ដំណើរទៅកាន់វាលមរណ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ដោយ កែវ ឈុន
****************************************
និសិ្សតខែ្មរនៅបារាំង ងាកទៅឆេ្វងនិយម
ឡេង ម៉ាលី វិទ្យុអាស៊ីសេរី
ថ្ងៃសៅរ៍ ទី11.កុម្ភៈ 2023.ម៉ោង 7: 28
នៅចន្លោះឆ្នាំ 1946 និង 1952 ជាពេលដែល ខិតជិតទៅរក ទីបញ្ចប់ នៃ របបអាណានិគមនិយម បារាំង នៅប្រទេសកម្ពុជា។ គណបក្ស ប្រជាធិបតេយ្យ បានឈានមុខគេ ក្នុងឆាកនយោបាយ ជាតិ ហើយឈ្នះ ក្នុងកាបោះឆ្នោត នៅក្នុងឆ្នាំ 1946, 1947 និង 1951។ គណបក្ស ប្រជាធិបតេយ្យ គឺ ជាបក្សដែលគាំទ្រឲ្យ ប្រទេសកម្ពុជា ឯករាជ្យ ពីអាណានិគមនិយម បារាំង តាមមធ្យោបាយ សន្តិវិធី និង អហិង្សា។ ក្នុងគ្រានោះ សមាជិករបស់បក្ស សំបូរទៅដោយ ឥស្សរជន គ្រូបងៀ្រន និង មន្រ្តីរាជការ។
មកដល់ឆ្នាំ 1949 បារាំងបានប្រគល់ឯករាជ្យ ខ្លះៗ មកឲ្យកម្ពុជា។ ក្នុងពេលនោះ មានក្រសួង មន្ទីរខ្លះ ដូចជាក្រសួងអប់រំជាដើម ត្រូវបានអនុញ្ញាត ឲ្យដំណើរការបាន ដោយមិនចាំបាច់ មានការត្រួតពិនិត្យច្រើន ពីពួកបារាំង។ បារាំង បានប្រគល់សិទ្ធិ ឲ្យក្រសួងអប់រំ ជ្រើសរើស និសិត្សមួយចំនួន ដើម្បីទទួល អាហារូបករណ៍ ទៅរៀននៅឯប្រទេសបារាំង។
នៅក្នុងគ្រានោះដែរ ប្រទេសកម្ពុជា នៅមិនទាន់មាន សកលវិទ្យាល័យទេ។ និសិ្សតមួយចំនួន ដែលក្រោយមក បានក្លាយទៅជា មេដឹកនាំខែ្មរក្រហមនោះ ត្រូវបានជ្រើសរើស ឲ្យទៅរៀន នៅប្រទេសបារាំង នៅក្នុងចន្លោះ ឆ្នាំ 1949 និង ឆ្នាំ 1953។ និសិ្សតទាំងនោះ រួមមាន អៀង សារី, សាឡុត ស ដែលក្រោយមកស្គាល់ថា ប៉ុល ពត, សុន សេន និង ខៀវ សំផន។ ពួកនិស្សិតទាំងនោះ ត្រូវបានជ្រើសរើស ដោយសារ ចេះនិយាយភាសាបារាំង ស្ទាត់ល្អ មានទំនាក់ទំនង ខែ្សរយៈ ជាមួយ គណបក្សប្រជាធិបតេយ្យ និង ដោយសារ មានសមត្ថភាព ខាងចំណេះដឹង។
