ប្រវត្តិបដិវត្តន៍ របស់ ប៉ុល ពត (ត)
វិទ្យុអាស៊ីសេរី 20070629ជីវិតា

ថ្ងៃសៅរ៍ ទី4.មីនា 2023.ម៉ោង 8:05

លោក​អាចារ្យ​រូម៉ាំង​កាតូ​លិក​​​ហ្រ្វង់​ស្វ័រ​ ប៉ុងសូ ដែល​បាន​សិក្សា​ ប្រ​វត្តិ​សាស្រ្ត​ខែ្មរ​​ជា​ច្រើន​ឆ្នាំ​ និង​ ជា​អ្នក​និពន្ធ​​សៀវ​ភៅ​ឈ្មោះ​​កម្ពុជា​ឆ្នាំ​សូន្យ​បាន​មាន​ប្រសា​សន៍​ថា ជីវ​ភាព​រស់​នៅ​ របស់​អ្នក​ស្រុក​​ព្រៃ​ភ្នំ​នោះ​ហើយ​ ដែល​មាន​ឥទ្ធិ​ពល​លើ​ ទស្សន​វិស័យ​បដិ​វត្តន៍​ របស់​ សាឡុត ស​។​ លោក​អាចារ្យ​រ៉ូម៉ាំង​កាតូលិក​ ហ្រ្វង់​ស្វ័រ​ ប៉ុង​សូ បាន​មាន​ប្រសា​សន៍​ថា សាឡុត ស បាន​សរ​សេរ​​អត្ថ​បទ​មួយ​ ខែ្មរ​ដើម​ គឺ​ខែ្មរ​មុន​សម័យ​អង្គរ​ ជា​សម័យ​ល្អ​ជាង​គេ​។​ ដូចេ្នះ​ នៅ​ឆ្នាំ 1963 កាល​សមេ្តច​ សីហនុ ដេញ​ខែ្មរ​ក្រហម​ គឺ​ និស្សិត​ ដែល ធ្លាប់​មក​ពី​​បារាំង​ រត់​ទៅ​អណ្តូង​មាស​ នៅ​រតន​គិរី​។​ ហើយ​នៅ​ទី​នោះ​​គេ​ឃើញ​ ជន​ជាតិ​ភាគ​តិច​ រស់​នៅ​ តាម​ឧត្តម​គតិ​ របស់​គេ​​រស់​នៅ​តាម​ របៀប​បូរាណ​​មែន​ទែន​​។ ឧបមា​ថា​ ប្រុស​ៗ​​មាន​តែ​ ប៉ឹង ស្រី​ៗ មាន​តែ​អាវ​ខ្លី​ តែ​ប៉ុណ្ណឹង​។ ហើយ​គេ​រស់​នៅ​ ដោយ​បរ​បាញ់​ និង បេះ​ផែ្ល​ឈើ​ ហើយ​ ទាំង​អស់​ រស់​នៅ​ជា​​សមូ​ហភាព​។ ហើយ​នៅ​ពេល​នោះ​ ខ្ញុំ​ជឿ​ថា​ ក្រុម​ខែ្មរ​ក្រហ​ម​នេះ​ បាន​បង្កើត​ទ្រឹស្តី​ ជ្រុល​និយម​ហើយ​គេ​ចង់​បង្កើត​​ក្នុង​ចំណោម​មិត្ត​ភក្តិ​​រួម​ទាំង​ អនា​គត​មេ​ដឹក​នាំ​ខែ្មរ​ក្រហម​ ដូច​ជា អៀង សារី, សុន សេន និង ខៀវ សំផន គ្មាន​នរ​ណា​ម្នាក់​ នឹក​ស្មាន​ដល់​ថា​ សាឡុត ស ក្លាយ​ទៅ​ជា​​មេ​ដឹក​នាំ​ បក្ស​កុម្មុយ​នីស្ត​ កម្ពុជា​ឡើយ​។​ ខៀវ សំផន បាន​រំលឺក​ដូចេ្នះ​ថា ហើយ​ភ្ញាក់​ដែរ​ មិន​នឹក​ស្មាន​ថា អ៊ំ ! សាឡុត ស ដែល​ធ្លាប់​ស្គាល់​គ្នា​ កាល​នៅ​រៀន​ មក​ដល់​ប៉ុណ្ណឹង​ទេ​ ជា​អ្នក​ដឹក​នាំ​។​ ព្រឹត្ត​ការណ៍​រដ្ឋ​ប្រ​ហារ ទម្លាក់​សមេ្តច​ព្រះ​ នរោត្តម សីហនុ នៅ​ថៃ្ង​ទី 18​ ខែ មីនា ឆ្នាំ 1970 និង​ ការ​អំពាវ​នាវ​ របស់​សមេ្តច​ឪ​ ឲ្យ​ប្រជា​ជន​ខែ្មរ​ រត់​ចូល​ព្រៃ​​បាន​ជម្រុញ​ឲ្យ​ កង​ឧទ្ទាម​ទ័ព​ព្រៃ​ ខែ្មរ​ក្រហម​ ក្រោម​ការ​ដឹក​នាំ​របស់​ សាឡុត ស ក្លាយ​ជា​កម្លាំង​ប្រ​យុទ្ធ ដ៏​ស្រួច​ស្រាល និង ខ្លាំង​ក្លា​មហិមា​។​ ថៃ្ងទី 17 ខែ មេសា ឆ្នាំ 1975 សាឡុត ស បាន​ត្រឡប់​ចូល​ទី​ក្រុង​ភ្នំពេញ​ ជា​លើក​ដំបូង​ ក្នុង​នាម​ជា​អ្នក​ឈ្នះ​ បន្ទាប់​ពី​ការ​តស៊ូ​ និង​ ជា​មេ​ដឹក​នាំ​ស្រមោល​​អស់​រយ​ពេល​12​ ឆ្នាំ​មក​។​​​​

