ការទទួលអែករាជ្យ ពីបារាំង
វិទ្យុអាស៊ីសេរី ជីវិតា
ថ្ងៃសៅរ៍ ទី4.កុម្ភៈ 2023.ម៉ោង 8 : 20

ប្រ​ទេស​កម្ពុជា​ ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​បារាំង​ អស់​រយ​កាល​ ជិត​មួយ​សត​វត្សរ៍​ គឺ ចាប់​ពី​ឆ្នាំ 1863 ដល់​ឆ្នាំ 1953​។ ក្នុង​អំ​ឡុង​ពេល​នោះ​ ប្រជា​រាស្រ្ត​ខែ្មរ​ មាន​សកម្ម​ភាព​ធំ​ផង​​តូច​ផង​ បះ​បោរ​ប្រ​ឆាំង​ នឹង បារាំង​។ ក៏​ប៉ុនែ្ត​ គេ​ពុំ​ឃើញ​មាន​ មេ​ដឹក​នាំ​ និង​ ចល​នា​ណា​ ដែល​មាន​យុទ្ធ​សាស្រ្ត​ និង បណ្តាញ​​ប្រ​ឆាំង​បារាំង​ មាំ​ទាំ​ខ្លាំង​ក្លា​​អស្ចារ្យ​​ណាស់​ណា​ទេ​។ ក្រោម​សម័យ​អាណា​និគម​បារាំង​ ក៏​មិន​បាន​បំពារ​បំពាន​ លើ​របប​រាជា​ធិប​តេយ្យ​ និង ធ្វើ​អោយ​​ប៉ះ​ពាល់​ដល់​​ព្រះ​ពុទ្ធ​សាសនា​​ធ្ងន់​ធ្ងរ​ទេ​។​ កត្តា​ទាំង​នេះ​ បាន​ធ្វើ​អោយ​​ប្រ​ជា​រាស្រ្ត​ខែ្មរ​ រស់​នៅ​​ដោយ​សុខ​សាន្ត​​ល្អ​បង្គួ​រ​ ហើយ​ពេល​នោះ​ ចំនួន​ប្រ​ជា​រាស្រ្ត​ខែ្មរ​​ក៏​បាន​កើន​ឡើង​ គួរ​អោយ​កត់​សម្គាល់​។​
លោក​តា រស់ ពៅ​ ដែល​ធ្លាប់​បាន​រស់​នៅ​ ក្នុង​សម័យ​បារាំង​ ធ្វើ​អាណា​និ​គម​ មក​លើ​កម្ពុជា​នោះ​ បាន​រំលឹក​ឡើង​ថា វា​អោយ​យើង​ មាន​​កម្ម​សិទ្ធិ​ដី​ធ្លី​ ផ្ទះ​សមែ្បង​ ស្អី​គ្រប់​សព្វ​ ជា​របស់​ផង​យើង​ របស់​អ្នក​ណា​​ប្រា​កដ​ជា​​របស់​អ្នក​ហ្នុង​។ វា​ល្អ​មួយ​បែប​ដែរ​ ប៉ុនែ្ត​ថា​ គេ​យក​ពន្ធ​។​
ទោះ​ជា​យ៉ាង​ណា​ក្តី​ នៅឆ្នាំ 1936 ចល​នា​ប្រ​ឆាំង​បារាំង​មួយ​ ត្រូវ​បាន​គេ​ឃើញ​​លេច​ចេញ​ជា​រូប​រាង​ តាម​រយ​ការ​ចេញ​ផ្សាយ​​របស់​កា​សែត​ភាសា​ខែ្មរ​ ជា​លើក​ដំ​បូង​មួយ​ ឈ្មោះ នគរ​វត្ត​។ ខ្លឹម​សារ​ផ្សាយ​ នៅ​ក្នុង​អត្ថ​បទ​​ការ​សែត​នោះ​ មាន​លក្ខ​ណៈ ទន់​ភ្លន់​ និង ជាតិ​និយម​។ កា​សែត​ បាន​រិះ​គន់​បា​រាំង​ ថា មិន​បាន​ធ្វើ​អោយ​កម្ពុជា​ រីក ចម្រើន​ ពួក​នាយ​ទុន​ កេង​ប្រ​វ័ញ្ច​ លើ​អ្នក​ក្រ​ខែ្មរ​ ដូច​ជា​ពួក​ចិន​ៗ​ អ្នក​ចង​ការ​ប្រាក់​ យក​ការ​ប្រាក់​ខ្ពស់​ និង​ បំណង​ របស់​វៀត​ណាម​ ចង់​យក​កម្ពុជា​ ជា​ដើម​។​
មន្រ្តី​ស៊ី​វិល​ម្នាក់ ​ឈ្មោះ ស៊ឹង ង៉ុក​ថាញ់​ ដែល​មាន​ស្រុក​កំណើត​ នៅ​កម្ពុជា​ក្រោម​ និង​ ទទួល​ការ​អប​រំ​​ពី​ប្រ​ទេស​បារាំង​ ជា​និពន្ធ​នាយក​ដ៏​សំ​ខាន់​ របស់​កា​សែត​នោះ​។​

លោក ឡឹក សំអឿន ហៅ​ផ្កាយ​ព្រឹក អតី​ត​ទាហាន​ឥស្ស​រ​ ដឹក​នាំ​ដោយ លោក ស៊ឹង ង៉ុក​ថាញ់​ និង​ ជា​អ្នក​និពន្ធ​សៀវ​ភៅ​ឈ្មោះ "ខែ្មរ​ជាតិ​និយម​"​ បាន​រំលឹក​ដូចេ្នះ​ថា កាសែត​ហ្នឹង​ គឺ​កា​សែត​ទី​មួយ​ មុន​ដំបូង​ អត់​ហ៊ាន​ប៉ះ​ពាល់​​ទៅ​បារាំង​ទេ​ គ្រាន់​តែ​ដាស់​ស្មា​រតី​អប់​រំ​ អោយ​យើង​មាន​​ហៅ​ថា​ ព្រ​លឹង​ខែ្មរ​ហ្នឹង​ អោយ​មាន​ដុះ​ក្នុង​ខ្លួន​ ហើយ​ ជា​ពិសេស​គឺ​ថា​ ដោយ​បាន​លោក​សង្ឃ​ទេ​ សម័យ​ហ្នុង​ លោក​អាចារ្យ ហែម ចៀវ ទេស​នាពន្យល់។ ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​ពីរ​ ភាព​តាន​តឹង​ រវាង​ពួក​បារាំង​ និង ក្រុម​ព្រះ​សង្ឃ​ខែ្មរ​ ដែល​បាន​ជំទាស់​ នឹង កំណែ​ទម្រង់​​របស់​បារាំង​ មក​លើ​កម្ពុជា​ ចេះ​តែ​កើន​ឡើង​​ជា​លំដាប់​។​