ចំពោះ យុវនិសិ្សតផែ្នកបចេ្ចកទេស អាយុ 24ឆ្នាំ សាឡុត ស វិញ ក្នុងគ្រានោះ បានជាប់លក្ខណវិនិច្ឆ័យពីរខាងលើ ពោលគឺ ភាសាបារាំង និង មានខែ្សរយ ជាមួយគណបក្សប្រជាធិបតេយ្យ ព្រមទាំងមានទំនាក់ទំនងល្អទៀតផង។ ក៏ប៉ុនែ្ត សាឡុត ស មិនមានសមត្ថភាព ចំណេះដឹងទូទៅជ្រៅជ្រះទេ។លោកបណ្ឌិត កេង វ៉ាន់សាក់ អតីតអគ្គលេខាធិការរង នៃគណបក្សប្រជាធិបតេយ្យ និង ជាសាស្រ្តាចារ្យ អក្សរសាស្រ្តខែ្មរ បានមានប្រសាសន៍ ឲ្យដឹងថា សាឡុត ស វិញ គាត់មិនបានដែលប្រឡងជាប់ចូលរៀន ក្នុងវិទ្យាល័យស៊ីសុវត្ថិទេ គាត់អាយុហួសទៅផង គេឲ្យទៅរៀនសាលាដែក។ ដើមកំណើត សាលាដែកហ្នឹង គឺជាកនែ្លងសម្រាប់ជួសជុល ម៉ាស៊ីនកប៉ាល់បារាំង លើទនេ្លមេគង្គហ្នឹង ខូចហ្នឹង គេឲ្យពួកជាងហ្នឹង ខាត់ដុស ជួសជុលហ្នឹង ហើយគេបង្កើតទី សម្រាប់បងៀ្រន ឲ្យចេះគឿ្រងដែក គឿ្រងម៉ាស៊ីន។
នៅខែកញ្ញា ឆ្នាំ 1949 និស្សិត សាឡុត ស បានទទួល អាហារូបករណ៍ ទៅសិក្សា ផែ្នកអេឡិចត្រូនិក វិទ្យុ នៅទីក្រុងប៉ារីស។ មិនយូរប៉ុន្មាន សាឡុត ស បានចូលរួមជាមួយ មិត្តភ័ក្តិ ដទៃទៀត ដូចជា អៀង សារី និង អនាគតភរិយា របស់គាត់ គឺកញ្ញា ខៀវ ធីរិទ្ធ និង បងស្រី ខៀវ ធីរិទ្ធ គឺកញ្ញា ខៀវ ប៉ុណ្ណារី ដែលក្រោយមកបានរៀបការ ជាមួយ សាឡុត ស នោះ ក៏បានមកដល់ទីក្រុងប៉ារីសដែរ នៅដើមទសវត្សរ៍ ឆ្នាំ 1950។
ជារឿងរំភើបចិត្តក្រៃលែង សម្រាប់យុវជន និង យុវនារី ទាំងអស់នោះ ដែលមិនធ្លាប់ បានធ្វើដំណើរចេញក្រៅប្រទេសម្តងណាសោះ ហើយបានចេញមក ទីក្រុងប៉ារីស ជាលើកដំបូង បែបនេះ ដែលទីក្រុងប៉ារីស ជាទីក្រុងមួយ មានសោភ័ណភាព ស្រស់បំព្រងបំផុត ក្នុងលោក ។
នៅក្នុងគ្រានោះ ទីក្រុងប៉ារីស កំពុងតែបានកែលម្អឡើងវិញ បន្ទាប់ពីបានខូចខាត ដោយសារសង្រ្គាមលោកលើកទីពីរ។ ម៉្យាងវិញទៀត ទីក្រុងប៉ារីស គេបានទទួលស្គាល់ថា ជាទីក្រុង នៃ ពិភពសិល្ប ម៉ូដទំនើបពេញនិយម ជាពិភព នៃ ទស្សនវិជ្ជា និង អក្សរសាស្រ្ត ។
ទោះជាមិនមានប្រាក់កាសច្រើនក៏ដោយ ក៏ សាឡុត ស សប្បាយរីករាយ នឹង ពេលវេលារបស់គាត់ នៅក្នុងទីក្រុងប៉ារីសនោះដែរ។ បើតាម លោកសាស្រ្តាចារ្យដេវីត ឆេនល័រ ប្រវត្តិវិទូ នៃ ប្រវត្តិសាស្រ្តកម្ពុជា ថា សាឡុត ស មិនសូវផ្តោតការយកចិត្តទុកដាក់ លើការរៀនសូត្រប៉ុន្មានទេ ហើយនៅឆ្នាំ 1952 អាហារូបករណ៍ របស់គាត់ត្រូវបានកាត់ផ្តាច់។