បន្ទាប់​ពី​ឡើង​កាន់​អំណាច​ នៅ​ក្នុង​ខែ​មេសា ឆ្នាំ 1975 សាឡុត ស មាន​ជំ​នឿ​ថា បដិ​វត្តន៍​ប្រ​ជា​ជន​ មាន​កម្លាំង​ និង សមត្ថ​ភាព​គ្រប់​គ្រាន់​ ក្នុង​ការ​សំរេច​ មាគ៌ា​បដិ​វត្តន៍​​សង្គម​និយម​ របស់​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​។ សាឡុត ស ថែម​ទាំង​​បាន​បដិ​សេធ មិន​ទទួល​យក​មន្រ្តី​​រដ្ឋ​ការ​ស៊ីវិល​ និង​ អ្នក​ចេះ​ដឹង​ ពី​របប​មុន​ៗ​ ដើម្បី​ជួយ​ក​សាង​​ប្រ​ទេស​ ឡើញ​វិញ​ ក្រោយ​ពី​ការ​ខេ្ទច​ខ្ទាំ​​ដោយ​មហា​វិនាស​សកម្ម​ នៃ សង្រ្គាម​ 5​ឆ្នាំ​កន្លង​មក​នោះ​ទេ​។ សាឡុត ស យល់​ឃើញ​ថា​ អ្នក​ទាំង​នោះ​ ទំនង​ជា​សត្រូវ​ និង​ ជា​ឧប​សគ្គ​ ចំពោះ​ ការ​ធ្វើ​បដិវត្តន៍​ សង្គម​និយម​ នៅ​ឆ្នាំ 1976 បន្ទាប់​ពី​ការ​ប្រ​កាស​​រដ្ឋ​ធម្មនុញ្ញ​ នៃ របប​កម្ពុជា​​ប្រជា​ធិប​តេយ្យ​ សាឡុត ស បាន​ប្តូរ​ឈ្មោះ​ ទៅ​ជា​ ប៉ុល ពត និង​ ក្លាយ​ទៅ​ជា​​នាយក​រដ្ឋ​មន្រ្តី​ នៃ ប្រ​ទេស​កម្ពុជា​។​ ភ្លាម​ៗ​នោះ​ នៅ​លើ​ឆាក​អន្តរ​ជាតិ​ ក៏​ដូច​ជា​​នៅ​ក្នុង​ស្រុក​ មាន​ចំងល់​ជា​ច្រើន​ អំពី​ប្រវត្តិ​ នៃ នា​យក​រដ្ឋ​មន្រ្តី​​រូប​នេះ​​។

តើ​បុគ្គល​ឈ្មោះ ​ប៉ុល ពត ជា​នរ​ណា​? ចេញ​មក​ពី​ណា​? មាន​ប្រវត្តិ​​យ៉ាង​ដូច​មេ្តច​?
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ស្រុក​បារាំង​​ឯ​ណោះ​វិញ​ លោក កេង វ៉ាន់​សាក់ អតីត​​អគ្គ​លេខា​ធិការ​ នៃ គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ដែល​ សាឡុត​ ស ធ្លាប់​ធ្វើ​ការ​ជា​មួយ​នោះ​ បាន​មាន​ប្រសាស៍​ អះ​អាង​ថា​ ក្រោយ​ពី​លោក​បាន​លឺ​ ឈ្មោះ​ ប៉ុល ពត ឡើង​ជា​នាយក​រដ្ឋ​មន្រ្តី​ លោក​ដឹង​ថា​ ប្រាកដ​ជា សាឡុត ស​។ លោក​ កេង វ៉ាន់ សាក់ បាន​បនែ្ថម​ថា​ លោក​ដឹង​ថា​ សាឡុត ស មាន​ឈ្មោះ​ក្រៅ​ថា ប៉ុល ឬ ប៉ុល ពត ដោយ​ចៃ​ដន្យ នៅ​ក្នុង​រាត្រី​កំសាន្ត​មួយ​ ក្នុង​ទី​ក្រុងប៉ារីស​ ពេល​ដែល​ សាឡុត ស បាន​ប្រាប់​ទៅ​ដល់​ នារី​ជា​ដៃ​គូ​ ដែល​ខ្លួន​រាំ​ជា​មួយ​។​ លោក កេង វ៉ាន់​សាក់ មាន​ប្រសាសន៍​ដូចេ្នះ ស្រាប់​តែ​លឺ​ឈ្មោះ ប៉ុល ពត ហ្នឹង ឡើង​ជា​រដ្ឋ​មន្រ្តី​​ទី​មួយ​។ វា​ផ្អើល​អ្នក​កាសែត​ មជ្ឈ​ដ្ឋាន​នយោ​បាយ​​អន្តរ​ជាតិ​អី​ៗ​ នៅ​ពាស​ពេញ​ ទាំង​អស់​ហ្នឹង​ គេ​ចោម​សួរ​ អាណា​មួយ​​ឈ្មោះ ប៉ុល ពត ហ្នឹង​? វា​មិន​ដែល​លឺ​សោះ​។​ បើ​ថា សាឡុត ស អី​ ក្រែង​លោ​វា​មាន​ពួក​ម៉ាក​ មិត្ត​ភ័ក្តិ​ អ្នក​ដែល​ធ្លាប់​ស្គាល់​ ពី​ស្រុក​បារាំង​ក្តី​ នៅ​បងៀ្រន​ សាលា​ចំរើន​វិជ្ជា​​ហ្នឹង​ក្តី​ អាច​នឹក​ឃើញ​ចាំ​បាន​ ដល់​ឈ្មោះ ​ប៉ុល ពត គឺ​អត់​ទទេ​សោះ​។ គ្រាន់​តែ​ដឹង​ថា​ សាឡុត ស ហ្នឹង​ កាន់​ខាង​យោធា​មុន​ ឆ្នាំ 1976 ហ្នឹង​ មិន​ទាន់​ឡើង​ជា​ រដ្ឋ​មន្រ្តី​​ទី​មួយ​ទេ​។​ ស្រាប់​តែ​ចេញ ប៉ុល ពត មក​វិញ​។ ឯង​ថា​ ស្អី​អ៊ី​ចេះ​? នឹក​មួយ​ភែ្លត​ទៅ​ ចាំ​រឿង​​ដែល​ម៉ាដាម​ គ្លីហ្សិត ដែល​រាំ​ជា​មួយ​គ្នា​​មួយ​យប់​នោះ​ ប្រាប់​ម៉ាដាម​ហ្នឹង​​ថា គូរាំ​ជា​មួយ​ហ្នឹង​ ប្រាប់​ឈ្មោះ​ថា ឈ្មោះ ប៉ុល​ ខ្ញុំ​ក៏​ចាប់​ជាប់​ទៅ​នឹង ប៉ុល ពត ហ្នឹង​ថា អូ៎​ ហ្នឹង​ហើយ​អ៊ី​ចឹង​នោះ​ សាឡុត ស ពី​ព្រោះ​ កាល​ឃើញ​រាំ​ជា​មួយ​ ម៉ាដាម​គ្លី​ហ្សិត​ហ្នឹង គឺ សាឡុត ស​។ ហើយ​បើ​ សាឡុត ស ខ្លួន​ឯង​ ប្រាប់​ឈ្មោះ​ថា​ ឈ្មោះ ប៉ុល បើ​អ៊ី​ចឹង ប៉ុល ពត ហ្នឹង គឺ សាឡុត ស ហ្នឹង​ហើយ។

