ប្រវត្តិបដិវត្តន៍ របស់ ប៉ុល ពត (ក)
វិទ្យុអាស៊ីសេរី 20070626 ជីវិតា


ថ្ងៃសៅរ៍ ទី25.កុម្ភៈ 2023.ម៉ោង 7: 35

   ប៉ុល ពត ជា​ឥស្សរ​ជន​សំខាន់​ម្នាក់​ និង មាន​អាថ៌‌​កំបាំង​បំផុត​ នៅ​ក្នុង​ប្រ​វត្តិ​ចលនា​កុម្មុយ​នីស្ត​កម្ពុជា​។ ប៉ុល ពត បាន​ចំណាយ​ពេល​វេលា​ ជា​ច្រើន​ នៃ យុវ​វ័យ​របស់​គាត់​​រស់​នៅ​ ក្នុង​សភាព​លាក់​ខ្លួន​ និង​ ធ្វើ​ការ​ជា​ច្រើន​ ដើម្បី​លាក់​បាំង​ និង​ បំភ័ន្ត​ព័ត៌‌​មាន​ទាំង​ឡាយ​ ដែល​ទាក់​ទិន​ដល់​​សកម្ម​ភាព និង​ ជីវ​ភាព​នយោ​បាយ​របស់​គាត់​​។ បើ​ទោះ​ជា ប៉ុល ពត បាន​ស្លាប់​បាត់​ទៅ​ហើយ​ក្តី​ ចំងល់​ជា​ច្រើន​ អំពី​មេ​ដឹក​នាំ​ កុម្មុយ​នីស្ត​ រូប​នេះ​ នៅ​មិន​ទាន់​បាន​បក​ស្រាយ​បំ​ភ្លឺ​ ឲ្យ​បាន​ច្បាស់​​នៅ​ឡើយ​ទេ​។ ដូច​ជា​ ឆ្នាំ​កំណើត​របស់​ ប៉ុល​ ពត ក៏​នៅ​មាន​ ការ​ខែ្វង​យោ​បល់​គ្នា​ ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវ​​ផង​ដែរ​។​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌‌​មាន របស់​ទស្ស​នា​​វដ្តី ​សេដ្ឋ​កិច្ច​ចុង​បូព៌ា​ គឺ​លោក ណេត ថេយ័រ ដែល​បាន​សិក្សា​ រឿង​រ៉ាវ​ របស់​​ខែ្មរ​ក្រហម​ អស់​ជា​ច្រើន​ឆ្នាំ ​និង ធ្លាប់​បាន​ជួប​ ប៉ុល ពត ផ្ទាល់ ចំនួន​បី​ដង​ ផង​នោះ​ បាន​ពណ៌‌​នាថា​ ប៉ុល ពត ជា​​មេ​ដឹក​នាំ​អាថ៌‌​កំបាំង​ម្នាក់​ នៅ​ក្នុង​សត​វត្សរ៍​ទី​ 20​។​

លោក ណេត ថេយ័រ បាន​មាន​ប្រសាសន៍​ថា តាម​មើល​ទៅ​ ប៉ុល ពត ប្រ​ហែល​ជា​ មេ​ដឹក​នាំ​ ដែល​មាន​ប្រសិទ្ធ​ភាព​ និង​ អាថ៌‌​កំបាំង​បំផុត​ តែ​ម្នាក់គត់​ នៅ​ក្នុង​សត​វត្សរ៍​ទី​ 20​។​ គ្មាន​នរ​ណា​ម្នាក់​ដឹង​ សូម្បី​តែ​ ថៃ្ង​កំណើត​របស់​គាត់​។​ សូម្បី​តែ បង​ប្អូន​​ ប្រុស​ស្រី​បង្កើត​ របស់​គាត់​ ក៏​ពុំ​បាន​ដឹង​ផង​ទេ​​ថា គាត់​ជា​អ្នក​គ្រប់​គ្រង​​ប្រ​ទេស​ គឺ​ទាល់​តែ​បី​ឆ្នាំ​ បន្ទាប់​ពី​គាត់​ ឡើង​កាន់​អំណាច​ហើយ​ ទើប​ពួក​គេ​ដឹង​​។​ គ្មាន​នរ​ណា​ស្គាល់​ឈ្មោះ ​ប៉ុល ពត ​ទេ​ រហូត​ដល់​ឆ្នាំ 1976​ មួយ​ឆ្នាំ​ បន្ទាប់​ពី​ឡើង​កាន់​អំណាច​ហើយ​ ទើប​គេ​ស្តាប់​លឺ​ តាម​វិទ្យុ​​ខែ្មរ​ក្រហម​ ប្រកាស​ថា​ ឈ្មោះ ប៉ុល ពត ជា​នា​យក​រដ្ឋ​មន្រ្តី​ នៃ​ប្រ​ទេស​កម្ពុជា​។​ គ្មាន​នរ​ណា ក្នុង​នោះ​ រួម​ទាំង​ ទី​ភ្នាក់​ងារ​ចារ​កម្ម​ ស៊ី​,អាយ,​អេ​ របស់​សហ​រដ្ឋ​អា​មេរិ​ក​ ក៏​មិន​ធ្លាប់​លឺ​ឈ្មោះ​ របស់​គាត់​ដែរ​​។ ឈ្មោះ ​ប៉ុល ពត ត្រូវ​បាន​គេ​ រាយ​ការណ៍​ថា ជា​តំណាង​កម្មករ​​ចំការ​កៅស៊ូ ខេត្ត​កំពង់​ចាម​ទៅ​វិញ​។​ ឈ្មោះ​របស់​គាត់​ ទី​កនែ្លង​ និង​ ថៃ្ង ខែ ឆ្នាំ កំណើត​ ព្រម​ទាំង​​ប្រ​វត្តិ​រូប​នយោ​បាយ​​របស់​គាត់​ គឺ​សុទ្ធ​តែ​កុហក​ ទាំង​អស់​។​ ចរិត​បុគ្គ​លិក​ភាព​ របស់​គាត់​ គឺ​ចូល​ចិត្ត​ លាក់​លៀម​។ គាត់​ពុំ​បាន​ខិត​ខំ​​ប្រឹង​ប្រែង​ បង្ហាញ​ឲ្យ​គេ​ឯង​​ដឹង​ថា​ គាត់​ជា​មេ​ដឹក​នាំ​របស់​ចល​នា​ទេ​។​ ដូចេ្នះ​ យើង​មាន​សំនួរ​​ច្រើន​ណាស់​ ដើម្បី​សួរ​គាត់​​។