លោក​តា រស់ ពៅ បាន​រំលឹកឡើង​ទៀត​ថា ហ្នឹង​បារាំង​​វា​ថា លោក​សង្ឃ​ហ្នឹង​ ឆាន់​បាយ​សឹង​ៗ​ ដូច​ជា​ជ្រូក​ ហើយ​វា​ថា​ វា​ខាត​ពន្ធ​ច្រើន​ណាស់​ អ្នក​បួស​ហ្នឹង​ ព្រោះ​លួច​ពន្ធ​លួច​អី​។​

ព្រះ​សង្ឃ​ខែ្មរ​ពីរ​អង្គ​ ក្នុង​នោះ​ មាន​លោក​គ្រូ​អាចារ្យ ហែម ជៀវ ជា​ទី​គោ​រព​របស់​ ប្រជារាស្រ្តខែ្មរ ត្រូវ្ឃាំរាំងចាប់ខ្លួន ពីបទ រៀបចំគម្រោង ទាមទារអែករាជ្យ ។​

លោក ជ័យ នៅ ដែល​ជា​និស្សិត​ម្នាក់​ បាន​ឃើញ​ព្រឹត្តិ​ការណ៍​ នៅ​ក្នុង​គ្រា​នោះ​ បាន​រំលឹក​​ដូចេ្នះ​ថា ដែល​រឿង​ធំ​បំ​ផុត​ គឺ​រឿង​បារាំង​​ចាប់​គ្រូ​អា​ចារ្យ ​ហែម ចៀវ​ ហ្នឹង​ ផ្សឹក​ដាក់​គុក​តែ​ម្តង​។ អាហ្នឹង​ហើយ​ ដែល​ធ្វើ​អោយ​លោក​សង្ឃ បញ្ញ​វ័ន្ត​អី​ហ្នឹង​ ក្តៅ​ក្រហាយ​ខ្លាំង​​មែន​ទែន​ នៅ​មិន​ស្រ​ណុក​នោះ​ ​។ កាល​ដែល​ចាប់​ហ្នឹង​ ដោយ​សារ​ចំ​​ពេល​ដែល​បារាំង​​វា​ថម​​ថយ​ ដោយ​ជប៉ុន​​វា​ចូល​លុក​លុយ​ហ្នឹង​ យើង​ជា​ពិសេស​ គឺ​លោក​សង្ឃ​​ ពួក​សាលា​បាលី​ ហ្នឹង​តែ​ម្តង ទាម​ទារ​យក​អែក​រាជ្យ​។ ព្រោះ​បារាំង​ ពាក្យ​សេ្នហា​ជាតិ​ ពាក្យ​អែក​រាជ្យ​ហ្នឹង​ ស្មើ​គ្នា នឹង ពាក្យ​ក្បត់​ជាតិ​ អ៊ី​ចឹង​ដែរ​។ ពេល​ដែល​យើង​ ​កំពុង​តែ​ប្រជុំ​ អា​បារាំង​ហ្នឹង​ វា​យក​ការណ៍​បាន​ថា លោក​គ្រូ​អាចារ្យ​ ចៀវ លោក ប៉ាច ឈឺន ចាង​ហ្វាង​កាសែត​ "នគរវត្ត"​ ហ្នឹង​ ជា​អ្នក​ផ្តើម​គំនិត​ ទាម​ទារ​យក​អែក​រាជ្យ​។ ដំបូង​ហ្នឹង​ វា​ចាប់​លោក​គ្រូអា​ចារ្យ ចៀវ ហើយ​វា​ចាប់​លោក​ នួន ដួង​។​

នៅ​ថៃ្ង​ទី 20 ខែ កក្កដា ឆ្នាំ​1942 ព្រះ​សង្ឃ​​ជា​ច្រើន​ពាន់​អង្គ​ បាន​ធ្វើ​បាតុ​កម្ម​ នៅ​ក្នុង​​ទី​ក្រុង​ភ្នំ​ពេញ ទាម​ទារ​អោយ​បារាំង​ ដោះ​លែង​ព្រះ​សង្ឃ​ខែ្មរ​។​ មហា​បាតុ​កម្ម​នោះ បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិ​ការណ៍​​ប្រ​វត្តិ​សាស្រ្ត​ ដែល​ប្រ​ជា​រាស្រ្ត​ខែ្មរ​ កោត​សរ​សើរ​ និង អោយ​ឈ្មោះ​ថា​ សង្រ្គាម​ឆ័ត្រ​ ប្រ​ឆាំង​បារាំង​ លោក​ ជ័យ នៅ​ ដែល​បាន​ចូល​រួម ក្នុង​បាតុ​កម្ម​នោះ​ បាន​រំលឹក​ឡើង​ថា ពេល​ហ្នឹង​ លោក​សង្ឃ​ច្រើន​ណាស់​ ស្មាន​ទៅ​ប្រ​ហែល​ជា​ យ៉ាង​តិច​ ប្រាំ​ពាន់​អង្គ​។ នាំ​គ្នា​ដងែ្ហ​ទៅ​ប៊ុយ​រ៉ូ​ រ៉េ​ស៊ីង់​ ស៊ុប​ពេ​រីយើ​ហ្នឹង​ ក្រោយ​វត្ត​ភ្នំ​ហ្នឹង​។ ហើយ​អា​បារាំង​ហ្នឹង​ វា​ហៅ​ពួក​ទាហាន​ ជើង​ក្រហម​ សូដា​បារាំង​ហ្នឹង​ មក​អាម៉េ​កាំ​ភ្លើង​ ព័ទ្ធ​ជុំ​វិញ​ព្រះ​សង្ឃ​ ទាំង​អស់​។ ស្រាប់​តែ​ វា​ចាប់​លោក ប៉ាច ឈឺន ចាប់​លោក​ ប៊ួន ចាន់​ម៉ុល ហ្នឹង​ចាប់​នៅមុខ​ហ្នឹង​ ហើយ​។ ដល់​ឃើញ​ចាប់​លោក ប៉ាច ឈឺន ចាប់ ប៊ួន ចាន់​ម៉ុល ហើយ​ពី​ណា​ទៀត​ទេ​ ពីរ​បី​នាក់​ សង្ឃ​ហ្នឹង​ ចាប់​រុញ​បញ្ចូល​ទៅ​ វា​បិទ​ទ្វារ​ដែក​ជាប់​​។ ចាប់​អ៊ី​ចឹង​ទៅ លោក​សង្ឃ​ទាំង​អស់​ ទាំង​អ្នក​​​ចូល​រួម​ទាំង​​​ហ្នឹង ក៏​សម្រុក​ទៅ​តែ​ម្តង​ វា​បិទ​ទ្វារ​ជាប់​ ទៅ​សម្រុក​អត់​កើត​ ហើយ​អា​បារាំង​ ស្នង​ការ​ប៉ូលិស​ នៅ​ក្រោ​យ​ផ្សារ​ថ្មី​ហ្នឹង​ ត្រូវ​របួស​ក្រោម​ភែ្នក​ ត្រូវ​នឹង​ឆ័ត្រ​​។ អ៊ី​ចឹង​ហើយ​ បា​ន​គេ​ហៅ ​សង្រ្គាម​ឆ័ត្រ​ហ្នឹង​។ មិន​មែន​វា​បុក​ទេ ​វា​ប្រទូស​ប្រ​ត្រាយ​គ្នា​ទៅ​​វា​ប៉ះ​។