ទោះ​ជា​ឡើង​កាន់​អំណាច​ ទាំង​ស្រុង​ហើយ​ក្តី​ ប៉ុល ពត និង ថ្នាក់​ដឹក​នាំ​ខែ្មរ​ក្រហម​ សំខាន់​ៗ​របស់​គាត់​ បាន​បន្ត​ដឹក​នាំ​ ក្នុង​ភព​ស្រ​មោល គ្មាន​មុខ​មាត់​ពិត​ ដោយ​គ្រាន់​តែ​ ប្រើ​ឈ្មោះ​ "អង្គការ" ដែល​គ្មាន​រូប​រាង​ ជា​ស្ថាប័​ន​ពិត​ប្រាកដ​។ តើ​ចរិត​លក្ខណ​ ដឹក​នាំ​បែប​នេះ​ អាច​បញ្ជាក់​​អំពី​សតិ​ផ្លូវ​ចិត្ត​ នៃ ចរិត​បុគ្គ​លិក​ភាព​ របស់ ប៉ុល ពត បាន​យ៉ាង​ណា​ដែរ​?​ នៅ​ក្នុង​សៀវ​ភៅ​មួយ​ ដែល​មាន​ចំណង​ជើង​ ជា​ភាសា​អង់​គេ្លស​ថា Political Paranioa and Psychopolitics of Hatred ដែល​អាច​ប្រែ​ថា "ជំងឺ​ព្រួយ​បារម្ភ​ នយោ​បាយ​ហួស​ហេតុ​ និង​ ចិត្ត​សាស្រ្ត​ នយោ​បាយ នៃ ការ​ស្អប់​ខ្ពើម" និពន្ធ​ដោយ​បណ្ឌិត​ Jerral Post សាស្រ្តា​ចារ្យ​ ផែ្នក​ចិត្ត​សាស្រ្ត​ និង​ វិជ្ជា​សាស្រ្ត​ នយោ​បាយ​ នៃ សកល​វិទ្យា​ល័យ​ George Washinton សហ​រដ្ឋ​អាមេ​រិក បាន​រៀប​រាប់​ អំពី​ដំណើរ​​សតិ​ផ្លូវ​ចិត្ត​ ទាក់​ទង​ នឹង កិច្ច​ការ​នយោ​បាយ មិន​ប្រ​ក្រតី​ មួយ​ប្រភេទ​ ដែល ហៅ​ថា​ ជំងឺ ​ព្រួយ​បារម្ភ​នយោបាយ​ ហួស​ហេតុ​។​

សៀវ​ភៅ​បាន​បញ្ជាក់​ថា​ ប្រសិ​ន​បើ​ ជន​សា​មញ្ញ​ណា​ម្នាក់​ មាន​ជំងឺ​នេះ​ វា​អាច​បង្ក​ ឲ្យ​មាន​ផល​វិបាក​ ដល់​ក្រុម​គ្រូសារ​ខ្លួន​ ឬ​ ដល់​មនុស្ស​ មួយ​ក្រុម​តូច​​តែ​​ប៉ុណ្ណោះ​។ ក៏​ប៉ុនែ្ត​ ប្រសិន​បើ​ មេ​ដឹក​នាំ ប្រទេស​មួយ​ មាន​ជំងឺ​ ព្រួយ​បារម្ភ​នយោ​បាយ​​ហួស​ហេតុ​​នេះ​វិញ​ វា​ នឹង ចម្លង​ទៅ​អ្នក​ដទៃ​ នៅ​ទូ​ទាំង​ប្រទេស​​។ អ្នក​និពន្ធ​ បាន​បន្ត​ទៀត​ថា​ មេ​ដឹក​នាំ​ ប្រ​ទេស​ មួយ​ចំនួន​ ក្នុង​នោះ​មាន​ អាដុលហ្វ៍ អ៊ី​តែ្លរ​ នៃ​ ប្រ​ទេស​ អាល្លឺ​ម៉ង់ ចូសេហ្វ ស្តា​លីន នៃ​ សហ​ភាព​សូ​វៀត​ និង ប៉ុល ពត នៃ ប្រទេស ​កម្ពុជា សុទ្ធ​តែ​មាន​ជំងឺ​ ព្រួយ​បារម្ភ​នយោ​បាយ​ ហួស​ហេតុ​។​