ទោះជាយ៉ាងណាក៏ដោយ កាលពីនៅរស់ ក្នុងឆ្នាំ 1997 នៅក្នុងស្រុកអន្លង់វែង ប៉ុល ពត បានប្រាប់លោក ណេក ថេយ្យឺ អ្នកឆ្លើយឆ្លងសារព័ត៌មាន នៃ ទស្សនាវដ្តីសេដ្ឋកិច្ច ចុងបូព៌ាថា កាលរៀន នៅស្រុកបារាំង គាត់រៀនបានពិន្ទុលើមធ្យមដែរ ខ្ញុំរៀននៅស្រុកបារាំង រៀនមួយឆ្នាំដំបូង ខ្ញុំបានថ្នាក់ជាងមធ្យម,,,។
បើតាមលោក កេង វ៉ាន់សាក់ ដែលពេលនោះ នៅស្រុកបារាំង ដែរនោះ មានប្រសាសន៍ថា ការកាត់ផ្តាច់អាហារូបករណ៍របស់ សាឡុត ស បណ្តាលមកពី សំបុត្ររបស់លោក សរសេរ វាយប្រហារ សមេ្តចព្រះនរោត្តម សីហនុ ដែលបានរំលាយ រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ សីហនុ រំលាយរដ្ឋសភា ពីរបីដង ខ្ញុំនេះសរសេរសំបុត្រ ចំហបោះផ្សាយ ក្នុងទស្សនាវដ្តី ខេមរនិស្សិត។ ខ្ញុំសរសេរ ថ្កោលទោស សេ្តច សីហនុ ថ្កោលទោស រាជានិយម ផ្ញើទៅផ្ទាល់លោកផង ទៅគ្រប់មជ្ឈដ្ឋាន ទាំងអស់ហ្នឹង ក្នុងនាមសមាគម ខេមរនិស្សិត ហ្នឹង។ ហើយដល់ លោកបានទទួល សំបុត្រហ្នឹងទៅ ខ្ញាល់ប៉ុន្មានខែឯណោះ លោកកាត់បួក អាហារូបករណ៍ ពួកនិស្សិតហ្នឹង។
នៅក្នុងប្រទេសកម្ពុជា នាសម័យនោះ គណបក្សប្រជាធិបតេយ្យ រងការវាយប្រហារ ពីព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ផង និង ពីបារាំងផង។ ព្រះបាទ នរោត្តម សីហនុ ទ្រង់មិនសព្វព្រះទ័យ នឹង គណបក្សប្រជាធិបតេយ្យ ល្មមទេ ដោយសារគណបក្សនេះ មានគោលជំហរបែបសាធារណរដ្ឋនិយម រីឯ បារាំងវិញ ខឹង និង មិនចូលចិត្តគណបក្ស ប្រជាធិបតេយ្យ ពីព្រោះគណបក្សនេះ គាំទ្រការទាមទារឲ្យកម្ពុជាទទួលបានឯករាជ្យ ពីបារាំង។ ចំណែកពួកនិស្សិត នៅឯប្រទេសបារាំងវិញ មិនសប្បាយចិត្តសោះ ចំពោះដំណើរវិវត្តន៍ យឺតយ៉ាវរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកឯករាជ្យ ហើយពួកគេ ថែមទាំងបន្ទោស ព្រះមហាក្សត្រខែ្មរ និង បារាំង ចំពោះដំណើរការយឺតយ៉ាវនេះ។