បារាំង មិន​ត្រឹម​តែ​ពុំ​ព្រម​ដោះ​លែង លោក​គ្រូ​អាចារ្យ ហែម ជៀវ ប៉ុណ្ណោះ​ទេ ប៉ុនែ្ត​ ថែម​ទាំង​ ចាប់​បាតុ​ករ​ មួយ​ចំនួន​ បញ្ជូន​ទៅ​ដាក់​គុក​ នៅ​កោះ​ត្រ​ឡាច​ទៀត​ផង​។

លោក ជ័យ នៅ បាន​រំលឹក​ទៀត​ថា លោក​ទៅ​សុគត​នៅ​កោះ​ត្រ​ឡាច​ហ្នឹង​ ព្រោះ ​លោក​ប្រកាន់​ក្រឹត​ ជាប់​ពេក​ ពេល​ទៅ​ជាប់​គុក​ ជាមួ​យ​គ្នា​ហ្នឹង​ ប៊ួន​ ចាន់​ម៉ុល​ ប៉ាច​ ឈឺន អី​ហ្នឹង​។ បាយ​ ក៏​លោក​នៅ​ប្រកាន់​ ដូច​លោក​អ៊ី​ចឹង​ ទទួល​ទាន​បាយ​ តែ​មួយ​ពេល​។ រួច​ យើង​នៅ​គុក​ មិន​ទៅ​ស្រួល​អែ​ណា​ ទៅ​ជា​ឈឺ ​ដល់​ជប៉ុន​ចូល​មក​ បាន​ជប៉ុន​​ដោះ​លែង ​ប៉ាច​ ឈឺន ប៊ួន ចាន់​ម៉ុល អី​ក៏​រួច​មក​វិញ​ ទាំង​អស់​។​

ចំណែក​លោក​ ស៊ឹង​ ង៉ុក​ថាញ់​ វិញ​ បន្ទាប់​ពី​បាតុ​កម្ម​ បាន​ភៀស​ខ្លួន​​ទៅ​​កាន់​​ប្រ​ទេស ជប៉ុន​ ដើម្បី​គេច​ពី​​ការ​ចាប់​ខ្លួន​​របស់​បារាំង​​។​ខែ​មីនា ឆ្នាំ 1945 កង​ទ័ព​ជប៉ុន​ បាន​មក​តាំង​មូល​ដ្ឋាន​​នៅ​ក្នុង​តំបន់​​ឥណ្ឌូ​ចិន​។ ពេល​នោះ​ ជប៉ុន​ បាន​ចាប់​ឃុំ​ខ្លួន​ អាជ្ញា​ធរ​បារាំង​ ហើយ​បាន​ប្រាប់​ មេ​ដឹក​នាំ​ វៀត​ណាម​ កម្ពុជា និង ​លាវ ថា​ ប្រ​ទេស​ពួក​គេ​ មាន​អែក​រាជ្យ​វិញ​ហើយ​។ លោក​ ស៊ឹង ង៉ុក​ថាញ់ ក៏​បាន​វិល​ត្រឡប់​ ពី​ប្រទេស​ជប៉ុន​មក​កាន់​ទី​ក្រុង​ ភ្នំ​ពេញ​វិញ​ ហើយ​ ទទួល​តំណែង​ ជា​នាយក​រដ្ឋ​មន្រ្តី​ នៅ​ខែ កញ្ញា ឆ្នាំ 1945​។ ពីរ​បី​ថៃ្ង​ក្រោយ​មក​ សង្រ្គាម​លោក​ លើក​ទី​ពីរ​ ត្រូវ​បាន​បញ្ចប់​​។ ខែ​តុលា​ ឆ្នាំ​ដដែល​ កង​ទ័ព​បារាំង​ បាន​វិល​មក​កាន់​ ប្រ​ទេស​កម្ពុជា​​វិញ​ ហើយ​លោក​ ស៊ឹង​ ង៉ុក​ថាញ់​ ត្រូវ​បាន​ចាប់​ខ្លួន​ បារាំង​ក៏​បាន​និរ​ទេស​ លោក ស៊ឹង ង៉ុក​ថាញ់​ ទៅ​កាន់​ប្រ​ទេស​បារាំង​។​