ក្រោយ​ពី​បាន​អាន​សៀវ​ភៅ​នេះ​ ត្រួស​ៗ​ហើយ ខ្ញុំ​បាទ​ ក៏​បាន​សាក​សួរ​បញ្ជាក់​ ពី​លោក​សាស្រ្តា​ចារ្យ Jerral Post ដែល​ជា​អ្នក​និពន្ធ​ អំពី​អ្វី​ទៅ​ ដែល​ហៅ​ថា​ ជំងឺ​ព្រួយ​បារម្ភ នយោ​បាយ​ ហួស​ហេតុ​។
លោក​បាន​បក​ស្រាយ​​ដូចេ្នះ​ថា ជំងឺ​ព្រួយ​បារម្ភ​​នយោ​បាយ​ហួស​ហេតុ​ គឺ​ ជា​បញ្ហា​សតិ​​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ ពាក់​ព័ន្ធ​ទៅ​ នឹង នយោ​បាយ​ ពីព្រោះ​មនុស្ស​ ដែល​មាន​សតិ​អា​រម្មណ៍​ ព្រួយ​ហួស​ហេតុ​ អំពី​នយោ​បាយ​ តែង​តែ​ចិញ្ចឹម​ចិត្ត​ បង្ក​លក្ខណ​ ឲ្យ​មាន​សត្រូវ​ ដើម្បី​បំ​ពេញ​សតិ​អា​រម្មណ៍​ ព្រួយ​បារម្ភ​ហួស​ហេតុ​ របស់​ខ្លួន​នោះ​។​ រោគ​សញ្ញា​ ឬ​ លក្ខ​ណ​សំគាល់​ចម្បង​ របស់​ជំងឺ​ ព្រួយ​បារម្ភ​នយោ​បាយ​​ហួស​ហេតុ​នេះ​ គឺ​ ការ​មាន​ចិត្ត​សង្ស័យ​ច្រើន​​ជ្រុល​ជាប់​ជា​និច្ច​​។ មនុស្ស​ដែល​មាន​ជំងឺ​ បែប​នេះ​ គឺ​តែង​តែ​ធ្វើ​ឲ្យ​ ចិត្ត​ខ្លួន​ឯង​រវល់​ ក្នុង​ការ​សែ្វង​រក​ភស្តុ​តាង​ ដើម្បី​ចាប់​កំហុស​​អ្នក​ដទៃ​ ដែល​ខ្លួន​មាន​អារម្មណ៍​ថា ទង្វើ​ណា​មួយ​នោះ​ អាច​ នឹង បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ បើ​ទោះ​ជា​មាន​ ការ​ធានា​ចំពោះ​គាត់​​ថា អ្វី​ៗ​កំពុង​ដំណើរ​ការ​ ជា​ប្រ​ក្រតី​ទេ​នោះ​ សូម​កុំ​ឲ្យ​គាត់​បារម្ភ​ពេក​ ក៏​មិន​អាច​​ជួយ​គាត់​បាន​ដែរ​ ផ្ទុយ​ទៅ​វិញ​ គាត់​រឹត​តែ​​ខឹង​ខ្លាំង​ឡើង​ ដោយ​សារ​ថា​ ក្នុង​ចិត្ត​របស់​គាត់​ គាត់​ជឿ​ថា​ អ្វី​ៗ គឺ​ខុស​ពីធម្មតា​។ ហើយ​គាត់​តែង​តែ​ សង្ស័យ​ខ្លាំង​ក្លា​​ជា​និច្ច​ថា មាន​អ្នក​ប៉ុន​ប៉ង​ ចង់​យក​ជីវិត​គាត់​ ហើយ​ថែម​ទាំង​ ជឿ​ទៀត​ថា មនុស្ស​ផង​ ទាំង​ឡាយ​ ដែល​នៅ​ជុំវិញ​គាត់​នោះ​ គឺ​សុទ្ធ​តែ​មិន​អាច​ ជឿ​ទុក​ចិត្ត​បាន​ទេ​។ បើ​សិន​ជា សតិ​អារម្មណ៍​បែប​នេះ​ កើត​មាន​ចំពោះ​ មេ​ដឹក​នាំ​នយោ​បាយ​ ណា​ម្នាក់​ វា​ក៏​ នឹង បង្ក​ឲ្យ​មាន​ ផល​វិបាក​ជា​អវិជ្ជ​មាន​​ច្រើន​​ណាស់ ដល់​សង្គម​ជាតិ​។

