ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
ប្រវត្តិបដិវត្តន៍ របស់ ប៉ុល ពត (ត)
វិទ្យុអាស៊ីសេរី 20070703 ជីវិតា
ថ្ងៃសៅរ៍ ទី11.មីនា 2023.ម៉ោង 17:33
ក្រោយពីការឡើងកាន់អំណាចភ្លាម ប៉ុល ពត និង ថ្នាក់ដឹកនាំរបស់គាត់ បានល្បួងបញ្ឆោត ឲ្យអ្នកចេះដឹង នៅក្នុងស្រុកចេញមុខ ដើម្បីជួយកសាងជាតិ ប៉ុនែ្ត អ្នកទាំងនោះ ត្រូវបានសម្លាប់ចោល។
លោក សៀង សាក់ អតីតយុទ្ធជនបដិវត្តន៍ ផែ្នកជញ្ជូនជ័យភណ្ឌ ដែលបានឃើញហេតុការណ៍ប្រមូលផ្តុំ អតីតមន្រ្តីរាជការ នៃ របបមុន នៅក្នុងទីក្រុងភ្នំពេញ ក្រោយថៃ្ងទី 17 មេសា ឆ្នាំ 1975 បានរំលឹកឡើងថា ហើយ ហៅមកវិញអ្នកណាដែល ពាក់ស័ក្តិមួយឡើងទៅ ឲ្យមកទទួលសមេ្តចឪវិញ។ ឃើញ គេយកមកមែន ឃើញបកមកវិញមែន។ ដល់ពេលមកដល់ គ្មានបានទទួលសមេ្តចឪឯណា ស្រាប់តែយកទៅ វ៉ៃចោលអស់។ គេមកជួបគ្នា នៅម្តុំពេទ្យកាល់ម៉ែត្រ ខ្ញុំចាំបានថា ផ្លូវហ្នឹងគេហៅផ្លូវមុនីវង្ស ឃើញគេដឹកមក ។ គេដឹកមកអីចឹងទៅ ល្ងាចឡើង គេយកទៅវ៉ៃចោលហើយ។ ប្រហែលប៉ុន្មាននាក់? ឪ វាអត់ប្រាប់កើតទេ ពីព្រោះអី នៅតាមផ្ទះ រដិបរដុប។ ដឹកមកទាំងកូន ទាំងចៅអីដាក់នៅក្នុងផ្ទះទៅ។ ដឹកមកដូចថា ដឹកមកដល់ព្រឹក អ៊ីចឹងដាក់នៅផ្ទះទៅល្ងាចឡើង បានគេបពោ្ចញបាត់។ គឺវ៉ៃពីថៃ្ង 20 វ៉ៃចោល 21 វ៉ៃចោល 22 វ៉ៃចោល 23 វ៉ៃចោល វ៉ៃបួនថៃ្ង ដែលអ្នកទៅវ៉ៃ គេថា វ៉ៃចោលនៅទួលគោក។
យោងតាមសៀវភៅ ប្រវត្តិសាស្រ្តខែ្មរក្រហម មួយឈ្មោះ The Seven Candidates for Prosecution អាចប្រែថា បេក្ខជនប្រាំពីររូប ដែលត្រូវរង ការផ្តន្ទាទោស និពន្ធដោយ លោក ស្ទីវ ហិដឌ័រ (Steve Header) បានបញ្ជាក់ថា ភ្លាមៗ ក្រោយពីបានចូលកាន់កាប់ ទីក្រុងភ្នំពេញ ពួកមេកុម្មុយនីស្ត ខែ្មរក្រហម បានបញ្ជាកងទ័ពរបស់ពួកគេ ឲ្យប្រមូលចាប់ នាយទាហាន និង មន្រ្តីរាជការ នៃ របបសាធារណរដ្ឋខែ្មរ ដែលពួកគេទើបបានផ្តួលរំលំ យកទៅ សម្លាប់ចោល អស់ជាច្រើនរយនាក់។
ចំណែកលោក អុង ថុងហឿង ជាសាក្សីរស់ម្នាក់ ដែលត្រូវបានល្បួង ឲ្យមកពីប្រទេសបារាំង បានរំលឹកថា ទាហាន មកពីអាមេរិក និសិ្សត នៅប្រទេសអឺរ៉ុប ផេ្សងៗទៀត ក៏មក និស្សិតភាគច្រើន មកពីស្រុកបារាំង មកពី កាណាដា ដែលមករស់នៅជាមួយគ្នាហ្នឹង ប្រហែលជា ជិត 4ពាន់នាក់។ រស់នៅសព្វថៃ្ងតាមដឹងមក មិនដល់ 1ពាន់នាក់ទេ។