បើ​គិត​ត្រឹម​តែ​ពី​ ខែមេសា ឆ្នាំ 1975 រហូត​ដល់​ថៃ្ង​ស្លាប់​ របស់​ ប៉ុល ពត នៅ​ខែ​មេសា​ ឆ្នាំ​ 1998 មាន​អ្នក​កា​សែត​ ពី​ប្រ​ទេស​លោក​សេរី​ តែ​បី​នាក់​គត់​ ដែល​បាន​ជួប ប៉ុល ពត​។​ លើក​ទី​មួយ គឺ​នៅ​ក្នុង​​ទី​ក្រុង​ភ្នំ​ពេញ​ ក្នុង​ខែ​ធ្នូ ឆ្នាំ 1978 ជា​មួយ​លោក​ស្រី​អេ​លី​ហ្សា​ប៊ែត​ បិក​ឃ័រ​ ជា​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌‌​មាន​ ឲ្យ​កាសែត​ វ៉ាស៊ីន​តោន​ ប៉ុស្ដិ៍ ។

លោក​ស្រី អេលី​ហ្សា​ប៊ែត​ មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ចរិត​ និង កាយ​វិកា​រ​ទន់​ភ្លន់ របស់ ប៉ុល ពត ដែល​លោក​ស្រី​គិត​ថា​ មិន​ស័ក្តិ​សម​ ជា​មេ​ដឹក​នាំ​វាល​ពិឃាត​ នៅ​ក្នុង​​ប្រវត្តិ​សាស្រ្ត​ មនុស្ស​ជាតិ​ ក្នុង​សម័យ​ទំនើប​នោះ​ទេ​។​ លោក​ស្រី អេ​លី​ហ្សា​ប៊ែត​ បាន​ឲ្យ​ដឹង​ដូចេ្នះ​ថា បន្ទាប់​ពី​ ខ្ញុំ​បាន​ស្តាប់​ លឺ​រឿង​រ៉ាវ​ទាំង​ឡាយ ដែល​កើត​ឡើង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង បន្ទាប់​ពី​​ខ្ញុំ​​បាន​ជជែក​ ជា​​មួយ​ជន​ភៀស​ខ្លួន​​មក​ ធ្វើ​ឲ្យ​ខ្ញុំ​ស្រ​មៃ​ថា​ ប៉ុល ពត ប្រាកដ​ជា​ មនុស្ស​ម្នាក់​ ដែល​ អាក្រក់​ជា​ទី​បំផុត​ ហើយ​កត្តា​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ទៀត​ថា​ ប៉ុល ពត នឹង សមែ្តង​​អាកប្ប​កិរិ​យា ឃោរ​ឃៅ​ទៀត​ផង​​។​ ប៉ុនែ្ត ​អ្នក​ដឹង​ទេ​ នៅ​ពេល​ ដែល​ ខ្ញុំ​ទៅ​ជួប​គាត់​នោះ​ អ្វី​ៗ​ ដែល បាន​គិត​នោះ​ មិន​មាន​ទាល់​តែ​សោះ​​។​ គាត់​មាន​រាង​​សង្ហា​ណាស់​ ស្លៀក​ពាក់​យ៉ាង​ស្អាត​ សម​សួន​ ញញឹម​ស្រស់​ មាន​មន្ត​សេ្នហ៍​ មាន​រិក​​​ពារ​​ល្អ​សម​រម្យ​។ គាត់​មិន​ក្រោក​ឈរ​ ទទួល​យើង​ទេ​ នៅ​ពេល​ ដែល យើង​ដើរ​ចូល​ទៅ​ គាត់​គ្រាន់​តែ​លើក​ដៃ​ ជា​សញ្ញា​ ឲ្យ​យើង​អង្គុយ​ចុះ​។​ ការ​និយាយ​ស្តី​ របស់​គាត់​ លក្ខណ​រួស​រាយ​ ទន់​ភ្លន់​ គួរ​ឲ្យ​ចង់​ស្តាប់​​។​ ហេតុ​ដូចេ្នះ​ហើយ​ ទើប​អ្វី​ ដែល ផុស​ឡើង​​នៅ​ក្នុង​ចិត្ត​​របស់​ខ្ញុំ​ដំបូង​គេ​ភ្លាម​នោះ​ គឺ​ថា​ បុរស​ម្នាក់​នេះ​ មាន​លក្ខណ​ គុណ​សម្បត្តិ​ និង ហេតុ​ផល​ ជា​មេ​ដឹក​នាំ ​នៃ ប្រទេស​​ក្នុង​កម្រិត​ណា​មួយ​នោះ​ គឺ​ថា​ គាត់​មាន​ស​មត្ថ​ភាព​ ក្នុង​ការ​និយាយ​​ទាក់​ទាញ​ ឲ្យ​គេ​​ចាប់​អារម្មណ៍​ យល់​ច្បាស់​ អំពី​អ្វី​ ដែល គាត់​​កំពុង​និយាយ​ ថែម​ទាំង​​មាន​ភាព​ឆ្លាត​ វាង​វៃទៀត​ផង​។ គាត់​មិន​និយាយ​​ភាសា​បារាំ​ង​ ឬ អង់​គេ្លស​ ​ទេ គាត់​និយាយ​​ភាសា​ខែ្មរ​ ទៅ​កាន់​ពួក​យើង​ តាម​រយ​អ្នក​បក​ប្រែ​។