លោក​សាស្រ្តា​ចារ្យ Jerral Post បាន​បន្ត​ទៀត​ថា​ អ្នក​ដែល​មាន​ ជំងឺ​ព្រួយ​បារម្ភ​ នយោ​បាយ​ហួស​ហេតុ​ មាន​លក្ខណ​សំគាល់​ ដូច​ជា អាការ​សំគាល់ ផេ្សង​ៗ​ទៀត​ របស់​ជំងឺ​ ព្រួយ​បារម្ភ​នយោ​បាយ ហួស​ហេតុ​នេះ​ រួម​មាន​ ចូល​ចិត្ត​ បង្ក​ជំលោះ​ ឬ បង្ក​សង្រ្គាម​ មាន​ចិត្ត​ស្រាល​ ឆាប់​ខឹង​ឆេវ​ឆា​វ​ មិន​ចូល​ចិត្ត​ និយាយ​លេង​សើច​ និង​ ភ័យ​ខ្លាច​បាត់​បង់​ ស្វ័យ​ភាព​ត្រួត​តា​​។ ជំងឺ​ព្រួយ​បារម្ភ​ នយោ​បាយ ហួស​ហេតុ​ បៀ្រប​បាន​ដូច​ជា​ ដុំ​រ៉ឺស័រ​ដែល​រង់​ចាំ​ តែ​រំញោច​ ដើម្បី​រលាស់​ខ្លួន​ឡើង​​។ អ្នក​ដែល​មាន​ជំងឺ​ ព្រួយ​បារម្ភ​ នយោ​បាយ​ហួស​ហេតុ​ តែង​តែ​ប្រុង​បៀ្រប​ ដើម្បី​ទប់​ទល់​ នឹង​ ការ​គំរាម​កំហែង​ និង​ ហេតុ​ការណ៍​ អាសន្ន​នានា​ មិន​អនុ​គ្រោះ​ចំពោះ​សម្ពាធ​ គាប​សង្កត់​ មក​លើ​ខ្លួន​។ ហើយ​ លក្ខណ​សំគាល់​​មួយ​ទៀត​ របស់​អ្នក​មាន​ជំងឺ​​ព្រួយ​បារម្ភ​នយោ​បាយ​ ហួស​ហេតុ​នោះ​ គឺ​ការ​ចេះ​តែ​មាន​ជំនឿ​ថា​ អ្នក​ដទៃ​ មាន​បំណង​អាក្រក់​ មក​លើ​ខ្លួន​។​ ចំពោះ​មេ​ដឹក​នាំ​ ដែល​មាន​ជំងឺ​ ព្រួយ​បារម្ភ​នយោ​បាយ​ ហួស​ហេតុ រាល់​ពេល​ដែល​មាន​អ្វី ​ដំណើរ​ការខុស​ គេ​តែង​តែ​ស្តី​បន្ទោស​ ដល់​អ្នក​ដទៃ​ ឬ អ្នក​នៅ​ក្រោម​​បង្គាប់​បញ្ជា​ ហើយ​ ក៏​ចាត់​វិធាន​ការ​ កម្ចាត់​ចោល​ភ្លាម​​។ អ្នក​ដឹក​នាំ​បែប​នេះ​ អ្វី​ៗ​សុទ្ធ​តែ​មាន​ន័យ​ ចំពោះ​គាត់​ទាំង​អស់​។ មួយ​វិញ​ទៀត​ គឺ​ ការ​រិះ​គន់​ខ្លួន​ឯង​ ដែល​អាច​បណ្តាល​ឲ្យ​ មាន​អារម្មណ៍​ថា​ អ្នក​ដទៃ​ គិត​មិន​ល្អ​ ឬ រិះគន់​ខ្លួន​។​

ចំពោះ ប៉ុល ពត និង ថ្នាក់​ដឹក​នាំ​ របស់​គាត់​វិញ​ តើ​អ្វី​ខ្លះ​ទៅ ដែល​មាន​ន័យ​ ធ្ងន់​ធ្ងរ​ រហូត​ដល់​មាន​ទោស​ ប្រហារ​ជីវិត​នោះ​? ការ​ព្រួយ​បារម្ភ​ និង សង្ស័យ​ហួស​ជ្រុល​ របស់​អង្គ​ការ​ខែ្មរ​ក្រហម​ បាន​បណ្តាល​ឲ្យ​​មនុស្ស​ស្លូត​ត្រង់​ រាប់​ពាន់​ម៉ឺន​​នា​ក់ ស្លាប់​បាត់​បង់​ជីវិ​ត​ ដោយ​អយុត្តិ​ធម៌‌​។​ មនុស្ស​មួយ​ចំនួន​ ដែល​ត្រូវ​បាន​នាំ​មក​ ធ្វើ​ទារុណ​កម្ម​ និង​ សម្លាប់​ចោល​ នៅ​ឯ​គុក​ទួល​សែ្លង​ ត្រូវ​បាន​ជាប់​ចោទ​ថា​ ជា​ភ្នាក់​ងារ​ ចារ​កម្ម​សំងាត់​ សេ,អ៊ី,អា, របស់​អាមេរិក​ ដោយ​សារ​ មាន​កំហុស​ខុស​ឆ្គង​ តូច​តាច​ប៉ុណ្ណោះ​។​

លោក វ៉ាន់ ណាត អតីត​អ្នក​រង​គ្រោះ​ បាន​បញ្ជាក់​ថា យើង​មើល​ទៅ​​ស​កម្ម​ភាព​ សេ,អ៊ី,អា, ត្រឹម​ដូច​ជា​នារី​ ណៃ ណន អ៊ី​ចឹង​ ស​កម្ម​ភាព​គ្រាន់​តែ​ជា​ភ្នាក់​ងារ​ សេ,អ៊ី,អា,​ គ្រាន់​តែ​បត់​ជើង​ អត់​ចំ​បង្គន់​ប្រហោង​ វា​ទៅ​ជា​ស​កម្ម​ភាព​ សេ,អ៊ី,អា, ដែរ​។​ អា​ហ្នឹង​ គេ​ជឿ​អ៊ី​ចឹង​ដែរ​ វា​ចប់​រឿង​តែ​ម្តង​ ហួស​និយាយ​ហើយ​ និយាយ​យ៉ាង​ម៉េច​​ឲ្យ​ត្រូវ​ទេ​។ ​ធម្មតា​ទាល់​តែ​យើង​​មាន​ស​កម្ម​ភាព​ ដុត​កមេ្ទច​ឃ្លាំង​ ឬ​ ក៏​បំផុស​បំផុល​ ធ្វើ​ឲ្យ​ច្រ​បូក​ច្របល់​ អាហ្នឹង​វា​សម​ខ្លះ​។ អា​នេះ គ្រាន់​តែ​បត់​ជើង​ បត់​ដៃ​ កំពប់​អង្ករ​ កំពប់​អី វា​ស​កម្ម​ភាព​ សេ,អ៊ី,អា, ដែរ​ អា​ហ្នឹង​ វា​ជា​រឿង​មួយ​ យើង​មិន​យក​ជា​ផ្លូវ​ការ​។​ តែ​គេ​ផ្លូវ​ការ គេ​ថា ខ្មាំង​វា​ជ្រាប​អ៊ី​ចឹង​ វា​ជ្រាប​តាំង​ពី​​តូច​ទៅ​ធំ​អ៊ី​ចឹង​។