លោកសាស្រ្តាចារ្យ ជើរ៉ុល ផូស្ថ បានមានប្រសាស៍ថា មូលហេតុចម្បង នៃ ជំងឺព្រួយបារម្ភ នយោបាយហួសហេតុ គឺបណ្តាលមកពី មានសេចក្តីភ័យខ្លាច បាត់បង់ស័្វយភាពច្រើនហួសហេតុ។ លោកសាស្រ្តាចារ្យ មានប្រសាសន៍ ដូចេ្នះថា វាបណ្តាលមកពី កត្តាអស្ថិរភាព ខាងផ្លូវចិត្ត្តហួសហេតុ ដែលជាធម្មតា វាទាក់ទង នឹង សតិអារម្មណ៍ កង្វះជំនឿជឿជាក់ ក្នុងខ្លួនឯង។ ហើយមធ្យោបាយមួយ ដើម្បីការពារអស្ថិរភាព ខាងផ្លូវចិត្ត្ត ហួសហេតុ របស់ខ្លួននោះ គឺការធ្វើសកម្មភាព វាយប្រហារ សត្រូវជាមុន សត្រូវមែនទែនក្តី សត្រូវគ្រាន់តែសង្ស័យ ព្រាវៗនោះក្តី។ ហើយជាលទ្ធផល ការសង្ស័យ ច្រើនហួសហេតុ និង សកម្មភាពវាយប្រហារ ជាមុននេះ បានបង្កបង្កើតសត្រូវ សំរាប់ខ្លួនឯង ហើយសត្រូវនោះ ក៏បានវាយបកមកវិញ។ បញ្ហានេះ ក៏ធ្លាប់កើតមាន ចំពោះ ចូសេហ្វ ស្តាលីន ផងដែរ។
វិធីមួយទៀត ក្នុងការរាវរកសត្រូវ ដើម្បីវាយកមេ្ទចជាមុន របស់ ប៉ុល ពត គឺការជំរុញ បញ្ចុះបញ្ចូល កុមារា កុមារី ឲ្យក្លាយទៅជា ភែ្នកច្រមុះ របស់អង្គការ តាមដានសកម្មភាព របស់ ឪពុកម្តាយខ្លួនឯង នៅទូទាំងប្រទេស។ ឪពុកម្តាយ លែងទុកចិត្តកូន កូនលែងទុកចិត្តម្តាយឪពុក ហើយមនុស្ស នៅក្នុងសហគមន៍ទាំងមូល បាត់បង់ជំនឿលើគ្នា ហើយ កម្ពុជា ក៏ក្លាយទៅជា សង្គមជាតិមួយ ដែលមានជំងឺ សង្ស័យគ្នាគ្មានទីបញ្ចប់។
ទាំងនេះហើយ ទើបលោកបណ្ឌិត សាស្រ្តាចារ្យ ជើរ៉ុល ផូស្ថ ហៅថា ជំងឺព្រួយបារម្ភ ខាងនយោបាយ ហួសហេតុ គឺជាជំងឺ មិនទុកចិត្តគ្នា ដែលចម្លងពីមេដឹកនាំខែ្មរក្រហម មួយក្តាប់ ទៅសង្គមជាតិទាំងមូល។ លោកបានឲ្យដឹងទៀតថា និយាយពី ផលវិបាកវិញ វាធ្ងន់ធ្ងរណាស់ វាទាក់ទង នឹង ការទុកចិត្តគ្នា នៅក្នុងសហគមន៍។ ខ្ញុំសូមលើក ឧទាហរណ៍មួយ មានពេលមួយនោះ ខ្ញុំបានចូលរួម ក្នុងអង្គសន្និបាតមួយ ដែលមានឧបការី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកផែ្នកសិទ្ធិមនុស្ស ជាអ្នកថែ្លងបឋកថា អំពីផលវិបាក និង វិបត្តិនានា ដែលប្រជាជន នៃ សហភាពសូវៀត បានទទួលរង អស់រយពេល 40ឆ្នាំ រស់នៅក្រោមការគ្រប់គ្រង នៃ របបកុម្មុយនីស្ត ដែលក្នុងនោះ ប៉ូលិសសំងាត់ មានគ្រប់ទីកនែ្លង កូនៗ តាមដានស៊ើបសកម្មភាព របស់ឪពុកម្តាយ ដែលបណ្តាលឲ្យមាន អសិ្ថរភាពសង្គម យ៉ាងធ្ងន់ធ្ងរ នៅពេលនោះ។ មនុស្សម្នា នៅក្នុងសង្គម ទាំងមូល លែងទុកចិត្តគ្នា ទៅវិញទៅមក។ ហើយពេលនោះ វាជាការចាំបាច់ណាស់ ដែលពួកគេត្រូវធ្វើដូច្នោះ ពីព្រោះថា ម្នាក់ៗ បារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ខ្លាចអ្នកដទៃ រាយការណ៍អំពីខ្លួន។ ដូចេ្នះ វាគឺជាបទពិសោធន៍ ដ៏ឈឺចាប់ខ្លោចផ្សា បំផុតមួយរបស់ប្រជាជាតិទាំងមូល។ ហើយបទពិសោធន៍ ដ៏ឈឺចាប់ខ្លោចផ្សានេះ ក៏បានកើតមាន នៅក្នុងប្រទេសកម្ពុជា នោះផងដែរ។
នៅក្នុងទស្សនាវដ្តី របស់ខែ្មរក្រហម ឈ្មោះ «ទង់បដិវត្តន៍» ច្បាប់ចេញផ្សាយ នៅក្នុងខែមិថុនា ឆ្នាំ 1977 ដែលត្រួតពិនិត្យ ព្រមទាំងនិពន្ធដោយ ប៉ុល ពត និង នួន ជា បានសរសេរថា ឆមាសទីមួយ ឆ្នាំ 1977 នេះ យើងបានបោសសម្អាត ខ្មាំងបង្កប់ ស៊ីរូងជាខែ្សសង្វាក់។ តាមការពិសោធនេះ យើងមើលឃើញថា កុំឃើញតែចលនា មើលចលនាហើយ ត្រូវមើល ប្រវត្តិរូបទៀត។ ខែ្សណាទាក់ទងអ្នកណា អ្នកណាបញ្ចូល ឬជា អ្នកឧទេ្ទសនាម។ យើងដឹងមជ្ឈដ្ឋាន យើងដឹងប្រភព ទើបយើងស្រាវជ្រាវបាន។ ដូចនេះ ត្រូវពិនិត្យប្រវត្តិ ឲ្យច្បាស់លាស់ ជាបន្តបន្ទាប់។ តាមបទពិសោធន៍ ខ្មាំងបង្កប់ ស៊ីរូងនៅក្នុងបក្ស នៅពុំទាន់អស់នៅឡើយទេ។ វាជាមេរោគចង្រៃ បើទុកឱកាសឲ្យ វាពង្រឹងពង្រីកខ្លួន វាក៏ នឹង កាច់សំបុក ពង្រឹងពង្រីកកូនចៅរបស់វា តទៅទៀត។
គោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំ ខែ្មរក្រហម ឲ្យបោសសម្អាត អ្វីដែលពួកគេ ហៅថាខ្មាំងបដិវត្តន៍ ដោយបានបៀ្របធៀប មនុស្សទាំងនោះ ជាសត្វតិរិច្ឆាន ជាមេរោគចង្រៃ ជាសត្វដង្កូវ ស៊ីរូងផៃ្ទក្នុងនោះហើយ បានជំរុញឲ្យមាន ការសង្ស័យគ្នា កាន់តែខ្លាំងឡើង ក៏ដូចជាការលើកទឹកចិត្ត បណ្តាភ្នាក់ងាររដ្ឋអំណាច ខែ្មរក្រហមឲ្យចាប់ និង សម្លាប់ ដោយគ្មានញញើតដៃ។
ក្រោយពីបានដណ្តើមអំណាច ឡើងគ្រប់គ្រងប្រទេសកម្ពុជា អស់រយពេលជាងមួយឆ្នាំមក ប៉ុល ពត បានសំរេចចិត្ត ផ្លាស់ប្តូរឆ្នាំកំណើត របស់បក្សកុម្មុយនីស្តកម្ពុជា ដោយចំហ ក្នុងគោលបំណង ផ្តាច់ឥទ្ធិពលរបស់បក្សកុម្មុយនីស្តវៀណាម មកលើប្រទេសកម្ពុជា។ នៅឆ្នាំ 1976 ប៉ុល ពត បានចេញបញ្ជាឲ្យ ប្រារព្វពីធីខួបបក្សកុម្មុយនីស្ត កម្ពុជា ដោយកំណត់យក ឆ្នាំ 1960 គឺជាឆ្នាំកំណើតរបស់បក្ស។