ក្រោយ​ពេល​សង្រ្គាម​លោក​ លើក​ទី​ពីរ​ បន្តិច​ ខែ្មរ​ឥស្សរៈ​ ដោយ​មាន​ការ​ជំ​រុញ ​ពី​ប្រទេស​ថៃ​ និង​ ជន​ជាតិ​ខែ្ម​រ​ ដែល​និរ​ទេស​ខ្លួន​ នៅ​ក្នុង​ប្រទេស​ វៀត​ណាម​ បាន​ចាប់​ផ្តើម​ ធ្វើ​ការ​តស៊ូ​ ដោយ​អាវុធ​ យ៉ាង​សកម្ម​។​

លោក ​មែល​ថុន អូស​បូន​ អ្នក​ស្រាវ​ជ្រាវ​ ប្រ​វត្តិ​សាស្រ្ត​ខែ្មរ​ បាន​បនែ្ថម​ថា នៅ​មុន​ពេល​ កម្ពុជា​ ទទួល​បាន​អែក​រាជ្យ​ ពី​បារាំង​ មាន​ខែ្មរ​ឥស្សរៈ​ ពីរ​ក្រុម​​។ មួយ​ក្រុម​ ទទួល​បាន​​ការ​គាំ​ទ្រ​ ពី​រដ្ឋា​ភិបាល​​ថៃ​ រី​អែ​ ខែ្មរ​ឥស្សរៈ​ មួយ​ក្រុម​ទៀត​ មាន​សម្ព័ន្ធ​ភាព​ ជា​មួយ​ បក្ស​កុម្មុយ​នីស្ត​ វៀត​ណាម​។ ចំនួន​ប៉ុន្មាន​ ពិត​ប្រាកដ​នោះ​ មិន​អាច​ដឹង​បាន​ទេ​។​

ប៉ុនែ្ត​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ ដំបូង​ៗ​ ចល​នា​នេះ​ ទទួល​បាន​ ការ​គាំ​ទ្រ​តិច​តួច​ណាស់​ ពី​ប្រជា​រាស្រ្ត​ខែ្មរ​។​ បើ​ទោះ​ជា​ មេ​ទាហាន​ និង​ កូន​ទាហាន​ឥស្ស​រៈ​ មួយ​ចំនួន​ មាន​ឆន្ទៈ​ និង​ សកម្ម​ភាព​ល្អ​ ក៏​ដោយ​ ទាហាន​ឥស្សរៈ​ខ្លះ​ ពុំ​បាន​ធ្វើ​អំពើ​ល្អ​ទេ​។​

លោក ជ័យ​ នៅ បាន​រំលឹក​អោយ​ដឹង​ថា ពួក​មេ​ឥស្ស​រៈ​ ទាំង​អស់​ហ្នឹង​ សុទ្ធ​តែ​ជា​មនុស្ស​ ល្មោភ​ស្រី​ញី​ អី​សោះ​។ វា​គ្មាន​ឃើញ​អ្នក​ណា​មួយ​ ដែល​មាន​សុច្ច​រិត​ចិត្ត​ អោយ​ច្បាស់​លាស់​ ដូច​លោក​ ស៊ឹង ង៉ុក​ថាញ់​ អី​ វា​អត់​មាន​។

​ នួន ជា​ ដែល​ជា​អតីត​កង​ទ័ព​ខែ្មរ​ឥស្សរៈ​ ហើយ​ដែល​ ក្រោយ​មក​​ នៅ​ឆ្នាំ 1975 បាន​ក្លាយ​ជា​ មេ​ដឹក​នាំ​​សំខាន់​ម្នាក់​ នៃ របប​កម្ពុជា​​ប្រ​ជា​ធិប​តេយ្យ​ រឺ​ របប​ខែ្មរ​ក្រហម​ ដែល​ធ្វើ​អោយ​ប្រ​ជា​ជន​ កម្ពុ​ជាខ្លួន​អែង ស្លាប់​អស់​ប្រ​មាណ​ ពីរ​លាន​នាក់​នោះ​ បាន​បញ្ជាក់​បនែ្ថម​ដូចេ្នះ​ថា ដូច​ជា​​ឥស្ស​រៈ ដាប​ ឈួន ឥស្ស​រៈ ​ហ៊ុល វង្ស​អនុ​ភាព ចៅ​ប៉ក់​ អា​ចារ្យ​យី​ សុទ្ធ​តែ​ ឥស្សរៈ​កែ្លង​ក្លាយ​ ធ្វើ​បាប​ប្រជា​ជន​។ ខ្ញុំ​គិត​ថា​ បើ​នៅ​ធ្វើការ​​ត​ទៅ​ទៀត​ ក៏​មិន​បាន​ប្រ​យោជន៍​អី​។ ខ្ញុំ​ក៏​សុំ​ការ​អនុញ្ញាត​គេ​ ទៅ​ធ្វើ​កា​រនៅ​ប្រ​ទេស​ថៃ គេ​ក៏​អនុញ្ញាត​អោយ​។​ កាល​នោះ​ ខ្ញុំ​ចូល​បក្ស​កុម្មុយ​នីស្ត ​ថៃ ​ដែល​ប្រឆាំង​ នឹង ជប៉ុន​នោះ​។​