សំរាប់​លោក វ៉ាន់ ណាត មិន​អាច​ជឿ​ទៅ​បាន​មែន​ ប៉ុនែ្ត​ សំរាប់​អ្នក​សួរ​ចម្លើយ​ អ្នក​ទោស​ដូច​​ជា ប្រាក់ ខន ដែល​មាន​ភារ​កិច្ច​​យក​ចម្លើយ​ពី​​ជន​រង​គ្រោះ​ នៅ​ក្នុង​បរិ​យាកាស​ នា​ពេល​នោះ​ ប្រា​កដ​ជា​ជឿ​បាន ណៃ ណន ហ្នឹង​ ឋាន​គាត់​ ជា​ប្រធាន​ក្រុម​ អត់​ដឹង​មូល​ហេតុ​ដែរ​ ប៉ុនែ្ត​ ដល់​ពេល​យក​មក​ឲ្យ​ខ្ញុំ​សួរ​ បាន​ដឹង​ពី​រឿង​​សកម្ម​ភាព​ហ្នឹង​។​ អា​ហ្នឹង​​ មាន​គេ​អ្នក​ឆ្លើយ​ដាក់​ ឆ្លើយ​ដាក់​ថា​ នៅ​ក្នុង​ពេទ្យ​ហ្នឹង​ ធ្វើ​សកម្ម​ភាព​អី​ៗ​។​

ការ​ព្រួយ​បារម្ភ​ និង​សង្ស័យ​ហួស​ហេតុ​ បាន​បង្ក​ឲ្យ​សង្គម​ កម្ពុជា​ នៅ​ក្រោម​របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ លែង​មាន​​ការ​ទុក​ចិត្ត​គ្នា​ សូម្បី​តែ​​នៅ​ក្នុង​រង្វង់​គ្រួសារ​។​ បើ​តាម​ការ​សិក្សា​ របស់​លោក​សាស្រ្តា​ចារ្យ​ Jerral Post សំរាប់​រប​ប​កម្ពុជា​ ប្រ​ជា​ធិប​តេយ្យ​ ឬ របប​ខែ្មរ​ក្រហម​ មិន​មែន​ ប៉ុល ពត តែ​ម្នាក់​ឯង​​ប៉ុណ្ណោះ​ទេ​ ដែល​មាន​ជំងឺ​ ព្រួយ​បារម្ភ​នយោ​បាយ​ ហួស​ហេតុ​នោះ​​។ វា​ច្បាស់​ណាស់​ថា​ ថ្នាក់​ដឹក​នាំ នៃ ចល​នា​នេះ​ ទាំង​មូល​តែ​ម្តង​ ដែល​មាន​ជំងឺ​សង្ស័យ​នេះ​​។ ចំពោះ​ ប៉ុល ពត មិន​អាច​ប្រ​ព្រឹត្ត​​តែ​ម្នាក់​ឯង​បាន​ទេ​ គឺ​វា​ជា​ចលនា​ និង​ ថ្នាក់​ដឹក​នាំ ​របស់​គាត់​​ទាំង​មូល​។​

អារម្មណ៍​ជ្រុល​និយម​ របស់​ពួក​គេ​ គឺ​ថា​ អ្វី​ៗ​ជា​សំណល់​ ឬ កំ​អែល នៃ​ សង្គម​ចាស់​ រួម​ទាំង​​ពាក្យ​ពេចន៍​និយាយ​ស្តី និង វប្ប​ធម៌‌​​សាស​នា ពី​បូរាណ​កាល​ សុទ្ធ​តែ​ជា​ខ្មាំង​សត្រូវ​ របស់​អង្គ​ការ​បដិ​វត្តន៍​ ដែល​តំណាង​​ឲ្យ ប៉ុល ពត និង​ បក្ស​កុម្មុយ​នីស្ត​​កម្ពុជា​។ ពិភព​ខាង​ក្រៅ​ ឬ អ្វី​ៗ​ដែល​មិន​មែន​ខែ្មរ​ គឺ​ជា​ការ​គំរាម​កំហែង​ ដល់​ពួក​គេ​។ ដូចេ្នះ​ ដើម្បី​ការ​ពារ​ខ្លួន​ អង្គ​ការ​ បាន​ធ្វើ​សកម្ម​ភាព​ កមេ្ទច​សត្រូវ​ជា​មុន​។​ ជា​លទ្ធផល​ របប​កម្ពុជា​ ប្រជា​ធិប​តេយ្យ​ ឬ​ របប​ខែ្មរ​ក្រហម​ បាន​បង្ក​ឲ្យ​មាន​ វាល​ពិឃាត​ និង​ សោក​នា​ដ​កម្ម​ដ៏​ធ្ងន់​ធ្ងរ​ ដល់​កម្ពុជា​​ខ្លួន​ឯង​។​