កែវ មាស ដែលជាសមាជិក គណមជ្ឈិមបក្ស និង ជាយុទ្ធជនបដិវត្តន៍ជាន់ខ្ពស់ ដែលធ្លាប់រួមសុខទុក្ខជាមួយ ប៉ុល ពត ត្រូវបានចាប់ខ្លួននៅថៃ្ងទី 20 ខែវិច្ឆិកា ឆ្នាំ 1976 ដោយសារ បានជំទាស់ នឹង ការផ្លាស់ប្តូរ ឆ្នាំកំណើតរបស់បក្ស។ ខណស្ថិតនៅក្នុងគុក ទួលសែ្លង កែវ មាស បានសេសេរសំបុត្រ ជាច្រើនច្បាប់ ទៅកាន់ ប៉ុល ពត ដើម្បីតវ៉ា និង បញ្ជាក់ នូវ ភាពស្អាតស្អំ ព្រមទាំងបានរំលឹក ប៉ុល ពត អំពី វីរភាពតស៊ូ ក្នុងគ្រាកំសត់ជាមួយគ្នាទៀតផង។ ប៉ុនែ្ត បើតាមមជ្ឈមណ្ឌល ឯកសារកម្ពុជា សំបុត្រទាំងអស់ មិនត្រូវបានបញ្ជូន ចេញពី មន្ទីរឃុំឃាំង ទៅកាន់ ប៉ុល ពត ទេ។
សំបុត្រមួយរបស់ កែវ មាស ចុះថៃ្ងទី 29 ខែវិច្ឆិកា ឆ្នាំ 1976 មានខ្លឹមសារថា "គំនិត គឺគាំទ្រឆ្នាំ 1951។ ហើយ បើមានអ្នកណា ចង់ដើរផ្លូវផេ្សង ខ្ញុំមិនទៅជាមួយទេ។ ខ្ញុំ នឹង ជំទាស់ ហើយប្រកាន់ខាងក្រុមប្រជាជន។ កាសែតប្រជាជន គឺជាអង្គការច្បាប់របស់បក្ស ម៉ាក់ឡេនីន ដែលបង្កើតឡើងនៅក្នុងឆ្នាំ 1951"។
កាលពីនៅរស់ ប៉ុល ពត ធ្លាប់បានរំលឹកអំពីដើមកំណើត របស់បក្សកុម្មុយនីស្ត ឥណ្ឌូចិនថា បក្សកុម្មុយនីស្តឥណ្ឌូចិន ក្រោយមក វាចែកជាបក្សបី បក្សពលករវៀតណាម បក្សប្រជាជនបដិវត្ដន៍ខែ្មរ បក្សប្រជាជន បដិវត្ដន៍ឡាវ។ គ្រាន់តែចែកជាបីទេ ប៉ុនែ្ត យុទ្ធសាស្រ្តតែមួយ គឺថា ប្រទេសតែមួយ។ ពាក្យ យួនហៅ បីបងប្អូន យើងហៅថា បងប្អូនបីនាក់ ហៅថា យុទ្ធសាស្រ្ត ការពារដែនដីវា។ បក្សប្រជាជនបដិវត្តន៍ខែ្មរ ដែលបក្សកុម្មុយនីស្តវៀតណាម បានជួយបង្កើតនោះ ក្រោយមក ក៏បានដូរឈ្មោះ មកជា "គណបក្សប្រជាជនកម្ពុជា" ដែលជាគណបក្សកាន់អំណាច នៅកម្ពុជា នាពេលបច្ចុប្បន្ន។
លោកប្រធានបក្ស ជា ស៊ីម ធ្លាប់រំលឹក អំពីដើមកំណើតបក្សដូចេ្នះថា បក្សប្រជាជនកម្ពុជា ដែលគ្រាដំបូង មានឈ្មោះថា បក្សប្រជាជន បដិវត្ដន៍ខែ្មរ បង្កើតនាថៃ្ងទី 28 ខែ មិថុនា ឆ្នាំ 1951 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។