បន្ទាប់​ពី​បាន​ត្រឡប់​មក​ត្រួត​ត្រា​ លើ​ប្រទេស​កម្ពុ​ជា​វិញ នៅ​ខែ តុលា ឆ្នាំ 1945 ពួក​បារាំង​ បាន​រឹត​បន្តឹង​ ការ​គ្រប់​គ្រង​​របស់​គេ​ មក​លើ​ប្រជា​រាស្រ្ត​ខែ្មរ​។​ លោក​តា រស់​ ពៅ​ ដែល​កាល​ពី​សម័យ​អាណា​និគម​ មាន​មុខ​ងារ​ ជា​ឆ្មាំ​សាលា​ ទ្រី​ប៊ូ​ណាល់​ រឺ​ សាលា​ដំបូង​នោះ​ បាន​រំលឹក​ឡើង​ទៀត​ថា​ អោយ​តែ​ខែ្មរ​​មាន​រឿង​ក្តី​ក្តាំ​ ជា​មួយ​ នឹង​ ចិន​ យួន​ ជា​មួយ​ បរ​ទេស​ហើយ​ គឺ​ថា បញ្ជូន ទៅ​សាលា​ទ្រី​ប៊ូ​ណាល់​។ ហ្នឹង​បារាំង​ គេ​កាត់​សេច​ក្តី ។ អត់​បញ្ជូន​មក​ តុលា​ការ​ខែ្មរ​ទេ​ ហើយ​បើ​ទៅ​អែ​ណោះ​ហើយ​ មិន​សូវ​មាន​ជ័យ​ជម្នះ​ទេ​ ខែ្មរ​​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ឆ្នាំ ​1946 បារាំង​បាន​យល់​ព្រម​ លើ​កិច្ច​ព្រម​ពៀ្រង​មួយ​ ជា​មួយ​កម្ពុជា​ ដែល​ក្នុង​កិច្ច​ព្រម​ពៀ្រង​នោះ​ តម្រូវ​អោយ​សមេ្តច​ព្រះ​ នរោត្តម សីហនុ​ដែល​ជា​ក្សត្រ​វ័យ​កេ្មង​ ដ៏​មាន​ប្រជា​ប្រិយ​ភាព​ នៅ​គ្រង​រាជ្យ​​ដដែល​ ហើយ​បារាំង​ បាន​អនុ​ញ្ញាត អោយ​មាន​ការ​បង្កើត​ គណ​បក្ស​នយោ​បាយ​ ផេ្សង​ៗ​ ព្រម​ទាំង​ អោយ​មាន​ការ​តាក់​តែង​ រដ្ឋ​ធម្មនុញ្ញ​ និង អោយ​មាន​ ការ​បោះ​ឆ្នោត​ជាតិ ​ដើម្បី​ជ្រើស​រើស​ សភា​​​តំណាង​រាស្រ្ត​ទៀត​ផង​​។នោះ​ គឺ​ជា​កំណែ​ទម្រង់​មួយ​ ដែល​មាន​ការ​ទាក់​ទាញ​ ធ្វើ​អោយ​ឥស្សរ​ជន​​មួយ​ចំនួន​ មាន​ការ​ពេញ​ចិត្ត​។ ប៉ុនែ្ត​ អំណាច​ពិត​ប្រាកដ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​នោះ​ នៅ​តែ​ ស្ថិត​នៅ​ក្នុង​ដៃ បារាំង​ យ៉ាង​ណែន​ដដែល​។

នៅ​ចុង​ទស្ស​វត្សរ៍ ឆ្នាំ 1940 ក្រុម​អ្នក​ប្រជា​ធិប​តេយ្យ​ មួយ​ក្រុម​ ដែល​ដឹក​នាំ​ ដោយ​ព្រះ​អង្គ​ម្ចាស់ ស៊ីសុ​វត្ថិ យុត្ថិ​វង្ស បាន​បង្កើត​ គណ​បក្ស​មួយ​ ឈ្មោះ​គណ​បក្ស​ប្រជា​ធិ​តេយ្យ​។​ គណ​បក្ស ប្រជា​ធិប​តេយ្យ​ បាន​លេច​ចេញ​ធ្លោ​ ជា​គណ​បក្ស ដែល​ចេះ​រៀប​ចំ​​បាន​ល្អ ​និង មាន​ប្រជា​ប្រិយ​ភាព​​បំផុត​ ក្នុង​ប្រ​ទេស​កម្ពុជា​ នា​គ្រា​នោះ​។

ក្រោយ​ពីព្រះ​អង្គ​ម្ចាស់​ ស៊ីសុ​វត្ថិ យុត្ថិ​វង្ស សុគត ដោយ​ពុំ​ដឹង​ហេតុ​ផល​ ច្បាស់​លាស់​មក​ លោក​ អៀវ កើស បាន​ឡើង​ធ្វើ​ជា​​ប្រ​ធាន​គណ​បក្ស​។ គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​ បាន​ឈ្នះ​ឆ្នោត​ សភា​ធម្ម​នុញ្ញ ក្នុង​ឆ្នាំ 1946 និង សភា​ជាតិ ​ក្នុង​ឆ្នាំ 1947​។ បន្ទាប់​មក​ រដ្ឋ​ធម្ម​នុញ្ញ​ខែ្មរ​មួយ​ ដែល​យក​គំរូ​ តាម​សាធា​រណ​រដ្ឋ ទី​បួន របស់​បារាំង​ ត្រូវ​បាន​តាក់​តែង​ឡើង​។​

ថ្វី​បើ​ពួក​អ្នក​ប្រជា​ធិប​តេយ្យ ធ្វើ​ការ​ជំទាស់​ នឹង ការ​តស៊ូ​​​ដោយ​អាវុធ​ ក៏​ដោយ​ ក៏​ពួក​គេ​ ធ្វើ​ការ​គាំ​ទ្រ​គំនិត​ អោយ​កម្ពុជា​ ទទួល​បាន​អែក​រាជ្យ​​។ ពួក​បារាំង​ មិន​បាន​ទុក​ចិត្ត​ ពួក​អ្នក​ប្រជា​ធិប​តេយ្យ​​ទេ រី​អែ​សមេ្តច​​ព្រះ​នរោត្តម​ សីហនុ ដែល​ទ្រង់​ឈេ្វង​យល់​ ឃើញ​ពួក​​គណ​បក្ស​ប្រ​ជាធិ​តេយ្យ​​​ថា ជា​ការ​គំរាម​កំហែង​ ដល់​រាជ​អំណាច​ របស់​ព្រះ​អង្គ​ ក៏​មិន​បាន​ទុក​ចិត្ត​ ពួក​គេ​ដែរ​។

---------------------------------------------------------

នៅ​ឆ្នាំ 1949 បារាំង បាន​ប្រគល់​អែក​រាជ្យ​ មិន​ពេញ​បរិ​បូណ៍​មួយ​​ដល់​កម្ពុជា​ ដោយ​នៅ​តែ​ រក្សា​ទុក​ នូវ ការ​គ្រប់​គ្រង​លើ​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ ទំនាក់​ទំនង​ការ​បរ​ទេស​​។​ ប្រ​ការ​នេះ​ បាន​ធ្វើ​អោយ​ពួក​​អ្នក​ប្រ​ជា​ធិប​តេយ្យ​ ថ្កោល​ទោស​​ថា ជា​អែក​រាជ្យ​​មិន​ពេញ​លេញ​​។ បន្តិច​ក្រោយ​មក​ អ្នក​វាយ​ប្រហារ​ មិន​ស្គាល់​មុខ​ម្នាក់​ បាន​លប​ធ្វើ​ឃាត​​មេ​ដឹក​នាំ​ អ្នក​ប្រ​ជា​ធិប​តេយ្យ​ គឺ​លោក​ អៀវ កើស​។

ចាប់​តាំង​ពី​ឆ្នាំ ​1946 មក​បារាំង​ ក៏​បាន​បើក​​កាន់​តែ​ទូ​លាយ អោយ​និស្សិត​ខែ្មរ​ អាច​ទៅ​រៀន​​នៅ​ស្រុក​បារាំង​បាន​​។ និសិ្សត​ខែ្មរ​ មួយ​ចំនួន​​ក្នុង​នោះ​មាន​​សាឡុត​ ស ដែល​ក្រោយ​មក​ គេ​ស្គាល់​ថា​ ជា​ ប៉ុល ពត ជា​មេ​ដឹក​នាំ​កំពូល​ នៃ របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ ខែ្មរ​ក្រហម​ ត្រូវ​បាន​ជាប់​ឈ្មោះ ទៅ​រៀន​រួម​ជា​មួយ​នឹង​ និស្សិត​ខែ្ម​រ​ ជា​ច្រើន​រូប​ទៀត​​។​

ឆ្នាំ1953 ខណៈ​ដែល​សង្រ្គាម​ឥណ្ឌូ​ចិន​ លើក​ទី​មួយ​ រឺ សង្រ្គាម​ប្រ​ឆាំង​ នឹង បារាំង​ កំពុង​ប្រ​ព្រឹត្ត​ទៅ​ សឹង​តែ​ទាំង​ស្រុង​ នៅ​ក្នុង​ប្រទេស​​វៀត​ណាម​​ខាង​​ជើង​ ហើយ​ដែល​ ទ័ព​បារាំង​ ជា​អ្នក​ទទួល​រង​ ការ​ខូច​ខាត​យ៉ាង​ដំណំ​ នៅ​ក្នុង​សង្រ្គាម​នោះ​ សមេ្តច​ព្រះ​ នរោត្តម​ សី​ហនុ ក៏​បាន​ចាប់​ផ្តើម​​ធ្វើ​បូជ​នីយ​កិច្ច​ ទាម​ទារ​អែក​រាជ្យ​ សម្រាប់​កម្ពុជា​។​

ព្រះ​អង្គ​បាន​គំរាម​ថា​ នឹង​ ធ្វើ​ការ​​បំពាក់​អាវុធ​ ដល់​ប្រ​ជា​រាស្រ្ត​ ហើយ​ដាក់​សម្ពាធ​ លើ​បារាំង​ អោយ​ប្រ​គល់​អែក​រាជ្យ​​ដោយ​សន្តិ​វិធី​។ យុទ្ធ​នា​ការ​ ទាម​ទារ​អែក​រាជ្យ​ ដែល​មាន​ការ​រៀប​​ចំ ​យ៉ាង​ជំនាញ​ ធ្វើ​អោយ​ពួក​បារាំង​ មាន​ការ​ភ្ញាក់​ផ្អើល​ ពី​ព្រោះ​ ពួក​បារាំង​​តែង​តែ​សន្និ​ដ្ឋាន​ថា សមេ្តច​ព្រះ​នរោត្តម​ សីហនុ ដ៏​មាន​វ័យ​កេ្មង​នោះ​ តែង​មាន​ភក្តី​ភាព​​ចំពោះ​ពួក​គេ​ ជា​និច្ច​​។​