លោក ជួន មុំ សមាជិកចាស់ទុំជាងគេបន្តិច នៃ គណបក្សកុម្មុយនីស្តបារាំង បានលើកទឹកចិត្ត ពួកនិសិត្សមួយចំនួន នៅប្រទេសបារាំង ឲ្យក្លាយទៅជាជនកុម្មុយនីស្ត ដោយបាន គូសបញ្ជាក់ អំពីទិសដៅរបស់បក្ស ក្នុងការប្រឆាំង នឹង អាណានិគមនិយម។ ពេលនោះហើយ ដែល សុន សេន, អៀង សារី, ខៀវ សំផន និង សាឡុត ស ចូលរួមក្នុងគណបក្ស កុម្មុយនីស្តបារាំង នៅក្នុងឆ្នាំ 1952 និង 1953។
លោកសាស្រ្តាចារ្យ ដេវីត ឆេល័រ បានមានប្រសាសន៍ ឲ្យដឹងថា មេដឹកនាំខែ្មរក្រហម ជាច្រើននាក់ សុទ្ធតែធ្លាប់ជានិស្សិត នៅស្រុកបារាំង។ នៅទីនោះ ក្នុងដើមទសវត្សរ៍ ឆ្នាំ 1950 ចំពេលដែល ប្រវត្តិសាស្រ្ត នៅទ្វីបអឺរ៉ុប មានការប្រែប្រួល ខ្លាំងនោះ ពួកនិស្សិតខែ្មរ ទាំងនោះ ចូលជាសមាជិក បក្សកុម្មុយនីស្តបារាំង។
គ្រានោះ គឺមុនពេលដែល មេកុម្មុយនីស្ត ចូសេហ្វ ស្តាលីន ដែលមានតួនាទី ជាអគ្គលេខាធិការ នៃ គណកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត សហភាពសូវៀត ស្លាប់បាត់បង់ជីវិត នៅឆ្នាំ 1953។ បក្សកុម្មុយនីស្ត និយមស្តាលីន នានា នៅទ្វីបអឺរ៉ុប មានសន្ទុះបោះជំហានខ្លាំងទៅមុខ ពីថ្នាក់កំពូល ដល់ថ្នាក់ក្រោម។ បក្សកុម្មុយនីស្ត ទាំងអស់នោះ មានការរៀបចំល្អ និង មានវិន័យតឹងរ៊ឹង ហេតុដូចេ្នះហើយ វាទំនងជា ពួកនិស្សិតខែ្មរ ដែលក្រោយមក ក្លាយជា មេដឹកនាំខែ្មរក្រហម ទាំងនោះបានទទួលឥទ្ធិពល និង ការបំពាក់បំប៉ន ពីចលនាកុម្មុយនីស្ត ទាំងអស់នោះ។ ក្នុងអំឡុងពេលរស់នៅ ឯស្រុកបារាំងនោះហើយ ដែល សាឡុត ស និង និស្សិតខែ្មរ ជាច្រើនរូបទៀត បានចូលជាសមាជិក របស់គណបក្ស កុម្មុយនីស្តបារាំង ដោយអាជ្ញាធរ កម្ពុជា ពុំបានដឹងឡើយ។
ប្រវតិ្ត នៃដំណើរឆ្ពោះទៅកាន់ វាលមរណៈ និសិ្សតខែ្មរនៅបារាំង ងាកទៅឆេ្វងនិយម ។2) 20070624 ដោយ ឡេង ម៉ាលី វិទ្យុ អាស៊ីសេរី
ក្នុងខណដែលបុល ពតស្ថិតនៅក្រោម ការឃុំខ្លួន របស់តាម៉ុក ឆ្នាំ 1997 លើខ្នងភ្នំដងរែក ក្នុងស្រុក អន្លង់វែង នៅមុនពេលស្លាប់ ប៉ុល ពត ធ្លាប់បានរៀបរាប់បញ្ជាក់ប្រាប់ លោក ណេត ថេយ័រ អ្នកឆ្លើយឆ្លងព័ត៌មាន ឲ្យទស្សនាវដ្តី សេដ្ឋកិច្ចចុងបូព៌ា អំពីជីវិតជានិស្សិត និង ជាសមាជិកបក្សកុម្មុយនីស្ត បារាំង របស់គាត់ កាលពីនៅសិក្សាឯស្រុកបារាំង។ ប៉ុល ពត និយាយថា