លោក ហ្វិលលិប សត អ្នកស្រាវជ្រាវ ប្រវត្តិសាស្រ្តខែ្មរក្រហម និង ជាអ្នកនិពន្ធ សៀវភៅមួយ ដែលមានចំណងជើងថា Pol Pot: Anatomy of Nightmare ដែលអាចប្រែថា ប៉ុល ពត និង កាយវិភាគសាស្រ្ត នៃ សុបិនអាក្រក់ បានបៀ្របធៀប ចរិតបុគ្គលិកភាព របស់មេដឹកនាំ បក្សកុម្មុយនីស្ត ចិន ម៉ៅ សេទុង និង ចូសេហ្វស្តាលីន មេដឹកនាំបក្សកុម្មុយនីស្ត សូវៀត ជាមួយ ប៉ុល ពត ដូច្នះថា ជាទ្រឹស្តីបក្សកុម្មុយនីស្តនានា ប្រកាសថា រាល់ការសំរេចចិត្តត្រូវតែធ្វើឡើងរួមគ្នាជាសមូហភាព។ ក៏ប៉ុនែ្ត តាមការជាក់សែ្តង គេមិនបានធ្វើដូចេ្នះទេ ឧទាហរណ៍ ដូចជាបក្សកុម្មុយនីស្តចិនក្រហមអ៊ីចឹង នៅពេលប្រធានបក្ស ម៉ៅ សេទុង សរសេរសារនៅលើស្លឹកឈើ ឬ ក្រដាសសំរាម គេក៏យកទៅអនុវត្តភ្លាម ដោយបោះបង់ចោល គោលការណ៍ពីមុនៗ ដើម្បីធ្វើតាមបញ្ជាគាត់ សូម្បីតែគាត់ក្អកគ្រហែម ប្រាប់ឲ្យធ្វើអ្វីមួយ ក៏គ្មាននរណាម្នាក់ហ៊ានតវ៉ាជាមួយ នឹង គាត់ដែរ។ ចូសេហ្វ ស្តាលីន ក៏ដូចគ្នា រីឯនៅកម្ពុជា ក៏អ៊ីចឹងដែរ ចាប់តាំងពីឆ្នាំ 1973-1974 ឡើងទៅ ប៉ុល ពត ជាអ្នកសំរេច លើកិច្ចការទាំងអស់។ រាល់ការសំរេច ធ្វើអ្វីមួយ របស់ ប៉ុល ពត ត្រូវបានគណកម្មាធិការអចិន្រៃ្តយ៍ នៃ បក្សកុម្មុយនីស្តកម្ពុជា ដែលមានសមាជិក ជាជនបដិវត្តន៍ ជើងចាស់ ឯកភាពយល់ព្រម និង ផ្តល់សច្ចាប័នភ្លាមៗ ដោយគ្មានការតវ៉ា ជំទាស់ឡើយ។
លោក ហ្វិលលិប សត បានមានប្រសាសន៍បន្តទៀតថា លោកធ្លាប់បានសម្ភាសន៍ អ្នកដែលបានចូលរួម ក្នុងកិច្ចប្រជុំ គណកម្មាធិការអចិន្រៃ្តយ៍ នៃ បក្សកុម្មុយនីស្តកម្ពុជា ដែលបានប្រាប់ ឲ្យលោកដឹងដូចេ្នះថា ប៉ុល ពត តែងតែយកគំនិតរបស់គាត់ ស្តីពីបញ្ហាអ្វីមួយ ទៅពិភាក្សាជាមួយ នឹង សហការីជារឿយៗ គឺជាមួយ នឹង អ្នកថ្នាក់ក្រោមៗ របស់គាត់ ហើយច្របាច់់ចូលគ្នា ឲ្យចេញទៅជាទស្សន រួចហើយគាត់ក៏យកមកពិចារណា ថែមបន្តិចបន្តួច ទើបសំរេចឲ្យទៅជាគោលនយោបាយ នៅពេលគាត់ សំរេចយកវា ជាគោលនយោបាយរួចហើយ ប៉ុល ពត ក៏កោះប្រជុំ គណកម្មាធិការអចិន្រៃ្តយ៍។ នៅក្នុងកិច្ចប្រជុំនោះ ប៉ុល ពត ជាអ្នកដឹកនាំអង្គប្រជុំ ដោយព្យាយាមទាញឲ្យការពិភាក្សា បាញ់ឆ្ពោះទៅរកចំណុច ដែលគាត់ប៉ងប្រាថ្នា។ នៅចុងបញ្ចប់ គាត់គឺជាអ្នកសរុបសេចក្តី ដែលនៅពេលនោះគាត់គ្រាន់តែលើកឡើងត្រួសៗ ប៉ុណ្ណោះ នូវ យោបល់ របស់អ្នកចូលរួមឯទៀត ដែលបានបពោ្ចញ ហើយក៏សរុបសេចក្តីបញ្ចប់ ដោយសំរេចយកគំនិត ដែលគាត់ចង់បាន តាំងពីដំបូងដៃមកនោះ ដូចេ្នះ វាមានការពិភាក្សាគ្នាដែរ ប៉ុនែ្ត វាជាការពិភាក្សាមួយ ដែលលទ្ធផលរបស់វា ត្រូវបានសំរេចតាមការចង់បាន របស់ ប៉ុល ពត តាំងពីមុនពេលការពិភាក្សានោះ បានចាប់ផ្តើមមកម៉េ្លះ។ នៅពេលដែល សេចក្តីសំរេច បានអនុម័តហើយ គឺ នួន ជា ជាអ្នកទទួលខុសត្រូវ ក្នុងការអនុវត្តសេចក្តីសំរេចនោះឲ្យបាន។