បើ​ទោះ​ជា​ ប៉ុល ពត ប៉ុន​ប៉ង​បង្កើត​ របប​សង្គម​និយម​មួយ​ ដែល​មាន​សម​ភាព​ ប្រ​កប​ដោយ​​យុត្តិ​ធម៌‌​ ដែល​ពល​រដ្ឋ​ខែ្មរ​ទូ​ទៅ​ ប្រាថ្នា​ចង់​បាន​​ដែរ​នោះ​ គោល​នយោ​បាយ​ និង​ ការ​អនុ​វត្ត​ជាក់​សែ្តង​ របស់ ប៉ុល ពត បាន​រុញ​ច្រាន​ ប្រ​ទេស​កម្ពុជា​ ឲ្យ​ក្លាយ​ទៅ​ជា​ សង្គម​ជាតិ​មួយ​ ដែល​​ប្រ​ជា​ជន​រស់​នៅ​​ក្នុង​សេច​ក្តី​ភ័យ​ខ្លាច​ អត់​ឃ្លាន​ និង​ មាន​ភាព​មន្ទិល​សង្ស័យ​ លើ​គ្នា នឹង គ្នា ទៅ​វិញ​។ លោក​បណ្ឌិត​ ជើរ៉ុល ផូស្ថ (Jerrold Post) សាស្រ្តា​ចារ្យ វិទ្យា​សាស្រ្ត​ និង​ ចិត្ត​សាស្រ្ត​នយោ​បាយ​ នៃ សកល​វិទ្យា​ល័យ​ ចច វ៉ា​ស៊ិនតោន​ (George Washington) សហ​រដ្ឋ​អា​មេ​រិក​ បាន​មាន​ប្រ​សាស៍​ថា មេ​ដឹក​នាំ​ប្រ​ទេស​មួយ​ ដែល​មាន​អសិ្ថរ​ភាព​​ផ្លូវ​ចិត្ត​ ហើយ​មាន​ជំងឺ​​ព្រួយ​បារម្ភ​ នយោ​បាយ​ហួស​ហេតុ​ អាច​នាំ​ទៅ​ដល់​ ការ​បង្កើត​​គោល​នយោ​បាយ​​ជាតិ​មួយ​ ដែល​នាំ​ឲ្យ​មាន​ អស្ថិរ​ភាព​សង្គម​​។​

ប៉ុល ពត បាន​ចេញ​គោល​ការណ៍​ ឲ្យ​ប្រ​ជា​ជន​ នៅ​តាម​សហ​ករណ៍​ ទូ​ទាំង​ប្រទេស​ ជួប​ប្រ​ជុំ​គ្នា ស្ទើរ​រៀង​រាល់​យប់​ នៅ​ក្រោយ​ពេល​​បពោ្ចញ​ពល​កម្ម​ ដ៏​ហេវ​ហត់​​រួច​មក​។​ អង្គ​ការ​ មិន​ត្រឹម​តែ​ត្រួត​ត្រា​ សកម្ម​ភាព​ផ្លូវ​កាយ​ របស់​ប្រ​ជា​ពល​រដ្ឋ​​ខ្លួន​ឯង​​ប៉ុណ្ណោះ​ទេ​ ប៉ុនែ្ត​ ថែម​ទាំង​​ព្យាយាម​ឃុំ​គ្រង​ សតិ​ផ្លូវ​ចិត្ត​ទៀត​ផង​។​

លោក អុង ថុងហឿង ជា​សាក្សី​រស់​ម្នាក់​ ដែល​ត្រូវ​បាន​ល្បួង​ ឲ្យ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ ពី​ប្រទេស​បារាំង​ នៅ​ឆ្នាំ 1976 បាន​រំលឹកថា​ រាល់​ថៃ្ង​គេ​មាន​ប្រ​ជុំ​ជីវភាព​​។ គេ​ធ្វើ​ទិ​តៀន​ ស្វ័យ​ទិ​តៀន​ គឺ​ថា​ ទី​មួយ​ គេ​មាន​ចែក​ជា​បី ទី​មួយ នយោ​បាយ​ បាន​ន័យ​ថា​ តាំង​ពី​ព្រឹក​​ដល់​ល្ងាច​ហ្នឹង​ តើ​ម្នាក់​ៗ​ហ្នឹង​​ធ្វើ​ការ​តាម​អង្គ​ការ​ កំណត់​​ឲ្យ​ទេ​? ទី​ពីរ​ សតិ​អា​រម្មណ៍ តើ​អ្នក​ឯង​ មាន​នឹក​ទៅ​ សង្គម​ចាស់​ទេ​?​ អ្នក​ឯង​ មាន​នឹក​ឃើញ​ទៅ​ក្រុង​ប៉ារីស​ទេ​?​ មាន​នឹក​ឃើញ​បាយ​អ្នក​ឯង​ ធ្លាប់​ឆ្ងាញ់​ទេ​?​ បាយ​ដែល​ប្រ​ជា​ជន​ កសិ​ករ​ ឲ្យ​អ្នក​ឯង​សព្វ​ថៃ្ង​ហ្នឹង​ អ្នក​ឯង​ឃើញ​ថា​​ឆ្ងាញ់​ទេ​?​ មួយ​ណា​ឆ្ងាញ់​ជាង​ អ៊ី​ចឹង​ទៅ ​? បើ​យើង​ឃើញ​ថា​ របស់​ដែល​ប្រ​ជា​ជន​​កសិ​ករ​ ធ្វើ​បាយ​ ធ្វើ​ទឹក​ ឲ្យ​យើង​ហ្នឹង​ បើ​យើង​ថា​មិន​ឆ្ងាញ់​ អាហ្នឹង​បាន​ន័យ​ថា​ សតិ​អា​រម្មណ៍​យើង​ អត់​ទាន់​ស្រឡាញ់​ បដិ​វត្តន៍​ទេ​។ លោក​សាស្រ្តា​ចារ្យ ជើរ៉ុល ផូស្ថ មាន​ប្រសា​សន៍​ថា សំរាប់​ ថ្នាក់​ដឹក​នាំ​ របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ មិន​មែន​ ប៉ុល ពត​ តែ​ម្នាក់​ឯង​ ប៉ុណ្ណោះ​ទេ​ ដែល​មាន​ជំងឺ​ ព្រួយ​បារម្ភ នយោបាយ ហួស​ហេតុ​នោះ ​។

