ដូចដែលយើងលើកយកមកអធិប្បាយខ្លះៗក្នុងជំពួកមុន ពង្សាវតារខ្មែរផ្សេងៗបានកត់ត្រាខុសអំពីគ្នា ចំនួន និង ឈ្មោះ ព្រះ​រាជ​បុត្រ​របស់​ព្រះ​បាទ​បក្សី​ចាំ​ក្រុង។ ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះម្នាងស្វាយ មហេសីព្រះមហាក្សត្រ ក្នុង​ឆ្នាំ​វក ប្រ​សូត្រ​បាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម អលស្សរាជ្យ។

ព្រះបាទអលស្សរាជ

ព្រះបាទសិង្ហក័ង្ហ

    ថ្ងៃ១៣កើត ខែផល្គុនឆ្នាំថោះ ព.ស.១៦៩១ ត្រូវជា ម.ស.១០៦៨ ច.ស.៥០៩ និងត្រូវជា គ.ស.១១៤៧ ព្រះ​សិង្ហ​កុមារ​បាន​ទទួល​ព្រះ​រាជ​អភិ​សេក ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​២២ ព្រះអង្គទ្រង់មានព្រះជន្ម ៣៨វស្សា។ ព្រះគោរមនាមរបស់ព្រះអង្គគឺ ព្រះ​បាទ​សិង្ហ​ក័ង្ហា មហា​រាជា​ធិ រាជ​។ ពង្សាវ​តារ​សម្ដេច​វាំង​ជួន​បាន​កត់​សំគាល់ថា ស្ដេចអង្គនេះ នៅចំមុខបញ្ហានិមួយៗ ព្រះអង្គត្រិះរិះគិតពិចារណា វែក​ញែក​ល្អិត​ល្អន់​គ្រប់​ជ្រុង​គ្រប់​ជ្រោយ មិន​ដែល​ធ្វេស​ប្រហែស ដូច្នេះហើយ អ្វីដែលព្រះអង្គសំរេចធ្វើមិនដែលខុសឡើយ។ ដោយ​សារ​គុណ​សម្បត្ដិ​នេះ ទើប​បាន​គេ​នាំ​គ្នា​ថ្វាយ​ព្រះ​នាម​ព្រះ​អង្គ​ថា ស្ដេចក្រែង ឬស្ដេចតាក្រែង។ ក្នុងឆ្នាំថោះ ព្រះមហេសីព្រះនាងពៅ ប្រសូត្រ​បាន​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ព្រះ​នាម​សេនក្ក​រាជ។

    ក្រោយដែលបានសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា បាន៤៩ឆ្នាំមក ព្រះបាទសិង្ហក័ង្ហា ទ្រង់ចូលទិវង្គត នៅឆ្នាំថោះ ក្នុង​ព្រះ​ជន្ម ៨៦​វស្សា​ដោយ​ជរា​ព្យាធិ ព្រះ​រាជ​បុត្រ​ព្រះ​សេនក្ករាជ ត្រូវបាននាម៉ឺនមុខមន្រ្ដីតូចធំ គ្រប់ជាន់ថ្នាក់នាំគ្នាទៅ សុំយាង​អោយ​ឡើង​សោយ​រាជ្យ​សម្បត្ដិ​ប្រ​ទេស​កម្ពុជា​បន្ដ​ព្រះ​រាជ​វង្សពីព្រះបិតា។

កំនត់សំគាល់

   ១ - ក្នុងបញ្ហាកូនចៅរបស់ព្រះបាទបក្សីចាំក្រុង គណៈកម្មការៀបចំពង្សាវតារខ្មែរ ដឹកនាំដោយសម្ដេចសង្ឃ​នាយក​ទៀង ដែល​ក្នុង​នោះ មាន​សម្ដេច​សង្ឃ​នាយក​ប៉ាន់​ដែរ បាន​តាក់តែងសរសេរថា ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម​បទុម​វង្ស ស្ដេច​អង្គ​នេះ​ដែល​បាន​យាង​ទៅ​កំសាន្ដ​នៅ​ទួល​បាសាន បាន​ជួបស្រលាញ់ និងរៀបការជាមួយនាងនាគ។ ព្រះអង្គប្រសូត្របានពង ដែល​ជា​ពញា​រោង និង​បុត្រ​មួយ​ព្រះ​អង្គ​ទៀត ដែល​មាន​ភ្នែក​ទិព្វ គឺព្រះបាទបទុមសូរ្យវង្ស។ ព្រះបាទបទុមសូរ្យវង្ស បានមានព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ស្ដេច​កំជិល​ផេះ​ស្ដេច​អង្គ​នេះ​សោយ​រាជ​នគរ​ខ្មែរ​បាន ១៩០ឆ្នាំ។