គាត់មិនបានចំណាយពេលទាំងស្រុង យកចិត្តទុកដាក់ទៅលើមុខវិជ្ជា ផែ្នកអេឡិចត្រូនិក វិទ្យុ របស់គាត់ទេ ស្របពេលដែល ចលនាកុម្មុយនីស្តបារាំងកើតមានផុលផុស នៅពេលនោះ។ ប៉ុល ពត ដែលមានឈ្មោះថា សាឡុត ស នៅគ្រានោះ បានចំណាយពេលមួយផែ្នករបស់គាត់ យកចិត្តទុកដាក់ អានសៀវភៅ ទាក់ទិន នឹង មនោគមវិជ្ជា បក្សកុម្មុយនីស្ត សង្គមនិយម និង ចលនាបដិវត្តន៍។
បើទោះជាមើល មិនសូវយល់ ក៏ដោយ ប៉ុល ពត បានចំណាយប្រាក់ ដែលបានមកពីការសន្សំ យ៉ាងត្បិតត្បៀតបំផុត ទៅទិញសៀវភៅជជុះ ដែលមានតមៃ្លថោកៗ ទាំងនោះ។ សៀវភៅ មួយក្បាល ដែលគាត់បានទិញ យកមកអាន មានចំណងជើងថា "មហាបដិវត្តន៍បារាំង"។
ប៉ុល ពត ឲ្យដឹងដូចេ្នះ ខ្ញុំទៅរៀនស្រុកបារាំង រៀនមួយឆ្នាំដំបូង គឺ បានថ្នាក់ជាមធ្យម។ ពេលនោះ វាមានចលនានៅស្រុកបារាំង ក្រោយសង្រ្គាមលោកលើកទីពីរ ដូច្នោះ មួយផែ្នក ខ្ញុំរៀនយកតែបួក មួយផែ្នកទៀត ខ្ញុំដើរមើលសៀវភៅ។ មើលសៀវភៅទីមួយ "មាត់ទនេ្លសែន" ដែលគេលក់ សៀវភៅចាស់ៗ ទីពីរ ថៃ្ងអាទិត្យ កនែ្លងលក់សៀវភៅ ធំៗ ទៅទិញសៀវភៅចាស់ៗ ខ្ញុំគ្មានលុយ ព្រោះខ្ញុំទទួលបួក បានមួយពាន់រៀល មួយខែ ឈ្នួលផ្ទះ ថៃ្លបាយស្អីៗ គ្រប់ទាំងអស់។ ដូច្នោះ ខ្ញុំទៅទិញ សៀវភៅ មៃ្ភហ្រ្វង់ មៃ្ភប្រាំហ្រ្វង់អី ខ្ញុំទិញ សៀវភៅចាស់ៗបាន ដូចេ្នះ ខ្ញុំចូលចិត្ត។ ឧទាហរណ៍ ដូចជា La Grand Revolution Francais មើលមិនសូវយល់ទេ ប៉ុនែ្ត ចេះតែមើលទៅ។
គណបក្សកុម្មុយនីស្តបារាំង គឺជាគណបក្ស ធំជាងគេបង្អស់មួយ នៅក្នុងទ្វីបអឺរ៉ុប នាសម័យនោះ។ ហើយគណបក្សនេះ ទាក់ទាញបានសមាជិកជាច្រើន មកពីគ្រប់ច្រកល្ហក នៃ សង្គមជាតិបារាំងទាំងមូល។ សមាជិក សមាជិកា បារាំង ដែលត្រូវបានអូសទាញ ដោយគណបក្សកុម្មុយនីស្តបារាំង ក្នុងគ្រានោះ ជាអ្នកដែលខ្វះការអត់ធ្មត់ គឺថា ពួកគេចង់តែឃើញ ការប្រែប្រួល និង ភាពរីកចម្រើនទៅមុខឆាប់ៗ។
អ្នកនិពន្ធខ្លះ បានអះអាងថា រយៈពេលប៉ុន្មានឆ្នាំ ដែលនិសិត្សខែ្មរ ទាំងនោះ ស្នាក់នៅក្នុងប្រទេសបារាំង គឺជាពេលវេលាមួយ ដែលមានសារសំខាន់ ខ្លាំងណាស់ ចំពោះការគិតគូរ ដល់ទស្សននយោបាយ បែបតឹងតែងនិយម របស់ សាឡុត ស និង សហសេវិកខែ្មរក្រហម របស់គាត់។ ហើយចលនាបដិវត្តន៍ បារាំងនោះឯង បានញ៉ាំងឲ្យពួកគេ មានទស្សនវិស័យ បែបនេះ។