អ្នក​​ទី​​ពីរ​ ដែល​បាន​ជួប​ ប៉ុល ពត ក្នុង​ស្រុក​អន្លង់​វែង​ គឺលោក ណេត ថេយ័រ បាន​ឲ្យ​ដឹង​​ដូចេ្នះ​ថា ខ្ញុំ​បាន​ធ្លាប់​​ស្នើ​សុំ​សម្ភាសន៍​ ប៉ុល ពត​ មិន​តិច​ជាង​​ដប់​​ដង​ទេ ​ប៉ុនែ្ត មិន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឡើយ​ ពី​ព្រោះ ​ប៉ុល ពត ជឿ​ជាក់​ថា ការ​ផ្តល់​​បទ​សម្ភាសន៍​ ដល់​អ្នក​កា​សែត​វា​នឹង​មិន​បាន​ ផល​ប្រ​យោជន៍​អ្វី​ទេ​ សំរាប់​រូប​គាត់​ និង សំរាប់​​ចលនា​​របស់​គាត់​​។ គាត់​ភ័យ​ខ្លាច​ថា​ ពិភព​លោក​ នឹង សួរ​ដេញ​ដោល​គាត់​ តែ​ពី​រឿង​រ៉ាវ​ អំពី​អតី​ត​កាល​ និង មិន​សួរ​នាំ​ ពី​ស្ថាន​ភាព​បច្ចុប្បន្ន​កាល​ នៅ​ក្នុង​​ប្រ​ទេស​កម្ពុជា​​នោះ​ទេ​​។ ដូចេ្នះ​ គាត់​មើល​ឃើញ​ថា​ វា​គ្មាន​ភាព​វិជ្ជ​មាន​​ណា​មួយ​ ពី​ការ​ផ្តល់​សម្ភាសន៍​ នោះ​ឡើយ​​។ នៅ​ពេល​​ជួប​ភ្លាម​ គាត់​ពោល​មក​កាន់​ខ្ញុំ​ថា​ ខ្ញុំ​ធ្លាប់​លឺ ឈ្មោះ​អ្នក​ឯង​​ជា​យូរ​យារ​​ណាស់​មក​ហើយ​ ហើយ​នេះ​ ជា​ការ​ពិត​ណាស់​ ព្រោះ​ថា​ ខ្ញុំ​បាន​ព្យា​យាម​​ជួប​គាត់​​អស់​ជា​ច្រើន​ឆ្នាំ​ម​ក​ហើយ​។​ នៅ​ទី​បញ្ចប់​ ខ្ញុំ​ក៏​បាន​ទទួល​ ការ​អនុញ្ញាត​​ ឲ្យ​​ជួប​សម្ភាសន៍​ ប៉ុល​ ពត​ គឺ​នៅ​ខណ​ ដែល គាត់​ស្ថិត​ក្នុង​​ការ​ឃុំ​ឃាំង​ របស់​តាម៉ុក ក្រោយ​ពី​មាន​ជំលោះ​បែក​បាក់​ផៃ្ទ​ក្នុង​ របស់​ពួក​ខែ្មរ​ក្រហម​​នោះ​។​

លោក ណេត ថេយ័រ បាន​រៀប​រាប់​អំពី​សភាព​​របស់​ ប៉ុល ពត នៅ​ពេល​ជួប​ ជា​លើក​ដំបូង​ថា ប៉ុល ពត ប្រសប់​និយាយ​ណាស់​​។ ពេល​ជួប​នោះ​ គាត់​ជា​ មនុស្ស​ចាស់​ជរា​ម្នាក់​ មាន​ជំងឺ​ ដែល​ប្រាកដ​ណាស់​ មើល​ទៅ​​គាត់​នៅ​រស់​​មិន​បាន​យូរ​ទៀត​ទេ​។ ដូច្នោះ ​ខ្ញុំ​ដូច​ជា​មាន​ចិត្ត​អាណិត​អាសូរ​​គាត់​ដែរ​​។ ជា​ការ​ជាក់​ច្បាស់​ណាស់​ ពេល​នោះ​ គាត់​ព្យា​យាម​ និយាយ​ទាក់​ទាញ​​ការ​យល់​ចិត្ត​ និង​ ការ​សន្ដោស​ ចំពោះ​រូប​គាត់​ និង ចល​នា​នយោ​បាយ​របស់​គាត់​​។ គាត់​និយាយ​​ក្នុង​បំណង​ប្រាថ្នា​ ឲ្យ​មាន​ការ​កត់​ត្រា​ទុក​ ក្នុង​ទំព័រ​ប្រ​វត្តិ​សាស្រ្ត​ នូវ អ្វី​ៗ​ ដែល​គាត់​ចង់​បាន​។​

អ្នក​ដែល​បាន​ជួប​ចុង​ក្រោយ​គេ​ គឺ​ប្រមាណ​ពីរ​សបា្តហ៍​ មុន​ពេល ប៉ុល ពត ស្លាប់ នៅ​ខែ​មេសា ឆ្នាំ 1998 ក្នុង​ស្រុក​អន្លង់​វែង​ គឺ​ លោក ពិន សំខុន ដែល​នៅ​គ្រា​នោះ​ លោក​ជា​អ្នក​ឆ្លើយ​ឆ្លង​ ព័ត៌‌​មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​​។​