   ២ - ចំណែកឯពង្សាវតារវត្ដទឹកវិលវិញ ក៏បានកត់សំគាល់ដែរថា ស្ដេចកំជិលផេះជាកូនរបស់ព្រះបាទបទុមសូរ្យ​វង្ស តែ​ព្រះ​បទុម​សូរ្យ​វង្ស​ជា​កូន​របស់​ព្រះ​បាទ​អាទិត​វង្ស។ ព្រះបទុមសូរ្យវង្សជាមួយស្នំអែក អ្នកព្រះម៉ែនាងបទុមកេសរ បានព្រះរាជ​បុត្រ​ស្ដេច​កំជិល​ក្នុង​ឆ្នាំ​វក ហើយ​ក្នុង​ឆ្នាំ​ចរ ព្រះ​នាង​ប្រ​សូត្រ​បានព្រះរាជបុត្រមួយទៀត ព្រះនាមពញារាជ។ ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេច​កំជិល​ផេះ​នេះ​ ខ្ជិល​ណាស់ គឺ​ខ្ជិល​តាំង​តែ​ពី​ដើរ ពី​ដេក ពីរៀនសូត្រ៘ និង ៘ ធំឡើងកាលណា ថ្ងៃមួយ ពួកនាមីនុំមីនាងបរិវាបាននាំ​ទៅ​លេង​ក្រសាល​ក្នុង​ព្រៃ​។ អស់​កំលាំង ព្រះ​អង្គ​បាន​ឈប់សំរាក ផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ស្ទឹង ហេតុតែព្រះអង្គមានបុណ្យ ត្រូវ​ឡើង​គ្រង​រាជ្យ​ប្រ​ទេស​កម្ពុជា ទេព​តា​ក៏​ជប់​ដំណែង​អោយចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់ ចាប់​សត្វ​នោះ​ជាប់ ហើយ​ហុច​អោយ​ក្រុម​ស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណា ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ទេវ​តា​ធ្វើ​អោយ​ស្រក់​ទឹក​អំរិត​មក​លើ​ព្រះអង្គ ភ្លាម មួយរំពេចនោះដែរ ពញាកំជិលផេះ ក៏ចេះចាំ​ស្ទាត់គ្មាន​ភ្លេច​ភ្លាត់​អ្វី​ទាំង​អស់​នូវ​គ្រប់​ចំណេះ​វិជ្ជា ដោយ​មិន​បាច់​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ។

   រីឯពញារាជ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងអោយទៅគ្រប់គ្រងទឹកដីនៅកោះរិស្សីកែវ។ ព្រះ​អង្គ​មាន​ព្រះ​គោរម​នាម​ចៅ​ពញា​រាជ​មេត្រី ដោយ​ទទួល​ភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះត្រូវថែរក្សា ទំនុកបំរុងផ្គត់ផ្គង់ វត្ដ​អារាម​ទាំង​ប្រាំ និង​ព្រះចេ​តីយ៍ ដែល​តំកល់​ទុក​ព្រះ​ឧណ្ណា​លោម។ ដោយសារព្រះអង្គបានទទួលទឹក អំរិតប្រក់ព្រំពីទេវតា ស្ដេចកំជិលផេះមាន​អាយុ​វែង​យឺន​យូរ​ណាស់​។ ព្រះ​អង្គ​សោយ​រាជ្យ​បាន ១៩០​ឆ្នាំ ហើយ​សុគតក្នុង ព្រះជន្ម២០៥វស្សា។

   ៣ - ម៉្យាងវិញទៀត តាមរយៈពង្សាវតារសម្ដេចវាំងជួន យើងកត់សំគាល់ឃើញថា ក្រោយពេលដែល​ព្រះ​មហា​ក្សត្រ​ចូល​ទិវង្គត​ នាម៉ឺន​មុខ​មន្រ្ដី​តូច​ធំ​នាំ​គ្នា​ទៅ​សុំ​យាង​ស្ដេចអោយឡើងសោយរាជ្យ ជាហេតុមួយ ដែលយើងមិនបានកត់សំគាល់ឃើញ​មាន​ទេ ក្នុង​រាជ្យ​ក្សត្រ​អង្គ​មុន​ៗ ដូច្នេះ​យើង​អាច​ចោត​សួរ​ថា តើនេះជារបៀបរបបជ្រើសរើសព្រះមហាក្សត្រ ក្នុងជំនាន់នោះមែន រឺ មួយ​គ្រាន់​តែ​ជា​ការ​បន្ថែម​បញ្ចូល​ថ្មី​របស់​អ្នក​និពន្ធ អោយ​ស្រប​ទៅ​តាមការវិវត្ដិរបស់សង្គមជាតិ។