាំ ​1975 បាន​រៀប​រាប់​អំពី​​បទ​ពិសោ​ធន៍​ជីវិ​ត​ ដែល​ខែ្មរ​ក្រហម​ ដាក់​ឲ្យ​រស់​នៅ​​ជា​សមូ​ហ​ភាព​ ដូចេ្នះ​ថា ​ឆ្នាំ​ 72 73 ហ្នឹង​ គេ​ចាប់​ផ្តើម​រៀប​​សហ​ករណ៍​បណ្តើរ​ៗ​​ហើយ​​ គេ​ស្ល​រួម​ ប៉ុនែ្ត​ បាយ​ឯក​ជន​​នៅ​តាម​ផ្ទះ​ នៅ​ឡើយ​ទេ​។​ ដល់​ពេល​វាយ​រគាំង​​ដាក់​ឆ្នាំង​ ទៅ​យួរ​សម្ល​មក​​ រួច​ពី​ហ្នឹង​ទៅ​​បាន​មួយ​ឆ្នាំ​ អីអ៊ី​ចឹង​ទៅ​ បាន​គេ​ដាំ​បាយ​ឲ្យ​យើង​ទៅ​​ហូប​នៅ​ទី​នោះ​​វិញ​​ ហើយ​ អា​ហ្នឹង​ ខ្ញុំ​ទៅ​កង​ចល័ត​ហើយ​ ចេញ​ពី​​​សហ​ករណ៍​ហ្នឹង​​ហើយ​។​

លោក ឆាំង យុ នាយក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុ​ជា ​បាន​ពន្យល់​​អំពី​ប្រ​វត្តិ​ នៃ ថៃ្ង​ទី 20 ឧសភា ដូចេ្នះថា បាទ​!​ ថៃ្ង​ 20 ឧសភា​ហ្នឹង​ គឺ​ជា​ថៃ្ង​បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​ហ្នឹង​ គេ​យក​ជា​ ថៃ្ង​មួយ​ ដែល​អ្វី​ៗ​ទាំង​អស់​ ជា​របស់​សមូហ​ភាព​​ បាទ​!​ មុន​ខែ្មរ​ក្រហម​​កាន់​កាប់​ អំណាច​ហ្នឹង​ មាន​តំបន់​រំដោះ​ មួយ​ចំនួន​ ឆ្នាំ​ 73 ហ្នឹង​ ខែ្មរ​ក្រហម​​ចាប់​ផ្តើម​ដាក់​សម្ភារ​ ឯក​ជន​​ជា​សម្ភារ​រួម​ ហើយ​ចាប់​ផ្តើម​ មាន​ហូប​ នៅ​រោង​បាយ​រួម អី​អ៊ីចឹង​​បាទ​។​ លុះ​ពេល​ក្រោយ​មក​ នៅ​ក្នុង​ទស​វត្សរ៍​ឆ្នាំ 1980​ ក្រោយ​ពេល​ ដែល​ខែ្មរ​ក្រហម​ បាត់​បង់​​ការ​គ្រប់​គ្រង​ប្រ​ទេស​ ហើយ​​វៀត​ណាម​ លើក​បន្តុប​រដ្ឋា​ភិបាល​ថ្មី​មួយ​ ដែល​គេ​ស្គាល់​ថា​ សាធា​រណ​រដ្ឋ​ ប្រជា​មា​និត​កម្ពុ​ជា ឲ្យ​កាន់​អំណាច​នោះ​ នៅ​ថៃ្ង​ទី 20 ឧសភា ត្រូវ​បាន​ប្រារព្ធ​ជា​ "ទិវា​ចង​កំហឹង​" ​ទូ​ទាំង​ប្រ​ទេស​ ហើយ​ក្រោយ​មក​ ក៏​បាន​ប្តូរ​ទៅ​ជា​ "ថៃ្ង​រំលឹក​វិញ្ញាណ​ក្ខន្ធ​ ទៅ​វិញ​"​។​