ទាក់​ទង​ទៅ​ នឹង ការ​ខែ្វង​យោ​បល់​គ្នា​ ចំពោះ ថៃ្ង ខែ ឆ្នាំ​កំណើត​​របស់​គាត់​ ប៉ុល ពត បាន​បំភ្លឺ​ថា​ ការ​ពិត​នោះ​ គាត់​កើត​នៅ​ឆ្នាំ 1925 បើ​គិត​ជា​ខែ្មរ​ សូម្បី​ ក្នុង​បញ្ជី​ជាតិ​ខ្ញុំ​ ខ្ញុំ​បន្ថយ​ 1928 ដើម្បី​រៀន​សាលា​ ប៉ុនែ្ត​ ខ្ញុំ​កើត​មែន​ទែន​ អាយុ 1925 ខែ 1​។ ម្តាយ​​អ្នក​ប្រាប់​ អត់​មាន​កត់​អី​ទេ គាត់​កត់​ធ្យូង​​ជញ្ជាំង​ផ្ទះ​ គាត់​ថា​ ខែ​បុស្ស​ឆ្នាំ​ឆ្លូវ​។​ ឆ្លើយ​តប​ទៅ​ នឹង សំនួរ​របស់​លោក​ ណេត ថេយ័រ ចំពោះ​ការ​ផ្តាច់​​ទំនាក់​ទំនង​​ជា​​មួយ​បង​ប្អូន​ និង គ្រួសារ​ ដើម្បី​លាក់​បាំង​​អត្ត​សញ្ញាណ​ពិត​ របស់​គាត់​ ក្នុង​ពេល​តស៊ូ​ បដិ​វត្តន៍​នោះ ប៉ុល ពត បាន​បក​ស្រាយ​ថា​ គឺ​ដើម្បី​​រក្សា​សុវត្ថិ​ភាព​ បង​ប្អូន​ របស់​គាត់​។ ប៉ុល ពត បាន​និយាយ​ថា មាន​សំនួរ​ថា សូម្បី​តែ​​អ្នក​ឯ​ទៀត​ ក៏​មិន​ដឹង​ស៊ូ​ស្លាប់​​យ៉ាង​នេះ​ ក៏​មិន​ដឹង​​រឿង​នេះ​ជា​ការ​ពិត​​។ ខ្ញុំ​មិន​ប្រាប់​ បង​ប្អូន​ណា​ទាំង​អស់​ ដើម្បី​កុំ​ឲ្យ​គេ​រវល់​ នឹង ខ្ញុំ​។ បើ​ខ្ញុំ​​មាន​ទោស​មាន​ពៃរ៍​ មាន​ស្អី​ទៅ​​កុំ​ឲ្យ​គេ​ជំពាក់​ជំពិន​ ជា​មួយ​​។ តែ​អ្នក​ខ្លះ​​យល់​ថា​ ខ្ញុំ​មិន​គិត​បង​ប្អូន​ ខ្ញុំ​មិន​ឲ្យ​គេ​ ធ្វើ​ជីវិត​នយោ​បាយ​។ ប៉ុល ពត កើត​នៅ​ក្នុង​ភូមិ​ព្រែក​ស្បូវ​ ស្ថិត​នៅ​កែ្បរ​​ទី​រួម​ខែត្រ​កំពង់​ធំ​ គាត់​មាន​ឈ្មោះ​ កំណើត​ សាឡុត ស ជា​កូន​ទី៦ នៃ គ្រួ​សារ​កសិករ​ថ្នាក់​លើ​មួយ​​។​ នៅ​ឆ្នាំ​ 1935 ប៉ុល ពត បាន​ទៅ​រស់​នៅ​ ជា​មួយ​សាច់​ញាតិ​ នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ដើម្បី​បន្ត​ការ​សិក្សា​។​ គាត់​បាន​បួស​ជា​សាម​ណេរ​ នៅ​ក្នុង​វិស័យ​ ព្រះ​ពុទ្ធ​សាសនា​ អស់​រយ​កាល​​ជា​ច្រើន​ខែ​ ហើយ​បាន​ចូល​រៀន​ នៅ​ក្នុង​សាលា​​បឋម​សិក្សា​ កា​តូលិក​ បារាំង​​មួយ​។​ នៅ​ឆ្នាំ​ 1942 ដល់​ឆ្នាំ​ 1946 ប៉ុល ពត បាន​ចូល​រៀន​ នៅ​វិទ្យា​ល័យ​​ព្រះ​សីហនុ​​ខេត្ត​កំពង់​ចាម​។​

ខៀវ​ សំ​ផន ដែល​​ក្រោយ​​មក​​ ក្លាយ​ជា​ប្រ​ធាន​គណ​ប្រ​ធាន​រដ្ឋ​ នៃ របប​កម្ពុជា​​ប្រ​ជា​ធិប​តេយ្យ​ ខែ្មរ​ក្រហ​ម​ ធ្លាប់​បាន​រៀន​​នៅ​ក្នុង​វិទ្យា​ល័យ​នោះ​ ជា​មួយ​ ប៉ុល​ ពត​ បាន​ឲ្យ​ដឹង​ថា​ ចំណង់​ចំណូល​ចិត្ត​ ផែ្នក​កីឡា​កំសាន្ត​ របស់​ ប៉ុល ពត មាន​កី​ឡា​បាល់​ទាត់​ និង​ លេង​ភេ្លង​។​ ខៀវ​ សំផន បាន​ឲ្យ​ដឹង​ថា​ ការ​ពិត​ ខ្ញុំ​ស្គាល់​លោក​ សាឡុត​ ស នៅ​ពេល​ដែល​រៀន​ នៅ​កំពង់​ចាម​ គាត់​រៀន​លើស​មួយ​ថ្នាក់​ ហើយ​កាល​ហ្នុង​ មិន​សូវ​ជិត​ស្និទ្ធ​ ជា​មួយ​គាត់​​ប៉ុន្មាន​ទេ​ ប៉ុនែ្ត​ឃើញ​គាត់​ ជា​អ្នក​លេង​កី​ឡា​ដែរ​ ទាត់​បាល់​ ហើយ​គាត់​​ជា​អ្នក​លេង​ភេ្លង​ដែរ​ គាត់​កូត​វីយូ​ឡុង​ ហើយ​ដល់​ពេល​ មាន​បុណ្យ​ រៀប​ចំ​ល្ខោន​​កូន​សិស្ស​អី​ គាត់​មក​ចូល​​រៀប​ចំ​អី​ នឹង គេ​ គាត់​ហាត់​ភេ្លង​អី​ នឹង គេ​ អ៊ី​ចឹង​ទៅ​។ ប៉ុនែ្ត​ ដល់​ចេញ​លេង​ភេ្លង​ នឹង ​គេ ដូច​ជា​អត់​ឃើញ​​គាត់​ចេញ​ទេ​ អត់​បាន​ជា​គិត​ថា​ លោក​​សាឡុត ស ហ្នឹង ថៃ្ង​ក្រោយ​ទៅ​ ទៅ​ជា ប៉ុល ពត អត់​នឹក​នា​សោះ​​តែ​ម្តង​​។ ដល់​បែក​គ្នា​ ពី​កំពង់​ចាម​មក​ ក៏​ខ្ញុំ​មិ​ន​បាន​នឹក​អី​ គាត់​ប្រឡង​ជាប់​ ឬ​ធ្លាក់​ យ៉ាង​ម៉េច​ៗ​ផង​​រួច​គាត់​ទៅ​រៀន​ឯ​ណា​ អី​ឯ​ណា​ ក៏​ខ្ញុំ​មិន​ជា​គិត​អី​ ហើយ​ដល់​ខ្ញុំ​ ទៅ​ស្រុក​បារាំង​ អត់​បាន​ជួប​គាត់​ទៀត​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប៉ុល ពត ជា​សិស្ស​ម្នាក់​ ដែល​មាន​ចរិត​ សុភាព​រាប​សា ​និង​ រួស​រាយ​។​ ការ​សិក្សា​របស់​ ប៉ុល ពត​ នៅ​ពេល​នោះ​ ទទួល​បាន​​ចំណាត់​ថ្នាក់​ មធ្យម​​។​​ នៅ​ក្នុង​ខណ​នោះ​ ប៉ុល ពត ក៏​មាន​ទំនាក់​ទំនង​ ជា​មួយ​និស្សិត​ នៃ វិទ្យា​ល័យ​ ស៊ី​សុវត្ថិ​ ក្នុង​ក្រុង​ភ្នំ​ពេញ​ម្នាក់​ ឈ្មោះ​អៀង សារី ហើយ​ក៏​បាន​រាប់​អាន​គ្នា​​យ៉ាង​ជិត​ស្និទ្ធ​ ពី​ពេល​នោះ​មក​។​ ដោយ​ចេះ​ភាសា​បារាំង​ និង មាន​ទំនាក់​ទំនង​ល្អ​ ជា​មួយ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ដែល​ជា​​គណ​បក្ស​​កាន់​រដ្ឋា​ភិបាល​ នា​ពេល​នោះ​ ប៉ុល​ ពត បាន​ទៅ​រៀន​ នៅ​ឯ​ស្រុក​បារាំង​ នៅ​ឆ្នាំ​ 1949​ ។​