ទោះជាយ៉ាងណាក្តី បើតាមលោកសាស្រ្តាចារ្យដេវីដ ឆេនល័រ វាទំនងថា ការដែលពួកគេ ប្រែក្លាយទៅជាជនកុម្មុយនីស្ត គឺដោយសារពួកគេ ខឹងសម្បា នឹង អាណានិគមបារាំង មកលើប្រទេសកម្ពុជា។ ហើយការយល់បែបនេះ វាទំនងជាស្រប នឹង សម្តី របស់ ប៉ុល ពត ដែលបានប្រាប់លោក ណេត ថេយ័រ ថា គាត់បានអានឯកសារ ដែលនិយាយ អំពីរបៀប ធ្វើការតស៊ូ នៅក្នុងប្រទេស ដែលត្រូវបរទេស ធ្វើអាណានិគម។
ប៉ុល ពត ឲ្យដឹងទៀតថា សំខាន់គឺថា ធ្វើម៉េចឲ្យយល់ពីបញ្ហា ដែលគេតស៊ូនៅក្នុប្រទេសអាណានិគមហ្នឹង គេតស៊ូយ៉ាងម៉េច ស្អីយ៉ាងម៉េច ? គេធ្វើកម្មវិធីយ៉ាងម៉េច? តិចតួច កម្មវិធីតិចតួចហ្នឹង ឃើញចេះតែទិញយកមក។ ម្យ៉ាងវិញទៀត បើតាមលោកសាស្រ្តាចារ្យ ដេវីត ឆេនល័រ ដដែល ក៏ទំនងជាមានមូលហេតុមូយផេ្សងទៀតដែរ គឺថា ក្រោយពីបានឮ អំពីជីវភាពរស់នៅ នៅក្នុងសហភាពសូវៀត និង អឺរ៉ុបខាងកើត ពួកគេមានការកោតសរសើរ អំពីរបបនយោបាយនៅទីនោះ។ ក៏ប៉ុនែ្ត នៅពេលសួរថា តើអ្វីទៅជាឥទ្ធិពល ដ៏ខ្លាំងជាងគេបំផុត ដែលនាំឲ្យគាត់ក្លាយទៅជា មនុស្សបែបនោះ? ប៉ុល ពត បានឆ្លើយថា គ្មានអ្វីជាក់លាក់ ពីបរទេស មានឥទ្ធិពលមកលើគាត់ទេ។ អ្វីដែលមានឥទ្ធិពល លើរូបគាត់ខ្លាំងនោះ គឺជីវភាពក្រលំបាករបស់ប្រជារាស្រ្តខែ្មរ នៅឯស្រុកទៅវិញទេ។ ប៉ុល ពត បានបន្តថា ក្រោយពីត្រឡប់មកពី ស្រុកបារាំង ដំបូងបំផុត ដែលធ្វើឲ្យគាត់ខ្លោចចិត្តនោះ គឺការប្រទះឃើញញាតិមិត្ត នៅក្នុងភូមិស្រុករបស់គាត់ ធ្លាក់ខ្លួនក្រ។
ប៉ុល ពត បានឲ្យដឹងដូចេ្នះ មកស្រុកខែ្មរ ខ្ញុំមិនទៅទាក់ទង នឹង អ្នកស្រទាប់លើទេ ពីព្រោះខ្ញុំសញ្ញាបត្រមធ្យម ខ្ញុំទាក់ទងតែខាងក្រោម ជាលោកសង្ឃ ជាប្រជាជនធម្មតា អ៊ីចឹងទៅ វាយល់បញ្ហា។ បងប្អូននៅស្រុក មុន នឹង ចេញទៅរៀន សុទ្ធតែកសិករទេតើ ខ្ញុំត្រឡប់មកវិញ ជិះឡានទៅស្រុក ឡានឈ្នួល ខ្ញុំចុះពីឡានទៅជួបអ្នកជិះរ៉ឺម៉កម្នាក់ ហៅខ្ញុំ ខ្ញុំក្រេឡកទៅ ពូខ្ញុំ ពីដើម គាត់មានដី គាត់មានក្របី មានអី ហើយមករត់រ៉ឺម៉ក ខ្ញុំស្រក់ទឹកភែ្នក ជួបបងប្អូនម្នាក់ ដែលមានស្រែ មានក្របី មានអីអស់ៗ។ នេះហើយ ដែលសរសេរថាខ្ញុំមានទុរគតភាវូបនីយកម្ម ដល់ខ្ញុំស្លាប់។ វាមិនណាស់ណាទេ ប៉ុនែ្ត យើងធ្លាប់នៅស្រុកអឺរ៉ុបណា មកឃើញអ៊ីចឹង វាខ្លោចចិត្ត។ កេង វ៉ាន់សាក់ គាត់និយាយប្រាប់គេទេថា ខ្ញុំនេះ កាលនៅស្រុកបារាំង មិនសូវយល់អី ដឹងអីទេ ប៉ុនែ្ត នៅស្រុកខែ្មរដូចគ្រាន់បើ។ ដូចេ្នះ សំណួរលោកថា ស្អីដែលនាំឲ្យខ្ញុំ រៀនគម្រូ រៀនស្អីហ្នឹង វាចម្រុះ។ ប៉ុនែ្ត ក្នុងស្រុកនេះ ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ច្រើនណាស់ ដូច្នោះ គឺថា ឥទិ្ធពលនរណាច្បាស់ មិនមានឥទ្ធិពលទេនៅក្នុងសម័យនោះ និស្សិតខែ្មរ នៅប្រទេសបារាំង មានការអប់រំ និង ឧត្តមគតិខ្ពស់ជាង យុវជន យុវនារី កំពុងអូសទាញ ដោយលទ្ធិកុម្មុយនីស្ត នៅក្នុងប្រទេសកម្ពុជា ដែលជំរុញ ដោយចលនាតស៊ូ ដើមី្បឯករាជ្យ នៅឥណ្ឌូចិន មានវៀតណាម កម្ពុជា និង លាវ ដែលគ្រប់គ្រងដោយពួកវៀតណាម។ រយៈពេលស្នាក់នៅសិក្សា ក្នុងប្រទេសបារាំងនោះ ពួកគេ ប្រហែលជាមិនបានដឹងទេ អំពីការរីកចម្រើន នៃ បដិវត្តន៍ នៅក្នុងប្រទេសចិន ហើយក៏ ប្រហែលជាដឹងតិចតួចណាស់ អំពីវិសាលភាព នៃ ការត្រួតត្រារបស់ពួកវៀតណាម មកលើ គណបក្ស ប្រជាជនបដិវត្តន៍ខែ្មរ ដែលបានបង្កើតឡើងដោយវៀតណាម នៅក្នុងឆ្នាំ 1951នោះ។
បើតាមលោកសាស្រ្តាចារ្យ ដេវីត ឆេនល័រ ពេលមកដល់កម្ពុជាវិញ សាឡុត ស ស្នាក់នៅ ជួយញាតិសណ្តានបានប៉ុន្មានខែ ក៏បានចូលរួម ក្នុងកងឧទ្ទាមទ័ពព្រៃ ដែលដឹកនាំដោយ វៀតណាម។ ក្នុងនាមជាសមាជិក បក្សកុម្មុយនីស្តបារាំងម្នាក់ សាឡុត ស បានទទួល ការជឿទុកចិត្ត ពីពួកវៀតណាម និង ជនកុម្មុយនីស្តកម្ពុជា ដូចជា ទូ សាមុត ជាដើម។ បទពិសោធន៍ ធ្វើសង្រ្គាម មួយរយពេលខ្លី របស់ សាឡុត ស គួបផ្សំជាមួយ នឹង សមាជិកភាព របស់គាត់ នៅក្នុងបក្សកុម្មុយនីស្តឥណ្ឌូចិន ផងនោះ បានធ្វើឲ្យ សាឡុត ស លេចធ្លោ ឈានមុខមុន អ្នកដទៃទៀត ដែលកំពុងស្នាក់នៅឯស្រុកបារាំង នៅឡើយ មួយកម្រិត។