លោក ឆាំង យុ នា​យក​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ បាន​បញ្ជាក់​​បនែ្ថម​ថា ហើយ​ដល់​ពេល​​ក្រោយ​ឆ្នាំ 79​ហ្នឹង​ ខាង​គណ​បក្ស​ប្រជា​ជន​ បាន​យក​ថៃ្ង​នេះ​ ជា​ថៃ្ង​វាយ​បក​ទៅ​ ខែ្មរ​ក្រហម​វិញ​ ដោយ​លើក​ឡើង​ថា​ ឥឡូ​វ​នេះ​ ប្រ​ជា​ជន​​បាន​រួច​ពី​​របប​ប្រ​ល័យ​ពូជ​សា​សន៍​ អ៊ី​ចឹង​ សិទិ្ធ​ឯក​ជន​ ក្រុម​គ្រួសារ​ហ្នឹង​ ត្រូវ​បាន​ត្រឡប់​វិញ​​។ គេ​ក៏​បាន​យក​ជា​​ថៃ្ង​ប្រ​វត្តិ​សាស្រ្ត​មួយ​ ដើម្បី​រំលឹក​អំពី​ អំពើ​ទាំង​ឡាយ​ ដែល​ខែ្មរ​ក្រហម​ ទាំង​ឡាយ​ហ្នឹង​ បាន​ប្រ​ព្រឹត្ត​មក​លើ​ប្រ​ជា​ជន​កម្ពុជា​ ហើយ​ជា​ទូ​ទៅ​ គេ​ហៅ​ថា​ "ថៃ្ង​ចង​កំហឹង​"​ នឹង​របប​​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត​ អៀង សារី​។​ សភា​អាមេ​រិក​ បាន​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​ នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​1973 ក៏​ប៉ុនែ្ត​សង្រ្គាម​ នៅ​តែ​បន្ត​​រហូត​មួយ​ឆ្នាំ​កន្លះ​ទៀត​ ខណ​ដែល​ខែ្មរ​ក្រហម​ ពង្រីក​តំបន់​ត្រួត​​ត្រា​របស់​ខ្លួន​។ របប ​លន់ នល់​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ ភាព​អន់​ថយ​ ហើយ​ សហ​រដ្ឋ​អា​មេ​រិក​ ក៏​បង្កើន​ល្បឿន​ ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​វៀត​ណាម​ខាង​ត្បូង​ នៅ​ក្នុង​​បណ្តា​ឆ្នាំ​ទាំង​នោះ​ មាន​ជន​ភៀស​ខ្លួន​ រាប់​សែន​នាក់​ ដែល​ភៀស​ខ្លួន​ ចេញ​ពី​សង្រ្គាម​ បាន​ហូរ​ចូល​ទី​ក្រុង​ភ្នំ​ពេញ និង បាត់​ដំបង​ ដែល​ឋិត​នៅ​ក្នុង​ ដៃ​រដ្ឋា​ភិបាល​នៅ​ឡើយ​។​

លោក ម៉ី សុវណ្ណរ៉ា បាន​ឲ្យ​ដឹង​អំពី​ស្ថាន​ភាព​ ជន​ភៀស​ខ្លួន​​នៅ​ពេល​នោះ​​ដូចេ្នះ​ថា ខ្ញុំ​មាន​បង​ប្អូន​ ដែល​រត់​ពី​ខាង​​កំពង់​ស្ពឺ​ ពី​ខាង​ស្រុក​កណ្តាល​ស្ទឹង​ រដ្ឋា​ភិ​បាល​ លន់ នល់ គេ​ពេល​ហ្នឹង​ គេ​រៀប​ចំ​តំបន់​មួយ​ សំរាប់​ឲ្យ​ ជន​ភៀស​ខ្លួន​ហ្នឹង​​នៅ​។ ដូច​ជា​ នៅ​ខាង​យើង​ អូរ​បែក​ក្អម​នេះ​ ខាង​មុខ​ពេទ្យ​លោក​សង្ឃ​ គឺ​ថា​ មួយ​វាល​ធំ​ហ្នឹង​ គឺ​សំរាប់​គេ​ដាក់​ ជន​ភៀស​ខ្លួន គឺ​ថា​ គេ​ឲ្យ​មក​នៅ​ហ្នឹង​ ដើម្បី​គេច​ពី​​ការ​ប្រយុទ្ធ​គ្នា​ នៅ​តាម​ជន​បទ​ហ្នឹង​ ព្រោះ​ខែ្មរ​ក្រហម​ មក​គៀក​ៗ​ មែន​ទែន​ហើយ​ តំបន់​អស់​ហ្នឹង​។ ការ​ឧបត្ថម្ភ​ ពី​រដ្ឋា​ភិបាល​ លន់ នល់ ពី​ខាង​កាក​បាទ​ក្រហម​ គឺ​ថា​​កាល​ហ្នឹង​មិន​ គ្រប់​គ្រាន់​ទេ​ គឺ​ថា មាន​ការ​លំបាក​​មែន​ទែន​។​ សេវា​កម្ម​ផេ្សង​ៗ​ មិន​យូរ​ប៉ុន្មាន​ត្រូវ​ខូច​ខាត​ រី​ឯ​រដ្ឋា​ភិបាល​ លន់ នល់ ដែល​ពុក​រលួយ​ ហើយ​ ឋិត​នៅ​ក្នុង​​ការ​ហ៊ុម​ព័ទ្ធ​នោះ​ គ្មាន​លទ្ធ​ភាព​ ជួយ​ជន​ភៀស​ខ្លួន​ មិន​អាច​ យក​ជ័យ​ជម្នះ​ លើ​សមរ​ភូមិ​ ឬ ពង្រីក​ការ​អំពាវ​នាវ​​របស់​ខ្លួន​បាន​ឡើយ​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យោធា​ខែ្មរ​ក្រហម​ ក៏​ប្រ​ហែល​ជា​ ត្រូវ​ពិកា​រ​ ដោយ​សារ​​ការ​ទម្លាក់​គ្រាប់​បែក​ យ៉ាង​ធ្ងន់​ធ្ង​រ​ នៅ​ឆ្នាំ​ 1973 ទើប​មិន​អាច​ច្បាម​យក​ ទី​ក្រុង​នានា​ របស់​ប្រ​ទេស​កម្ពុជា​ ដែល​មាន​ការ​ការ​ពា​មាំ​ទាំ​ រហូត​ដល់​ថៃ្ង​ទី 17 មេសា​ ឆ្នាំ 1975​។