ក្នុង​ខណ​ស្ថិត​នៅ​ទី​នោះ​ សាឡុត ស មាន​ចិត្ត​រំភើប​រីក​រាយ​ ទៅ​ នឹង សន្ទុះ​ រីក​ចំរើន នៃ ចលនា​កុម្មុយ​នីស្ត​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប​​។ សាឡុត ស ក៏​ដូច​និសិត្ស​ខែ្មរ​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​ឆ្នាំ 1952 បាន​ចូល​រួម​ក្នុង​បក្ស​កុម្មុយ​នីស្ត​ បារាំង ដែល​កំពុង​មាន​ប្រ​ជា​ប្រិយ​ភាព​ខ្ពស់​​នៅ​គ្រា​នោះ​។​ សាឡុត ស បាន​រំលឺក​ប្រាប់​ លោក ណេត ថេយ័រ អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌‌​មាន​ សំរាប់​ទស្សនា​វដ្តី​ សេដ្ឋ​កិច្ច​ចុង​បូព៌ា អំពី​ព្រឹត្តិ​ការណ៍​ ដែល​កើត​មាន​​នៅ​ក្នុង​ប្រ​ទេស​បារាំង​ ក្នុង​ខណ​ ដែល គាត់​រស់​នៅ​ទី​នោះ​ ដូចេ្នះ​ថា ពេល​នោះ​ វា​មាន​ចលនា​​នៅ​ស្រុក​បារាំង​ នៅ​អឺ​រ៉ុប ក្រោយ​សង្រ្គាម​លោក​លើក​ទី​ពីរ​​ ដូច្នោះ​​​មួយ​ផែ្នក​ ខ្ញុំ​រៀន​យក​តែ​ប្រាក់​បួក​ មួយ​ផែ្នក​ទៀត​ ខ្ញុំ​ដើរ​មើល​សៀវ​ភៅ​។ សៀវ​ភៅ​ចាស់​ៗ 25​ហ្រ្វង់​អី​ ខ្ញុំ​ទិញ​សៀវ​ភៅ​ចាស់​ៗ​ ពី​ដើម​។ ឧទា​ហរណ៍ ដូច​ជា​ La Grand Revolution Francais មើល​មិន​សូវ​យល់​ទេ​ ក៏ប៉ុ​នែ្ត​ចេះ​តែ​មើល​ទៅ​។ ហើយ​ មើល​ឃើញ​ចលនា នៅ​ក្នុង​ប្រទេស​ខ្លះ​ ដូច​ឥណ្ឌា​ជា​ដើម​ ដូច​ មហា​ត្មាស់​​គន្ធី​។​ សំខាន់​ គឺ​ថា​ ធ្វើ​ម៉េច​ឲ្យ​យល់​ពី​បញ្ហា​ ដែល គេ​តស៊ូ​​នៅ​ក្នុង​ប្រទេស​ អាណា​និគម​ហ្នឹង​ គេ​តស៊ូ​យ៉ាង​ម៉េច​ ស្អី​យ៉ាង​ម៉េច​ គេ​ធ្វើ​កម្ម​វិធី​​យ៉ាង​ម៉េច​។​ ឃើញ​​ចេះ​តែ​ទិញ​យក​មក​។​​