ការវិភាគរបស់លោក ហ្វិលលិប សត មានចំណុចស្របគ្នា នឹង ការលើកឡើងរបស់ តាម៉ុក ដែលជាសមាជិកម្នាក់ របស់គណកម្មាធិការអចិន្រៃ្តយ៍ នៃ បក្សកុម្មុយនីស្តកម្ពុជា ដែលធ្លាប់បានប្រាប់ លោក ណេត ថេយ័រ អ្នកឆ្លើយឆ្លងព័ត៌មាន សំរាប់ទស្សនាវដ្តីសេដ្ឋកិច្ច ចុងបូព៌ា ដូចេ្នះថា លោក ហ្វិលលិប សត បានមានប្រសាសន៍ថា មានប្រជាធិបតេយ្យ ពិគ្រោះ ពិភាក្សាគ្នាដែរ ប៉ុនែ្តប្រជាធិបតេយ្យ ដែលគេសំរេចហើយ ប៉ុល ពត វាសំរេចចិត្តហើយខ្លួនវា យកមកអានឲ្យអង្គប្រជុំស្តាប់។ នេះដែលថា ប៉ុល ពត គ្មានប្រជាធិបតេយ្យ បញ្ហាសម្លាប់មនុស្ស គឺ ប៉ុល ពត និង មេគុកតែពីរនាក់ហ្នឹងចាប់ទៅ។ អាមេគុក សួរចម្លើយ យកមកឲ្យ ប៉ុល ពត ហើយប៉ុល ពត សំរេច តើសមាជិកដទៃទៀតក្រៅពី ប៉ុល ពត អាចរួចផុត ពីការទទួលខុសត្រូវដែរឬទេ? លោក ហ្វិលលិប សត បានផ្តល់ការវិភាគដូចេ្នះថា ទេ ពួកគេមិនអាចរួចផុតពីការទទួលខុសត្រូវ នោះទេ ពីព្រោះពួកគេជាអ្នកអនុម័ត យល់ព្រម និង ជាភាគី នៃ សេចក្តីសំរេច ទាំងអស់នោះ ហើយ ការទទួលខុសត្រូវនោះ ក៏ចេះតែបណ្តាក់ តៗគ្នា ចុះទៅថ្នាក់ក្រោមទៀត។ យុទ្ធនាការបោសសម្អាត នូវ អ្វីដែល ប៉ុល ពត ហៅថាជនក្បត់ "ក្បាលយួនខ្លួនខែ្មរ" ក្នុងចន្លោះឆ្នាំ 1976 និង ឆ្នាំ 1978 បានកមេ្ទចចោលយោធា និង កម្មាភិបាល ខែ្មរក្រហម ថ្នាក់ទាបខ្ពស់ អស់ជាច្រើនពាន់នាក់។ កត្តានេះ បានធ្វើឲ្យកម្លាំង ការពារប្រទេស ចុះខ្សោយ និង មានភាពជ្រួលច្របល់។ ពលទាហាន និង នាយទាហានខែ្មរក្រហម ជាច្រើនរយនាក់ក្នុងនោះ មានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង បានភៀសខ្លួន ទៅកាន់ប្រទេសវៀតណាម ដោយអះអាងថា ដើម្បីគេចខ្លួន ពីការតាមសម្លាប់របស់ ប៉ុល ពត ។