កាល​ពី​ឆ្នាំ 1991 សមេ្តច​ព្រះ​ នរោត្តម សីហនុ បាន​មាន​បន្ទូល​ ដូចេ្នះ​ថា​ ខ្ញុំ​រវល់​តែ​ នឹង អែក​រាជ្យ​របស់​ជាតិ​ កាល​ពី​កេ្មង​ ក៏​ខ្ញុំ​រវល់​តែ​ពី​រឿង​អែក​រាជ្យ​ហ្នឹង​ដែរ​​។ ខ្ញុំ​ប្រ​កាស​ប្រាប់​​បារាំង​​ថា​ ខ្ញុំ​អត់​ព្រម​អោយ​បារាំង​ មក​ជិះ​ជាន់​​ស្រុក​ខែ្មរ​ ជា​ដាច់​ខាត​។​ ពី​ឆ្នាំ 1952 1953 ឈ្លោះ​ ចាប់​តាំង​ពី​ ឆ្នាំ 1949 អែក​ឧត្តម សឺន សាន ជា​សាក្សី​ស្រាប់​ យើង​ឈ្លោះ​​បារាំង​ ពី​រឿង​ កូសាំង​ស៊ីន​ ដែល​បារាំង​ ផេ្ទរ​អោយ​ទៅ​ បាវ​ដាយ​។​ បន្ទាប់​ពី​បារាំង​ បាន​ប្រ​កាស​ទាម​ទារ​អែក​រាជ្យ​ បារាំង​ មាន​ការ​ភ័យ​ខ្លាច​ អំពី​លទ្ធ​ភាព​ ជម្លោះ​ប្រ​ដាប់​អាវុធ​ កើត​ឡើង​​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។​ ជា​ពិសេស​ ក្នុង​ខណៈ​ដែល​ កង​កម្លាំង​ របស់​ពួក​គេ​ កំពុង​ស្ថិត​នៅ​ក្រោម​ សភាព​តាន​តឹង​ ផែ្នក​សឹក​សង្រ្គាម​​នៅ​ប្រទេស​​វៀត​ណាម​ និង ប្រ​ទេស លាវ​។ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ 1953 បារាំង​ បាន​ប្រគល់​អែក​រាជ្យ​ ដល់​​រាជា​ណា​ចក្រ​ កម្ពុជា​​។ នៅ​គ្រា​នោះ​ហើយ​ សមេ្តច​​ព្រះ​នរោត្តម​ សីហនុ បាន​អះ​អាង​ថា​ ការ​ដែល​កម្ពុជា​ ទទួល​បាន​អែក​រាជ្យ​ ពី​បារាំង​ គឺ​ជា​ស្នា​ព្រះ​ហស្ត​​របស់​ ព្រះ​អង្គ​ផ្ទាល់​ សីហនុ​ ការ​ពារ​ អែក​រាជ្យ​ជាតិ​ សីហនុ ត​ស៊ូ​យក​អែក​រាជ្យ​ មក​អោយ​ជាតិ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ ឡឹក សំ​អឿន​ អតី​ត​ខែ្មរ​ឥស្សរៈ​ បាន​អះ​អាង​ថា ការ​ដែល​កម្ពុជា​ ទទួល​បាន​អែក​រាជ្យ​ ពី​បារាំង​ គឺ​មិន​មែន​ដោយ​សារ​ ស្នា​ព្រះ​ហស្ត​ របស់​សមេ្តច​ ព្រះ​នរោត្តម​ សីហនុ​ តែ​មួយ​អង្គ​អែង​នោះ​ទេ​ ប៉ុនែ្ត​ វា​ជា​កិច្ច​ប្រឹង​ប្រែង​ របស់​កង​ទ័ព​​ខែ្មរ​ឥស្សរៈ​ ផង​ដែរ​ វា​ទាំង​អស់​គ្នា​ហើយ​ បើ​ទាំង​អស់​គ្នា​ មិន​ធ្វើ​ វា​អត់​បាន​ទេ​។​ យើង​ទទួល​ស្គាល់​ ការ​ត​វ៉ា​ របស់​សមេ្តច​ សីហនុ​ អែក​រាជ្យ​ 53 ​ហ្នឹង​។ ចំណែក​លោក​ កេង វ៉ាន់​សាក់ ដែល​ជា​សាស្រ្តា​ចារ្យ​ អក្សរ​សាស្រ្ត​ខែ្មរ​ និង ជា​អតីត​ អគ្គ​លេខា​ធិ​ការ​រង​ នៃ គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​ ផង​នោះ​ បាន​​រំលឹក​ថា​ ទាំង​សមេ្តច​ព្រះ​ នរោត្តម សីហនុ ទាំង​កង​ទ័ព​ខែ្មរ​ឥស្សរៈ​ ពុំ​មាន​ចំណែក​ ក្នុង​ការ​ធ្វើ​អោយ​​បារាំង​ ប្រ​គល់​អែក​រាជ្យ​ ដល់​កម្ពុជា​​វិញ​ទេ​។ លោក​បាន​ មាន​ប្រ​សាសន៍​ថា​ ហេតុ​ផល​ដែល​នាំ​អោយ​​បារាំង ប្រ​គល់​អែក​រាជ្យ​ ទាំង​ស្រុង​ ដល់​ប្រ​ទេស​កម្ពុជា​​វិញ​នោះ​ គឺ​ដោយ​សារ​ បារាំង​​ចាញ់​សង្រ្គាម​ យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ប្រ​ទេស​វៀត​ណាម​។​

លោក​ កេង វ៉ាន់​សាក់​ បាន​មាន​ប្រសាសន៍​ថា អោយ​មក​ហ្នឹង​ គឺ​ដោយ​សារ​ អាបា​រាំង ច្បាំង​ចាញ់​យួន​ ​នេះ ឌៀន បៀន​ភូហ្នឹង​ មុ​នអា ឌៀន បៀន​ភូ​ហ្នឹង​ បារាំង​​អត់​មាន​អោយ​ អែក​រាជ្យ​ ពេញ​ប​រិ​បូរណ៍​ទេ​។ ដូចេ្នះ កាល​ណា គេ​និយាយ​ថា វា​បាន​ប្រគល់​អែក​រាជ្យ​ អី​ហ្នុង​ មក​អោយ​សេ្តច សី​ហនុ អី​អស់​ហ្នុង​ ដោយ​សារ សីហនុ នាំ​គ្នា​ទៅ​ហាត់​ កាំ​ភ្លើង​ឈើ​ អី​អស់​ហ្នឹង​ វា​គ្មាន​គ្រូ​ គ្មាន​អី​ទៀត​ទេ​។ ហើយ​ពួក​អ្នក​ឥស្សរៈ​ នៅ​ក្នុង​ ព្រៃ​ហ្នឹង​ អត់​អាណា​ដឹង​ អាណា​ស្គាល់​អី​ទេ​ សុទ្ធ​តែ​ពួក​យួន​វៀត​ណាម​ គេ​ហាត់​ គេ​អប់​រំ​កាំ​ភ្លើង​ គ្រាប់​អី​ហ្នឹង​ ដល់​កាល​ណា​ ពួក​យៀក​ណាម​ គេ​បាន​អែក​រាជ្យ​​អស់​ហើយ​ ពួក​ហ្នឹង​ រលាយ​សូន្យ​អស់​ទៅ​​។ អ្នក​ត​ស៊ូក្នុង​ព្រៃ​ មិន​មែន​ កុម្មុយ​នីស្ត​ហ្នឹង​ អត់​មាន​ទេ​ ដូច ស៊ឹង ង៉ុក​ថាញ់​ ហ្នឹង​ គាត់​ទៅ​វិញ​ ទៅ​ឧត្តរ​មាន​ជ័យ​ហ្នឹង​ អត់​មាន​អី​ស៊ី អត់​មាន​មនុស្ស​ មាន​បី​បួន​នាក់​ នៅ​ជិត​គាត់​ហ្នឹង​។ រឿង​បារាំង​ វា​នៅ​ឥណ្ឌូ​ចិន​​ទៀត​មិន​បាន​ ព្រោះ​ច្បាំង​ចាញ់​ ពួក​យៀក​មិញ​ នៅ​ ឌៀន បៀន​ភូ​ នោះ​ ដល់​ចាញ់​ ឌៀន បៀន​ភូ​ហើយ​ បាន​កុំ​អោយ​យៀក​មិញ​ហ្នឹង​ វា​ចាប់​បារាំង​ ទាំង​អស់​ សម្លាប់​ចោល​​ ងាប់​រាប់​ម៉ឹន​នាក់ ហ្នឹង​ទៅ​ ក៏​ប្រញាប់​ប្រញាល់​ មក​អោយ​មាន​​សន្និ​សីទ​ ប្រ​ជុំ​ នៅ​ហ្សឺ​ណែវ​នេះ​ ដោះ​ស្រាយ​រឿង​ហ្នឹង​ កុំ​អោយ​បារាំង​ហ្នឹង​ បាក់​មុខ​ពេក​ ហើយ​កុំ​​អោយ​ស្រុក​ ឥណ្ឌូ​ចិន​ ទាំង​អស់​ហ្នឹង​ ធ្លាក់​ទៅ​លើ​កណ្តាប់​ដៃ​ កុម្មុយ​នីស្ត​។​ ដូចេ្នះ​ហើយ​ បាន​ជា​ថា​ បើ​អ៊ី​ចឹង​ ត្រូវ​អោយ​អែក​រាជ្យ​ ពេញ​បរិ​បូរណ៍​​ទៅ​ស្រុក​ទាំង​បី​ហ្នឹង​ លាវ​ ខែ្មរ និង​ យួន​ហ្នឹង​។ ឧប​មា​ដូច លាវ​ហ្នឹង​ គេ​មាន​សេ្តច​សី​ហនុ អែ​ណា​ ម៉េច​ក៏​គេ​បាន​អែក​រាជ្យ​ដែរ​​។​ ក្រោយ​មក​ទៀត​ ស្រុក​អាហ្រ្វិក​ ក៏​ដោយ​ អែ​ណា​ក៏​ដោយ​ អី​ក៏​ដោយ​ហ្នឹង​ វា​ត្រូវ​ដល់​ នយោ​បាយ​មួយ ដែល​បារាំង​ នៅ​ធ្វើ​ជា​មហា​អំណាច​ អា​ណា​និ​គម​ហ្នឹង​ អត់​បាន​ទៀត​ វា​ត្រូវ​តែ​អោយ​គេ,,,​។