បើ​តាម​ប្រវត្តិ​វិទូ​ នៃ ប្រ​វត្តិ​សាស្រ្ត​ខែ្មរ​ លោក ដេវិត ឆេនល័រ នៅ​ឆ្នាំ 1953 ដោយ​សារ​តែ​​សាឡុត ស ប្រ​ឡង​ធ្លាក់​ អាហា​រូប​ករណ៍​​របស់​គាត់​ ត្រូវ​បាន​កាត់​ផ្តាច់​ ហើយ​ក៏​ត្រូវ​បាន​ វិល​ត្រឡប់​មក​​កម្ពុជា​វិញ​។ ប៉ុនែ្ត​ បើ​តាម​លោក កេង វ៉ាន់​សាក់ អតី​ត​សាស្រ្តា​ចារ្យ​​អក្សរ​សាស្រ្ត​ខែ្មរ​ ដែល​ នៅ​ក្នុង​ប្រ​ទេស​បារាំង​ ក្នុង​គ្រា​នោះ​ដែរ​ បាន​ឲ្យ​ដឹង​ថា​ ការ​កាត់​ផ្តាច់​​អាហា​រូប​ករណ៍​ របស់​ សាឡុត ស និង​ និសិ្សត​ខែ្មរ​​ដទៃ​ទៀត​នោះ​ គឺ​ដោយ​សារ​ សំបុត្រ​របស់​លោក​​ ក្នុង​នាម​ខេម​រ​និសិ្សត​​សរ​សេរ​រិះ​គន់​​សមេ្តច​ព្រះ​​នរោត្តម​​សីហនុ​ ទៅ​វិញ​ទេ​។​​​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ត្រឡប់​មក​ដល់​​ស្រុក​កំណើត​វិញ​ នៅ​ឆ្នាំ 1953 សាឡុត ស មាន​គំនិត​​ចាប់​ផ្តើម​​ធ្វើ​បដិវត្តន៍​ បន្ទាប់​ពី​បាន​ឃើញ​ សភាព​រស់​នៅ​ ក្រ​លំបាក​ របស់​ប្រ​ជា​ពល​រ​ដ្ឋ​ខែ្មរ​​នៅ​ស្រទាប់​ក្រោម​ៗ​។ សាឡុត ស បាន​រំលឹក​ដូចេ្នះ​ថា ថា​ស្អី​ដែល​នាំ​ឲ្យ​ខ្ញុំ​​រៀន​គំរូ​ រៀន​អី​នោះ​ គឺ​វា​ចម្រុះ​ ប៉ុនែ្ត​ នៅ​ក្នុង​ស្រុក​ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អា​រម្មណ៍​ច្រើន​ណាស់​។​ នេះ​ហើយ​ ដែល​ សរ​សេរ​ថា​ ខ្ញុំ​មាន​ ទុគ៌‌ត​ភា​វូប​នីយ​កម្ម​ ដល់​ខ្ញុំ​ស្លាប់​។​ នៅ​ឆ្នាំ 1953-1954 សាឡុត ស បាន​ចូល​រួម​ជា​មួយ​ កង​ឧទ្ទាម​​ទ័ព​ព្រៃ​ចម្រុះ​ វៀត​ណាម​-​កម្ពុជា ដែល​វាយ​ប្រយុទ្ធ​ នឹង បារាំង ដើម្បី​ទាម​ទារ​ឯករាជ្យ​ នៅ​តំបន់​ឥណ្ឌូ​ចិន​។​​​

លោក ប៉ែន សុវណ្ណ អតីត​ខែ្មរ​ឥស្សរ​ និង ជា​នាយក​រដ្ឋ​មន្រ្តី​ នៃ របប​សាធា​រណ​រដ្ឋ​ ប្រជា​មានិត​កម្ពុជា​ បាន​អះ​អាង​ថា​ គឺ​រូប​លោក​​ជា​អ្នក​ទៅ​ទទួល​ សាឡុត​ ស​ ខ្ញុំបានជួបគាត់ មុនដំបូង ហើយ​អត់​ស្គាល់ ប៉ុល ពត ទេ គាត់​ឈ្មោះ ​សាឡុត ស នៅ​ថៃ្ង 5 ​ខែ 12​ ឆ្នាំ 1953 នៅ​ភូមិ​ភាគ​និរតី​ទិស​។ ហើយ​ខាង​ថ្នាក់​លើ​ក៏​ឲ្យ​ខ្ញុំ​នាំ សាឡុត ស ហ្នឹង ជូន​ចេញ​ផុត​ ពី​និរតី​ទិស​មក​ ទៅ​ប្រគល់​ឲ្យ​គេ​ ពី​កើត​មក​ គេ​មក​ទទួល​ ទៅ​ប្រគល់​ឲ្យ​ លោក​តា ទូ សាមុត នៅ​ស្រុក​សួង​ ខេត្ត​កំពង់​ចាម​។​ លោក​សាស្រ្តា​ចារ្យ ដេវីត ឆេនល័រ បាន​មាន​ ប្រសាសន៍​ថា នៅ​ពេល​នោះ​ សាឡុត ស មិន​ត្រឹម​តែ​​បាន​ជួប​នឹង លោក ទូ សាមុត ប៉ុណ្ណោះ​ទេ​ ប៉ុនែ្ត​ ត្រូវ​បាន​ឧទេ្ទស​នាម​ឲ្យ​ជួប​ នឹង ឥស្សរ​ជន​វៀត​ណាម​ កុម្មុយ​នីស្ត​ ថែម​ទៀត​ផង​។​​​