លោក ជើរ៉ុល ផូស្ថ មាន​ប្រសា​សន៍​ថា ​រឿង​មួយ​ ដែល​គួរ​ឲ្យ​ចាប់​អា​រ​ម្មណ៍​ ចំពោះ​ខែ្មរ​ក្រហម​​នោះ​គឺ​ថា មិន​មែន​ ប៉ុល ពត តែ​ម្នាក់​ឯង​នោះ​ទេ​ ដែល​កើត​មាន​ជំងឺ​ព្រួយ​បារម្ភ​នយោ​បាយ​​ហួស​ហេតុ​នេះ​​ គឺ​​ថា ប៉ុល ពត មិន​អាច​ប្រ​ព្រឹត្ត​​តែ​ម្នាក់​ឯង​​បាន​ទេ​ វា​គឺ​ជា​ចលនា​ និង​ ថ្នាក់​ដឹក​នាំ​ របស់​គាត់​ទាំង​មូល​​។ ពួក​គេ​មាន​អា​រម្មណ៍​ថា​ ពិភព​លោក​ខាង​ក្រៅ​ ឬ​ អ្វី​ៗ ដែល​មិន​មែន​ខែ្មរ​ គឺ​ជា​ការ​គំរាម​កំហែង​​ដល់​ពួក​គេ​ ដូចេ្នះ​ ពួក​គេ​ ក៏​បាន​ចាត់​វិធាន​ការ​ ប្រឆាំង​ទុក​ជា​មុន​ ដើម្បី​ការ​ពារ​ខ្លួន​ ហើយ​វិធី​ ដែល​ពួក​គេ​ចាត់​ឡើង​ ដើម្បី​ការ​ពារ​ខ្លួន​ គឺ​ចាប់​ជន​​ទាំង​ឡាយ​ណា ដែល​មាន​ទស្សន​ យល់​ឃើញ​មិន​ស្រប​​ជា​​មួយ​ នឹង ពួក​គេ​ យក​ទៅ​សម្លាប់​ចោល​ ឬ​ ដាក់​ឲ្យ​រស់​នៅ​ ក្នុង​ជំរំ​ប្រ​មូល​ផ្តុំ​ ដែល​ជា​ការ​បង្ក​ឲ្យ​មាន​ វាល​ពិឃាត​ និង សោក​នាដ​កម្ម​​ដ៏​ធ្ងន់​ធ្ងរ​​នៅ​កម្ពុជា​។​ ចំពោះ​ ប៉ុល ពត អ្នក​ណា​ ដែល​មិន​មាន​ទស្សន​ ដូច​គ្នា​ នឹង គាត់​ គឺ​ជា​ការ​គំរាម​កំហែង​ ដល់​រូប​គាត់​​ គាត់​មាន​ការ​ព្រួយ​បារម្ភ​ និង​ ភ័យ​ខ្លាច​ ចំពោះ​ ការ​តាម​ធ្វើ​ឃាត​​​ជាពិ​សេស​ការ​ដាក់​ថ្នាំ​បំពុល​។ ការ​ព្រួយ​បារម្ភ​នេះ​ បាន​តាម​លង​ ប៉ុល ពត ជាប់​ជា​និច្ច​។​ ប៉ុល​ ពត​ បាន​ផ្លាស់​ប្តូរ​​គេ​ហដ្ឋាន​របស់​គាត់​ ជា​ញឹក​ញាប់​ ហើយ​គាត់​តែង​លាក់​បាំង​ នូវ អ្វី​ៗ ទាក់​ទង​ នឹង​ ខ្លួន​គាត់​ និយាយ​ទៅ ប៉ុល ពត និង​ ចូ​សេហ្វ ស្តាលីន មាន​​ចរិត​លក្ខណ​ភ័យ​ព្រួយ​ ខាង​នយោ​បាយ​នេះ​​ស្រដៀង​គ្នា​។​ លោក​សាស្រ្តា​ចារ្យ ជើរ៉ុល ផូស្ថ បាន​បន្ត​ទៀត​ថា​ ការ​កម្ចាត់​ចោល​ បណ្តា​បញ្ញ​វ័ន្ត​ និង អ្នក​ចេះ​ដឹង​ ស្ទើរ​គ្មាន​សល់​ គឺ​ជា​ លក្ខណ​​សំគាល់​ នៃ​ ជំងឺ​ព្រួយ​បារម្ភ​ ហួស​ហេតុ​ ខាង​នយោ​បាយ​ របស់​ ប៉ុល ពត និង​ របប​ដឹក​នាំ របស់​គាត់​។ លោក​សា​ស្រ្តា​ចារ្យ​ បាន​បន្ត​​​យ៉ាង​ដូចេ្នះ​ ​ចំពោះ​ ប៉ុល ពត អ្នក​ទាំង​ឡាយ​ណា​ ដែល​ហាក់​ដូច​ជា​ មាន​ទំនាក់​ទំនង​ ជា​មួយ​ នឹង​ ពួក​អ្នក​បស្ចឹម​ប្រទេស​ សូម្បី​តែ​ គ្រាន់​តែ​ពាក់​វ៉ែន​តា​របស់​ ពួក​បស្ចឹម​ប្រ​ទេស​ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សក្តា​នុពល​ គំរាម​កំហែង​ ដល់​រូប​គាត់​ ផង​ដែរ​​។​ អ្នក​មាន​គំនិត​ ស​កល​និយម​ ស៊ីវី​ល័យ​និយម និង​ អ្នក​ចេះ​ដឹង​ ក៏​ ប៉ុល ពត មើល​ឃើញ​ថា​ ជា​ការ​គំរាម​កំហែង​ ដល់​អំណាច​​របស់​គាត់​ផង​ដែរ​​។ នេះ​ហើយ​ ជា​ជំងឺ​ព្រួយ​បារ​ម្ភ​ហួស​ហេតុ​ ខាង​នយោបាយ​ ដែល​អង់​គេ្លស ហៅ​ថា​ Political Paranoia​។