ប្រវត្តិវិទូ ផែ្នក​កិច្ច​ការ​ប្រ​វត្តិ​សាស្រ្ត​ខែ្ម​រ​ គឺ​លោក​ដេ​វីដ​ឆេន​ល័រ​ បាន​បនែ្ថម​ថា​ ទោះ​ជា​ យ៉ាង​ណា​ក៏​ដោយ​ វា​ជា​ការ​ចាំ​បាច់​ណាស់​ ដែល​ត្រូវ​ទទួល​ស្គាល់​ថា​ នៅ​ឆ្នាំ ​19​53 ពួក​វៀត​មិញ​ និង សម្ព័ន្ធ​មិត្ត​ របស់​គេ​ ក្នុង​គណ​បក្ស​​ប្រ​ជា​ជន​បដិ​វត្តន៍​ខែ្មរ​ ក៏​បាន​បង្ក​ នូវ​ ការ​គំរាម​កំហែង​ ដ៏​ធ្ងន់​ធ្ងរ​ ដល់​អាជ្ញា​ធរ​បារាំង​ ហើយ​ដោយ​សារ​ ការ​គាប​សង្កត់​ នោះ​ហើយ​ ដែល​ជា​ការ​ជំ​រុញ​ ព្រះ​ទ័យ​សមេ្តច​ ព្រះ​នរោត្តម​ សីហនុ អោយ​ធ្វើ​ការ​ចរ​ចា យ៉ាង​ម៉ើង​ម៉ាត់​ ជា​មួយ​បារាំង​​។

សមេ្តច​ព្រះ​​នរោត្តម​ សី​ហនុ បាន​ចាប់​ផ្តើម​ បូជ​នីយ​កិច្ច​ ទាម​ទារ​អែក​រាជ្យ​ បន្ទាប់​ពី​ ក្រុម​អ្នក​សេ្នហា​ជាតិ​ ដទៃ​ទៀត​ បាន​ធ្វើ​ការ​ទាម​ទារ​ មុន​ព្រះ​អង្គ​យ៉ាង​យូរ​។​ ក្នុង​នោះ​ មាន​រួម​ទាំង​ គណ​បក្ស​ ប្រ​ជាជន​បដិ​វត្តន៍​ខែ្មរ​ និង​ គណ​បក្ស​​ប្រ​ជា​ធិប​តេយ្យ​ផង​​។​

ការ​ដែល​ព្រះ​អង្គ​ ទទួល​បាន​ជោគ​ជ័យ​ ក្នុង​បូជ​នីយ​កិច្ច​ ទាម​ទារ​អែក​រាជ្យ​ ក្នុង​ឆ្នាំ​នោះ​ ដោយ​ហេតុ​តែ​​ពេល​វេលា​ នៅ​ពេល​នោះ​ បាន​អំណោយ​ផល​ ល្អ​ឥត​ខ្ចោះ​ ចំពោះ​ព្រះ​អង្គ​។​ ពោល​គឺ​ ក្នុង​គ្រា​នោះ​ បារាំង​ដឹង​ថា​ ផល​ប្រ​យោជន៍​ ខាង​សេដ្ឋ​កិច្ច​ និង វប្ប​ធម៌‌​ របស់​ពួក​គេ នឹង មាន​សិ្ថរ​ភាព​ប្រកប​ដោយ​សន្តិ​សុខ​ ​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ បាន​នោះ​ ដរាប​ណា​តែ​ ប្រ​ទេស​មួយ​នេះ​ មាន​​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហនុ ដ៏​មាន​ប្រជា​ប្រិយ​ ហើយ​ជា​អ្នក​ប្រ​ឆាំង​​ពួក​កុម្មុយ​នីស្ត​ នៅ​គ្រង​រាជ​បន្ត​ទៀត​​។​

រី​អែ​ហេតុ​ផល​មួយ​ទៀត​ គឺ​ដោយ​សារ​តែ​ សមេ្តច​ព្រះ​ នរោ​ត្តម​ សីហនុ​ បាន​បង្ហាញ​អោយ​ឃើញ​ នូវ ភាព​ប៉ិន​ប្រ​សព្វ​ របស់​ព្រះ​អង្គ​ ក្នុង​ការ​ធ្វើ​នយោ​បាយ​ ដែល​ស្មាន​មិន​ដល់​ ក្នុង​ការ​ដឹក​នាំ​ បូជ​នីយ​កិច្ច​ ទាម​ទារ​អែក​រាជ្យ​នោះ​ផង​ដែរ​​។