លោក​សាស្រ្តា​ចារ្យ ដេវីត ឆេនល័រ បាន​មាន​ប្រសា​សន៍​ថា នៅ​ពេល​នោះ​ វៀត​ណាម​ ដែល ជា​អ្នក​ដឹក​នាំ​​គណ​បក្ស​​កុម្មុយ​នីស្ត​ទាំង​បី​ នៅ​ក្នុង​តំបន់​​ឥណ្ឌូ​ចិន​ពោល​គឺ​ វៀត​ណាម​ កម្ពុជា និង លាវ​ បាន​ទទួល​យក​ សាឡុត ស​។​ សាឡុត ស ក្រៅ​ពី​ចេះ​ ភាសា​បារាំង​ យ៉ាង​ស្ទាត់​ជំនាញ​ហើយ​ គាត់​ជា​ឥស្សរ​ជន​ខែ្មរ​ សំខាន់​ម្នាក់​ព្រម​ទាំង​ មាន​ទំនាក់​ទំនង​ល្អ​ ជា​មួយ​ នឹង មន្រ្តី​ខែ្មរ​សំខាន់​ៗ​ នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​ទៀត​ផង​។ ផែ្អក​លើ​កត្តា​ទាំង​នេះ​ហើយ​ ទើប​យៀក​ណាម​មើល​ឃើញ​ថា សា​ឡុត ស មាន​គុណ​សម្បត្តិ​​ល្អ​ណាស់​ សំរាប់​ចូល​ជា​ សមា​ជិក​ នៃ គណ​បក្ស​កុម្មុយ​នីស្ត​​ឥណ្ឌូ​ចិន​​។ លើស​ពី​នេះ​ទៅ​ទៀត​ សាឡុត ស ធ្លាប់​ចូល​រួម​ក្នុង​បក្ស​​កុម្មុយ​នីស្ត​បារាំង​។ គ្រា​នោះ​ យៀក​ណាម​ ក៏​បាន​ចាត់​តាំង​ឲ្យ​ សាឡុត ស ធ្វើ​ការ​សំរាប់​​បុព្វ​ហេតុ​​កុម្មុយ​នីស្ត​ អន្តរ​ជាតិ​​ប្រចាំ​នៅ​​ទី​ក្រុង​ភ្នំ​ពេញ​​។ ហើយ​ពេល​នោះ​ សាឡុត ស ដែល​មាន​វ័យ​ នៅ​កេ្មង​នៅ​ឡើយ​ ក៏​ព្រម​ទទួល​យក​ ភារ​កិច្ច​នោះ​។ បើ​ទោះ​ជា​ ពេល​នោះ​យៀក​ណាម​ មិន​ទាន់​បាន​ប្រគល់​​តួ​នា​ទី​ដឹក​នាំ​​ ឲ្យ​ទៅ​ សាឡុត ស ក៏​ដោយ​ចុះ​ ប៉ុនែ្ត សាឡុត ស បាន​ធ្វើ​ការ​ ជាប់​ជា​មួយ​ នឹង លោក ទូ សាមុត ជា​ខែ្មរ​កម្ពុជា​ក្រោម​ និង​ ជា​សមា​ជិក​ កង​យោធា​ នៃ​ គណ​បក្ស​កុម្មុយ​នីស្ត​ឥណ្ឌូ​ចិន​ ដែល​បាន​មក​​ធ្វើ​សកម្ម​ភាព​ នៅ​លើ​ទឹក​ដី​កម្ពុជា បី​បួន​ឆ្នាំ កន្លង​មក​ហើយ​​។ សាឡុត ស ក៏​បាន​ក្លាយ​ទៅ​ជា​ ជំនួយ​ការ​ របស់​លោក​ទូ សាមុត​។​​​

នៅ​ពេល​នោះ​ហើយ​ ដែល​ឥទ្ធិ​ពល​របស់ សាឡុត ស បាន​កើន​ឡើង​​ជា​បណ្តើរ​ៗ​ បន្តិច​ម្តង​ៗ​ តាម​រយ​ចលនា​​កុម្មុយ​នីស្ត​មួយ​ ដែល​ មិន​សូវ​មាន​​ប្រ​ជា​ប្រិយ​ភាព​ និង​ អំណាច​​នៅ​ចុង​ទស​វត្សរ៍ ឆ្នាំ 1950 នោះ​។​ ក៏​ប៉ុនែ្ត​ សាឡុត ស គឺ​ជា​​ជំនួយ​ការ​ផ្ទាល់​​របស់​លោក​ ទូ សាមុត ជា​ឥស្សរ​ជន​ម្នាក់​ ដែល យៀក​ណាម​​តែង​តាំង​ឲ្យ​ដឹក​នាំ​ចលនា​កុម្មុយ​នីស្ត​ នៅ​កម្ពុជា​ នា​ពេល​នោះ​។​ បាទ​!​ ខ្ញុំ​គិត​ថា ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​គណ​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​ ទាំង​​អស់​សុទ្ធ​តែ​ចេះ​និយាយ​​ភាសា​យៀក​ណាម​បាន​យ៉ាង​ស្ទាត់​ជំនាញ​ លើក​លែង​តែ​ សាឡុត ស ឬ ប៉ុល ពត ​និង មេ​ដឹក​នាំ​ ពីរ​បី​នាក់​ ផេ្សង​ទៀត​​តែ​ប៉ុណ្ណោះ​។​ នេះ​គឺ​ជា​ ចំណុច​មោទ​នភាព​ របស់​ សាឡុត ស​ ហើយ​បើ​នេះ ជា​ចំណុច​ខ្វះ​ខាត​ របស់​ សាឡុត ស សំរាប់​យៀក​ណាម​​ក៏​ដោយ​ ក៏​ សាឡុត ស នៅ​ពេល​នោះ​ នៅ​តែ​ជា​ជម្រើស​ ដ៏​ល្អ​បំផុត​​សំរាប់​​យៀក​ណាម​ដែរ​។​ នៅ​ឆ្នាំ 1956 សា​ឡុត ស បាន​រៀប​ការ​ជា​មួយ កញ្ញា ខៀវ ប៉ុណ្ណារី ដែល​ជា​នារី​បដិ​វត្តន៍​ មួយ​រូប​ដែរ​។ ចំណែក​​កញ្ញា ខៀវ ធីរិទ្ធ ត្រូវ​ជា​ប្អូន​របស់​កញ្ញា​ខៀវ​ ប៉ុណ្ណារី​ បាន​រៀប​ការ​ ជា​មួយ អៀង សារី​។​ នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ សាឡុត ស បាន​បងៀ្រន​ មុខវិជ្ជា​ប្រវត្តិ​វិទ្យា​ និង ភូមិ​វិទ្យា​​នៅ​វិទ្យា​ល័យ​ឯក​ជន​មួយ​ ឈ្មោះ​ចំរើន​វិជ្ជា​។​ នៅ​ក្នុង​ពេល​​ជា​មួយ​គ្នា​​នោះ​ដែរ​ សាឡុត ស បាន​ធ្វើ​ការ​ជា​សំងាត់​ នៅ​ក្នុង​ចលនា​ កុម្មុយ​នីស្ត​ ដែល​ដំបូង​ឡើយ មាន​ទ្រង់​ទ្រាយ​តូច និង​មាន​ឥទ្ធិ​ពល​តិច​តួច​។​​​