លោក ហ៊ុន សែន បានមានប្រសាសន៍ ដូចេ្នះថា ប៉ុល ពត អនុវត្តរបបប្រល័យពូជសាសន៍ ។ សមេ្តច ហេង សំរិន សមេ្តច ជា ស៊ីម បះបោរនៅភូមិភាគបូព៌ា។ កម្លាំងប្រដាប់អាវុធ របស់ខ្ញុំ ក៏មិនធម្មតា ប៉ុន្មានដែរ 28 កងវរសេនាតូច ដែលមានកម្លាំង ជាងមួយម៉ឺន។ ខ្ញុំធំដែរកាលហ្នឹង វ៉ៃអាពត កេ្មងជាងគេ សៅ សុខា ។ សៅ សុខា ឥឡូវផ្កាយបី មេបញ្ជាការអាវុធហត្ថ លើផៃ្ទប្រទេស។ ឯកឧត្តម ប៊ូ ថង, ប៊ុន មី ដឹកនាំកម្លាំងតស៊ូ នៅឦសាន។ ឯកឧត្តម សាយ ភូថង, ទៀ បាញ់ ដឹកនាំកម្លាំងតស៊ូ នៅកោះកុង ដែលកម្លាំងនោះហើយ បង្កើតទៅជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
នៅខែមករា ឆ្នាំ 1979 របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ត្រូវបានផ្តួលរំលំ យ៉ាងងាយស្រួល ក្រោមការវាយលុក របស់កងទ័ពវៀតណាម ចំនួន 12 កងពលធំ ។ ប៉ុល ពត និង កម្មាភិបាល ជិតស្និទ្ធរបស់គាត់ បានភៀសខ្លួន ទៅកាន់ ព្រំដែនថៃ ជាកនែ្លង ដែលពួកគេ បង្កើតមូលដ្ឋានទ័ព ហើយបន្តការតស៊ូ ពីទីនោះអស់រយៈពេល 20ឆ្នាំទៀត ។ នៅឆ្នាំ 1986 ខៀវ ប៉ុណ្ណារី ភរិយារបស់ ប៉ុល ពត មានជំងឺជាទម្ងន់ និង តម្រូវឲ្យគ្រូពេទ្យព្យាបាលយ៉ាងដិតដល់។ បន្តិចក្រោយមក ប៉ុល ពត បានរៀបការ ប្រពន្ធម្នាក់ទៀត ហើយ មួយឆ្នាំបន្ទាប់ កើតបានកូនស្រីមួយ រីឯ ខៀវ ប៉ុណ្ណារី បានស្លាប់នៅខែ កក្កដា ឆ្នាំ 2003។
នៅឆ្នាំ 1996 អៀង សារី បានចុះចូលជាមួយរដ្ឋាភិបាល ដែលប្រការនេះ ញ៉ាំងឲ្យមាន ការបែកបាក់ ក្នុងជួរថ្នាក់ដឹកនាំរបស់ខែ្មរក្រហម។ ឆ្នាំ 1997 តាម៉ុក បានធ្វើរដ្ឋប្រហារ ប្រឆាំង នឹង ប៉ុល ពត ហើយចាប់ ប៉ុល ពត ឃុំខ្លួននៅលើភ្នំដងរែក ជាប់ព្រំដែន កម្ពុជា-ថៃ។
ប៉ុល ពត បានដឹកនាំប្រទេស ដែលរបបនយោបាយ របស់គាត់ បានបណ្តាលឲ្យ ប្រជាជនកម្ពុជាប្រមាណពីរលាននាក់ ស្លាប់បាត់បង់ជីវិត ប៉ុនែ្ត ប៉ុល ពត មិនដែលសមែ្តង នូវការសោកស្តាយ បន្តិចណាសោះ។
ឆ្លើយតបទៅ នឹង សំនួរ របស់លោក ណេត ថេយ័រ ចំពោះថា តើគាត់គួរសុំការអភ័យទោស ពីប្រជារាស្រ្តខែ្មរឬទេ? ប៉ុល ពត បានឆ្លើយតបថា ការធ្វើបដិវត្តន៍ ណាក៏ដោយ តែងតែ មានកំហុសខ្លះ ចលនានៅសហរដ្ឋអាមេរិក មុនដំបូង ទាមទារឯករាជ្យ ក៏វាមានច្របូកច្របល់ច្រើន ដូចេ្នះ ទិដ្ឋភាពនេះ ខ្ញុំយល់ថា ខ្ញុំខុស ប៉ុនែ្ត ទិដ្ឋភាពមួយទៀត គឺថា ដោយសារព្យាយាមការតស៊ូ កុំឲ្យប្រទេសកម្ពុជាទៅជាយួន។ ដូចេ្នះស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន អាហ្នឹង វាជាការត្រឹមត្រូវ។ ប្រវត្តិសាស្រ្ត និង ប្រជាជន គេវិនិច្ឆ័យ។