សាឡុត ស ជា​គ្រូប​ងៀ្រន​ម្នាក់​ ដែល​មាន​ប្រ​ជា​ប្រិយ​ភាព​ និង សកម្ម​ការ​ងារ​។​ នៅ​ក្នុង​​ពេល​បងៀ្រន​ សាឡុត ស មិន​បាន​លាត​ត្រដាង​ អំពី​គំនិត​នយោ​បាយ​ របស់​គាត់​ទេ​។ ប៉ុនែ្ត​ក្រោយ​មក​ អតីត​និស្សិត​​របស់​គាត់​ ជា​ច្រើន​នាក់​ បាន​ស្ម័គ្រ​ចិត្ត​​ចូល​រួម​ក្នុង​ចលនា​ កុម្មុយ​នីស្ត​​ជា​មួយ​គាត់​។ បន្ទាប់​ពី​លោក​ ទូ សាមុត​បាន​បាត់​ខ្លួន​ សាឡុត ស​ ក៏​បាន​ក្លាយ​ជា​ មេ​ដឹក​នាំ​បក្ស​ ដែល ទើប​ នឹង​ បង្កើត​ថ្មី​មួយ​​ឈ្មោះ​បក្ស​ពល​ករ​កម្ពុជា​។​ នៅ​ឆ្នាំ​ 1963 ដោយ​សារ​ការ​ភ័យ​ខ្លាច​ ការ​តាម​ចាប់​ខ្លួន​ ពី​សំណាក់​ភ្នាក់​ងារ​ រដ្ឋា​ភិបាល​ របស់​សមេ្តច​ព្រះ​​នរោត្តម សីហនុ សាឡុត ស បាន​ភៀស​ខ្លួន​ ទៅ​កាន់​មូល​ដ្ឋាន​យោធា​ របស់​វៀត​ណាម​​មួយ​កនែ្លង​ ឈ្មោះ​​មន្ទីរ​100 នៅ​ជាប់​ព្រំ​ដែន​ ខែ​ត្រ​កំពង់​ចាម​។​ សាឡុត ស ស្នាក់​នៅ​ទី​នោះ​ រហូត​ដល់​ឆ្នាំ 1965​។​ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​ សា​ឡុត ស បាន​ធ្វើ​ដំណើរ​ ភាគ​ច្រើន​ ដោយ​ថ្មើរ​ជើង​​ទៅ​កាន់​ទី​ក្រុង ហា​ណូយ​ ដើម្បី​ពិគ្រោះ​យោ​បល់​ អំពី​ការ​ធ្វើ​បដិ​វត្តន៍​​នៅ​​កម្ពុជា​។​ នៅ​ពេល​នោះ​ មេ​ដឹក​នាំ​កុម្មុយ​នីស្ត​​វៀត​ណាម​ ឈ្មោះឡេ ហ្សួន​ បាន​រិះ​គន់​​យ៉ាង​ខ្លាំង​ក្លា​ ចំពោះ​ផែន​ការ​មាគ៌ា​នយោ​បាយ​ ជា​តិ​និយម​របស់​ សាឡុត ស ថា​ បាន​គិត​គូរ​ការ​ផ្លាស់​ប្តូរ​ ត្រឹម​នៅ​តែ​កម្ពុជា​​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​គិត​គូរ​ ដល់​ការ​កែ​ប្រែ​មុខ​មាត់​ នៅ​តំបន់​ឥណ្ឌូ​ចិន​ ទាំង​មូល​ទេ​។​ បន្ទាប់​មក​ សាឡុត​ ស បាន​បន្ត​ដំណើរ​ទស្សន​កិច្ច​ ទៅ​កាន់​ប្រទេស​ចិន​ ជា​ទី​ដែល​គាត់​​ទទួល​បាន​​ការ​ស្វា​គមន៍​ ដោយ​ភាត​រ​បដិ​វត្តន៍​ ពី​កម្មា​ភិបាល​ចិ​ន​ ជា​ច្រើន​រូប​​។​ នៅ​ទី​នោះ សាឡុត ស យល់​ឃើញ​ថា​ ចិន​ គឺ​ជា​អ្នក​ឧបត្ថម្ភ​គាំ​ទ្រ​ ដ៏​មហិ​មា​​ដល់​ចលនា​កុម្មុយ​នីស្ត​​កម្ពុជា​ បើ​បៀ្រប​ធៀប​ ទៅ​ នឹង ជំនួយ​ ពី​មិត្ត​វៀត​ណាម​។​ នៅ​ឆ្នាំ​ 1966 សាឡុត ស បាន​វិល​ត្រឡប់​ មក​កាន់​​ប្រ​ទេស​កម្ពុជា​​វិញ​ ហើយ​បន្ត​ដឹក​នាំ​ ចលនា​បដិ​វត្តន៍​​កុម្មុយ​នីស្ត​ ដោយ​សំងាត់​​។​ ក្នុង​រយ​ពេល​លាក់​ខ្លួន​ នៅ​ក្នុង​ព្រៃ​​ជា​ច្រើន​ឆ្នាំ​ នៅ​ក្នុង​​ខេត្ត​រតន​គិរី​ សាឡុត ស បាន​ប្រទះ​ឃើញ​ថា​ ជីវ​ភាព​រស់​នៅ​ របស់​អ្នក​ព្រៃ​ភ្នំ​ មាន​លក្ខណ​សា​មញ្ញ​គ្មាន​ការ​ប្រ​ជែង​ និង កេង​ប្រ​វ័ញ្ច​គ្នា​។ ​ពួក​គេ រស់​តាម​បែប​ មនុស្ស​សម័យ​ដើម​​ព្រម​ទាំង​ ចេះ​ជួយ​គ្នា​​ទៅ​វិញ​ទៅ​មក​ ទៀត​ផង​។​​​​