លោក ណេត ថេយ័រ បានឲ្យដឹងថា គឺ ប៉ុល ពត ខ្លួនឯង ដែលបានកមេ្ទច របបមួយ ដែលគាត់បានបង្កើតឡើង ដោយការដាក់ចេញ នូវ គោលនយោបាយទាំងឡាយ ដែលធ្វើឲ្យ សង្គមជាតិបែកបាក់ និង ចុះទន់ខ្សោយ។ លោក ណេត ថេយ័រ បានមានប្រសាសន៍ថា តាមការពិតទៅ ការផ្តោតអារម្មណ៍ របស់គាត់ទាំងស្រុង ទៅលើក្តីព្រួយបារម្ភថា វៀតណាម នឹងលេបត្របាក់យក កម្ពុជា បានញ៉ាំងឲ្យគាត់ ចេញគោលនយោបាយមួយ ដែលបង្កឲ្យមានទុក្ខសោក យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា។ កត្តានេះ បានធ្វើឲ្យប្រទេស ចុះទន់ខ្សោយ យ៉ាងខ្លាំង ហើយក៏បានធ្វើឲ្យ សុបិនអាក្រក់ របស់គាត់ ប្រែក្លាយទៅជាការពិត។ គឺថា គាត់ជាអ្នកបង្កលក្ខណឲ្យកម្ពុជា ចុះខ្សោយ ដែលហុចឱកាសល្អ ឲ្យកងទ័ពវៀតណាម ចូលឈ្លានពានបាន។ ដោយសារតែមកពី គោលនយោបាយ បំភិតបំភ័យ របស់គាត់នោះហើយ ដែលធ្វើឲ្យអ្វី ដែលគាត់ខ្លាចបំផុតនោះ ប្រែក្លាយទៅជា ការពិត។ អ្នកអាចនិយាយបានថា គឺ ប៉ុល ពត នេះឯង ដែលបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសរណប របស់ប្រទេសមួយ ដែលជាសត្រូវប្រវត្តិសាស្រ្តរបស់ខ្លួន។ ខ្ញុំគិតថា វាជាការឈឺចាប់ខ្លាំងណាស់ សំរាប់ ប៉ុល ពត ខ្លួនឯង ដើម្បីទទួលស្គាល់ថា វាជាគោលនយោបាយ របស់គាត់តែម្តង ដែលបានបង្កលក្ខណឲ្យកម្ពុជា រលាយសូន្យ។ ប៉ុនែ្តផ្ទុយទៅវិញ គាត់បានទាញយក គុណសម្បត្តិថា គាត់ជាអ្នកជួយសង្គ្រោះ ប្រទេសកម្ពុជា មិនឲ្យរលាយរូប ចេញពីផែនទី ពិភពលោកនេះទៅវិញ។
ថៃ្ងទី 15 ខែមេសា ឆ្នាំ 1998 ប៉ុល ពត បានលាចាកលោកនេះទៅ ដោយឯកោ នៅក្នុងខ្ទមតូចមួយ លើភ្នំដងរែក។ រយពេលពីរថៃ្ងក្រោយមក សាកសពរបស់គាត់ ត្រូវបានបូជា នឹង កៅស៊ូកង់ឡាន ដោយគ្មានការប្រារព្វពិធីអ្វីទាំងអស់។ ការស្លាប់របស់ ប៉ុល ពត ត្រូវបាន វេជ្ជបណ្ឌិតថៃ អះអាងថា បណ្តាលមកពី គាំងបេះដូង និង ដាច់សរសៃឈាម ខួរក្បាល ។
ជីវិតរបស់ ប៉ុល ពត ក្នុងអំឡុងពេលជាងមួយទសវត្សរ៍ចុងក្រោយ គឺបានត្រឹមតែ មើលឃើញ ការបញ្ចប់សង្រ្គាមត្រជាក់ ការចាប់ផ្តើម សករាជថ្មី នៃ ព្រះរាជាណាចក្រ កម្ពុជា លើករទីពីរ និង ការរលាយសូន្យទៅ នៃ រចនាសម្ព័ន្ធ ចាត់តាំង របស់ខែ្មរក្រហម។